គម្រោងទីក្រុងឆ្លាតវៃមួយនៅកោះកុងតម្លៃ៦០០ពាន់លានដុល្លារនឹងអាចឱ្យមនុស្សរស់នៅពី៥លានទៅ៦លាននាក់

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ គម្រោងទីក្រុងឆ្លាតវៃមួយ ដែលបណ្ដាញសារព័ត៌មានជាច្រើនចុះផ្សាយពីទំហំទឹកប្រាក់វិនិយោគ រហូតដល់៦០០ពាន់លានដុល្លារអាមេរិកអាចឱ្យមនុស្សរស់នៅ រហូតដល់៥ទៅ៦លាននាក់នៅពេលគម្រោងនេះបានសាងសង់រួចរាល់។

គម្រោងវិនិយោគដ៏ធំនេះ ជាការវិនិយោគរបស់វិនិយោគិនមកពីអឺរ៉ុប មានទំហំដីរហូតដល់១២ម៉ឺនហិចតា សាងសង់ជាទីក្រុងឆ្លាតវៃនិងចាប់ផ្ដើ​មដំណើរការនៅរយៈពេល៥ឆ្នាំខាងមុខ ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន Bilderberg Investment Group ចេញផ្សាយកាលពីដើមខែកុម្ភៈនេះ ។

លោកដេននីស អគ្គនាយកក្រុមហ៊ុន Bilderberg Investment Group  បានលើកឡើងពីកត្តាចម្បង ដែលធ្វើលោកជ្រើសរើស មកបណ្តាក់ទុននៅកម្ពុជា ពីព្រោះកម្ពុជាមានរដ្ឋាភិបាល ស្ថិរភាពខ្លាំងជាង៤០ឆ្នាំ ក្នុង ប្រវត្តិសាស្ត្រ ដែលវាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អ្នកវិនិយោគដូចជា រូបលោកក្នុងការមកបណ្តាក់ទុននៅកម្ពុជា និងជាពិសេសកម្ពុជាជាប្រទេ​សមានសន្តិភាព, គ្មានអំពើហិង្សាដោយកាំភ្លើង និងគ្មានឧក្រិដ្ឋកម្មធំៗ​។

លោកបន្តថា “ការវិនិយោគនេះ ដោយសារខ្ញុំជឿជាក់លើសម្តេចតេជោ​ហ៊ុន សែនដែលសម្តេចបានដឹកនាំប្រទេស ទទួលបានសុខសន្តិភាព កំនើនសេដ្ឋកិច្ចល្អប្រសើរ ពិសេសស្ថេរភាពនយោបាយរយៈពេលវែង”។

លោកទុយ ប៉ោហេងប្រធានក្រុមហ៊ុនCentury 21 Zillion Holding ប្រចាំខេត្តកោះកុងបានឱ្យដឹងថា បើសិនជាគម្រោងនេះមានពិតមែន វាជារឿងល្អប្រសើរខ្លាំងណាស់ សម្រាប់ខេត្តកោះកុង ដែលលើកមុខមាត់ខេត្តនេះឱ្យមានការវិនិយោគបន្ថែមទៀត ប៉ុន្តែរហូតមកដល់នេះ នៅមិនទាន់មានព័ត៌មានផ្លូវការណាមួយ ពីការវិនិយោគនេះ នៅក្នុងខេត្តកោះកុងនៅឡើយទេ ។

លោកបន្តថា “ខេត្តកោះកុងមានដីទំនេរច្រើន សម្រាប់ទទួលគម្រោងវិនិយោគធំៗ ខណៈខេត្តក៏មានសក្ដានុពល សម្រាប់ការវិនិយោគដែរ ដូចជាផ្លូវថ្មីៗ ដែលទើបសាងសង់ក្នុងនោះមានផ្លូវតភ្ជាប់ ពីផ្លូវជាតិលេខ៤ត្រង់ចំណុចស្រុកស្រែអំបិល ទៅកាន់ក្រុងខេមរៈភូមិន្ទ ផ្លូវជាតិលេខ១០តភ្ជាប់ ពីខេត្តបាត់ដំបង ពោធិ៍សាត់មកកាន់ខេត្តកោះកុង និងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តផ្ទាល់ជាច្រើនខ្សែផងដែរ”។

លោកបន្ថែមថា យើងលឺព័ត៌មានពីការវិនិយោគរបស់អឺរ៉ុប នៅក្នុងខេត្តកោះកុង ទៅលើគម្រោងធំៗ ដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក ដែលអាចបង្កើតការងារ ដល់ប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់ផងដែរ ។

ទោះជាយ៉ាងណាក្ដី អភិបាលរងនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុង លោកសុខ សុទ្ធី បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ខាងរដ្ឋបាលខេត្តមិនទាន់ទទួលបានលិខិត ឬឯកសារផ្លូវការណាមួយស្ដីពី ការវិនិយោគលើគម្រោង ទឹកប្រាក់៦០០ពាន់លានដុល្លារអាមេរិក របស់វិនិយោគិនអឺរ៉ុបនោះទេ ។

លោកបន្តថា “យើងលឺតែការចុះផ្សាយរបស់បណ្ដាញ សារព័ត៌មាននានាប៉ុណ្ណោះ តែយើងមិនឃើញមានការរៀបចំដី សម្រាប់ទុកវិនិយោគ ទីតាំងវិនិយោគក៏មិនទាន់ដឹងច្បាស់ថា នៅទីណានោះដែរ”។លោកបន្តថា “ យើងគ្រាន់តែបញ្ជាក់ថា មិនមានព័ត៌មានផ្លូវការ ពីការវិនិយោគរបស់អឺរ៉ុបនៅកោះកុងទំហំ៦០០ពាន់លានដុល្លារអាមេរិកឡើយ”៕

