រដ្ឋាភិបាលអាល្លឺម៉ង់ផ្តល់ជំនួយជិត៦លានដុល្លារបន្ថែមដល់កម្ពុជាដើម្បីឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩

ដោយៈ ប៊ី

ភ្នំពេញៈ ប្រទេសអាល្លឺម៉ង់បានសន្យាផ្តល់ថវិកាចំនួន៤,៨លានអឺរ៉ូ (ប្រមាណ៥,៧៤លានដុល្លារ) បន្ថែមទៀតដើម្បីគាំទ្រដល់ការឆ្លើយតបទៅនឹងកូវីដ-១៩របស់រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា។

ស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះបានបញ្ជាក់ថា ថវិកាបន្ថែមដែលមានចំនួនដូចបានបង្ហាញខាងលើនេះនឹងត្រូវអនុវត្តដោយកម្មវិធីចំនួនបីផ្សេងគ្នា នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អាល្លឺម៉ង់រហូតដល់ដំណាច់ឆ្នាំ ២០២១៖

ទី១- ១,៨លានអឺរ៉ូដើម្បីបង្កើនសមត្ថភាពរបស់រដ្ឋាភិបាលកម្ពុជាក្នុងការឃ្លាំមើលការរីករាលដាលនៃជំងឺកូវីដ-១៩នៅកម្ពុជាឲកាន់តែប្រសើរឡើង៖ ដើម្បីពង្រឹងបណ្តាញមន្ទីរពិសោធន៍ជាតិ គាំទ្រដល់សមត្ថភាពតាមដាន និងលើកកម្ពស់ការយល់ដឹងអំពីជំងឺកូវីដ-១៩ជាមួយយុទ្ធនាការផ្សព្វផ្សាយព័ត៌មាន។

ទី២- ១លានអឺរ៉ូដើម្បីធ្វើអោយមានភាពប្រសើរឡើងសម្រាប់ស្ថានភាពចំណូលនៃពលករចំណាកស្រុកដែលត្រឡប់មកកម្ពុជាវិញនិងកំពុងគ្មានការងារធ្វើ៖ អនុវត្តផែនការណ៍ cash-for-work និងការបណ្តុះបណ្តាលក៏ដូចជាការផ្គត់ផ្គង់សម្រាប់កសិកម្មខ្នាតតូចនិងការចិញ្ចឹមសត្វនៅខេត្តភាគពាយព្យឆ្ពោះទៅព្រំដែនថៃ។

ទី៣- ២លានអឺរ៉ូដើម្បីពង្រឹងការកំណត់អត្តសញ្ញាណតាមការស្នើសុំថ្មី ដែលចាំបាច់ក្នុងការកំណត់អត្តសញ្ញាណប្រជាជនដែលធ្លាក់ចូលក្នុងភាពក្រីក្រដោយសារជំងឺរាតត្បាត៖ ផ្តល់យោបល់ដល់ក្រសួងផែនការក្នុងការកែទម្រង់និងសម្របយន្ដការអត្តសញ្ញាណកម្មគ្រួសារក្រីក្រ បង្កើតប្រព័ន្ធគ្រប់គ្រងនៃការទទួលយោបល់និងមតិលើការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ (IDPoor) អនុវត្តយុទ្ធនាការផ្សព្វផ្សាយដល់គ្រួសារក្រីក្រដែលជាគោលដៅអោយកាន់តែច្រើន ពង្រីកប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីធានាបាននូវការផ្លាស់ប្តូរព័ត៌មាន និងការគ្រប់គ្រងទិន្នន័យរួម និងផ្តល់យោបល់ដល់រដ្ឋាភិបាលស្តីពីការដាក់បញ្ចូលប្រជាជនដែលអាចធ្លាក់ចូលក្នុងភាពក្រីក្រ និងងាយរងគ្រោះទៅក្នុងការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ (IDPoor)។

គិតមកដល់ថ្ងៃនេះប្រទេសអាល្លឺម៉ង់បានគាំទ្រការឆ្លើយតបទៅនឹងកូវីដ-១៩របស់ប្រទេសកម្ពុជាជាមួយទឹកប្រាក់ជាង១៧លានដុល្លារ ជាចំនួនបន្ថែមពីលើការងារសហប្រតិបត្តិការអភិវឌ្ឍន៍ ដែលកំពុងដំណើរការកន្លងមក។

អាល្លឺម៉ង់ក៏មានការប្តេជ្ញាគាំទ្រការឆ្លើយតបជាពហុភាគីចំពោះកូវីដ-១៩ ហើយបានបំពេញការសន្យារបស់ខ្លួនចំពោះ COVAX ដែលជាគំនិតផ្តួចផ្តើមអោយមានការចាក់វ៉ាក់សាំងជាសកល។ ទឹកប្រាក់ចំនួន១ដុល្លារ ក្នុងរាល់ការចំនាយអស់៥ដុល្លាររបស់ COVAX គឺជាថវិការដែលបានចូលរួមចំណែកពីអាល្លឺម៉ង់។ ទឹកប្រាក់ចំនួន១ ដុល្លារ ក្នុងរាល់ការចំនាយអស់៣ដុល្លាររបស់ COVAX គឺជាថវិការដែលបានចូលរួមចំណែកពីសហគមន៍អ៊ឺរ៉ុបនិងប្រទេសជាសមាជិករបស់ខ្លួន៕

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងទាក់ទាញក្រុមហ៊ុនអាមេរិក និងចិនចូលមកកម្ពុជាកាន់តែច្រើន

ដោយ ៖ គង់ ម៉ាលីន
ភ្នំពេញ: កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា-ចិន (FTA) ក្រោយពីចុះហត្ថលេខាជាផ្លូវការរួមគ្នាកាលពីពេលកន្លងទៅថ្មីៗនេះ គ្រោងនឹងដាក់ឱ្យអនុវត្តជាធរមានក្នុងឆ្នាំ២០២១នេះ បន្ទាប់ពីភាគីទាំងពីរបញ្ចប់នីតិវិធីផ្ទៃក្នុងរួចរាល់។

