ចំណេះដឹង​សុខភាព! តើ​អាកា​រៈ​ជំងឺ​ផ្តាសាយ និង​ជំងឺ​កូ​វីដ១៩ ខុសគ្នា​ដូចម្តេច?

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ដោយសារ​ការបារម្ភរ​បស់​ប្រជាពលរដ្ឋ និង​ការបែងចែក​មិន​ដាច់​រវាង​អាកា​រៈ​ជំងឺ​ផ្តាសាយ​ធម្មតា និង​ជំងឺ​កូ​វីដ១៩ មាន​សភាព​ខុសគ្នា​យ៉ាងដូចម្តេច គេហទំព័រ ​Propertyarea.asia សូម​លើកយក​ចំណេះដឹង​ផ្នែក​សុខភាព​មក​ចែករំលែក ដើម្បី​បង្កើន​ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ។

យោងតាម​ប្រភពពី​មន្ត្រី​ជំនាញ នៃ​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា រោគសញ្ញា​ជំងឺ​កូ​វីដ-១៩ និង​ជំងឺ​ផ្តាសាយ​មាន​លក្ខណៈ​ស្រដៀង​គ្នាខ្លះៗ ដែល​អាចធ្វើឱ្យ​អ្នកជំងឺ​យល់ច្រឡំ ប៉ុន្តែ​វា​ក៏​អាច​សម្គាល់​បាន​នូវ​ភាពខុសគ្នា​ដូចជា៖

រោគសញ្ញា​ផ្ដាសាយ

-ឡើង​កម្ដៅ​ខ្ពស់ តែ​ធូរស្រាល​វិញ​បន្តិចម្ដងៗ

-ក្អក​កណ្ដាស់​បន្តិចបន្តួច រួច​ធូរស្រាល​វិញ

-ពុំមាន​អាកា​រៈ​រាគរូស

-ហៀរ​សំបោរ តឹង​ច្រមុះ​នាំឱ្យ​ពិបាក​ដកដង្ហើម

-អស់កម្លាំង និង​ឈឺខ្លួន​តិចតួច

រោគសញ្ញា​កូ​វីដ-១៩

គ្រុនក្តៅ​លើសពី ៣៧.៥ អង្សា​សេ

-ក្អក និង​ឈឺ​ក​លើសពី៤ថ្ងៃ

-អាចមាន​អាការ​រមួល​ពោះ ក្អួតចង្អោរ រាគរូស និង​ពិបាក​ដកដង្ហើម។

-ករណី​ធ្ងន់ធ្ងរ​អាចឈាន​ដល់​រលា​ក​ឬ​ហើម​សួត

-ឈឺ​តាម​ដងខ្លួន និង​ទទួលទាន​អាហារ​មិនសូវ​បាន

មួយវិញទៀត អ្នក​ដែល​សង្ស័យថា អាច​ឆ្លង​ជំងឺ​កូ​វីដ១៩ ជា​បុគ្គល​ដែលមាន​ប្រវត្តិ​ធ្វើដំណើរ​ឆ្លងខេត្ត ឬ​ក្រៅប្រទេស​កម្ពុជា កំឡុងពេល១៤ថ្ងៃមុន​ចេញ​រោគសញ្ញា។

បន្ថែម​ពីលើ​នោះ ជា​បុគ្គល​ដែល​ធ្លាប់​ប៉ះពាល់ ជាមួយ​អ្នកជំងឺ​កូ​វីដ-១៩ ឬ​ជា​អ្នក​ថែទាំ​សុខភាព​នៅ​គ្រឹះស្ថាន​សុខាភិបាល៕

 

ក្រុមហ៊ុន​ជប៉ុន​ជាច្រើន​នឹង​ចាក​ចេញពី​ក្រុង​ហុងកុង ដោយសារ​ភ័យខ្លាច​ការបង្ក្រាបរបស់​រដ្ឋាភិបាល​ចិន

ដោយៈរ​ដ្ឋា

ហុងកុងៈ ការបង្ក្រាប​របស់​មហា​យក្ស​ចិន នៅក្នុង​ទីក្រុង​ហុងកុង បានធ្វើឱ្យ​បណ្ដា​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ជប៉ុន “ភ័យខ្លាច​យ៉ាងខ្លាំង” ហើយ​ក្រុមហ៊ុន​ទាំងនោះ​កំពុង​ពិចារណា​សាជាថ្មី​ថា តើ​គួរ​នៅ​រកស៊ី​ក្នុង​ទីក្រុង​នេះ​បន្តទៀត​ឬក៏​អត់។ នេះ​បើ​យោងតាម​ធនាគារិក​ជាន់ខ្ពស់​មួយរូប បានប្រកាស​ជា​សាធារណៈ​យ៉ាង​កម្រ​កាលពី​ថ្ងៃ​ច័ន្ទ ទី៨ មីនា។

យោងតាម​កាសែត South China Morning Post ចុះផ្សាយ​ក្នុង​ថ្ងៃ​ដដែល​ឱ្យដឹងថា លោក Yoshitaka Kitao នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ជប៉ុន SBI Holdings បាន​ប្រាប់​កាសែត Financial Times ថា លោក​មាន​ផែន​ការដក​ប្រតិបត្តិការ របស់​ក្រុមហ៊ុន​លោក​ចេញពី​ទីក្រុង​នេះ ដោយ​លោក​បាន​លើក​ហេតុផល​ថា “បើ​គ្មាន​សេរីភាព​ទេ ក៏​គ្មាន​អាជីវកម្ម​ហិរញ្ញវត្ថុ​នោះដែរ” ។

លោក​បាន​ប្រាប់​កាសែត​នេះ​ទៀតថា “ក្រុមហ៊ុន​ជប៉ុនផ្សេងៗទៀត ក៏​កំពុង​គិត​ដូច​នេះដែរ ប៉ុន្តែ​ក្រុមហ៊ុន​ទាំងនោះ​ហាក់​ស្ទាក់ស្ទើរ​ក្នុងការ​និយាយ​ដោយ​បើកចំហ” ។

ក្នុង​បទសម្ភាសន៍​ចុះផ្សាយ​កាលពី​ថ្ងៃ​ច័ន្ទ លោក Yoshitaka Kitao បាន​លើកឡើងថា “ពួកគេ​ខុសពី​ខ្ញុំ ព្រោះ​ខ្ញុំ​ជា​មនុស្ស​ចូលចិត្ត​និយាយ​ត្រង់។ ប៉ុន្តែ​ពួកគេ​ទាំងនោះ​សុទ្ធតែ​គិតថា​ខ្លួន​គួរតែ​រើចេញ ឬ​នឹងមិន​បោះទុន​វិនិយោគ​បន្ថែម​ទៀតឡើយ នៅក្នុង​ក្រុង​ហុងកុង” ។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ព្យាយាម​ប្រើ​គ្រប់​មធ្យោបាយ ដើម្បី​បង្ក្រាប​ចលនា​ប្រឆាំង​នៅ​ក្រុង​ហុងកុង ពាក់កណ្តាល​ស្វយ័ត បន្ទាប់ពី​ផ្ទុះ​មហា​បាតុកម្ម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ឆ្នាំ២០១៩ ។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង បានដាក់​ចេញ​នូវ​ច្បាប់​សន្តិសុខ​ជាតិ ដ៏​ទូលំទូលាយ​មួយ​ដើម្បី​គ្រប់គ្រង​ក្រុង​ហុងកុង ដែល​បាន​ដាក់ទោស​ព្រហ្មទណ្ឌ​ចំពោះ​អ្នកប្រឆាំង ហើយ​ថែមទាំង​មាន​ផែនការ​អនុម័ត​ច្បាប់​ថ្មី ដើម្បី​ពិនិត្យ​តាមដាន​រាល់​បេក្ខជន នយោបាយ​ទាំងអស់​ទៀតផង។

ក្រុម​មេដឹកនាំ​ជាន់ខ្ពស់​របស់​ប្រទេស​ចិន ក៏បាន​អំពាវនាវ​ឱ្យមាន “កំណែទម្រង់” លើ​ប្រព័ន្ធតុលាការ​ឯករាជ្យ​រប​ស់​ទីក្រុង​ហុងកុង​ផងដែរ ដោយ​លើកឡើងថា កំណែទម្រង់​បែបនេះ នឹង​ក្លាយជា​សមាសធាតុ​ដ៏​សំខាន់​មួយ នៃ​ឋានៈ​របស់​ក្រុង​ហុងកុង ក្នុងនាម​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថ្នាក់​តំបន់។

អ្នកជំនួញ​អន្តរជាតិ​ជាច្រើន បាន​សម្ដែង​ការព្រួយបារម្ភ​ផ្ទាល់ខ្លួន​ថា ក្រុមហ៊ុន​របស់​ពួកគេ​អាច នឹង​ជាប់​ពាក់ព័ន្ធ​ដោយ​ប្រយោល នៅពេលដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​បណ្តា​ប្រទេស​លោកខាងលិច មាន​ជម្លោះ​នឹង​គ្នា​ជុំវិញ​ផែនការ របស់​មហា​យក្ស​ចិន នៅក្នុង​ការគ្រប់គ្រង​ក្រុង​ហុងកុង។ ប៉ុន្តែ​មាន​តិចតួច​ណាស់ ដែល​ហ៊ាន​លើក​ឡើងជា​សាធារណៈ​ដូច​លោក Yoshitaka Kitao។ កាលពី​ឆ្នាំ២០២០ ក្រុមហ៊ុន​របស់លោក​មា​ន​មូលធន​ទីផ្សារ (Market Capitalization) រហូតដល់​ទៅ ៥,៩ពាន់​លាន​ដុល្លារ​អាមេរិក។

លោក Yoshitaka Kitao បាន​លើកឡើងថា ពេលនេះ​ក្រុមហ៊ុន សហគ្រាស​នានា​កំពុង​ចោទ​ជា​សំណួរ​ថា តើ​សម​ហេតុ​សម​ផល​ទេ ដែល​ពួកគេ​គួរ​នៅ​បន្ត​ក្នុង​ទីក្រុង​ហុងកុង ដែល​អត្រា​ថ្លៃ​ជួល​អគារ​ខ្ពស់​ខ្លាំង ប្រសិនបើ​ទិដ្ឋភាព​ពាណិជ្ជកម្ម​ខុសគ្នា តែ​បន្តិចបន្តួច​ពី​ចិនដីគោក​នោះ។

លោក​បាន​គូសបញ្ជាក់ថា “បើ​ខ្ញុំ​ចង់​ធ្វើ​ជំនួញ​នៅ​ប្រទេស​ចិន ខ្ញុំ​នឹង​បើក​ការិយាល័យ​មួយ​ក្នុង​ក្រុង​ប៉េកាំង ឬ​ក្រុង​សៀង​ហៃ ឬ​កន្លែង​ផ្សេងទៀត” ។ លោក​បាន​បន្ថែមទៀតថា លោក​ក៏​កំពុង​ពិចារណា​ប្រទេស​សិង្ហ​បុរី ជាទី​តាំង​ថ្មី សម្រាប់​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន SBI Holdings នៅ​ក្រុង​ហុងកុង​ផងដែរ៕

វិភាគ : តើកម្ពុជាកំពុងប្រើយុទ្ធសាស្ត្របែបណាដើម្បីស្ដារសេដ្ឋកិច្ចរបស់ខ្លួនពីវិបត្តិកូវីដ-១៩?

ដោយៈសហសេវិក

ភ្នំពេញៈ ការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ដែលបានអូសបន្លា​យពេលរាប់ឆ្នាំ និងដែលមិនទាន់ចប់នៅឡើយគិតមកទល់ពេលនេះ បានជះផលប៉ះពាល់ធ្ងន់ធ្ងរមកលើសេដ្ឋកិច្ច នៃប្រទេសជាច្រើនទូទាំងពិភពលោក។

ខណៈរដ្ឋាភិបាលប្រទេសនានា កំពុងតែប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីគ្រប់គ្រងការឆ្លងរាតត្បាតនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា សេដ្ឋកិច្ចពិភពលោកសម្រាប់ឆ្នាំ២០២០ បានដាំក្បាលចុះ៣,៥%។

ខណៈវ៉ាក់សាំងកូវីដ-១៩ថ្មីៗ ត្រូវបានផលិតឡើងដោយជោគជ័យ នៅត្រឹមដំណា​ច់ឆ្នាំកន្លងទៅ ការផ្ទុះករណីឆ្លងថ្មីៗ បានបន្តធ្វើឱ្យផ្នែកសេដ្ឋកិច្ច ស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជា។

ស្រដៀងគ្នានេះដែរ នៅក្នុងប្រទេសកម្ពុជា ផលប៉ះពាល់ពីការការឆ្លងរាតត្បាតវីរុសកូវីដ-១៩  បានធ្វើឱ្យសេដ្ឋកិច្ចដាំក្បាលចុះ ទោះបីជាកម្ពុជា កំពុងចាត់វិធានការដើម្បីទាញសេដ្ឋកិច្ចរបស់ខ្លួនឱ្យងើបចេញពីវិបត្តិនេះយ៉ាងណាក្ដី។

លោកPrayag Chitrakar នាយកប្រចាំប្រទេសនៃក្រុមហ៊ុនដឹកជញ្ជូន DHL Express Cambodia បានលើកឡើងអំពីផលប៉ះពាល់នៃវីរុសកូវីដ-១៩ថា “សេដ្ឋកិច្ចរបស់កម្ពុជា បានរងផលប៉ះពាល់ដោយផ្ទាល់ ពីការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ហើយតាមការព្យាករថា សេដ្ឋកិច្ចប្រទេសនេះ បានដាំក្បាលចុះ២% ក្នុងឆ្នាំ២០២០។ វិស័យសំខាន់​ៗបានរងផលប៉ះពាល់ធ្ងន់ធ្ងរ ជាពិសេសវិស័យទេសចរណ៍ ការផលិតសម្រាប់ការនាំចេញ និងសំណង់ដែលមានទំហំសរុបជាង ៧០% នៃកំណើន GDP របស់ប្រទេសនេះ”។

ចំនួនភ្ញៀវទេសចរបានដាំក្បាលចុះខ្លាំង ដោយធ្លាក់ចុះរហូតដល់៧៤% មកនៅត្រឹម១,២ លាននាក់ចន្លោះពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២០ បើធៀបនឹងចំនួនភ្ញៀវទេសចរណ៍៤,៨ លាននាក់ដែលទទួលបានក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ។

ការរអាក់រអួលនូវខ្សែសង្វាក់ផ្គត់ផ្គង់ទូទាំងពិភពលោក ដែលបណ្តាលមកពីការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ក៏បានជះផលប៉ះពាល់ធ្ងន់ធ្ងរ មកលើទីផ្សារនាំចេញរបស់ប្រទេសកម្ពុជាផងដែរ ជាពិសេសទំនិញសំខាន់ៗឈានមុខគេ ដូចជា សម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និងគ្រឿងបង្គុំអគ្គិសនី (electrical component) ជាដើម។

ក្នុងពេលជាមួយគ្នានេះដែរ ការធ្លាក់ចុះនូវការវិនិយោគផ្ទាល់ពីបរទេស (FDI) ក៏បានធ្វើឱ្យកំណើនក្នុងវិស័យសំណង់ និងអចលនទ្រព្យរបស់ខ្លួនបង្អង់ល្បឿនផងដែរ។

*ការស្ដារសេដ្ឋកិច្ចឆ្ពោះទៅរកកំណើន

ប៉ុន្ដែសំណួរសួរថា តើពេលនេះសេដ្ឋកិច្ចរបស់កម្ពុជា អាចងើបឡើងវិញរួចដែរឬ​ទេ? ការសិក្សាស្រាវជ្រាវចុងក្រោយរបស់ធនាគារពិភពលោក (World Bank) ព្យាករថា ការងើបឡើងវិញ នៃវិស័យទេសចរណ៍របស់កម្ពុជា ប្រហែលជាយឺតយ៉ាវក្នុងឆមាសទី១ ដើមឆ្នាំ២០២១នេះ។

ទោះជាយ៉ាងណា វិស័យនេះប្រហែលជាងើបឡើងលឿន ក្នុងឆមាសទី២ ក្នុងឆ្នាំដដែល ខណៈវ៉ាក់សាំងកូវីដ-១៩ មានកាន់តែទូលំទូលាយ ហើយមហាជនកាន់តែមានទំនុកចិត្តលើវ៉ាក់សាំងទាំងនោះ។

ការបើកទូលាយរបស់កម្ពុជា ចំពោះពាណិជ្ជកម្មគឺជាកត្តាមួយផ្សេងទៀត ដែលទំនងជាជួយជំរុញការងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់ខ្លួន។

យោងតាមសន្ទស្សន៍ផ្សារ ភ្ជាប់ទំនាក់ទំនងជាសកលរបស់ក្រុមហ៊ុន DHL សម្រាប់ឆ្នាំ២០២០ (DHL Global Connectedness Index 2020) ដែលវាស់វែងការរីកចម្រើននៃពាណិជ្ជកម្ម មូលធន ព័ត៌មាន និងរំហូរប្រជាជនបង្ហាញថា ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ៤៦ ជាប្រទេសដែលមានទំនាក់ទំនងច្រើនបំផុត ទូទាំងពិភពលោក ហើយនេះ ជាចំណាត់ថ្នាក់ខ្ពស់គួរសម សម្រាប់ប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។

លោក Prayag Chitrakar លើកឡើងបន្ថែមទៀតថា “ការរក្សាបាននូវឱកាសពាណិជ្ជកម្ម នៅតែបន្តមានសារៈសំខាន់ ក្នុងជំរុញការវិនិយោគរបស់បរទេស ក្នុងប្រទេសនេះ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទំនងជានឹងផ្ដល់ឱកាសទទួលបានកំណើនថ្មីៗសម្រាប់វិស័យសំខាន់ៗរបស់ប្រទេសនេះ ដែលនឹងមានសារៈសំខាន់ នៅក្នុងការស្ដារសេដ្ឋ​កិច្ច ឱ្យវិលមករកសភាពប្រក្រតីឡើងវិញនៅឆ្នាំនេះ”។

ឆ្នាំ២០២១ នេះអាចជាឆ្នាំដ៏ល្អសម្រាប់សេដ្ឋកិច្ចកម្ពុជា ដោយសារការបន្តជួយគាំទ្រទាំងក្នុងស្រុក និងក្រៅស្រុកលើចំណុចខាងក្រោម៖

១/ ការបន្តជួយគាំទ្រ

ការអន្តរាគមន៍របស់រដ្ឋាភិបាល ទំនងជាកត្តាដ៏សំខាន់មួយ ដែលជួយជំរុញឱ្យសេដ្ឋកិច្ចរបស់កម្ពុជា វិលទៅរកសភាពប្រក្រតីវិញ។ ចាប់តាំងពីខែមេសា ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជា បានជួយគាំទ្រដល់សេដ្ឋកិច្ច តាមរយៈការដាក់ចេញនូវវិធានការស្ដារសេដ្ឋកិច្ច ឱ្យងើបឡើងវិញ នៅពេលការឆ្លងរាតត្បាតថមថយទៅវិញ។

ការជួយគាំទ្រដោយផ្ទាល់មិនធ្លាប់មាននេះ ដែលស្មើនឹង ៥% នៃ GDP គិតមកដល់ពេលនេះ​ បានរួមបញ្ចូលទាំងទំហំទឹកប្រាក់ចំនួន ១,១៦ ពាន់លានដុល្លារអាមេរិក នៅក្នុងការចាក់បញ្ចូលទុនក្នុងទីផ្សារ និងការធានារ៉ាប់រងលើប្រាក់កម្ចី ការចំណាយលើការអភិ​វ ឌ្ឍ ការកាត់បន្ថយពន្ធអាករ សម្រាប់អាជីវកម្មដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ និងជាច្រើនទៀត។

រដ្ឋាភិបាលកម្ពុជា បានប្រកាសវិធានការជុំថ្មី ដើម្បីជំរុញសមត្ថភាពផលិតក្នុងស្រុកសម្រាប់ការនាំចេញ និងស្ដារសេដ្ឋកិច្ចឱ្យវិលទៅរកសភាពប្រក្រតីវិញ។ វិធានការទាំងនេះរួមមានការផ្តល់ជំនួយហិរញ្ញវត្ថុ ដល់កម្មករដែលត្រូវបានព្យួរការងារ ក្នុងវិស័យវាយនភណ្ឌ និងសម្លៀកបំពាក់ ដែលរួមបញ្ចូលគ្នាស្មើជាង៨០% នៃការនាំចេញសរុប និង ១៦% នៃ GDP របស់កម្ពុជា។

នៅក្នុងវិស័យទេសចរណ៍ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ រដ្ឋាភិបាលក៏កំពុងពន្យារការលើកលែងពន្ធប្រចាំខែ សម្រាប់សណ្ឋាគារ ផ្ទះសំណាក់ ភ្នាក់ងារទេសចរណ៍ និងភោ​ជនីយដ្ឋាន ដែលកំពុងប្រតិបត្តិការនៅតាមខេត្តមួយចំនួន ក្នុងចំណោមវិធានការផ្សេងៗទៀតផងដែរ។

ជាមួយគ្នានេះដែរ ធនាគារជាតិនៃកម្ពុជា នឹងអនុញ្ញាតឱ្យធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា បន្តរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចីរបស់ខ្លួនឡើងវិញ រហូតដល់ពាក់កណ្តាលឆ្នាំ២០២១ ។

