វិភា​គៈ​បណ្តា​ប្រទេស​មេគង្គ និង​មហា​យក្ស​ចិន​បន្ត​បើកក្តោង​ឈាន​ដំណើរទៅកាន់​អនាគត?

ដោយ​រដ្ឋមន្ត្រីការបរទេស​ចិន លោក​វ៉ាង យី

ប្រទេស​ចិនៈ នៅ​ថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៦ កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​នៃ​កិច្ចសហប្រតិបត្តិការ​ទ​ន្លេ​ឡា​ឆាង-មេគង្គ​លើក​ទី១ បានប្រារឰ​នៅ​ក្រុង​សាន​យ៉ា នៃ​ខេត្ត​ហៃ​ណាន​ដោយ​ជោគជ័យ ។

ឈរលើ​ស្មារតី “រួមគ្នា​ផឹកទឹក​ទន្លេ​តែមួយ ជោគវាសនា​ភ្ជាប់​នឹង​គ្នា​យ៉ាង​ស្អិតល្មួត” អ្នកដឹកនាំ​នៃ​ប្រទេស​ចិន កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម បានរួម​គ្នា​ប្រកាស​ចាប់ដំណើរការ​យន្ត​ការ សហប្រតិបត្តិ​ការកម្រិត​អនុតំបន់​បែប​ថ្មី​នេះ ហើយ​បានសម្រេច​ជា​ឯកច្ឆ័ន្ទ​លើ​ការកសាង​សហគមន៍ វាសនា​រួម​ប្រទេស​ទន្លេ​ឡាន​ឆាង-មេគង្គ ដើម្បី​ដើរ​ឆ្ពោះទៅកាន់​សន្តិភាព និង​វិបុលភាព ។

ក្នុង​រយៈពេល ៥ ឆ្នាំ​កន្លងទៅនេះ កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង-មេគង្គ​បាន​ឆ្លងកាត់​ដំណាក់កាល​ពូន​ជ្រុំ និង​ដំណាក់កាល​លូតលាស់​រហ័ស ហើយ​បាន​ឈានចូល​ទៅក្នុង​ដំណាក់កាល​រីកចម្រើន​គ្រប់​ជ្រុងជ្រោយ ដែល​បាន​ចាក់​បញ្ចូល​នូវ“ទឹក​រស់​ជា​កម្លាំងចលករ”ក្នុងការ​អភិវឌ្ឍន៍​នៃ​ប្រទេស​នានា ព្រមទាំង​បាន​បង្កើតជា​គំរូ​សំខាន់ នៃ​ការកសាង​សហគមន៍​វាសនា​រួម​មនុស្សជាតិ ។

ទី១ នេះ​ជា​រយៈកាល៥ឆ្នាំ ដែល​ខិតខំ​កសាង​មូលដ្ឋានគ្រឹះ និង​បង្កើន​ទំនុកចិត្ត​លើ​គ្នា​ឱ្យ​កាន់តែ​ស៊ីជម្រៅ

ឯកឧត្តម​ស៊ី ជីន​ភីង ប្រធានាធិបតី​ចិន​យកចិត្តទុកដាក់​កម្រិត​ខ្ពស់ ដល់​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេសជិតខាង ហើយ​ធ្លាប់​ជួប​ប្រាស្រ័យ​ជាមួយ​អ្នកដឹកនាំ នៃ​ប្រទេស​ទន្លេមេគង្គ​រាប់សិប​លើក ដែល​បានផ្តល់​ការណែនាំ និង​កំណត់​ទិសដៅ​សម្រាប់​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​មេត្រីភាព​រវាង​ប្រទេស​ទាំង ៦ ។

ជាមួយគ្នានេះ ឯកឧត្តម លី ខឺ​ឈាំ​ង នាយករដ្ឋមន្ត្រី​ចិន បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ នៃ​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង-មេគង្គ​ជា​រៀងរាល់​លើក ដើម្បី​ពិគ្រោះ​ពិភាក្សា ជាមួយ​អ្នកដឹកនាំ​នៃ​ប្រទេស​ទន្លេមេគង្គ​ទាំង៥ អំពី​ការកសាង​ផែនទី​បង្ហាញផ្លូវ​អភិវឌ្ឍន៍ ។ ប្រទេស​ទាំង ៦ ខិតខំ​កសាង​សហគមន៍​វាសនា រួម​ប្រទេស​ទន្លេ​ឡាន​ឆាង-មេគង្គ ដើម្បី​ដើរ​ឆ្ពោះទៅកាន់​សន្តិភាព និង​វិបុលភាព។

សហគមន៍​វាសនា​រួម​ចិន-ឡាវ ចិន-កម្ពុជា និង​ចិន-មី​យ៉ាន់​ម៉ា​ត្រូវបាន​បង្កើត​ឡើងជា​បន្ត​បន្ទាប់។ យើង​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​ខ្លួន​ទីពឹង​ខ្លួន រួមគ្នា​ពិគ្រោះ​ពិភាក្សា ស្ថាបនា និង​ចែករំលែក​គ្នា ខិតខំ​បង្កើត​បរិយាកាស ដែល​ប្រកបដោយ​សន្តិភាព ស្ថិរភាព សាមគ្គីភាព និង​ការចុះ​សម្រុង​គ្នា​ក្នុង​តំបន់​ទន្លេ​ឡាន​ឆាង-មេគង្គ ពួតដៃគ្នា ដើម្បី​សម្រេច​នូវ​ការអភិវឌ្ឍន៍​ជា​និរន្តរភាព និង​វិបុលភាព​រួម​សម្រាប់​ប្រទេស​ទាំង៦ ។

យើង​បានកំណត់ “ផែនការ​សកម្មភាពរ​យៈ​ពេល៥ឆ្នាំ ឡាន​ឆាង-មេគង្គ(២០១៨-២០២២)” អនុវត្ត​យ៉ាងសកម្ម​តាម​ផែនការ​សកម្មភាព លើ​វិស័យ​ធនធានទឹក កសិកម្ម និង​កិច្ច​កាត់បន្ថយ​ភាពក្រីក្រ​ជារ​ដើម ព​ន្លឿ​ន​ការកំណត់​ផែនការ​សហប្រតិបត្តិកា​រ លើ​វិស័យ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឆ្លងដែន ពង្រឹងសមត្ថភាព​ផលិត និង​ជំរុញ​ការតភ្ជាប់​គ្នា ។

លេខាធិការដ្ឋាន​សហប្រតិបត្តិ​ការ​ឡាន​ឆាង-មេគង្គ ឬ​ស្ថាប័ន​សម្រប​ស្រួល​នៃ​ប្រទេស​ទាំង៦ បានធ្វើ​ទំនាក់ទំនង​ជាមួយគ្នា​យ៉ាង​រលូន ក្រុមការងារ​រួម​លើ​វិស័យ​អាទិភាព និង​មជ្ឈមណ្ឌល​ផ្លាស់ប្តូរ និង​សហប្រតិបត្តិការ​ឡាន​ឆាង-មេគង្គ​លើ​វិស័យ​ធនធានទឹក បរិស្ថាន កសិកម្ម និង​យុវជន បាន​អនុវត្ត​ការងារ​ដោយមាន​ប្រសិទ្ធភាព​ខ្ពស់ ដែល​បានផ្តល់​យន្តការ​ចាំបាច់ ដល់​ការបង្កើន​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ។

នេះ​ជា​រយៈកាល៥ឆ្នាំ ដែល​ខិតខំ​ប្រមូល​កម្លាំង ដើម្បី​បង្កើតជា​ឧត្តមភាព និង​រួមគ្នា​ធ្វើការ​អភិវឌ្ឍន៍។ យើង​បាន​បង្កើត​រូបមន្ត​ឡាន​ឆាង- មេគង្គ ដែល​ផ្តល់​អាទិភាព​ដល់​ការអភិវឌ្ឍន៍ ធ្វើ​ការងារ​ជាក់ស្តែង​ដោយមាន​ប្រសិទ្ធភាព​ខ្ពស់ និង​ចាត់ទុក​គម្រោង​ជាក់ស្តែង​ជា​គោល ខិតខំ​ប្រឹងប្រែង​ដើម្បី​ជំ​រុញឱ្យ​ការបំពេញបន្ថែម​គ្នា លើ​វិស័យសេដ្ឋកិច្ច​ទៅជា​កម្លាំង​ជំរុញ​គ្នា​សម្រាប់​ការអភិវឌ្ឍន៍។

ក្នុង​រយៈពេល៥ឆ្នាំ​កន្លង​ទៅនោះ ទំហំ​សរុប​នៃ​សេដ្ឋកិច្ច​ចិន​បាន​កើនឡើង៤៧,៥ ភាគរយ។ ប្រទេស​ចិន​បានទទួល​សមិទ្ធផល​ដ៏​អស្ចារ្យ ជា​ប្រវត្តិសាស្ត្រ​ក្នុង​ការកសាង​សង្គម​ធូរធារ​គ្រប់​ជ្រុងជ្រោយ។

ទំហំ​សរុប​នៃ​សេដ្ឋកិច្ច​ប្រទេស​ទន្លេមេគង្គ​ទាំង៥ កើនឡើង​ជាង៣០% ។ ចំណែក​កម្រិត​អភិវឌ្ឍន៍​នៃ​សេដ្ឋកិច្ច និង​សង្គម​ក៏បាន​ត្រូវ​លើកកម្ពស់​ឥតឈប់ឈរ។

នៅ​ឆ្នាំ២០២០ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន និង​ប្រទេស​ទន្លេមេគង្គ​ទាំង៥ បាន​ឈានដល់​ទៅ ៣២២១០០ លាន​ដុល្លារ​អាមេរិក កើនឡើង ៦៦,៣% បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០១៥ ។ ប្រទេស​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ របស់​ប្រទេស​វៀតណាម កម្ពុជា មី​យ៉ាន់​ម៉ា និង​ថៃ ហើយ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី ២ របស់​ប្រទេស​ឡាវ។

ប្រទេស​វៀតណាម​បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី៤ របស់​ប្រទេស​ចិន។ ប្រទេស​ចិន​ផ្តល់ប្រាក់​ឥណទាន​អនុគ្រោះ និង​ប្រាក់​ឥណទាន​ពិសេស​អំពី​សមត្ថភាព​ផលិត និង​ផលិតកម្ម​គ្រឿង​បរិក្ខារ ដើម្បី​គាំទ្រ​ឱ្យ​ប្រទេស​ទន្លេមេគង្គ អនុវត្តន៍ គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ជាង៤០គម្រោង រួមមាន​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​ថ្មី​នៃ​ប្រទេស​កម្ពុជា គម្រោង​កែសម្រួល​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី រដ្ឋធានី​វៀងចន្ទន៍​នៃ​ប្រទេស​ឡាវ និង​គម្រោង​សាងសង់​រោងចក្រ ផលិត​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម យ៉ុង​សៀន ប្រទេស​វៀតណាម​ជាដើម ។

កសិផល និង​ជលផលល្អៗដូចជា ធូ​រេ​ន​ថៃ អង្ករ​ខ្មែរ ល្ហុង​ភូមា ចេក​ឡាវ និង​ត្រី basa វៀតណាម ត្រូវបាន​យកមក​ដាក់​លើ​តុ​បាយ​របស់​ប្រជាជន​ចិន។ សហគ្រាស​ចិន​បាន​ទៅ​ស្វែងរក​ដៃគូ សហប្រតិបត្តិការ​នៅ​ប្រទេស​កម្ពុជា និង​ឡាវ ដើម្បី​បង្កើត​តំបន់​គំរូ​កសិកម្ម និង​មូលដ្ឋាន​កែច្នៃ​និង​ឡូ​ជី​ស្ទីក​អំពី​ផល​ស្រូវ កៅស៊ូ ផ្លែឈើ បន្លែបង្ការ និង​សាច់សត្វ​ចិញ្ចឹម ។

នេះ​ជា​រយៈកាល៥ឆ្នាំ ដែល​ប្រមូលផ្តុំ​កម្លាំង និង​ពង្រឹង​ចំណងមិត្តភាព ។ យើង​ប្រកាន់ខ្ជាប់​នូវ​ទស្សនទាន ដែល​ចាត់ទុក​ប្រជាជន​ជា​គោល ខិតខំ​ប្រឹងប្រែង ដើម្បី​ជំរុញ​ឱ្យ​សមិទ្ធផល នៃ​កិច្ចសហប្រតិបត្តិការ​ផ្តល់​ផលប្រយោជន៍ ដល់​ប្រជាជន​នៃ​បណ្តា​ប្រទេស​នានា។