រដ្ឋមន្ត្រី:ចរន្តភ្ញៀវទេសចរនៅតាមគោលដៅទេសចរណ៍មានការថយចុះនាចុងសប្តាហ៍នេះ

ដោយៈ ម៉ាលីស

ភ្នំពេញៈ តាមការសង្កេតជាក់ស្តែងរបស់មន្ទីរទេសចរណ៍ ភ្ញៀវពីរាជធានីភ្នំពេញ ទៅកាន់គោលដៅទេសចរណ៍តាមបណ្តាខេត្តនានា មិនសូវមានចំនួនច្រើនដូចសប្តាហ៍កន្លងមកទេ។ ភ្ញៀវភាគច្រើនជាភ្ញៀវក្នុងខេត្តខ្លួនឯង និងភ្ញៀវឆ្លងខេត្តជិតៗគ្នា។ ចរន្តភ្ញៀវទេសចរនៅតាមគោលដៅទេសច​រណ៍មានការថមថយខ្លះនាចុងសប្តាហ៍នេះ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញពីស្ថានភាពភ្ញៀវទេសចរផ្ទៃ ក្នុងនាចុងសប្តាហ៍ ថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ២០២២ នៅទូទាំងប្រទេសមានភ្ញៀវ ចេញដើរកម្សាន្តសរុបចំនួន១៩៩,០៦៧នាក់ ក្នុងនោះមានភ្ញៀវជាតិ១៨៨,០៨១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១០,៩៨៦នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

* ខេត្តព្រះសីហនុ ៤៥,២១៦នាក់

* រាជធានីភ្នំពេញ ២៤,៨០៤នាក់

* ខេត្តពោធិ៍សាត់ ២៤,៧៤១នាក់

* ខេត្តបាត់ដំបង ២២,៨៤២នាក់

* ខេត្តសៀមរាប ១៦,៥៦៧នាក់

* ខេត្តកំពត ១៤,៧៤៦នាក់។

លោកថោង ខុនបានបន្តថា ជាមួយការបន្តកំរើកឡើង នៃការឆ្លងជំងឺកូវីដ-១៩ប្រភេទអូមីក្រុង ចរន្តភ្ញៀវទេសចរនៅតាមគោលដៅ ទេសចរណ៍មានការថមថយខ្លះនាចុងសប្តាហ៍នេះ។ ជាក់ស្តែង តួលេខខាងលើមានការថយចុះ ៩.៤៤% ធៀបនឹងចុងសប្តាហ៍កន្លងមក។

ទោះបីមានការថមថយខ្លះ ប៉ុន្តែតួលេខខាងលើនៅមានកម្រិតប្រហាក់ប្រហែលនឹងស្ថានភាពពេល ដែលព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ត្រូវបានបិទបញ្ចប់។

ចាប់តាំងពីសប្តាហ៍មុន និងបន្តដល់ចុងសប្តាហ៍នេះ ក្រសួងទេសចរ​ណ៍បានចេញសេចក្តីណែនាំ ជាបន្តបន្ទាប់ដល់មន្ទីរទេសចរណ៍ និងមូល    ដ្ឋានអាជីវកម្មទាំងអស់ ឲ្យខិតខំបន្តពង្រឹងការអនុវត្តវិធានការ «៣កុំ និង៣ការពារ» វិធានសុវត្ថិភាពទេសចរណ៍ និងSOP លើគ្រប់សេវាកម្មទេសចរណ៍ និងខិតខំបន្តគ្រប់គ្រ ងចរន្តភ្ញៀវទេសចរកុំឲ្យមានកកកុញ ឬប្រមូលផ្តុំច្រើនពេលទៅកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា៕

ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងទាក់ទាញគំរោងវិនិយោគដីឡូត៍លំហែរកាន់តែច្រើន

ដោយៈគង់ សូរិយា

ភ្នំពេញៈ ដោយសារមានទីតាំងកៀកនឹងរាជធានីភ្នំពេញ ជាប់នឹងខេត្តកណ្តាល បានធ្វើឲ្យស្រុកសាមគ្គីមានជ័យ ទាក់ទាញគំរោងវិនិយោគលើដីឡូត៍លំហែរកាន់តែច្រើននាពេលបច្ចុប្បន្ននេះ។

អគ្គនាយកក្រុមហ៊ុនស៊ីឌីលែនដ៏ លោក Thomas បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ដោយសារការរីកចម្រើនសេដ្ឋកិច្ចជាតិ ការ​កសាងហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល ពិសេសផ្លូវជាតិលេខ៥ ដែលបាននិងកំពុងសាងសង់ ជិតបញ្ចប់ដោយក្រុមហ៊ុនជប៉ុន បានធ្វើឲ្យស្រុកសាមគ្គីមានជ័យ មានភាពទាក់ទាញការវិនិយោគកាន់តែច្រើន។

លោកបន្តថា “ស្រុកសាមគ្គីមានជ័យ ប្រៀបបីដូចជាកូនក្រមុំកំពុងតែងខ្លួន ដែលនឹងទាក់ទាញការចាប់អារម្មណ៍កាន់តែច្រើន ពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ”។ លោកបន្តថា “នៅពេលផ្លូវជាតិលេខ៥បញ្ចប់​ការសាងសង់ តម្លៃដីធ្លីនៅតាមបណ្តោយផ្លូវនេះ និងតំបន់ផ្លូវរណបផ្សេងៗទៀតនឹងកាន់តែឡើងថ្លៃ”។

