ដោយៈ សុផារី
ភ្នំពេញៈ យោងតាមទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គិតត្រឹមខែកុម្ភៈឆ្នាំ២០២២ ប្រទេសម៉ាឡេស៊ីឈរនៅលំដាប់ទី៣ ក្នុងចំណោមបណ្តាប្រទេសអាស៊ាន ដែលមានទុនវិនិយោគច្រើនជាងគេនៅកម្ពុជា ជាមួយនឹងគម្រោងវិនិយោគសរុបចំនួន១៦២គម្រោង ស្មើនឹងទំហំទឹកប្រាក់៣,២ពាន់លានដុល្លារ។
ជាមួយគ្នានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរមានទំហំ ប្រមាណ៥០០លានដុល្លារក្នុងឆ្នាំ២០២១ ដោយកើនឡើង១៣ភាគរយធៀបនឹងឆ្នាំ២០២០។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា កំណើននៃរំហូរវិនិយោគរបស់ម៉ាឡេស៊ីមកកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលវានឹងជួយជំរុញកំណើនសេដ្ឋកិច្ច និងផ្តល់ផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។ឮ
លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសំដែងការគួរសម ជាមួយគណៈប្រតិភូសហគ្រាសធុនតូច និងមធ្យមម៉ាឡេស៊ី (SMEs) ចំនួន៥៣រូប នាក្នុងឱកាសដំណើរបំពេញបេសកកម្មធុរកិច្ចនៅកម្ពុជា នៅក្នុងសប្តាហ៍នេះ។
បេសកកម្មធុរកិច្ចនេះ ត្រូវបានរៀបចំឡើងដោយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី រួមជាមួយនឹងសហគ្រាសធុនតូច និងមធ្យមម៉ាឡេស៊ី ក្រុមប្រឹក្សាធុរកិច្ចម៉ាឡេស៊ីនៅកម្ពុជា (MBCC) និងសាជីវកម្មអភិវឌ្ឍន៍ពាណិជ្ជកម្មក្រៅប្រទេសម៉ាឡេស៊ី (MATRADE) ក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងកម្ពុជា-ម៉ាឡេស៊ី តាមរយៈការជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ដោយផ្តោតសំខាន់លើទំនុកចិត្ត និងផលប្រយោជន៍រួម។
លោកបានសំដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកំណើននៃរំហូរវិនិយោគរបស់ម៉ាឡេស៊ីមកកម្ពុជា ជាមួយនឹងការកើនឡើងគួរឱ្យកត់សម្គាល់នៃពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។
លោកបានសង្កត់ធ្ងន់ លើការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម វិនិយោគ សុខាភិបាល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក្នុងគោលដៅសម្របសម្រួល និងពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩៕