អគ្គនាយកដ្ឋានពន្ធដារប្រកាសដាក់ដំណើរការការបង់ពន្ធអចលនទ្រព្យតាមកម្មវិធីក្នុងទូរស័ព្ទដៃ

ដោយៈ ប៊ី

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានដាក់ឱ្យដំណើរការការបង់ពន្ធអចលនទ្រព្យ តាមទូរស័ព្ទដៃ ក្នុងកម្មវិធី «GDT Taxpayer App» ខណៈការដាក់ដំណើរការនេះនឹងបង្កលក្ខណៈងាយស្រួល ដល់ម្ចាស់អចលនទ្រព្យ ជាអ្នកជាប់ពន្ធ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។

បើតាមអគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា កម្មវិធីនេះនឹងបង្កលក្ខណៈងាយស្រួល ដល់ម្ចាស់អចលនទ្រព្យ ជាអ្នកជាប់ពន្ធក្នុងការ៖

* ពិនិត្យមើលព័ត៌មាន ស្តីពីអចលនទ្រព្យដែលបានចុះបញ្ជី និងបានធ្វើបច្ចុប្បន្នភាពរួចរាល់ នៅក្នុងប្រព័ន្ធគ្រប់គ្រង ទិន្នន័យអចលនទ្រព្យរបស់អគ្គនាយកដ្ឋានពន្ធដារ។

* បង់ពន្ធលើអចលនទ្រព្យប្រចាំឆ្នាំរបស់ខ្លួន ដោយមិនចាំបាច់បំពេញព័ត៌មាន ក្នុងទម្រង់លិខិតប្រកាសពន្ធ។

* ចំណេញពេលវេលា ដោយមិនចាំបាច់អញ្ជើញទៅបង់ប្រាក់ពន្ធ នៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬសាខាធនាគារពាណិជ្ជ ជាដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ។

* មិនចាំបាច់ទៅកាន់សាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យនោះស្ថិតនៅ ដើម្បីធ្វើការផ្ទៀងផ្ទាត់បង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធ។

* ទទួលបាននូវសេចក្តីជូនដំណឹងផ្សេងៗដូចជា៖ កាលបរិច្ឆេទនៃការប្រកាសបង់ពន្ធ កាលបរិច្ឆេទនៃការផុតកំណត់ការបង់ប្រាក់ពន្ធ ការប្រកាសបង់ប្រាក់ពន្ធខ្លះ ក្នុងការិយបរិច្ឆេទជាប់ពន្ធណាមួយ និងសេចក្តីជូនដំណឹងផ្សេងៗទៀត ពាក់ព័ន្ធនឹងប្រភេទពន្ធនេះ៕

មេដឹកនាំ​កម្ពុជា វៀតណាម ឡាវ​កំពុង​ជំរុញ​ការតភ្ជាប់​ផ្លូវ​ល្បឿន​លឿន និង​ផ្លូវរថភ្លើង​ត​ភ្ជាប់​រវាង​ប្រទេស​បី

ដោយៈ​ប៊ី

ភ្នំពេញៈ មេដឹកនាំ​កម្ពុជា ឡាវ និង​វៀតណាម (CLV) បាន​ឯកភាព​ព​ន្លឿ​ន​ការអនុវត្ត​ផែនកា រ​ការតភ្ជាប់​សេដ្ឋកិច្ច CLV ដល់​ឆ្នាំ២០៣០ ដោយ​ផ្តោតលើ​កិច្ចសហប្រតិបត្តិការ​ក្នុង​គៀងគរ​ធាន​ធន​ពី​ដៃគូរ​អភិវឌ្ឍន៍ ដើម្បី​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ហាណូយ-វៀងចន្ទន៍ ផ្លូវ​រថភ្លើង​រៀង​ចន្ទន៍-វង្ស​អាន និង​ផ្លូវ​រថភ្លើង​ភ្នំពេញ-ហូជីមិញ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។

ការឯកភាព​នេះ​រវាង​ប្រទេស​ទាង​បី ត្រូវបាន​ឡើង​ក្នុង​សប្តាហ៍​នេះ ក្នុង​ពិភាក្សា​តាម​ប្រព័ន្ធ​វីដេអូ​អំពី កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងបី ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី ត្រីភាគី និង​ពហុភាគី រវាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា លោក​ថង​លូន ស៊ី​សុ​លី​ត នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ និង​លោក​ង្វៀន សួន​ហ្វ៊ុ​ក​នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម។

នៅក្នុង​វិស័យ​ការតភ្ជាប់ នាយករដ្ឋមន្ត្រី​ទាំងបី បាន​ឯកភាព​ពិចារណា​អំពី​ការ​ដំណើរ​ឡើងវិញ នូវ​ការហោះហើរ​អន្តរជាតិ​រវាង​កម្ពុជា ឡាវ និង​វៀតណាម ដើម្បី​ជំរុញ​ពាណិជ្ជកម្ម និង​ការវិនិយោគ ក៏ដូចជា​ការផ្លាស់ប្តូរ​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងបី។

ថ្នាក់ដឹកនាំ​ទាំងបី បាន​ឯកភាព​ពង្រឹង​បន្ថែម កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នយោបាយ សន្តិសុខ ការពារជាតិ ការគ្រប់គ្រង​ព្រំដែន ពាណិជ្ជកម្ម និង​ការវិនិយោគ ការតភ្ជាប់ ថាមពល និង​អប់រំ។