លោក Thomas បានបន្តថា ការរីកចម្រើននូវជីវភាពប្រជាពលរដ្ឋ បានធ្វើឲ្យទីផ្សារដីឡូត៍លំហែរកើនឡើង ទាំងប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ហើយស្រុកសាមគ្គីមានជ័យ ជាទីតាំងមានភាពអំ ណោយផលដល់ការវិនិយោគ ដោយសារហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ និងដោយសារការធ្វើដំណើរងាយស្រួល និងចំណាយពេលត្រឹមកន្លះម៉ោងពីរាជធានីភ្នំពេញ។

អភិបាលរងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង លោកសួន សុខារិទ្ឋីបានមានប្រសាសន៍ក្នុងពិធីចូលរួមសម្ភោធ គំរោងដីឡួត៍លំហែរភូមិចំការដូងរីសតគំរោងទី៤ ដែលមានទំហំផ្ទៃដីជាង៤០ហិកតា កាលពីថ្ងៃទី២០ កុម្ភៈកន្លងមកថា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកវិស័យឯកជនជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ ជាពិសេសតាមការព្យាករណ៍របស់រដ្ឋាភិបាល និងស្ថាប័នអន្តរជាតិជាច្រើន បានបង្ហាញថាសេដ្ឋកិច្ចកម្ពុជានៅឆ្នាំនេះ នឹងសម្រេចជាង៥ភាគរយនៅ​ឆ្នាំនេះ។

លោកបន្តថា ជាមួយនឹងការរីកចម្រើនសេដ្ឋកិច្ច និងការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរដ្ឋាភិបាល ខេត្តកំពង់់ឆ្នាំង ពីសេសស្រុកសាមគ្គីមានជ័យទាក់ទាញគំរោងវិនិយោគច្រើន លើដីឡូត៍លំហែរ ពីសំណាក់វិនិយោគិនជាតិ ដែលបានជ្រើសរើសទីតាំងនេះ ដែលជាតំបន់មានសក្តានុពលធនធា​នធម្ម​ជាតិ និងការកសាងហេដ្ឋារចនាសម្ព័នរបស់រាជរដ្ឋាភិបាល បានកាន់​តែប្រសើរ ដែលបង្កលក្ខណៈកាន់តែងាយស្រួលក្នុងការធ្វើដំំណើរ។

ទោះជាយ៉ាងណាលោកមិនទាន់ បង្ហើបឲ្យដឹងពីចំនួនក្រុមហ៊ុនអចល​នទ្រព្យ ដែលបាននិងកំពុងវិនិយោគនៅស្រុកនេះនៅឡើយទេ ដោយលោកបានមានប្រសាសន៍ថា បច្ចុប្បន្នថ្នាក់ឃុំ កំពុងប្រមូលចងក្រងទិន្នន័យនៅតាមមូលដ្ឋានរបស់ខ្លួន៕

គំរោង D.I RIVIERA បានចាប់ផ្តើមផ្លាស់់ប្តូរស្ទីសឌីសាញទម្រង់អគារផ្នែកខាងលើរបស់ខ្លួន

ដោយៈជេស៊ីកា

ភ្នំពេញៈ គំរោងអគារខុនដូ D.I.RIVIERA ស្ថិតនៅលើទីក្រុងកោះពេជ្រ ដែលបានជាប់គាំងមួយរយៈបានផ្លាស់ប្តួរទម្រង់ និងរូបភាពចាស់របស់ខ្លួនបណ្តើរៗហើយ។

អ្នកស្រី វី ណាវី ប្រធាននាយកដ្ឋានទីផ្សារ នៃក្រុមហ៊ុន OCIC បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា បន្ទាប់ពីក្រុមហ៊ុនចិនមានបញ្ហា លំហូរសាច់ប្រាក់ គំរោងនេះត្រូវបានសហគ្រាសកាណាឌីយ៉ា ដកយកមកអភិវឌ្ឍន៍វិញ និងបានចាប់ផ្តើមឌីសាញផ្នែកខាងក្នុងអគារ និងបានចាប់ផ្តើម​ដាក់លក់ក្នុងទីផ្សារឡើងវិញហើយ។

អ្នកស្រីបន្តថា “ផ្នែកខាងលើនៃអគារ​នេះ ត្រូវបានផ្លាស់ប្តូរពីអគារ ដែលមានរាងទូកទ្រវែង មកជាការសាងសង់ស្ពានអាកាស និងមានស្កាយបាជំនួសវិញ”។ អ្នកស្រីបន្តថា “គំរោងនេះគ្រោងចំណាយទុន វិនិយោគឡើងវិញប្រមាណ ៤០លានដុល្លារអាមេរិក”។

