ក្រុមហ៊ុន Crown Estate របស់អង់គ្លេស គ្រោងសាងសង់គម្រោងអចលនទ្រព្យយក្ស តម្លៃ៦ពាន់លានដុល្លារអាមេរិក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអចលនទ្រព្យ Crown Estate ខ្នាតយក្សរបស់ប្រទេសអង់គ្លេស បានទិញដីមួយកន្លែងនៅតំបន់ Oxfordshire ដើម្បីសាងសង់គម្រោងអចលនទ្រព្យ ដែលមានទំហំទឹកប្រាក់សរុបចំនួន៦ពាន់លានដុល្លារអាមេរិក។

ក្រុមហ៊ុន Crown Estate បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា គម្រោងនេះអាចនឹងមានការិយាល័យទំហំ៤,៥លានហ្វីតការ៉េ មន្ទីរពិសោធន៍ រោងចក្រផលិតកម្មកម្រិតខ្ពស់ និងលំនៅដ្ឋានចំនួន៤០០យូនីត។

ដី ដែលក្រុមហ៊ុនអចលនទ្រព្យ Crown Estate បានទិញ មានទីតាំងស្ថិតនៅជាប់នឹងមជ្ឈមណ្ឌល Harwell Science and Innovation Campus ដែលមានបន្ទប់ពិសោធន៍ជាង២០០បន្ទប់ ការិយាល័យ និងរោងចក្រផលិតកម្ម។

ក្រុមហ៊ុន Crown Estate បានប្តេជ្ញាចិត្តក្នុងការបោះទុនវិនិយោគចំនួន១,៥ពាន់លានផោន (ប្រហែល២ពាន់លានដុល្លារអាមេរិក) នៅក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ក្រុមហ៊ុនអចលនទ្រព្យយក្សមួយនេះជាប្រភពផ្តល់ប្រាក់ចំណូលដល់ស្តេចអង់គ្លេស King Charles III។

ក្រុមហ៊ុន Crown Estate ក៏កំពុងអភិវឌ្ឍបន្ទប់ពិសោធន៍បន្ថែមទៀតនៅចំកណ្តាលទីក្រុង Oxford ដោយសហការជាមួយនឹងក្រុមហ៊ុន Oxford Science Enterprises។ ក្រុមហ៊ុននេះក៏បានបណ្តាក់ទុនវិនិយោគរួមគ្នាជាមួយក្រុមហ៊ុន Lendlease ដើម្បីសាងសង់គម្រោងអចលនទ្រព្យពាណិជ្ជកម្ម និងលំនៅដ្ឋាន។

គម្រោងទាំងនេះមានទិសដៅស្របតាមការប្តេជ្ញាបោះទុនវិនិយោគជាច្រើនពាន់លានផោនរបស់រដ្ឋាភិបាលអង់គ្លេសក្នុងការជំរុញវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅក្នុងច្រករបៀង Oxford-Cambridge ៕ប្រភព: Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here