លោកប៉ែន សុវិជាតិអនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ប្រាប់ឱ្យដឹងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ថា បច្ចុប្បន្នឯកសារទាំងអស់ត្រូវបានដាក់បញ្ជូនទៅគណៈរដ្ឋមន្ត្រីរួចរាល់ហើយ ដោយត្រៀមនឹងប្រជុំពេញអង្គក្នុងពេលឆាប់ៗនេះ បន្ទាប់ពីកូវីដ១៩ស្ងប់ទៅ។ តាមពិតសកម្មភាពពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិននៅមានភាពសកម្មជាប្រក្រតី ដោយទិន្និន័យទំហំពាណិជ្ជកម្មមាននិន្នាការកើនឡើងទោះជាក្នុងស្ថានភាពកូវីដ១៩ក៏ដោយ។

លោកបន្តថា “យើងរំពឹងទុកថាក្រោយកិច្ចព្រមព្រៀងនេះចូលជាធរមាន សកម្មភាពពាណិជ្ជកម្មនឹងកើនឡើងថែមទៀតពិសេសការនាំចេញកសិផលទៅកាន់ទីផ្សារចិន។ ពិពិធកម្មទំនិញនាំចេញ-នាំចូលនឹងកាន់តែសំបូរបែប អាស្រ័យដោយតំរូវការទីផ្សារ និងអត្រាពន្ធ រួមនឹងលក្ខខណ្ឌសំរួលផ្សេងៗដែលទទួលបានពីកិច្ចព្រមព្រៀង។ ចំពោះការនាំចូលវត្ថុធាតុដើមសំរាប់បំរើវិស័យឧស្សាហកម្មកាត់ដេរក៏នឹងមានភាពប្រសើរឡើងវិញដែរ ដោយសារការអនុវត្តកិច្ចព្រមព្រៀងផង”។

លោកអនុរដ្ឋលេខាធិការបានលើកឡើងថា ទាក់ទងនឹងការចាក់វ៉ាក់សាំងនៅកម្ពុជា បានបង្ហាញពីសញ្ញាណនៃការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចទោះជានៅក្រោមរូបភាពប្រក្រតីភាពនៃទំរង់ថ្មីក៏ដោយ។ ការចាក់វ៉ាកសាំងសម្រាប់មហាជនទូទៅដែលរដ្ឋាភិបាលទើបនឹងប្រកាសអនុវត្តថ្មីៗនេះ នឹងធ្វើឱ្យមជ្ឈដ្ឋានធុរៈជន វិនិយោគិនប្រជាជនទូទៅមានទំនុកចិត្តនិងជំនឿចិត្តកាន់តែខ្លាំងឡើងដល់ការវិលទៅរកប្រក្រតីភាពឡើងវិញក្នុងវិស័យសេដ្ឋកិច្ច ពិសេសសកម្មភាពពាណិជ្ជកម្ម ទាំងពាណិជ្ជកម្មក្នុងស្រុកនិងអន្តរជាតិ។ ទំនុកចិត្តនេះនឹងបង្ករអោយមានការកំរើកឡើងវិញកាន់តែប្រសើរឡើងនូវសកម្មភាពទីផ្សារ ដែលជំរុញដោយកំណើននូវតំរូវការនិងការបញ្ជាទិញកាន់តែសកម្មជាងមុន។

លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានសម្តែងការសាទរចំពោះការគ្រោងដាក់ឱ្យដំណើរការធរមាននៃកិច្ចព្រមព្រៀងខាងលើនេះ។ លោកបញ្ជាក់ថា “វិស័យឯកជនចង់បានគឺកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្ម មិនមែនតែចិនមួយទេ យើងចង់បានទៅបណ្តាប្រទេសផ្សេងៗទៀត ដូចជាក្រោយប្រព័ន្ធអនុគ្រោះពន្ធ EBA ជាមួយសហគមនអឺរ៉ុប អាចនិយាយថាកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មជាមួយសហគមនអឺរ៉ុប ឬក៏ជាមួយអាម៉េរិកនៅពេលយើងអស់ GSP ដែលទាំងអស់នឹងគឺជាការជួយអភិវឌ្ឍន៍វិស័យឯកជនក្នុងប្រទេសយើង។

លោកឧកញ៉ាបន្តថា “កម្ពុជា សម្រាប់ដៃគូក្នុងស្រុក យើងត្រូវការអ្នកវិនិយោគមកពីក្រៅ ព្រោះថាអ្នកវិនិយោគមកពីក្រៅគាត់មានទុនច្រើន ហើយមានបច្ចេកទេស ដូច្នេះគាត់នឹងអាចចូលរួមអភិវឌ្ឍន៍យើងបាន។ យើងឃើញស្រាប់ហើយ កាលដែលយើងមិនទាន់បាន EBA យើងមានវាលស្រែ មិនមានរោងចក្រណាជុំវិញភ្នំពេញទេ ពេលដែលយើងមានអនុគ្រោះពន្ធធ្វើឱ្យមានរោងចក្រចូលមក។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិនក៏ដូចគ្នា ពេលដែលយើងទទួលបានកិច្ចព្រមព្រៀងនេះ ខណៈពេលដែលសហរដ្ឋអាមេរិក ជាមួយចិនកំពុងតែមានភាពតានតឹងផ្នែកពាណិជ្ជកម្ម ឬតម្លើងពន្ធអីផង ដូច្នេះអាចធ្វើឱ្យបណ្តាក្រុមហ៊ុនជាច្រើនទៅរកប្រទេសណាដែលនាំទៅចិន នាំទៅអាមេរិក មានភាពអនុគ្រោះពន្ធ ដូច្នេះកម្ពុជាអាចនឹងទាក់ទាញវិនិយោគមកកាន់តែច្រើន ពេលវិនិយោគចូលច្រើនហើយ វាជួយសព្វបែបយ៉ាងនៅក្នុងប្រទេសយើង ចំណូលផ្ទៃក្នុង ប្រាក់ពន្ធ ការងារដឹកជញ្ជូន ទេសចរណ៍ ជាពិសេសត្រូវការទីតាំង ដីក៏ឡើងថ្លៃ អគារការិយាល័យស្នាក់នៅ គ្រប់មុខទាំងអស់ធ្វើឱ្យសេដ្ឋកិច្ចយើងកើន ធ្វើឱ្យប្រជាជនយើងធូរធារទទួលផលប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ”៕

បណ្តាអ្នកជំនួញ និងឧកញ៉ាធំៗនៅកម្ពុជា បន្តចូលរួមបរិច្ឆាគថវិកាផ្ទាល់ខ្លួនជូនសម្ដេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ជាការចូលរួមប្រយុទ្ធប្រឆាំងជាមួយការរាតត្បាតនៃជំងឺកូវីដ១៩ ជាពិសេសទប់ស្កាត់ព្រឹត្តិការណ៍២០កុម្ភៈដែលកំពុងបន្តយាយីនៅក្នុងសហគមន៍នាពេលបច្ចុប្បន្ននេះ បណ្តាអ្នកជំនួញធំៗដែលមានគោរមងារជាឧកញ៉ា និងអ្នកឧកញ៉ា បានបន្តការឧបត្ថម្ភ បរិច្ចាគថវិកាផ្ទាល់ខ្លួនជូនដល់សម្ដេចតេជោ ហ៊ុន សែន សម្រាប់ប្រើប្រាស់ និងចំណាយនៅក្នុងការអនុវត្តវិធានការចាំបាច់ និងបន្ទាន់។

សម្រាប់តែថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ គិតត្រឹមម៉ោង២រសៀលនេះ សប្បុរសជនមានឈ្មោះល្បីក្នុងវិស័យជំនួញនៅកម្ពុជា ដែលបានចូលរួមបរិច្ចាគថវិកាជូនដល់សម្ដេចតេជោ ហ៊ុន សែន ក៏ដូចជារាជរដ្ឋាភិបាលសម្រាប់ការចំណាយប្រើប្រាស់ក្នុងករណីបន្ទាន់ប្រឆាំងនឹងជំងឺកូវីដ១៩ រួមមាន៖

១, អ្នកឧកញ៉ា គិត ម៉េង និងក្រុមគ្រួសារ បរិច្ចាគ ៣លានដុល្លារ
២, អ្នកឧកញ៉ា ហុង ពីវ និងក្រុមគ្រួសារ បរិច្ចាគ ៣លានដុល្លារ
៣, អ្នកឧកញ៉ា ឡេង ណាវាត្រា និងក្រុមគ្រួសារ បរិច្ចាគ ៣លានដុល្លារ
៤, អ្នកឧញ៉ា ចេន ហ្ស៊ី បរិច្ចាគ ៣លានដុល្លារ
៥, ក្រុមហ៊ុន ជីប ម៉ុង គ្រុប បរិច្ចាគ ៣លានដុល្លារ
៦, ឧកញ៉ា អ៊ឹង ប៊ុនហូវ, ឧកញ៉ា លឹម រស់, ឧកញ៉ា លឹម ប៊ុនសួរ បរិច្ចាគសរុបចំនួន១លានដុល្លារ
៧, ឧកញ៉ា ឡេង ប្រុស, ឧកញ៉ា ឡេង និមល, លោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ បរិច្ចាគសរុប ៣ម៉ឺនដុល្លារ

គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១១៦៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន៥៩៧នាក់ និងអ្នកជំងឺ៥៦៤នាក់ កំពុងសម្រាកព្យាបាល។ ដោយឡែកព្រឹត្តិការណ៍២០កុម្ភៈ មានអ្នកឆ្លងកូវីដ១៩ចំនួន៦៥២នាក់ ក្នុងនោះមានម្នាក់បានបាត់បង់ជីវិតនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត៕

សភាអាមេរិកបានអនុម័តសេចក្ដីព្រាងកញ្ចប់ថវិកាស្ដារសេដ្ឋកិច្ច១,៩ទ្រីលានដុល្លាររបស់លោកចូ បៃឌិន

Democratic presidential nominee and former Vice President Joe Biden delivers remarks on Covid-19 at The Queen theater on October 23, 2020 in Wilmington, Delaware. (Photo by Angela Weiss / AFP) (Photo by ANGELA WEISS/AFP via Getty Images)

ដោយៈ ខុម

វ៉ាស៊ីនតោនៈ សេចក្ដីព្រាងកញ្ចប់ថវិកាស្ដារសេដ្ឋកិច្ច ពីវិបត្តិកូវីដ-១៩ ចំនួន ១,៩ ទ្រីលានដុល្លារ របស់ប្រធានាធិបតីចូ បៃឌិន ដែលពិភពលោកទន្ទឹងរង់ចាំមើលយ៉ាងអន្ទះ​សានោះ ត្រូវបានក្រុមសមាជិកសភារបស់សហរដ្ឋអាមេរិក អនុម័តផ្ដាច់ព្រ័ត្រហើយកាលពីថ្ងៃពុធ ទី១០ មីនា។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី១១ មីនា។

នេះជាកញ្ចប់ថវិកាស្ដារសេដ្ឋកិច្ចមួយ ក្នុងចំណោមកញ្ចប់ថវិកាស្ដារសេដ្ឋកិច្ចធំៗបំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក ហើយការអនុម័តនេះ គឺជាជោគជ័យដ៏ធំដំបូងបង្អស់របស់លោកចូ បៃឌិន ប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ ក្រោយលោកចូលកាន់តំណែង មិនទាន់បាន២ខែស្រួលបួលផងនោះ។

ក្នុងចំណោមទឹកប្រាក់ដ៏ច្រើននេះ រដ្ឋាភិបាលអាមេរិកនឹងផ្តល់ថវិកាចំនួន៤០០ពាន់លានដុល្លារ សម្រាប់បើកប្រា​ក់ឧបត្ថម្ភផ្ទាល់ចំនួន១.៤០០ដុល្លារ សម្រាប់មនុស្សម្នា​ក់ឱ្យទៅពលរដ្ឋអាមេរិក ភាគច្រើនចំនួន៣៥០ពាន់លានដុល្លារ ឱ្យទៅរដ្ឋបាលថ្នាក់មូល  ដ្ឋាន និងរដ្ឋបាលថ្នាក់រដ្ឋ ការពង្រីកឥណទានពន្ធកុមារ (child tax credit) និងការបង្កើនថវិកាសម្រាប់ការចែកចាយវ៉ាក់សាំងកូវីដ-១៩។

ក្រុមអ្នកវិភាគបានព្យាករថា “កញ្ចប់ថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ នឹងជំរុញឱ្យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ងើបឡើងវិញកាន់តែលឿន”។

ក្រោយសភាបោះឆ្នោតអនុម័ត លើសេចក្ដីព្រាងច្បាប់នេះ លោក ចូ បៃឌិន បានសរសេរបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គមទ្វីតទ័រថា “ជំនួយមានហើយ”។ សេតវិមានបានបញ្ជាក់ថា “លោក ចូ បៃឌិន គ្រោងចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់នេះ ឱ្យចេញជាច្បាប់ធរមាននៅថ្ងៃសុក្រ ទី១២ មីនា នេះ”។

ការអនុម័តដោយសំឡេង២២០ ទល់នឹង២១១ សំឡេងនៅក្នុងសភា ដែលគ្រប់គ្រ​ងដោយពួកប្រជាធិបតេយ្យនេះ មិនទទួលបានការគាំទ្រពីពួកសាធារណរដ្ឋ សូម្បីតែមួយសំឡេង ក្រោយការជជែកដេញដោលយ៉ាងក្ដៅគគុក ជាច្រើនសប្ដាហ៍នៅក្នុងសភា។ ពួកប្រជាធិបតេយ្យ បានចាត់ទុកសេចក្ដីព្រាងច្បាប់នេះថា ជាការឆ្លើយតបដ៏សំខាន់ទៅនឹងការឆ្លងរាតត្បាតវីរុសកូវីដ-១៩។

លោកស្រី Jan Schakowsky សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យបានគូសបញ្ជាក់ថា “នេះជាថ្ងៃបើកទំព័រប្រវត្តិសាស្ត្រថ្មី។ វាជាការចាប់ផ្តើមនៃការបញ្ចប់មហាវិបត្តិសេដ្ឋកិច្ចដែលបង្កឡើងដោយសារវីរុសកូវីដ-១៩”៕

អ្នកវិនិយោគផ្នែកអចលនទ្រព្យពីររូបចូលរួមឧបត្ថម្ភស្រ្តីបំបៅដោះកូនរងការពិន័យនៅខេត្តស្ទឹងត្រែង

ដោយៈសហការី

ភ្នំពេញៈ អ្នកវិនិយោគផ្នែកអចលនទ្រព្យពីររូប បានសម្រេចចិត្តផ្តល់អំណោយដល់ស្រ្តីដែលបានបំបៅដោះកូនឈ្មោះស៊ីថង សុខា កំឡុងពេលបំពេញការងារ ដែលបានរងការពិន័យពីថ្នាក់ដឹកនាំរបស់ខ្លួន។

អ្នកវិនិយោគផ្នែកអចលនទ្រព្យទាំងពីររូប រួមមាន ឧកញ៉ាផន វណ្ណិត ដែលជាអ្នកវិនិយោគផ្នែកអចលនទ្រព្យល្បីឈ្មោះមួយរូប និងជាស្ថាបនិកក្រុមហ៊ុនរាជសន្តុសិត និងលោកលី សុខឆាយអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យLSCG ។

លោកឧកញ៉ាផន វណ្ណិតបានឧបត្ថម្ភដល់ស្រ្តីរូបនោះចំនួន២លានរៀល ដល់ស្រ្តីរូបនោះ ​។ ចំណែកលោកលី សុខឆាយអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យLSCG បានចូលរួមឧបត្ថម្ភដល់ស្រ្តីស៊ីថង សុខាចំនួន៤០០,០០០រៀលផងដែរ៕

ក្រុមហ៊ុនឧស្ម័នដ៏ធំមួយរបស់សឹង្ហបុរីត្រៀមឈានជើងចូលទីផ្សារកម្ពុជា

ដោយៈ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុន Union Gas Holdings ដែលមូលដ្ឋាននៅសិង្ហបុរីបានចុះហត្ថលេខាលើលិខិតបញ្ជាក់ពីបំណងដោយមិនចងភ្ជាប់កាតព្វកិច្ច (Non-Binding Letter of Intent) មួយក្រុមហ៊ុន Worldbridge Industrial Development (WBID) ដើម្បីបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា (JVCo) សម្រាប់ការចែកចាយនិងផ្គត់ផ្គង់ឧស្ម័ន LPG នៅក្នុងប្រទេសកម្ពុជា។

សកម្មភាពអាជីវកម្ម និងប្រតិបត្តិការផ្គត់ផ្គង់ LPG នៅកម្ពុជាត្រូវបានរំពឹងថានឹងកើតឡើងនៅចុងឆ្នាំ ២០២១។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Edge Singapore នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។

ភាពជាដៃគូយុទ្ធសាស្រ្តនេះគឺជាការពង្រីកដំបូងបង្អស់នៅក្រៅប្រទេស សម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់ហ្គាសដ៏ធំមួយរបស់សិង្ហបុរីី ហើយនឹងជួយដល់ក្រុមហ៊ុននេះ ក្នុងការពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្រៅប្រទេស។

ក្រុមហ៊ុន Union Gas និង WBID ត្រូវបានរាយការណ៍ថា កំពុងពិភាក្សាដើម្បីស្វែងរកភាពជាដៃគូយុទ្ធសាស្រ្ត ដែលមានសក្តានុពលពីមុឆ្នាំន ប៉ុន្តែត្រូវបានបញ្ឈប់វិញ ដោយសារតែជំងឺរាតត្បាតកូវីដ១៩ នៅឆ្នាំ២០២០។

យោងតាមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Union Gas នឹងកាន់កាប់ភាគហ៊ុនចំនួន៥៥ភាគរយ នៅក្នុង JVCo ហើយនឹងបញ្ជូនបុគ្គលិកមានបទពិសោធពីការិយាល័យរបស់ខ្លួននៅប្រទេសសិង្ហបុរី ដើម្បីគាំទ្រដល់បុគ្គលិកកម្ពុជាក្នុងស្រុក។

ភាគហ៊ុនចំនួន៤៥ភាគរយនៅសល់នឹងត្រូវកាន់កាប់ដោយក្រុមហ៊ុន WBID ដែលនឹងធ្វើឱ្យក្រុមហ៊ុនបណ្តាក់ទុនរួមនេះ ពង្រីកបណ្តាញអាជីវកម្មក្នុងស្រុក និងបណ្តាញតភ្ជាប់នៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន WBID គឺជាផ្នែកមួយនៃក្រុមហ៊ុន WorldBridge International Group ដែលជាក្រុមហ៊ុនធំមួយ ដែលធ្វើការយ៉ាងសកម្មក្នុងការវិនិយោគនៅក្នុងឧស្សាហកម្មជាតិនៅក្នុងប្រទេសកម្ពុជា។

យោងតាមក្រុមហ៊ុន Union Gas ក្រុមហ៊ុនបណ្តាក់ទុនរួមខាងលើ ដែលបានស្នើឡើង បង្ហាញពីឱកាសដ៏ធំមួយ…ដើម្បីចាប់ដៃគូជាមួយសហគ្រាសក្នុងស្រុកនៅកម្ពុជាជាមួយនឹងផលប័ត្រអភិវឌ្ឍន៍អចលនទ្រព្យ ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុននៅថ្ងៃទី១០ ខែមីនា បានបន្ថែមថា “ការធ្វើដូចនេះ ក្រុមហ៊ុននឹងមានឱកាសផ្តល់ជំនាញ និងបទពិសោធន៍របស់ខ្លួនក្នុងការផ្គត់ផ្គង់ និងចែកចាយហ្គាស LPG ដល់អ្នកទិញអចលនទ្រព្យដែលអភិវឌ្ឍដោយក្រុមហ៊ុន World Bridge International Group”។

ក្រុមហ៊ុនបានឱ្យដឹងថា ខ្លួនមានបំណងប្រកាន់យក “វិធីសាស្រ្តប្រុងប្រយ័ត្ន” ជាមួយនឹងការវិនិយោគដំបូងមុនពេលពង្រីកអាជីវកម្មនៅក្រៅប្រទេស ព្រោះនេះជាការវិនិយោគដំបូង និងពង្រីកទៅក្នុងទឹកដីភូមិសាស្ត្រផ្សេងគ្នា។

លោក Teo Hark Piang នាយកប្រតិបត្តិ និងប្រធានក្រុមហ៊ុន Union Gas មានប្រសាសន៍ថា “ការអភិវឌ្ឍនេះគឺជាការសំរេចគោលដៅរយៈពេលវែងរបស់ក្រុមយើងក្នុងការបណ្តាក់ទុននៅបរទេស។ យើងមានសេចក្តីសោមនស្សរីករាយ ដែលបានរកឃើញក្រុមហ៊ុនដៃគូ WBID ជំរុញការបោះជំហានដំបូងរបស់យើងក្នុងប្រទេសកំពុងរីកចម្រើនមួយននេះ”។

លោកបានថ្លែងទៀតថា “ទោះយ៉ាងណាយើងនៅតែគិតថា យើងនឹងត្រូវការពេលវេលា ដើម្បីស្វែងយល់ពីបទប្បញ្ញត្តិក្នុងស្រុក និងបរិយាកាសទីផ្សារ ដូច្នេះយើងបានខិតជិតការបណ្តាក់ទុននេះ ដោយប្រយ័ត្នប្រយែង រួមទាំងការចាប់ផ្តើមជាមួយនឹងការវិនិយោគដំបូង និងការជ្រើសរើសអាជីវកម្ម LPG ដែលជាការងារស្នូលរបស់យើង”៕

អ្នកជំនាញៈ គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបាននិងកំពុងរីកសាយភាយទៅគ្រប់ទិសទាំងអស់នៃទីក្រុងភ្នំពេញ

ដោយៈ ប៊ី

ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបាននិងកំពុងរីកសាយភាយទៅគ្រប់ទិសទាំងអស់ នៃទីក្រុងភ្នំពេញ ហើយទីផ្សារលំនៅដ្ឋានតម្លៃចន្លោះពី៣ម៉ឺន ទៅដល់១០ម៉ឺនដុល្លារ នៅតែមានកំណើន និងពេញនិយមសម្រាប់ទីផ្សារក្នុងស្រុក នៅដើមឆ្នាំ២០២១នេះ ។

លោកស្រីអាន សុធីតានាយិកាគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia បានថ្លែងប្រាប់Propertyarea.asiaកាលពីថ្មីៗនេះថា គម្រោងលំនៅដ្ឋានតម្លៃសមរម្យបាននិងកំពុងរីកសាយភាយទៅគ្រប់ទិសទាំងអស់នៃទីក្រុងភ្នំពេញ ពិសេសតំបន់ភាគខាងត្បូងទីក្រុងភ្នំពេញទទួលបានគម្រោងលំនៅដ្ឋានតម្លៃសមរម្យ។

លោកស្រីបាននិយាយថា “ទោះបីយ៉ាងក៏ដោយ វិបត្តិកូវីដ១៩ នៅបន្តប៉ះពាល់វិស័យអចលនទ្រព្យនៅកម្ពុជា និងនៅតែមិនទាន់មានភាពល្អប្រសើរ ដូចមុនសម័យកូវីដ១៩ ប៉ុន្តែដោយសារកម្លាំងទិញស្រុក បានធ្វើឱ្យទីផ្សារលំនៅដ្ឋានតម្លៃសមរម្យ មិនសូវជាទទួលរងផលប៉ះពាល់ខ្លាំងនោះទេ”។

លោកស្រីបានថ្លែងថា តម្រូវការលំនៅដ្ឋានតម្លៃចន្លោះពី៣ម៉ឺន ទៅដល់១០ម៉ឺនដុល្លារ ដែលជាតម្លៃសមរម្យមួយ សម្រាប់ប្រជាជនអាចមានលទ្ធភាពវិនិយោគ ឬទិញសម្រាប់រស់នៅ នៅតែមានកំណើន ធៀបនឹងលំនៅដ្ឋាន ដែលមានតម្លៃចាប់ពី១០ម៉ឺន ឡើងទៅ។

លោកស្រីបានរំពឹងថា ទីផ្សារអចលនទ្រព្យត្រូវការរយៈពេលពី៦ ដល់៩ខែទៀត ទើបវិស័យអាចវិលត្រឡប់ទៅរកភាពប្រសើរឡើងវិញ ព្រោះវាទាមទារឱ្យមានទំនុកចិត្តវិនិយោគឡើងវិញពីទាំងក្នុង និងក្រៅស្រុក។

អ្នកឧកញ៉ាលី ហួរបានមានប្រសាសន៍កាលពីថ្មីៗនេះថា នៅដើមឆ្នាំ២០២១គឺជាពេលវេលាដ៏ល្អសម្រាប់អ្នកវិនិយោគ និងអភិវឌ្ឍលំនៅដ្ឋានប្រភេទកម្រិតមធ្យមសម្រាប់ដាក់លក់នៅលើទីផ្សារនាចុងឆ្នាំ២០២១ខាងមុខនេះ ខណៈពេលដែលតម្រូវការទីផ្សារលំនៅដ្ឋានចាប់ផ្តើមឡើងខ្ពស់វិញ។

អ្នកឧកញ៉ាបន្តថា “ខ្ញុំគិតថា យ៉ាងយូរនៅត្រឹមចុងឆ្នាំ២០២១ ទីផ្សារលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យមនឹងកើនឡើងវិញខ្លាំង ដោយសារតែកំណើននៃចំនួនប្រជាជនកើនឡើងជាបន្តបន្ទាប់ ហើយតម្រូវការលំនៅដ្ឋានរបស់ប្រជាពលរដ្ឋក្នុងស្រុកនៅមានច្រើន ដូច្នេះទីផ្សារមួយនេះនឹងងើបឡើងជាក់ជាមិនខាន។ នេះបើតាមការមើលឃើញរបស់ខ្ញុំ”៕

ក្រុមហ៊ុនយក្សអាមេរិកលក់ភាគហ៊ុនរបស់ខ្លួនបានតម្លៃជាង៣០ពាន់លានដុល្លារទៅឱ្យក្រុមហ៊ុនរបស់ប្រទេសអៀរឡង់

ដោយៈសុខុម

សហរដ្ឋអាមេរិកៈ ក្រុមហ៊ុនលំដាប់យក្សរបស់សហរដ្ឋអាមេរិក General Electric បានប្រកាសថាក្រុមហ៊ុនលំដាប់ពិភពលោក AerCap Holdings របស់ប្រទេសអៀរឡង់ នឹងទិញយកអាជីវកម្មដាក់ជួលយន្តហោះរបស់ខ្លួនក្នុងតម្លៃព្រមព្រៀងជាង៣០ពាន់លានដុល្លារអាមេរិក។

យោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មាន CNA (China News Asia) កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះបានបញ្ជាក់ថា អាជីវកម្ម GE Capital Aviation Services ឬហៅកាត់ថា GECAS នេះគឺជាក្រុមហ៊ុនមួយ ស្ថិតក្នុងចំណោមក្រុមហ៊ុនដាក់ជួលយន្តហោះធំៗបំផុតលើពិភពលោក ហើយដាក់ជួលយន្តហោះដឹកអ្នកដំណើរយ៉ាងច្រើន ដែលផលិតដោយក្រុមហ៊ុនល្បីៗ រួមមាន ក្រុមហ៊ុន Boeing របស់សហរដ្ឋអាមេរិក និងក្រុមហ៊ុន Airbus របស់សហភាពអឺរ៉ុបជាដើម។

កិច្ចព្រមព្រៀងនេះ រួមមានការបង់ជាសាច់ប្រាក់មុនប្រហែល២៤ ពាន់លានដុល្លារ ដែលស្មើនឹងភាគហ៊ុនប្រមាណ៤៦% នៅក្នុងក្រុមហ៊ុនដែលច្របាច់បញ្ចូលគ្នានេះ ហើយ ១ពាន់លានដុល្លារទៀត នឹងបង់ឱ្យតាមក្រោយនៅពេលបិទបញ្ចប់ការទិញលក់នេះ។

