ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ ក្រុមអ្នកជំនាញអចលនវត្ថុកម្ពុជាបានលើកឡើងស្រដៀងគ្នាថា វិស័យអចលនទ្រព្យកម្ពុជានឹងមានភាពរីកចម្រើនខ្លាំង និងរយៈពេលវែងបន្តទៀត។
លោក Ken Lo អគ្គនាយកក្រុមហ៊ុនអចលនវត្ថុ Century21 Imperial Property បានមានប្រសាសន៍ឲ្យដឹង ក្នុងពិធីអបអរក្រុមហ៊ុនCentury21ចំនួន៨ ដែលទទួលបានពានរង្វាន់ចំនួន៨ ពីសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះថា វិស័យអចលនទ្រព្យនៅកម្ពុជា នឹងមានភាពរីកចម្រើនកាន់តែខ្លាំងថែមទៀត ក្រោមការបោះឆ្នោតនាពេលខាងមុខនេះ។លោកបន្តថា ហេតុនេះភ្នាក់ងារអចលនវត្ថុកម្ពុជានានា ត្រូវខិតខំប្រឹងប្រែងឲ្យបានខ្លាំងក្លាថែមទៀត ដើម្បីពង្រីកសក្តានុពលរបស់ខ្លួន និងជំរុញទំនុកចិត្តក្នុងវិស័យនេះ។
-->
លោកបន្តថា “ការរីកចម្រើនវិស័យអចលនវត្ថុកម្ពុជា នឹងផ្តល់ផលប្រយោជន៍ច្រើន ដល់ប្រទេសជាតិ ហើយការរីកចម្រើននេះនឹងបន្តរយៈពេលវែងបន្តទៀត។
លោក គាម សៀកឡុង អគ្គនាយកក្រុមហ៊ុន Century21 Dream Property បានលើកឡើងស្រដៀងគ្នាថា វិស័យនេះមានឳកាសរីកចម្រើនរយៈពេលវែងបន្ថែមទៀត ខណៈទីផ្សារនេះកំពុងស្រូបយកអ្នកវិនិយោគទុនជាតិ និងអន្តរជាតិ។ ហេតុនេះក្រោយការបោះឆ្នោតអ្វីៗនឹងល្អប្រសើរថែមទៀត ប្រសិនជាគ្មានការប្រែប្រួលស្ថានភាពនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេស។
លោកបន្តថា “ខ្ញុំជឿជាក់ និងមានទំនុកចិត្តលើទីផ្សារនេះ ពិសេសមានទំនុកចិត្តលើរដ្ឋាភិបាលនឹងនាំមកនូវស្ថេរភាពនយោបាយ និងមិនធ្វើឲ្យស្ថានភាពនយោបាយប្រែប្រួល
ជាដុំកំភួនណាមួយនោះទេ។
អគ្គនាយកក្រុមហ៊ុន VUTRUST GROUP លោក គុយ វ៉ាត បានថ្លែងឲ្យដឹងផងដែរថា ស្ថានភាពវិស័យអចលនវត្ថុកម្ពុជា នៅតែបន្តមានភាពរ៉ឹងមាំ ហើយក្រុមហ៊ុនរបស់យើងមិនទាន់ទទួលបានលទ្ឋផលធំដុំពេកទេ តែបើយើងពីទីផ្សារវិញ យើងនៅតែមានភាពនាំមុខគេនៅក្នុងទីផ្សារនេះ។
លោកបន្តថា “ក្រោយការបោះឆ្នោត ស្ថានភាពវិស័យនេះនឹងរីកចម្រើនបន្តទៀត ប្រសិនជាស្ថានភាពនយោបាយ មិនមានការប្រែប្រួលជាដុំកំភួនណាមួយនោះ។
ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ទឹកប្រាក់រាប់ពាន់លានដុល្លារបានចាក់ចូលក្នុងវិស័យអចលនវត្ថុកម្ពុជា ដែលធ្វើឲ្យទីក្រុងភ្នំពេញឈានទៅកាន់កម្រិតថ្មីមួយទៀត ក្នុងនាមជាទីក្រុងពាណិជ្ជកម្មនិងហិរញ្ញវត្ថុអន្តរជាតិ។
លោកគុយ វ៉ាតបានបន្តថា “អ្វីដែលត្រូវធ្វើបន្តគឺពង្រីកសេវាកម្មរបស់យើង និងផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគជាតិ និងអន្តរជាតិ ទើបយើងអាចជំរុញឲ្យវិស័យនេះមានការរីកចម្រើនប្រកបដោយនិរន្តរភាព”៕