ដោយ វុត្ថា
ភ្នំពេញ៖ ប្រទេសកម្ពុជា និងកាណាដា បានឯកភាពបន្តកិច្ចព្រមព្រៀងស្តីពីការសម្រួលពាណិជ្ជកម្ម ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទេ្វភាគី ដោយឈរមូលដ្ឋានឈ្នះ-ឈ្នះ ខណៈកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរនឹងផុត សុពលភាពកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ កន្លងមក។
ក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងលោក ប៉ាន សូរស័ក្កិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយលោកជំទាវ Donica Pottie ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃអង្គារ៍ ទី១៦ ខែតុលា ឆ្នាំ២០១៨កន្លងមក រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជម្រាបភាគីកាណាដា អំពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំកម្ពុជា ដែលបានមកពីការចូលរួមនៃវិស័យសំណង់ វាយនភណ្ឌ ទេសចរណ៍ និងកសិកម្ម។ នៅក្នុងនោះ ទឹកប្រាក់នៃឧស្សាហកម្មកាត់ដេរ (ឆ្នាំ២០១៧) មានចំនួនប្រមាណ៧ពាន់លានដុល្លាអាមេរិក ហើយឧស្សាហកម្មនេះ បានបង្កើតការងារជូនប្រជាជន៧៦ម៉ឺននាក់ ដែលភាគច្រើនជាស្ត្រីនៅតាមតំបន់ជនបទ។
លោក ប៉ាន សូរស័ក្កិ បានលើកឡើងពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រវិស័យវាយនភណ្ឌ តាមរយៈការបន្តស្វែងរកទីផ្សារសក្តានុពលបន្ថែម និងការបង្កើនប្រាក់បៀវត្សអតិបរមាជូនកម្មករ-និយោជិត ចាប់ពី១៤០ដុល្លារ ក្នុងឆ្នាំ២០១៦ ដល់ ១៧០ដុល្លារក្នុងឆ្នាំ២០១៨ ហើយគ្រោងនឹងបង្កើនឱ្យបាន១៨២ដុល្លារ នៅឆ្នាំ២០១៩ ខាងមុខថែមទៀត។
លោកបានបន្តថា“រាជរដ្ឋាភិបាលកម្ពុជា បានអនុលោមតាមកាតព្វកិច្ចការងារ ដែលអង្គការ ILO បានកំណត់តាំងពីឆ្នាំ១៩៩៩ និងបានគាំទ្រការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃរោងចក្រកម្ពុជា (Better Factory Cambodia) ដើម្បីលើកស្ទួយលក្ខខណ្ឌការងារ និងការប្រកួតប្រជែងក្នុងវិស័យនេះ។
ជាការឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋទូត បានលើកទឹកចិត្តរដ្ឋាភិបាលកម្ពុជា បន្តប្រឹងប្រែង និងប្រកាន់និយាមការងារនេះបន្តទៀត ដើម្បីនាំមកនូវភាពឈ្នះ-ឈ្នះ ដល់គ្រប់តួអង្គពាក់ព័ន្ធ សម្រាប់ឧស្សាហកម្មមួយនេះ ហើយលោកជំទាវ នឹងពិនិត្យលទ្ធភាពជួយកៀរគរវិនិយោគិនកាណាដា ឱ្យចូលមកបណ្តាក់ទុនលើការកែច្នៃវត្ថុធាតុដើមសំខាន់ៗ ដើម្បីបម្រើការអភិវឌ្ឍឧស្សាហកម្មវាយនភ័ណ្ឌ និងការធ្វើទំនើបកម្មវិស័យកសិកម្ម នៅកម្ពុជា។
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកាណាដាកាលពីឆ្នាំមុន សម្រេចបានទឹកប្រាក់សរុប១,០៤ប៊ីលានដុល្លារអាមេរិក ជាមួយអត្រាកំណើនប្រចាំឆ្នាំ គិតជាមធ្យម ១១ភាគរយ។ ក្នុងនោះទឹកប្រាក់នាំចេញពីកម្ពុជាទៅកាណាដា មានចំនួន១ពាន់លានដុល្លារអាមេរិក និងនាំចូលមានចំនួន៤០លានដុល្លារអាមេរិក។ ចំពោះផលិតផលសក្តានុពលនាំចេញរបស់កម្ពុជា រួមមាន៖ សម្លៀកបំពាក់ ស្បែកជើង គ្រឿងបង្គុំយានយន្ត គ្រឿងសង្ហារឹម ផ្លាស្ទីក ផលិតផលក្មេងលេង និងទំនិញកសិកម្ម៕