២/ ឱកាសពាណិជ្ជកម្មថ្មីៗ

ចំណុចមួយផ្សេងទៀតដែលប្រទេសកម្ពុជា កំពុងពឹងផ្អែកសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ខ្លួន គឺការរឹតបន្តឹងទំនាក់ទំនងពាណិជ្ជកម្ម ជាពិសេសតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)ចុងក្រោយ ដែលខ្លួនបានចុះហត្ថលេខា ឬកំពុងតែចចា​។

កិច្ចព្រមព្រៀងទាំងនេះ រួមមាន ទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីដំបូងរបស់កម្ពុជា ដែលតាមការរំពឹងទុកថា នឹងចូលជាធរមាននៅដើមឆ្នាំ២០២១ នេះផងដែរ។

ប្រទេសចិន ជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា ដែលមានទំហំ២៣,៦​% នៃពាណិជ្ជកម្មសរុបរបស់ខ្លួននៅក្នុងឆ្នាំ២០១៩។ កិច្ចព្រមព្រៀងនេះ គ្របដណ្ដប់លើផលិ​តផលរហូតដល់ទៅប្រមាណ៣០០មុខ ហើយនឹងជួយពង្រឹងការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិនបន្ថែមទៀត។

បន្ទាប់មកនឹងមានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ក្នុងពេលឆាប់ៗខាងមុខនេះ ដែលកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការចរចា។ តាមការរំពឹងទុកថា កិច្ចព្រមព្រៀងនេះ នឹងជំរុញការនាំចេញសំខាន់ៗ ទៅកាន់ប្រទេសកូរ៉េខាងត្បូង រួមមានសម្លៀកបំពាក់ ស្បែកជើង ទំនិញប្រើប្រាស់សម្រាប់ដំណើរកម្សាន្ត ជ័រកៅស៊ូ ឱសថ ផលិតផលកសិកម្ម និងគ្រឿងបង្គុំឧបករណ៍អេឡិចត្រូនិក។

តាមការរំពឹងទុកថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ (RCEP) ដែលបង្កើតប្លុកពាណិជ្ជកម្មធំបំផុតរបស់ពិភពលោក នឹងជួយបង្កើនទំនុកចិត្តខ្លាំងផ្នែកសេដ្ឋកិច្ចនៅទូទាំងតំបន់អាស៊ី។

យោងតាមធនាគារពិភពលោកឱ្យដឹងថា គ្រាន់តែកិច្ចព្រមព្រៀង RCEP ថ្នាក់តំបន់នេះ មួយអាចបង្កើនការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសចិនដល់ទៅ២៣% ឯណោះ។

៣/ កំណើនរំហូរការវិនិយោគផ្ទាល់ពីបរទេស (FDI)

ការវិនិយោគផ្ទាល់ពីបរទេស(FDI) កំពុងតែផ្ដល់សញ្ញាល្អដែរសម្រាប់ឆ្នាំ២០២១ នេះ។ មួយភាគធំបំផុតនៃរំហូរFDI ចូលមកក្នុងប្រទេសកម្ពុជា គឺបានពីប្រទេសចិន ដោយការវិនិយោគភាគច្រើន ទៅលើវិស័យសំខាន់ៗ ដូចជា សម្លៀកបំពាក់ សំណង់ (ជាពិសេសគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ) គ្រឿងបង្គុំអគ្គិសនី និងឧបករណ៍អេឡិចត្រូនិក កសិកម្ម រ៉ែ និងថាមពល ធ្យូងថ្ម និងទេសចរណ៍។

ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ប្រទេសចិន បានកំណត់ខ្លួនឯងឱ្យក្លាយជាដៃគូសេដ្ឋកិច្ច ដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួន នៅក្នុងតំបន់។ លំហូរFDI ពីប្រទេសចិន បានឈានដល់៨៦០លានដុល្លារអាមេរិក ក្នុងរយៈពេល១១ ខែដំបូងនៃឆ្នាំ២០២០ ដោយកើនឡើងរហូតដល់ទៅ ៧០% ឆ្នាំធៀបនឹងឆ្នាំ។ ដោយសារសូចនាកររឹងមាំបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសចិន នឹងទទួលបានកំណើនក្នុងឆ្នាំ២០២១ ប្រទេសកម្ពុជា ក៏ទំនងជានឹងទទួលបានកំណើនផងដែរ។

ប្រភព FDI សំខាន់ៗផ្សេងទៀតរួមមានពីប្រទេសកូរ៉េ អង់គ្លេស ម៉ាឡេស៊ី ជប៉ុន និងក្រុងហុងកុង។ ស្រដៀងគ្នានេះដែរ មួយភាគធំនៃការវិនិយោគពីប្រទេសទាំងនេះ គឺវិស័យកាត់ដេរសម្លៀកបំពាក់ សំណង់ និងហេដ្ឋារចនាសម្ព័ន្ធ បន្ទាប់មកគឺវិស័យទេសចរណ៍ និងកសិកម្ម​។

ការស្រាវជ្រាវថ្មីៗនេះ ធ្វើឡើងដោយធនាគារពិភពលោក បានរកឃើញសញ្ញាវិជ្ជមានថា លំហូរFDI កំពុងតែវិលមកវិញជាបណ្ដើរៗ ដែលទំនងជាដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានស្រាប់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលអាចនឹងកើតមាននៅពេលខាងមុខ។ ជាឧទាហរណ៍ ក្នុងវិស័យកសិកម្ម គម្រោងសរុបដែលត្រូវបានអនុម័តគិតជា FDI ពីប្រទេសនានាបានកើនឡើងជិត៣ ខ្ទង់ដល់១០០ លានដុល្លារអាមេរិក ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២០៕

ក្រសួងសាធារណៈការបន្តពង្រឹងការថែរទាំផ្លូវជាតិ និងផ្លូវខេត្តសំខាន់ៗចំនួន៨ខ្សែ

ដោយ:គង់ សូរិយា

ភ្នំពេញៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូនបាននិងកំពុងបន្តពង្រឹងការងថែរទាំ និងជួសជុលផ្លូវជាតិ និងផ្លូវខេត្តសំខាន់ៗចំនួន៨ខ្សែ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ផ្លូវជាតិ និងផ្លូវខេត្ត ដោយបន្តការស្ថាបនាថែទាំជួសជុល រួមមាន កំណាត់ផ្លូវជាតិលេខ 7 , 8 , 73 , 76 , 78 , 78-5 ផ្លូវខេត្តលេខ 373C និងផ្លូវខេត្តលេខ 3789។

មន្ទីសាធារណការ និងដឹកជញ្ជូន ខេត្តរតនគីរី និងត្បូងឃ្មុំ បានបង្កើនការយកចិត្តទុកដាក់ចុះអនុវត្តការងារជួសជុល ថែទាំលើកំណាត់ផ្លូវជាតិនិងផ្លូវខេត្តខាងលើនេះ ដើម្បីរក្សាបានគុណភាព ស្របតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ ធ្វើឳ្យកាន់តែប្រសើរឡើងនៅការប្រើប្រាស់ផ្លូវថ្នល់មានភាពយូអង្វែង ជាការជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនឆ្លងកាត់កាន់តែមានភាពងាយស្រួល កាត់បន្ថយនូវពេលវេលា និងចំណេញទាំងថវិកាផងដែរ៕

