អ្នកជំនាញៈទំហំនៃការផ្គត់ផ្គង់ផ្សារទំនើបឆ្នាំ២០២១ប្រឈមនឹងលើសតម្រូវការ

ដោយៈ រ៉ាណេត

ភ្នំពេញៈ ស្ថិតនៅក្នុងស្ថានភាពនាពេលបច្ចុប្បន្ន ដែលកំពុងប្រឈមនឹងភាពភ័យខ្លាចឆ្លងជំងឺកូវីដ១៩ រាល់ការទិញលក់មួយចំណែកធំត្រូវបានធ្វើឡើង តាមរយៈអនឡាញបានជះឥទ្ធិពលអាក្រក់ ដល់វិស័យទីផ្សារលក់រាយ នៅតាមបណ្តាផ្សារទំនើបនានា ជាពិសេសនៅក្នុងឆ្នាំ២០២១នេះ ខណៈដែលគម្រោងនៃការដាក់បញ្ចូលចំណែកថ្មីបន្ថែមមានទំហំផ្ទៃក្រឡារហូតដល់ប្រមាណ១៨ម៉ឺនម៉ែត្រការ៉េ។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនអន្តរជាតិ CBRE Cambodia លោកស្រីអាន សុធីតា បានមានប្រសាសន៍បង្ហាញពីក្ដីបារម្ភថា ប្រសិនបើស្ថានភាពនៅតែបន្តដូចពេលបច្ចុ​ប្បន្ន ហើយបន្ថែមថ្មីនូវចំណែកទីតាំងលក់រាយ រហូតដល់ប្រមាណ១៨ម៉ឺនម៉ែត្រការ៉េ នាដំណា​ច់ឆ្នាំ២០២១ នោះការផ្គត់ផ្គង់នៅក្នុងវិស័យមួយនេះនឹងលើសតម្រូវការ។

លោកស្រីបញ្ជាក់ថា “បច្ចុប្បន្ននេះ ការដាក់បញ្ចូលទីតាំងលក់រាយនៅក្នុងផ្សារទំនើ​បនៅកម្ពុជា កំពុងតែមានការកើនឡើងជាបន្តបន្ទាប់ ជាពិសេសប្រភេទផ្សារទំនើបបែបសហគមន៍ នៅតាមតំបន់ទីប្រជុំជនមួយចំនួនក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅក្នុងអគារពាណិជ្ជកម្មផងដែរ”។ លោកស្រីបន្តថា “កំណើនៃការដាក់បញ្ចូលថ្មីបន្ថែមទាំងនេះកំពុងតែប្រឈមទៅនឹងវិបត្តិ នៃការផ្គត់ផ្គង់លើសពីតម្រូវការ ខណៈដែលបច្ចុប្បន្នអតិថិជនមួយចំនួនដែលនិយមទិញសម្ភារៈប្រើប្រាស់ ឬចំណីអាហារនៅតាមបណ្តាផ្សារទំនើបបានផ្លាស់ប្ដូរបែបបទ និងទម្លាប់របស់ខ្លួនដោយការទិញតាមអនឡាញ ដែលមានសេវាដឹកជញ្ជូនដល់លំនៅដ្ឋាន”។

សកម្មភាពទាំងនេះ គឺជាចំណែកមួយដែលអាចជះឥទ្ធិពលអវិជ្ជមាន ដល់វិស័យផ្សារទំនើប បន្ថែមពីលើអ្វីដែលកំពុងកើតមាននាពេលបច្ចុប្បន្ន។

លោកស្រីអាន សុធីតា បានបញ្ជាក់ថា ផ្អែកតាមស្ថានភាពដែលកំពុងមាននាពេលបច្ចុប្បន្ននេះ អ្នកអភិវឌ្ឍន៍ក្នុងវិស័យនេះ គួរតែមានការសម្រេចចិត្តជាថ្មី ក្នុងការដាក់បញ្ចូលចំណែកថ្មីនៃទីតាំងលក់រាយ ដែលស្ថិតនៅក្នុងគម្រោងរបស់ខ្លួន ជៀសវាងជួបហានិភ័យ ដែលអាចកើតមានក្នុងអត្រាខ្ពស់នៅចុងឆ្នាំ២០២១នេះ។ ជាក់ស្ដែងយើងឃើញថា ដោយសារតែបញ្ហានៃវិបត្តិកូវីដ មនុស្សជាច្រើនបានកាត់បន្ថយការចេញដើរ ដូច្នេះវាប៉ះពាល់ដល់វិស័យមួយនេះរួចទៅហើយ ម៉្យាងទៀតប្រសិនបើគម្រោងនៃការដាក់បញ្ចូលចំណែកថ្មី នៃទីតាំងលក់រាយក្នុងវិស័យផ្សារទំនើប ប្រមាណ១៨ម៉ឺនម៉ែត្រការ៉េនៅចុងឆ្នាំនេះ វានឹងបង្កើនចំនួននៃការផ្គត់ផ្គង់សរុប រហូតដល់ជាង៦០ម៉ឺនម៉ែត្រការ៉េ ដែលជាចំនួនមួយលើសពីតម្រូវការគួរឱ្យព្រួយបារម្ភ។

គិតត្រឹមពាក់កណ្តាលត្រីមាសទី១ឆ្នាំ២០២១ យ៉ាងហោចណាស់មានគម្រោងផ្សារទំនើបចំនួន៦ បានបើកដំណើរការក្នុងដំណាក់ដំបូង  (soft launch) ដោយចំនួននេះរាប់បញ្ចូលទាំង ប្រភេទផ្សារសហគមន៍ និងផ្សារក្នុងអគារពាណិជ្ជកម្ម។ នៅក្នុងត្រីមាសនេះ តម្លៃទីតាំងលក់រាយ ដែលត្រូវបានដាក់ជួល គឺស្ថិតនៅកម្រិតថេរដូចគ្នាទៅនឹងឆ្នាំ២០២០កន្លងទៅ ពោលគឺមានតម្លៃចាប់ពី២០ដុល្លារអាមេរិក រហូតដល់៥០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ អាស្រ័យទៅតាមទីតាំង និងប្រទេសផ្សារនីមួយៗ។

ជាមួយគ្នានេះ លោកច្រឹក សុខនីម ប្រធានសមាគមវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងដែរថា  សម្រាប់ទីផ្សារទំនើប វាអាស្រ័យទៅលើសុវត្ថិភាព និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិដ ១៩ ។

លោកបញ្ជាក់ថា “បើស្ថានភាពវាមិនល្អ  មនុស្សនឹងទៅស្វែងរកទិញឥវ៉ាន់  ឬដើរកំសាន្ត ប៉ុន្តែនៅពេលមានបញ្ហាមនុស្សមួយចំនួន នៅមានភាពរអាមួយរយៈដែរ”។

លោក ច្រឹក សុនីម បានទទួលស្គាល់ដែរថា ចំពោះការជួលតូបលក់ដូរនៅក្នុងផ្សារទំនើបនេះនៅតែមានជាធម្មតា នៅក្នុងកាលៈទេសៈនេះ ហើយចំពោះអ្នកដែលជួលរួចហើយ ក៏នៅតែបន្តការលក់ដូររបស់ខ្លួនជាប្រក្រតីដែរ ប៉ុន្តែចំពោះការដាក់បញ្ចូលចំណែកថ្មីនៃទីតាំងលក់រាយអាចប្រឈមនឹងវិបត្តិ៕

