ក្រុមហ៊ុនLSCGចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនធំមួយរបស់ចិនលើទឹកប្រាក់ប្រមាណ២០លានដុល្លារ ដើម្បីដេញថ្លៃគំរោងធំៗនៅកម្ពុជា

ដោយស៊ីវ ម៉េង
ភ្នំពេញៈ ក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយ បានសម្រេចចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនរបស់រដ្ឋាភិបាលចិន ដើម្បីដេញថ្លៃគំរោងធំនៅកម្ពុជា ជាប្រទេសដែលកំពុងទាក់ទាញការវិនិយោគ និងមានការរីកចម្រើនយ៉ាងលឿននេះ។

លោកលី សុខឆាយអគ្គនាយក្រុមហ៊ុនLSCG បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៨ មិនានេះថា កិច្ចព្រមព្រៀងនេះមានទំហំទឹកប្រាក់ចន្លោះពី២០ ទៅ៣០លានដុល្លារអាមេរិក ដែលនឹងត្រូវប្រើប្រាស់លើការដេញថ្លៃគំរោងសាងសង់ធំៗ ក៏ដូចជាគម្រោងអាគារសំណង់នានានៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តមានសក្តានុពលសេដ្ឋកិច្ច។

លោកបន្តថា “ការវិនិយោគដេញថ្លៃគម្រោងធំៗនៅកម្ពុជា ដែលកំពុងជួបការលំបាកដោយសារCovid ជាផ្នែកមួយនៃការផ្តល់ទំនុកចិត្ត និងលើកកំពស់វិស័យអចលនទ្រព្យនៅកម្ពុជា”។លោកបន្តថា “វិស័យសំណង់ និងអចលនទ្រព្យកម្ពុជា ទោះបីឆ្លងកាត់ពេលវេលាដ៏លំបាកដោយសារជំងឺកូវីដ១៩ក្តី ប៉ុន្តែយើងមិនរងផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ដោយសារកត្តាដឹកនាំដ៏ឈ្លាសវៃ របស់ប្រមុខរដ្ឋាភិបាលកម្ពុជា គឺសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា”។

ជាមួយនឹងការពង្រីកការសហការ ជាមួយក្រុមហ៊ុនជាតិ អន្តរជាតិ ពិសេសក្រុមហ៊ុនមកពីប្រទេសចិន បានធ្វើឲ្យក្រុមហ៊ុនLSCG ពង្រីកខ្លួនចាប់យកចំណែកទីផ្សារអចលនទ្រពន្យនៅកម្ពុជាយ៉ាងលឿន និងជាក្រុមហ៊ុនដែលកំពុងលេចធ្លោមួយ ដែលនឹងរួមចំណែកដល់ការលើកស្ទួយសេដ្ឋកិច្ច សង្គមកម្ពុជាឲ្យមានការរីកចម្រើនលឿនថែមទៀត។

លោកលី សុខឆាយបានបន្តទៀតថា លោកជឿថាវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជានឹងងើបឡើងវិញ យ៉ាងលឿននាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍៍២០កុម្ភៈកន្លងមកនេះ។លោកបន្តដោយសុទិដ្ឋិនិយមថា ប្រមុខរដ្ឋាភិបាលកម្ពុជានឹងអាចគ្រប់គ្រងជំងឺនេះបានលឿន និងឆាប់ចប់ ហើយសេដ្ឋកិច្ចកម្ពុជានឹងមានកំនើនឆាប់រហ័សឡើងវិញនាពេលឆាប់ៗខាងមុខនេះ៕

តើគួរចាប់ផ្ដើមពីចំណុចណាមុនដើម្បីក្លាយជាអ្នកវិនិយោគអចលនទ្រព្យមានជំនាញច្បាស់លាស់?

ដោយៈ លក្ខិណា

ភ្នំពេញៈ នាពេលបច្ចុប្បន្ន ការវិនិយោគអចលនទ្រព្យមានច្រើនបែប និងច្រើនសណ្ឋាន អ្នកខ្លះមានទុនច្រើនក៏ចាប់ផ្ដើមវិនិយោគធំ ហើយអ្នកខ្លះទៀត ដែលមានទ្រព្យធនតិចតួច ក៏មិនដឹងថា វិនិយោគអ្វីឱ្យទទួលបានផលចំណេញនៅពេលអនាគត។

ដូច្នេះដើម្បីឱ្យក្លាយជាអ្នកវិនិយោគអចលនទ្រព្យដែលអាចរកប្រាក់ចំណាញ និងក្លាយជាអ្នកវិនិយោគ ដែលមានជំនាញច្បាស់លាស់ តើគួរចាប់ផ្ដើមពីចំណុចណាមុន?

លោកង៉ែត ជូសេដ្ឋវិទូមួយរូបនៅក្នុងប្រទេសកម្ពុជាបានមានប្រសាសន៍ឱ្យដឹងថា សម្រាប់អ្នកដែលមានទុនតិចតួច ហើយគ្រាន់តែចង់បានផ្ទះនៅនិងមិនចង់បានបិទពិសោធន៍ប ឬការវិនិយោគច្បាស់លាស់នៅពេលអនាគតទេ គឺអាចទិញផ្ទះនៅតែម្ដងទៅ ប៉ុន្តែសម្រាប់ដែលមានបំណងចង់អភិវឌ្ឍខ្លួន និងយកការវិនិយោគអចលនទ្រព្យជាវិជ្ជាជីវៈ មុខរបរនៅពេលអនាគត គួរតែវិនិយោគទៅលើដី។

លោកបានថ្លែងថា ការវិនិយោគដីធ្លីនេះ វាមិនខុសពីការវិនិយោគទៅលើវិស័យផ្សេងៗនោះទេ គឺត្រូវវិនិយោគលើខ្លួនឯងជាមុនសិន ដែលសំដៅទៅលើការវិនិយោគលើចំណេះដឹង។