គំរោងខុនដូនេះ ជាស្តង់ដាខុនដូលំដាប់ផ្កាយ៥ ដែលលក់ក្នុងតម្លៃមធ្យម៣០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
អ្នកស្រី វី ណាវីបានមានប្រសាសន៍ឲ្យដឹងទៀតថា បច្ចុប្បន្នអគារ A ត្រូវបានសាងសង់បញ្ចប់គ្រោងហើយ ដោយមានកំពស់សរុប៣៩ជាន់ ចំណែ​ក​អគារ B នឹងសាងសង់បញ្ចប់ គ្រោងអគារនៅឆ្នាំ២០២៣ខាងមុខ ខណៈអគារ C អាចនឹងចាប់ផ្តើមសាងសង់ នៅរយៈពេលពីរទៅបីឆ្នាំខាងមុខ។ អ្នកស្រីបន្ថែមថា គម្រោងនេះ នឹងទទួលបានជោគជ័យ ដោយសារទីតាំងរបស់វាមានភាពស្រស់ស្អាត ដែលអ្នកស្នាក់នៅអាចគយគន់ ទេសភាពដងទន្លេ និងស្រូបយកខ្យល់អាគារបរិសុទ្ឋពីទន្លេចតុមុខ។

អ្នកស្រីបន្តទៀតថា បច្ចុប្បន្នអ្នកឧកញ៉ាពុង ឃាវសែអគ្គនាយកក្រុមហ៊ុន OCIC បានបើកឲ្យក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យជាតិ អន្តរជាតិចូលរួមលក់់គម្រោងនេះ ក៏ដូចជាលក់ដីនៅទីក្រុងរណបកោះនរា ដែលគ្រោងចំណា​យរហូតដល់២៥០០លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ឋនានា៕

តម្លៃលំនៅដ្ឋានក្នុងសហរដ្ឋអាមេរិកបានហក់ឡើងខ្ពស់ក្នុងខែមករាឆ្នាំ២០២២

aerial view of south florida suburban residential area

ដោយៈសុខុម

ញូវយ៉ក: តម្លៃលំនៅដ្ឋានក្នុងសហរដ្ឋអាមេរិក បានហក់ឡើងខ្ពស់ក្នុងខែមករា ដើមឆ្នាំ២០២២ ខណៈចំនួនផ្ទះដែលមានសម្រាប់ ផ្គត់ផ្គង់ក្នុងទីផ្សារបានធ្លាក់ចុះខ្លាំង។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីចុងសប្ដាហ៍កន្លងទៅ។

យោងតាមសមាគមអចលនទ្រព្យជាតិ (National Association of Realtors) របស់សហរដ្ឋអាមេរិកបានឱ្យដឹងថា តម្លៃផ្ទះជាមធ្យមកាលពីខែមករា គឺ៣៥០.៣០០ដុល្លារ ក្នុងមួយខ្នង/យូនីត ដោយហក់ឡើងថ្លៃ១៥,៤%ធៀបនឹងឆ្នាំ២០២១។

នេះមិនមែនជាការហក់ឡើងថ្លៃខ្ពស់បំផុតទេ បើធៀបនឹងតម្លៃផ្ទះជាមធ្យម៣៦២.៨០០ដុល្លារ ក្នុងមួយខ្នង/យូនីតកាលពីខែមិថុនា ឆ្នាំ២០២១ ប៉ុន្តែវាជាការហក់ឡើងថ្លៃខ្ពស់បំផុតសម្រាប់ខែមករា។

ការលក់ផ្ទះមានស្រាប់ដែលរួមមាន ផ្ទះសម្រាប់១គ្រួសាររស់នៅ ផ្ទះប្រភេទ Townhouse និងខុនដូផងដែរនោះ បានកើនឡើង៦,៧%កាលពីខែធ្នូ ប៉ុន្តែបានធ្លាក់ចុះធៀបនឹងមួយឆ្នាំមុន ដែលភាគច្រើនដោយសារមិនសូវមានផ្ទះលក់។

កាលពីចុងខែមករា ចំនួនផ្ទះដែលមានសម្រាប់ផ្គត់ផ្គង់លើទីផ្សារបានធ្លាក់ចុះទាបមិនធ្លាប់មាន មកនៅត្រឹម៨៦០.០០០ខ្នង/យូនីត ដោយធ្លាក់ចុះ១៦,៥%ធៀបនឹងឆ្នាំ២០២១ ហើយនេះជាតួលេខទាបបំផុតចាប់តាំងពីសមាគមអចលនទ្រព្យជាតិ បានចាប់ផ្ដើមអង្កេតតាមដាន ក្នុងឆ្នាំ១៩៩៩ មក៕ CNN៕

ក្រុមហ៊ុនជប៉ុនជាង ១០០ បោះទុនវិនិយោគប្រមាណ ៣ពាន់លានដុល្លានៅកម្ពុជា

ដោយ: ម៉ាលីស

ភ្នំពេញ: ចំនួនក្រុមហ៊ុនជប៉ុនតូច ធំចំនួនជាង១០០បាននិងកំពុងវិនិយោគនៅកម្ពុជា ដោយបានបោះទុនប្រមាណ ៣ពាន់លានដុល្លារ នៅកម្ពុជា ដែលចំនួននេះមិនទាន់រាប់បញ្ចូលក្រុមហ៊ុនតូចៗ ដែលវិនិយោគដោយរូបវ័ន្តបុគ្គលនៅឡើយទេ។

កាលពីពេលថ្មីៗនេះ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ម៉ាសាហ៊ីរ៉ុ មីខាមី (Masahiro MIKAMI) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានដឹកនាំកិច្ចប្រជុំលើកទី២៣ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

កិច្ចប្រជុំទ្វេភាគីនេះ គឺជាផ្នែកមួយនៃយន្តការថែទាំវិនិយោគ ដែលត្រូវបានរៀបចំឡើង ចាប់តាំងពីឆ្នាំ២០០៩មក ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង រវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុនស្តីពី សេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ ដែលត្រូវបានចុះហត្ថលេខាដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តមអតីតនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ (Shinzo Abe) កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៧។

