រដ្ឋាភិបាលបានសម្រេចបង្កើតភូមិថ្មីៗចំនួន៣៧នៅក្នុងខេត្តក្រចេះ

ដោយៈ រ៉ាណេត 

ភ្នំពេញៈ ក្រសួងមហាផ្ទៃបានចេញប្រកាសលេខ ៧៧៣ ប្រក ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ដែលចុះហត្ថលេខាដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចបង្កើតភូមិថ្មីចំនួន៣៧ ស្ថិតក្នុងឃុំ សង្កាត់១៧ នៃស្រុក ក្រុង៥ក្នុងខេត្តក្រចេះ។

បច្ចុប្បន្ន ខេត្តក្រចេះមានស្រុក ក្រុងចំនួន៦ ឃុំ សង្កាត់៤៧ និងភូមិ២៥៨ ដែលក្នុងចំណោមភូមិទាំងអស់នេះមាន ឧបសម្ព័ន្ធជារចនាសម្ព័ន្ធ គ្រប់គ្រងរដ្ឋបាល​បណ្ដោះ​អា​សន្ន ឬហៅថា ភូមិ ឧបសម្ព័ន្ធចំនួន ១២៤។

ក្នុងភូមិសាស្រ្ត ភូមិឧបសម្ព័ន្ធ ទាំងអស់នោះមានប្រជាពលរដ្ឋរស់នៅ២២.៦២០គ្រួសារ ចំនួនមនុស្ស៨៧.០៧៦នាក់ ហើយអ្នកដែលមានអាយុចាប់ពី១៨ឆ្នាំឡើង មានចំនួន៤៦.៨៣៥នាក់ និងបាន ចុះឈ្មោះបោះឆ្នោតចំនួន៣២.៦៣៨នាក់។

ការសម្រេចបង្កើតភូមិថ្មីជាផ្លូវការ ជំនួសឲ្យភូមិឧបសម្ព័ន្ធបណ្ដោះអាសន្ន មិនត្រឹមតែបានបង្កលក្ខណៈងាយស្រួលដល់ ការគ្រប់គ្រងរដ្ឋបាលរបស់អាជ្ញាធរមូលដ្ឋានខេត្តក្រចេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កលទ្ធភាព ធំធេងសម្រាប់ការអភិវឌ្ឍមូលដ្ឋាននៅតំបន់ដាច់ស្រយាលនេះទៀតផង។

ក្រុមការងារ និងរដ្ឋបាល ខេត្តក្រចេះ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនសម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានឆ្លើយតបទាន់ពេលវេលាចំពោះសំណូមពរដ៏ទទូចរបស់អាជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋាន ហើយសង្ឃឹម យ៉ាង មុតមាំថា ភូមិឧបសម្ព័ន្ធដែលនៅសេសសល់ចំនួនប្រមាណ៨០ទៀត នឹងបានប្រែក្លាយទៅជាភូមិថ្មីជាផ្លូវការ បន្ថែមទៀតក្នុងពេលដ៏ខ្លីខាងមុខ៕

អភិបាលខេត្តៈ ឃុំចំនួន៤ក្នុងស្រុកទឹកឈូនឹងត្រូវកាត់ចូលមកក្នុងរដ្ឋបាលក្រុងកំពត

ដោយគង់ សូរិយា

ភ្នំពេញៈ អភិបាលខេត្តកំពតបានបង្ហើបឲ្យដឹងថា រដ្ឋបាលខេត្តនឹងកាត់បញ្ចូលឃុំចំនួន៤ ក្នុងចំណោមឃុំចំនួន១៦ ក្នុងស្រុកទឹកឈូ ចូលមកក្នុងដែនរដ្ឋបាលក្រុងកំពតនាពេលខាងមុខនេះ។

 

លោកជាវ តាយអភិបាលនៃគណអភិបាលខេត្តកំពត បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១០ មិនានេះថា រដ្ឋបាលខេត្តបានរៀបចំរួចហើយ លើនិតិវិធី ដើម្បីកាត់ឃុំទាំង៤ ចូលមកក្នុងដែនដ្ឋបាលខេត្តកំពត ប៉ុន្តែឃុំទាំងនោះមិនទាន់ត្រូវប្រកា​សនៅឡើយទេ ដោយរង់ចាំការបោះឆ្នោតឃុំ សង្កាត់នាឆ្នាំ២០២២ខាងមុខនេះ។

លោកបន្តថា “យើងមិនអាចជម្រាបបាននៅឡើយទេ ពីឈ្មោះឃុំទាំងបួននេះ គឺរង់ចាំពេលបវេលាមកដល់សិន ប៉ុន្តែអ្វីៗគឺខេត្តនិងក្រសួងមហាផ្ទៃបានរៀបចំរួចហើយ”។​លោកបន្តថា ទាក់ទងនឹងផ្លូវក្រវ៉ាត់ក្រុងកំពត អាជ្ញាធរខេត្តបាននិងកំពុងជម្រុញ និងពង្រឹ​ងលើមូលដ្ឋានទាំងនោះ ដើម្បីធ្វើឲ្យការអភិវឌ្ឍក្នុងខេត្តបានលឿន តាមគោលនយោ​បាយរបស់ប្រមុខរដ្ឋាភិបាល”។

លោកជាវ តាយបានបន្តឲ្យដឹងទៀតថា រហូតមកទល់ពេលនេះ ខេត្តកំពតមិនទាន់មានប្រជាពលរដ្ឋឆ្លងជំងឺកូវីដនៅឡើយទេ ប៉ុន្តែអាជ្ញាធរខេត្តបាននិងកំពុងយក​ចិត្តទុក​ដា​ក់ធ្វើយ៉ាងណាទប់ស្កាត់ជំងឺនេះ តាមវិធានដែលបានដាក់ចេញ ដោយក្រសូងសុខាភិបាល។

ទោះបីជាមានជំងឺកូវីដកំពុងរាតត្បាតនៅកម្ពុជាក្តី ប៉ុន្តែសកម្មភាពនៃការទិញលក់ និងអភិវឌ្ឍន៍នៅខេត្តកំពត នៅតែមានភាពសកម្ម និងមមាញឹកនៅឡើយ។នេះបើតាមភ្នាក់ងារអចលនទ្រព្យក្នុងខេត្ត។

លោកSaraj Sutton ថ្នាក់ដឹកនាំមួយរូបនៃក្រុមហ៊ុនCentury21 Cambodiaបានមានប្រសាសន៍ថា ខេត្តកំពតនឹងមានការអភិវឌ្ឍន៍លឿន បន្ទាប់ពីក្រុងព្រះសីហនុ ដោយ​សារខេត្តនេះ មានសក្តានុពលសំខាន់ៗជាច្រើនដូចជា ជាខេត្តដែលមានចម្ងាយកៀកនឹងរាជធានីភ្នំពេញ ជាទីតាំងទាក់ទាញការវិនិយោគ ដោយសារមានធនធានធម្មជាតិដ៏មានសក្តានុពល សម្រាប់ការវិនិយោគរមណីយដ្ឋានលំហែរកាយ និងហេដ្ឋារចនាសម្ព័ន្ឋក្នុងខេត្តកំពង់ពង្រីកដូចជាកំពង់ផែទេសចរណ៍ កំពង់ផែទឹកជ្រៅសម្រាប់ដឹកទំនិញជាដើម៕

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំៗរបស់ចិនចាប់ផ្តើមងាកមកចាប់យកចំណែកទីផ្សារក្នុងស្រុកដ៏មានសក្ដានុពលរបស់ខ្លួន

ដោយៈ សាវុធ

ហុងកុងៈ ប្រភពជាក់លាក់មួយបានឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន (EV) ដែលចុះបញ្ជីនៅសហរដ្ឋអាមេរិក រួមមានក្រុមហ៊ុន Li Auto Inc ក្រុមហ៊ុន Nio Inc និងក្រុមហ៊ុន Xpeng Inc គ្រោងនឹងចុះបញ្ជីនៅហុងកុងនៅឆ្នាំនេះ ដើម្បីទាក់ទាញអ្នកវិនិយោគនៅប្រទេសខ្លួនផ្ទាល់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១។

ក្រុមហ៊ុនទាំងបីនេះ មានគោលបំណងលក់ហ៊ុន យ៉ាងហោចណាស់៥ភាគរយ នៃមូលធនភាគហ៊ុនសរុប នៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីមួយនេះ។ ផ្អែកលើមូលធននីយកម្ម ទីផ្សារញូវយ៉ករបស់ក្រុមហ៊ុនទាំងបី កាលពីថ្ងៃចន្ទ ការប្រមូលមូលនិធិពីផ្សារហ៊ុននៅហុងកុងអាចឈានដល់៥ពាន់លានដុល្លារអាមេរិក។

ប្រភពមួយដែលបានបដិសេធ មិនបញ្ចេញឈ្មោះបាននិយាយថា ក្រុមហ៊ុនបាននិងកំពុងធ្វើការ ជាមួយអ្នកប្រឹក្សាយោបល់អំពីការលក់ភាគហ៊ុន ដែលអាចចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំនេះ។

ក្រុមហ៊ុន Li Auto ក្រុមហ៊ុនNio និងក្រុមហ៊ុនXpeng ដែលប្រមូលប្រាក់បានចំនួន១៤,៧ពាន់លានដុល្លារ នៅក្នុងផ្សារហ៊ុនសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ២០១៨។ ភាគហ៊ុន ដែលបានចុះបញ្ជីនៅអាមេរិក របស់ក្រុមហ៊ុនផលិតរថយន្តទាំងបី បានកើនឡើងចន្លោះពី៣,៧ភាគរយ ទៅ៥,៣ភាគរយនៅក្នុងការលក់ភាគហ៊ុនដំបូង។

ផែនការនេះធ្វើឡើង នៅពេលដែលក្រុមហ៊ុនទាំងបីបង្កើនដើមទុន ដើម្បីផ្តល់មូលនិធិដល់ការអភិវឌ្ឍបច្ចេកវិទ្យា និងពង្រីកបណ្តាញលក់ ដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សាររថយន្តអគ្គិសនីធំបំផុតរបស់ពិភពលោក ដែលក្រុមហ៊ុនTesla Inc របស់សហរដ្ឋអាមេរិកកំពុងជំរុញការលក់យានយន្តផលិតនៅប្រទេសចិន។

ឆ្នាំនេះត្រូវបានគេមើលឃើញថា មានសារៈខ្លាំងសំខាន់ណាស់ សម្រាប់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ដើម្បីដណ្តើមចំណែកទីផ្សារ ខណៈឧស្សាហកម្មនេះរំពឹងថា ការលក់រថយន្តថាមពលថ្មីរបស់ចិន នឹងកើនឡើងជិត៤០ភាគរយ ដែលកាលពីឆ្នាំមុនមានត្រឹមតែ១,៨លានគ្រឿង។

លោក Shi Ji អ្នកវិភាគរបស់ក្រុមហ៊ុនHaitong International បាននិយាយថា “ទោះបីមានធនធានហិរញ្ញវត្ថុច្រើននាពេលបច្ចុប្បន្ន បើប្រៀបធៀបទៅនឹងឆ្នាំមុនក៏ដោយ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី នៅតែត្រូវការវិនិយោគយ៉ាងច្រើនសម្បើម លើបច្ចេកវិទ្យាជំនាន់ថ្មី។ ការស្វែងរកបញ្ជីផ្សារហ៊ុននៅទីផ្សាររបស់ខ្លួនគឺរឿងមួយដ៏ល្អ”៕

តើកម្ពុជាទទួលបានផលប្រយោជន៍ពីកំណើនសេដ្ឋកិច្ចរបស់មហាយក្សចិនយ៉ាងដូចម្ដេច ?