លោកបន្តថា ការវិនិយោគដីធ្លី គឺត្រូវមើលទៅលើទីតាំង ទើបអាចទទួលបានផលចំណេញ។ ជាក់ស្ដែងបើសិនជាគម្រោងវិនិយោគដីធ្លីរបស់យើង មានបំណងផ្ដោតទៅលើអ្នកដែលមានជីវភាពមធ្យមឬក្រោមមធ្យម គួរមើលទៅលើតំបន់ទើបកកើតថ្មីៗ ព្រោះតំបន់នោះ តម្លៃដីនៅមានតម្លៃទាប និងអាចលក់ចេញវិញនៅពេលអនាកត ក្នុងតម្លៃមួយខ្ពស់ជាង ជាពិសេសទៅលើតំបន់ណាដែលនៅជិតរោងចក្រកកើតថ្មីឬរោងចក្រដែលនឹងកកើតនៅពេលអនាគត។

លោកបន្ថែមថា ការវិនិយោគដីធ្លីក៏មើលទៅលើពីតម្រូវការជាក់ស្ដែងដែរ ហើយលោកបានផ្ដល់ជាមតិថា ដីនៅតាមបណ្ដាខេត្ត បើនិយាយពីតម្រូវការគឺនៅមានតិចតួចជាងតម្រូវការនៅក្នុងភ្នំពេញ ដូចជាតម្រូវការសាងសង់លំនៅឋានតម្រូវការសាងសង់រោងចក្រជាដើម ។ ដូច្នេះអ្នកវិនិយោគដីធ្លីដែលមានទុនតិចតួនហ្នឹងគួរតែងាកមកភ្នំពេញ ដើម្បីសម្លឹងមើលការវិនិយោគរបស់ខ្លួន ។

លោកបណ្ឌិតគីម ហ៊ាងប្រធានក្រុមហ៊ុនអចលនទ្រព្យ KW Cambodia បានលើកឡើងថា ការអភិវឌ្ឍដ៏ធ្លី នៅក្នុងប្រទេសកម្ពុជាបើប្រៀបធៀបនឹងប្រទេសមួយចំនួន ឃើញថា កម្ពុជាដើរក្រោយគេ១០ឆ្នាំ ២០ឆ្នាំ និងខ្លះមានដល់ទៅ៣០ឆ្នាំផងដែរ ដូច្នេះសក្ដានុពលក្នុងការវិនិយោគដីធ្លីនៅតែមានឱកាសខ្ពស់និងអាចរកប្រាក់ចំណេញបាននៅពេលអនាគត គ្រាន់តែទីតាំងដីដែលត្រូវវិនិយោគវានឹងកាន់តែឆ្ងាយពីរាជធានីភ្នំពេញ ឬឆ្ងាយពីទីប្រជុំជនបន្តិច៕

លំហូរទុនវិនិយោគលើវិស័យសំណង់នឹងងើបឡើងវិញនៅត្រីមាសទី៣ចុងឆ្នាំនេះ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ គម្រោងសាងសង់ និងទុនវិនិយោគក្នុងវិស័យសំណង់នៅកម្ពុជា ដែលស្ថិតនៅក្នុងសភាពស្ងប់ស្ងាត់ក្រោមឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចបណ្តាលមកពីជំងឺឆ្លងចាប់តាំងពីដើមឆ្នាំ២០២០មកនោះ ត្រូវបានអ្នកជំនាញនៅក្នុងវិស័យមួយនេះធ្វើការព្យាករថា អាចនឹងនឹងកម្រើកឡើងវិញនៅក្នុងត្រីមាសទី៣ ឬចុងឆ្នាំ២០២១ ប្រសិនបើការប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ១៩បានកាន់តែទូលាយ និងមានប្រសិទ្ធភាពទាំងនៅតាមបណ្តាប្រទេសនានា ក៏ដូចជានៅក្នុងប្រទេសកម្ពុជា ។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍នៅព្រឹក៨ ខែមីនា ឆ្នាំ២០២១នេះថា ប្រសិនបើបញ្ហានៃការរីករាលដាលនៃជំងឺឆ្លងត្រូវបានធ្វើការទប់ស្កាត់ ជាពិសេសប្រសិទ្ធភាពនៃការប្រើប្រាស់វ៉ាក់សាំងកាន់តែមានភាពទូលាយ នោះសកម្មភាពវិនិយោគក្នុងវិស័យសំណង់នៅកម្ពុជាអាចនឹងមានកំណើនឡើងវិញបន្តិចម្ដងៗនៅត្រឹមចុងឆ្នាំ២០២១ ហើយភាគច្រើនផ្តើមចេញពីវិនិយោគិន និងអ្នកអភិវឌ្ឍន៍ក្នុងស្រុក។

លោកស្រីបានបញ្ជាក់ថា “សកម្មភាពអភិវឌ្ឍន៍ និងសាងសង់ទាំងអស់ដែលអាចនឹងបង្ហាញនៅចុងឆ្នាំ២០២១ភាគច្រើនជាគម្រោង និងទុនវិនិយោគដែលបានស្នើចូលមកកាន់កម្ពុជាតាំងពីឆ្នាំចាស់ ដែលមិនមែនទើបតែកើតមាននៅក្នុងឆ្នាំ២០២១នោះទេ។ យើងទទួលស្គាល់ថា សកម្មភាព និងទុនវិនិយោគថ្មីអាចកើតមាននៅក្នុងឆ្នាំ២០២១ខ្លះពិតមែន ប៉ុន្តែគម្រោងថ្មីទាំងនេះ ភាគច្រើនជាសកម្មភាពរបស់អ្នកវិនិយោគក្នុងស្រុកដែលវាមានកំណើនទុនក្នុងវិស័យសំណងតិចភាគរយបើប្រៀបទៅនឹងទុនវិនិយោគដែលទទួលបានពីក្រៅប្រទេស”។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម ធ្លាប់បានមានប្រសាសន៍កាលពីពេលកន្លងទៅថ្មីៗនេះថា នៅក្នុងឆ្នាំ២០២១នេះ សកម្មភាពវិនិយោគក្នុងវិស័យសំណង់ភាគច្រើនជាសកម្មភាពរបស់អ្នកក្នុងស្រុក ដោយឡែកសម្រាប់រំហូរទុនចូលពីក្រៅស្រុកគឺមានតិចតួចបំផុត។ លោកបានបន្តថា “វិបត្តិសេដ្ឋកិច្ចដែលកំពុងកើតមាននៅពេលនេះ គឺជះឥទ្ធិពលគ្រប់ប្រទេស ដែលបណ្តាលឱ្យប៉ះពាល់ដល់គម្រោងវិនិយោគទាំងអស់។ ប៉ុន្តែក្រោយពេលវិបត្តិនេះត្រូវបានទប់ស្កាត់ គម្រោងវិនិយោគនានានឹងចាប់ផ្តើមរៀបចំឡើងវិញ ហើយតាមខ្ញុំគិត ប្រសិនបើវិបត្តិជំងឺដែលកំពុងរាលដាលនេះត្រូវបានបញ្ចប់នៅត្រឹមចុងឆ្នាំនេះ នោះសកម្មភាពវិនិយោគនៅក្នុងវិស័យសំណង់អាចនឹងចាប់ផ្តើមនៅដើមឆ្នាំ ឬនៅត្រឹមពាក់កណ្តាលឆ្នាំ២០២២ខាងមុខនេះ”៕