ក្រសួងទេសចរណ៍បន្តពង្រឹងធនធានមនុស្សលើជំនាញបដិសណ្ឋារកិច្ចដំណាក់កាលទី២ដោយផ្តោតលើតំបន់ភូ​មិភាគឥសាន្ត

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រសួងទេសចរណ៍ បានធ្វើការយ៉ាងជិតស្និតជាមួយទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) អង្គការស្វីសខន់ថាក់ និងមន្ទីរទេសចរណ៍ខេត្ត និងបានបណ្តុះបណ្តាលយុវជនលើជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ចក្នុងដំណាក់កាលទី២ ដើម្បីលើកស្ទួយធនធានមនុស្សក្នុងវិស័យនេះ។

យោងតាមរបាយការណ៍នៃកិច្ចប្រជុំបូកសរុប ការងារត្រីមាសទី១ និងទិសដៅត្រីមាសទី២ ឆ្នាំ២០២១ របស់គណៈកម្មការគ្រប់គ្រងគម្រោងបដិសណ្ឋារកិច្ចសម្រាប់កម្ពុជា(ហូកា)កាលពីចុងសប្តាហ៍មុនបានឲ្យដឹងថា គម្រោងបណ្តុះបណ្តាលបដិសណ្ឋារកិច្ចហូកាជំហានទី២ឆ្នាំ២០២០ -២០២៤បានកំពុងចាប់ផ្តើម ដោយផ្តោតការយកចិត្តទុកដាក់លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់ក្រុមយុវជនងាយរងគ្រោះ ម្ចាស់អាជីវកម្មទេស​​ចរណ៍ អាជីវកម្មខ្នាតតូច និងសហគមន៍អេកូទេសចរណ៍ នៅតាមបណ្តាខេត្តគោលដៅចំនួន៥រួមមាន ក្រចេះ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគិរី និងរតនគិរី។

គម្រោងបណ្តុះបណ្តាលនេះ មានទិសដៅចម្បងគឺលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនមូលដ្ឋាន តាមរយៈការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈទេសចរណ៍ ការពង្រឹងអាជីវកម្ម គុណភាពសេវាកម្មទេសចរណ៍ និងការកសាងវិថីអភិវឌ្ឍន៍ដល់អ្នកជំនាញទេស​ចរណ៍ដើម្បីឆ្ពោះទៅការសិក្សាពេញមួយជីវិត។

លោកប៉ាក់ សុខុម  រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បាន មាន ប្រសាសន៍ ថា កម្មវិធី នេះ នឹង ផ្តល់ ឱ្យ យុវជន នូវ ជំនាញ វិជ្ជាជីវៈ  បង្កើតឱកាស ការងារ  និង ប្រាក់ ចំណូល ។សម្រាប់ជំហ៊ានទី ២ នៃកម្មវិធីនេះយុវជននៅក្នុងខេត្តដែលបានជ្រើសរើសនឹងត្រូវបានផ្តល់នូវជំនាញបដិសណ្ឋារកិច្ចដើម្បីពួកគេអាចទទួលបានការងារធ្វើ” ។

លោកបន្តថា កម្មវិធីនេះក៏នឹងជួយពង្រឹងមន្រ្តីទេសចរណ៍ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាគាំទ្រដល់ការអភិវឌ្ឍអេកូទេសចរណ៍របស់ប្រទេសផងដែរ៕

តើការសហ្កេនQR Code មានអត្ថន័យយ៉ាងដូចម្តេចក្នុងការទប់ស្កាត់ជំងឺកូវីដ១៩

ដោយ:គង់ សូរិយា

ភ្នំពេញ: ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្រសួងប្រៃស​ណីយ៍និងទូរគមនាគមន៍ បានអំពាវនាវឱ្យសាធារណជនចូលរួមអនុវត្តន៍ និងរម្លឹកឡើងវិញនូវអត្ថន័យអំពីពណ៌ ក្រោយស្កេន QR Code “ទប់ស្កាត់កូវីដ (Stop Covid) ដែលអាចប្រើជាសំណាញ់សុវត្ថិភាព ការពារទីតាំងអាជីវកម្មឱ្យដំណើរការជាធម្មតាតាមបែបគន្លងថ្មី។

នៅក្នុងរូបភាពផ្លូវការបង្ហាញដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅរសៀ​លថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ការស្កេន QR Code “ទប់ស្កាត់កូវីដ” ដើម្បីបានដឹងពីស្ថានភាពពាក់ព័ន្ធនឹងជំងឺកូវីដ១៩ របស់បុគ្គលមកដល់ទីតាំង តាមរយៈការបង្ហាញអត្ថន័យ នៃពណ៌ណាមួយលើអេក្រង់ក្រោយពេលស្កេន ដែលមានអត្ថន័យចំនួន៣យ៉ាងពីការស្កេននេះ។

ទី១ សម្រាប់ពណ៌បៃតង គឺបញ្ជាក់ពីស្ថានភាពធម្មតា បុគ្គលនោះមិនត្រូវបានកត់ត្រា ថាមានពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩(អាចអនុញ្ញាតឱ្យបុគ្គលចូលដោយអនុវត្តតាមវិធានសុខាភិបាល)។ ទី២ ពណ៌លឿង គឺបញ្ជាក់ពីបុគ្គល ដែលបានប៉ះពាល់អ្នកជំងឺកូវីដ​១៩ ដោយផ្ទាល់ ឬដោយប្រយោលក្នុងអំឡុងពេល១៤ថ្ងៃ ចុងក្រោយនិងមិនទាន់បញ្ចប់កាតព្វកិច្ចធ្វើចត្តាឡីស័ក (អាចសម្រេចមិនឱ្យបុគ្គលនោះចូល)។

ទី៣.ពណ៌ក្រហម បញ្ជាក់ពីស្ថានភាពហានិភ័យខ្ពស់ថា បុគ្គលនោះមានជំងឺកូវីដ​១៩ (មិនត្រូវអនុញ្ញាតឱ្យបុគ្គលនោះចូលទីតាំងរបស់ខ្លួន។ ម្ចាស់ទីតាំងគួរចាត់បុគ្គលិកប្រចាំការរង់ចាំ ស្នើឱ្យអ្នកចូលទាំងអស់ត្រូវស្កេន ហើយពិនិត្យមើលពណ៌ក្រោយស្កេន មុនអនុញ្ញាតឱ្យចូលទីតាំងរបស់ខ្លួន។

បន្ទាប់ពីទទួលបានការអនុញ្ញាត របស់សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន ឱ្យប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ ក្នុងរយៈពេល១២ថ្ងៃមកនេះ ទីតាំងចុះឈ្មោះបង្កើត QR Code មានចំនួនជិត១០៩,៩២២កន្លែង និងមានបុគ្គលស្កេនតាមទីតាំងផ្សេង ៗជិត៥លានដង។