គេហទំព័រPropertyarea.asiaសូមថ្លែងអំណរគុណចំពោះឯកឧត្តមជុំ កុសលដែលបានផ្តល់កិត្តិយសជាឧត្តមទីប្រឹក្សា

ដោយ:គង់ សូរិយា

ភ្នំពេញៈ ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់នៃគេហទំព័រPropertyarea.asia និងCambodiafiancialtimes.comសូមប្រកាសថ្លែងអំណរគុណ ដល់ឯកឧត្តមជុំ កុសលទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលឯកឧត្តមបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុងឋានៈជាឧត្តមទីប្រឹក្សារបស់គេហទំព័រទាំពីរនេះ។

ជាមួយនឹងការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់នេះ ឯកឧត្តមនឹងចូលរួមជួយផ្សព្វផ្សាយពីកេរ្ត៍ឈ្មោះ និងកិត្តិនាមនៃគេហទំព័រទាំងពីរនេះ ជាពិសេសឯកឧត្តមនឹងជួយផ្តល់មតិយោបល់ ក្នុងការធ្វើឲ្យកាន់តែប្រសើរឡើង នូវដំណើរការផ្សព្វផ្សាយព៌តមានរបស់គេហទំព័រនេះ ដើម្បីផ្តល់ចំណេះដឹងដល់ប្រជាពលរដ្ឋ ក៏ដូចជា គាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខ។

សហស្ថាបនិក និងជាអគ្គនាយកនៃគេហទំព័រទាំងពីរខាងលើនេះ លោកយិន លាងគង់បានគោរពថ្លែងអំណរគុណ ដល់ឯកឧត្តមជុំ កុសល ដែលបានផ្តល់កិត្តយស​ដ៏ខ្ពង់​ខ្ពស់ក្នុងឋានៈជាឧត្តមទីប្រឹក្សារបស់គេហទំព័រនេះ។

លោកបន្តថា គេហទំព័រPropertyarea.asia និងCambodiafinancialtimes.com តែងតែផ្តល់ព៌តមានពិត ឥតលំអៀង និងឈរលើមូលដ្ឋានក្រមសីលធ៌មវិជ្ជាជីវៈ តាមរយៈការផ្តល់ព៌តមានពិត លឿន រហ័ស និងអាចទុកចិត្តបាន។

លោកបន្តថា “ដោយឈរលើគុណតម្លៃស្នូលរបស់យើង បានធ្វើឲ្យការផ្សព្វផ្សាយព៌តមានរបស់គេហទំព័រនេះ ទទួលបានការគាំទ្រពីមិត្តអ្នកអានជាតិ និងអន្តរជាតិ អ្នកវិនិយោគក្នុងស្រុកនិងបរទេស ដែលបានប្រើប្រាស់គេហទំព័រទាំងពីរនេះ ជាមូលដ្ឋានសំរាប់ការវិភាគ ពិចារណាមុនសម្រេចចិត្តវិនិយោគលើគំរោងអ្វីមួយ”។លោកបន្តថា “ចំនួនអ្នកអានរបស់យើង បានកើនឡើងជាប្រចាំពីរាប់ពាន់នាក់ មករាប់ម៉ឺននាក់ក្នុងមួយថ្ងៃ ដោយ​សារយើងបដិសេធនូវការសរសរព៌តមានបំភ្លៃ បំភ្លើស បំផ្លោង ពិសេសយើងប្រឆាំងដាច់ខាតនូវព៌តមានក្លែងក្លាយ”។

លោកយិន លាងគង់បានបន្តថា ជាមួយគ្នានេះ នាពេលកន្លងមកគេហទំព័រនេះ ក៏ទទួលបានការគាំទ្រ ពីរដ្ឋមន្រ្តីក្រសួងព៌តមាន ឯកឧត្តមខៀវ កាញ៉ារិទ្ឋ ថ្នាក់ដឹកនាំក្រសួងព៌តមានជាន់ខ្ពស់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលក្រសួងនេះបានដាក់ឯកសារ បទដ្ឋានគតិយុត្តិនានារបស់ក្រសួង ចូលនៅក្នុងមាតិកាព៌តមានរបស់គេហទំព័រPropertyarea.asia ដែលអ្នកអានជាតិ អន្តរជាតិអាចទាញយកទៅប្រើប្រាស់បាន​តាមតម្រូវការជាក់ស្តែង៕

ក្រុមហ៊ុនNagaCorp ប្រកាសទទួលបានចំណូលជាង៨៧៨លានដុល្លារពីប្រតិបត្តិការនៅកម្ពុជា

ដោយៈ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុន NagaCorp ទទួលបានចំណូលប្រមាណ៨៧៨,៧លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២០ ធ្លាក់ចុះចំនួន៥០.០ភាគរយ ធៀបនឹងឆ្នាំ២០១៩។ នេះបើយោងតាមការចុះចេញផ្សាយរបស់គេហទំព័រ GGRAsia នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១។

ក្រុមហ៊ុនបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានប្រកាសនៅផ្សារហ៊ុននៅហុងកុងថា ក្រុមហ៊ុននេះទទួលបាន ប្រាក់ចំណេញសុទ្ធជាង១០២,៣លានដុល្លារអាមេរិក សម្រាប់រយៈពេលពេញមួយឆ្នាំ២០២០ ដែលគាំទ្រដោយការស្តារឡើងវិញនៅឆមាសទី២ ឆ្នាំកន្លងមកនេះ។

ប្រាក់ចំណេញសុទ្ធនេះបានធ្លាក់ចុះ៨០,៤ភាគរយ បើធៀបនឹងទំហំទឹកប្រាក់ជិត៥២១,៣លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩។

ក្រុមហ៊ុនបានឱ្យដឹងថា ក្រុមហ៊ុនទទួលបានចំណូលសរុបប្រមាណ៨៧៨,៧លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២០ ធ្លាក់ចុះចំនួន៥០.០ភាគរយ ធៀបនឹងឆ្នាំ២០១៩។

ក្រុមហ៊ុនបានប្រកាសភាគលាភចុងក្រោយ ចំនួន០,១៨៨ដុល្លារអាមេរិក ក្នុងមួយហ៊ុន ដែលនឹងត្រូវបានបញ្ចេញនៅថ្ងៃទី៥ ខែកក្កដា ខាងមុខនេះ។

ក្រុមហ៊ុនចុះបញ្ជីនៅហុងកុងនេះ ក៏បានស្នើអភិវឌ្ឍន៍រមណីយដ្ឋាន មិនមែនល្បែង ដែលមានទឹកប្រាក់៣៥០លានដុល្លារ នៅជិតប្រាសាទអង្គរវត្ត ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់យូណេស្កូ។

កាស៊ីណូទាំងអស់នៅក្នុងប្រទេសកម្ពុជា ត្រូវបានបញ្ជាឱ្យបិទជាបណ្តោះអាសន្នកាលពីថ្ងៃទី១ ខែមេសា ឆ្នាំមុន ដែលជាផ្នែកមួយនៃវិធានការណ៍ ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ១៩៕

តើ​កម្ពុជា​ទទួលបាន​ផលប្រយោជន៍​អ្វីខ្លះ​ពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​បៃតង?