នៅ​ឆ្នាំ ២០១៩ អ្នកធ្វើដំណើរ​ទៅមក​រវាង​ប្រទេស​ចិន និង​ប្រទេស​ទន្លេមេគង្គ​មាន​ចំនួន​ជាង៥០លាន​នាក់ ហើយ​ជើងហោះហើរ​ជាប្រចាំ​មាន​ចំនួន​ជិត៣០០០ ជើង​រៀងរាល់​សប្តាហ៍ ។ ក្នុង​រយៈពេល៥ ឆ្នាំ​កន្លង​ទៅនោះ មាន​និស្សិត​ជាង២ម៉ឺន​នាក់ ដែល​មកពី​ប្រទេស​ទន្លេមេគង្គ​ទាំង៥ បានទទួល​អាហារូបករណ៍​ពី​រដ្ឋាភិបាល​ចិន ដើម្បី​មក​បន្ត​ការសិក្សា​នៅ​ប្រទេស​ចិន។ ចំណែក​ជនបរទេស ដែល​មក​ធ្វើការ​នៅ​ប្រទេស​ចិន​ជាង៤ម៉ឺន​នាក់ បានទទួល​ការបណ្តុះបណ្តាល​ក្នុង​មូលដ្ឋាន​អប់រំ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទន្លេ​ឡាន​ឆាង-មេគ​អង្គ​នៅ​ខេត្ត​យូ​ណាន។

មូលនិធិ​ពិសេស អំពី​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង- មេគង្គ​បាន​គាំទ្រ​ឱ្យ​អនុវត្ត​គម្រោង​ផ្តល់​ផលប្រយោជន៍ ដល់​ប្រជាជន​ជាង៥០០ គម្រោង ឧទាហរណ៍ គម្រោង“ភូមិ​ពន្លឺព្រះអាទិត្យ” បានផ្តល់​បច្ចេកទេស និង​បរិក្ខារ​ផលិត​អគ្គិសនី​ដើរ ដោយ​ពន្លឺព្រះអាទិត្យ​ដល់​ភូមិផ្សេងៗនៃ​ប្រទេស​កម្ពុជា និង​មី​យ៉ាន់​ម៉ា។ គម្រោង​បណ្តុះបណ្តាល​បច្ចេកទេស​ថាមពលនុយក្លេអ៊ែរ បានផ្តល់​ការបណ្តុះបណ្តាល​អំពី បច្ចេកទេស​ស្ថានីយ​អគ្គិសនី​នុយក្លេអ៊ែរ និង​សុខាភិបាល​នុយក្លេអ៊ែរ ដល់​យុវជន​ប្រទេស​វៀតណាម និង​ឡាវ ។

គម្រោង​បណ្តុះ​ពូជ​តែ​ប្រេង បាន​ជួយ​ដាំ​ដើម​តែ​ប្រេង នៅ​តំបន់ភ្នំ​នៃ​ប្រទេស​ថៃ និង​ឡាវ ។ គម្រោង​បង្កើន​ផល​កាហ្វេ បាន​ជួយ​បណ្តុះបណ្តាល​កសិករ​ដាំ​ដើម​កាហ្វេ នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​ជាង១១,០០០នាក់ ហើយ​បាន​ជំ​រុញឱ្យ​ការប្រមូល​ផល​គ្រាប់​កាហ្វេ នៃ​ប្រ​ទេ សមី​យ៉ាន់​ម៉ា​កើនឡើង​ទ្វេដង។

គម្រោង “ពឹង​ឆាវ” ផ្តល់​ផលប្រយោជន៍ ដល់​ប្រទេស​ឡាន​ឆាង-មេគង្គ និង​គម្រោង“ម្ជុល​វិទ្យាសាស្ត្រ​ដើរចូល​ប្រទេស​ឡាន​ឆាង-មេគង្គ”បាន​ជំរុញ​កិច្ចសហប្រតិបត្តិការ​ពេទ្យ ចិន​សែ ។ គម្រោង​អភិវឌ្ឍ​សហគមន៍​ក្រីក្រ និង“សកម្មភាព​ពាក់កណ្តាល​មេឃ​ឡាន​ឆាង-មេគង្គ”ជាដើម បាន​ជួយ​ជំរុញ​ការកាត់បន្ថយ​ភាពក្រីក្រ និង​ការអភិវឌ្ឍ​បុព្វហេតុ​ស្ត្រី​នៅក្នុង​តំបន់​ទន្លេ​ឡាន​ឆាង-មេគង្គ។

នេះ​ជា​រយៈកាល៥ឆ្នាំ ដែល​រួមសុខទុក្ខ​ជាមួយគ្នា និង​ជួយ​យកអាសា​គ្នា​ទៅវិញទៅមក ។  កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង- មេគង្គ បាន​បង្កើតឡើង​នូវ​វេទិកា​សហប្រតិបត្តិការ​ធនធានទឹក​ទី១ ដែលមាន​ការចូលរួម​ពី​ប្រទេស​ពាក់ព័ន្ធ​ទាំង។ យើង​បានរៀបចំ​ដោយ​ជោគជ័យ នូវ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ស្តីពី កិច្ចសហប្រតិបត្តិការ​ធនធានទឹក​ទន្លេ​ឡាន​ឆាង-មេគង្គ ហើយ​បានធ្វើ​កិច្ចសហប្រតិបត្តិការ ជាក់ស្តែង​លើ​វិស័យ​ទប់ទល់​នឹង​ទឹកជំនន់ គ្រប់គ្រង​គ្រោះមហន្តរាយ និង​ផ្សព្វផ្សាយ​ពី​បច្ចេកទេស​ជាដើម។

ក្នុងនាម​ជា​ប្រទេស ដែល​ស្ថិតនៅតាម​ផ្នែក​ខាងលើ នៃ​ទន្លេ​ឡាន​ឆាង-មេគង្គ ប្រទេស​ចិន ខិតខំ​យ៉ាង​ពេញទំហឹង ដើម្បី​ធានាឱ្យមាន​បរិមាណ​ទឹក​ហូរ សមរម្យ​ទៅ​ផ្នែក​ខាងក្រោម ហើយ​ចាក់​បង្ហូរទឹក​បន្ថែម​ជាបន្ទាន់ តាម​តម្រូវការ​របស់​ប្រទេស​ទន្លេមេគង្គ ។ ជាពិសេស តាំងពី​ឆ្នាំទៅ​រៀងមក ប្រទេស​ចិន​ចាប់ផ្តើម​ចែករំលែក​គ្នា អំពី​ព័ត៌មាន​ជល​សាស្ត្រ​ពេញ​មួយឆ្នាំ​នៃ​ទន្លេ​ឡាន​ឆាង ហើយ​បាន​បង្កើត​វេ​ប​សាយ​ជា​វេទិកា ចែករំលែក​អំពី​ព័ត៌មាន​សហប្រតិបត្តិកា​រ​ធនធានទឹក ទន្លេ​ឡាន​ឆាង-មេគង្គ ព្រមទាំង​ខិតខំ​យ៉ាងសកម្ម​ដើម្បី​ជួយ​ប្រទេស​នៅ ផ្នែក​ខាងក្រោម​ទន្លេ​ឡាន​ឆាង-មេគង្គ​ទប់ទល់​នឹង​គ្រោះទឹកជំនន់ និង​គ្រោះរាំងស្ងួត។

នៅ​ខែកុម្ភៈ​ឆ្នាំទៅ នៅពេល​ជំងឺ​កូ​វីដ-១៩ ផ្ទុះឡើង ខ្ញុំ និង​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រ ទេស​ទន្លេមេគង្គ​ទាំង៥ បាន​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​លើក​ទី៥ ដែល​រៀបចំ​នៅ​ក្រុង​វៀងចន្ទន៍​ប្រទេស​ឡាវ តាម​ផែន​ការដែល​បានកំណត់ ។ រដ្ឋមន្ត្រីការបរទេស​នៃ​ប្រ​ទេ សផ្សេងៗរួមគ្នា សម្តែង​នូវ​ការគាំទ្រ ចំពោះ​ប្រទេស​ចិន​ក្នុងការ​ប្រឆាំងនឹង​ជំងឺឆ្លង និង​បានផ្តល់​ការគាំទ្រ​ដ៏​ថ្លៃថ្លា ដល់​ភាគី​ចិន​នៅ​ខណៈពេល​ដ៏​សំខាន់​នេះ។

ប្រទេស​ទាំង៦បាន​ចាត់វិធានការ ដ៏​មាន​ប្រសិទ្ធភាព ដើម្បី​គ្រប់គ្រង​ការ​រាតត្បាត​នៃ​ជំងឺឆ្លង។ ករណី​កើត​ជំងឺ​កូ​វីដ-១៩ និង​អត្រា​កើត​ជំងឺ​នៅ​តំបន់​ទន្លេ​ឡាន​ឆាង- មេគង្គ​មាន​កម្រិត​ទាប​ជាង​តំបន់​ដទៃទៀត​លើ​ពិភពលោក។ ប្រទេស​ទាំង ៦ ក៏បាន​រួមសហការ​គ្នា ក្នុងការ​ប្រឆាំងនឹង​បទល្មើស​ឆ្លងដែន​ដូចជា ភេរវកម្ម ល្បែងស៊ីសង​តាម​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត ការបោក​បញ្ឆោត​តាម​ទូរស័ព្ទ ការជួញដូរ​មនុស្ស និង​អន្តោប្រវេសន៍​ខុសច្បាប់​ជាដើម ព្រមទាំង​ធ្វើ​កិច្ចសហប្រតិបត្តិការ យ៉ាងសកម្ម​សម្រាប់​ការពារ និង​គ្រប់គ្រង​គ្រោះមហន្តរាយ ផ្តល់​កិច្ចធានា​ដល់​អាយុជីវិត និង​ទ្រព្យសម្បត្តិ​របស់​ប្រជាជន​នៃ​បណ្តា​ប្រទេស​នានា និង​ផ្តល់“ប្រាជ្ញា​ឡាន​ឆាង-មេគង្គ”សម្រាប់​កែលម្អ​ប្រព័ន្ធ​អភិបាលកិច្ច​ក្នុង​តំបន់ ។

ទី២ ការសម្រេច​សមិទ្ធផល​ត្រូវ​ឆ្លង​ការលំបាក​ដ៏​ច្រើន ចំណែក​បទពិសោធន៍​កាន់ តែមាន​តម្លៃ​ខ្ពស់

បើ​រំលឹក​ឡើងវិញ​នូវ​ដំណើរ​សហប្រតិបត្តិការ ក្នុង​រយៈពេល៥ឆ្នាំ​កន្លងទៅ យើង​តែងតែ​ចងចាំ​ឱ្យបាន​ច្បាស់​នូវ​បំណង​ដើម និង​ភារកិច្ច​នៃ​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង-មេគង្គ ភ្ជួរ​ដីស្រែ​ដែលមាន​វប្បធម៌​ស្រដៀង​គ្នា និង​មាន​ទំនាក់ទំនង​រាប់អាន​គ្នា ដាំ​ដុះ​ផ្កា​ដែល​រួមគ្នា​ធ្វើការ​អភិវឌ្ឍន៍ និង​សហប្រតិបត្តិការ​ឈ្នះ-ឈ្នះ ប្រមូល​ផល​សន្តិភាព វិបុលភាព និង​សុភមង្គល​ប្រជាជន ដោយ​មិន​គ្រាន់តែ​បានផ្តល់​ផលប្រយោជន៍​ជាក់ស្តែង​ដល់​ប្រជាជន នៃ​បណ្តា​ប្រទេស​នានា​តាម​បណ្តោយ ទន្លេ​ឡាន​ឆាង-មេគង្គ​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​បន្សល់​នូវ​បទពិសោធន៍ ដ៏​មានតម្លៃ​សម្រាប់​ការពង្រឹង កិច្ចសហប្រតិបត្តិការ​នាពេល​អនាគត​ទៀតផង។

អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ ជា​បន្ត​តាម​គោលនយោបាយ ដែល​រាប់អាន​ជាមួយ​អ្នកជិតខាង និង​រាប់អាន​គ្នា​ដូច​គ្រួសារ​តែមួយ ។ កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង-មេគង្គ​បាន​ចាក់​ប្ញ​ស​យ៉ាង​ស៊ីជម្រៅ​ក្នុង​ចំណងមិត្តភាព​ប្រពៃណី។ ជា​រៀង​រហូតមក យើង​បាន​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍ ដែល​ប្រទេស​មិន​ថា​តូចធំ ខ្លាំង​ខ្សោយ​ឬ​មាន​ក្រ សុទ្ធ​តែមាន​ភាពស្មើគ្នា ។

យើង​ត្រូវ​គិតពិចារណា​អំពី​គំនិត​របស់គេ ប្រកាន់ខ្ជាប់​នូវ​ការគាំទ្រ​ឱ្យ​ប្រទេស​នានា​ធ្វើដំណើរ​តាម​មាគ៌ា​អភិវឌ្ឍន៍ ដែល​សក្តិសម​នឹង​ស្ថានភាព​ជាក់ស្តែង​របស់ខ្លួន ហើយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍ “រឿង​ដែល​ខ្លួនឯង​មិ​ង​ចង់​ទទួល កុំទៅ​បង្ខំ​ឱ្យគេ​ទទួល” ។ យើង​រាប់អាន​គ្នា​ដោយ​សមភាព ជួយ​គ្នា​ទៅវិញទៅមក​ដោយមាន​ចិត្ត​ស្មោះ។ បើ​ជួបនឹង​រឿង​ពិបាក ត្រូវ​ពិគ្រោះ​ពិភាក្សា​ឱ្យបាន​ច្រើន មានរឿង​កើតឡើង​យើង​អាច​ពិភាក្សាគ្នា​បាន ។

យើង​ត្រូវ​ធ្វើតាម​គោលការណ៍ តែ​ក៏ត្រូវ​គិតពី​មិត្តភាព​រវាង​គ្នា​ដែរ ហើយ​ខិតខំ​ប្រឹងប្រែង​ដើម្បី​រួម​សាមគ្គី​គ្នា និង​ធ្វើ​កិច្ចសហប្រតិបត្តិការ​មេត្រីភាព ដើម្បី​សម្រេចបាន​នូវ​សន្តិភាព ការ​រាប់អាន​គ្នា និង​សុខដុមរមនា ។ “ខ្លួនឯង​ចង់​ឈរ​ឡើង ក៏ត្រូវ​ជួយ​ឱ្យគេ​ឈរ​ឡើង ឯ​ខ្លួនឯង​ចង់​លូតលាស់ ក៏ត្រូវ​ជួយ​ឱ្យគេ​លូតលាស់​ដែរ” យើង​ត្រូវ​ធ្វើជា​អ្នកជិតខាង​ល្អ មិត្ត​ល្អ ដៃគូ​ល្អ និង​បងប្អូន​ល្អជា​និច្ចកាល។

សម្រប​តាម​ការរំពឹងទុក ដែល​ផ្តល់​អាទិភាព​ដល់​ការអភិវឌ្ឍន៍​រួមគ្នា និង​ស្វែងរក​វិបុលភាព​រួម។ ក្នុង​អនុតំបន់​ទន្លេមេគង្គ​មាន​ប្រជាជន​ក្រីក្រ​ច្រើន មាន​ហេ​ដ្ឋា​រនា​សម្ព័ន្ធ​មិន​គ្រប់គ្រាន់ ហើយ​ខ្វះ​ថវិកា​សម្រាប់​ការអភិវឌ្ឍន៍។ ដូច្នេះ​យើង​កំពុង​ប្រឈម​នឹង​បញ្ហា​ច្រើន​ក្នុងការ​អភិវឌ្ឍន៍ និង​ការស្វែងរក​វិបុលភាព​ក្នុង​តំបន់​នេះ។ កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង-មេគង្គ​បានចាត់ទុក​ការធ្វើ​កិច្ចសហប្រតិបត្តិការ និង​ការជំរុញ​ការអភិវឌ្ឍន៍​ជា​ភារកិច្ច​ចម្បង ហើយ​ខិតខំ​ធ្វើជា “ម៉ាស៊ីន​ឈូស​ដី” ដែល​ធ្វើ​ការងារ​ជាក់ស្តែង និង​ជួយ​បញ្ចេញ​សក្តានុពល​អភិវឌ្ឍន៍​នៃ​បណ្តា​ប្រទេស​នានា។

យើង​នឹង​ប្រើ​ល័ក្ខខ័ណ្ឌ​អំណោយផល ដែលមាន​ទីតាំង​ភូមិសាស្ត្រ​នៅជាប់​គ្នា និង​អាចបំពេញ​បន្ថែម​គ្នា​លើ​វិស័យ​ឧស្សាហកម្ម ជំរុញ​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​ជ្រុងជ្រោយ ពង្រីក​យ៉ាងសកម្ម​នូវ​ការធ្វើ​វិនិយោគ និង​ពាណិជ្ជកម្ម​ទៅវិញទៅមក កែសម្រួល​បណ្តាញ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឧស្សាហកម្ម​ក្នុង​តំបន់ ជំ​រុញឱ្យ​ប្រទេស​ទាំង៦ បង្កើតជា​និម្មាបនកម្ម​អភិវឌ្ឍន៍ ដែលមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ មាន​គុណភាព​ខ្ពស់ និង​មាន​កិច្ចសហការ​គ្នា​យ៉ាង​ស្អិតល្មួត ព្រមទាំង​ជំរុញ​ការអភិវឌ្ឍន៍​រួមគ្នា ឱ្យបាន​កាន់តែ​ស៊ីជម្រៅ​ថែមទៀត បង្កើន​កម្លាំងចលករ ផ្ទៃ​ក្នុងនៃ​កិច្ចសហប្រតិបត្តិការ រួមគ្នា​បំពេញភារកិច្ចផ្សេងៗ និង​ចែករំលែក​ផលប្រយោជន៍​ជាមួយគ្នា ។

បញ្ចេញ​ឧត្តមភាព​ទីតាំង​ភូមិសាស្ត្រ ដែល​មានការ​រាប់អាន​គ្នា និង​ស្រដៀង​គ្នា​លើ​វិស័យ​វប្បធម៌ ។ ប្រទេស​ទន្លេ​ឡាន​ឆាង -មេគង្គ មានការ​ភ្ជាប់​នឹង​គ្នា​ក្នុង​ប្រវត្តិសាស្ត្រ​ដ៏​យូរអង្វែង ហើយ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ក្នុង​វិស័យ​វប្បធម៌។ ប្រជាជន​នៃ​ប្រទេស​ទាំង ៦ បាន​រាប់អាន​គ្នា និង​ទៅមក​រកគ្នា​ដូច​ញាតិសន្តាន​អ៊ីចឹង។ នេះ​គឺជា​ឧត្តមភាព​ពិសេស​សម្រាប់​ការធ្វើ​កិច្ចសហប្រតិបត្តិការ​រ​វាង​យើងទាំងអស់គ្នា។

កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង -មេគង្គ បាន​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍ ដែល​ចាត់ទុក​ប្រជាជន​ជា​គោល ផ្តល់​ផលប្រយោជន៍ និង​ការអនុគ្រោះ​ដល់​ប្រជាជន និង​ធ្វើឱ្យ​ប្រជាជន​ទទួលបាន​នូវ​ផលប្រយោជន៍​កាន់តែច្រើន និង​កាន់តែ​រាប់អាន​ជាមួយគ្នា។ តាម​តម្រូវការ​ជាក់ស្តែង​រប​ស់​ប្រជាជន នៃ​ប្រទេស​ទន្លេ​ឡាន​ឆាង-មេគង្គ និង​ឈរលើ​ស្មារតី​អនុវត្ត​ការងារ​ជាក់ស្តែង​ដែល “ជាន់​លើ​ថ្ម​ឱ្យមាន​ស្នាម កាន់​ដែក​ឱ្យមាន​ស្នាម” បន្ត​បង្កើន​ការវិនិយោគ​លើ​វិស័យ​អប់រំ សុខាភិបាល កិច្ចការ​ស្ត្រី និង​កិច្ច​កាត់បន្ថយ​ភាពក្រីក្រ​ជាដើម ខិតខំ​ជំរុញ​ការតភ្ជាប់​ក្រអៅបេះដូង និង​ការតភ្ជាប់​មនោសញ្ចេតនា ដើម្បី​ជំរុញឱ្យមាន​អ្នកចូលរួម អ្នកទទួលផល​ប្រយោជន៍ និង​អ្នកគាំទ្រ​កាន់តែច្រើន សម្រាប់​ការអភិវឌ្ឍ​បុព្វហេតុ​មិត្តភាព និង​សហប្រតិបត្តិការ​ឡាន​ឆាង-មេគង្គ ព្រមទាំង​ផ្តល់​កិច្ចធានា​ដ៏​រឹងមាំ​សម្រាប់​ជំរុញ​ឱ្យ​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង-មេគង្គ​ឈាន​ដំណើរ​ទៅមុខ​ឥតឈប់ឈរ

សម្រប​ទៅតាម​និន្នាការ​អភិវឌ្ឍន៍​ប្រវត្តិសាស្ត្រ ដែល​ត​ភ្ជាប់​គ្នា​ដោយ​បើកចំហ និង​អភិវឌ្ឍន៍​ដោយ​សម្របសម្រួល​គ្នា។ ប្រឈម​នឹង​ជំនោរ​នៃ​ការប្រឆាំង​សាកលភាវូបនីយកម្ម និង​ជំនោរ​ឯកតោភាគី​និយម ប្រទេស​ទន្លេ​ឡាន​ឆាង-មេគង្គ​ទាំង ៦ បាន​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ពហុភាគី​និយម និង​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់ ដែលជា​គោលដៅ​ដ៏​ត្រឹមត្រូវ ខិតខំ​បង្កើត​គំរូ​ដ៏​ជោគជ័យ​នៃ​ការកសាង “ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ”ដោយមាន​គុណភាព​ខ្ពស់។

យើង​នឹង​ជំរុញ​ឱ្យ​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង-មេគង្គ​បំពេញបន្ថែម​គ្នា និង​ជំរុញ​គ្នា​ទៅវិញទៅមក ជាមួយ​យន្តការ​ពាក់ព័ន្ធផ្សេងៗដូចជា យន្តការ​តំបន់​ទន្លេ៣ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច មហា​អនុតំបន់​ទន្លេមេគង្គ និង​គណៈកម្មាធិការ​ទ​ន្លេ​មេគង្គ​ជាដើម រួមគ្នា​ជំរុញ​ការកសាង​សហគមន៍​អាស៊ាន និង​បង្កើន​ទំនាក់ទំនង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ចិន-អាស៊ាន ។

ទី៣ យុគ​សម័យថ្មី​អំពាវនាវ​ឱ្យមាន​សមិទ្ធផល​ថ្មី

កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង-មេគង្គ ជា​គំរូ​មួយ​នៃ​គោលនយោបាយ​ការទូត​របស់​ប្រទេស​ចិន ដែល​អនុវត្តតាម​ស្មារតី​ទំនាក់ទំនង​ការទូត​របស់​ឯកឧត្តម​ស៊ី ជីន​ភីង ធ្វើការ​ច្នៃប្រឌិត និង​បោះជំហាន​ទៅមុខ​យ៉ាង​ក្លៀវក្លា។

ប្រឈម​នឹង​ជំងឺឆ្លង​ដែល​ផ្ទុះឡើង​នៅ​សតវត្សរ៍​ថ្មី និង​ការផ្លាស់ប្តូរ​នៃ​ស្ថានការណ៍​ពិភពលោក កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង- មេគង្គ ត្រូវតែ​ដើរតួនាទី​នាំមុខគេ បង្ហាញ​ពី​ស្មារតី​ទំនួល​ខុសត្រូវ នាំ​ផ្លូវ​អភិវឌ្ឍន៍ ធ្វើ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​កសាង​អនាគត​កាន់តែ​ភ្លឺស្វាង ជូន​ចំពោះ​ប្រជាជន​ដែល​រស់នៅក្នុង​អនុតំបន់។