លោកLarry Culp ដែលជានាយកប្រតិបត្តិក្រុមហ៊ុន General Electric បានលក់ចេញទ្រព្យសកម្មជាបន្តបន្ទាប់ ចាប់តាំងពីលោកឡើងកាន់តំណែង ក្នុងឆ្នាំ២០២១៨ មក ហើយការលក់នេះគឺជាលើកចុងក្រោយ។ ក្រុមហ៊ុន General Electric មានផែនការកាត់បន្ថយបំណុល ឱ្យបានប្រមាណ៣០ពាន់លានដុល្លារ បន្ទាប់ពីបិទបញ្ចប់ការទិញលក់នេះ ដោយប្រើប្រាស់ប្រាក់បានពីការលក់នេះ និងប្រភពប្រាក់ដែលមានស្រាប់។

តាមការរំពឹងទុកថា កិច្ចព្រមព្រៀងទិញលក់នេះ នឹងបិទបញ្ចប់នៅក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២១ ហើយក្រុមហ៊ុន ដែលត្រូវបានច្របាច់បញ្ចូលគ្នាខាងលើ នឹងមានយន្តហោះ សម្រាប់ដាក់ជួលរហូតដល់ទៅជាង២.០០០ គ្រឿង ដោយវ៉ាដាច់គូប្រជែង។

ប្រភពបានទម្លាយឱ្យដឹងថា ធនគារCitibank និងធនាគារGoldman Sachs បានផ្ដល់ប្រាក់កម្ចីចំនួន២៤ពាន់លានដុល្លារអាមេរិក ដល់ក្រុមហ៊ុន AerCap សម្រាប់ការទិញយកអាជីវកម្មដ៏ធំមួយនេះ៕

ចំណេះដឹង​ច្បាប់! វិធាន​សំខាន់​ចំនួន៣ ដែល​ត្រូវ​រៀបចំ​មុនពេល​បង្កើត​គម្រោង​វិនិយោគ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ការបង្កើត​គម្រោង​វិនិយោគ​ចាំបាច់ ត្រូវតែ​ប្រកាស​អំពី​គម្រោង​វិនិយោគ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច របស់​រដ្ឋាភិបាល​បានដឹង​ជាមុន​ផងដែរ ដើម្បី​ធ្វើការ​ពិនិត្យ និង​ផ្ទៀងផ្ទាត់ លើ​គម្រោង​វិនិយោគ​នោះ​ឲ្យ​បាន​ត្រឹមត្រូវ​ថា តើ​តំបន់​វិនិយោគ​នោះ​មានការ​អនុ​ញ្ញា​ត្តិ​ឲ្យ​វិនិយោគ ឬ​មិន​អនុ​ញ្ញា​ត្តិ​នៅលើ​ដែនដី​កាន់កាប់​របស់ខ្លួន។

ដើម្បី​អាចបង្កើត​គម្រោង​វិនិយោគ​បាន អ្នកវិនិយោគ ឬ​វិនិយោគិន​ត្រូវអនុវត្ត​វិធាន​វិធាន​ទូទៅ (ក) វិធាន​ពិសេស (ខ) និង​បែបបទ​នៃ​ការប្រកាស​សុំ និង​ការសម្រេច​ជាមុន(គ)។

ក.វិធាន​ទូទៅ

ជាទូទៅ​ដើម្បី​បង្កើត និង​ចុះបញ្ជី​វិនិយោគ ត្រូវ​អនុវត្តន៍​តាម​គោលការណ៍ អនុញ្ញាត និង​ប្រកាស​ជាមុន។ អ្នកស្នើសុំ​ត្រូវធ្វើ​ការសុំ​ចុះបញ្ជីរ នៅ​ក្រសួងពាណិជ្ជកម្ម ក្នុង​គោលបំណង​បង្កើត​ឲ្យ​មាន​នីតិបុគ្គល​ជាមុនសិន តាមច្បាប់​ស្តីពី​វិធាន​ពាណិជ្ជកម្ម និង​ចុះបញ្ជី​ពាណិជ្ជកម្ម និង​ច្បាប់​ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម។

វិនិយោគិន ត្រូវ​រងចាំ​ការចេញ​អ​ជ្ញា​ប័ណ្ណ ដើម្បី​ស្របតាម​គតិ​យិ​ត្ត​បាន​ត្រឹមត្រូវ។ វិធាន​ទូទៅ​នេះ អនុវត្ត​ចំពោះ​ការវិនិយោគ ដែល​មិនមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់។

ខ.វិធាន​ពិសេស

វិធាន​នេះ សម្រាប់​អនុញ្ញាត​ទៅលើ​គម្រោង​វិនិយោគទុន​ណា ដែលមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ដែល​អាច​ចុះបញ្ជី លើ​គម្រោង​វិនិយោគ​បាន តាមរយៈ​ច្រកចេញចូល​តែមួយ នៃ​ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា (CDC) ឬ​អនុគណៈកម្មាធិការ​រាជធានី ខេត្ត សម្រេច​ចុះបញ្ជី​លើ​គម្រោង​វិនិយោគ ដែលមាន​ទុន​ចាប់ពី២លាន​ដុល្លា​អាមេរិក​ចុះក្រោម បាន​ត្រឹមត្រូវ​តាមច្បាប់​វិនិយោគ​ឆ្នាំ១៩៩៤ ។

គ.បែបបទ​នៃ​ការប្រកាស​សុំ និង​ការសម្រេច​ជាមុន

ការដាក់​ពាក្យសុំ និង​ការបង់ថ្លៃ​ត្រូវអនុវត្ត​តាម​គំរូ ដូច​មាននៅ​ក្នុង​ឧបសម្ព័ន្ធ២ នៃ​អនុក្រឹត្យ​ស្តីពី វិសោធនកម្ម​ច្បាប់​ស្តីពី​វិនិយោគ; និង​ត្រូវ​បង់ថ្លៃ​ចុះបញ្ជី និង​សេវា​ចំនួន៧លាន​រៀល។