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ជាមួយនឹងកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននៅក្នុងឆ្នាំ២០២១នេះ កម្ពុជានឹងទទួលបានផលប្រយោជន៍យ៉ាងច្រើនតាមរយៈការបង្ហូរទុនវិនិយោគរបស់ក្រុមហ៊ុនចិន ការបើកទីផ្សារទូលាយសម្រាប់ទទួលយកនូវផលិតផលក្នុងក្រមខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រួមជាមួយនឹងការបន្ត ផ្តល់នូវជំនួញលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងប្រទេសកម្ពុជាផងដែរ។

លោកបណ្ឌិតគី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ប្រាប់ឱ្យដឹងនៅថ្ងៃដើមសប្ដាហ៍នេះថា ទោះបីជាក្នុងបរិបទជំងឺកូវីដ-១៩ រាតត្បាតជាសកលក៏ដោយ កម្ពុជានៅតែទទួលផលប្រយោជន៍ពីរដ្ឋាភិបាលចិន ជាពិសេសតាមរយៈគំនិតផ្តួចផ្តើម ខ្សែក្រវាត់មួយផ្លូវមួយរបស់ប្រទេសចិនដែលកំពុងបន្តអនុវត្តនាពេលបច្ចុប្បន្ន។

លោកបន្តថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗក្រោមគម្រោងរបស់ចិននៅតែដំណើរការជាធម្មតានៅកម្ពុជា ដូចជាការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ការសាងសង់គម្រោងព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ រួមជាមួយនឹគម្រោងអភិវឌ្ឍន៍ និងវិនិយោគធំៗជាច្រើនទៀតនៅក្នុងវិស័យអចលនទ្រព្យ ដែលវាមិនប៉ះពាល់ដល់ដំណើរការដោយសារតែកូវីដ-១៩នោះទេ។ បញ្ហាកូវីដវារារាំងតែការធ្វើដំណើររបស់មនុស្សប៉ុណ្ណោះ មិនអាចបានរាំងស្ទះដល់ហិរញ្ញវត្ថុ និងទំនិញទេ។ ក្រៅពីនេះ សមិទ្ធផលអគារខ្ពស់ៗជាច្រើននៅខេត្តព្រះសីហនុ ក្រោមការវិនិយោគរបស់ចិនបានបង្ហាញកាន់តែច្បាស់ថា ពុំមានអ្វីរាំងស្ទះដល់ការអភិវឌ្ឍនោះទេ។

លោកបណ្ឌិតបន្តថា “កម្ពុជាកំពុងត្រៀមខ្លួនទទួលយកនូវផ្លែផ្កាពីមហាសន្និបាតសភាទាំងពីររបស់ប្រទេសចិននៅឆ្នាំ២០២១នេះ ជាពិសេសតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ដែលត្រូវបានចុះហត្ថលេខា និងអនុវត្តជាបណ្តើរៗមកហើយ ប៉ុន្តែកម្ពុជាក៏ត្រូវពង្រឹងសមត្ថភាព ផ្តោតលើធនធានមនុស្ស ដើម្បីទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងមួយនេះពីប្រទេសចិនឱ្យបានកាន់តែច្រើនថែមទៀត”។

កាលពីឆ្នាំ២០២០កន្លងទៅនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិនសម្រេចបានជាង៨ពាន់លានដុល្លារ ដែលក្នុងនោះទំនិញភាគច្រើនដែលមានតម្រូវការទីផ្សាររបស់ចិនពីកម្ពុជារួមមានផលិតផលកសិកម្ម និងផលិតផលកែច្នៃនានា ដូចជា កែច្នៃពីផលកសិកម្ម ផលិតផលធ្វើពីស្បែក សម្លៀកបំពាក់ ផ្លែឈើ គ្រាប់ធញ្ញជាតិ សាច់គ្រប់ប្រភេទ ដែលជាទំនិញនាំមុខរបស់កម្ពុជា៕

តម្លៃដីធ្លីនៅស្រុកស្អាងតាមផ្លូវជាតិលេខ២១បន្តកើនឡើងដល់តម្លៃប្រមាណ៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ

ដោយៈ រ៉ាណេត

ក្រុងតាខ្មៅៈជាមួយនឹងសកម្មភាព នៃការអភិវឌ្ឍលើផ្នែកហេដ្ឋារចនាសម្ព័ន្ធក្រុងតាខ្មៅ ឱ្យកាន់តែល្អប្រសើរ និងមានសោភ័ណភាព ក្នុងទិសដៅពង្រីកវិសាលភាពក្រុង បានធ្វើឱ្យមានការសាយភាពឥទ្ធិពលល្អ ទៅដល់បណ្តាតំបន់ដែលស្ថិតនៅជាយក្រុងមួយចំនួនមានការកើនឡើងនូវតម្លៃគួរឱ្យកត់សម្គាល់។

លោកធឿន វុទ្ធី ឈ្មួញទិញលក់ដីនៅក្នុងស្រុកស្អាងខេត្តកណ្តាល និងក្រុងតាខ្មៅបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះថា ទីផ្សារដីធ្លីនៅភាគខាងត្បូងក្រុងតខ្មៅ នាពេលបច្ចុប្បន្នមានកំណើនខ្លាំង បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩-២០២០ ខណៈដែលគម្រោងអភិវឌ្ឍន៍ធំៗកំពុងបង្ហាញវត្តមាន។

លោកបន្តថា ភាគច្រើនដីដែលស្ថិតនៅជាប់ផ្លូវជាតិលេខ២១ មិនសូវមានការទិញលក់នោះទេ ដោយសារតែឈ្មួញធំៗ និងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានមួយចំនួនបានទិញទុកអនុវត្តគម្រោងរបស់ខ្លួន ប៉ុន្តែសម្រាប់គម្រោងអភិវឌ្ឍន៍ដីឡូតិ៍ក៏មានតម្លៃថ្លៃរហូតដល់ប្រមាណ២ម៉ឺនដុល្លារក្នុងមួយឡូតិ៍។

លោកបានបញ្ជាក់ថា “គិតត្រឹមតែក្នុងតំបន់ជិតភ្នំស្អាង តម្លៃដីដែលស្ថិតនៅជាប់ផ្លូវកៅស៊ូមានតម្លៃ មិនក្រោម២០០ដុល្លារក្នុងមួយម៉ែត្រការ៉េនោះទេ ហើយដីដែលធ្លាប់ជាវាលស្រែជិតជើងភ្នំស្អាង ក៏ឡើងថ្លៃរហូតដល់៦០-៨០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយតម្លៃនេះអាចនឹងបន្តឡើងថ្លៃ ក្រោយពេលគម្រោងសាងសង់លំនៅដ្ឋាន ក្នុងតំបន់មានការកើនឡើង”។

នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Focus Property លោក ប៉ូ អ៊ាវគង់ ធ្លាប់បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា មិនថាចំពោះតំបន់ ដែលស្ថិតនៅតាមបណ្តោ​យផ្លូវជាតិលេខ២១បាន និងកំពុងតែបង្ហាញពីភាពល្អប្រសើរ ជាងឆ្នាំកន្លងទៅនោះទៀត​។ លោកបានមានប្រសាសន៍បញ្ជាក់ថា នៅចម្ងាយប្រមាណ៥-៧ គីឡូម៉ែត្រ គិតចាប់ពីចំណុចតំបន់ទួលក្រសាំង ម្ដុំលំនៅដ្ឋានរបស់សម្ដេចតេជោ ហ៊ុន សែន ឆ្ពោះទៅកាន់តំបន់ស្រុកស្អាង ពេលនេះគឺកាន់តែមានភាពល្អប្រសើរច្រើន ជាពិសេសតំបន់ដែលនៅជិតគម្រោងសាងសង់ផ្លូវល្បឿនលឿនតែម្ដង។

លោកបានបន្តទៀតថា “នៅតំបន់នេះសព្វថ្ងៃ គឺកំពុងតែចាប់ផ្តើមមានសកម្មភាពអភិវឌ្ឍទៅលើវិស័យសំណង់ ជាពិសេសវិស័យលំនៅដ្ឋានកម្រិតក្រោមមធ្យម សម្រាប់អ្នកដែលមានចំណូលទាប រួមជាមួយនឹងគម្រោងនៃការអភិវឌ្ឍលំនៅដ្ឋាន កម្រិតមធ្យមរបស់ម្ចាស់គម្រោងមួយចំនួនទៀតដែរ ដើម្បីបំពេញទៅតាមតម្រូវការជាក់ស្ដែងនៅលើទីផ្សារ ខណៈដែលកំណើននៃកក្តាប្រជាសាស្ត្រក៏មានការកើនឡើង”។

លោកប៉ូ អ៊ាវគង់បានបន្តទៀតថា ធម្មតានៅពេលដែលមានតម្រូវការលើផ្នែកសំណ​ង់ វានឹងជម្រុញឱ្យតម្លៃដីមានការកើនឡើង។ ចំពោះតម្លៃដីដែលស្ថិតនៅតំបន់ដូចដែលបានលើកឡើងខាងលើនេះ ជាពិសេសដីដែលនៅជាប់ផ្លូវធំ គឺមានតម្លៃក្នុងចន្លោះពី១៥០-២០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ខណៈដែលកាលពីឆ្នាំកន្លងទៅដីនៅតំបន់ដដែលនេះមានតម្លៃត្រឹមតែប្រមាណ៨០ ទៅ១២០ដុល្លារក្នុងមួយម៉ែត្រការ៉េតែប៉ុណ្ណោះ។ ដោយឡែកចំពោះដីធ្លាប់តែជាតំបន់វាលស្រែ តំបន់ទឹកលិច ដែលកាលពីឆ្នាំមុនមានតម្លៃត្រឹម១៥ -២៥ដុល្លារក្នុងមួយម៉ែត្រការ៉េ ពេលនេះបានកើនឡើងរហូតដល់ក្នុងចន្លោះចាប់ពី ៥០-៦០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។

បើទោះជាយ៉ាងណាក៏ដោយ លោកក៏បានបញ្ជាក់ផងដែរថា ចំពោះការកើនឡើងនូវតម្លៃទាំងនេះគឺនិយាយតែចំពោះតំបន់ខាងលើ ដែលបានលើកឡើងតែប៉ុណ្ណោះ។ ដោ​យឡែកចំពោះតំបន់ ដែលជាទីប្រជុំជនស្ថិតគៀកនឹងផ្សារស្រុកស្អាង ហាក់មិនមានអ្វីកើនឡើងគួរឱ្យកត់សម្គាល់នោះទេ ដោយសារតែទីប្រជុំជនទាំងនេះ មានការអភិវឌ្ឍរួចរាល់ទៅហើយ។

នាយកក្រុមហ៊ុន Century 21 Fortuna Investment លោក វ៉ា វីរៈ បានទទួលស្គាល់ថា តំបន់ខាងលើនេះ ពិតជាមានភាពទាក់ក្នុងការអភិវឌ្ឍ ប៉ុន្តែវានៅមិនទាន់មានភាពពុះកញ្ជ្រោលខ្លាំង ដូចតំបន់មួយចំនួនដែលស្ថិតនៅជាយក្រុង តាមបណ្តាផ្លូវជាតិធំៗនោះនៅឡើយ។

លោកបានបន្តថា “បើប្រៀបធៀបតំបន់ជាយក្រុង ដែលស្ថិតនៅជាប់ផ្លូវជាតិធំនានា តំបន់ខាងលើដែលស្ថិតនៅជាប់ផ្លូវជាតិលេខ២១A ហាក់នៅមានកម្រិតនៅឡើយ ប៉ុន្តែយើងទទួលស្គាល់ថា ពិតជាមានការកើនឡើងនូវតម្លៃពិតប្រាកដមែន”៕

ក្រុមហ៊ុនដ៏ធំមួយរបស់ចិនគ្រោងបោះទុនជាង១៨០លានដុល្លារង្កើតរោងចក្រផលិតសំបកកង់នៅខេត្តស្វាយរៀង

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុន Sailun Group កំពុងពិចារណាបង្កើតរោងចក្រផលិតសំបកកង់រថយន្តដឹកអ្នកដំណើរ ដែលមានតម្លៃជាង១៨០លានដុល្លារនៅកម្ពុជា។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ Tyre Press នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១។