បន្ត​ដឹកនាំ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង។ សព្វថ្ងៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ-១៩ នៅ​មិនទាន់​បញ្ចប់​ទេ ដូច្នេះ​ការប្រឆាំង​នឹង​ជំងឺឆ្លង និង​សង្គ្រោះ​ជីវិត​នៅតែ​ជា​ភារកិច្ច​សំខាន់​ជាងគេ ដែលមាន​តួនាទី​សំខាន់​ជាងអ្វីៗទាំងអស់។ កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង-មេគង្គ​ត្រូវ​បង្កើតជា​គំរូ​ថ្មី សម្រាប់​ពង្រឹង​កិច្ចសហប្រតិបត្តិការ លើ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​លើ​ពិភពលោក ដើម្បី​រួមចំណែក​ក្នុង​ការកសាង​សហគមន៍​សុខាភិបាល និង​សុខភាព​មនុស្សជាតិ។

យើង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍ ដែល​មិនអាច​បន្ធូរ​ការបង្ការ និង​គ្រប់គ្រង​ជំងឺឆ្លង ត្រូវ​បង្កើន​កិច្ចសហប្រតិបត្តិការ​អំពី​វ៉ាក់សាំង​កូ​វីដ-១៩ ដើម្បី​ជំរុញ​ឱ្យ​យុទ្ធនាការ​ប្រឆាំងនឹង​ជំងឺឆ្លង​ទទួលបាន​ជោគជ័យ។ យើង​ត្រូវផ្តោត​ការយកចិត្តទុកដាក់ លើ​ការប្រកួតប្រជែង​នាពេលខាងមុខ ហើយ​ចាត់ទុក​កិច្ចសហប្រតិបត្តិការ សុខាភិបាល​សាធារណៈ​ជា​ទិសដៅ​សំខាន់​មួយ នៃ​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង-មេគង្គ ប្រើប្រាស់​ឱ្យបាន​ល្អប្រសើរ​នូវ​មូលនិធិ ពិសេស​អំពី​សុខាភិបាល​សាធារណៈ​ឡាន​ឆាង-មេគង្គ គាំទ្រ​ឱ្យ​អនុវត្ត​គម្រោង​អំពី​បច្ចេកទេស តាមដាន​ការ​រាតត្បាត​នៃ​ជំងឺឆ្លង គម្រោង​បង្ការ​និង​គ្រប់គ្រង​ជំងឺឆ្លង​ឆ្លងដែន និង​គម្រោង​ពេទ្យ​ប្រពៃណី​ជាដើម ព្រមទាំង​ជំរុញ​ការពង្រឹង​សមត្ថភាព​សុខាភិបាល​សាធារណៈ​នៃ​ប្រទេស​ទាំង៦ ។

ខិតខំ​ផ្សព្វផ្សាយ​ពី​ស្មារតី​ភាពជា​ដៃគូ

អនុតំបន់​គឺជា​ស្រុកកំណើត​រួម​របស់​យើងទាំងអស់គ្នា។ ខណៈពេល​ស្ថានការណ៍​អន្តរជាតិ កាន់​តែមាន​ភាពស្មុគស្មាញ ប្រទេស​ទាំង៦ កាន់តែ​ត្រូវ​ព​ន្លឿ​ន​ការកសាង​សហគមន៍ វាសនា​រួម​ប្រទេស​ទន្លេ​ឡាន​ឆាង-មេគង្គ ដើម្បី​ដើរ​ឆ្ពោះទៅកាន់​សន្តិភាព និង​វិបុលភាព។

យើង​ត្រូវ​រក្សា​ទំនាក់ទំនង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ បង្កើន​ការផ្លាស់ប្តូរ​បទពិសោធ​ន៍ អភិបាលកិច្ច ពង្រឹង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​ពហុ​វិស័យ បង្កើត​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​មិនមែន​ប្រពៃណី និង​ចំណុច​កំណើន​ថ្មីផ្សេងៗទៀត។ ធនធានទឹក​នៃ​ទន្លេ​ឡាន​ឆាង-មេគង្គ​ជា​ចំណង​ដ៏​សំខាន់ សម្រាប់​ត​ភ្ជាប់​ប្រទេស​នៅ​ផ្នែក​ខាងលើ និង​ផ្នែក​ខាងក្រោម​ទន្លេ។

យើង​ត្រូវគោរព​សិទ្ធិ​ស្របច្បាប់ របស់​ប្រទេសផ្សេងៗក្នុងការ​អភិវឌ្ឍ និង​ប្រើប្រាស់​ធនធានទឹក ជឿទុកចិត្ត​លើ​គ្នា យោគយល់​គ្នា គាំទ្រ​គ្នា​ទៅវិញទៅមក គិតពិចារណា​អំពី​បញ្ហា​ដែល​យកចិត្តទុកដាក់​ដោយ​គូភាគី រួមគ្នា​ពង្រឹងសមត្ថភាព​គ្រប់គ្រង​ជាទូទៅ និង​សមត្ថភាព​គ្រប់គ្រង​ធនធានទឹក ដើម្បី​ជំរុញ​បន្ថែមទៀត​នូវ​សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ផ្នែក​ខាងលើ និង​ផ្នែក​ខាងក្រោម​ទន្លេ ។

បន្ត​ជំរុញ​ការអភិវឌ្ឍន៍​រួមគ្នា

ការជំរុញ​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់ ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ និង​ការធ្វើ​ពាណិជ្ជកម្ម​យ៉ាង​រលូន មាន​សារៈសំខាន់​ណាស់ សម្រាប់​ការអភិវឌ្ឍ​ឧស្សាហកម្ម និង​សម្រេច​នូវ​កំណើនសេដ្ឋកិច្ច​ក្នុង​អនុតំបន់។ យើង​ត្រូវ​ជំរុញ​ឱ្យ“កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ ”ឱ្យ​ចាប់​មាន​សុពលភាព ក្នុងពេល​យ៉ាង​ឆាប់ បង្កើន​ការធ្វើ​ពាណិជ្ជកម្ម វិនិយោគ និង​ការតភ្ជាប់​គ្នា ព​ន្លឿ​ន​ការអនុវត្ត​គម្រោង​ខ្សែ​រថភ្លើង​ចិន-ឡាវ និង​ចិន-ថៃ​ជាដើម។

កំណត់​មធ្យោបាយ​ជាក់ស្តែង សម្រាប់​ការតភ្ជាប់​កិច្ចសហប្រតិបត្តិការ​ជាមួយ “ច្រក​ពាណិជ្ជកម្ម​ដីគោក និង​សមុទ្រ​អន្តរជាតិ​ថ្មី” បង្កើន​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​តាម​តំបន់​ព្រំដែន ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​ឆ្លងដែន និង​តំបន់ឧស្សាហកម្ម រួមគ្នា​កសាង​ខ្សែក្រវាត់​សេដ្ឋកិច្ច តាម​តំបន់​ទន្លេ​ឡាន​ឆាង-មេគង្គ។ យើង​ត្រូវ​ឆ្លើយតប​នឹង​ការប្រែប្រួល​ដោយមាន​ភាពម្ចាស់ការ ធ្វើកំណែទម្រង់​រចនាសម្ព័ន្ធ​ឱ្យបាន​កាន់តែ​ស៊ីជម្រៅ បំផុស​កម្លាំងចលករ សម្រាប់​ការអភិវឌ្ឍន៍​តាមរយៈ​ការច្នៃប្រឌិត​បច្ចេកវិទ្យា និង​បដិវត្តន៍​ឌី​ជី​ថ​លូ​ប​នីយកម្ម ។

ខិតខំ​យ៉ាង​ពេញទំហឹង​ដើម្បី​ការពារ​សុភមង្គល​របស់​ប្រជាជន

យើង​ត្រូវ​ពង្រីក​ឱ្យ​កាន់តែ​ស៊ីជម្រៅ នូវ​កិច្ចសហប្រតិបត្តិការ​អំពី​ជីវភាព​រស់នៅ​ប្រជាជន អនុវត្ត​គម្រោង​ពាក់ព័ន្ធ​ដែល​ទាក់ទិន ទៅនឹង​ការរស់នៅ​របស់​ប្រជាជន ដូចជា គម្រោង​កសិកម្ម និង​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ​ជាដើម ព​ន្លឿ​ន​ការអនុវត្ត“យុទ្ធសាស្ត្រ​អំពី​កិច្ចសហប្រតិបត្តិការ​ប​រិ​ស្ថាន​ឡាន​ឆាង-មេគង្គ” ធ្វើ​កិច្ចសហប្រតិបត្តិការ​លើ​ការកែលម្អ​បរិស្ថាន​ខ្យល់អាកាស និង​ថែរក្សា​ជីវចម្រុះ​ជាដើម។

យើង​ត្រូវ​ពង្រីក​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​អប់រំ ទេសចរណ៍ និង​យុវជន​ជាដើម ខិតខំ​យ៉ាង​ពេញទំហឹង ដើម្បី​ផ្តល់​ការគាំទ្រ​ដល់​ការធ្វើ​កិច្ចសហប្រតិបត្តិការ​មូល​ដ្ឋា​ន លើកទឹកចិត្ត​ឱ្យ​សមាគម សហគ្រាស និង​ធនធាន​សង្គម​ស៊ីវិល​មាន​ភាព​សកម្ម ជំរុញ​ការកសាង​សហព័ន្ធ​អាជីវកម្ម និង​បង្កើន​កម្លាំងចលករ​ផ្ទៃ ក្នុង​សម្រាប់​ពង្រឹង​កិច្ចសហប្រតិបត្តិការ។

ទឹកដី​នៅជាប់​នឹង​គ្នា រួមគ្នា​ពុះពារ​ឧបសគ្គ

ឆ្នាំនេះ​ជា​ខួប​លើក​ទី១០០ ឆ្នាំ​នៃ​ការបង្កើត​គណ​បក្សកុម្មុយនិស្ត​ចិន ។ នៅ​ដើមខែ​នេះ “ផែនការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គមជាតិ​រយៈពេល៥ ឆ្នាំ​ទី១៤ និង​គោល​លំនាំ​ទស្សនទាន​ប្រចាំឆ្នាំ២០៣៥ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន” ត្រូវបាន​អនុម័ត​ក្នុង​កិច្ចប្រជុំ​លើក​ទី៤ នៃ​សភា​តំណាង​ប្រជាជន​ទូទាំងប្រទេស​ចិន​នីតិកាល​ទី១៣ ។ ប្រទេស​ចិន​បាន​ចាប់ដំណើរការ​ថ្មី អំពី​ការកសាង​ប្រទេស​សង្គមនិយម ទំនើបភាវូបនីយកម្ម​គ្រប់​ជ្រុងជ្រោយ ព​ន្លឿ​ន​ការកសាង​និម្មាបនកម្ម​អភិវឌ្ឍន៍​ថ្មី ដែល​ចាត់ទុក​ការ​វិលជុំ​ក្នុងស្រុក​ជា​ចំណុច​ស្នូល ការ​វិលជុំ​ក្នុង​និង​ក្រៅប្រទេស​ជំរុញ​គ្នា។

នេះ​ជា​ដំណាក់កាល​ថ្មី នៃ​ការអភិវឌ្ឍន៍​របស់​ប្រទេស​ចិន ហើយក៏​ជា​កាលានុវត្តន៍​ភាព​ថ្មី សម្រាប់​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង-មេគង្គ​ដែរ ។ យើង​នឹង​រួម​សហការគ្នាជាមួយ​ប្រទេស​ទន្លេមេគង្គផ្សេងៗ បើកក្តោង​ថ្មី​សម្រាប់​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង-មេគង្គ ខិតខំ​ប្រឹងប្រែង​ដើម្បី​កសាង​តំបន់​ទន្លេ​ឡាន​ឆាង -មេគង្គ ដែល​កាន់​តែមាន​សុខសន្តិភាព ស្ថិរភាព វិបុលភាព និង​សុភមង្គល ព្រមទាំង​រួមវិភាគទាន​ថ្មី​ក្នុង​ការកសាង​សហគមន៍​វាសនា​រួម​មនុស្សជាតិ៕

កម្ពុជា បា​ហា​ម៉ាស និង​ចិន​មាន​ភាពចាស់ទុំ​ជាងគេ​លើ​គម្រោង​រូបិយប័ណ្ណ​ឌីជីថល

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ប្រទេស​កម្ពុជា បា​ហា​ម៉ាស (Bahamas) និង​ចិន​គឺជា​ប្រទេស​ដែល​ត្រូវបាន​ទទួលស្គាល់ថា ជា​ប្រទេស​ដែលមាន​គម្រោង​រូបិយប័ណ្ណ​ឌីជីថល របស់​ធនាគារ​កណ្តា​ល (CBDC) មាន​ភាពចាស់ទុំ​ជាងគេ​លើ​ពិ​ព​លោក ខណៈ​លើ​ពិភពលោក​មានតែ២៣ភាគរយ​នៃ​គម្រោង​នេះ ដែល​បាន​ឈានដល់​ដំណាក់កាល​អនុវត្តន៍។ នេះ​បើ​យោងតាម​ចេញផ្សាយ​របស់​សារព័ត៌មាន Cryptonews នៅ​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ។