លោករដ្ឋមន្ត្រីប្រតិភូបានរំលេចពីច្បាប់ស្តីពី វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា ដែលទើបត្រូវបានអនុម័ត និងប្រកាសឱ្យប្រើកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ដែលបាននិងកំពុងក្លាយជា មូលដ្ឋានគតិយុត្តិដ៏រឹងមាំមួយទៀតរបស់កម្ពុជា សម្រាប់ទាក់ទាញការវិនិយោគ និងជួយជំរុញដល់ការស្តារសេដ្ឋកិច្ចក្រោយវិបត្តិនៃជំងឺកូវី-១៩។

លោករដ្ឋមន្ត្រីប្រតិភូបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះសកម្ម​ភាពវិនិយោគរបស់វិនិយោគិនជប៉ុនទាំងអស់ ក្នុងវិស័យកម្មន្តសាលមិនមែនវាយនភណ្ឌ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកដល់ការធ្វើពិពិធកម្ម មូលដ្ឋានសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍធនធានមនុ​ស្សនៅកម្ពុជា។

លោកអគ្គរដ្ឋទូត បានបង្ហាញនូវការប្តេជ្ញាចិត្ត ក្នុងការបន្តចូលរួមសហការជាមួយ រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចជំរុញ និងទាក់ទាញវិនិយោគផ្ទាល់ពីជប៉ុនមកកម្ពុជា ដើម្បីឆ្ពោះទៅរកវឌ្ឍនភាព និងវិបុលភាពសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

ក្នុងកិច្ចប្រជុំទ្វេរភាគីនេះផងដែរ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានស្វា​គមន៍ និងចុះបញ្ជីគម្រោងវិនិយោ គរបស់ក្រុមហ៊ុនជប៉ុនចំនួន ១៤៧គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ២, ៩ប៊ីលានដុល្លារអាមេរិក ដែលគិតមកត្រឹមដំណាច់ខែមករា ឆ្នាំ២០២២៕

ដីឡួត៍លំហែរភូមិចំការដូងរីសតទំហំជាង ៤០ហិកតា ចាប់ផ្តើមបើកលក់គំរោងទី៤របស់ខ្លួន

ដោយៈវិវត្តន៍

កំពង់់ឆ្នាំងៈ ដោយសារទទួលបានការគាំទ្រ ពីសំណាក់ប្រជាពលរដ្ឋ និងវិនិយោគិនជាតិ បានធ្វើឲ្យអ្នកវិនិយោគដីឡូត៍លំហែរ ភូមិចំការដូងរីសតសម្រេចបើកសម្ភោធលក់ គំរោងដំណាក់កាលទី៤របស់ខ្លួនជាផ្លូវការ។

ភូមិចំការដូងរីសត ស្ថិតនៅភូមិស្ពានដែក ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

លោកហ៉ិន រស់ អគ្គនាយកគំរោងដីឡូត៍លំហែរភូមិចំការដូងរីសត ដែ​លបានតស៊ូពីបាតដៃទទេ រហូតក្លាយជាម្ចាស់គម្រោងដីឡូត៍ដដ៏ធំបានមានប្រសាសន៍៍ ក្នុងពិធីសម្ភោធបើកលក់គំរោងទី៤របស់ខ្លួននាព្រឹកថ្ងៃទី២០ កុម្ភៈកន្លងមកដោយបានថ្លែងអំណ​រគុណដល់ភ្ញៀវជាតិ អន្តរជាតិ ដែលបានទិញដីឡូត៍ ក្នុងគំរោងរបស់លោកនាពេលកន្លងមក និងគំរោងថ្មីទី៤នេះ ដែលលោកគិតថា ការចូលរួមអភិវឌ្ឍគំរោងនេះ ដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ចក្នុងមូលដ្ឋាន និងផ្តល់ការងារកាន់តែច្រើនដល់ប្រជាពលរដ្ឋ។

លោកបន្តថា “ឆន្ទៈរបស់ខ្ញុំគឺចង់បង្កើតការងារជាច្រើន ដល់ប្រជាជននៅទីនេះ និងរៀបចំតំបន់ទេសចរណ៍កែច្នៃមួយ ដែលផ្សារភ្ជាប់ជាមួយធម្មជាតិ”។ លោកបន្តថា “ដូងក្រអូបរបស់យើងនឹងចេញផ្លែឆាប់ៗនេះ ស្របពេ​លក្នុងគំរោដីឡូត៍និមួយៗ ក៏មានការដាំដើមដូងក្រអូប និងផ្តល់ការមើលថែរដល់អតិថិជនរយៈពេលពីរឆ្នាំ ដោយឥតគិតថ្លៃផងដែរ”។

នៅជាប់ជាមួយនឹងដីឡូត៍លំហែរនេះ ក្រុមហ៊ុន Hin Rous Real Estate នឹងរៀបចំជារមណីយដ្ឋានលំហែរ ផ្ទះបណ្តែតទឹក និងខ្ចូសអង្គុយទទួលទានអាហារលើទឹក ដែលស្ថិតនៅលើផ្ទៃបឹងជាង១០ហិកតាផងដែរ។

