ដោយៈសុខុម
គៀវ: ប្រទេសរុស្ស៊ីបានព្រមានទៅកាន់ បណ្តាមេដឹកនាំលោកខាងលិចថា ប្រយ័ត្នផ្ទុះសង្គ្រាមលោកលើកទី៣ នៅមុនកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក និងបណ្ដាសម្ព័ន្ធមិត្តនៅថ្ងៃអងគារ ទី២៦ ខែមេសា នេះស្ដីពីបញ្ជូនអាវុធបន្ថែមទៀតទៅកាន់អ៊ុយក្រែន។
ការបញ្ឆេះសង្គ្រាមពីសំណាក់រុស្ស៊ី ចូលឈ្លានពានអ៊ុយក្រែន ដែលជាប្រទេសជិតខាងខ្លួន បានទទួលរងការថ្កោលទោសយ៉ាងខ្លាំង ពីបណ្ដាប្រទេសលោកខាងលិច និងឈានទៅដល់ការដាក់ទណ្ឌកម្មផ្ទួនៗធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដែលធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ី ស្ទើរតែដួលរលំ។ ទន្ទឹមនេះ លោកខាងលិចក៏បានជួយសព្វាវុធយ៉ាងច្រើន សន្ធឹកសន្ធាប់ដល់ប្រទេសអ៊ុយក្រែន សម្រាប់ច្បាំងជាមួយកងទ័ពរុស្ស៊ីផងដែរ។
ទោះជាយ៉ាងណា បណ្ដាមហាអំណាចលោកខាងលិច ហាក់ស្ទាក់ស្ទើរ មិនសូវហ៊ានលូកដៃជ្រៅចូលក្នុងរឿងនេះ ដោយសារខ្លាចផ្ទុះសង្គ្រាមប្រឆាំងប្រទេសរុស្ស៊ី ដែលមានអាវុធមហាប្រល័យនុយក្លេអ៊ែរ។
ថ្លែងទៅកាន់បណ្ដាទីភ្នាក់ងារព័ត៌មានរុស្ស៊ី រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានព្រមានថា ហានិភ័យនៃសង្គ្រាមលោកលើកទី៣ “ធ្ងន់ធ្ងរណាស់” ហើយបានរិះគន់រដ្ឋាភិបាល ទីក្រុងគៀវ ដែលជ្រើសយកវិធីសាស្ត្រ ដែលធ្វើឱ្យការចរចាសន្តិភាព មានភាពច្របូកច្របល់ ឬបរាជ័យ។
លោក Sergei Lavrov និយាយពីហានិភ័យផ្ទុះស ង្គ្រាមលោកលើកទី៣ នេះថា “វាជាការពិតណាស់ អ្នកមិនអាចមើលស្រាលវានោះទេ”។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិងកំពុងស្នើសុំឱ្យសម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែន ផ្ដល់ជំនួយអាវុធធុនធ្ងន់ រួមទាំងកាំភ្លើងធំ និងយន្តហោះចម្បាំងផងដែរ។
ការអំពាវនាវនេះ ហាក់ទទួលបានផលបណ្ដើរៗហើយនៅពេលនេះ ខណៈប្រទេសជាច្រើន ដែលជាសមាជិកអង្គការបក្សសម្ព័ន្ធយោធា NATO បានសន្យាថានឹងផ្តល់អាវុធធុនធ្ងន់ និងសម្ភារៈយោធាជាច្រើនទៀត បើទោះបីជាមានការប្រឆាំងជំទាស់ ពីរដ្ឋាភិបាលក្រុងមូស្គូ យ៉ាងណាក្ដី។
ក្នុងដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ទៅកាន់រដ្ឋធានីគៀវ កាលពីចុងសប្តាហ៍កន្លងទៅនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជួបជាមួយលោក Zelenskyy ហើយបានសន្យាថា នឹងផ្តល់ជំនួយថ្មីក្នុងទំហំទឹកប្រាក់៧០០លានដុល្លារដល់អ៊ុយក្រែន៕ AFP៕