នាយករដ្ឋមន្ត្រី​ទាំងបី ក៏បាន​ភាព​បន្ត​រក្សា និង​អនុវត្តន៍​យ៉ាង​មាន​ប្រសិទ្ធភាព​នូវ​យន្តការ នៃ​កិច្ចសហប្រតិបត្តិការ​ដែល​មាន ជំរុញ​កិច្ចសហប្រតិបត្តិការ រវាង​បណ្តា​ខេត្ត​ជាប់​ព្រំដែន អនុវត្តន៍​ឱ្យមាន​ប្រសិទ្ធិភាព នូវ​រាល់​កិច្ចព្រមព្រៀង​ស្តីពី​ការគ្រប់គ្រង​ព្រំដែន សហការ​បន្ថែម​ក្នុងការ​ការពារ​សន្តិសុខ តាម​បណ្តោយ​ព្រំដែន​រួម សម្របសម្រួល​សកម្មភាព​ពាណិជ្ជកម្ម និង​ការវិនិយោគ ព្រមទាំង​ការឆ្លងកាត់​របស់​ប្រជាជន និង​ទំនិញ​នៅតាម​បណ្តា​ប៉ុ​សិ៍ត​ត្រួតពិនិត្យ​ព្រំដែន៕

មហា​យក្ស​ចិន និង​អាស៊ាន រួមគ្នា​រៀបចំ​ខួប ៣០ឆ្នាំ ដើម្បី​រឹតបន្តឹង​ជា​ដៃគូ​សន្ទនាឱ្យ​កាន់តែ​ស៊ីជម្រៅ

ដោយៈ​សុខុម

ប៉េកាំង:ក្រសួងការបរទេស​ចិន​បាន​និយាយថា ប្រទេស​ចិន និង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) បាន​ព្រមព្រៀង​រៀបចំ​ព្រឹត្តិការណ៍​រួមគ្នា ដើម្បី​ប្រារព្ធ​ខួប ៣០ឆ្នាំ នៃ​ការបង្កើត​ទំនាក់​ទំនងជា​ដៃគូ​សន្ទនា។ នេះ​បើ​យោងតាម​សារព័ត៌មាន Ecns.cn ចុះផ្សាយ​កាលពី​ថ្ងៃទី១១ មីនា។

ព្រឹត្តិការណ៍​នេះ នឹង​គ្រប់​ដណ្ដប់​លើ​ប្រធានបទសំខាន់ៗ រួមមាន កិច្ចសហប្រតិបត្តិការ​ផ្នែក​នយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និង​កិច្ចសហប្រតិបត្តិការផ្សេងៗទៀត។

ក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃ​ពុធ ទី១០ មីនា លោក ចាវ លី​ជៀន (Zhao Lijian) អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​គូសបញ្ជាក់ថា “ថ្នាក់ដឹកនាំ​នៃ​ភាគី​ទាំង២ នឹង​បញ្ជូន​សារ​អបអរសាទរ​ឱ្យ​គ្នា​ទៅវិញទៅមក។ កិច្ចប្រជុំ​រំឭក​ខួប​មួយ នឹងត្រូវ​ធ្វើឡើង​រួមជាមួយ​ពិធី​ទទួល​ស្វាគមន៍ សិក្ខាសាលា ការតាំងពិព័រណ៍​ដែល​បង្ហាញ ពី​លទ្ធផល​នៃ​ទំនាក់​ទំនងជា​ដៃគូ​សន្ទនា និង​វេទិកា​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម។ លើសពីនេះ​ទៀត​ភាគី​ទាំង២  នឹងធ្វើ​ការបង្ហាញ​ស៊ុម​រូបថត​អនុស្សាវរីយ៍ និង​ស្រោមសំបុត្រ​អនុស្សាវរីយ៍ រៀបចំ​ការប្រកួត​ផលិត​វីដេអូ​ខ្លី និង​រៀប​ចំការ​បោះតង់​យុវជន​ផងដែរ” ។

អ្នកនាំពាក្យ​ដដែល​បានលើកឡើង​បន្ថែមទៀតថា ប្រទេស​ចិន ទន្ទឹងរង់ចាំ​សហការ​ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន ដើម្បី​ធានារៀបចំ​ព្រឹត្តិការណ៍​ទាំងនេះ ដោយ​ជោគជ័យ ក្នុង​បំណង​ពង្រឹង​ទំនាក់ទំនង​ឱ្យ​កាន់តែ​ស្អិតរ​មួ​ត។

លោក​ចាវ លី​ជៀន គូសបញ្ជាក់ថា “ឈរលើ​ចំណុច​ចាប់ផ្ដើម​ថ្មី ជា​ប្រវត្តិសាស្ត្រ ប្រទេស​ចិន ត្រៀមខ្លួន​រួចជាស្រេច ក្នុងការ​ធ្វើការ​ជាមួយ​អាស៊ាន ដើម្បី​អបអរសាទរ​ខួប ៣០ឆ្នាំ នៃ​ទំនាក់​ទំនងជា​ដៃគូ​សន្ទនា ជាមួយនឹង​គោលបំណង​បង្កើន ការជឿទុកចិត្ត​គ្នា​ទៅវិញទៅមក” ។ លោក​បន្តថា “យើង​នឹង​រឹតបន្តឹង​កិច្ចសហប្រតិបត្តិការ​ជាក់ស្ដែង ក្នុង​វិស័យ​សុខាភិបាល​សាធារណៈ សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គម វប្បធម៌ និង​វិស័យ​សន្តិសុខ ជំរុញ​ការ​ងើបឡើង​នៃ​សេដ្ឋកិច្ច ក្រោយ​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ និង​ការអភិវឌ្ឍ​យូរអង្វែង” ។