របាយការណ៍​ក្រុមហ៊ុន PwC បញ្ជាក់ថា ជិត៧០ភាគរយ​នៃ​គម្រោង​នេះ កំពុងស្ថិត​ក្នុងដំណាក់កាល​សាកល្បង​នៅឡើយ។

បា​ហា​ម៉ាស និង​កម្ពុជា​ទទួលបាន​តំណែង​កំពូល ដែល​គម្រោង CBDC របស់ខ្លួន​កំពុងដំណើរការ ខណៈ​ចិន​កំពុង​សាកល្បង​គម្រោង​ប្រាក់​យ័ន​ឌីជីថល​របស់ខ្លួន។

ជាង៨៨ភាគរយ នៃ​គំរោង CBDC លើ​ពិភពលោក ដែល​បច្ចុប្បន្ន​កំពុងស្ថិត​ក្នុងដំណាក់កាល​សាកល្បង ឬ​ដំណាក់កាល​ផលិតកម្ម  ប្រើប្រាស់​បច្ចេកវិទ្យា blockchain ។ នេះ​បើ​យោងតាម​ទិន្នន័យ ដែល​ទទួលបាន​ដោយ Bloomberg ។

យោងតាម​ក្រុមហ៊ុន PwC បានឱ្យដឹងថា “CBDCs នឹងចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការធ្វើ​ទំនើបកម្ម​នៃ រូបិយវត្ថុ​អន្តរជាតិ និង​ការធ្វើសមាហរណកម្ម​ឡើងវិញ​ទាំង​ផ្នែក​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ទូទាត់ និង​ហិរញ្ញវត្ថុ” ។

ក្រុមហ៊ុន​ក៏បាន​ប៉ាន់ស្មាន​ផងដែរ​ថា ប្រភេទ​រូបិយវត្ថុ​ថ្មី​នេះ នឹង​បង្កើត​ឱកាស​ថ្មី សម្រាប់​ការធ្វើ​ឌីជីថល​រូប​និ​យក​ម្ម​បន្ថែមទៀត ទាំង​នៅក្នុង​ក្រុមហ៊ុន និង​ស្ថាប័នហិរញ្ញវត្ថុ។

ក្នុង​វិស័យ​អន្តរ​ធនាគារ ឬ​គម្រោង​រូបិយវត្ថុ​ឌីជីថល ថៃ និង​ហុងកុង​ជាប់​ចំណាត់ថ្នាក់​ខ្ពស់​ជាងគេ បន្ទាប់មក​គឺ​សិង្ហ​បុរី កាណាដា និង​ចក្រភព​អង់គ្លេស៕

ប្រាសាទ​ឥដ្ឋ​បុរាណ​ដ៏​កម្រ​ខ្ពស់បំផុត​ក្នុង​ពិភពលោក មាន​ចំណាស់​ជិត១០០០ឆ្នាំមាន​ប្រវត្តិ​ដូចម្តេច

ដោយៈ​សុខុម

ប្រទេស​ចិន: ដូច​យើង​បានដឹង​រួចមកហើយ​ថា ប្រាសាទបុរាណ​ដែលមាន​អាយុកាល​រាប់ពាន់​ឆ្នាំ​ច្រើន តែ​សាងសង់​ពី​ថ្មភក់ ឬ​ថ្មបាយក្រៀម ដូច​មាននៅ​ប្រាសាទអង្គរវត្ត ប្រាសាទបន្ទាយស្រី និង​ប្រាសាទតាព្រហ្ម របស់​ខ្មែរ​យើង​ជាដើម។

ទោះជា​យ៉ាងណា ប្រាសាទបុរាណ​ដ៏​កម្រ​មួយ ដែលមាន​អាយុកាល​រហូតដល់​ទៅជិត១ពាន់​ឆ្នាំ​ត្រូវបាន​សាងសង់​ពី​ឥដ្ឋ។ តើ​ប្រាសាទ​នោះ​មានឈ្មោះ​អ្វី? ហើយ​មាន​ប្រវត្តិ​បែបណា? តោះ! ដើម្បី​ជ្រាប​កាន់តែច្បាស់ សូម​មក​ស្វែងយល់​ទាំងអស់គ្នា។

ប្រាសាទ​ឥដ្ឋ​បុរាណ​ដ៏​កម្រ​ដែលមាន​ឈ្មោះថា ប្រាសាទ​លាវ​ទី (Liaodi Pagoda) នៃ​អារាម​ខៃ​យ័ន (Kaiyuan Monastery) ស្ថិតនៅក្នុង​ក្រុង​ទីង​ចូ​វ (Dingzhou) ខេត្ត​ហឺ​ប៉ី (Hebei) ប្រទេស​ចិន។ ប្រាសាទ​នេះ ជាប់​ឈ្មោះ​ជា​ប្រាសាទបុរាណ​ដ៏​ខ្ពស់បំផុត​នៅក្នុង​ប្រទេស​ចិន ហើយក៏​ជា​ប្រាសាទ​ឥដ្ឋ​បុរាណ ដែល​ខ្ពស់បំផុត​ក្នុង​ពិភពលោក​ផងដែរ។

យោងតាម​ឯកសារ​ប្រវត្តិសាស្ត្រ​ចិន​បាន​បង្ហាញថា ប្រាសាទ​ដែលមាន​កម្ពស់​រហូតដល់​ទៅ៨៤ម៉ែត្រ និង​មាន១១ជាន់​នេះ ត្រូវបាន​សាងសង់ឡើង​នៅ​សតវត្សរ៍​ទី១១ អំឡុង​រជ្ជកាល សុង (Song Dynasty) (៩៦០-១២៧៩) ដោយ​ការសាងសង់​បានបញ្ចប់​ជា​ស្ថាពរ​នៅក្នុង​ឆ្នាំ១០៥៥ (៩៦៦ឆ្នាំមុន)។

ការសាងសង់​ប្រាសាទ​នេះ ធ្វើឡើង​តាម​ព្រះរាជ​បញ្ជា​របស់​ព្រះ​ចៅ​អធិរាជ ចិន​ចុង (Emperor Zhenzong) នៃ​រជ្ជកាល សុង ក្នុង​បំណង​ដាក់​តម្កល់​គម្ពីរ​ព្រះពុទ្ធសាសនា​ដែលមាន​ព្រះ​ថេរៈ​ចិន មួយ​ព្រះអង្គ​ព្រះនាម ហួយ នឹង (Hui Neng) បាន​និមន្ត​ទៅ​ចម្លង​ពី​ប្រទេស​ឥណ្ឌា។

នៅ​ជាន់នីមួយៗនៃ​ប្រាសាទ៨ជ្រុង​នេះ សុទ្ធ​តែមាន​ដំបូល​ថ្ម​លយ ដោយមាន​ទ្វារ​នៅ​ជ្រុង​ចំនួន៤ និង​បង្អួច​បញ្ឆោត​នៅ​ជ្រុង​ចន្លោះ​ទ្វារ​ឆ្លាស់គ្នា ប៉ុន្តែ​គ្មាន​យ៉​នោះទេ លើកលែងតែ​ជាន់​ទី១ ដែលមាន​ជំហរ​ខ្ពស់​ជាងគេ​ដាច់ និង​មាន​យ៉៕

វិភាគ​សង្គមៈ​តើ​ខ្លួន​ទីពឹង​ខ្លួន​ជា​បាវចនា​ក្នុង​ប្រព័ន្ធ​នៃ​ការគិត​របស់​ខ្មែរ​ឬ?

ដោយៈ​យិន លាង​គង់ៈ​ស្ថាបនិក​និង​ជា​អគ្គនាយក Propertyarea.asia

ភ្នំពេញៈ ពាក្យ​ខ្លួន​ទីពឹង​ខ្លួន បានក្លាយ​ជា​ឈាម​ខ្មែរ​រាប់រយឆ្នាំ​មកហើយ ចាប់តាំងពី​ខ្មែរ​ទទួលយក​ល​ទ្ឋិ​ព្រះ​ពុ​ទ្ឋ​សាសនា ដែល​សាសនា​នេះ បាន​ប្រដៅ​មនុស្ស​ឲ្យ​មាន​ផ្នត់គំនិត “ខ្លួន​ទីពឹង​ខ្លួន” ប៉ុន្តែ​ទាំង​សង្ឃ និង​អ្នកប្រាជ្ញ​សាសនា​នេះ មិនបាន​បកស្រាយ​ឬ​ពន្យល់​ឲ្យ​បាន​ក្បោះក្បាយ ដើម្បី​ធ្វើ​ឲ្យ​ជាតិ​សាសន៍​នេះ យល់​ពី​ជម្រៅ​នៃ​ពាក្យ​ប្រដៅ​មួយ​ឃ្លា​នេះឡើយ។

ការបង្រៀន​មិន​ច្បាស់​ក្លាយជា​ការបំពុល

នៅក្នុង​ជម្រៅ​នៃ​ពាក្យ​ខ្លួន​ទីពឹង​ខ្លួន ឬ​អត្តា​ហិ អន្តោ នា​ថោ មិនមាន​ខុស​ឡើយ ប៉ុន្តែ​វា​ត្រូវបាន​គេ​យកទៅ​ប្រើ​ខុស ដោយសារ​អ្នកប្រាជ្ញ​ជ្រៅជ្រះ​ក្នុងសង្គម និង​ក្នុង​សាសនា​មិនបាន​ពន្យល់​ក្បោះក្បាយ​នោះទេ។

មិន​ពន្យល់​រឿង​អ្វី? ការពិត​ខ្លួន​ទីពឹង​ខ្លួន ជាការ​សំដៅ​ដល់​ការពង្រឹង​សមត្ថ​ភា​ពបុ​គ្គល​និមួយៗឲ្យ​មានចំណេះ ជំនាញ សីល​ធ៌​ម គុណធ៌ម ដើម្បី​ប្រឡូក​ក្នុងសង្គម និង​ធ្វើ​ឲ្យ​គុណភាព​ជីវិត​របស់ខ្លួន​ប្រសើរឡើង តាមរយៈ​ការពង្រឹង​សមត្ថភាព និង​ចំណេះដឹង ជំនាញ​របស់ខ្លួន។

ប៉ុន្តែ​នៅពេល​ប្រឡូក​ក្នុងសង្គម ទាំង​សង្គម​គ្រួសារ សង្គម​ការងារ សង្គមជាតិ មនុស្ស​ត្រូវ​សាមគ្គី​គ្នា លើកស្ទួយ​គ្នា ណែនាំ​គ្នា ដើម្បី​ប្រ​សិ​ទ្ឋ​ភាព​ការងារ​ផង ទទួលបាន​ប្រ​សិ​ទ្ឋ​ផល​ផង​នៅក្នុង​ជីវិត​ការងារ និង​ជីវិត​គ្រួសារ​របស់ខ្លួន​ផង ប៉ុន្តែ​មូលដ្ឋាន​ត្រូវ​ចាប់ផ្តើម​ពាក្យ​ខ្លួន​ទីពឹង​ខ្លូន​ជាមុន ដើម្បី​ទទួលបាន​នូវ​គុណ​តម្លៃ​ជីវិត និង​អាចធ្វើ​ឲ្យ​សង្គម​គ្រួសារ សហគមន៍៍ និង​សង្គមជាតិ​មាន​ភាពសុខសាន្ត។

វា​ក្លាយជា​ការបំពុល

និយាយ​ត្រលប់​ឡើងវិញ​ម្តងទៀត ដោយសារ​ការមិន​ពន្យល់​បានច្បាស់លាស់ ដោយសារ ការមិនយល់​ស៊ីជម្រៅ​នៃ​អត្ថន័យ​ប្រៀនប្រដៅ​នេះ បានធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​កម្លា​យ​ពាក្យ​នេះ​ទៅជា “សក់​អ្នកណា ក្បាល​អ្នក​ហ្នឹង” ឬ​ក្រៅពី​អញ មានតែ​អញ​ជាដើម។