លោកហ៊ិន រស់បានបន្តថា ជាមួយគ្នានេះ លោកក៏ស្វាគមន៍ដល់អ្នកវិនិយោគ ដែលមានបំណងចូលរួមវិនិយោគលើដីរបស់លោកផងដែរ ដោយ ពួកគេអាចកាត់ដីក្នុងចំណែក ឬចំនួនឡូត៍ណាមួយ យកមកលក់ឬសហការលក់ជាមួយលោក ក្នុងតម្លៃសមរម្យ ដែលអាចរកបានផលចំណេញរួមគ្នាផងដែរ។

អភិបាលរងស្រុកសាមគ្គីមានជ័យ លោកសួន សុខារិទ្ឋី បានមានប្រ​សាសន៍ដោយបានសម្តែងការកោតសរសើរ ដល់លោកហ៊ិន រស់ ដែលបានតស៊ូក្នុងជីវិត បានក្លាយជាអ្នកវិនិយោគដ៏ជោគជ័យមួយរូប។ លោកបន្តថា ស្រុកសាមគ្គីមានជ័យមានភាពរីកចម្រើន ដោយបច្ចុប្បន្នមានគំរោងវិនិយោ​គអចលនទ្រព្យ ពិសេសដីឡួត៍លំហែរច្រើន ព្រោះស្រុកនេះមានទីតាំងជាប់នឹងខេត្តកណ្តាល កៀកនឹងរាជធានីភ្នំពេញ ពិសេសមានហេដ្ឋារចនាសម្ព័ន្ឋធ្វើដំណើរបានស្រួលនៅពេលផ្លូវជាតិលេខ៥បានបញ្ចប់។

លោកបន្តថា “សេដ្ឋកិច្ចកម្ពុជាមានភាពរីកចម្រើន ជីវភាពប្រជាពល​រដ្ឋកាន់តែប្រសើរ ដែលធ្វើឲ្យពួកគាត់មានលទ្ឋភាពកាន់់តែច្រើន ក្នុងការទិញដីលំហែរ ហើយគំរោងភូមិចំការដូងរីសត ជាគម្រោងមួយល្អ ដែលមានធម្មជាតិខៀវស្រងាត់ និងមានផែនការអភិវឌ្ឍន៍ ប្រកបដោយភាពច្បាស់​លាស់និងទទួលខុសត្រូវសង្គម”។

ជាមួយគ្នានេះ លោកវង្ស សុវណ្ណមន្រ្តីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុញបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍សម្តែង ការកោតសរសើរដល់លោកហ៊ិន រស់ ដែលបើទោះបីលោកពិការជើង ប៉ុន្តែលោកបានតស៊ូជម្នះគ្រប់ឧបសគ្គ រហូតទទួលបានជោគជ័យក្នុងជីវិត។

លោកបន្តថា “លោកស្គាល់លោកហ៊ិន រស់តាំងពីបំពេញការងារជាមន្រ្តីក្រោមឱវាទរបស់លោក ដែលជាអ្នកមានអត្តចរិកល្អ ទោះបីជាខ្លួនលោកពិកា តែចិត្តនិងបេះដូងលោកមិនពិការឡើយ”។ លោកបន្តថា លោកមានការចាប់អារម្មណ៍លោកហ៊ិន រស់ ដែលបានរៀបចំដីឡូត៍លំហែរបានល្អ ខណៈពេលមានវិបត្តិកូវីដ១៩កន្លងមក ប្រជាពលរដ្ឋមួយចំនួនមានលទ្ឋភាពបានចេញទៅចំការលំហែរ ដោយបានស្នាក់នៅតាមខេត្ត ហើយនៅក្នុងព្រៃលែងលឺសត្វយំ ក៏លេចលឺសម្លេងធុងបាស់ទៅវិញ។

លោកវង្ស សុវណ្ណបានបន្តថា គំរោងភូមិចំការដូងរីសត បានលក់អស់គំរោងទី១ ទី២ ទី៣ និងបើកលក់គំរោងទី៤នាពេលនេះ បង្ហាញពីភាពជោគជ័យនៃការអភិវឌ្ឍ និងរៀបចំបានល្អប្រសើរពីម្ចាស់គំរោង ហេតុនេះអតិថិជនចាស់អាចបន្តទិញ និងណែនាំអ្នកថ្មីឬសាច់ញាតិមកទិញ ដែលការទិញដីឡូត៍លំហែរបែបនេះ ក៏ជាការរួមចំណែកជួយអភិវឌ្ឍន៍មូលដ្ឋាន ក៏ដូចជា ចូលរូមជម្រុញកំនើនសេដ្ឋកិច្ចជាតិផងដែរ៕

តើដីនៅទីក្រុងកោះពេជ្រកើនឡើងដល់តម្លៃប៉ុន្មានហើយក្នុងមួយម៉ែត្រការ៉េ?

ដោយៈគង់ សូរិយា

ភ្នំពេញៈ ជាទីក្រុងរណប ស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ និងទទួលបានជោគជ័យជាងគេ លើផែនការអភិវឌ្ឈន៍ ទីក្រុងកោះពេជ្រកាន់តែលេចត្រដែតឡើង។

តើតម្លៃដីនៅទីក្រុងរណបនេះ កើនឡើ់ងដល់តម្លៃប៉ុន្មានហើយក្នុងមួយម៉ែត្រការ៉េ? អ្នកស្រី វី ណាវី ប្រធាននាយកដ្ឋានទីផ្សារនៃក្រុមហ៊ុន OCIC បានមានប្រសាសន៍ឲ្យដឹង នាចុងសប្តាហ៍មុនថា ទីផ្សារតម្លៃដីធ្លីនៅលើទីក្រុងរណប ដែលមានប្រជាប្រិយភាពនេះ មានតម្លៃ៣៨០០ដុល្លារសម្រាប់តំបន់លំនៅដ្ឋាន ប៉ុន្តែតំបន់ពាណិជ្ជកម្មនិងជាប់នឹងមាត់ទន្លេ មានតម្លៃចាប់ពីជាង៦០០០ ទៅជាង៧០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