លោក​បាន​បន្តថា ប្រទេស​ចិន នឹងធ្វើ​ការ​ជាមួយ​អាស៊ាន ដើម្បី​ចាប់យក​ឱកាស​ដៃគូ​សហការ​ជា​យុទ្ធសាស្ត្រ ឱ្យ​ឈានដល់​កម្រិត​កាន់តែ​ខ្ពស់ និង​ដើម្បី​កសាង​សហគមន៍​មួយ ដែលមាន​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ ជាមួយ​អនាគត​រួម​តែមួយ ធ្វើយ៉ាងណា​ឱ្យ​បណ្តា​ប្រទេស និង​ប្រជាជន​ក្នុង​តំបន់ ទទួលបាន​អត្ថប្រយោជន៍​កាន់តែ​ល្អប្រសើរ៕

លោក​ហុង សុ​ហួរ បង្ហើប​ប្រាប់​ពី​របៀប​វិនិយោគ​ដើម្បី​ថ្ងៃ​អនាគត

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ នៅក្នុង​ការប្រកប​អាជីវកម្ម ការធ្វើ​ជំនួញ ឬ​ការវិនិយោគ​នៅក្នុង​វិស័យ​ណាមួយ ត្រូវបានធ្វើ​ក្នុង​គោលបំណង​តែមួយគត់ គឺ​ទទួលបាន​ភាពជោគជ័យ និង​មាន​កំណើន​ទ្រព្យ​ប្រកបដោយ​ស្ថិរភាព។

លោក​បណ្ឌិត​ហុង សុ​ហួរ អគ្គនាយក​ផ្សា​រមូល​ប​ត្រ​កម្ពុជា ដែលមាន​ជំនាញ​ផ្នែក​វិនិយោគ និង​បណ្តាក់ទុន​ក្នុង​ផ្សារភាគហ៊ុន បាន​មានប្រសាសន៍​នៅក្នុង​អង្គសិក្ខាសាលា​កាលពីពេល​កន្លងទៅថ្មីៗនេះ​ថា ការវិនិយោគ​ត្រូវបាន​ធ្វើឡើង​ច្រើន​រូបភាព ដែល​រាប់​ចាប់តាំងពី​ការបណ្តាក់ទុន ធ្វើ​អាជីវកម្ម​ខ្នាតតូច រហូតដល់​ការបង្កើត​មុខ​ជំនួញ ក្នុង​ទ្រង់ទ្រាយ​ធំ ឬ​ការបណ្តាក់ទុន​ទិញ​ភាគហ៊ុន​ក្នុង​ផ្សា​រមូល​ប​ត្រ។

លោក​លើកឡើងថា “មិន​ថា​ចំពោះ​ការបណ្តាក់ទុន​វិនិយោគ នៅក្នុង​វិស័យ​ណាមួយ ក្នុង​ទ្រង់ទ្រាយ​ណាមួយ​នោះទេ អ្វីដែល​សំខាន់​គឺអាច​ទទួលបាន​ផលចំណេញ ហើយ​ចំណេញ​បាន​ច្រើន និង​មាន​កំណើន​ទ្រព្យ​ប្រកបដោយ​ស្ថិរភាព​ទៅ​ថ្ងៃ​អនាគត” ។

លោក​បណ្ឌិត​ហុង សុ​ហូរ បាន​បញ្ជាក់ថា ការវិនិយោគ​ដើម្បី​ថ្ងៃ​អនាគត មាន​ភាព​រីកចម្រើន ដំបូង​ឡើយ​ត្រូវ​ផ្តើមចេញពី​ចំណុច​ទាំង៣ ជាគោលការណ៍​សំខាន់ ដែល​ត្រូវតែមាន​ការយកចិត្តទុកដាក់ រួមមាន ទី១ ព្យាយាម​រក​ឱកាស​វិនិយោគ ទី២ រក​អ្នក​ដែលមាន​គំនិត​អាជីវកម្ម​ល្អ និង​ច្បាស់លាស់​ដើម្បី​ចូលរួម​ជា​ដៃគូ និង​ទី៣ មិនត្រូវ​វិនិយោគ​រហូត​អស់ពី​ខ្លួន ដែល​មនុស្ស​ភាគច្រើន​និយាយ​វិនិយោគ​ដល់​ថ្នាក់​ចងក​នោះទេ។

លោក​បាន​ពន្យល់ថា ថ្វី​ត្បិត​ការវិនិយោគ ត្រូវបាន​គេ​ធ្វើឡើង​ច្រើ​រូបភាព ច្រើន​ទម្រង់ ប៉ុន្តែ​អ្វីដែល​លោក​ណែនាំ​នោះ គឺ​ការវិនិយោគ​ជា​ក្រុម ឬ​វិនិយោគ​ដោយ​ការទិញ​ភាគហ៊ុន។ លោក​បន្តថា ក្រោយពី​មាន​ធនធាន​គ្រប់គ្រាន់ អ្នក​មិនចាំបាច់​ត្រូវតែ​បង្កើតឡើង​ដោយ​ខ្លួនឯង​ទាំងស្រុង​នោះទេ ប៉ុន្តែ​អ្នក​គួរ​សម្លឹងមើល​ក្រុមហ៊ុន​ណា ឬ​អាជីវ​កម្មណា​ដែល​ដំណើរ​ការល្អ ដែល​ត្រូវបាន​បង្កើតឡើង ដោយ​អ្នក​មានគំនិត​អាជីវកម្ម​ពិតប្រាកដ ដែលមាន​ចក្ខុវិស័យ​ច្បាស់លាស់ មាន​ផលិតផល​ស្រាប់ មាន​សេវាកម្ម​ស្រាប់ ហើយ​ទាំង​ផលិតផល និង​សេវាកម្ម​ទាំងនោះ នឹង​នៅតែ​បន្ត​មាន​តម្រូវការ​រហូតដល់​ដ​ល់​ថ្ងៃ​អនាគត។