ហេដ្ឋាចរនាសម្ព័ន្ធថ្មីនៅតំបន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាបចាប់ដំណើរការអនុវត្តជាបណ្តើរៗ

ដោយ ៖ រ៉ាណេត

សៀមរាប ៖ អនុវត្តតាមការណែនាំពីសំណាក់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ទៅលើការរៀបចំ និងដោះស្រាយផលប៉ះពាល់គម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងក្រុងសៀមរាប ក៏ដូចជាការរៀបចំស្ទឹងសៀមរាប បច្ចុប្បន្នរដ្ឋបាលខេត្តបាន និងកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មីនៅតំបន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក ដែលជាទីតាំងដោះដូរថ្មីសម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោង។

លោកទៀ សីហា អភិបាលខេត្តសៀមរាបបានមានប្រសាសន៍នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើសុខទុក្ខរបស់ប្រជាជនទូទាំងប្រទេសស្របពេលដែលកម្ពុជាក៏កំពុងព្យាយាមបង្កើននូវកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែល្អប្រសើរ។

លោកបានបន្ថែមថា ជាក់ស្ដែង ស្ថិតនៅក្នុងគម្រោងរៀបចំស្ថាបនា និងស្ដារហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងក្រុងសៀមរាប ដែលមានប្រជាពលរដ្ឋប្រមាណ៤០០គ្រួសាររងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍នៅស្ទឹងសៀមរាប រដ្ឋាភិបាលបានរៀបចំ និងដោះដូរទីតាំងសម្រាប់លំនៅដ្ឋានជូនប្រជាពលរដ្ឋទាំងអស់មកកាន់តំបន់អភិវឌ្ឍន៍ថ្មីដែលស្ថិតនៅភូមិអភិវឌ្ឍន៍ធម្មជាតិរុនតាឯក ក្នុងស្រុកបន្ទាយស្រី ជាមួយនឹងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបន្ថែមយ៉ាងល្អប្រសើរ។

លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបានឱ្យដឹងថា ក្នុងចំណោមប្រជាពលរដ្ឋប្រមាណ៤០០គ្រួសារដែលត្រូវផ្លាស់ប្តូរទីតាំងរស់នៅពីមាត់ស្ទឹងសៀមរាប មកនៅភូមិធម្មជាតិរុនតាឯកនេះ មានប្រមាណ២០០គ្រួសារហើយបានមកធ្វើផ្ទះរស់នៅ និងបានដាំបន្លែចិញ្ចឹមសត្វ ព្រមទាំងបើកមុខរបរលក្ខណៈគ្រួសារ ខណ:ពេលនេះ រដ្ឋបាលស្រុកបានកំពុងរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងឱ្យកាន់តែមានភាពល្អប្រសើរ ដោយបច្ចុប្បន្ននេះយើងមានមេភូមិ និងប្រជាការពារភូមិដូចភូមិចាស់ៗផងដែរ។

លោកអភិបាលស្រុកបានបន្តទៀតថា អាជ្ញាធរស្រុក ក៏មានគម្រោងជួយរៀបចំផ្ទះប្រជាពលរដ្ឋណាដែលឧស្សាហ៍ព្យាយមឱ្យក្លាយទៅផ្ទះគំរូ គឺផ្ទះមានសោភ័ណភាពស្អាត មានដាំផ្កាលម្អ ដាំបន្លែ ចិញ្ចឹមសត្វ មានអនាម័យ និងភាពបៃតងដែលបច្ចុប្បន្ននេះ អាជ្ញាធរស្រុកកំពុងតែធ្វើការសិក្សាទៅលើប្រជាពលរដ្ឋណាដែលមករស់នៅជាប់លាប់ និងមានចិត្តចង់ធ្វើ ហើយក្រៅពីនេះរដ្ឋបាលស្រុកក៏មានគោលដៅរៀបចំភូមិនេះឱ្យមានការអភិវឌ្ឍន៍រីកចម្រើនផងដែរ។

បច្ចុប្បន្ននៅក្នុងភូមិអភិវឌ្ឍន៍ធម្មជាតិរុនតាឯក អាជ្ញាធរបានរៀបចំឱ្យមានប្រព័ន្ធភ្លើង និងអណ្តូងទឹកស្អាតសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ប្រើប្រាស់យ៉ាងស្រួល ព្រមទាំងបង្កើតឱ្យមានហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ថ្មីសម្រាប់សម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនរបស់ប្រជាពលរដ្ឋផងដែរ៕