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ការអភិវឌ្ឍ​សេដ្ឋកិច្ច​បៃតង ក្នុង​ផែនការ​រៀបចំ​ដែនដី​នៅ​ខេត្ត​កម្ពុជា ត្រូវបាន​ប្រើ​ជា​ឧបករណ៍​យុទ្ធសាស្ត្រ​មួយ  ដើម្បី​តម្រង់​ទិសដៅ​ជា​អាទិភាព សម្រាប់​ការអភិវឌ្ឍ​និង​ការអភិរក្ស តាមរយៈ​ការដោះស្រាយ​តម្រូវការ​បច្ចុប្បន្ន និង​ការធានាបាន​នូវ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ប្រកបដោយ​និរន្ត​ភាព​រយៈពេល​វែង និង​មានការ​បំ​ភាយ​ឧស្ម័ន​កម្រិត​ទាប។

តួយ៉ាង​ក្រុមប្រឹក្សា​ខេត្ត​មណ្ឌល​គី​រី កាលពី​ខែកុម្ភៈ ឆ្នាំ២០២១ បាន​ឯកភាព​ទទួលយក​ផែនការ​រៀបចំ​ដែនដី​ខេត្តមណ្ឌលគិរី ហើយ​នេះ​ជា​កំណត់សំគាល់​ប្រវត្តិសាស្ត្រ​មួយ ដែល​ខេត្តមណ្ឌលគិរី មាន​ផែនការ​រៀបចំ​ដែនដី​របស់ខ្លួន​ជា​លើកដំបូង ដោយមាន​ការចូលរួម​ពី​តំណាង​មកពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ សមាជិក​ក្រុមប្រឹក្សា​ខេត្តមណ្ឌលគិរី  ទីភ្នាក់ងារ​សហរដ្ឋអាមេរិក សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID) អង្គការ WWF កម្ពុជា និង​ក្រុម​អ្នកជំនាញ​បច្ចេកទេស ដើម្បី​កសាង​ផែនការ​រៀបចំ​ដែនដី​ផងដែរ។

ផែនការ​រៀបចំ​ដែនដី​ខេត្តមណ្ឌលគិរី គឺជា​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ការគ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធិភាព និង​មានការ​ទទួលខុសត្រូវ និង​តុល្យភាព​នៃ​ការបែងចែក ប្រើប្រាស់​ដីធ្លី ធនធានធម្មជាតិ និង​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកទេស​និង​សង្គម ដោយ​ផ្អែកលើ​តម្រូវការ​ជាក់ស្តែង​រប​ស់​ខេត្ត និង​គោលការណ៍​ច្បាប់ ការចូលរួម និង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ពី​គ្រប់​ស្ថាន​ប័ន​និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់។

លោក​សេង ទៀក​នាយក​អង្គការ WWF កម្ពុជា បាន​មានប្រសាសន៍ថា “នវានុវត្តន៍ចម្បងៗបំផុត នៅក្នុង​វិធីសាស្ត្រ​គ្រប់គ្រង​តំបន់​ទេសភាព គឺ​ការទទួលស្គាល់​នូវ​តម្រូវការ​ដើម្បី​ដោះស្រាយ​អន្តរ​កម្ម​ដ៏​សាំញ៉ាំ នៃ​វិសាលភាព​ការប្រើប្រាស់​ដែនដី រួមទាំង​ការយល់ដឹង​អំពី​ស្ថាប័ន និង​អាកប្បកិរិយា​របស់​មនុស្ស​ក្នុង​នៅ​ទីនោះ​ផងដែរ” ។

លោក​បន្ថែមទៀតថា “អង្គការ WWFកម្ពុជា ត្រៀមខ្លួន​ជាស្រេច ដើម្បី​គាំទ្រ​រដ្ឋាភិបាល ក្នុងការ​រៀបចំ​ផែនការ​ប្រើប្រាស់​ដីធ្លី ប្រកបដោយ​និរន្ត​ភាព ដើម្បី​ថែរក្សា​ការពារ​ជីវៈចម្រុះ​សម្បូរបែប​នៅក្នុង​ខេត្តមណ្ឌលគិរី” ។

ការបង្កើត​ផែនការ​រៀបចំ​ដែនដី ជា​ដំណើរ​ការដែល​មានការ​ចូលរួម​ពី​ពហុភាគី និង​ត្រូវបាន​ផ្តួចផ្តើមឡើង​នៅ​ខែមករា ឆ្នាំ២០១៧ ដោយមាន​ការបង្កើតឡើង​នូវ​រចនាសម្ព័ន្ធ​អភិបាលកិច្ច ក្រោម​ការគាំទ្រ​ថវិកា​ពី​សហភាព​អ៊ឺរ៉ុប (EU)។  ការបង្កើត​ផែនការ​រៀបចំ​ដែនដី ត្រូវបាន​ចាប់ផ្តើម​នៅ​ខែតុលា ឆ្នាំ២០១៨ ក្រោម​ការគាំទ្រ​ថវិកា​ពី​គម្រោង​គាំទ្រ​ដែនជម្រកសត្វព្រៃ របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ(USAID) តាមរយៈ​អង្គការ WWF កម្ពុជា។

ដំណើរ​ការកសាង​ផែនការ​រៀបចំ​ដែនដី​នេះ បាន​អនុវត្ត​ដោយ​ក្រុម​អ្នកជំនាញ​ប​ចេ្ច​ក​ទេស រួមមាន ក្រុមការងារ​ស្នូល​រៀបចំ​ផែនការ​រៀបចំ​ដែនដី ខេត្តមណ្ឌលគិរី ក្រុម​ទីប្រឹក្សាបច្ចេកទេស ដែល​ជ្រើសរើស​ដោយ​អង្គការ WWF កម្ពុជា និង​បុគ្គលិក​ជំនាញ​របស់ អង្គការ WWF កម្ពុជា។

ផែនការ​រៀបចំ​ដែនដី ជា​ឯកសារ​យុទ្ធសាស្ត្រ គោលនយោបាយ​សំខាន់​មួយ ដែល​ផ្តល់នូវ​ចក្ខុវិស័យ និង​គោលដៅ​អភិវឌ្ឍ​រយៈពេល​វែង សម្រាប់​រយៈពេល២០ឆ្នាំ​ខាងមុខ (២០២១-២០៤០) ក៍​ដូចជា​ផ្តល់​ទិសដៅ​ជាក់លាក់ សម្រាប់​ការអភិវឌ្ឍ​ដែនដី​ខេត្ត ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្ត​ភាព ដែល​ផ្សារភ្ជាប់​នឹង​ការអភិរក្ស។

ផែនការ​រៀបចំ​ដែនដី ក៏​ត្រូវបាន​បង្កើតឡើង ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​កើនឡើង​រប​ស់​សហគមន៍​មូលដ្ឋាន បញ្ហា​ប្រឈម​នៃ​ការអភិវឌ្ឍ និង​ការប្រែប្រួល​នៃ​ប្រព័ន្ធ​បរិស្ថាន វប្បធម៌ និង​សេដ្ឋកិច្ចសង្គម​នៅក្នុង​ខេត្ត៕

លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រំលឹក​ជាថ្មី​ពី​ការរុះរើ និង​សាងសង់​សំណង់​ចាំបាច់ ត្រូវតែមាន​លិខិតអនុញ្ញាត

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ជាថ្មី​ម្តងទៀត លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​ក្រើនរំលឹក​សាជាថ្មី ទៅកាន់​អ្នកធ្វើ​សកម្មភាព​នៃ​ការសាងសង់​សំណង់ ឬ​រុះរើ​សំណង់​នានា​ចាំបាច់ ត្រូវតែ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ ទៅតាម​ច្បាប់​ដែល​បានចែង​ជា​កំហិត។

លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបញ្ជាក់​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​អេឡិចត្រូនិក កាលពី​ថ្ងៃ​ចុង​សប្ដាហ៍​កន្លងទៅ​ថា យោង​មាត្រា២៦ នៃ​ច្បាប់​ស្តីពី​សំណង់ ដែល​ត្រូវ​បានប្រកាស​ឱ្យប្រើ ដោយ​ព្រះរាជក្រម​លេខ នស/រកម/១១១៩/០១៩ ចុះ​ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ រាល់​ការងារ​សាងសង់ ឬ​រុះរើ ចាំបាច់​ត្រូវតែមាន​លិខិតអនុញ្ញាត​សាងសង់​ជាមុន។

លោក​បញ្ជាក់ទៀតថា “រាល់​ការសាងសង់​សំណង់​សាធារណៈ (សំណង់​របស់​រដ្ឋ) និង​សំណង់​របស់​ឯកជន​នានា ចាំបាច់​ត្រូវតែមាន​លិខិតអនុញ្ញាត​សាងសង់ ដែល​ចេញ​ដោយ​ក្រសួង​រៀបចំ​ដែនដី នគ​រូ​នីយកម្ម និង​សំណង់ ឬ​ពី​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទៅតាម​ទំហំ​ក្រឡា​ផ្ទៃ​សំណង់ ដែល​បាន​កំណត់ដោយ​អនុក្រឹត្យ​លេខ ២២៤ អនក្រ.បក ចុះ​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពី​លិខិតអនុញ្ញាត​សាងសង់” ។

ពាក់ព័ន្ធ​ទៅនឹង​ការជំរុញ និង​កំណត់ឱ្យ​មានការ​អនុវត្ត​ប្រកប ដោយ​ប្រសិទ្ធភាព​ខ្ពស់​ទៅលើ​ច្បាប់​សំណង់ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បានសម្រេច​ចេញ​អនុក្រឹត្យ​ស្ដីពី លិខិតអនុញ្ញាត​សាសង់​សំណង់​គ្រប់​ប្រភេទ លើកលែងតែ​ប្រភេទ​សំណង់ ដែលមាន​កំណត់​ក្នុង​លិខិតបទដ្ឋាន​គតិយុត្ត​ដោយឡែក ដើម្បី​លើកកម្ពស់​គុណភាព​សំណង់ បង្កើន​ជំនឿ​ទុកចិត្ត​របស់​វិនិយោគិន រួមទាំង​អ្នក​អភិវឌ្ឍ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា។

យោងតាម​អនុក្រឹត្យ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ នៅ​ល្ងាច​ថ្ងៃទី១ ខែមករា ឆ្នាំ២០២១ មាន​ចំនួន២០ទំព័រ ១២ជំពូក និង៥៤មាត្រា បានបញ្ជាក់​យ៉ាង​លម្អិត​ទៅលើ​សមត្ថកិច្ច​នៃ​ការគ្រប់គ្រង​ការអនុញ្ញាត និង​ការសម្រេចផ្សេងៗពាក់ព័ន្ធ ទៅនឹង​សកម្មភាព​នៃ​ការសាងសង់ និង​អភិវឌ្ឍ​សំណង់​ផ្សេង​គ្រប់​ប្រភេទ ដែល​ស្ថិតនៅក្រោម​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែលមាន​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជា​រដ្ឋមន្ត្រី។

អនុក្រឹត្យ​ដដែល​បានបញ្ជាក់​ពីបទ​ប្បញ្ញត្តិ​ទូទៅ ស្ថិតនៅក្នុង​មាត្រា១បានកំណត់​អំពី​សមត្ថកិច្ច លក្ខខណ្ឌ និង​នីតិវិធី ក្នុង​ការផ្តល់​លិខិតអនុញ្ញាត​សាងសង់ លិខិតអនុញ្ញាត​ជួសជុល លិខិតអនុញ្ញាត​រុះរើ លិខិតអនុញ្ញាត​បើក​ការដ្ឋាន និង​លិខិត​បន្ត​សុពលភាព ដើម្បី​ធានាបាន​នូវ​គុណភាព សុវត្ថិភាព​សំណង់ ការពារ​ទ្រព្យសម្បត្តិ និង​សុខុមាលភាព​របស់​ម្ចាស់​សំណង់ អ្នកប្រើប្រាស់​សំណង់ និង​សាធារណៈជន។

ជាមួយគ្នានេះ អនុក្រឹត្យ​ក៏បាន​សង្កត់ធ្ងន់ ទៅលើ​សមត្ថកិច្ច​នៃ​ការការពារ​ដី​សាធារណៈ​របស់​រដ្ឋ និង​របស់​នីតិបុគ្គល​សាធារណៈ​ដទៃទៀត ធានា​គុណភាព និង​ភាពត្រឹមត្រូវ​នៃ​ការរៀបចំ​ដែនដី​នគរូបនីយកម្ម បង្ការ និង​ទប់ស្កាត់​វិវាទ​ក្នុង​ការងារ​សាងសង់ ឬ​រុះរើ ដើម្បី​បង្កើន​ជំនឿ​ទុកចិត្ត របស់​វិនិយោគិន​នៅក្នុង​វិស័យ​សំណង់ និង​ជំរុញ​ទីផ្សារ​អចលនទ្រព្យ​ប្រកបដោយ​ប្រសិទ្ធភាព​ផ្នែក​សេដ្ឋកិច្ច និង​សង្គម៕

តំបន់​ជុំវិញ​ភ្នំ​ប្រសិទ្ធ​នឹងត្រូវ​កាត់​ចូលក្នុង​រដ្ឋបាល​រាជធានី​ភ្នំពេញ​នាពេល​អនាគត?

ដោយ​គង់ សូរិយា

ភ្នំពេញៈ ប្រភព​ព៌​ត​មាន​ពី​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា តំបន់ភ្នំ​ប្រសិទ្ធ និង​តំបន់​ជុំវិញ​មួយចំនួន នឹងត្រូវ​កាត់​ចូលក្នុង​ដែន​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ឆ្នាំ២០២៥ឬ​យ៉ាងយូរ​នៅ​ឆ្នាំ២០៣០ខាងមុខនេះ។

មន្ត្រីជាន់ខ្ពស់​ដែល​បាន​និយាយ ក្នុង​លក្ខ​ខ័​ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ច័ន្ទ​ថា ការពិត​តំបន់ភ្នំ​ប្រសិទ្ធ បាន​ក្លាយជា​ទឹកដី​រាជធានី​ភ្នំពេញ​រួចទៅហើយ ដែល​បច្ចុប្បន្ន​ស្ថិតក្នុង​ខ័​ណ្ឌ​ព្រែក​ព្នៅ​រាជធានី​ភ្នំពេញ ហើយ​តំបន់​នេះ​បាននិងកំពុង​រីកចម្រើន​យ៉ាង​លឿន ដែលមាន​អ្នកវិនិយោគ​ក្នុងស្រុក​ជាច្រើន បាន​សាងសង់​លំនៅដ្ឋាន និង​បុរី​នានា។

