ដោយៈវឌ្ឍនៈ
ភ្នំពេញៈ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនចំនួន៣ មានទឹកប្រាក់ចំនួន ជាង១៨លានដុល្លារអាមេរិក។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅល្ងាចថ្ងៃទី២៩ មេសា ២០២២បានឲ្យដឹងថា ក្រុមហ៊ុនចំនួន៣បានទទួលការអនុម័តគំរោងវិនិយោគរបស់ពួកគេ ពីស្ថាប័ននេះ ដែលគំរោងទាំងនោះរួមមាន ទី១ក្រុមហ៊ុនORIENT HONGYE (CAMBODIA) KNITTING CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវណតប្រ៊ីត ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៥១៤កន្លែង។
ទី២.ក្រុមហ៊ុន KYLIN (CAMBODIA) SPORTS CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិកណ្តោល សង្កាត់រលួស ខណ្ឌដង្កោរាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៥,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧១៤កន្លែង។
ទី៣ ក្រុមហ៊ុនSPEARHEAD COMMODITIES (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគចំនួន១០,៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៧៧៧កន្លែង៕