ដោយៈសុខុម
ហ្វាំងឡង់: រដ្ឋាភិបាលហ្វាំងឡង់ និងស៊ុយអែត នឹងរួមគ្នាបង្ហាញពីបំណងសុំចូលជាសមាជិកអង្គការបក្សសម្ព័ន្ធយោធា NATO នៅខែឧសភាដ៏ខ្លីខាងមុខនេះ។ នេះបើយោងតាមកាសែតហ្វាំងឡង់ Iltalehti និងកាសែតស៊ុយអែត Expressen ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២៥ ខែមេសា។
ទោះបីជាមានការរឹតបន្តឹងកិច្ចសហប្រតិបត្តិការ ជាមួយអង្គការNATO ចាប់តាំងពីរុស្ស៊ី បានដាក់បញ្ចូលតំបន់គ្រីមៀ របស់អ៊ុយក្រែន ជាឧបសម្ព័ន្ធរបស់ខ្លួនក្នុងឆ្នាំ២០១៤យ៉ាងណាក្ដី ក៏ប្រទេសទាំងពីរនេះសុខចិត្តនៅអព្យាក្រឹត្យ។
ទោះជាយ៉ាងណា ការឈ្លានពានពីសំណាក់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៤ កុម្ភៈកន្លងមក បានបង្ខំឱ្យស៊ុយអែត និងហ្វាំងឡង់ ពិចារណាសាជាថ្មី និងពិនិត្យមើលឡើងវិញថា តើអព្យាក្រឹតភាពយោធាយូរណាស់មកហើយរបស់ពួកគេ នៅតែជាមធ្យោបាយដ៏ល្អបំផុតក្នុងការធានាសន្តិសុខជាតិ ឬយ៉ាងណា។
យោងតាមកាសែតហ្វាំងឡង់ Iltalehti ឱ្យដឹងថា មេដឹកនាំហ្វាំងឡង់ និងស៊ុយអែត គ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃទី១៦ ខែឧសភា ហើយបន្ទាប់ពីនោះ នឹងប្រកាសជាសាធារណៈ អំពីផែនការរបស់ពួកគេក្នុងការដាក់ពាក្យចូលជាសមាជិកបក្សសម្ព័ន្ធយោធាមួយនេះ។
រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ លោកPekka Haavisto បានបដិសេធមិនធ្វើអត្ថាធិប្បាយទេជុំវិញរឿងនេះ ប៉ុន្តែបានគូសបញ្ជាក់ជាថ្មីអំពីទស្សនៈយូរមកហើយរបស់លោកថា លោកចង់ឱ្យហ្វាំងឡង់ និងស៊ុយអែត ធ្វើការជ្រើសរើសស្រដៀងនេះ។
កាសែតស៊ុយអែត Aftonbladet បានចុះផ្សាយដាច់ដោយឡែកមួយ ដោយដកស្រង់ប្រភពជិតស្និទ្ធ នឹងខុទ្ទកាល័យរដ្ឋាភិបាលស៊ុយអែតថា សហរដ្ឋអាមេរិក និងអង់គ្លេស បានសន្យាជាមួយស៊ុយអែត ថានឹងបង្កើនវត្តមានយោធា ធ្វើសមយុទ្ធយោធាកាន់តែស៊ីជម្រៅ និងផ្ដល់ការគាំទ្រផ្នែកនយោបាយដ៏រ៉ឹងមាំ ពីបណ្តាប្រទេសជាសមាជិកអង្គការ NATO អំឡុងដំណើរការដាក់ពាក្យសុំចូល ជាសមាជិកអង្គការ NATO ដែលអាចកើតមានឡើង។
ទោះជាយ៉ាងណា ក្រសួងការបរទេសស៊ុយអែត បានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ ជុំវិញការចុះផ្សាយរបស់កាសែត Expressen និងកាសែត Aftonbladet។
នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោកស្រី Sanna Marin ខណៈជួបជាមួយសមភាគីស៊ុយអែត គឺលោកស្រី Magdalena Andersson កាលពី២សប្តាហ៍មុនបានលើកឡើងថា លោកស្រីរំពឹងថាប្រទេសហ្វាំងឡង់ នឹងធ្វើការសម្រេចចិត្តថា តើត្រូវដាក់ពាក្យសុំចូលជាសមាជិកអង្គការNATOក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ ឬយ៉ាងណា៕ Reuters៕