ដោយ​ប្រកាន់យក​សក់​អ្នកណា​ក្បាល​អ្នក​ហ្នឹង បានធ្វើ​ឲ្យ​ជាតិ​សាសន៍​ខ្មែរ​កើត​ជំងឺ​អញ​និយម​កាន់តែខ្លាំង ស្លាប់​អ្នកណា​ក៏បាន​ឲ្យ​តែ​អញ​រស់ “ជាក់ស្តែង​ព្រឹត្តិការណ៍​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នាពេលនេះ” បានធ្វើ​ឲ្យ​អាជីវករ អ្នកជំនួញ​មួយចំនួន​បាន​លក់ទំនិញ​ដំឡើងថ្លៃ​តាមតែ​ចិត្ត​របស់ខ្លួន ដោយ​មិន​គិតពី​ទុក្ខលំបាក​របស់​ជនរួមជាតិ​របស់​ខ្លូន ដែល​កំពុង​ភ័យ​ខ​ស្លន់ស្លោ និង​មាន​បញ្ហា​សេដ្ឋកិច្ច​នោះទេ។

បញ្ហា​នៃ​ការបំពុល​ដោយ​ប្រយោល​នូវ​ពាក្យ​មួយ​ឃ្លា​នេះ កុំ​ថា​ឡើង​សង្គមជាតិ​បែកបាក់ សូម្បីតែ​សង្គម​គ្រួសារ​ខ្មែរ​ភាគច្រើន(អាច​លើស៨០ភាគរយ) ដែល​បងប្អូន​បង្កើត ក៏​ឈ្លោះ​គ្នា ដណ្តើមយក​ប្រៀប​ឈ្នះ ដណ្តើមយក​ឧត្តមភាពរៀងៗ ខ្លួន​គួរ​ឲ្យ​អាណិតអាសូរ​ផងដែរ។

ប្រ​ព័​ន្ឋ​អប់រំ​របស់​ជាតិ

ក្រោម​ការដឹកនាំ​របស់​ប្រ​ព័​ន្ឋ​អប់រំ​ជាតិ ដោយ​រដ្ឋមន្ត្រី​បច្ចុប្បន្ន និង​រដ្ឋមន្ត្រីក្រសួង​អប់រំមុនៗ បាន​បន្ត​យក​រឿង “កុលាប​ប៉ៃលិន” យកមក​ដាក់​ក្នុង​កម្មវិធីសិក្សា​មធ្យមសិក្សា​ទុតិយភូមិ ដែល​ក្នុង​រឿងនេះ​បាន​ឲ្យ​តម្លៃ​ទៅលើ​ពាក្យ “ខ្លួន​ទីពឹង​ខ្លូន​របស់​តួអង្គ​ចៅ ចិត្រ” ដែលជា​កូន​កសិករ​ក្រីក្រ ប៉ុន្តែ​បាន​តស៊ូ​រហូត​ទទួលបាន​តួអង្គ​នាង “ឃុន​នារី” ដែលជា​កូន​ថៅកែ​ត្បូង​នៅ​បរ​ប៉ៃលិន។

ដោយ​ខិតខំ​រំលេច​នូវ​អត្ថ​ប​ន័យ “ខ្លួន​ទីពឹង​ខ្លួន” អ្នក​និ​ព​ន្ឋ​រឿងនេះ ដែល​ធ្លាប់​បួស​ជាស​ង្ឃ បាន​ព្យាយាម​ពន្លេច​ចេញ​នូវ “ច​រិ​ក​តួអង្គ ដែល​គោរព​នូវ​ពាក្យ​ខ្លួន​ទីពឹង​ខ្លួន” ឡើង ប៉ុន្តែ​អ្នក​និ​ព​ន្ឋ មិនបាន​ពន្យល់​ពីសារ​ច្បាស់លាស់​ណាមួយ​ថា “ខ្លួន​ទីពឹង​ខ្លួន គួរ​មាន​អត្ថន័យ និង​គួរ​ប្រតិបត្តិ​បែបណា​ឡើយ” ។

ការចាក់​បញ្ចូល​នូវ​សារធាតុ​ពណ៌​ប្រផេះ (បញ្ញាញ្ញាណ)លើ​មនុស្ស ក្នុង​កម្មវិធីសិក្សា​សម្រាប់​យុវជន ដែល​ប្រ​ព័​ន្ឋ​នៃ​ការគិត​របស់​ពួកគេ​នៅមានកម្រិត ការ​ស្រូបយក​នូវ​ទស្សន​ណាមួយ កាន់តែ​យូរ បន្តិចម្តងៗ វា​បាន​ក្លាយជា​ឈាម ឬ​ស្ថិតនៅក្នុង​ផ្នត់គំនិត​ខ្មែរ​តាំងពីដើម​រៀងមក ហើយ​ប្រ​ព័​ន្ឋ​នៃ​ការគិត ឬ​គំនិត​ដែល​មិន​ច្បាស់លាស់​បែបនេះ វា​បានក្លាយ​ជាការ​បំពុលសង្គម​របស់ខ្លួន។

ត្រូវ​ចងចាំ​ថា គេ​រំលាយ​ប្រទេសមួយ ឬ​ធ្វើ​ឲ្យ​ប្រទេសមួយ​ទន់ខ្សោយ​បាន គឺ​តាម     រយៈ​មនោគមវិជ្ជា ដោយ​មិនចាំបាច់​ប្រើប្រាស់​អាវុធ​នោះទេ។ ហេតុនេះ​មនោគមន៍វិជ្ជា​ដែល​ហួសសម័យកាល និង​មិន​ពន្យល់​ឲ្យ​មាន​ភាពច្បាស់លាស់ គួរ​ត្រូវ​ពិចារណា​ដកចេញ​ពី​កម្មវិធីសិក្សា ឬ​យកមក​ពន្យល់​ខ្មែរ​ឲ្យ​បានច្បាស់លាស់ ជាជាង​សូត្រ​តែ​ធ៌​ម​បាលី និង​សំ​ង្ក្រឹ​ត ដែល​អត្ថន័យ​បែបណា មិន​ត្រូវបាន​ពន្យល់​ដ​ល់​អ្នក​ស្តាប់​នោះឡើយ៕

លោក​ឧបនាយករដ្ឋមន្ត្រី​ជា សុផារ៉ា បញ្ជាក់​ពី​មាត្រដ្ឋាន​ទីធ្លា​ជុំវិញ​សំណង់​អាគារ​ចាប់ពី​កម្ពស់១២ឡើងទៅ​នៅ​កម្ពុជា

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ កាលពីពេល​កន្លងទៅ​នេះ​មាន​ចម្ងល់​ជាច្រើន ពី​សំណាក់​មហាជន​ពាក់ព័ន្ធ​ទៅនឹង​មាត្រដ្ឋាន នៃ​ការសាងសង់​សំណង់​អាគារធំៗ និងខ្ពស់ៗដែលមាន​កម្ពស់​ចាប់ពី១០ជាន់​ឡើងទៅ ត្រូវ​រក្សា​ធ្លា​ជុំវិញ​តួ​អាគារ​ប៉ុន្មាន​ម៉ែត្រ ដែល​ស្របតាម​កម្រិតស្ដងដារ​នៃ​សំណង់​អគារ ខណៈដែល​នៅ​កណ្តាល​រាជធានី​ភ្នំពេញ គេ​ឃើញ​មាន​វត្តមាន​អាគារ​ដុះ​ឡើង​ច្រូងច្រាង​ស្អា​ក​ស្កះ​ស្ទើរ​គ្រប់​ទី​ន្លែ​ង។

យោងតាម​ការកំណត់​ធ្លា គម្លាត​នគរូបនីយកម្ម ចំពោះ​សំណង់​ដែលមាន​កម្ពស់​ខ្ពស់​ចាប់ពី១០ជាន់​ឡើងទៅ គឺ​ត្រូវបាន​អនុវត្តតាម​អនុក្រឹត្យ​លេខ៨៦ អនក្រ.បក ចុះ​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ ស្ដីពី​លិខិតអនុញ្ញាត​សាងសង់ និង​អនុក្រឹត្យ​លេខ៤២ អនក្រ.បក ចុះ​ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៥ ស្ដីពី​នគរូបនីយកម្ម​រាជធានី ក្រុង និង​ទីប្រជុំជន។

យោងតាម​សេចក្ដីសម្រេច ដែល​ចុះហត្ថលេខា​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​កាលពីពេល​កន្លង​ទៅបាន​បញ្ជាក់ថា ដើម្បី​អាច​ធានាបាន​នូវ​គុណ​ភាណ ប្រសិទ្ធភាព និង​ចីរភាព នៃ​ការអភិវឌ្ឍ​នគរូបនីយកម្ម ក្រសួង​សូម​ណែនាំ​បន្ថែម​អំពី ការកំណត់​ធ្លា​គម្លាត​នគរូបនីយកម្ម ចំពោះ​សំណង់​អាគារ ដែលមាន​កម្ពស់​ខ្ពស់ ស្ថិតនៅតាម​បណ្តោយ​មហាវិថី នៃ​រាជធានី ក្រុង និង​ទីប្រជុំជន ហើយ​តម្រូវឱ្យមាន​ការអនុវត្ត​ជា​ចាំបាច់។

ប្រភេទ១ សម្រាប់​អគារ​ដែលមាន​កម្ពស់​ចា​ប់​ពី៣១ជាន់​ឡើងទៅ ត្រូវ​រក្សា​ធ្លា​គម្លាត​ខាងមុខ​យ៉ាងតិច១០ម៉ែត្រ និង​ធ្លា​គម្លាត​ខាងក្រោយ រួមទាំង​ចំហៀង​សងខាង​យ៉ាងតិច៤ម៉ែត្រ។

ប្រភេទ​ទី២ សម្រាប់​អគារ​ដែលមាន​កម្ពស់​ចា​ប់​ពី២១ជាន់ រហូតដល់៣០ជាន់ ត្រូវ​រក្សា​ធ្លា គម្លាត​ខាងមុខ​យ៉ាងតិច៨ម៉ែត្រ និង​ធ្លា​គម្លាត​ខាងក្រោយ រួមទាំង​ចំហៀង​សងខាង​យ៉ាងតិច៣.៥ម៉ែត្រ។

ប្រភេទ​ទី៣  សម្រាប់​អគារ ដែលមាន​កម្ពស់​ចាប់ពី១២ជាន់ រហូតដល់២០ជាន់ ត្រូវ​រក្សា​ធ្លា​គម្លាត​ខាងមុខ​យ៉ាងតិច៦ម៉ែត្រ និង​ធ្លា​គម្លាត​ខាងក្រោយ រួមទាំង​ចំហៀង​សងខាង​យ៉ាងតិច៣ម៉ែត្រ។

ការកំណត់​ពី​មាត្រដ្ឋាន​ធ្លា​គម្លាត​ផ្នែក​ខាងមុខ ក៏ដូចជា​ផ្នែក​ជុំវិញ​អគារ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា សំណង់​អគារ​អាច​ធានាបាន​បទដ្ឋាន​ត្រឹមត្រូវ រក្សាបាន​នូវ​បរិ​កាស​ល្អ មាន​សោភ័ណភាព និង​អាច​ផ្តល់​ផាសុកភាព​ដល់​អ្នកប្រើប្រាស់​អគារ​រួម៕

លោក​សន សៀ​បៈ​តើ​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​គួរ​ធ្វើ​ខ្លះ​នៅក្នុង​បរិបទ​កូ​វីដ១៩ ដ៏​សោកសៅ?