អ្នកស្រីបន្តថា “តម្លៃដីធ្លីនៅទីក្រុងរណបនេះ នឹងកើនឡើងបន្ថែមទៀតនាពេលអនាគត ខណៈតំបន់នេះមានភាពរសរវើក និងជាទីតាំងមានភាពល្អប្រសើរ ទាំងសោភ័ណភាព ទន្លេរ និងមានខ្យល់អាកាសបរិសុទ្ធ”។

ជាមួយគ្នានេះ លោកទូច សំណាងអគ្គនាយករងក្រុមហ៊ុន OCIC បានមានប្រសាសន៍ឲ្យដឹងកាលពីពេលកន្លងមកថា បច្ចុប្បន្នទីក្រុងកោះពេជ្រ ទើបបានប្រើប្រាស់អស់ផ្ទៃដី៥០ភាគរយប៉ុណ្ណោះ ខណៈផ្ទៃទំហំសំណង់ ទើបបានសាងសង់បានប្រមាណ២៥ភាគរយ។

លោកបន្តថា “ជាទស្សនទាន និងផែនការមេនៃការអភិវឌ្ឍក្រុមហ៊ុននឹងរៀបចំផ្សាររាត្រី និងផ្លូវដើរជុំវិញទីក្រុងនេះនាពេលអនាគត”៕

ផ្លូវជាតិថ្មីមួយខ្សែប្រវែង ១២៧គីឡូម៉ែត្រ កំពុងសាងសង់ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ និងទីក្រុងបូកគោថ្មី

ដោយៈជេស៊ីកា

កំពត ព្រះសីហនុៈ ក្រុមហ៊ុនសុខាអូតែលបាន និងកំពុងសាងសង់់ផ្កួវជាតិមួយខ្សែតភ្ជាប់ ពីតំបន់វាលស្រែ៥០០លើខ្នងភ្នំបូកគោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ និងបំបែកទៅកាន់តំបន់យាយម៉ៅ ស្ថិតនៅលើកំពូលភ្នំដែលជាតំបន់សាងសង់ទីក្រុងបូកគោថ្មី។

លោកពៅ វណ្ណថា ប្រធានវិស្វករគ្រប់គ្រងការដ្ឋានគំរោងសាងសង់ផ្លូវជាតិ ដែលវិនិយោគដោយក្រុមហ៊ុនសុខាអូតែល បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១៧ កុម្ភៈកន្លងមកថា បច្ចុប្បន្នការត្រួសត្រាយសាងសង់ផ្លូវនេះ សម្រេចបាន ៧គីឡូម៉ែត្រហើយ លើប្រវែងផ្លូវដែលគ្រោងសាងសង់ប្រវែង ១២៧គីឡូម៉ែត្រ។

លោកបន្តថា “ផ្លួវដ៏សំខាន់នេះ នឹងត្រូវសាងសង់ទំហំទទឹង១៤ម៉ែត្រ ដែលនឹងប្រើប្រាស់បេតុងចាក់ខាងក្រោម និងចាក់កៅស៊ូពីខាងលើ”។ លោកបន្តថា “ផ្លូវដ៏សំខាន់នេះ នឹងជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លួវជាតិលេខ៤ អាចចូលលេងកំសាន្តលើភ្នំបូកគោ និងអាចធ្វើដំណើរទៅកាន់ក្រុងកំពត ដោយមិនចាំបាច់ឆ្លងតាមផ្លូវជាតិលេខ៣ ចេញពីតំបន់វាលរេញ មកកាន់ផ្លូវជាតិលេខ៣ទៀតនោះទេ”។

លោកពៅ វណ្ណថាបានបន្តថា បើគិតពីកាស៊ីណូឋានសួគ៌បូកគោនាពេលបច្ចុប្បន្ន ឆ្ពោះទៅផ្លូវជាតិលេខ៤ ដែលចេញនៅចំណុចគីឡូលេខ១៥៨ មានប្រវែង៨០គីឡូម៉ែត្រ ប៉ុន្តែផ្លូវនេះនឹងត្រូវបំបែក ទៅតំបន់លោកយាយម៉ៅនៅចំណុចពាក់កណ្តាលភ្នំបូកគោ ដែលមានប្រវែង៤៧កីឡូម៉ែត្របន្ថែមទៀត”។

អ្នកឧកញ៉ាសុខ គង់ ប្រធានក្រុមហ៊ុនសុខាអូតែល បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខ ជាមួយគេហទំព័រ Propertyarea.asia នៅថ្ងៃដដែលថា ការសាងសង់ផ្លូវសំខាន់នេះ ដំបូងឡើយលោកគ្រោងប្រើប្រាស់លុយកម្ចីពីប្រទេសចិន ប៉ុន្តែក្រោយមកក្រុមហ៊ុន សម្រេចចិត្តសាងសង់ដោយខ្លួនឯង ប៉ុន្តែល្បឿននៃការសាងសង់ផ្លូវនេះ លឿនឬយឺតអាស្រ័យលើទំហំសាច់ប្រាក់របស់ក្រុមហ៊ុន។