ក្រុមហ៊ុនSailun បានឱ្យដឹងថា យោងតាមការសិក្សាលទ្ធភាព ដែលបានចេញផ្សាយនៅថ្ងៃនេះ (ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១)  ក្រុមហ៊ុនផលិតសំបកកង់ចិន មានចំណា ប់អារម្មណ៍ ចង់សាងសង់រោងចក្រមួយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស QiLu (ខេមបូឌា) ក្នុងខេត្តស្វាយរៀង ដែលមានសមត្ថភាពផលិតសំបកកង់រាប់ក្នុងមួយឆ្នាំ។

ក្រុមហ៊ុន Sailun ប៉ាន់ស្មានថា គម្រោងនេះ នឹងត្រូវការការវិនិយោគចំនួន១,១៨ពាន់លានយ័ន (១៣០.៥ លានផោន ឬជាង១៨០លានដុល្លារ) ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាលោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ប្រាប់គេហទំព័រ www.propertyarea.asia កាលពីថ្មីៗនេះ នៅពេលនេះកម្ពុជាប្រៀបបីដូចជាកូនក្រមុំ ដែលកំពុងមានភាពទាក់ទាញ និងការចាប់អារម្មណ៍ពីបណ្តាវិនិយោគិនអន្តរជាតិយ៉ាងច្រើន។

លោកបន្តថា “យើងមានចំណុចល្អ និងចំណុចពិសេសរបស់យើង។ ត្រឹមតែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយចិន គឺមានវិសាលភាពដ៏ធំសម្រាប់ជាការទាក់ទាញបណ្តាក្រុមហ៊ុនអន្តរជាតិនានាជាច្រើន ជាពិសេសក្រុមហ៊ុនអាមេរិកឱ្យចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា សម្រាប់នាំផលិតផលរបស់ខ្លួន ចេញទៅកាន់ទីផ្សារប្រទេសចិនដោយការរួចពន្ធ និងមានឱកាសចំណេញច្រើន” ។

លោកឧកញ៉ាលឹម ហេង បានបន្តថា សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកជាមួយចិនបានក្លាយជាសំពាធ សម្រាប់ក្រុមហ៊ុនអាមេរិកមួចំនួន ដែលត្រូវធ្វើការនាំទំនិញ និងផលិ តផល ដែលផលិតបានទៅកាន់ទីផ្សារ ប្រទេសគោលដៅនៃប្រទេសចិន។ ដូច្នេះនៅពេលដែលកម្ពុជា ត្រូវបានអនុគ្រោះពន្ធចំពោះការនាំទំនិញចេញ ទៅទីផ្សារប្រទេសចិន បណ្តាក្រុមហ៊ុនដែលរងនូវសំពាធទាំងនោះ នឹងពិចារណាផ្លាស់ប្ដូរទីតាំងផលិតរបស់ខ្លួនចូលមកកម្ពុជាជាក់ជាមិនខាន។

ក្រៅពីនេះកម្ពុជា ក៏ត្រៀមនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយបណ្តាប្រទេ សផ្សេងទៀតដូចជា កូរ៉េ ជប៉ុន អូស្ត្រាលី និងឥណ្ឌាជាដើម ដោយនៅមិនទាន់រាប់បញ្ជូលកិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP ដែលជាទីផ្សារដ៏ធំលើពិភពលោកនោះផងដែរ។

លោកឧកញ៉ាលឹម ហេងបានបញ្ជាក់ឱ្យដឹងទៀតថា បើទោះជាកម្ពុជាបានបាត់បង់នូវប្រព័ន្ធអនុគ្រោះពន្ធ២០ភាគរយពីទីផ្សារអឺរ៉ុប ប៉ុន្តែកម្ពុជាទទួលបានការអនុគ្រោះពន្ធ GSP ពីចក្រភពអង់គ្លេស ហើយតាមរយៈចក្រភពអង់គ្លេស ក៏នឹងនាំយកទំនិញរបស់កម្ពុជាបន្តចែកចាយទៅក្នុងទីផ្សារអឺរ៉ុបដូចគ្នា ដូច្នេះកម្ពុជានៅតែមិនទទួលរងនូវផលប៉ះពាល់នោះទេ។

លោកបញ្ជាក់ថា “ជាធម្មតានៅពេលដែលមានក្រុមហ៊ុនអន្តរជាតិ ចូលមកវិនិយោ​គកាន់តែច្រើន កម្ពុជាក៏ទទួលបានផលចំណូលច្រើនដូចគ្នា”។ លោកបន្តថា “យើងគិតត្រឹមតែជាប្រទេសផ្តល់សេវានៅពេលដែលគេចូលមកវិនិយោគ គេត្រូវការទីតាំង គេត្រូវការសេវាដឹកជញ្ជូន ក៏ដូចជាកម្លាំងពលកម្ម ដែលទាំងអស់នេះសុទ្ធតែជាការផ្តល់នូវផ្តល់ប្រយោ​ជន៍ ហើយយើងក៏អាចកើនឡើងនូវចំណេះ ជំនាញបច្ចេកទេសថ្មីៗពីបណ្តាក្រុមហ៊ុនអន្តរជាតិទាំងនោះផងដែរ” ៕

ដំណឹង​ល្អៈ កម្ពុជា​បាន​ដំណើរការ​បូម​ប្រេង​ចំនួន ៤អណ្តូង បន្ថែមទៀត

ដោយ​គង់ សូរិយា

ភ្នំពេញៈ​មន្ត្រីជាន់ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល​បាន​អះអាងថា រដ្ឋាភិបាល​កម្ពុជា​បាន​អនុ​ញ្ញា​ត្ត​ឲ្យ​ក្រុមហ៊ុន KrisEnergy របស់​សិង្ហ​បុរី​ទាញយក​រ៉ែ​ប្រេង និង​ឧស្ម័ន​នៅ​អណ្តូង​ចំនួន ៤ទៀត ដែល​ធ្វើ​ឲ្យ​បរិមាណ​ប្រេង​ទទួលបាន កើន​ដល់​ចំនួន ៧៥០០បារ៉ែល​ក្នុង​មួយថ្ងៃ។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត នៃ​ក្រសួង​រ៉ែ និង​ថាមពល​លោក​ជៀប សួរ បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីដើម​សប្តាហ៍​នេះ​ថា ក្រុមហ៊ុន​នេះ​បាន​ដំណើរការ​អ​ណ្តួ​ង​បូម​ប្រេង​ចំនួន៤ បន្ថែមទៀត​ក្នុង​អណ្តូងប្រេង A-01D នៃ​ផ្លាត​ហ្វ​ម នៅ​តំបន់​ប្រេង​អប្សរា​ក្នុង​ប្លុក A នៃ​បា​សាំង​ខ្មែរ បន្ទាប់ពី​អណ្តូង​ទី១ បាន​ដំណើរ​កាលពី​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំមុន។