លោក​បន្តថា ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ អ្នក​ក៏​មិនត្រូវ​ព្យាយាម​ចំណាយ​ទុន​លើសពី​អ្វីដែល​ខ្លួន​មាន​ឬ​ខ្ចីបុល​ធនាគារ ដើម្បី​បានជា​ទុន​សម្រាប់​វិនិយោគ​នោះទេ ជៀសវាង​ជួយ​ហានិភ័យ ដោយ​ប្រការ​ណាមួយ​ដែល​មិនអាច​ស្មាន​បាន។

លោក​ហុង សុ​ហួរ​បាន​បន្តថា “ចូរ​ចាំ​ថា គ្រប់ការ​វិនិយោគ​ទាំងអស់ មិនមែន​សុទ្ធតែ​ទទួលបាន​ផលចំណេញ និង​ភាពជោគជ័យ​ទាំងអស់​គ្រប់ពេល​នោះទេ វា​ក៏​អាច​ជួប​ភាពបរាជ័យ ដែល​បណ្តាលមកពី​ផែនការអាជីវកម្ម ឬ​កត្តា​រួមផ្សំ​ពី​សង្គម​ផងដែរ” ៕

តើ​កម្ពុ​ជាមាន​ឧទ្យាន​ជាតិ​ចំនួន​ប៉ុន្មាន នៅ​ខេត្ត​ណាខ្លះ និង​មាន​សក្តានុពល​ដូចម្តេច

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ប្រទេស​កម្ពុជា ត្រូវបាន​ចាត់ទុកថា​ជា​ព្រះរាជាណាចក្រ​នៃ​វប្ប​ធ៌​ម និង​ធនធានធម្មជាតិ ដោយ​ប្រទេស​នេះ​មាន​ឧទ្យាន​ជាតិ​ជាច្រើន ដែលមាន​រ៉ា​យ​ប៉ាយ​នៅ តាម​បណ្តា​ខេត្ត​ជាច្រើន​ទាំង​ភាគ​ខាងជើង ភាគ​ខាងលិច និង​ភាគ​ខាងកើត​ឆៀង​ខាងជើង​ប្រទេស។

បច្ចុប្បន្ន​កម្ពុ​ជាមាន​ឧទ្យាន​ជាតិសំខាន់ៗចំនួន១៤ ដែល​ត្រូវបាន​ប្រើប្រាស់​សម្រាប់​រក្សា​គំរប​ព្រៃឈើ​ផង ទាញយក​សក្តានុពល​ពី​វិស័យ​ទេសចរណ៍​ផង ទាញយក​ផលប្រយោជន៍​សេដ្ឋកិច្ច​បៃតង​ផង និង​រក្សា​អាកាសធាតុ​ឲ្យ​មាន​ភាព​អំណោយផល​ផងដែរ។

ឧទ្យានសំខាន់ៗទាំង១២នោះ​រួមមាន៖

១. ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត-កុស​មៈ (គីរីរម្យ) មាន​ទីតាំង ភូមិសាស្ត្រ​ក្នុង​ខេត្ត៣គឺ៖ខេត្តកំពង់ស្ពឺ កំពត និង​ខេត្ត​ព្រះសីហនុ មាន​ផ្ទៃក្រលា៣៥.២៣២ហិកតា បង្កើតឡើង​ដោយ​ព្រះរាជក្រឹត្យ​លេខ១៧១ អនក្រ.កប​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០១០ ។

២. ឧទ្យាន​ជាតិ​ព្រះមុនីវង្ស (បូកគោ) មាន​ទីតាំង​ភូមិសាស្ត្រ ក្នុង​ខេត្តកំពត និង​ខេត្ត​ព្រះសីហនុ។ មាន​ផ្ទៃក្រលា១៥៤.៤៥៨ហិកតា បង្កើតឡើង​ដោយ​ព្រះរាជក្រឹត្យ​លេខ១៧១អនក្រ. បក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០១០ ។

៣. ឧទ្យាន​ជាតិ​កែប មាន​ទីតាំង​ភូមិសាស្ត្រ​ក្នុង​ខេត្ត​កែប មាន​ផ្ទៃក្រលា១.១៥២ហិកតា​បង្កើតឡើង​ដោយ​ព្រះរាជក្រឹត្យ​លេខ១៣៨អនក្រ. បក ថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០០៣ ។

៤. ឧទ្យាន​ជាតិ​ព្រះសីហនុ (រាម) មាន​ទីតាំងនៅ​ក្នុងភូមិ​សាស្ត្រ ខេត្ត​ព្រះសីហនុ។ មាន​ផ្ទៃក្រលា១៥.០០០ហិកតា បង្កើតឡើង​ដោយ​ព្រះរាជក្រឹត្យ​លេខខ​ស/រកត/០៧ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ១៩៩៣ ។

៥. ឧទ្យាន​ជាតិ​បុ​ទុម​សាគរ មាន​ទីតាំង​ភូមិសាស្ត្រ​ក្នុង​ខេត្តកោះកុង។មាន​ផ្ទៃក្រលា១៧១.២៥០ហិកតា បង្កើតឡើង​ដោយ​ព្រះរាជក្រឹត្យ​លេខ នស/ រកត/ ០៧ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣ ។

៦. ឧទ្យាន​ជាតិ​ព្រះ​ជយ​វរ្ម័ន- នរោត្តម (ភ្នំ​គូលែន) មាន​ទីតាំង​ភូមិសាស្ត្រ​ក្នុង​ខេត្ត​សៀ​រាប។មាន​ផ្ទៃក្រលា៣៧.៥០០ហិកតា បង្កើតឡើង​ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រតក/០៧ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣ ។