អ្នកឧកញ៉ាបានបន្តថា “ការសាងសង់ទីក្រុងបូកគោ ដែលមានទំហំ៣០០០០ហិកតានេះ ចំណាយច្រើនណាស់ វាត្រូវការថវិកាលើសពី១០ទៅ២០ពាន់លានដុល្លារ ទើបអាចធ្វើឲ្យទីក្រុងនេះអាចបញ្ចប់តាមផែនការ”៕

រោងចក្រដំឡើងរថយន្តម៉ាកល្បីចំនួនពីរ នឹងទាក់ទាញបន្ថែមចំពោះការវិនិយោគនៅខេត្តពោធិ៍សាត់ និងកំពង់ស្ពឺ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ រោងចក្រដំឡើងរថយន្តពីរនៅខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ នឹងទាក់ទាញសក្ដានុពលការវិនិយោគបន្ថែមទៀត នៅពេលអនាគតខាងមុខនេះ ជាពិសេសរោងចក្រដំឡើងរថយន្តទាំងពីរ នឹងជំរុញដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជាផងដែរ។

រោងចក្រដំឡើងរថយន្តពីរ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចេញវិញ្ញា​បនបត្រវិនិយោគជាផ្លូវការ រួមមាន រោងចក្រដំឡើងរថយន្តហ្វ ដែលកន្លងមករថយន្តម៉ាកនេះ បាននាំចូលពីក្រៅប្រទេស ដោយក្រុមហ៊ុន RMA Cambodia ។ រោងចក្រដំឡើងរថយន្តនេះ មានទីតាំងវិនិយោគនៅខេត្តពោធិ៍សាត់ ហើយនឹងដំណើរការជាផ្លូវការនៅពេលខាងមុខ ។

ក្រៅពីរោងចក្រដំឡើងរថយន្តហ្វដ កម្ពុជាក៏ទទួលបានគម្រោងវិនិយោគលើរោងចក្រដំឡើងរថយន្ត ISUZU ជាម៉ាករថយន្តរបស់ជប៉ុន ដែលកន្លងមករថយន្តម៉ាកនេះ បាននាំចូលប្រទេសកម្ពុជាពីប្រទេសថៃ ដោយក្រុមហ៊ុនK Cambodia ។

ក្រុមហ៊ុននេះដែរ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញវិញ្ញា​បនបត្រជូន ដើម្បីដំណើរការវិនិយោគ នៅក្នុងប្រទេសសាងសង់រោងចក្រដំឡើងនៅកម្ពុជា ដែលរោងចក្រនេះ មានទីតាំងនៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១៦៦កន្លែង ។

លោកសន សៀប ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ ឃីរៀលអ៊ីស្ទេតបានមានប្រសាសន៍ផងដែរថា ខេត្តកំពង់ស្ពឺជាខត្តមួយ ដែលមានសក្ដានុពលខ្ពស់ ក្នុងការវិនិយោគលើវិស័យឧស្សាហកម្ម ជាពិសេសនៅតំបន់តាមបណ្ដោយផ្លូវជាតិលេខ៤២ ផ្លូវជាតិលេខ៤១ និង៥១ជាដើម។

លោកបន្តថា “ដីធ្លីនៅតំបន់នេះ ក៏នៅទូលំទូលាយសម្រាប់ វិនិយោ​គិន ក្នុងការបណ្ដាក់ទុនទៅលើឧស្សាហកម្មផងដែរ”។

ចំណែកលោក បូ សេងហួរ ប្រធានសាខានៃក្រុមហុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តកំពង់ស្ពឺបានមានប្រសាសន៍ផងដែរថា តម្រូវការដីធ្លីសម្រាប់សង់ជាឃ្លាំងរោងចក្រ សង់រោងចក្រនៅក្នុងខេត្តកំពង់ស្ពឺ បាននិងកំពុងមានតម្រូវការកាន់តែខ្ពស់ ហើយវាកាន់តែមានតម្រូវការខ្ពស់បន្ថែមទៀតនៅពេលអនាគត ។

លោកបន្តថា “ខេត្តនេះ មានអំណោយផលខ្ពស់ លើការវិនិយោគលើឧស្សាហកម្ម ពីព្រោះទីតាងក្នុងខេត្តនេះ មានអំណោយផលល្អសម្រាប់ការដឹកជញ្ជូនទំនិញ ចូលមកកាន់ទីតាំងរោងចក្រ និងងាយស្រួលក្នុងការដឹកទំនិញចេញ ទៅកាន់កំពង់ផែទឹកជ្រៅរបស់កម្ពុជា នៅខេត្តព្រះសីហនុ និងទៅកាន់ច្រកព្រំដែនកម្ពុជាជាដើម”។

ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថា ការបង្កើតគម្រោងវិនិយោគ នៅតាមបណ្ដាខេត្តនានា ដូចជា នៅពោធិ៍សាត់ គឺរោងចក្រដំឡើងរថយន្តហ្វដ នឹងជំរុញនិងទាក់ទាញឱ្យ មានការវិនិយោគបន្ថែមទៀតនៅក្នុងខេត្តមួយនេះ ខណៈតម្លៃដីក៏នៅមានកម្រិតទាបនៅឡើយ ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធថ្មី ក្នុងខេត្តសោធិ៍សាត់ ក៏ជាសក្ដានុពលមួយក្នុងការទាក់ទាញការវិនិយោគបន្ថែមទៅក្នុងខេត្តមួយនេះផងដែរ៕