ផ្លូវសំខាន់ៗចំនួន៣បានក្លាយជាកន្លែងទាក់ទាញរោងចក្រឧស្សាហកម្មនិងលំនៅដ្ឋាន

ដោយ៖ ប៊ី

ភ្នំពេញ៖ តម្រូវការដីជួលបែបឧស្សាហកម្មត្រូវបានមើលឃើញថាមានការកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងនេះ ដែលធ្វើឱ្យផ្លូវចំនួន៣ ប្រែក្លាយទៅជាបណ្តុំមជ្ឈមណ្ឌលសម្រាប់ការវិនិយោគអចលនទ្រព្យបែបឧស្សាហកម្ម និងដឹកជញ្ជួន និងលំនៅដ្ឋាន។

តម្លៃដីបាននិងកំពុងកើនឡើងក្នុងទីក្រុងរយៈពេល៦ឆ្នាំចុងក្រោយនេះ។ តម្លៃដីនៅដងផ្លូវ២០០៤ និងវេងស្រេងមានកើនឡើងខ្លាំងពេក សម្រាប់ការសាងសង់រោចចក្រសម្រាប់ជួល។ នេះបើយោងតាមរបាយការចុងក្រោយរបស់ក្រុមហ៊ុន CBRE Cambodia។

ដូច្នេះ ទីតាំងឧស្សាហកម្មត្រូវបានផ្លាស់ប្តូរទៅខាងក្រៅក្រុងវិញ ខណៈការអភិវឌ្ឍលំនៅដ្ឋានក៏ត្រូវបានមើលឃើញថា បង្វែទិសទៅតាមផ្លូវសំខាន់ៗចំនួន៣នេះផងដែរ។

របាយការណ៍ បានឱ្យដឹងថា “ទីតាំង ដូចជាផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងផ្លូវក្រវ៉ាត់ទី៣ បានក្លាយជាមជ្ឈមណ្ឌលសម្រាប់ការវិនិយោគអចលនទ្រព្យបែបឧស្សាហកម្ម និងដឹកជញ្ជួន។ ផ្លូវទាំងនេះផ្តល់ការតភ្ជាប់យ៉ាងល្អទៅកាន់មជ្ឈមណ្ឌលនាំចេញ និងនាំចូលក្នុងប្រទេស”។

ជាមួយគ្នានេះដែរ អ្នកជំនាញបានលើកឡើងថា តម្លៃជួលខ្ពស់បំផុតនៅតំបន់សេដ្ឋកិច្ចពិសេស ដែលតម្លៃចាប់ពី២.៨០ដុល្លារ ទៅ៥ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ ខណៈតម្លៃជួលទាបបំផុតអាចរកជួលបានចាប់១.៨០ ទៅ២.៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

តម្លៃឃ្លាំងជួលអាចរកជួលបានក្នុងតម្លៃ១.៨០ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃជួលរោចចក្រ ដែលមានគុណភាពលក្ខណៈអន្តរជាតិ អាចរកបានក្នុងតម្លៃ៥ដុល្លារក្នុងមួយម៉ែត្រការ៉េ។
សរុបមក តម្លៃដីនៅទីក្រុងភ្នំពេញនៅតែមានតម្លៃថេរក្នុងត្រីមាសដើមឆ្នាំនេះ ខណៈការទិញលក់ដីធ្លីនៅក្នុងត្រីមាសនេះ មិនសូវមានជាចលនា ដោយសារកង្វះខាតនៃទីទំនេរនៅទីក្រុង៕

ឧកញ៉ាកាង សុធី បង្ហើប​ពី​ដី​ស្ថិតនៅ​ទីតាំង​ចំនួន៥ ដែល​មិនគួរ​វិនិយោគ

ដោយៈ​ស៊ីវ ម៉េង

ភ្នំពេញ៖ អ្នក​ជ​នា​ញ​ផ្នែក​អចលនទ្រព្យ ពិសេស​ជា​អ្នកជំនាញ​ផ្នែក​ទិញ​លក់​ដីធ្លី​បាន​ប្រាប់​ពី​លក្ខ​ខ័​ណ្ឌ​ដី​ចំនួន៥ប្រភេទ ដែល​អ្នកវិនិយោគ​មិនគួរ​ទិញ​នោះទេ ដោយសារ​វា​ពិបាក​ក្នុង​ការលក់​ចេញ។

លោក​ឧកញ៉ា កាង សុធី អគ្គ​នាយ​អគ្គនាយក​នៃ​ក្រុមហ៊ុន Century21 Land Station Real Estate បាន​មានប្រសាសន៍ ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពីពេលថ្មីៗនេះ​ថា ការវិនិយោគ​ដីធ្លី អ្នកណា​ក៏​ចង់​លក់​ឆាប់​ដាច់ និង​ទទួលបាន​ផលចំណេញ​លឿន​ដែរ ប៉ុន្តែ​លក្ខ​ខ័​ណ្ឌ​ទីតាំង សណ្ឋាន​ដី​ពិតជា​កត្តា​សំខាន់ ដើម្បី​ឲ្យ​ដី​របស់ខ្លួន​លក់​ឆាប់​ដាច់ និង​ទទួលបាន​ផលចំណេញ​ខ្ពស់។

ទី១ ដី​មាន​ទីតាំងនៅ​ជុំវិញ​វត្ត​អា​រ៉ា​ម

លោក​ឧកញ៉ា​លោក កាង សុធី បាន​ឲ្យ​ដឹងថា ទោះជា​ប្រជាជន​ខ្មែរ​និយម​ទៅធ្វើ​បុណ្យ​នៅ​វត្ត​អា​រ៉ា​ម​ក្តី តែ​ទីតាំង​ដី​ដែល​នៅក្បែរ​វត្ត​អា​រ៉ា​ម ទាំង​ខាងមុខ​ខាងក្រោយ និង​ជាប់​របង​វត្ត ពិតជា​ដី​មិន​ងាយ​លក់​ចេញ​នោះទេ ទោះជា​ដី​នោះ​មានតម្លៃ​ទាប​ជាង​ទីផ្សារ​ក៏ដោយ។ លោក​បន្តថា ដី​នៅតាម​ជុំវិញ​វត្ត​អា​រ៉ា​ម ពិតជា​មិន​ងាយ​ទាក់ទាញ​ការចាប់អារម្មណ៍​ច្រើន​នោះទេ និង​មិន​ងាយ​លក់​ចេញ​បានឡើយ។