៧. ឧទ្យាន​ជាតិ​វិ​រៈ​ជ័យ មាន​ទីតាំង​ភូមិសាស្ត្រ​ខេត្ត​រតនគីរី និង​ស្ទឹងត្រែង។ មាន​ផ្ទៃក្រលា៣៣២.៥០០ហិកតា បង្កើតឡើង​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស/រតក/០៧ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣ ។

៨. ឧ​ទ្យា​ម​ជាតិ​វើ​ន​សៃ- សៀម​ប៉ាង មាន​ទីតាំង​ភូមិ​សា​ស្ត​ខេត្តស្ទឹងត្រែង និង​រតនៈគីរី ។ មាន​ផ្ទៃក្រលា៥៧.៤៦៥ហិកតា បង្កើតឡើង​ដោយ​អនុក្រឹត្យ​លេខ ៧៧អនក្រ.បក ថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០១៦ ។

៩. ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្ដាល មាន​ទីតាំង​ភូមិសាស្ត្រ​ខេត្តកោះកុង ពោធិ៍សាត់ និង​កំពង់ស្ពឺ។មាន​ផ្ទៃក្រលា៤០១.៣១៣ហិកតា បង្កើតឡើង​ដោយ​អនុក្រឹត្យ​លេខ៨១ អនក្រ. បក​ថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០១៦ ។

១០. ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង មាន​ទីតាំង​ភូមិសាស្ត្រ​ខេត្តកោះកុង ពោធិសាត់ កំពង់ស្ពឺ និង​ព្រះសីហនុ មាន​ផ្ទៃក្រលា៤១០.៣៩២ហិកតា បង្កើតឡើង​ដោយ​អនុក្រឹត្យ​លេខ ៨៩ អនក្រ.បក ថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០១៦ ។

១១. ឧទ្យាន​ជាតិ​អូយ៉ាដាវ មាន​ទីតាំង​ភូមិសាស្ត្រ​ក្នុង​ខេត្ត​រតនគីរី ។ មាន​ផ្ទៃក្រលា ១០១.៣៤៨ហិកតា បង្កើតឡើង​ដោយ​អនុក្រឹត្យ​លេខ៨២ អនក្រ.បក ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ ។

១២.ឧទ្យាន​ជាតិ​កោះរុង មាន​ទីតាំង​ភូមិសាស្ត្រ​ក្នុង​ខេត្ត​ព្រះសីហនុ។ ឧទ្យាន​នេះ​មាន​ផ្ទៃក្រលា២.៦៥៥, ៣៥ហិកតា និង​បង្កើតឡើង​ដោយ​អនុក្រឹត្យ​លេខ១៨៨ អនក្រ.បក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១៦ ៕

អភិបាល​ខេត្តកំពត៖ ទីក្រុង​កំពត​នឹងមាន​អាគារខ្ពស់ៗច្រើន​នាពេលខាងមុខ

ដោយៈ​ស៊ីវ ម៉េង

ភ្នំពេញៈ អភិបាលខេត្ត​កំពត​លោក ជាវ តា​យ បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ទីក្រុង​កំពត​នឹងមាន​វត្តមាន អាគារខ្ពស់ៗច្រើន​នាពេល​ខាងមុខនេះ ខណៈ​គំរោង​វិនិយោគ​តូចធំ​ក្នុង​ខេត្ត មិនបាន​ផ្អាក​សកម្មភាព​ដោយសារ​ជំងឺ​កូ​វីដ​នោះទេ។

លោក​បា​ម​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ដើម​សប្តាហ៍​នេះ​ថា ក្រៅពី​វត្តមាន​អាគារ​ពាណិជ្ជកម្ម​ភ្លោះ​កប់​ពពក កំពស់ ៤៥ជាន់​នៅ​កណ្តាល​ក្រុង​កំពត ខេត្ត​នេះ​មាន​គម្រោង​អាគារ​ខ្ពស់​កំពស់ ១៨ជាន់ និង​ជាង ២០ជាន់​ជាច្រើន​គំរោង​ទៀត ដែល​គំរោង​ទាំងនោះ​បានអនុម័ត​រួចហើយ។

លោក​បន្តថា “គំរោង​អាគារខ្ពស់ៗជាច្រើន​កំពុង​សាងសង់ ហើយ​ចំនួន​អាគារ​ខ្ពស់​សរុប​មាន​ប៉ុន្មាន​លោក​បាន​អះអាងថា របាយការណ៍​ស្ថិតក្នុង​ដៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្ត” ។ លោក​បន្តថា “ទោះជា​បណ្តា​ខេត្ត​ដទៃ​មាន​ជំងឺ​កូ​វីដ​ក្តី ប៉ុន្តែ​ខេត្តកំពត​មិនមាន​នៅឡើយ​ទេ” ។

ទាក់ទង​នឹង​ការហូរចូល​របស់​អ្នកវិនិយោគ​ជាតិ អន្តរជាតិ​កាន់តែច្រើន លោក​ជាវ តា​យ​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ខេត្ត​នៅតែ​បន្ត​ទាក់ទាញ​គំរោង​វិនិយោគ​តូច ធំ ដែល​បាន​ចូលមក​វិនិយោគ​កាន់តែច្រើន ហើយ​គំរោង​វិនិយោគ​តូច ធំ ដែលមាន​នាពេល​កន្លងមក​មិនបាន​ផ្អាក​សកម្មភាព​នោះទេ។

