ដោយៈសុខុម
វ៉ាស៊ីនតោន: ក្រុមមន្ត្រីអាមេរិក បានទម្លាយឱ្យដឹងកាលពីថ្ងៃច័ន្ទ ទី២ ខែឧសភាថា រដ្ឋការប្រធានាធិបតី ចូ បៃឌិន នឹងចំណាយជាង៣ពាន់លានដុល្លារ ដែលបានពីកញ្ចប់ថវិកាសម្រាប់អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធលើការផលិតអាគុយរថយន្តអគ្គិសនី (EV)។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃអង្គារ ទី៣ ខែឧសភានេះថា ថវិកាដែលត្រូវចាត់ចែងប្រើប្រាស់ ដោយក្រសួងថាមពលនេះ នឹងបានពីកញ្ចប់ថវិកាសម្រាប់អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធចំនួន១ទ្រីលានដុល្លារ ដែលលោក ចូ បៃឌិន បានចុះហត្ថលេខាកាលពីឆ្នាំមុន។
-->

លោក ចូ បៃឌិន ចង់ឱ្យពាក់កណ្តាលនៃចំនួនរថយន្ត ដែលលក់ក្នុងទឹកដីសហរដ្ឋអាមេរិក គឺជារថយន្តអគ្គិសនីនៅត្រឹមឆ្នាំ២០៣០ ជាគោលដៅមួយដែលលោកសង្ឃឹមថា នឹងជំរុញការងារផលិតកម្ម នៅតាមបណ្ដារដ្ឋសំខាន់ៗ ដែលជាមូលដ្ឋានប្រកួតប្រជែងការបោះឆ្នោតដ៏ស្វិតស្វាញ យកឈ្នះការប្រកួតប្រជែងរបស់ប្រទេសចិន នៅក្នុងទីផ្សាររថយន្តអគ្គិសនីដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងកាត់បន្ថយការបំភាយកាបូន ដែលកំពុងធ្វើ ឱ្យអាកាសធាតុប្រែប្រួល។
រដ្ឋការលោក ចូ បៃឌិន ក៏កំពុងប្រើប្រាស់វិធានការនេះ ដើម្បីធានាបាននូវភាពឯករាជម្ចាស់ការផ្នែកថាមពល និងកាត់បន្ថយសម្ពាធអតិផរណារយៈពេលវែងកាន់តែធ្ងន់ធ្ងរឡើង ដែលបង្កឡើងដោយសង្គ្រាមរុស្ស៊ី ចូលឈ្លានពានអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ដើមឆ្នាំ២០២២ នេះ។

លោក Mitch Landrieu មន្ត្រីសម្របសម្រួលផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅសេតវិមាន បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា “ខណៈយើងកំពុងប្រឈមបញ្ហា លោក ពូទីន (ប្រធានាធិបតីរុស្ស៊ី) ដំឡើងថ្លៃប្រេង និងឧស្ម័ន វាពិតជាសំខាន់ណាស់ ដែលយើងត្រូវដឹងថា រថយន្តអគ្គិសនីចំណាយតិចជាង ក្នុងរយៈពេលវែងសម្រាប់គ្រួសារពលរដ្ឋអាមេរិក”៕ Reuters៕