ប្រហែល​ពួកគេ​មិន​ចង់​មាន​សម្លេង​រំខាន នៅពេល​មានកម្ម​វិធី​បុណ្យទាន​នានា ក៏ដូចជា​បញ្ហា​ហុងស៊ុយ​ផងដែរ។

ទី២ដី​មាន​ផ្នូរ​ឬ​ម៉ុង​ខ្មោច​នៅក្បែរ
          ជាទូទៅ​មនុស្ស​ណា​ក៏​ស្លាប់​ដែរ តែ​ពេល​ស្លាប់​ពួកគេ​នឹង​ក្លាយជា​ខ្មោច ហេតុនេះ​ទីតាំង​ដី​ដែល​នៅក្បែរ​ផ្នូរខ្មោច ឬ​ចេតិយ មិនគួរ​ទិញ​នោះទេ ដោយសារ​មនុស្ស​មិន​ចូលចិត្ត​ផ្នូរ ឬ​ម៉ុង​ខ្មោច​នោះឡើយ។

ការទិញ​ដី​មាន​ទីតាំង​បែបនេះ ពិតជា​ពិបាក​លក់​ចេញ និង​មិន​ងាយ​បាន​ផលចំណេញ។

ទី៣ រាង​ឬ​សណ្ឋាន​ដី

រាង​ឬ​សណ្ឋាន​ដី​ក៏មាន​សារៈសំខាន់ ដើម្បី​ទាក់ទាញ​អ្នកទិញ​បន្ត ឬ​អ្នកវិនិយោគ​ផងដែរ ព្រោះ​បើ​រាង​ដី​មិន​សមស្រប និង​មាន​សណ្ឋាន​វៀច ពិតជា​មិន​ធ្វើ​ឲ្យ​ដី​នោះ​ងាយ​លក់​នោះទេ ហើយ​វា​ក៏​មិន​ឡើងថ្លៃ​លឿន​ដែរ។

លោក​ឧកញ៉ា​កាង សុធី​បាន​ឲ្យ​ដឹងថា ដើម្បី​ដឹង​ពី​រាង​ឬ​សណ្ឋាន​ដី​ណាមួយ សូមកុំ​មើល​នឹង​ភ្នែក​ទទេ តែ​ត្រូវសុំ​ប្លង់​ម្ចាស់​ដី​យកមក​មើល ទើប​យើង​អាច​ដឹងថា​រាង​ឬ​សណ្ឋាន​ដី​នោះ​មាន​លក្ខណៈ​ដូចម្តេច។

ទី៤ ការខ្ចីប្រាក់​ពី​ធនាគារ

ការខ្ចីប្រាក់​ឬ​ឥណទាន​ពី​ធនាគារ ជា​រឿង​គួរ​ឲ្យ​ប្រុងប្រយ័ត្ន​មួយ ព្រោះ​អ្នកវិនិយោគ​ឬ​ទិញ​ដីធ្លី ត្រូវ​សិក្សា​លំហូរ​សាច់ប្រាក់​របស់ខ្លួន​ឲ្យ​បានច្បាស់លាស់ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ហិរញ្ញវត្ថុ​នៅពេល​ដី​ជាប់គាំង ឬ​លក់​មិន​ចេញ។

លោក​ឧកញ៉ា​កាង សុធី បាន​បញ្ជាក់ថា ដីធ្លី​នៅ​តំបន់​ណាមួយ​អាច​ជាប់គាំង​មួយរយៈ និង​កញ្ជ្រោល​តម្លៃ​ឡើង​ខ្ពស់ភ្លាមៗ ហើយ​តម្លៃ​ដីធ្លី​មិន​កើនឡើង​គ្រប់​តំបន់​នោះទេ ហេតុនេះ​ការសិក្សា​ពី​ចរន្ត​សាច់ប្រាក់​របស់​យើង បើសិនជា​រកឃើញថា លំហូរ​សាច់ប្រាក់​របស់​យើង​មិន​រលូន និង​មិន​ធានាបាន​នូវ​ការជាប់គាំង​ណាមួយ មិនគួរ​ប្រើប្រាស់​ឥណទាន​ពី​ធនាគារ​ដើម្បី​វិនិយោគ​ទិញ​ដីធ្លី​នោះទេ។

ទី៥ ដី​មាន​ប្រវត្តិ​មិន​ច្បាស់លាស់

ដី​មាន​ប្រវត្តិ​មិនសូវ​ច្បាស់លាស់ ច្រើន​ជា​ដី​នៅ​ខេត្ត​ទើប​មានការ​រីកចម្រើន និង​ទាក់ទាញ​ការវិនិយោគ ដែល​បច្ចុប្បន្ន​ដី​ប្រភេទ​នេះ​ច្រើន​មាននៅ​ខេត្តមណ្ឌលគិរី កំពង់ស្ពឺ​ជាដើម ដោយសារ​មាន​មន្ត្រី​ខិលខូច​មួយចំនួន បានចេញ​ប្លង់ដី​ត្រួត​លើ​គ្នា ដែល​ដី​ខ្លះ​មាន​ប្លង់​កាន់កាប់​រហូតដល់៤ទៅ៥នាក់​ក៏មាន។

បញ្ហា​នេះ​កើតមាន​មួយផ្នែក ដោយសារ​ការចុះ​ដីធ្លី​ជា​លក្ខណៈ​ប្រ​ព័​ន្ឋ​មិនទាន់​បានបញ្ចប់ ប៉ុន្តែ​យ៉ាងណា​បញ្ហា​ចម្បង​ជាងគេ គឺ​មន្ត្រី​ខិលខូច​បានដឹង​រឿង​ហើយ នៅតែ​បន្ត​បំពាន និង​ឃុ​ប​ខិត​គ្នា​ចេញ​ប្លង់​ជាន់​លើ​គ្នា ជា​ថ្នូរ​នឹង​ផលប្រយោជន៍៕

