ក្រុមហ៊ុនកូរ៉េគ្រោងនាំចេញស្វាយពីកម្ពុជាចំនួន១0,000តោនក្នុងមួយឆ្នាំ

0

ដោយៈលក្ខិណា

ភ្នំពេញៈ ក្រុមហ៊ុនមួយរបស់ប្រទេសកូរ៉េមួយ បានបង្ហាញពីគំរោងនាំចេញស្វាយចំនួន១០,០០០តោនពីកម្ពុជា ក្នុងមួយឆ្នាំទៅកាន់ទីផ្សារប្រទេសរបស់ខ្លួន។

លោកស្រី Yu Lin ប្រធានក្រុមហ៊ុន GADOSH បានឱ្យដឹងក្នុងជំនួបជាមួយលោកប៉ាន សូរស័ក្តរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី៣ ឧសភានេះ ដោយបានបង្ហើបឲឲ្យដឹងថា បច្ចុប្បន្ននេះក្រុមរបស់លោកស្រីមានបំណង ក្នុងការសិក្សានាំចូលផ្លែស្វាយរបស់កម្ពុជា ក្នុងមួយឆ្នាំយ៉ាងហោចណាស់ឱ្យបាន១ម៉ឺនតោន និងបន្តបង្កើនបរិមាណនាំចូលបន្ថែមទៀត អាស្រ័យទៅលើផ្សារជាក់ស្ដែង ។

លោកប៉ាន សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ក្រសួងបានត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រ និងសម្របសម្រួលដល់ធុរជនដែលមកវិនិយោគនៅកម្ពុជា ជាពិសេស ក្រសួងនឹងផ្តល់អនុសាសន៍ណែនាំឱ្យក្រុមហ៊ុនសហការជាមួយក្រសួង​-ស្ថាប័នពាក់ព័ន្ធ ដើម្បីបំពេញបែបបទតាមនីតិវិធី។

បន្ថែមពីនេះ លោកក៏បានជំរុញឱ្យក្រុមហ៊ុន ពិនិត្យលទ្ធភាពនាំចូលផលិតផលកសិកម្មសក្តានុពលផ្សេងៗទៀតពីកម្ពុជា ដូចជាមៀន និងចេក ជាដើម បន្ថែមពីលើស្វាយ ព្រមទាំងលើកទឹកចិត្តឱ្យវិនិយោគិនកូរ៉េមកបង្កើតរោងចក្រកែឆ្នៃកសិផល ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិនានាផងដែរ។

លោក Gyuhwa JANG អនុប្រធានសមាគមអ្នកនាំចូលកូរ៉េ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋមន្រ្តី ដែលបានស្វាគមន៍ និងទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូ សមាគមអ្នកនាំចូលកូរ៉េ។ លោកបានបន្តថា សមាគមអ្នកនាំចូលកូរ៉េមានសមាជិកប្រមាណ១៥.០០០ ក្រុមហ៊ុន និងកំពុងវិនិយោគលើគ្រប់វិស័យ ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជានិងកូរ៉េ កាន់តែខិតជិតទៅរកលទ្ធផលផ្លែផ្កាមែនទែន ហើយតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះដែរ កម្ពុជា នឹងអាចបង្កើនការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសកម្ពុជាបន្ថែម ជាមួយនឹងអាចទាក់ទាញការវិនិយោគ របស់កូរ៉េចូលកម្ពុជា បន្ថែមទៀតផងដែរ ។

សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីប្រទេសកម្ពុជានាពេលកន្លងមកនេះបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់របស់កម្ពុជា ជាមួយដៃគូ នឹងធ្វើឱ្យកម្ពុជាទទួលបានការវិនិយោគពីក្រៅប្រទេស ដើម្បីនាំចេញទៅកាន់ប្រទេសទាំងនោះវិញ ជាពិសេសនឹងអាចឱ្យកម្ពុជា ជំរុញការនាំចេញរបស់ខ្លួនបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here