ឥណ្ឌា រឹបអូសប្រាក់ ៧២៥លានដុល្លារ របស់ក្រុមហ៊ុនផលិតស្មាតហ្វូនចិន Xiaomi

0

ដោយ សុខុម

ញូវដែលី: ប្រទេសឥណ្ឌា ប្រកាសកាលពីថ្ងៃសៅរ៍ ទី៣០ ខែមេសា ថា ខ្លួនបានរឹបអូសទឹកប្រាក់ចំនួន៧២៥លានដុល្លារអាមេរិក ពីគណនីធនាគារក្នុងស្រុករបស់ក្រុមហ៊ុនចិន Xiaomi។

ការរឹបអូសនេះធ្វើឡើង ក្រោយពីឥណ្ឌា ស៊ើបអង្កេតរកឃើញថា ក្រុមហ៊ុនផលិតទូរស័ព្ទស្មាតហ្វូនរបស់ប្រទេសចិន មួយនេះបានផ្ញើប្រាក់ខុសច្បាប់ទៅឱ្យអង្គភាពបរទេសដោយដាក់ថា វាជាប្រាក់កម្រៃអ្នកនិពន្ធ។

អគ្គនាយកដ្ឋានប្រយុទ្ធបទល្មើសហិរញ្ញវត្ថុនៃប្រទេសឥណ្ឌា បានបើកការស៊ើបអង្កេតការអនុវត្តន៍អាជីវកម្មរបស់ក្រុមហ៊ុនចិន មួយនេះដោយសារសង្ស័យថា ក្រុមហ៊ុននេះរំលោភបំពានច្បាប់ស្ដីពីការប្តូរប្រាក់បរទេសរបស់ឥណ្ឌា។

អគ្គនាយកដ្ឋាននេះបានអះអាងកាលពីថ្ងៃសៅរ៍ ទី៣០ ខែមេសា ថា ខ្លួនបានរឹបអូសប្រាក់ក្នុងគណនីធនាគាររបស់ក្រុមហ៊ុន Xiaomi Technology India ប្រចាំប្រទេសឥណ្ឌា បន្ទាប់ពីរកឃើញថា ក្រុមហ៊ុននេះបានបញ្ជូនរូបិយប័ណ្ណបរទេសដែលស្មើនឹង៧២៥លានដុល្លារ ឱ្យទៅអង្គភាពបរទេសចំនួន៣ រួមមានទាំងបុត្រសម្ព័ន្ធមួយរបស់ Xiaomi ទៀតផង “ក្នុងរូបភាពជាប្រាក់កម្រៃអ្នកនិពន្ធ”។

ទោះជាយ៉ាងណា ភ្លាមៗក្រុមហ៊ុន Xiaomi មិនបានឆ្លើយតបសំណើសុំការឆ្លើយបំភ្លឺឡើយជុំវិញរឿងនេះ ប៉ុន្តែបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ខ្លួនកំពុង “សហការជាមួយអាជ្ញាធរដែលកំពុងស៊ើបអង្កេតដើម្បីធានាថា ពួកគេមានរាល់ព័ត៌មានចាំបាច់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here