តាមរយៈការប្រើប្រាស់ប្រព័ន្ធនេះ អ្នកស្កេន អាចទទួលបានដំណឹងភ្លាមៗ ប្រសិន បើមានករណីពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ហើយម្ចាស់ទីតាំង អាចដឹងពីស្ថានភាពបុគ្គលម្នាក់ៗដែលទៅដល់ទីតាំងរបស់ខ្លួន៕

ស្ពានចំនួន៦ ដែលមានប្រវែងចាប់ពី១០០០ម៉ែត្រឡើងទៅកំពុងជួយសម្រួលដល់ការដឹកជញ្ជូន និងចរាចរណ៍នៅកម្ពុជា

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុលដាក់ក្នុងការកសាង និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានាទូទាំងប្រទេសរួមមានផ្លូវថ្នល់ ស្ពានជាច្រើនកន្លែង ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន ក៏ដូចជាចរាចរណ៍របស់ប្រជាពលរដ្ឋកាន់តែងាយស្រួល ដែលក្នុងមានស្ពាន ដែលមានទំហំធំ និងវែងចាប់ពីជាង១០០០ម៉ែត្រឡើងទៅចំនួន៦ ទីតាំងកំពុងត្រូវបានដំណើរយ៉ាងមមាញឹកនាពេលបច្ចុប្បន្ន។

យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា គិតត្រឹមឆ្នាំ២០២០ ប្រទេសកម្ពុជាមានស្ពានធំៗ ដែលមានប្រវែងចាប់ពី១០០០ម៉ែត្រឡើងទៅមានចំនួន៦កន្លែង ស្ថិតនៅខេត្តក្រុងចំនួន៤ ដែលកំពុងបម្រើដល់មធ្យោបាយធ្វើដំណើរការ និងដឹកជញ្ជូនប្រចាំថ្ងៃរួមមាន៖

ទី១៖ ស្ពានត្សឹបាសា (ស្ពានអ្នកលឿង) ឆ្លងកាត់ទន្លេមេគង្គ សណ្ដូកចេញពីស្រុកលើកដែក ខេត្តកណ្ដាល ឆ្លងទៅកាន់ស្រុកពាមរក៍ ខេត្តព្រៃវែង ជាប្រភេទស្ពានខ្សែកាប មានប្រវែង ២,២១៥ ម៉ែត្រ និងទទឹង ១៣.៥០ ម៉ែត្រ។

ទី២៖ ស្ពានកោះកុង មានទីតាំងស្ថិតនៅខេត្តកោះកុង ឆ្លងកាត់ព្រែកកោះប៉ោ សណ្ដូកចេញពីក្រុងខេមរភូមិន្ទឆ្លងទៅកាន់ស្រុកមណ្ឌលសីមា ជាប្រភេទស្ពានបេតុង មានប្រវែង ១,៩០០ ម៉ែត្រ និងទទឹង ១១ ម៉ែត្រ។

ទី៣៖ ស្ពានមេគង្គ មានទីតាំងស្ថិតនៅខេត្ដស្ទឹងត្រែង ឆ្លងកាត់ទន្លេមេគង្គ សណ្ដូកចេញពីក្រុងស្ទឹងត្រែងឆ្លងទៅកាន់ស្រុកថាឡាបរិវ៉ាត់ ជាប្រភេទស្ពានបេតុង មានប្រវែង ១,៧៣១ ម៉ែត្រ និងទទឹង ១៣.៤០ ម៉ែត្រ។

ទី៤៖ ស្ពានគីហ្សូណា ឆ្លងកាត់ទន្លេមេគង្គ សណ្ដូកចេញពីក្រុងកំពង់ចាម ខេត្តកំពង់ចាម ឆ្លងទៅកាន់ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាប្រភេទស្ពានបេតុង មានប្រវែង ១,៥០០ ម៉ែត្រ និងទទឹង ១៤ ម៉ែត្រ។

ទី៥៖ ស្ពានព្រែកតាមាក់ មានទីតាំងស្ថិតនៅខេត្តកណ្ដាល ឆ្លងកាត់ទន្លេមេគង្គ សណ្ដូកចេញពីស្រុកមុខកំពូលឆ្លងទៅកាន់ស្រុកខ្សាច់កណ្ដាល ជាប្រភេទស្ពានបេតុង មានប្រវែង ១,០៦៦ ម៉ែត្រ និងទទឹង ១៣.៥០ ម៉ែត្រ។

ទី៦៖ ស្ពានសេកុង មានទីតាំងស្ថិតនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ឆ្លងកាត់ទន្លសេកុង ជាប្រភេទស្ពានបេតុង មានប្រវែង ១,០៥៧ ម៉ែត្រ និងទទឹង ១១ ម៉ែត្រ។ ស្ពាននេះចម្លងអ្នកដំណើរពីក្រុងស្ទឹងត្រែង ឆ្ពោះទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល៕

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ៖ ទីផ្សារអចលនទ្រព្យកម្ពុជាអាចងើបឡើងវិញបាននៅពេលណា គឺអាស្រ័យលើកូវីដ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ មិនមែនមានតែប្រទេសកម្ពុជានោះទេដែលទីផ្សារអចលនទ្រព្យទទួលរងនូវផលប៉ះពាល់ ពោលគឺស្ទើរពេញពិភពលោកសុទ្ធតែទទួលរងនូវផល​ប៉ះពាល់​ដូចគ្នា ហើយបញ្ហាមួយនេះអាចងើបឡើងវិញបាននៅពេលណាឱ្យប្រាកដនោះគឺអាស្រ័យទៅស្ថានភាពនៃជំងឺកូវីដត្រូវបានបញ្ចប់ជាស្ថាពរ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKw Cambodia បានមានប្រសាសន៍ប្រាប់ឱ្យដឹងនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះថា កូវីដ១៩គឺជាមូលហេតុចម្បង និងសំខាន់បំផុតដែលធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះយ៉ាងខ្លាំង ហើយសេដ្ឋកិច្ចពិភពលោកអាចងើបឡើងវិញនៅពេលណា ក៏អាស្រ័យលើកូវីដនេះដែរ។

លោកឧកញ៉ាបានបន្តថា សម្រាប់សេដ្ឋកិច្ច ក៏ដូចជាទីផ្សារអចលនទ្រព្យនៅកម្ពុជាក៏ដូចគ្នា អាចងើបឡើងវិញនៅពេលណាឱ្យប្រាកដនោះក៏អាស្រ័យលើ​ស្ថានភាព​នៃ​ជំងឺ​កូវីដត្រូវបានទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព។

