មហាសេដ្ឋីនីអចលនទ្រព្យចិនមួយរូបទិញដីនៅតំបន់លំនៅដ្ឋានដ៏ល្បីល្បាញមួយក្នុងទីក្រុងញូវយ៉កដើម្បីសាងសង់ខុនដូប្រណីត

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: លោកស្រី Zhang Xin មហាសេដ្ឋីនីអចលនទ្រព្យចិន និងជាស្ថាបនិកក្រុមហ៊ុន Closer Properties បានទិញដីនៅក្នុងតំបន់លំនៅដ្ឋានដ៏ល្បីល្បាញមួយក្នុងទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍ខុនដូប្រណីត។

ក្រុមហ៊ុន Closer Properties របស់លោកស្រី Zhang បានទិញក្បាលដីចំនួន៥នៅជាប់គ្នានៅតំបន់ Upper East Side របស់ទីក្រុងញូវយ៉ក ដោយទូទាត់ជាសាច់ប្រាក់សរុបចំនួន៦២,៥លានដុល្លារអាមេរិក។នេះបើយោងតាមការចុះផ្សាយដោយកាសែត South China Morning Post។

ក្រុមហ៊ុន Closer Properties មានផលបត្រនៅទីក្រុង Boston និងទីក្រុងញូវយ៉ក។ ក្រុមហ៊ុននេះគ្រោងនឹងទិញក្បាលដីចំនួនមួយទៀតនៅតំបន់ជិតនោះនៅខែមិថុនា ឆ្នាំ២០២៦ ដោយបង្កើនការវិនិយោគសរុបដល់ទំហំទឹកប្រាក់ចំនួន៧៦លានដុល្លារអាមេរិក។

យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ក្រុមហ៊ុន Closer Properties គ្រោងនឹងអភិវឌ្ឍតំបន់នេះទៅជាអគារខុនដូប្រណីត ដោយមានគ្រឿងបរិក្ខារពេញលេញ និងទីតាំងលក់រាយនៅជាន់ផ្ទាល់ដី។

លោកស្រី Zhang បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា ការទិញដីនេះបង្ហាញពីគោលបំណងរបស់ក្រុមហ៊ុន Closer Properties ក្នុងការសាងសង់អគារខុនដូ ដែលបំពាក់ទៅដោយគ្រឿងបរិក្ខារប្រណីតៗនៅទីតាំងសំខាន់ៗក្នុងសង្កាត់ប្រវត្តិសាស្ត្ររបស់ទីក្រុងញូវយ៉ក។

លោកស្រីបានបញ្ជាក់ថា ទីក្រុងញូវយ៉កជាទីផ្សារអចលនទ្រព្យខ្នាតយក្សមួយរបស់ពិភពលោក ហើយក្រុមហ៊ុន Closer Properties បានបោះទុនវិនិយោគនៅក្នុងទីក្រុងមួយនេះអស់រយៈពេលជិត២០ឆ្នាំមកហើយ៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here