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ស្ថិតនៅក្នុង​បរិបទ​ថ្មី​នៃ​សម័យកាល​កូ​វីដ ដែល​ធ្វើឱ្យ​វិស័យ​ជាច្រើន​ទទួលរង​នូវ​ផលប៉ះពាល់​ជាខ្លាំង ដែល​ក្នុងនោះ​រាប់ទាំង​វិស័យ​អចលនទ្រព្យ​ផងដែរ​នោះ លោក​សន សៀ​ប បាន​មានប្រសាសន៍ថា ទោះជា​ទីផ្សារ​អចលនទ្រព្យ ហាក់​មាន​ភាពស្ងប់ស្ងាត់ ប៉ុន្តែ​សម្រាប់​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ មិនត្រូវ​នៅ​ស្ងៀម​នោះទេ។

លោក​សន សៀ​ប ស្ថាបនិក និង​ជានា​យក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ KEY Real Estate បាន​មានប្រសាសន៍​កាលពីពេលថ្មីៗនេះ​ថា ផ្ទុយ​ពី​ស្ថានភាព​ទីផ្សារ​ដែល​កំពុង​មាន​ភាពស្ងប់ស្ងាត់ ប៉ុន្តែ​សម្រាប់​ក្រុមហ៊ុន​ភ្នាក់ងារ ត្រូវតែមាន​សកម្មភាព ដើម្បី​ពង្រឹងសមត្ថភាព ឱ្យ​កាន់តែ​រឹងមាំ​សម្រាប់​ត្រៀម​ចាប់យក​ចំណែក​ទីផ្សារ ក្រោយពេល​វិបត្តិ​ត្រូវបាន​បញ្ចប់។

លោក​បន្តថា “នៅក្នុង​សម័យកាល​ដែល​រំខាន​ដោយ​វិបត្តិ​កូ​វីដ-១៩ មិនមែន​មានតែ​កម្ពុជា​នោះទេ ពោលគឺ​ស្ទើរតែ​គ្រប់​បណ្តា​ប្រទេស​នានា នៅលើ​ពិភពលោក​ក៏​ទទួល​នូវ​ឥទ្ធិពល​អវិជ្ជមាន​ដូចគ្នា ប៉ុន្តែ​អ្វីដែល​យើង​ត្រូវធ្វើ គឺ​ការពង្រឹង​សមត្ថភាព​ក្នុងការ​ទប់ទល់​នឹង​វិបត្តិ​មួយ​នេះ” ។

លោក​បន្តថា យើង​ដឹង​ហើយ​ថា នៅក្នុង​បរិបទ​នៃ​សម័យ​កូ​វីដ ការទិញ​លក់​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ ហាក់​មាន​ភាពស្ងប់ស្ងាត់​បន្តិច ប៉ុន្តែ​ក្នុងនាម​ជា​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ មិនត្រូវ​សម្ងំ​រក្សា​ភាពស្ងប់ស្ងាត់​ដូច​ស្ថានភាព​នោះទេ។ នៅក្នុង​កំឡុង​ពេលនេះ ក្រៅពី​ព្យាយាម​កាត់បន្ថយ​នូវ​ការចំណាយ​ក្រៅ​ខ្ទង់ ក្រុមហ៊ុន​ត្រូវបាន​ឆ្លៀតឱកាស​ក៏​សាង​កេរ្តិ៍ឈ្មោះ​របស់​ខ្លូន (Branding) តាមរយៈ​ការផ្សព្វផ្សាយ​នៅលើ​បណ្តាញ​ទំនាក់​ទំនាក់​អេ​ឡិច​ត្រូ​ក ដែល​កំពុងមាន​ភាព​រី​ក​ចម្រើន​នាពេល​បច្ចុប្បន្ន​ឱ្យបាន​ទូលាយ។

លោក​សន សៀ​ប បាន​មានប្រសាសន៍​បញ្ជាក់ទៀតថា អ្វី​ដែលជា​ចំណុច​សំខាន់​បន្ថែម​ពីនេះ គឺ​ការព្យាយាម​ភ្ជាប់​ទំនាក់ទំនង ជាមួយ​បណ្តា​ក្រុមហ៊ុន​ជា​ដៃគូ មិន​ថា​ជា​ក្រុមហ៊ុន​ភ្នាក់ងារ​ដូចគ្នា ក្រុមហ៊ុន​វិនិយោគ ក៏ដូចជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​នោះទេ ដោយ​យើង​អាចមាន​លទ្ធភាព ក្នុងការ​បង្កើត​កិច្ច​ជំនួប​តាមរយៈ​អន​ឡាញ (Video Group) ដែល​កំពុងមាន​ការពេញនិយម​នៅពេល​បច្ចុប្បន្ន។

ក្រៅពីនេះ ក៏ត្រូវ​មានការ​បណ្តុះបណ្តាល​ជំ​ណេះ​ដឹង ជំនាញ​ពាក់ព័ន្ធ​បន្ថែម​ដល់​បុគ្គលិក​របស់ខ្លួន ដើម្បី​អាចមាន​លទ្ធភាព​គ្រប់គ្រាន់ ក្នុងការ​ចាប់យក​ចំណែក​ទីផ្សារ​ណាមួយ​បន្ទាប់ពី​វិបត្តិ​នៃ​ជំងឺឆ្លង​ត្រូវបាន​បញ្ចប់​នៅពេល​ខាងមុខនេះ៕

ក្រៅពីព្រលានយន្តហោះ តើរដ្ឋាភិបាលមានគំរោងវិនិយោគអ្វីបន្ថែមនៅខេត្តមណ្ឌលគីរី

ដោយៈសហការី

មណ្ឌលគីរីៈ ស្ថិតនៅក្នុងគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយឱ្យទៅជាប៉ូលសេដ្ឋកិច្ចទី៤ ប្រចាំប្រទេសនៅប៉ែកឦសាន ខេត្តមណ្ឌលគីរីកំពុងត្រូវបានកែប្រែមុខមាត់ជាមួយនឹងគម្រោងអភិវឌ្ឍន៍ជាច្រើន។

គម្រោងធំៗទាំងនោះរួមមាន

ព្រលានយន្តហោះខេត្តមណ្ឌលគិរី      

          រដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗនេះ បានអនុម័តឲ្យក្រុមហ៊ុនPower China Groupសិក្សានិងបោះទុនវិនិយោគ លើការសាងសង់ព្រលានយន្តហោះខេត្តមណ្ឌលគិរី ដែលវាជាព្រលានយន្តហោះកម្រិតតំបន់ឬអន្តរជាតិ ដែលព្រលាននេះអាចអនុញ្ញាត្តឲ្យ​យន្ត​ហោះផ្ទុកអ្នកដំណើរចន្លោះពី១៧០ ទៅ១៨០នាក់អាចចុះចតបាន។

បើតាមលោកស៊ិន ចាន់សិរីវុត្ថាអនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរ ណ៍ស៊ីវិលបានឲ្យដឹងថា បន្ទាប់ពីសិក្សាចប់ ក្រុមហ៊ុនអាចចាប់ផ្តើមសាងសង់ព្រលាននេះ នៅចុងឆ្នាំ២០២១នេះ។ ក្រុមហ៊ុនPower China Groupមានជំនាញខាងការសាងសង់ ប៉ុន្តែមិនមានជំនាញលើការគ្រប់គ្រងទេ ហេតុនេះក្រុមហ៊ុននេះនឹងសិក្សារកដៃគូសហការ ដើម្បីដំណើរការព្រលាននេះឲ្យទទួលបានជោគជ័យផងដែរ។

គម្រោងបង្កើតក្រុងរណបនៅក្នុងស្រុងអូររាំង

          រដ្ឋាភិបាល ដែលមានក្រសួងទេសចរណ៍ជាសេនាធិការ បាននិងកំពុងត្រៀមរៀបចំបង្កើតទីក្រុងរណបនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលផែនការរបស់រដ្ឋាភិបាលនឹងប្រែក្លាយខេត្តនេះជាតំបន់សេដ្ឋកិច្ចពហុបំណង ពិសេសប្រែក្លាយភូមិភាគឥសាន្ត ដែលជាតំបន់កន្ទុយនាគនៃសេដ្ឋកិច្ចឲ្យមានការអភិវឌ្ឍ ប្រកបដោយសក្តានុពលនាពេលអនាគត។

គម្រោងវិនិយោគបង្កើតស្ថានីយអគ្គិសនី

គម្រោងវិនិយោគវិស័យថាមពល ដោយការបង្កើតស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់កម្លាំង១០០មេហ្គាវ៉ាត់ របស់ក្រុមហ៊ុនXinglan Maritime Energy Co.,Ltd ក្រោមទុនវិនិយោគសរុបចំនួន២០០លានដុល្លារ។

ទីតាំងដាំបន្លែ និងផ្កា

          រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកបណ្ឌោតថោង ខុនបានមានប្រសាសន៍ឲ្យដឹងកន្លងមកថា ដោយសារខេត្តមណ្ឌលគិរីមានអំណោយផល លើលក្ខខ័ណ្ឌអាកាសធាតុ សណ្ឋានដី និងដីមានជីវជាតិ រដ្ឋាភិបាលគ្រោងជំរុញឲ្យវិស័យឯកជនដាំផ្កា និងបន្លែ ដើម្បីផ្គង់ផ្គង់មូលដ្ឋានទេសចរណ៍នៅទូទាំងប្រទេស។

ជាមួយគ្នានេះ រដ្ឋាភិបាលក៏បានអនុញ្ញាត្តឲ្យក្រុមហ៊ុនលំដាប់យក្សរបស់ចិន សិក្សា ដើម្បីវិនិយោគសាងសង់ព្រលានយន្តហោះ លំដាប់អន្តរជាតិនៅខេត្តមណ្ឌលគិរីផងដែរ។

អភិបាលខេត្តមណ្ឌលគិរី លោកស្វាយ សំអ៊ាងបានមានប្រសាសន៍ថា ពេលនេះលោកមិនទាន់អាចជប្រាប់បានថា អាជីវកម្មរបស់ក្រុមហ៊ុនដំណើរការយ៉ាងណានោះទេ ប៉ុន្តែប្រសិនបើគម្រោងរបស់ក្រុមហ៊ុន វិនិយោគថាមពលអគ្គិសនីដើរ ដោយខ្យល់នេះលេចចេញជារូបរាងឡើង វាជាការល្អមួយក្នុងការជួយផ្គត់ផ្គង់ ថាមពលអគ្គិសនីប្រើប្រាស់នៅក្នុងខេត្ត ដែលកំពុងតែមានតម្រូវការ កសាងការអភិវឌ្ឍន៍ការបំភ្លឺផ្លូវសាធារណៈ ដែលទាមទារឲ្យមានថាមពលគ្រប់គ្រាន់សម្រាប់ប្រើប្រាស់។

ខេត្តមណ្ឌលគីរីនាពេលបច្ចុប្បន្ន កំពុងក្លាយជាគោលដៅរបស់អ្នកវិនិយោគក្នុងស្រុកជាច្រើន ដោយភាគច្រើនបានបង្ហាញពីគម្រោងអភិវឌ្ឍន៍ ក្នុងវិស័យទេសចរណ៍ដោយការបង្កើតជាតំបន់កម្សាន្តបែបកែច្នៃ រួមជាមួយនឹងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបែបលំហែរកាយដែលមានតម្លៃចាប់ ពីជាង៣ម៉ឺនដុល្លាររហូតដល់៥ម៉ឺនដុល្លារក្នុងមួយខ្នង។

លោកស្វាយ សំអ៊ាងបានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា បច្ចុប្បន្នមានគម្រោងអភិវឌ្ឍន៍ជាច្រើន កំពុងបង្ហាញខ្លួនជាបន្តបន្ទាប់ ជាពិសេសនៅក្នុងក្រុងសែនមនោរម្យ និងតំបន់ដែលស្ថិតនៅជាប់ក្រុងក្នុងរូបភាព ដូចជា ការសាងសង់បណ្តុំលំនៅ     ដ្ឋានលំហែរក្បែរជើងភ្នំជាដើម។

លោកបានបន្តថា “គម្រោងអភិវឌ្ឍន៍ថ្មីៗ ពីវិស័យឯកជនលោកនៅមិនទាន់ក្តាប់បានច្បាស់នៅឡើយនោះទេ ប៉ុន្តែគម្រោងអភិវឌ្ឍន៍ក្រោមផែនការ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគម្រោងសាងសង់ព្រលានយន្ដហោះ ក្នុងតំបន់ដែលស្ថិតនៅស្រុកអូររាំង គឺកំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សា ដោយក្រុមហ៊ុនចិនដែលទទួលបានសិទ្ធិពីរ ដ្ឋាភិបាល ដែលអាចនឹងគ្រោងចាប់ផ្តើមការដ្ឋាននៅចុងឆ្នាំនេះ”។

ដោយឡែកសម្រាប់គម្រោងបង្កើតក្រុងរណប ក៏ស្ថិតនៅក្នុងដំណាក់កាលសិក្សានៅឡើយដែរក្រោមសំណើររបស់ក្រសួងទេសចរណ៍។

