សប្ដាហ៍ដំបូងនៃខែមិថុនារដ្ឋាភិបាលកម្ពុជាអនុម័តគម្រោងវិនិយោគលើទឹកប្រាក់ជិត១០០លានដុល្លារ

0

ដោយៈវឌ្ឈនៈ
ភ្នំពេញៈ នៅដើមខែមិថុនា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន៤ ដែលមានទឹកប្រាក់វិវនិយោគប្រមាណជិត១០០លានដុល្លារអាមេរិក ព្រមទាំងផ្ដល់ការងារដល់ពលរដ្ឋកម្ពុជា រាប់ពាន់កន្លែងផងដែរ។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា គម្រោងវិនិយោគទាំង៤ ដែលបានអនុម័តសម្រេចចុះបញ្ជីវិនិយោគជាផ្លូវការរួមមាន ទី១- គម្រោងបង្កើតរោងចក្រផលិតវ៉ាលិស និងកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិដំណាក់កោះ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦០៣កន្លែង។

ទី២- គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ប្រអប់ក្រដាស ថង់ក្រដាស និងបោះពុម្ព ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៥,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២៣៧កន្លែង។ ទី៣- គម្រោងបង្កើតរោងចក្រកែច្នៃផ្លែស្វាយ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្បែស ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៦,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥០០កន្លែង។

ទី៤- គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៤ ចំនួន២៧៥បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ១៦៧៩ ផ្លូវសហព័ន្ធរុស្ស៊ី ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៧៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៦៧៨កន្លែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here