ដោយៈតារា
ភ្នំពេញៈ ក្រុងបូកគោ របស់ខេត្តកំពត នឹងលេចចេញរូបរាងក្នុងពេលឆាប់ៗខាងមុខនេះហើយ ដើម្បីធានាដល់អភិបាលកិច្ចល្អ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃបានជំរុញដល់គណៈកម្មាការថ្នាក់ជាតិ និងថ្នាក់ខេត្តឲ្យរៀបចំក្រុងបូកគោ បានល្អប្រសើរទាំងការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុង ឆ្លើយតបទាន់ពេលវេលា។

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំ និងដាក់ដំណើរការរដ្ឋបាលក្រុងបូកគោតាមប្រព័ន្ធវីដេអូZoom ព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ លោកសក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការរៀបចំ និងដាក់ឱ្យដំណើរការរដ្ឋបាលក្រុងបូកគោ បានមានប្រសាសន៍ថា កិច្ចប្រជុំពេលនេះពាក់ព័ន្ធការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុងបូកគោ គឺអនុលោមឲ្យស្របតាមច្បាប់ស្ដីពី ការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ដោយរួមគ្នាពិនិត្យពិភាក្សា ទៅលើការរៀបចំមន្រ្តីរាជការរដ្ឋបាលក្រុង និងអង្គភាពកងកម្លាំង ការកំណត់ទីតាំងជាក់លាក់សាងសង់អគាររដ្ឋបាលសាលាក្រុង ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដែលត្រូវផ្ទេរពីរដ្ឋបាលស្រុកទឹកឈូ មករដ្ឋបាលក្រុងបូកគោ ការរៀបចំថវិកាប្រចាំឆ្នាំរបស់ក្រុង និងការប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាក្រុង និងគណៈអភិបាលក្រុង។
-->

លោករដ្ឋលេខាធិការ ក៏បានផ្ដល់អនុសាសន៍ណែនាំ ដល់ក្រុមការងារគណៈកម្មការថ្នាក់ជាតិ និងថ្នាក់ខេត្តរួមទាំងអ្នកពាក់ព័ន្ធផ្សេងទៀត ត្រូវខិតខំយកចិត្តទុកដាក់ជំរុញអនុវត្តការងារចំពោះមុខនេះ ដូចជាការរៀបចំសំណើសុំសមាសភាពគណៈអភិបាល សមាសភាពមន្រ្តី រាជការតាមរចនាសម្ព័ន្ធរដ្ឋបាលក្រុង ឲ្យមានចំនួនសមរម្យល្មមទៅទំហំការងារ ហើយជំហានដំបូងត្រូវផ្ដល់អាទិភាពដល់មន្ត្រី ដែលរស់នៅក្នុងមូលដ្ឋាននេះស្រាប់ និងរកពីកន្លែងបណ្ដោះអាសន្ន សម្រាប់ដំណើរការរដ្ឋបាលក្រុង។
ចំពោះទីតាំងសាងសង់អាគាររដ្ឋបាលគួរ អនុវត្តន៍លើប្លង់គោលមេ មានការប្រមូលផ្ដុំការិយាល័យចំណុះ ក្នុងអាគាររដ្ឋបាលតែមួយ និងមានការគិតគូរទីតាំងទុកដីសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាល នៅពេលការអភិវឌ្ឍន៍រីកចម្រើនខាងមុខបន្តទៀត។
ដោយឡែកទីតាំងសម្រាប់អធិការដ្ឋាននគរបាលក្រុង ក៏គួរយកទីតាំងឱ្យបានសមរម្យ ដាច់ដោយឡែកពីសាលាក្រុង សម្រាប់បម្រើការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈឲ្យបានល្អ ។
អភិបាលខេត្តកំពត លោកជាវ តាយបានបញ្ជាក់ថា រដ្ឋបាលខេត្តកំពត តែងតែបានយកចិត្តទុកដាក់សហការ ជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធក្នុងដំណើរការរៀបចំក្រុងបូកគោនេះ និងបានត្រៀមទីកន្លែងសម្រាប់ បម្រើការងាររដ្ឋបាលបណ្ដោះអាសន្នរបស់ក្រុងបូកគោ រួចរាល់ផងដែរ៕