លោក​បន្តថា “ក្នុង​គោលដៅ​ពង្រីក​ទីក្រុង តាម​ការរីកចម្រើន​នៃ​នគរូបនីយកម្ម រដ្ឋាភិបាល​កំពុង​រៀប​ចំ​ផែនការ ពង្រីក​ក្រុង​បន្ថែមទៀត នាពេល​អនាគត ដែល​ការពង្រីក​ទីក្រុង​ធ្វើ​ឲ្យ​ចំណេញ​សេដ្ឋកិច្ច ពិសេស​លើក​កំពស់​ជីវភាព​ប្រជាពលរដ្ឋ និង​ធ្វើ​ឲ្យ​តំបន់​ដែល​កាត់​ចូល​ក្រុង​រីកចម្រើន​លឿន” ។

មន្ត្រី​ដដែល​បាន​បន្តថា ដូចដែល​បានដឹង​ហើយ ក្រសួងមហាផ្ទៃ​ក៏​បាននិងកំពុង​រៀបចំ​ទីរួមស្រុក ឃុំ​មួយចំនួន​ឲ្យ​ក្លាយជា​ទីក្រុង ដែលមាន​ឋានៈ​ស្មើនឹង​ស្រុក​ផងដែរ ព្រោះ​ការរៀបចំ​បែបនេះ នឹងធ្វើ​ឲ្យ​មូលដ្ឋាន​រីកចម្រើន​លឿន និង​ទាក់ទាញ​ការវិនិយោគ​ពី​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ។

យោងតាម​ការសិក្សា​រប​ស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​កម្ពុជា​រស់នៅ​រាជធានី​ភ្នំពេញ និង​តាម​តំបន់​ទីក្រុង​នានា​នឹង​កើន​ឡើងដល់ ៧លាន​នាក់​នៅ​ឆ្នាំ២០៣០ខាងមុខនេះ។

សហ​ស្ថាបនិក និង​ជា​អគ្គនាយក​គេហទំព័រ Propertyarea.asia លោក​យិន លាង​គង់ បាន​មានប្រសាសន៍ថា ការពង្រីក​ទីក្រុង ជា​រឿង​ល្អ វា​ប្រៀប​បីដូច​ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ ទី១ ចំណេញ​ដល់​រដ្ឋាភិបាល ងាយស្រួល​អភិវឌ្ឍន៍​ប្រទេស ស្របតាម​គោលនយោបាយ​របស់​សម្តេច​តេ​ជោ ក្នុងការ​បង្ខិត​តំបន់​ជនបទ​មក​កៀក​នឹង​ទីក្រុង ពិសេស​កាត់បន្ថយ​ចំណាកស្រុក ធ្វើ​ឲ្យ​ដី​ឡើងថ្លៃ ដែល​រដ្ឋាភិបាល​អាច​ប្រមូល​ព​ន្ឋ​បាន​កាន់តែច្រើន។

លោក​បន្តថា ហេតុផល​ទី២ ការពង្រីក​ក្រុង នឹងធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​សប្បាយរីករាយ ដោយសារ​ពួកគេ​ទទួលបាន​ផល ពី​ការអភិវឌ្ឍ​របស់​រដ្ឋា​ភិ​បាល ព្រោះ​នៅពេល​ដែនដី​ណា​កាត់​ចូល​ទីក្រុង នឹងធ្វើ​ឲ្យ​តំបន់​នោះ​មានការ​រីកចម្រើន​លឿន ទាំង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ សកម្មភាព​សេដ្ឋកិច្ច និង​ទាក់ទាញ​ការវិនិយោគ​ពី​វិស័យ​ឯកជន។

កាលពី​ចុងឆ្នាំ២០២០កន្លងមកនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានរៀបចំ​តំបន់​មួយចំនួន​នៅ​ជុំវិញ​ភ្នំ​ប្រសិទ្ធ ដូចជា​រមណីយដ្ឋាន​ភ្នំ​រាប ភ្នំ​ប្រសិទ្ធ​ជាដើម​ឲ្យ​មាន​សោភ័ណភាព ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ និង​ផ្តល់​ផល​ចំណូល​ដល់​ប្រជាពលរដ្ឋ៕

ស្វែងយល់​ពី​ប័ណ្ណ​កម្ម​សិទ្ធ​ចំនួន៤ប្រភេទ និង​សុពលភាព​ផ្លូវច្បាប់​របស់​វា

ដោយៈ ស៊ីវ ម៉េង

ភ្នំពេញ ប្រទេស​កម្ពុជា​មានការ​ផ្លាស់ប្តូរ​របប​ដឹកនាំ​ញឹកញាប់ បានធ្វើ​ឲ្យ​ការចេញ​ប័ណ្ណ​កម្ម​សិទ្ធ​គ្រប់គ្រង​អចលនទ្រព្យ ឬ​វិញ្ញាបនបត្រ​សម្គាល់​អចលនទ្រព្យ មាន​ច្រើន​ប្រភេទ ទៅតាម​របប​និមួយៗ ប៉ុន្តែ​តើ​ប័ណ្ណ​ទាំងនោះ​មាន​សុពលភាព​ផ្លូវច្បាប់​បែបណា?។

គេហទំព័រ Propertyarea.asia បាន​ជួប​សម្ភាសន៍​ជាមួយ​អ្នកជំនាញ និង​អ្នក​ប្រឡូក​ក្នុង​វិស័យនេះ​ជាច្រើន​ឆ្នាំ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម​និង​អគ្គនាយក​ក្រុមហ៊ុន Century21 Mekong បាន​ថ្លែង​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ការគ្រប់គ្រង​តាមរយៈ​ប័ណ្ណ​សម្គាល់ ឬ​វិញ្ញាបនបត្រ​គ្រប់គ្រង​អចលនទ្រព្យ​នៅ​កម្ពុជា ពិត​ជាមាន​ច្រើន​ប្រភេទ​នៅ​កម្ពុជា ដែល​ប័ណ្ណ​ឬ​វិញ្ញាបនបត្រ​ទាំងនោះ​មាន ដូចជា ទី១ ចន្លោះ​ឆ្នាំ១៩៧៩ ដល់​ឆ្នាំ១៩៨៥ កម្ពុ​ជាមាន​ប័ណ្ណ​សម្គាល់​អចលនទ្រព្យ ដែល​គេ​ហៅថា “ប័ណ្ណ​សាធារណៈរដ្ឋ​ប្រជាមានិត​កម្ពុជា” ។

ប័ណ្ណ​ប្រភេទ​នេះ​នៅ​បន្សល់​ទុកតិ​ត​ច​តួច​ប៉ុណ្ណោះ ក្នុងករណី​ម្ចាស់​ដី​មិន​ផ្លាស់ប្តូរ​ប័ណ្ណ និង​ភាគច្រើន​ស្ថិតនៅ​តំបន់​ជនបទ​ដាច់ស្រយាល។

ទី២ គិត​ចាប់ពី​កំឡុង​ឆ្នាំ១៩៨៥ ដល់​ដើម​ទសវត្សរ៍១៩៩០ កម្ពុជា​បាន​ផ្លាស់ប្តូរ​ប័ណ្ណ​កម្ម​សិ​ទ្ឋ​អចលនទ្រព្យ​ថ្មី​មួយទៀត ដែល​គេ​និយម​ហៅថា “ប័ណ្ណ​ស្លាបមាន់” ដែល​ប័ណ្ណ​ប្រភេទ​នេះ នៅតែមាន​ការប្រើប្រាស់រ​ហូត​ដល់​បច្ចុប្បន្ននេះ​ផងដែរ។