ជាមួយគ្នានេះ លោក​ច្រឹ​ក សុខ​នី​ម​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជា​បាន​ថ្លែងថា ខេត្តកំពត​មាន​សក្តានុពល​ច្រើន​លើ​ការវិនិយោគ ដោយសារ​ខេត្ត​នេះ មាន​លក្ខ​ខ័​ណ្ឌ​ភូមិសាស្ត្រ កៀក​នឹង​រាជធានី​ភ្នំពេញ បើ​ធៀប​នឹង​បណ្តា​ខេត្ត​មាន​សក្តានុពល​សេដ្ឋកិច្ច​ដទៃទៀត។លោក​បន្តថា ធនធានធម្មជាតិ​រប​ស់​ខេត្តកំពត ពិសេស​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ និង​កែច្នៃ​បាន​កើនឡើង​កាន់តែច្រើន ដែល​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ពិសេស​អ្នកវិនិយោគ​រមណីយដ្ឋាន​លំហែរ​កាយ​បាន​កើនឡើង​ខ្ពស់ ដោយសារ​លំហូរ​ទេសច​រណ៍ និង​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ៕

រដ្ឋាភិបាល​អនុម័ត​ច្បាប់​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ និង​ជំងឺឆ្លង​កាច​សាហាវ​ជាបន្ទាន់

ដោយៈ​សហសេវិក

ភ្នំពេញៈ រដ្ឋាភិបាល​បានអនុម័ត​ឲ្យ​ប្រើប្រាស់​ជាបន្ទាន់​នូវ​ច្បាប់​ស្តីពី វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​ជាបន្ទាន់ ដើម្បី​ឆ្លើយតប​នឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ១៩ ។

ច្បាប់​ថ្មី​នេះ ត្រូវបាន​ប្រមុខរដ្ឋស្តីទី សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រកាស​ឱ្យប្រើ​ប្រាស់​ហើយ នៅ​ល្ងាច​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ បន្ទាប់ពី​ព្រឹទ្ធសភា​ឱ្យយោបល់​គាំទ្រ​ប៉ុន្មាន​ម៉ោង។ នេះ​បើតាម លោក ម៉ម សារិន នាយក​ខុទ្ទកាល័យ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ។

សេចក្តីព្រាងច្បាប់​ស្តីពី វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ត្រូវបាន​ព្រឹទ្ធសភា ឱ្យ​អនុម័ត​គាំទ្រ​ទាំងស្រុង ដោយ​ឥត​កែប្រែ ក្នុងសម័យ​ប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា នីតិកាល​ទី៤ នា​ព្រឹក​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ។

ច្បាប់​នេះ​ត្រូវបាន​រៀបចំឡើង ដើម្បី​កំណត់​អំពី​គោលបំណង វិសាលភាព វិធានការ ទោស​ប្បញ្ញត្តិ និង​សមត្ថកិច្ច ដែល​ត្រូវអនុវត្ត​សំដៅ ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ សុខភាព​សាធារណៈ និង​សណ្តាប់ធ្នាប់​សាធារណៈ ព្រមទាំង​ការកាត់បន្ថយ​ឱ្យ​បានជា​អតិបរមា​នូវ​ផលប៉ះពាល់​នៃ​ជំងឺឆ្លង​នេះ ចំពោះ​វិស័យ​សង្គម-សេដ្ឋកិច្ច​នៅ​កម្ពុជា។

ច្បាប់​នេះ​បង្ហាញ​ពី​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល ក្នុងការ​លើកកម្ពស់​កា​រ​ទទួលខុសត្រូវ​ចំពោះ​ភាព​រស់រានមានជីវិត​របស់​ប្រជាពលរដ្ឋ និង​ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ក្នុង​កាលៈទេសៈ​ដែល​ប្រទេសជាតិ កំពុង​ប្រឈម​នឹង​ការគំរាមកំហែង ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត។

ច្បាប់​ស្តីពី វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ដែល​រៀបចំឡើង​ដោយ រាជរដ្ឋាភិបាល មាន ០៦ជំពូក និង១៨មាត្រា ត្រូវបាន​រដ្ឋសភា​កម្ពុ​ជា​អនុម័ត​យល់ព្រម ជា​លើកដំបូង​ចំនួន ៨៣សំឡេង នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល កាលពី​ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នា​សម័យប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ នីតិកាល​ទី៦ ។

សូម​អាន ច្បាប់​ស្តីពី វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​ខាងក្រោម​នេះ៕

រដ្ឋាភិបាលកាត់ដីជិត៦០០ហិកតាជូនពលរដ្ឋនៅខេត្តកោះកុងដែលរងផលប៉ះពាល់ពីការវិនិយោគក្នុងវិស័យឯកជន

ដោយៈ រ៉ាណេត

កោះកុងៈ ក្រោយបញ្ចប់ការសិក្សាលម្អិត ទៅលើវិសាលភាពនៃគម្រោងវិនិយោគ និងអភិវឌ្ឍន៍របស់ក្រុមហ៊ុនឯកជនដ៏ធំ នៅក្នុងដែនឧទ្យានជាតិបុទុមសាគរ ខេត្តកោះកុង រដ្ឋាភិបាល បានសម្រេចកាត់ឆ្វៀលដីទំហំជិត៦០០ហិកតា ជូនប្រជាពលរដ្ឋដែលរងនូវផលប៉ះពាល់ពីគម្រោង។

អភិបាលរងខេត្តកោះកុង លោកសុខ សុទ្ធីបានមានប្រសាសន៍ប្រាប់ឱ្យដឹងនៅក្នុងសប្ដាហ៍នេះថា ក្រុមហ៊ុនដែលទទួលបានសិទ្ធិ និងអនុញ្ញាតពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាស្ថិតនៅតំបន់ឧទ្យានជាតិបុទុមសាគរ មានឈ្មោះស៊ីណូម៉ិចសិន ក្នុងការអភិវឌ្ឍនៅនឹងកន្លែង ដោយក្នុងនោះរួមមាន ការបង្កើតជាតំបន់កម្សាន្ត និងលំហែរកាយតំបន់សេដ្ឋកិច្ច។