លោកអភិបាលខេត្តមណ្ឌលគិរីបញ្ជាក់ថា គម្រោងនេះ នឹងអាចជួយផ្គត់ផ្គង់ថាម​ព​លអគ្គិសនី ហើយនឹងរួមចំណែកការកែលម្អសោភ័ណភាពខេត្ត និងក្រុងដែលកំពុងតែរៀបចំផែនការអភិវឌ្ឍអេកូទេសចរណ៍ជាដើម។ ម្យ៉ាងទៀត នឹងអាចលើកមុខមាត់ខេត្តហើយទាក់ទាញនូវការទស្សនាពីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ៕

តើអ្វីជាគោលនយោបាយសាររពើពន្ឋ និងគោលជំហរបស់វា

          ដោយៈស៊ីវ ម៉េង

          ភ្នំពេញៈ នៅក្នុងវិទ្យាសាស្ត្រសេដ្ឋកិច្ច គោលនយោបាយសារពើពន្ធគឺជាការប្រើការចំណាយ (expenditure) និងចំណូល (revenue) របស់រដ្ឋាភិបាលដើម្បីមានឥទ្ធិពលលើសេដ្ឋកិច្ច។

គោលនយោបាយ​សារពើពន្ធអាចប្រៀបធៀបបានជាមួយ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច (macroeconomic policy) និងគោលនយោបាយរូបិយវត្ថុ (monetary policy) ដែលព្យាយាមធ្វើឲ្យមានស្ថិរភាពសេដ្ឋកិច្ច ដោយគ្រប់គ្រងអត្រាការប្រាក់ និងការផ្គត់ផ្គង់រូបិយវត្ថុ (money supply)។ ឧបករណ៍សំខាន់ពីររបស់គោលនយោបាយសារពើពន្ធ គឺការចំណាយរបស់រដ្ឋាភិបាល និងការកម្រិតពន្ធដារ។

ការប្រែប្រួលនៃកម្រិត និងសមាសភាពផ្សេងៗនៃពន្ធដារ និងការចំណាយរបស់រ   ដ្ឋាភិបាលអាចមានឥទ្ធិពលផ្សេងៗលើសេដ្ឋកិច្ច៖

  • តម្រូវការសរុប (aggregate demand) និងកម្រិតនៃសកម្មភាពសេដ្ឋកិច្ច
  • ទម្រង់នៃការផ្ដល់ធនធាន
  • ការបែងចែកចំណូល

គោលនយោបាយសារពើពន្ធ សំដៅលើការប្រើថវិការរដ្ឋាភិបាល ដើម្បីមានឥទ្ធិពលលើចំនុចទីមួយខាងលើ៖ សកម្មភាពសេដ្ឋកិច្ច។

គោលជំហរគោលនយោបាយសារពើពន្ធ[កែប្រែ]

គោលនយោបាយសារពើពន្ធ អាចមានគោលជំហរបីគឺ អព្យាក្រឹត (neutral) ពង្រីក (expansionary) និងបង្រួម (contractionary)។ និយមន័យងាយបំផុត នៃគោលជំហរទាំងបីនេះគឺ៖

  • គោលជំហរអព្យាក្រឹត(neutral) នៃគោលនយោបាយសារពើពន្ធ សំដៅលើតុល្យភា​ពសេដ្ឋកិច្ច ដែលជាលទ្ធផលគេទទួលបានចំណូលពន្ធ ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលអាចគ្របដណ្ដប់បានយ៉ាងពេញលេញ លើចំណាយរដ្ឋាភិបាល។ ជាលទ្ធផល កញ្ចប់ថវិកាសរុប មានឥទ្ធិពលអព្យាក្រឹតលើកម្រិតនៃសកម្មភាពសេដ្ឋកិច្ច។
  • គោលជំហរពង្រីក(expansionary) នៃគោលនយោបាយសារពើពន្ធ ទាក់ទងនឹងការចំណាយរបស់រដ្ឋាភិបាលលើសចំណូលពន្ធ។
  • គោលជំហរបង្រួម(contractionary) នៃគោលនយោបាយសារពើពន្ធទាក់ទងនឹងការចំណាយរបស់រដ្ឋាភិបាលលើសចំណូលពន្ធ។

ទោះជាយ៉ាងណាក៏ដោយ និយមន័យនេះអាចខុស ពីព្រោះទោះជាគ្មានការកែប្រែច្បាប់ស្ដីពី ការចំណាយ ឬពន្ធដារក៏ដោយ ក៏វដ្តនៃការប្រែប្រួលសេដ្ឋកិច្ច អាចនាំទៅដល់   វដ្តនៃការប្រែប្រួលចំណូលពន្ធ និងការចំណាយមួយចំនួនរបស់រដ្ឋាភិបាល ដែលអាចកែប្រែស្ថានភាពឱនភាព។

មូលដ្ឋានទាំងនេះ មិនអាចចាត់ទុកថា ជាការកែប្រែគោលនយោបាយនោះទេ។ ហេតុដូច្នេះហើយ និយមន័យខាងលើ “ការចំណាយរបស់រដ្ឋាភិបាល” និង “ចំណូលពន្ធ” ត្រូវបានជំនួសដោយ “ការចំណាយរបស់រដ្ឋាភិបាលដែលកែសម្រួលតាមវដ្ត” និង “ចំណូ​លពន្ធដែលកែសម្រួលតាមវដ្ត”។ ជាឧទាហរណ៍ ដូចជា ថវិការរបស់រដ្ឋាភិបាលដែលមានតុល្យភាពក្នុងវដ្តសេដ្ឋកិច្ច គឺត្រូវបានចាត់ទុកថា តំណាងឲ្យគោលជំហរអព្យាក្រឹតនៃគោលនយោបាយសារពើពន្ធ៕

កម្ពុជានិងក្រុមហ៊ុនជប៉ុនដ៏ធំចុះហត្ថលេខាលើការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់តម្លៃ២៧លានដុល្លារ

ដោយៈ ប៊ី

ភ្នំពេញៈ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រុមហ៊ុន Kubota Metawater Joint venture បានចុះហត្ថលេខាលើកិច្ចសន្យាសាងសង់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីក្រុមហ៊ុននេះបានទទួលជោគជ័យក្នុងការដេញថ្លៃគម្រោងខាងលើ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ កន្លងទៅ។

កាលពីថ្ងៃទី១២ខែមេសាឆ្នាំ២០២១ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន បានរៀបចំពិធីដាក់ឱ្យដេញថ្លៃ នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ឋទឹកខ្វក់នៅរាជធានីភ្នំពេញ ជាគម្រោងជំនួយឥតសំណង។

ក្រុមហ៊ុន Kubota Metawater Joint Venture បានទទួលជ័យជំនះលើការដាក់ឱ្យដេញថ្លៃគម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់នៅបឹងជើងឯក ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់ ៥០០០ម៉ែត្រគូបក្នុង១ថ្ងៃ ។

ទាក់ទងនឹងគម្រោងនេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនហៅកាត់ថា (JICA) កាលពីដើម ខែវិច្ចិកា ឆ្នាំ២០១៩កន្លងមកនេះ បានចុះហត្ថលេខាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្តល់បរិញ្ញប្បទានឥតសំណងចំនួន ២.៧៧៧ លានយ៉េនស្មើរនឹងប្រមាណ២៧លានដុល្លារ ដើម្បីឲ្យកម្ពុជាអនុវត្តន៏គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងទីក្រុងភ្នំពេញ។

ការសាងសង់រោងចក្រប្រព្រឹត្តកម្មនេះ និងធ្វើការផ្តល់ជំនួយបច្ចេកទេស គឺសម្រាប់បង្កើតសមត្ថភាពទៅលើការធ្វើប្រតិបត្តិ និងមើលថែទាំរោងចក្រ ជាពិសេសការគ្រប់គ្រងហរិញ្ញវត្ថុផងដែរ។

ការសាងសង់នេះជាគម្រោងដំបូងក្នងប្រទេសកម្ពុជាដែលនឹងបំពេញបន្ថែមពីលើគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ។ ការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់JICAនឹងអាចបំពេញភាពត្រូវការចម្បងក្នុងការអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់នៅកម្ពុជាដែលនឹងនាំមកនូវការការពារ និងលើកកម្ពស់គុណភាពទឹក ជាពិសេសអនាម័យបរិស្ថាន៕

តើពន្ឋប្រថាប់ត្រាមានជាប់ទាក់ទងដូចម្តេចនឹងការទិញលក់អចលនទ្រព្យ?

          ដោយៈគង់ សូរិយា

          ភ្នំពេញៈ តើពន្ឋប្រថាប់ត្រា ដែលអ្នកទិញលក់អចលនទ្រព្យ តែងតែលឺមានសុពលភាពផ្លូវច្បាប់ និងមានវិសាលភាពដូចម្តេច ទាក់ទងនឹងនិតិវិធីនៃការទិញលក់អចលនទ្រព្យ?។

ពន្ធប្រថាប់ត្រា(Registration Tax)

ជាពន្ធមួយប្រភេទ ដែលត្រូវប្រមូលចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធកាន់កាប់អចលនទ្រព្យ ឬការដាក់ភាគហ៊ុនអចលនទ្រព្យទៅក្នុងក្រុមហ៊ុនណាមួយ ឬជាការផ្ទេរចំណែកណាមួយ ឬទាំងស្រុងនៃភាគហ៊ុនរបស់ក្រុមហ៊ុន ឬការទិញ លក់ មធ្យោបាយដឹកជញ្ជូន ឬយាន្តយន្តគ្រប់ប្រភេទ កិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវា ដែលប្រើប្រាស់ថវិការដ្ឋលិខិតមានលក្ខណៈគតិយុត្តិ ជាអាទិ៍ លិខិតស្ដីពីការបង្កើតក្រុមហ៊ុន លិខិតស្ដីពីការរំលាយក្រុមហ៊ុនបញ្ចូលគ្នា ឬការបិទក្រុមហ៊ុនជាដើម។

តើនរណានឹងទទួលបន្ទុកក្នងការបង់ពន្ធប្រថាប់ត្រា?

អ្នកដែលទទួលសិទ្ធិក្នុងការផ្ទេរ ឬកាន់កាប់អចលទ្រព្យ ឬភាគហ៊ុនរបស់ក្រុមហ៊ុន

អ្នកដែលបានទិញ លក់មធ្យោបាយដឹកជញ្ជូន ឬយានយន្តគ្រប់ប្រភេទ អ្នកទទួលចុះកិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវាដែលប្រើប្រាស់ថវិការដ្ឋ អ្នកទទួលសិទ្ធិលើលិខិតមានលក្ខណៈគតិយុត្ត។

ចុះនរណាខ្លះនឹងអាចជៀសផុតពីពន្ធប្រថាប់ត្រានេះបាន?

-អ្នកដែលទទួលកម្មសិទ្ធិ ក្នុងការកាន់កាប់ដីជាលក្ខណៈសម្បទាន ពីរាជរដ្ឋាភិបាល សម្រាប់ជាប្រយោជន៍ដល់សេដ្ឋកិច្ច ឬសង្គមជាតិ។

-អ្នកផ្ទេរឬទទួលកម្មសិទ្ធិកាន់កាប់អចលនទ្រព្យ ជាលក្ខណៈខ្សែស្រឡាយបងប្អូនដូចជា ការធ្វើសន្ដតិកម្ម (មរតក) រវាងឪពុកឬម្ដាយបង្កើតនិងកូនបង្កើត រវាងប្ដីនិងប្រពន្ធ និងរវាងយាយតាបង្កើត និងចៅបង្កើត។

ការធ្វើប្រទានកម្ម (អំណោយ) រវាងឪពុកម្ដាយបង្កើត និងកូនបង្កើត រវាងប្ដី និងប្រពន្ធ និងរវាងយាយតាបង្កើតនិងចៅបង្កើត សម្រាប់តែការផ្ទេរលើកទីមួយប៉ុណ្ណោះ។ ហើយចាប់ពីលើកទីពីរទៅ ត្រូវបានអនុញ្ញាតអោយដកមូលដ្ឋានគិតពន្ធប្រថាប់ត្រា ១០០លានរៀល។ សម្រាប់ការធ្វើសន្ដតិកម្ម និងប្រទានកម្មទាមទារអោយមានឯកសារបញ្ជាក់ទំនាក់ទំនងអំពីញ្ញាតិ ដូចជាសៀវភៅគ្រួសារ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ ឬឯកសារទាក់ទងផ្សេងៗទៀត៕