រដ្ឋសភាកម្ពុជាអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពីកិច្ចព្រមព្រៀងប្លុកពាណិជ្ជកម្មធំបំផុតក្នុងពិភពលោក(RCEP)

0

ដោយៈ ម៉ាណេត
ភ្នំពេញៈ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។

សម្ដេចអគ្គមហាពញាចក្រីហេង សំរិនប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ដើម្បីអនុម័តរបៀបវារៈ មួយចំនួន។

នៅក្នុងនោះកិច្ចប្រជុំរដ្ឋសភា បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ និងសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា១៨ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨ នៃច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា តាមសំណើរបស់រាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភា ពិនិត្យសិក្សា។

លោកប៉ាន សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីឌីអូ របស់គណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន នៅឆ្នាំ២០២២ កាលពី ខែឧសភា ឆ្នាំ២០២១ថា តាមរយៈក្រសួងពាណិជ្ជកម្ម កម្ពុជាបាននឹងកំពុងព        ន្លឿននីតិវិធីក្នុងស្រុក សម្រាប់ឈានទៅការផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាជាសមាជិក រួមមានកិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០២០ កន្លងទៅ។

លោកបានបន្តថា ក្រសួងក៏បាននឹងកំពុងជំរុញនីតិវិធីសេសសល់ នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង ដើម្បីឈានទៅរកការចុះហត្ថលេខាឱ្យបានកាន់តែឆាប់ មុននឹងសម្រេចបើកការចរចា កិច្ចព្រមព្រៀងជាមួយដៃគូពាណិជ្ជកម្មផ្សេងទៀត រួមមានជប៉ុន ឥណ្ឌាជាដើម នៅពេលការសិក្សាបានបញ្ចប់។

លោកបានថ្លែងថា #ក្រសួងក៏បាននឹងកំពុងបង្កើតក្រុមការងារថ្នាក់ក្រសួង ដើម្បីត្រៀមរៀបចំផ្តល់ជាធាតុចូលសំខាន់ៗ ក្នុងវិស័យពាណិជ្ជកម្ម ជូនដល់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្រាប់ ដាក់ ជាចំណុ ច អាទិភាព និងគំនិតផ្តួចផ្តើមនានារបស់កម្ពុជាក្នុងឋានៈជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ”។

ក្រុមអ្នកជំនាញ និងអ្នកវិភាគសេដ្ឋកិច្ច បានលើកឡើងថា ដោយមានការពន្លឿនលើការផ្តល់សច្ចាប័ន កិច្ចព្រមព្រៀង RCEP នឹងអាចចូលជាធរមាននៅឆ្នាំក្រោយ។

លោក Zhang Jianping អគ្គនាយកមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់ចិន ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងបាននិយាយថា ទំនាក់ទំនងកាន់តែជិតស្និទ្ធ ក្នុងចំណោមប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀង RCEP នឹងមានឥទ្ធិពលយ៉ាងខ្លាំងលើពាណិជ្ជកម្មក្នុងតំបន់ការវិនិយោគ និងការធ្វើសមាហរណកម្មទីផ្សារ។

លោកបានបន្តថា “ប្រការនេះនឹងជួយដល់ការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក ដែលកំពុងទទួលរងផលប៉ះពាល់ ដោយសារជំងឺរាតត្បាតកូវីដ១៩ និងងាកចេញពីការប្រឈមនឹងការកើនឡើង នូវការគាំពារនិយមផ្នែកពាណិជ្ជកម្ម”។

លោក Zhang បាននិយាយថា កិច្ចសហប្រតិបត្តិការ ក្នុងចំណោមបណ្តាប្រទេសដែលចូលរួម និងផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក នឹងជម្រុញយ៉ាងខ្លាំងដល់ពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ ដោយបន្ថែមថាមពលថ្មីដល់ការអភិវឌ្ឍក្នុងតំបន់ និងផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។

កិច្ចព្រមព្រៀង RCEP ត្រូវបានរៀបចំឡើង ដើម្បីកាត់បន្ថយពន្ធគយចំនួន៩០ភាគរយលើទំនិញ ដែលបានធ្វើពាណិជ្ជកម្មរវាងប្រទេសហត្ថលេខី ក្នុងរយៈពេល២០ឆ្នាំចាប់ តាំងពីចូលជាធរមាន។ នៅក្នុងច្បាប់រួមនៃប្រភពដើម ដែលបង្កើតឡើងដោយRCEP មានតែ៤០ភាគរយនៃមាតិកាប៉ុណ្ណោះ ត្រូវបានទាមទារសម្រាប់ទំនិញ ដើម្បីពិចារណាពីជាប្រភពដើមRCEP ដែលទាបជាងកម្រិតនៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីដទៃទៀតយ៉ាងខ្លាំង។

កិច្ចព្រមព្រៀង RCEP នឹងគ្របដណ្តប់ប្រជាជនជាង២,២ពាន់លាននាក់ (៣០ ភាគរយនៃចំនួនប្រជាជនពិភពលោក) ផលិតផលសរុបក្នុងស្រុកសរុបជាង២៥,៦ទ្រីលានដុល្លារ (២៩,៣ ភាគរយនៃ GDP ពិភពលោក) និងតម្លៃពាណិជ្ជកម្មជាង១០,៤ទ្រីលានដុល្លារ (២៧,៤ ភាគរយ នៃពាណិជ្ជកម្មពិភពលោក)៕

LEAVE A REPLY

Please enter your comment!
Please enter your name here