ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុលដាក់ក្នុងការកសាង និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានាទូទាំងប្រទេសរួមមានផ្លូវថ្នល់ ស្ពានជាច្រើនកន្លែង ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន ក៏ដូចជាចរាចរណ៍របស់ប្រជាពលរដ្ឋកាន់តែងាយស្រួល ដែលក្នុងមានស្ពាន ដែលមានទំហំធំ និងវែងចាប់ពីជាង១០០០ម៉ែត្រឡើងទៅចំនួន៦ ទីតាំងកំពុងត្រូវបានដំណើរយ៉ាងមមាញឹកនាពេលបច្ចុប្បន្ន។
យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា គិតត្រឹមឆ្នាំ២០២០ ប្រទេសកម្ពុជាមានស្ពានធំៗ ដែលមានប្រវែងចាប់ពី១០០០ម៉ែត្រឡើងទៅមានចំនួន៦កន្លែង ស្ថិតនៅខេត្តក្រុងចំនួន៤ ដែលកំពុងបម្រើដល់មធ្យោបាយធ្វើដំណើរការ និងដឹកជញ្ជូនប្រចាំថ្ងៃរួមមាន៖
ទី១៖ ស្ពានត្សឹបាសា (ស្ពានអ្នកលឿង) ឆ្លងកាត់ទន្លេមេគង្គ សណ្ដូកចេញពីស្រុកលើកដែក ខេត្តកណ្ដាល ឆ្លងទៅកាន់ស្រុកពាមរក៍ ខេត្តព្រៃវែង ជាប្រភេទស្ពានខ្សែកាប មានប្រវែង ២,២១៥ ម៉ែត្រ និងទទឹង ១៣.៥០ ម៉ែត្រ។
ទី២៖ ស្ពានកោះកុង មានទីតាំងស្ថិតនៅខេត្តកោះកុង ឆ្លងកាត់ព្រែកកោះប៉ោ សណ្ដូកចេញពីក្រុងខេមរភូមិន្ទឆ្លងទៅកាន់ស្រុកមណ្ឌលសីមា ជាប្រភេទស្ពានបេតុង មានប្រវែង ១,៩០០ ម៉ែត្រ និងទទឹង ១១ ម៉ែត្រ។
ទី៣៖ ស្ពានមេគង្គ មានទីតាំងស្ថិតនៅខេត្ដស្ទឹងត្រែង ឆ្លងកាត់ទន្លេមេគង្គ សណ្ដូកចេញពីក្រុងស្ទឹងត្រែងឆ្លងទៅកាន់ស្រុកថាឡាបរិវ៉ាត់ ជាប្រភេទស្ពានបេតុង មានប្រវែង ១,៧៣១ ម៉ែត្រ និងទទឹង ១៣.៤០ ម៉ែត្រ។
ទី៤៖ ស្ពានគីហ្សូណា ឆ្លងកាត់ទន្លេមេគង្គ សណ្ដូកចេញពីក្រុងកំពង់ចាម ខេត្តកំពង់ចាម ឆ្លងទៅកាន់ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាប្រភេទស្ពានបេតុង មានប្រវែង ១,៥០០ ម៉ែត្រ និងទទឹង ១៤ ម៉ែត្រ។
ទី៥៖ ស្ពានព្រែកតាមាក់ មានទីតាំងស្ថិតនៅខេត្តកណ្ដាល ឆ្លងកាត់ទន្លេមេគង្គ សណ្ដូកចេញពីស្រុកមុខកំពូលឆ្លងទៅកាន់ស្រុកខ្សាច់កណ្ដាល ជាប្រភេទស្ពានបេតុង មានប្រវែង ១,០៦៦ ម៉ែត្រ និងទទឹង ១៣.៥០ ម៉ែត្រ។
ទី៦៖ ស្ពានសេកុង មានទីតាំងស្ថិតនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ឆ្លងកាត់ទន្លសេកុង ជាប្រភេទស្ពានបេតុង មានប្រវែង ១,០៥៧ ម៉ែត្រ និងទទឹង ១១ ម៉ែត្រ។ ស្ពាននេះចម្លងអ្នកដំណើរពីក្រុងស្ទឹងត្រែង ឆ្ពោះទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល៕