អាមេរិកថា រុស្ស៊ីមានផែនការបង្កើតរដ្ឋផ្ដាច់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន

ចែករំលែក

ដោយៈសុខុម

អន្តរជាតិ: សហរដ្ឋអាមេរិក អះអាងថា ខ្លួនយកការណ៍សម្ងាត់ “ដ៏គួរឱ្យជឿជាក់” បានថារុស្ស៊ី មានផែនការដាក់បញ្ចូលតំបន់ចំនួន២ ក្នុងប្រទេសអ៊ុយក្រែន ជាឧបសម្ព័ន្ធ ហើយប្រកាសក្រុងមួយនៅភាគអាគ្នេយ៍ជា “សាធារ​ណរដ្ឋប្រជាមានិត” ទី៣។

លោក Michael Carpenter ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសន្តិសុខ និងសហប្រតិបត្តិការនៅអឺរ៉ុប (OSCE) បានលើកឡើងកាលពីថ្ងៃច័ន្ទ ទី២ ខែឧសភា ថា រដ្ឋាភិបាលក្រុងមូស្គូ អាចនឹងដាក់បញ្ចូលរដ្ឋរណបចំនួន២ គឺតំបន់លូហាន (Luhansk) និងតំបន់ដូណេតស៍ (Donetsk) ជាឧបសម្ព័ន្ធ “អំឡុងពាក់កណ្ដាលខែឧសភា”។

ទន្ទឹមនេះ មានសញ្ញាចង្អុលបង្ហាញដែរថា ប្រទេសរុស្ស៊ី ក៏មានផែនការប្រែក្លាយទីក្រុងភាគអាគ្នេយ៍ខឺសុន (Kherson) ជា “សាធារណរដ្ឋប្រជាមានិត” ទី៣ ផងដែរ។

បច្ចុប្បន្នរុស្ស៊ី កំពុងគ្រប់គ្រងទីក្រុងខឺសុន។ កាលពីសប្តាហ៍មុន រដ្ឋាភិបាលក្រុងមូស្គូ និយាយថា ខ្លួនគ្រោងដាក់ឱ្យប្រើប្រាស់រូបិយប័ណ្ណជាតិរុស្ស៊ី Rouble ជារូបិយប័ណ្ណផ្លូវការក្នុងទីក្រុងនេះ។

លោក Michael Carpenter បានទម្លាយឱ្យដឹងថា “យោងតាមការរាយការណ៍ចុងក្រោយបង្អស់ យើងជឿថារុស្ស៊ី នឹងព្យា​យាមកាត់បញ្ចូលតំបន់លូហាន និងតំបន់ដូណេតស៍ ជាឧបសម្ព័ន្ធរណបប្រទេសរុស្ស៊ី”។

កាលពីឆ្នាំ២០១៤ ប្រទេសរុស្ស៊ី បានដាក់បញ្ចូលជាឧបសម្ព័ន្ធនូវតំបន់គ្រីមៀ ពីអ៊ុយក្រែន ហើយបានគាំទ្រពួកបំបែកខ្លួន នៅក្នុងរដ្ឋផ្ដាច់ខ្លួនក្នុងតំបន់លូហាន និងតំបន់ដូណេតស៍”៕ Aljazeera៕


ចែករំលែក