តើធ្វើដំណើរលើផ្លូវល្បឿនលឿន ពីភ្នំពេញទៅព្រះសីហនុត្រូវចំណាយប្រាក់អស់ប៉ុន្មាន?

0

ដោយ៖ សុផារី

ភ្នំពេញ៖ រហូតមកដល់ពេលនេះ តម្លៃនៃការប្រើប្រាស់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុនៅមិនទាន់បានបង្ហាញនៅឡើយក្តី តែបើតាមការបង្ហើបរបស់លោកស៊ុន ចាន់ថុល នៅថ្ងៃទី២៦ ខែមេសានេះ បានឱ្យដឹងថា តម្លៃនៃការប្រើប្រាស់ផ្លូវមួយនេះនឹងស្ថិតនៅក្រោម១០សេនក្នុងមួយគីឡូម៉ែត្រ ដែលជាតម្លៃទាបមួយបើប្រៀបធៀបជាមួយប្រទេសផ្សេងទៀត។

ក្នុងឱកាសដឹកនាំយុវជនក្រសួង និងសិស្សនិស្សិត នៃវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន សរុបអ្នកចូលរួមប្រមាណជាង ៤០០ នាក់ ចុះទស្សនកិច្ចផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ (PK-១១) ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា “តម្លៃនៅមិនទាន់បានពិភាក្សាគ្នានៅឡើយទេ ថាតើយកប៉ុន្មានឱ្យសមរម្យ យកថ្លៃពេក ក៏គេមិនជិះដែរ គេទៅជិះផ្លូវធម្មតា យកថោកពេក ក៏មិនអាចប្រមូលដើមទុនបានទេ”។

លោកបានបន្តថា “បើពិនិត្យនៅជុំវិញពិភពលោក កម្រៃដែលប្រមូលបានពីផ្លូវល្បឿនលឿន ជាស្តង់ដារអន្តរជាតិ ជាមធ្យមមានប្រមាណ១០ ទៅ១២សេន ក្នុងមួយគីឡូម៉ែត្រ។ ចំពោះកម្ពុជា យើងបានស្នើឱ្យយកក្រោម១០សេន ក្នុងមួយគីឡូម៉ែត្រ។ អញ្ចឹងក្រុមហ៊ុននឹងពិចារណាលើតម្លៃដែលជិះទូទាំងប្រទេស”។

សិក្សាករណី ការធ្វើដំណើរពីរាជធានីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ ដែលមានរយៈចម្ងាយប្រមាណ២៣០គីឡូម៉ែត្រ។ ឧបមាថា ក្រុមហ៊ុននឹងប្រមូលសាច់ប្រាក់១០សេនក្នុងរយៈចម្ងាយ១គីឡូម៉ែត្រ នោះម្ចាស់រថយន្តដែលធ្វើដំណើរនឹងត្រូវចំណាយប្រាក់ ២៣ដុល្លារអាមេរិក ក្នុងមួយជើងពីភ្នំពេញទៅកាន់ក្រុងព្រះសីហនុ។

ឆ្លើយតបនឹងសំណួរថាតើក្រសួងនឹងស្នើឱ្យក្រុមហ៊ុនមិនយកប្រាក់ក្នុងរយៈពេលសាកល្បងដំណើរការដំបូងដែរឬទេ លោកទេសរដ្ឋមន្ដ្រីបានមានប្រសាសន៍ថា ក្រសួងក៏បានពិភាក្សាអនុញ្ញាតឱ្យប្រើប្រាស់មួយរយៈសិន ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋស្គាល់អំពីការប្រើប្រាស់ផ្លូវល្បឿនលឿន និងមិនយកថវិកាឡើយ។ ក្រុមហ៊ុនកំពុងតែពិចារណាលើសំណើនេះ។

លោកក៏បានបញ្ជាក់ពីជម្រើសទីពីរ ក្នុងការទូទាត់ប្រាក់ថា “ករណីទី២ អាចថាក្នុងរយៈពេល៦ខែមុន មានតម្លៃថោក ក្រោយមកទើបចាប់ផ្តើមឡើងតម្លៃបន្ទិចម្តងៗ ដែលក្រសួងបាននិងកំពុងពិភាក្សាគ្នាជុំវិញបញ្ហានេះជាមួយក្រុមហ៊ុន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here