លោក​បន្ថែមថា “ការ​ដំណើរការ​អណ្តូងប្រេង​ទាំង៥នេះ កម្ពុជា​អាច​ផលិត​ប្រេង​បាន​ចំនួន ៧៥០០បារ៉ែល​ក្នុង១ថ្ងៃ” ។ លោក​ថ្លែងថា “ប្រសិនបើ អណ្តូង​ទាំង៥នេះ ដំណើរ​ការល្អ គេ​នឹង​ធ្វើការ​ខួង​អ​ណ្តួ​ង​បន្ថែម​ជា​បន្តបន្ទាប់ ទៅតាម​ផែនការ​របស់គេ” ។

សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ធនធាន​ដែល​ទទួលបាន​ពី​ប្រេង មិនទាន់មាន​ឥ​ទ្ឋិ​ពល​ជា​ដុំកំភួន​ជួយ​ដល់​សេដ្ឋកិច្ចជាតិ​នៅឡើយ​ទេ ដោយសារ​មួយឆ្នាំ​កម្ពុជា​ទទួលបាន​ទឹកប្រាក់​ពី​ប្រេង ដែល​បូម​បាន​មាន​ប្រមាណ៣០លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋ​ក៏មាន​ចម្ងល់​ផងដែរ​ថា ហេតុអ្វី​តម្លៃ​ប្រេង​នៅតែមាន​តម្លៃ​ថ្លៃ​នៅ​កម្ពុជា បើទោះជា​កម្ពុជា​អាចមាន​ល​ទ្ឋ​ភាព​បូម​ប្រេង​បាន​ដោយ​ខ្លួនឯង​ហើយ​នោះ?៕

អ្នកជំនាញ​មើលឃើញ​និន្នាការ​ថ្មី​នៃ​ការវិនិយោគ​លើ​គំរោង​ដី​ឡូ​តិ៍​នៅក្នុង​ប្រទេស

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ អ្នកជំនាញ​បាន​មើលឃើញ​ពី​និន្នាការ​ថ្មី នៃ​ការវិនិយោគ​លើ​វិស័យ​ដី​ឡូ​តិ៍​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​បន្ទាប់ពី​មាន​សន្ទុះ​នៃ​ការវិនិយោគ​លើ​ទីផ្សារ​ប្រភេទ​នេះ​នៅក្នុង​ស្រុក​មានការ​រីក​ចំរើន​ខ្លាំង នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ។

ឧកញ៉ា​ឃាង ពុ​ទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នកជំនាញ​អចលនវត្ថុ​កម្ពុជា បានឱ្យដឹងថា  និន្នាការ​ថ្មី​នេះ គឺ​ម្ចាស់​ដី​បានចាប់ផ្តើម​អភិវឌ្ឍន៍​ដី​របស់ខ្លួន តាមរយៈ​ការ​ពុះ​ដី​ឡូ​តិ័​លក់ ដោយ​ខ្លួនឯង ដោយ​មិន​ពឹង​ផ្អែកលើ​ភ្នាក់ងារ​លក់​ទៀត​នោះទេ ។

លោក​ពន្យល់ថា “ម្ចាស់​ដី​ដែលមាន​ទំហំ២ហិកតា ឬ៣ហិកតា គឺ​គាត់​អភិវឌ្ឍន៍​ខ្លួនឯង។ ឥឡូវ​ម្ចាស់​ដី​ពុះ​ដី​ឡូ​តិ៍លក់​ខ្លួនឯង   ហើយ​ដាក់​បុគ្គលិក៣ទៅ៥នាក់ អាច​លក់​ប្រមូល​លុយ​បាន។ មួយទៀត កាលពីមុន​គាត់​ឱ្យ​ភ្នាក់ងារ​លក់  ដល់ពេល​លក់បាន​ហើយ មិន​យកលុយ​ទៅ​បង់​ឱ្យ​ម្ចាស់​ដី មាន​រឿងរ៉ាវ​ប្តឹងផ្តល់​គ្នា” ។

បើតាម​លោក ឃាង ពុ​ទ្ធី ដោយ​មើលឃើញ​នូវ​ស្ថានភាព នៃ​ភ្នាក់ងារ​លក់​មួយចំនួន មិនមាន​ភាពស្មោះត្រង់  និង​គ្មាន​ក្រមសីលធម៌​វិជ្ជាជីវៈ  ព្រមទាំង​មិនមាន​អាជ្ញា​បណ្ណ​សម្រាប់ធ្វើ​អាជីវកម្ម​បែបនេះ ហើយ​បានធ្វើឱ្យ​ម្ចាស់​ដី  អភិវឌ្ឍន៍​ដោយ​ដោយ​ខ្លួន​ឯ។ ជាមួយគ្នានេះ អ្នកទិញ​ក៏មាន​ទំនុកចិត្ត​ខ្លាំង​ផងដែរ តាមរយៈ​ការពិនិត្យ​ទៅលើ​ប្លង់ និង​ម្ចាស់​ដី​ផ្ទាល់។