លោកបានបន្តថា “ប្រជាពលរដ្ឋដែលទទួលរងនូវផលប៉ះពាល់ ពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនខាងលើនេះ រដ្ឋបាលខេត្តបានស្រងឈ្មោះរួចរាល់ហើយ ដោយមានចំនួនសរុបចំនួន១៣១គ្រួសារ ដែលត្រូវកាត់ឆ្វៀលដីចេញពីឧទ្យានជាតិបុទុមសាគរ ដើម្បីធ្វើប្រទានកម្មសិទ្ធិប្រជាពលរដ្ឋ មានទំហំប្រមាណ៥៩៨ហិកតា ដោយក្នុងនោះត្រូវបានរៀបចំជា២ទីតាំង ហើយបែងចែកទំហំផ្សេងគ្នា”។

លោកអភិបាលរងខេត្តបានបញ្ជាក់ថា ដីដែលត្រូវធ្វើការកាត់ឆ្វៀលពីមុនជាដីសម្បទានសេដ្ឋកិច្ច ទៅឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ស៊ីណូម៉ិចសិន ប៉ុន្តែបច្ចុប្បន្នដីទាំងនេះបានបំពេញលិខិតឯកសារសលាកបត្រ ជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់រួចរាល់អស់ហើយ។ ដោយឡែកចំពោះដី ដែលត្រូវបែងចែកជូនប្រជាពលរដ្ឋ ដែលរងនូវផលប៉ះពាល់ គឺត្រូវធ្វើឡើងចំនួន២ទីតាំង ដោយទីតាំងទី១រៀបចំកាត់ជាដីឡូតិ៍ទំហំ២០ម៉ែត្រ x ៧០ម៉ែត្រ ស្ថិតនៅស្របផ្លូវសាយភូថង ហើយទីតាំងមួយទៀតត្រូវរៀបចំជាដីឡូតិ៍ដូចគ្នា ប៉ុន្តែមានទំហំ ២០ម៉ែត្រ x ១០០ម៉ែត្រ ដែលមានទីតាំងស្ថិតនៅក្បែរគ្នា។

លោកសុខ សុទ្ធី អភិបាលរងខេត្តកោះកុងក៏បានឱ្យដឹងដែរថា សក្តានុពលទីតាំងភូមិសាស្ត្រនៅជាប់មាត់សមុទ្រ និងមានធនធានធម្មជាតិចម្រុះសម្បូរបែប បានធ្វើឱ្យខេត្តកោះកុង ទាក់ទាញបានគម្រោងវិនិយោគ លើគ្រប់វិស័យជាបន្តបន្ទាប់ ទោះបីក្នុងអំឡុងពេលពិភពលោក កំពុងស្ថិតក្នុងដំណាក់កាលដ៏លំបាក នៃការរីករាលដាលជំងឺកូវីដ១៩ ក៏ នៅក្នុងតំបន់បុទុមសាគរនេះ មានគម្រោងអភិវឌ្ឍន៍ខ្នាតតូច ក្នុងវិស័យទេសចរណ៍មិនតិចជាង៧គម្រោងនោះទេ៕

ក្រុមហ៊ុនOCICសាងសង់គ្រឹះទីក្រុងកោះនរាសម្រេចបាន៤៥ភាគរយហើយ

ដោយគង់ សូរិយា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រុមហ៊ុនOCICបានថ្លែងឲ្យដឹងថា គិតរហូតមកទល់ពេលនេះ ការសាងសង់គ្រឹះឬហេដ្ឋារចនាសម្ព័ន្ឋទីក្រុងកោះនរា ដែលមានទំហំ១២៥ហិកតា សម្រេចបាន៤៥ភាគរយហើយ។

កោះនរា មាន​ទីតាំង​នៅក្នុង​តំបន់​ច្បារអំពៅ​នៃ​ខណ្ឌ​ច្បារអំពៅ​ទល់មុខ​ក្រុង​រណប​កោះពេជ្រ​ដែល​បច្ចុប្បន្ន​ក្រុមហ៊ុន OCIC កំពុង​សង់ស្ពាន​ចំនួន២ ​ខ្សែ​ភ្ជាប់​ទៅ​ទីនោះ​ (១ ​ចេញពី​កោះពេជ្រ និង​ ១ ​ទៀត​ចេញពី​ផ្លូវជាតិ​លេខ​ ១) ដោយ​ស្ពាន​ទាំង​ ២ នឹងត្រូវ​ចំណាយ​ថវិកាប្រមាណ​៣៩,៦ ​លាន​ដុល្លារ​។

អគ្គនាយករងក្រុមហ៊ុនOCIC លោកទូច សំណាងកាលពីថ្ងៃម្សិលម៉ិញថា ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ​គម្រោង​អភិវឌ្ឍន៍​កោះនរា ​កំពុង​ដំណើរ​ទៅមុខ​ដោយ​រលូន ខណៈ​ការចាក់ដី​បំពេញ និង​ការសាងសង់​ច្រាំងទន្លេ​នាពេលនេះ ​សម្រេច​បាន​ជិត៤៥​ភាគរយ​។ លោក​បន្តថា ពេលនេះ​ក្រុមហ៊ុន​មិនទាន់​បើក​លក់​គម្រោង​ណាមួយ​ទេ ដោយ​ក្រុមហ៊ុន​ផ្តោត​សំខាន់​ទៅលើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​តែប៉ុណ្ណោះ​។