តើ​តម្លៃ​អចលនទ្រព្យ​នៅ​ទីក្រុង​ណា ដែល​ត្រូវបាន​ព្យាករណ៍​ថា​មានតម្លៃ​កើនឡើងខ្ពស់​ជាងគេ

ដោយៈ​សហការី

ពិភពលោកៈ តំលៃ​អចលនទ្រព្យ​នៅក្នុង​ទីក្រុង​ចំនួន២ គឺ​ទីក្រុង​ក្រុង Cape Town និង​ទីក្រុង Shanghai  នឹង​កើនឡើង៥ដង​នៅក្នុង​ឆ្នាំ ២០២១ខាងមុខនេះ ព្រោះ​តម្រូវការ លំនៅឋាន​មានការ​កើនឡើង​ខ្ពស់ ប៉ុន្តែ​ការផ្គត់ផ្គង់​នឹង​ស្ថិតនៅក្នុង​សភាព​ទ្រឹង​ក្នុង​ទីក្រុង​Cape Town និង​ធ្លាក់ចុះ​បន្តិច​នៅ​សៀង​ហៃ។

យោងតាម​ការព្យាករណ៍​ពិភពលោក​ចុងក្រោយ ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ច័ន្ទ​ដោយ​ក្រុមហ៊ុន Knight Frank បានអោយដឹងថា នៅ​ឆ្នាំ​ក្រោយនេះ ទីក្រុង​ចំនួន២០ ក្នុងចំណោម​ទីក្រុង២២ ត្រូវបាន​គេ​រំពឹងថា​តម្លៃ​នៅតែមាន​ស្ថានភាព​ដដែល ឬ​កើន២ ភាគរយ។

ទោះបី​ជាមាន​ភាពចលាចល​ផ្នែក​ហិរញ្ញវត្ថុ ដែល​បណ្តាលមកពី​ការឆ្លង​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ១៩ក៏ដោយ ក៏​ទីផ្សារ​អចលនទ្រព្យ​មាន​ភាព​រឹង​មុំ​ា​ង និង​គាំទ្រ​ដោយ​កម្ចី​ដែលមាន​តម្លៃ​ទាប។

របាយការណ៍​ដដែល​ន្ត​ថា នៅក្នុង​ទីក្រុង​ឡុង​ដ៍​នាពេល​បច្ចុប្បន្ននេះ អ្នកទិញ​កំពុង​ទទួលបាន​អត្ថប្រយោជន៍​ពីថ្ងៃ​ឈប់សម្រាក ពន្ធ​ត្រា ដែល​កាត់​បន្ថយពន្ធ​លើ​ការលក់​លំនៅឋាន​រហូត​ដល់ ៥០០,០០០ផោន (៦៦៦,៤២៧ ដុល្លារ​អាមេរិក) មានការ​កើន​កើនឡើង ៤ភាគរយ ដែល​ជួយ​ដល់​ការកាត់បន្ថយ​ពន្ធ​បន្ថែម​លើ​តម្រូវការ និង​មូលដ្ឋានគ្រឹះ​ទីផ្សារ​ក្រុមហ៊ុន។

លោក Tom Bill ប្រធាន​ផ្នែក​ស្រាវជ្រាវ​លំនៅដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍ នៃ​ក្រុមហ៊ុន Knight Frank បានឱ្យដឹងថា ទីក្រុង​នេះ​ហួស​រយៈពេល​នៃ​ការកើនឡើង តម្លៃ​អចលនទ្រព្យ និង​ជាពិសេស​ទីក្រុង​នេះ នឹង​ទទួលបាន​អត្ថប្រយោជន៍​ពីរ​លក នៃ​តម្រូវការ​ពី​អ្នកវិនិយោគ​អន្តរជាតិ​ផងដែរ ដោយសារ​ការធ្វើដំណើរ និង​ការដាក់​ឲ្យ​នៅ​ដាច់​ពី​គេ​ត្រូវបាន​បន្ធូរបន្ថយ។

ដោយឡែក នៅក្នុង​ទីក្រុង Vancouver និង​ទីក្រុង Miami ការកើនឡើង​នៃ​សកម្មភាព​លក់ ដែល​មើលទៅ​ដូចជា​ត្រៀមខ្លួន​ជាស្រេច ក្នុងការ​ធ្វើឱ្យ​ត​តម្លៃ​អចលនទ្រព្យ​កើន ៣ភាគរយ និង ៤ភាគរយ​នៅ​ឆ្នាំ២០២១ នៃ​ទីក្រុង​នីមួយ។

នៅក្នុង​ទីក្រុង Monaco នឹង​កើនឡើង៣ភាគរយ​នៅ​ឆ្នាំ​ក្រោយនេះ ព្រោះ​មានការ​ចាប់អារម្មណ៍​ពី​អ្នកទិញ ប៉ុន្តែ​នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ នៃ​ទីផ្សារ​ត្រូវបាន​រង​ផលប៉ះពាល់​ដោយ​អ្នកទិញ​អន្តរជាតិ​ជាច្រើន មិនអាច​ធ្វើដំណើរ​បាន ខណៈ​តម្លៃ​អចលនទ្រព្យ​នៅ​ទីក្រុង​ញូវយ៉ក ដែល​នៅពេលនេះ​ត្រូវបាន​គេ​ព្យាករណ៍​ថា នឹង​ធ្លាក់ចុះ៣ភាគរយ និង​បន្ត​ធ្លាក់ចុះ​នៅ​ឆ្នាំ២០២១ ៕

ស​ញ្ញ​វិជ្ជមាន! ពាណិជ្ជកម្ម​កម្ពុជា-អាមេរិក សម្រេចបាន​ទំហំ​ទឹកប្រាក់ ៦១៥លានដុល្លារ​នៅ​ដើមឆ្នាំ​នេះ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​អាមេរិក សម្រេចបាន​ទំហំ​ទឹកប្រាក់៦១៥លាន​ដុល្លារ​ក្នុង​ខែមករា ឆ្នាំ២០២១ កើនឡើង​ជិត៥% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ នេះ​បើតាម​ទិន្នន័យ​ពី​ការិយាល័យ​ជំរឿន​របស់​សហរដ្ឋអាមេរិក ចេញផ្សាយ​កាលពីពេលថ្មីៗនេះ។