ត្រូវ​បញ្ជាក់​ពី​សកម្មភាព​អនុវត្ត​នន៍​គម្រោង​វិនិយោគ ដូចជា ការលើកលែង​ពន្ធលើប្រាក់ចំណេញ និង​ការស្នើសុំ​លើកទឹកចិត្ត​ផងដែរ៕

ពាណិជ្ជកម្ម​រវាង​កម្ពុ​ជា និង​ប្រទេស​ចំនួន៣នេះ បង្ហាញ​សញ្ញា​ងើបឡើង​វិញ ទោះ​ជួប​វិបត្តិ​កូ​វីដ១៩

ដោយៈ ប៊ី

ភ្នំពេញៈ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ប្រទេស​ចំនួន៣ រួមមាន សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និង​វៀតណាម សម្រេចបាន១.០១៨,៥លាន​ដុល្លារ នៅក្នុង​ពេញ​មួយខែ​មករា ឆ្នាំ២០២១ ខណៈ​ទិសដៅ​នាំចេញ​របស់​កម្ពុជា​ទាំង៣នេះ បានបង្ហាញ​សញ្ញា​វិជ្ជមាន ក្នុងការ​ដោះដូរ​ពាណិជ្ជ​កម្ម បើទោះបី​មាន​វិបត្តិ​កូ​វីដ១៩ ។

កម្ពុជា-អាមេរិក

ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា -អាមេរិក សម្រេចបាន​ទំហំ​ទឹកប្រាក់៦១៥លាន​ដុល្លារ​ក្នុង​ខែមករា ឆ្នាំ២០២១ កើនឡើង​ជិត៥% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ នេះ​បើតាម​ទិន្នន័យ​ពី​ការិយាល័យ​ជំរឿន របស់​សហរដ្ឋអាមេរិក ចេញផ្សាយ​កាលពីពេលថ្មីៗនេះ។

ការនាំ​ចេញទៅ​សហរដ្ឋអាមេរិក ខែមករា​ឆ្នាំ២០២១នេះ មាន​ទំហំ​ជា​ទឹកប្រាក់ ៥៨០.៦លាន​ដុល្លារ និង​ការនាំ​ទំនិញ​ពី​អាមេរិក មកកាន់​កម្ពុជា​វិញ​មាន​ទំហំ​ប្រមាណ៣៣.៩លាន​ដុល្លារ។

កំណើន​នៃ​ការដោះដូរ​ពាណិជ្ជ​កម្មនេះ ត្រូវបាន​គេ​មើលឃើញថា ជា​ឱកាស​ស​ម្រា ប់​ជំរុញ​កំណើន​វិនិយោគ មកកាន់​កម្ពុជា​ឲ្យ​កាន់តែច្រើន ដើម្បី​ផលិត​នាំ​ចេញទៅ​សហរដ្ឋអាមេរិក។

កម្ពុជា-កូរ៉េខាងត្បូង

ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា -កូរ៉េខាងត្បូង ចាប់ផ្តើម​បង្ហាញ​សញ្ញា​វិជ្ជមាន និង​មាន​កំណើន​នៅ​ដល​ដើមឆ្នាំ​នេះ បន្ទាប់ពី​ប្រទេស​ទាំងពីរ​បានបញ្ចប់ ការចរចា​ពាណិជ្ជកម្ម​សេរី​កាលពីថ្មីៗនេះ ខណៈ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ សម្រេចបាន​ប្រមាណ៨៤.៥លាន​ដុល្លារ ក្នុង​ខែមករា ឆ្នាំនេះ។

យោងតាម​របាយការណ៍ ពី​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ (KITA) បាន​បង្ហាញថា កម្ពុជា​បាន​នាំចេញ​ផលិតផល​ទៅកាន់​កូរ៉េខាងត្បូង មាន​ទំហំ​ទឹកប្រាក់៣២,៣លាន​ដុល្លារ ក្នុង​ខែមករា​កើនឡើង២ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

ទន្ទឹមនឹង​នេះដែរ កម្ពុជា​បាន​នាំចូល​ផលិតផល ពី​ប្រទេស​កូរ៉េខាងត្បូង​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ៥២,២លាន​ដុល្លារ កើនឡើង១២.៥ ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

កម្ពុជា-វៀតណាម

ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា-វៀតណាម សម្រេចបាន​ទំហំ​ទឹកប្រាក់ ៣១៩លាន​ដុល្លារ​ក្នុង​ខែមករា ឆ្នាំ២០២១ ។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួងពាណិជ្ជកម្ម​ចេញផ្សាយ​កាលពីថ្មីៗនេះ។

កម្ពុជា​បាន​នាំចេញ​ទៅកាន់​ប្រទេស​វៀតណាម មាន​ទំហំ​ទឹកប្រាក់ ៤៨លាន​ដុល្លារ​នៅ​ខែ​ដំបូង ឆ្នាំ២០២១នេះ ហើយ​កម្ពុជា​បាន​នាំចូល​ទំនិញ​ពី​វៀតណាម មាន​ទំហំ​ទឹកប្រាក់ ២៧១លាន​ដុល្លារ។

តាម​របាយការណ៍​បានឱ្យដឹង​ទៀតថា ផលិតផលសំខាន់ៗដែល​វៀតណាម​នាំចូល​កម្ពុជា មានដូចជា ដែក និង​ដែកថែប ប្រេងសាំង ផលិតផល​វាយ​ន​ភណ្ឌ និង​សម្លៀកបំពាក់ និង​ផលិតផល​កសិកម្ម​ជាច្រើន​ទៀត ដូចជា​ត្រី​សាច់ និង​បន្លែ​ផ្លែឈើ ព្រម​ជាមួយនឹង​សម្ភារៈប្រើប្រាស់ផ្សេងៗជាច្រើន​ទៀត៕