ទី៣ ប្លង់​កាន់កាប់​ឬ​គ្រប់គ្រង​អចលនទ្រព្យ ដែលមាន​ការចេញ​ឲ្យ​ប្រើប្រាស់​កំឡុង​ឆ្នាំ១៩៩៣ មកដល់​បច្ចុប្បន្ន (ហៅថា​ប្លង់​ទន់) ដែល​ប័ណ្ណ​ប្រភេទ​នេះ​មានការ​ពេញនិយម ប្រើប្រាស់​ច្រើនជាងគេ​នាពេល​បច្ចុប្បន្ននេះ។

ប័ណ្ណ​ប្រភេទ​នេះ មានការ​ទទួលស្គាល់​ត្រឹម​អាជ្ញាធរ​មូលដ្ឋាន​ឃុំ សង្កាត់ និង​តាម​បណ្តា​ស្រុក​នានា។

ទី៤ បច្ចុប្បន្ន​មាន​ប័ណ្ណ​មួយទៀត ដែល​ហៅថា​ប្លង់​រ៉ឹង ឬ​វិញ្ញាបនបត្រ​ដែលមាន​ការទទួលស្គាល់​ពី​មន្ត្រី​ជំនាញ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​រាជធានី ខេត្ត។ប័ណ្ណ​នេះ​មាន​ពីរ​យ៉ាង ដែល​ខ្លះ​គេ​ហៅថា L MAP និង​ខ្លះទៀត​ហៅ​ប័ណ្ណ​បំបែក​ក្បាលដី។

លោក​ច្រឹ​ក សុខ​នី​ម​បាន​បន្តថា រហូតមកទល់​ពេលនេះ ដើម្បី​ទប់ស្កាត់​ទំនាស់​ដីធ្លី និង​ប័ណ្ណ​និមួយៗមាន​សុពលភាព​ផ្លូវច្បាប់ គឺ​ពេល​ចុះ​វាស់វែង​ដីធ្លី តែងតែមាន​មន្ត្រី​ជំនាញ​ក្រសួង​រៀបចំ​ដែនដី​ចូលរួម ទោះជា​ធ្វើ​ប្លង់​ឬ​ប្លង់​រ៉ឹង​ក៏ដោយ។

លោក​បន្តថា “ប័ណ្ណ​ទាំង៥ប្រភេទ​ខាងលើនេះ សុ​ទ្ឋ​តែមាន​សុពលភាព​ផ្លូវច្បាប់ ប៉ុន្តែ​ដើម្បី​បញ្ចៀស​ហានិភ័យ ពី​ការរំលោភបំពាន​ដីធ្លី អ្នកកាន់កាប់​អចលនទ្រព្យ ដែលមាន​ប្លង់​របប​សាធារណៈរដ្ឋ ប័ណ្ណ​ស្លាបមាន់ និង​ប្លង់​ទន់​គួរតែរៀបចំ​ឯកសារ​រ​បស់​ខ្លួន ដើម្បី​ស្នើសុំ​ធ្វើ​ប្លង់​រ៉ឹង ដែលមាន​ការទទួលស្គាល់​ពី​មន្ទីរ និង​ក្រសួង​ជំនាញ​ជាក់លាក់” ។ លោក​បន្តថា “ការកាន់កាប់​អចលនវត្ថុ​អ្វីមួយ ដែលមាន​វិញ្ញាបនបត្រ​ទទួលស្គាល់​ច្បាស់លាស់​ពី​សំណាក់​អាជ្ញាធរ​ជំនាញ ពិត​ជាមាន​សារៈសំខាន់​ណាស់ ដើម្បី​បញ្ចៀស​ហានិភ័យ​នាពេល​អនាគត” ។

ទោះជា​យ៉ាងណា​បច្ចុប្បន្ននេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាននិងកំពុង​បញ្ជូន​មន្ត្រី​ជំនាញ​របស់ខ្លួន ចុះ​ធ្វើ​ប័ណ្ណ​កម្ម​សិ​ទ្ឋ​ដីធ្លី​ថ្មី ជូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​ភូមិ ឃុំ​នៃ​បណ្តា​រាជធានី ខេត្ត​ទាំង២បណ្តើរៗហើយ៕

ប្រធាន CVEA បង្ហាញ​ពី​ភាព​ប្រឈម​របស់​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យគ្មាន​អ​ជ្ញា​ប័ណ្ណ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ ដែល​គ្មាន​អ​ជ្ញា​រ​ប័ណ្ណ និង​គ្មាន​ការទទួលស្គាល់​ពី​ច្បាប់ នឹង​ត្រួវ​ប្រឈម​ជាមួយ​បញ្ហា​ជាច្រើន ដែល​អាច​នឹង​ខាតបង់​ផលប្រយោជន៍ ឬ​ឈានដល់​ការផាកពិន័យ​យ៉ាងធ្ងន់ធ្ង ពី​សំណាក់​ក្រសួង ដែល​ពាក់ព័ន្ធ​នៃ​កម្ពុជា ក្រោយ​ពេលដែល​ច្បាប់ នៅក្នុង​វិស័យនេះ​ត្រូវបាន​រឹតបណ្តឹង។

ជាមួយនឹង​បរិបទ ដែល​វិស័យ​អចលនទ្រព្យ កំពុងអភិវឌ្ឍន៍​យ៉ាងខ្លាំង​នៅ​កម្ពុជា បច្ចុប្បន្ននេះ មាន​ក្រុមហ៊ុន​ជាច្រើន​ត្រូវបាន​បង្កើតជា​បន្តបន្ទាប់ ដែល​ក្នុង​មាន​ទាំង​ក្រុមហ៊ុន​ស្របច្បាប់ និង​ក្រុមហ៊ុន​មិន​ស្របច្បាប់ និង​កំពុង​តែមាន​សកម្មភាព​នៅលើ​ទីផ្សារ​មួយ​នេះ ដើម្បី​ស្វែងរក​ផលប្រយោជន៍។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អ​ច​ន​វត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម បាន​មានប្រសាសន៍ថា វា​មិន​លំបាក​នោះទេ ក្នុង​បំពេញបែបបទ ដើម្បី​ទទួលបាន​អ​ជ្ញា​រ​ប័ណ្ណ និង​សិទ្ធិ​ប្រកប​អាជីវកម្ម ក្នុងនាម​ជា​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ។

លោក​បន្តទៀតថា “នៅពេលដែល​ពួកគាត់ បាន​ក្លាយជា​ក្រុមហ៊ុន​ស្របច្បាប់ ពួកគាត់ នឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន និង​មាន​សិទ្ធិ​គ្រប់គ្រាន់ ក្នុង​ទទួលបាន​ប្រកួតប្រជែង​នៅលើ​ទីផ្សារ ដែល​កំពុង​តែមាន​សក​ម្ម​ភាព​យ៉ាង​ផុលផុស​មួយ​នេះ” ។ លោក​បាន​បន្តទៀតថា “នៅពេល​ពួកគាត់ មាន​អ​ជ្ញា​រ​ប័ណ្ណ​ត្រឹមត្រូវ ពួកគាត់​មានឱកាស​ច្រើន​ក្នុង​ស្វែងរក​ដៃគូ​សហការ ដើម្បី​ទទួលបាន​ផលប្រយោជន៍ ជាពិសេស​ទទួលបាន​ទំនុកចិត្ត​ខ្ពស់​ពី​អតិថិជន” ។