លោក​ឃាង ពុ​ទ្ធី ថ្លែងបន្តថា “អីចឹង​ហើយ​ម្ចាស់​ដី​យល់ថា បើ​ជ្រុល​តែ​ហត់​ហើយ គាត់​ធ្វើ​ខ្លួនឯង​វា​មិន​ស្រួល​ជាង  ដោយ​លក់បាន​ប៉ុន្មាន​យក​ប៉ុណ្ណឹង​ទៅ កាត់បន្ថយ​ប្រមូល​លុយ​ពី​ភ្នាក់ងារ​លក់ និង​លែង​មានការ​ប្តឹងផ្តល់​តា​ម​តុលាការ។ ស្រ​ពេលដែល ការលក់​ដី​ក្នុង​ទំហំ​ធំ មិនអាច​លក់​ចេញ មានតែ​ពុះ​ឡូ​តិ៍​តូច” ។

លោក​ថា បច្ចុប្បន្ននេះ​ប្រជាពលរដ្ឋ​ខ្មែរ កំពុង​ពេញនិយម​ចំពោះ​ការវិនិយោគ​ទៅលើ​ដីធ្លី ជាពិសេស​គឺ​ការ​ប្រភេទ​ពុះ​ដី​ឡូ​តិ៍ ដែលមាន​ទំហំ​ល្មម​ដែល​អាចឱ្យ​ពលរដ្ឋ ដែលមាន​លទ្ធភាព​សមរម្យ​អាច​វិនិយោគ​បាន និង​អាច​មានឱកាស​ចំណេញ​ច្រើន ។

ទោះជា​យ៉ាងណា លោក​បាន​សង្កត់ធ្ងន់ថា សម្រាប់​ការអភិវឌ្ឍន៍​ដី​ឡូ​តិ៍​ជា​លក្ខណៈ​បុគ្គល គឺមាន​ការលក់​ក្នុងតម្លៃ​ខ្ពស់ជាង​ក្រុមហ៊ុន។ លោក​ពន្យល់ថា ក្រុមហ៊ុន​គេ​គិតពី​សេដ្ឋកិច្ចសង្គម និង​មាន​អាជ្ញា​បណ្ណ ត្រឹមត្រូវ  ដូច្នេះហើយ​បាន​គេ​លក់​ក្នុងតម្លៃ​ធូ​ថ្លៃ ។ ចំណែក​ដី​ឡូ​តិ៍​ជា​លក្ខណៈ​បុគ្គល គឺ​គេ​គិត​ផលចំណេញ​ខ្ពស់៕

រដ្ឋាភិបាល​បាន​ពង្រីក​ភាពជា​ដៃគូ​ជាមួយ​ប្រទេស​ចំនួន១៩២ ក្នុងការ​ពង្រីក​ការដឹកជញ្ជូន​ទំនិញ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ក្រសួង​ប្រៃសណីយ៍ កម្ពុជា​បាន​បង្កើន​ទំនុកចិត្ត ជាមួយ​បណ្តា​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក និង​បាន​បង្កើន​កិច្ចទំនាក់ទំនង​ក្នុងនាម​ជា​ដៃគូ លើ​ការដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ​សរុប​ចំនួន ១៩២ប្រទេស ហើយក៏​សមាជិក​របស់ UBU ដែលមាន​ប្រព័ន្ធគ្រប់គ្រង EMS  អាច​អនុញ្ញាតឱ្យ​អតិថិជន ឆែក​មើល​អីវ៉ាន់​បញ្ញើរ​របស់​ខ្លួន ទៅដល់​គោលដៅ​ណាមួយ​បាន​យ៉ាង​ងាយស្រួល។

ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន​ទំនិញ លោក​ជា ចាន់​ដា​រ៉ា បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ​ថា សេវាកម្ម​ដឹកជញ្ជូន​ទំនិញ ស្ថិតក្នុង​ស្ថានភាព​វិបត្តិ​នៃ​ជំងឺ​កូ​វីដ-១៩ បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង ព្រោះ​ផលិតផល​មួយចំនួនធំ​គ្មាន​អ្នកបញ្ជា​ទិញ។

លោក​បញ្ជាក់ថា “វិស័យ​ដឹកជញ្ជូន​ទំនិញ​កម្ពុជា អាច​នឹង​ងើបឡើង​ល្អប្រសើរ​វិញ​បន្ទាប់ពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ-១៩មាន​ភាព​ធូរស្រាល ខណៈដែល​បច្ចុប្បន្ន​កម្ពុ​ជា​នៅតែ​ជា​ប្រទេស​គោលដៅ​យ៉ាងសំខាន់ ដែលមាន​ភាព​ទាក់ទាញ​អ្នកវិនិយោគទុនថ្មីៗបន្ថែម” ។ លោក​បន្តថា “កម្ពុជា ក៏​ជា​ប្រទេស​នាំចេញ​ផលិតផល​កសិកម្ម កាន់តែច្រើន​ទៅកាន់​ទីផ្សារ​អន្តរជាតិ ដោយសារ​រាជរដ្ឋាភិបាល​បាន​កំពុង​ជំរុញ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ដើម្បី​បម្រើ​ទីផ្សារ​ក្នុងស្រុក ក៏ដូចជា​ការនាំចេញ ហើយ​ក្រៅពីនេះ​រាជរដ្ឋាភិបាល ក៏បាន​ជំរុញ​ពង្រីក​ទីផ្សារ​ក្រៅប្រទេស​បន្ថែមទៀត តាមរយៈ​នៃ​ការចុះ​កិច្ចព្រមព្រៀងផ្សេង” ។

លោក​ជា ចាន់​ដា​រ៉ា បាន​បញ្ជាក់ថា កន្លងមកនេះ សមាគម​បាន​ចុះ​អនុស្សារណៈ​ជាមួយ​ប្រៃសណីយ៍​កម្ពុជា ដើម្បី​ផ្សារភ្ជាប់​សេវា​ដឹកជញ្ជូន​ទំនិញ​ឲ្យ​បាន​រហ័ស និង​មាន​ទំនុកចិត្ត។ ក្រៅពីនេះ សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន​ទំនិញ ក៏បាន​ចុះ​អនុស្សារណៈ​បន្ថែម​ជាមួយ​គណៈកម្មាធិការ​ជាតិ ជំរុញ​ភូមិ​មួយ​ផលិតផល​មួយ​ជាដើម។

