ដោយ វុត្ថា
ភ្នំពេញ៖ ប្រទេសកម្ពុជា និងប្រទេសតួកគី បានបង្ហាញបំណងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យដល់ចំនួន៥០០លានដុល្លារអាមេរិក ក្នុងប៉ុន្មានឆ្នាំខាងមុខទៀតខណៈ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានទំហំត្រឹមតែ៧៥លានដុល្លារតែប៉ុណ្ណោះ។ នេះ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលគេហទំព័រ propertyarea.asia ទទួលបាននៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៨នេះ។
នៅក្នុងដំណើរបំពេញទស្សនកិច្ចទៅកាន់សាធារណៈរដ្ឋតួគី ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែនចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៨ ខាងមុខនេះ នឹងជួបជាប្រជុំទ្វេភាគីជាមួយ លោក រ៉េជីប ថាយយ៉ីប អ៊ែរឌូហ្គាន់ ប្រធានាធិបតីនៃសារធារណរដ្ឋតួកគី ដែលក្នុងពេលនោះថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ នឹងពិភាក្សាផ្លាស់ប្តូរទស្សនៈគ្នាសំដៅស្វែងរកលទ្ធភាពពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីនាំមកនូវផលប្រយោជន៍រួមជូនប្រជាជន និងប្រទេសទាំងពីរ។