បន្ថែម​ពីនេះ គាត់​ក៏​ទទួលបាន​ឱកាស​ចូល​ជា​សមាជិក របស់​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ដើម្បី​ទទួលបាន​ការពិភាក្សា និង​ផ្តល់យោបល់​ជាច្រើន​ពី​សំណាក់​អ្នកជំនាញ មានបទពិសោធន៍​ខ្ពស់​ដែលមាន​ភាពជោគជ័យ​ក្នុង​វិស័យនេះ។

លោក​ច្រឹ​ក សុខ​នី​ម បាន​បន្តទៀតថា ប៉ុន្តែ​នៅពេល​ពួកគាត់​មិនមាន​អ​ជ្ញា​ប័ណ្ណ​ត្រឹមត្រូវ​ដែល​ចេញ​ដោយ​ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​ពាក់​ពាក់ព័ន្ធ ពួកគាត់​នឹង​ប្រឈម​ជាមួយ​បញ្ហា​ជាច្រើន។ លោក​បាន​បន្តទៀតថា ពួកគេ​នឹងមិន​មានឱកាស​ក្នុងការ​ប្រកួតប្រជែង​នៅលើ​ទីផ្សារ​រួម គ្មាន​ឱកាស​បង្កើត​កិច្ចសហការ​ជា​ដៃគូ ជាមួយ​បណ្តា​ក្រុមហ៊ុន​ដែល​ទទួលស្គាល់​ដោយ​ច្បាប់ ហើយក៏​គ្មាន​ឱកាស​ទទួលបាន​ទំនុកចិត្ត ពី​សំណាក់​អត​ថិ​ជន ក៏ដូចជា​ក្រុមហ៊ុនធំៗនោះដែរ។

លោក​បន្តទៀតថា “អ្វីដែល​សំខាន់​នោះ ពួកគាត់​នឹង​ប្រឈម​ចំពោះមុខ​ច្បាប់ ដែល​ត្រូវ​ទទួលរង​នូវ​ការផាកពិន័យ នៅពេលដែល​ច្បាប់ ក្នុង​វិស័យនេះ​ត្រូវបាន​រឹតបណ្តឹង” ។

ជាមួយនឹង​ការលើកឡើង​ខាងលើនេះ ជាការ​ចូលរួម​លើកកម្ពស់ និង​ជម្រុញ​ឱ្យ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា កាន់តែ​មាន​ភាព​រីកចម្រើន ប្រកបដោយ​ភាពរលូន លោក ច្រឹ​ក សុខ​នី​ម ក៏បាន​ទទូច និង​លើកទឹកចិត្ត​ដល់​បណ្តា ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ ដែល​កំពុង​ប្រតិបត្តិការ ដោយ​មិនទាន់មាន​អ​ជ្ញា​រ​ប័ណ្ណ​ត្រឹមត្រូវ​នោះ គួរតែ​រួសរាន់​ទៅ​បំពេញ​ឯកសារ និង​សំណុំបែបបទ​នានា ស្នើសុំ​អ​ជ្ញា​រ​ប័ណ្ណ​ស្របច្បាប់​ពី​ក្រសួង​ពាក់ព័ន្ធ ក្នុង​វិស័យនេះ​ទាំងអស់គ្នា ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ក្នុង​រយៈពេល​យូរ​ទាំងអស់គ្នា៕

លោក ឡុង គឹមសួគ៌ ៖ ប្រកាន់គោលការណ៍៣ក្នុងដៃ ការវិនិយោគដី និងអចលនវត្ថុផ្សេងទៀតនឹងទទួលបានផលចំណេញខ្ពស់

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ដោយមើលឃើញពីវិសាលភាព និងការទទួលបានផលចំណេញយ៉ាងច្រើនពីវិស័យអចលនទ្រព្យ ជាពិសេសផ្នែកដីធ្លី បច្ចុប្បន្ននបានជំរុញឱ្យមនុស្សជាច្រើនចាប់អារម្មណ៍ និងងាកមកប្រឡូកក្នុងមុខជំនួញជាអ្នកទិញ-លក់អចលនទ្រព្យយ៉ាងច្រើន។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Century21 Advance លោក ឡុង គីមសួគ៌ បានមានប្រសាសន៍នៅរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះថា មិនមែនការរកស៊ីនៅក្នុងវិស័យអចលនទ្រព្យសុទ្ធតែទទួលបានចំណេញ និងជោគជ័យទាំងអស់នោះទេ ដែលក្នុងនោះភាពបរាជ័យក៏កើតមានច្រើនដែរ ជាពិសេសសម្រាប់អ្នកដែលរកស៊ីតាមគ្នា ដោយគ្មានជំនាញច្បាស់ និងការស្វែងយល់ពីទីផ្សារមួយនេះ។

លោក ឡុង គឹមសួគ៌ បានមានប្រសាសន៍ថា “ទោះជាអ្នកទាំងនោះបានសម្រេចចិត្តចេញមកប្រកបជំនួញមួយនេះក៏ដោយ តែភាពជាក់ស្តែងត្រូវបានគត់សម្គាល់ឃើញថា មានមួយចំនួនអាចសម្រេចបានភាពល្អប្រសើរ និងរីកចម្រើនទទួលបានប្រាក់ចំណេញពីការវិនិយោគ ហើយក៏មានមនុស្សមួយក្រុមទៀត ជួបភាពបរាជ័យលើការធ្វើជំនួយក្នុងវិស័យមួយនេះទៅវិញ ដែលភាពបរាជ័យ និងភាពជោគជ័យ គឺមានការជាប់ព័ន្ធទៅនឹងចំណុចធំៗចំនួន៣ ដែលប្រៀបបានជាគ្រឹះក្នុងការប្រកបជំនួញទិញ-លក់អចលនទ្រព្យ”។

គោលការណ៍គ្រឹះទាំង៣ ដែលចាំបាច់ត្រូវតែដឹងមុនពេលចេញប្រឡូកក្នុងវិស័យអចលនទ្រព្យរួមមានដូចជា ៖

ទី១ ៖ ស្វែងយល់ឱ្យបានច្បាស់ពីតម្លៃទីផ្សារ និងតម្រូវការជាក់ស្ដែង ៖ នេះជាកិច្ចការដំបូងដែលអ្នកត្រូវដឹងតម្លៃអចលនទ្រព្យជាក់ស្ដែង នៅក្នុងតំបន់នីមួយៗ ជាពិសេសគឺតំបន់កំពុងអភិវឌ្ឍន៍ និងតំបន់គ្រោងអភិវឌ្ឍន៍។ នៅពេលដែលអ្នកដឹងពីតម្លៃអចលនទ្រព្យក្នុងតំបន់ណាមួយច្បាស់ នោះអ្នកនឹងងាយស្រួលក្នុងការលក់ ឬទិញ ដោយទទួលបានផលចំណេញច្រើន។ អ្នកត្រូវដឹងឱ្យច្បាស់ថា តម្លៃនៃអចលនទ្រព្យមួយនេះ វានឹងកើនតម្លៃនៅក្នុងរយៈពេលប៉ុន្មានឆ្នាំទៀត ជាពិសេសត្រូវដឹងថា ហេតុអ្វីតំបន់នេះមានការអភិវឌ្ឍន៍ច្រើន ប៉ុន្តែតម្លៃនៃអចលនទ្រព្យមិនកើនឡើងសោះ ។