លោក​អះអាងថា​ “សកម្មភាព​សាងសង់​គម្រោង​អភិវឌ្ឍន៍​នៅ​កោះនរា កំពុង​ដំណើរការ​ទៅមុខ​តាម​ផែនការ​កំណត់​។ ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ មិនបាន​ធ្វើឱ្យ​អាក់ខាន​ដល់​ដំណើរ​ការសាងសង់​ទេ”។លោក​បន្ថែមថា “សម្រាប់​ការកំណត់ថា ​នឹងមាន​សំណង់​ធំៗ​ចំនួន​ប៉ុន្មាន​ក្នុង​គម្រោង​នេះ គឺ​ក្រុមហ៊ុន OCIC មិនទាន់​អាច​កំណត់​បានទេ ដោយ​អ្វីៗ​វា​នឹង​អាស្រ័យទៅលើ​កំណើន​សេដ្ឋកិច្ច និង​ការចូល​មក​បណ្តាក់ទុន​របស់​វិនិយោគិន​ជាក់ស្តែង​គឺ​វា​អាច​ប្រហាក់ប្រហែល ​នឹង​គម្រោង​ក្រុង​រណប​កោះពេជ្រ ​ដែល​រហូតមក​ដល់ពេលនេះ​មាន​ការសាងសង់​សំណង់​ធំៗ និង​ខ្ពស់ៗ​ជា​បន្តបន្ទាប់​”។

លោក​អះអាងថា ​សកម្មភាព​សាងសង់​គម្រោង​អភិវឌ្ឍន៍​នៅ​កោះនរា កំពុង​ដំណើរការ​ទៅមុខ​តាម​ផែនការ​កំណត់​។ ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ មិនបាន​ធ្វើឱ្យ​អាក់ខាន​ដល់​ដំណើរ​ការសាងសង់​ទេ​។

លោក​បន្ថែមថា សម្រាប់​ការកំណត់ថា ​នឹងមាន​សំណង់​ធំៗ​ចំនួន​ប៉ុន្មាន​ក្នុង​គម្រោ​ង​នេះ គឺ​ក្រុមហ៊ុនOCIC មិនទាន់​អាច​កំណត់​បានទេ ដោយ​អ្វីៗ​វា​នឹង​អាស្រ័យទៅលើ​កំនើន​​សេដ្ឋកិច្ច និង​ការចូល​មក​បណ្តាក់ទុន​របស់​វិនិយោគិន​ជាក់ស្តែង ​គឺ​វា​អាច​ប្រហាក់ប្រហែល​ នឹង​គម្រោង​ក្រុង​រណប​កោះពេជ្រ ​ដែល​រហូតមក​ដល់ពេលនេះ ​មាន​ការសាងសង់​សំណង់​ធំៗ និង​ខ្ពស់ៗ​ជា​បន្តបន្ទាប់​។

ទោះយ៉ាងណា​លោក​បញ្ជាក់ថា នៅពេល​សាងសង់​រួច កោះនរា​នឹង​ក្លាយជា​តំបន់​ពាណិជ្ជកម្ម និង​កន្លែង​រស់នៅ​ប្រណីត​មួយ​នៅ​ភ្នំពេញ​ដែល​រួមមាន មជ្ឈមណ្ឌល​ពាណិជ្ជកម្ម សួនច្បារ​សាធារណៈ រោង​មហោស្រព​លំនៅឋាន​ប្រណីតៗ និង​ធនាគារ​ជាដើម​៕

ក្នុងគ្រាលំបាកបណ្ដាលពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្រុមហ៊ុន ប៉េង ហួត គ្រុប ចូលរួមឧបត្ថម្ភថវិកា៣លានដុល្លារជាថ្មីម្តងទៀតជូនសម្តេចតេជោ

ដោយ ៖ សហការី

ភ្នំពេញ ៖ យមានការយកចិត្ដទុកដាក់ពីសុខមាលភាពរបស់ប្រជាជន ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមបរិច្ចាគថវិកាចំនួន ៣លានដុល្លារ បន្ថែមទៀត ជូនដល់សម្តេចតេជោហ៊ុនសែន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

នេះជាលើកទី៣ហើយ ដែលក្រុមហ៊ុនបានបរិច្ចាគថវិកាតាមរយៈរាជរដ្ឋាភិបាល ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩។

តំណាងក្រុមហ៊ុន ប៉េង ហួត គ្រុប  លោក ចាន់ រដ្ឋា បានលើកឡើងថា៖ “ក្រុមហ៊ុនសូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ និងអាជ្ញាធរដែលបានខិតខំប្រឹងប្រែងទាំងយប់ថ្ងៃ ហើយក៏សូមថ្លែងអំណរគុណផងដែរចំពោះអតិថិជន និងដៃគូសហការរបស់ បុរី ប៉េង ហួត ដែលបានចូលរួមចំណែកក្នុងបេសកកម្មដ៏ថ្លៃថ្លាមួយនេះ”។

ចុងក្រោយ លោក  ចាន់ រដ្ឋា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលក៏ដូចជាវិធានការរបស់ក្រសួងសុខាភិបាល។ ជាពិសេសត្រូវអនុវត្តនូវវិធានការ ៣ការពារ និង ៣កុំ។

  • ៣ការពារ៖

១-ពាក់ម៉ាស់។

២-លាងដៃ។

៣-គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ១ម៉ែត្រកន្លះឡើងទៅ។

  • ៣កុំ៖

១-កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក។

២-កុំទៅកន្លែងមានមនុស្សច្រើនកុះករ។

៣-កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមានផ្តាសាយ ឬសង្ស័យមានជំងឺកូវីដ-១៩ កុំចេញក្រៅ ឬកុំមកកន្លែងធ្វើការ ហើយត្រូវទាក់ទងទៅគ្រូពេទ្យ៕