ការនាំ​ចេញទៅ​សហរដ្ឋអាមេរិក ខែមករា​ឆ្នាំ២០២១នេះ មាន​ទំហំ​ជា​ទឹកប្រាក់ ៥៨០.៦លាន​ដុល្លារ និង​ការនាំ​ទំនិញ​ពី​អាមេរិក​មក​កម្ពុជា​វិញ មាន​ទំហំ​ប្រមាណ ៣៣.៩លាន​ដុល្លារ។

កំណើន​នៃ​ការដោះដូរ​ពាណិជ្ជ​កម្មនេះ ត្រូវបាន​គេ​មើលឃើញថា ជា​ឱកាស​ស​ម្រា ប់​ជំរុញ​កំណើន​វិនិយោគ មកកាន់​កម្ពុជា​ឲ្យ​កាន់តែច្រើន ដើម្បី​ផលិត​នាំ​ចេញទៅ​សហរដ្ឋអាមេរិក។

លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែងថា ទោះជា​ប្រឈម​នឹង​វិបត្តិ​ជំងឺ​កូ​វីដ-១៩ ដែល​កំពុង​បង្ក​ផលប៉ះពាល់​ដល់​ការធ្វើ​ពាណិជ្ជកម្ម និង​របៀបរបប​រស់​នៅ​របស់​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​នៅតែមាន​ការកើនឡើង​កាលពី​ឆ្នាំ​កន្លងទៅ។

លោក​បន្តថា “កម្ពុជា​បាន​ចូល​និង​កំពុង​សិក្សា ចូល​ជា​សមាជិក​នៃ​សន្ធិសញ្ញា​អន្តរជាតិ ពាក់ព័ន្ធ​នឹង​កម្មសិទ្ធិបញ្ញាសំខាន់ៗជាច្រើន​ទៀត ក៏ដូចជា​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក្នុង​ការបន្ត​កិច្ច​សម្រួល​ពាណិជ្ជកម្ម ដែលថ្មីៗនេះ​បាន​ដាក់ឱ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម តាម​ប្រព័ន្ធ​ព័ត៌មាន (CamDX) សំដៅ​សម្រួលការ​ចុះបញ្ជី​ព​អាជីវកម្ម និង​ទាក់ទាញ​វិនិយោគ​បន្ថែមទៀត” ។

លោក​ប៉ាន សូរ​ស័ក្តិ​បាន​បន្តថា កម្ពុជា និង​អាមេរិក​ក៏បាន​ពិភាក្សា​ផងដែរ​អំពី​លទ្ធភាព ក្នុងការ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ​បន្ថែមទៀត ការរៀបចំ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ ពាក់ព័ន្ធ​នឹង​វិស័យ​ឌីជីថល ការងារ​អាទិភាព​ផ្សេងទៀត​ពាក់ព័ន្ធ​នឹង​ការត្រៀមខ្លួន ធ្វើជា​ប្រធាន​អាស៊ាន​ឆ្នាំ២០២២ និង​បញ្ជាក់​ជាថ្មី​អំពី​ការបន្ត​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​បន្ថែមទៀត។

លោក Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា​បាន​ថ្លែងថា កម្ពុជា​អនុវត្តបាន​យ៉ាង​ល្អ ក្នុងការ​ចូលរួម​ធានា​នូវ​និរន្ត​ភាព នៃ​ដំណើរការ​អាជីវកម្ម ផលិតកម្ម និង​ពាណិជ្ជកម្ម តាមរយៈ​ការដាក់ចេញ​នូវ​វិធានការ សេចក្តីណែនាំ និង​តាមដាន​ត្រួត​ពិនិត្យមើល​ការអនុវត្ត​របស់​រោង​ចក្រ និង​សហគ្រាស៕

ការរៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ទីក្រុង​កោះនរា តម្លៃ ២០០០លាន​ដុល្លារ​សម្រេចបាន​ជាង ៣០ភាគរយ​ហើយ

ដោយ​ស៊ីវ ម៉េង

ភ្នំពេញៈ ការរៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ទីក្រុង​ថ្មី​កោះនរា ដែល​បាននិងកំពុង​ចាក់​ខ្សាច់ និង​ថ្ម​ដើម្បី​បំពេញ​គ្រឹះ​របស់​ទីក្រុង​នេះ សម្រេចបាន​ចន្លោះ ៣០ទៅ ៣៥ភាគរយ​ហើយ​គិត​រហូត​មកទល់ពេលនេះ។

អគ្គនាយករង​ក្រុមហ៊ុន OCIC លោក​ទូច សំណាង បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា សកម្មភាព​កសាង​មូលដ្ឋានគ្រឹះ នៃ​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​នានា​សំរាប់​ទីក្រុង​កោះនរា កំពុង​ឆ្ពោះទៅមុខ​យ៉ាងសកម្ម ដោយ​មិនមាន​ចំណុច​ណា​រអាក់រអួល​នោះទេ ដោយ​គិតពី​ពេល​ចាប់ផ្តើម​រហូតមកទល់​ពេលនេះ ការសាងសង់​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​បានសម្រេច​តាម​ផែនការ។

លោក​បន្តថា “ផែនការមេ​នៃ​ការអភិវឌ្ឍ​ទីក្រុង​នេះ​បាន និង​កំពុងដំណើរការ តាម​ផែនការ ប៉ុន្តែ​ដោយសារ​វិបត្តិ​នៃ​ជំងឺ Covid-19 បានធ្វើ​ឲ្យ​អ្នកវិនិយោគ​ជាតិ អន្តរជាតិ​កំពុង​ផ្អាក​សកម្ម​ភា​ពេ​របស់​ពួកគេ” ។ លោក​បន្តថា “ទស្សនទាន​នៃ​ការអភិវឌ្ឍ​ទីក្រុង​កោះនរា មាន​ភាពស្រដៀងគ្នា នឹង​ទីក្រុង​កោះ​ពេជ្រ​នាពេល​បច្ចុប្បន្ននេះ ដោយ​វា​នឹង​ក្លាយជា​ទីក្រុង​រណប​មួយ ដែល​នឹង​រួច​ចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា” ។