ទី២ ៖ សម្លឹងទៅតំបន់ជាយក្រុងដែលមានសក្ដានុពល ៖ ជាការពិតណាស់ នៅពេលការអភិវឌ្ឍ តំបន់ក្នុងក្រុងកាន់តែតូចទៅៗ នោះក្រុមអ្នកវិនិយោគនឹងងាកទៅជាយក្រុងវិញម្ដង ដូច្នេះ អ្នកត្រូវដឹងថា បច្ចុប្បន្នតើការអភិវឌ្ឍនៅក្នុងទីក្រុងដល់កម្រិតណាហើយ ហើយវានឹងជះឥទ្ធិពលទៅដល់ជាយក្រុងនៅពេលណា? នៅពេលដែលអ្នកដឹងថា តំបន់ជាយក្រុងណាមួយ នឹងក្លាយជាតំបន់អភិវឌ្ឍន៍ នោះអ្នកនឹងមើលឃើញពីការរកស៊ី និងទទួលបានផលចំណេញពីការរកស៊ីនៅក្នុងវិស័យអចលនទ្រព្យមួយនេះ។

ទី៣ ៖ តាមដានព័ត៌មានដែលពាក់ព័ន្ធ ៖ ត្រូវមានទំនាក់ទំនងល្អជាមួយនឹងស្ថាប័នឯកជន ឬ ស្ថាប័នរដ្ឋ ដើម្បីទទួលបានព័ត៌មាននានាពាក់ព័ន្ធទៅវិស័យអចលនទ្រព្យ ព្រោះអ្នកនឹងដឹងថា តំបន់ណានឹងក្លាយជាតំបន់អភវិឌ្ឍន៍ពិតប្រាកដ តំបន់ណានឹងត្រូវរដ្ឋាភិបាលកាត់ធ្វើជារបស់រដ្ឋ។ មួយវិញទៀត ការមានទំនាក់ទំនងល្អជាមួយនឹងស្ថាប័នរដ្ឋ អ្នកក៏អាចនឹងទទួលបានផលចំណេញច្រើន ព្រោះនៅពេលមានក្រុមវិនិយោគមក គេអាចនឹងរុញច្រានគម្រោងណាមួយឱ្យមកអ្នកដឹងក៏ថាបានដែរ ៕

អ្នកជំនាញអន្តរជាតិ ៖ កម្ពុជាមានវិស័យឧត្តមភាព ប៉ុន្តែខ្វះបច្ចេកវិទ្យា និងធនធានមនុស្សក្នុងការទាញយកប្រយោជន៍សម្រាប់សេដ្ឋកិច្ចជាតិ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ខុសប្លែកពីបណ្តាប្រទេសក្នុងតំបន់មួយចំនួន សម្រាប់ប្រទេសកម្ពុជាទោះជាកំពុងជួបប្រទះបញ្ហាប្រឈមនឹងការរាតត្បាតនៃជំងឺកូវីដយ៉ាងណា ប៉ុន្តែចំពោះការនាំចេញផលិតផលទៅកាន់ទីផ្សារក្រៅស្រុកនៅតែមានភាពវិជ្ជមាន ជាពិសេសផលិតផលក្នុងវិស័យកសិកម្មទៅកាន់ទីផ្សារប្រទេសចិន បានក្លាយជាវិស័យឧត្តមភាពមួយសម្រាប់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

 

លោកបណ្ឌិត ឈាង វណ្ណារិទ្ធ នាយកវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានមានប្រសាសន៍ប្រាប់ឱ្យដឹងនៅថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា កម្ពុជាមានវិស័យឧត្តមភាពមួយដែលជាស្នូលនៃសេដ្ឋកិច្ចជាតិ ប៉ុន្តែវិស័យមួយនេះមានចំណុចចំនួន២ដែលកំពុងបន្ទុចបង្អាក់ក្នុងការទាញយកប្រយោជន៍ពីវិស័យមួយនេះ រួមមានចំណេះដឹងផ្នែកបច្ចេកវិទ្យា និងចំណេះដឹងជំនាញក្នុងការផលិត។

លោកបណ្ឌិតបានបញ្ជាក់ថា “កម្ពុជាយើងមានវិស័យមួយដែលមានឧត្តមភាពខ្ពស់អាចឈរជាសរសរទ្រូងសេដ្ឋកិច្ចជាតិបានល្អនោះគឺវិស័យកសិកម្ម ប៉ុន្តែអ្វីដែលយើងនៅខ្វះខាតគឺចំណេះដឹងផ្នែកបច្ចេកវិទ្យា និងចំណេះដឹងលើការធ្វើកសិកម្ម ជាពិសេសបច្ចេកទេសកែច្នៃគឺយើងនៅមានកម្រិត ដែលចាំបាច់ត្រូវតែមានការជំរុញ និងបង្កើនលទ្ធភាពផ្នែកខ្វះខាតទាំងនេះឱ្យមានភាពល្អប្រសើរឡើងវិញ”។

លោកបន្តថា “តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន គឺយើងមានទីផ្សារធំទូលាយ ប៉ុន្តែអ្វីដែលសំខាន់គឺការពង្រឹងលទ្ធភាព និងគុណភាពក្នុងការផលិតសម្រាប់នាំចេញ ដែលធ្វើយ៉ាងឱ្យមានស្ដង់ដារតាមការកំណត់របស់គេ ដូច្នេះប្រសិនបើយើងគ្មានបច្ចេកទេស គ្មានចំណេះដឹងក្នុងការផលិត ដូច្នេះទោះជាយើងមានទីផ្សារធំទូលាយយ៉ាងណា ក៏ការទទួលបានប្រយោជន៍ពីការនាំចេញនៅតែមានចំនួនតិចតួចដដែល”។

ជាមួយគ្នានេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ក៏បានលើកឡើងផងដែរថា នៅក្នុងប្រទេសកម្ពុជាយើងមានវិស័យធំៗចំនួន៣ជាអាទិភាពក្នុងការជួយជ្រោមជ្រែងកំណើនសេដ្ឋកិច្ចជាតិ រួមមានវិស័យកសិកម្ម វិស័យទេសចរណ៍ និងវិស័យអចលនទ្រព្យ និងសំណង់ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ ក្នុងចំណោមវិស័យទាំង៣ មានវិស័យចំនួន២កំពុងទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ នោះគឺវិស័យទេសចរណ៍ និងវិស័យអចលនទ្រព្យ ដែលយើងត្រូវការពេលវេលាយូរបន្តិចក្នុងការស្ដារឱ្យវិលត្រឡប់មករកភាពល្អប្រសើរឡើងវិញ។

បើទោះបីជាជំងឺកូវីដចូលរាតត្បាតយ៉ាងក្តី ប៉ុន្តែកសិផលកម្ពុជា នៅតែបន្តការនាំចេញ គ្រាន់តែរយៈពេល២ខែដើមឆ្នាំ២០២១នេះ ការនាំចេញអង្ករពីកម្ពុជាទៅកាន់ទីផ្សារអន្តជាតិសរុប ៧៦ ២២២តោន។ ដោយឡែកការនាំចេញស្រូវទៅលក់ប្រទេសវៀតណាម តាមខេត្តព្រៃវែង បានជាង៤០ម៉ឺនតោន ដែលគិតជាទឹកប្រាក់នៃការនាំចេញទាំង២ប្រភេទនេះសរុបជិត១៨០លានដុល្លារ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាក៏កំពុងអនុវត្តផែនការ និងគោលនយោបាយធ្វើពិពិធកម្មនៅក្នុងវិស័យកសិកម្មឱ្យកាន់តែមានឧត្តមភាពសម្រាប់បង្កើនការនាំចេញ៕