លោកឧកញ៉ាគីម ហ៊ាងបានមានប្រសាសន៍បញ្ជាក់ថា “នៅពេលដែលពិភពលោកនៅតែបន្តទទួលរងនូវការគំរាមកំហែងពីជំងឺឆ្លងកូវីដ សកម្មភាពនៃការ​វិនិយោគ​ស្ទើរ​គ្រប់រូបភាពនៅតែបន្តរក្សាភាពស្ងប់ស្ងាត់ លើកលែងតែវិស័យអាទិភាពមួយចំនួនដែលមិនអាចអាក់ខានតែប៉ុណ្ណោះ ដូចជាទីផ្សារផ្គត់ផ្គង់ស្បៀង​អាហារជាដើម”។
លោកថា “សម្រាប់តែកម្ពុជា នៅពេលមានសំណួរសួរថា តើទីផ្សារអចលនទ្រព្យអាចមានសន្ទុះ និងស្ថានភាពល្អឡើងវិញនៅពេលណា គឺវាអាស្រ័យទៅលើ​ស្ថានភាព​នៃសេដ្ឋកិច្ចពិភពលោក​ បើទោះជាកម្ពុជាអាចមានលទ្ធភាពទប់សស្កាត់ និងគ្រប់ការរីករាលដាលនៃជំងឺកូវីដ ក៏ប៉ុន្តែលំហូរចូលនៃចំនួនអ្នកវិនិយោគ​បរទេស​នៅតែមិនទាន់មានកំណើននោះទេ ដែលវាត្រូវការពេលវេលាគ្រប់គ្រាន់សម្រាប់ពួកគេ ពោលគឺទាល់តែពិភពលោកអាចស្ងប់ស្ងាត់ និងអាចលុបបំបាត់​ការ​គំរាមកំហែងបានជាស្ថាពរ។ នៅពេលដែលសេដ្ឋកិច្ចពិភពលោកចាប់ផ្តើមមានកំណើនឡើងវិញ នោះអ្នកវិនិយោគបរទេសក៏នឹងនាំយកលុយមក​វិនិយោគ​នៅកម្ពុជាឡើងវិញផងដែរ ដូច្នេះ បញ្ហាចម្បងនៃសេដ្ឋកិច្ចដែលអាចងើបដើរឡើងវិញបាននៅពេលណា គឺវាអាស្រ័យទៅលើបញ្ហានៃកូវីដនេះតែម្ដង”។

ជាមួយនឹងការអះអាងពីលទ្ធភាពសេដ្ឋកិច្ច ក៏ដូចជាទីផ្សារអចលនទ្រព្យកម្ពុជាអាចមានដំណើរការល្អឡើងវិញខាងលើនេះ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងក៏បានធ្វើការព្យាករថា ប្រសិនបើបញ្ហាកូវីដនេះនៅតែបន្ត សេដ្ឋកិច្ចកម្ពុជានឹងកាន់តែដុនដាបជាងនេះ ហើយវានឹងក្លាយបន្ទុកដ៏ធ្ងន់ធ្ងររបស់រាជរដ្ឋា​ភិបាល ដូច្នេះអ្វីដែលត្រូវធ្វើនៅពេលនេះ គឺប្រជាពលរដ្ឋទាំងអស់ត្រូវតែចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងការអនុវត្តនូវវិធានការសុខាភិបាលដើម្បីកុំឱ្យស្ថាន​ការណ៍​កាន់តែលំបាកជាងនេះ៕

IMF ពិភពលោកកំពុងចាកចេញពីវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់ក្នុងប្រវត្តិសាស្រ្ត ខណៈសញ្ញាព្រមានកើតឡើងព្រមគ្នា

ដោយៈ ប៊ី

ភ្នំពេញៈ ពិភពលោកកំពុងចាកចេញពីវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់ ដោយសារវិបត្តិកូវីដ១៩ ចាប់តាំងពីមានវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត។ នេះបើយោងតាមសំណេររបស់លោកស្រី Kristalina Georgieva ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលត្រូវបានសារព័ត៌មាន CNN យកមកចុះផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១។

កាលពីពេលថ្មីៗនេះ មូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករណ៍ថា កំណើនផលិត​ផលក្នុងស្រុកសរបស់ពិភពលោក នឹងកើនឡើងដល់៥.៥ភាគរយនៅឆ្នាំនេះ និង៤,២ភាគរយនៅឆ្នាំ២០២២។ ប៉ុន្តែកំណើននេះ នឹងមិនមានភាពប្រាកដប្រជា។ ភាគច្រើននៃពិភពលោក កំពុងប្រឈមមុខនឹងការទទួលបានវ៉ាក់សាំងយឺតៗ ខណៈជំងឺកូវីដ១៩ បម្លែ​ងខ្លួនប្រភេទថ្មី កំពុងតែរីករាលដាល ហើយក្តីសង្ឃឹមសម្រាប់ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចកំពុងមានភាពគ្រោះថ្នាក់នៅទូទាំងប្រទេស និងតំបន់ជាច្រើន។

តាមពិត សេដ្ឋកិច្ចពិភពលោកកំពុងស្ថិតនៅលើផ្លូវមួយដ៏ពិបាក។ សំណួរគឺថា តើអ្នកនយោបាយនៅពិភពលោក នឹងចាត់វិធានការដើម្បីទប់ស្កាត់វិបត្តិដ៏នេះឬទេ?។

ដូចដែលការកត់សំគាល់របស់យើង ចំពោះកិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ G20 និងទេសាភិបាលធនាគារកណ្តាលនាពេលថ្មីៗនេះ ចង្អុលបង្ហាញថា វាមានហានិភ័យធំមួយ ដែលនៅពេលប្រទេសសេដ្ឋកិច្ចជឿនលឿន និងប្រទេសកំពុងរីកចម្រើនមួយចំនួនងើបឡើងវិញលឿនជាងគេ ខណៈបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ភាគច្រើន នឹងដើរថយក្រោយ ក្នុងរយៈពេលជាច្រើនឆ្នាំទៅមុខទៀត។

នេះមិនត្រឹមតែធ្វើឱ្យសោកនាដកម្ម កាន់តែអាក្រក់ទៅៗដល់មនុស្សជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការរងទុក្ខផ្នែកសេដ្ឋកិច្ចរបស់ប្រទេស ដែលងាយរងគ្រោះបំផុតផងដែរ។

យើងប៉ាន់ប្រមាណថា នៅចុងឆ្នាំ២០២២ ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗនៅប្រទេសជឿនលឿន នឹងមានកំណើន១៣ភាគរយទាបជាងការព្យាករណ៍ មុនពេលមានវិបត្តិសេដ្ឋកិច្ច បើប្រៀបធៀបជាមួយ១៨ភាគរយ សម្រាប់ប្រទេសប្រាក់ចំណូលទាប និង២២ភាគរយ សម្រាប់ប្រទេសកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍដោយមិនរាប់បញ្ចូលប្រទេ​សចិន។ ផលប៉ះពាល់ដល់ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗ ដែលត្រូវបានប៉ាន់ស្មាននេះ នឹងកើតឡើងដល់រាប់លាននាក់ នៃចំនួនប្រជាជនក្រីក្របំផុត នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។

ម៉្យាងវិញទៀត ការបង្រួបបង្រួមរវាងប្រទេសនានា ត្រូវយកចិត្តទុកដាក់បន្ថែមទៀតទេ។ មុនពេលមានវិបត្តិយើងបានព្យាករណ៍ថា គម្លាតប្រាក់ចំណូលរវាងសេដ្ឋកិច្ចជឿនលឿន និងប្រទេសចំនួន១១០កំពុងរីកចម្រើន និងកំពុងអភិវឌ្ឍនឹងរួមតូចនៅចន្លោះឆ្នាំ២០២០ និង២០២២។ ប៉ុន្តែឥឡូវនេះយើងប៉ាន់ស្មានថា មានតែ៥២ប្រទេសសេដ្ឋកិច្ចប៉ុណ្ណោះ ដែលនឹងទទួលបានកំណើនក្នុងកំឡុងពេលនេះ ខណៈ៥៨ប្រទេសត្រូវបានកំណត់ថានឹងមានភាពយឺតយ៉ាត។