ក្នុង​កំឡុង​ពិធីបើកការដ្ឋាន​សម្ភោ​ធ​ការដ្ឋាន សាងសង់​ស្ពាន​ត​ភ្ជាប់​ពី​ទីក្រុង​កោះ​ពេជ្រ និង​ទីក្រុង​កោះនរា និង​ស្ពាន​ត​ភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ១ អ្នកឧកញ៉ា ពុង ឃាវ​សែ​ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន OCIC បាន​មានប្រសាសន៍ថា ការអភិវឌ្ឍ​ទីក្រុង​កោះនរា នឹង​ផ្តល់​ចំណូល​ចូលដល់​សេដ្ឋកិច្ចជាតិ​ជាង ២០០លាន​ដុល្លារ សហរដ្ឋអាមេរិក​ក្នុងមួយឆ្នាំ៕

អាមេរិក និង​អឺរ៉ុប​ប​ន្ឋូ​រ​បន្ថយ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម ខណៈ​ចិន​នាំមុខ​អាមរ​រិ​កលើ​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​អឺរ៉ុប

ដោយៈ ប៊ី

ភ្នំពេញៈ​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប បាន​យល់ព្រម​ពន្យា​ពេល​រយៈពេល៤ខែ​លើ​ពន្ធគយ​ទាំងអស់ ដែល​ទាក់ទង​ទៅនឹង​ជម្លោះ​ដ៏​រ៉ាំរ៉ៃ លើ​ការឧបត្ថម្ភ​ធន​ដល់​ក្រុមហ៊ុន Boeing របស់​សហរដ្ឋអាមេរិក និង​ក្រុមហ៊ុន Airbus របស់​អឺរ៉ុប។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ផ្សាយ​របស់​សាវ​ព័ត៌មាន CNN នៅ​ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ ។

ពន្ធគយ ដែល​ត្រូវបាន​ផ្អាក​នេះ ជា​ជំហាន​ដំបូង​ឆ្ពោះទៅរក​ការផ្សះផ្សា​ភាពជា​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ដែលមាន​ភាព​តានតឹង​ជិត១៧ឆ្នាំ ដោយ​ពាក្យបណ្តឹង​ទាំងសងខាង អំពី​ការឧបត្ថម្ភ​ធន​ដល់​ក្រុមហ៊ុន​ផលិត​យន្តហោះ​ពាណិជ្ជកម្ម ឈានមុខ​គេ​នៅលើ​ពិភពលោក​ទាំងពីរ។

ការដាក់​ពន្ធគយ​នេះ បាន​ប៉ះពាល់​ដល់​ការនាំចេញ​របស់​អឺរ៉ុប​ទៅ​អាមេរិក ដែលមាន​ទំហំ​ទឹកប្រាក់ ៧,៥ពាន់​លាន​ដុល្លារ និង​ការនាំចេញ​របស់​សហរ​ដ្ឋ​អាមេរិក​ទៅកាន់​អឺរ៉ុប​មានតម្លៃ ៤ពាន់​លាន​ដុល្លារ។

លោក Valdis Dombrovskis ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​នៃ​គណៈកម្មការ​អឺរ៉ុប​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “នេះ​គឺជា​ការចាប់ផ្តើម​ឡើងវិញ​នូវ​ទំនាក់ទំនង​របស់​យើង​ជាមួយ​ដៃគូ​ដ៏​សំខាន់ និង​សេដ្ឋកិច្ច​របស់​យើង” ។

លោក​បាន​ថ្លែងថា “ការលុបចោល​ពន្ធគយ​ទាំងនេះ គឺ​នយោបាយ​ឈ្នះ-ឈ្នះ សម្រាប់​ភាគី​ទាំងពីរ នៅពេលដែល​ជំងឺ​រាតត្បាត​សកល កំពុង​ធ្វើឱ្យប៉ះពាល់​ដល់​អ្នកធ្វើកា​រ និង​សេដ្ឋកិច្ច​របស់​យើង” ។

កិច្ចព្រមព្រៀង​នេះ​ធ្វើឡើង​មួយថ្ងៃ បន្ទាប់ពី​សហរដ្ឋអាមេរិក បាន​ចុះ​កិច្ចព្រមព្រៀង​ស្រដៀង​គ្នា ជាមួយ​ចក្រភព​អង់គ្លេស ដើម្បី​ព្យួរ​ពន្ធ​លើ​ផលិតផល​អង់គ្លេស រួមទាំង​ស្រា Scotch whisky ។

ជម្លោះ​ក្រុមហ៊ុន​ផលិត​យន្តហោះ​ធំ​បំផុត​ទាំងពីរ លើ​ពិភពលោក​នេះ​កើត​តាំងពី​ឆ្នាំ២០០៤ នៅពេលដែល​អាជ្ញាធរ​សហភាព​អឺរ៉ុប​បាន​អះអាងថា ក្រុមហ៊ុន Boeing បានទទួល​ឧបត្ថម្ភ​ធន​ចំនួន ១៩ពាន់​លាន​ដុល្លារ​ពី​រដ្ឋាភិបាល ហើយ​នេះ​គឺជា​ឧបត្ថម្ភ​ធន​មិន​ភាពស្មោះត្រង់ សម្រាប់​ការប្រកួតប្រជែង​លើ​ទីផ្សារ​អន្តរជាតិ។

រដ្ឋាភិបាល​សហរដ្ឋអាមេរិក បានដាក់​ពាក្យបណ្តឹង​ស្រដៀង​គ្នា​នេះដែរ នៅ​ឆ្នាំ​នោះ ជុំវិញ​ការឧបត្ថម្ភ​ធន​របស់​អឺរ៉ុប​ទៅ​ក្រុមហ៊ុន Airbus ៕