លោក​បន្តថា “យើង​ជឿជាក់ថា បន្ទាប់ពី​ស្ថានភាព​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​ត្រូវបាន​ផុតរលត់ វិស័យ​ដឹង​ជញ្ជូន​របស់​កម្ពុជា​នឹងមាន​ការកើនឡើង​ខ្ពស់ ទាំង​ការដឹកជញ្ជូន​តាម​គោក ផ្លូវទឹក និង​ផ្លូវអាកាស” ៕

ទីផ្សារ​អចលនទ្រព្យ​នៅ​កំពត និង​កែប បន្ត​មាន​សកម្មភាព​ទិញ​លក់​កើនឡើងទោះ​ជួប​វិបត្តិ​កូ​វីដ១៩

ដោយៈ វ​ឌ្ឈ​នៈ

ភ្នំពេញៈ​ នៅក្នុង​វិបត្តិ​កូ​វីដ១៩ក្ដី តែ​ភ្នាក់ងារ​អចលនវត្ថុ​ជាពិសេស​ភ្នា​ក់ដី​ធ្លី​ប្រចាំខេត្ត​កំពត​មាន​កំណើន​ឡើងជា​បន្តបន្ទាប់ ដោយបាន​បង្កើត​ក្រុមហ៊ុនថ្មីៗ និង​នាំ​វិនិយោគិន​ក៏ដូចជា​ភ្ញៀវ​ទិញ​ដីធ្លី ស្វែងរក​ដីធ្លី​សម្រាប់​អភិវឌ្ឍន៍​នៅពេល​អនាគត។

ជាការ​កត់សម្គាល់​តំបន់​មាត់សមុទ្រ​ទាំងនេះ កំពុង​ទទួលបាន​នូវ​ការទិញ​លក់​ដីធ្លី​ជា​បន្តបន្ទាប់ ទោះ​កម្ពុជា​កំពុងស្ថិត​នៅក្នុង​វិបត្តិ​តាំងពី២០២០ និង​ចូល​មកដល់​ដើមឆ្នាំ២០២១នេះ​ក្តី ។

លោក​គឹម សង្គ្រាម ភ្នាក់ងារ​អចលនវត្ថុ​មួយរូប​ប្រចាំ​ខេត្តកំពត និង​កែប​បាន​និយាយថា ដោយសារតែ​កំណើន​នៃ​ការវិនិយោគ​ដីធ្លី នៅក្នុង​ខេត្តកំពត​និង​កែប ចេះតែមានច្រើនឡើងៗ ភ្នាក់ងារ​អចលនវត្ថុ​ក៏មាន​ច្រើន សម្រាប់​ណែនាំ​ភ្ញៀវ​មកពី​គ្រប់ទិសទី​មក​ស្វែងរក​ដីធ្លី។

លោក​បន្តថា “ដោយសារ​ខេត្ត​ទាំងពីរ​នេះ​មាន​សក្តានុពល និង​ងាយស្រួល​ធ្វើដំណើរ​បានធ្វើ​ឲ្យ​សកម្មភាព​ទិញ​លក់​ក្នុង​ខេត្ត មាន​សកម្មភាព​ជាប្រចាំ” ។

ចំណែក​លោក សុខ គែន ជា​អ្នក​ភ្នាក់ងារ​អចលនវត្ថុ​មួយរូប​នៅក្នុង​ខេត្ត​ជាប់​សមុទ្រ​ទាំងពីរ​នេះ បាន​បង្កើត​ក្រុមហ៊ុន​មួយ និង​បាន​ស្វែងរក​ដីធ្លី​ប្រជាពលរដ្ឋ​នៅ​តំបន់ ដែលមាន​សក្ដានុពល សម្រាប់​ទុក​ជូន​វិនិយោគិន ដែល​មានបំណង​វិនិយោគ​នៅក្នុង​ទឹកដី​នៃ​ខេត្ត​ទាំងពីរ​នេះ ។

លោក​បាន​និយាយថា “សក្ដានុពល​ដែល​វិនិយោគិន សំលឹង​មើលឃើញ​ពី​ការវិនិយោគ​នៅក្នុង​ខេត្តកំពត គឺ​សម្រាប់​បម្រើ​ក្នុង​វិស័យ​ទេសចរណ៍ ដូចជា លំហែ​ឋាន​លំហែកាយ​សណ្ឋាគារ ផ្ទះសំណាក់​និង​ភោជនីយដ្ឋាន​ជាដើម” ។ លោក​បន្តថា “សម្រាប់​នៅក្នុង​វិបត្តិ​កូ​វីដ​នេះ ខេត្តកំពត​នៅតែ​ទទួលបាន​ការវិនិយោគ លើ​វិស័យ​អចលនទ្រព្យ​ជា​ហូរហែរ​ផងដែរ ដោយ​មិនមែន​ស្ងាត់ ដូចជា នៅ​តំបន់​ដែល​ធ្លាប់​កើនឡើង​មុន​វិបត្តិ​នោះទេ” ។

ជាមួយគ្នានេះ លោក កែវ សុជាតិ តំណាង​ក្រុមហ៊ុន KW Cambodia ប្រចាំ​ខេត្តកំពត និង​កែប ក៏បាន​និយាយ​ផងដែរ​ថា មាន​ចំណុច​ជាច្រើន ដែល​ធ្វើឱ្យ​សក្ដានុពល​នៃ​ការអភិវឌ្ឍ​ខេត្តកំពត ទទួលបាន​គម្រោង​ជា​បន្តបន្ទាប់ ហើយ​វិនិយោគិន​ក្នុងស្រុក​ជាច្រើន​ក៏បាន​ចូលមកក្នុង​ខេត្តកំពត ដើម្បី​ស្វែងរក​ការវិនិយោគ​ដែរ ។

ក្រៅពី​ភ្នាក់ងារ​ដែល​រៀបរាប់​ខាងលើ ភ្នាក់ងារ​ជាច្រើន​ទៀត ប្រចាំការ​នៅ​ខេត្តកំពត​និង​កែប ក្នុង​ការទិញ​និង​លក់​ដីធ្លី និង​អចលនទ្រព្យផ្សេងៗទៀត៕