នេះជាផ្នែកមួយ ដោយសារតែការទទួលបានវ៉ាក់សាំងមិនស្មើគ្នា។ សូម្បីតែនៅក្នុងសេណារីយ៉ូដែលល្អបំផុតក៏ដោយ ក៏ប្រទេសកំពុងអភិវឌ្ឍន៍ភាគច្រើន ត្រូវបានរំពឹងថានឹងទទួលបានការចាក់វ៉ាក់សាំង ពេញលេញនៅចុងឆ្នាំ២០២២ ឬរយៈពេលយូរទៅមុខទៀត។ វិស័យខ្លះត្រូវបានប៉ះពាល់ ជាពិសេសទៅនឹងវិស័យ ដែលរងគ្រោះខ្លាំងបំផុត ដូចជាវិស័យទេសចរណ៍ និងការនាំចេញប្រេង ហើយភាគច្រើននៃវិស័យទាំងនេះ ត្រូវបានរារាំងដោយសារវិបត្តិ។

សេដ្ឋកិច្ចសកលនឹងមិនងើបឡើងវិញទេ ប្រសិនបើយើងមិនចែកចាយវ៉ាក់សាំងទៅប្រទេសកំពុងអភិវឌ្ឍន៍ឱ្យបានពេញលេញ។ លោកស្រី Kristalina បានលើកឡើងចំណុចសំខាន់ដូចខាងក្រោមៈ

ទី១) បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់វិបត្តិសុខភាព

យើងដឹងហើយថា ជំងឺរាតត្បាតមិនមាននៅគ្រប់ទីកន្លែងទេ ខណៈពេលដែលការឆ្លងថ្មីនៅទូទាំងពិភពលោក បានធ្លាក់ចុះនាពេលថ្មីៗនេះ យើងមានការព្រួយបារម្ភថា ការចាក់វ៉ាក់សាំងជាច្រើនជុំ អាចត្រូវការជាចាំបាច់ ដើម្បីការពារភាពស៊ាំប្រឆាំងនឹងជំងឺកូវីដ១៩បម្លែងខ្លួនថ្មី។

នេះហើយជាមូលហេតុ ដែលយើងត្រូវការកិច្ចសហការអន្តរជាតិ ខ្លាំងជាងមុន ដើម្បីពន្លឿនការចាក់វ៉ាក់សាំងនៅក្នុងប្រទេសក្រីក្រ។

ទី២) បង្កើនការប្រយុទ្ធប្រឆាំងនឹងវិបត្តិសេដ្ឋកិច្ច

ដឹកនាំដោយបណ្តាប្រទេស G20 ពិភពលោកបានចាត់វិធានការ ដែលមិនធ្លាប់មាន រួមទាំងសកម្មភាព សារពើពន្ធជិត១៤ទ្រីលានដុល្លារ។ រដ្ឋាភិបាលចាំបាច់ត្រូវបង្កើនការខិតខំទាំងនេះ ដោយបន្តផ្តល់ការគាំទ្រសារពើពន្ធ។

ទី៣)បង្កើនការគាំទ្រដល់ប្រទេសងាយរងគ្រោះ

ដោយសារធនធានមានកំណត់ និងគោលនយោបាយរបស់ពួកគេ ប្រទេសដែលកំពុងរីកចម្រើន និងប្រទេសមានប្រាក់ចំណូលទាប អាចនឹងត្រូវប្រឈមមុខជាមួយនឹងជំរើសមួយ រវាងការរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ការដោះស្រាយវិបត្តិសេដ្ឋកិច្ច និងឆ្លើយតបនឹងតម្រូវការជាមូលដ្ឋានរបស់ប្រជាជន។

ភាពងាយរងគ្រោះនេះ មិនត្រឹមតែប៉ះពាល់សេដ្ឋកិច្ច របស់ប្រទេសងាយគ្រោះនោះទេ ប៉ុន្តែវាថែមទាំងបង្កផលប៉ះពាល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចសកលផងដែរ។

ជំហានដំបូង រដ្ឋាភិបាលនៅប្រទេសផ្ទាល់ខ្លួន បង្កើនប្រាក់ចំណូលក្នុងស្រុក ធ្វើឱ្យការចំណាយសាធារណៈកាន់តែមានប្រសិទ្ធិភាព និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច។ ទន្ទឹមនឹងនេះ កិច្ចខិតខំប្រឹងប្រែងអន្តរជាតិមានសារសំខាន់ ក្នុងការបង្កើនហិរញ្ញប្បទានសម្បទាន និងការផ្តល់ហិរញ្ញប្បទានឯកជនបន្ថែមទៀត៕

រដ្ឋបាលខេត្តកណ្តាលសម្រេចបិទការចរាចរណ៍នៅច្រកជ្រៃធំ និងផ្អាកបណ្តោះអាសន្នកាស៊ីណូចំនួន៦ទីតាំង

ដោយ ៖ គង់ ម៉ាលីន

កណ្តាល ៖ ក្រោមការអនុវត្តតាមវិធានការបន្ទាប់ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ឆ្លងក្នុងសហគមន៍ អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានចេញលិខិតបញ្ជាឱ្យអភិបាលស្រុកកោះធំបិទកាស៊ីណូចំនួន៦កន្លែង និងបិទការធ្វើដំណើរចេញចូលតំបន់ទីប្រជុំជនជ្រៃធំជាបណ្តោះអាសន្ន ក្រោយរកឃើញជនបរទេសចំនួន ៥នាក់ មានផ្ទុកវីរុសកូវីដ១៩ នៅក្នុងទីប្រជុំជនជ្រៃធំនេះ។

ក្នុងលិខិតរបស់អភិបាលខេត្តកណ្ដាល ដែលផ្សព្វផ្សាយនៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា រដ្ឋបាលខេត្តកណ្តាលបានណែនាំ និងដាក់ឱ្យអនុវត្តនូវវិធានការបន្ទាន់ដូចខាងក្រោម ៖

១៖ បិទជាបណ្តោះអាសន្ននូវការស៉ីណូចំនួន ៦កន្លែង រួមមាន៖ កាស៉ីណូ និងសណ្ឋាគារជីនសាគុងហ្វូ កាស៉ីណូប៊ីន កាស៉ីណូក្រោន កាស៉ីណូហ្គេន កាស៉ីណូកាឡាក់ស៊ី និងកាស៉ីណូយុងយ័ន។

២៖ បិទជាបណ្តោះអាសន្នមិនឲ្យជនបរទេសធ្វើដំណើរចេញ-ចូលទីប្រជុំជនជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ។

៣៖ ត្រូវសហការអនុវត្តជាបន្ទាន់ក្នុងការប្រមូលជនបរទេស និងមុខសញ្ញាពាក់ព័ន្ធ យកមកធ្វើតេស្តសំណាកឱ្យបានត្រឹមត្រូវ និងរៀបចំប៉ុស្តិ៍ប្រចាំការ ដើម្បីគ្រប់គ្រងមណ្ឌលចត្តាឡីស័កឱ្យបានម៉ឺងម៉ាត់។

៤៖ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការណែនាំបន្ថែម លើការងារបង្ការការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល៕