តើសេដ្ឋកិច្ចកម្ពុជានឹងវិវត្តន៍បែបណា ប្រសិនជាជំងឺCovid-19បន្តញំាញីកម្ពុជា

ដោយៈ រ៉ាណេត

ភ្នំពេញៈ មានការលើកឡើងសារជាថ្មីថា ការព្យាករណ៍នៃកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១អាចនឹងមានការប្រែប្រួល ប្រសិនបើភាពប្រឈមនឹងការរីករាលដាលជំងឺនៅក្នុងសហគមន៍ នៅតែបន្តអូសបន្លាយពេលវេលាបន្ថែមទៀត។

អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានមានប្រសាសន៍នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះថា ប្រសិនបើស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-19 នៅតែអូសបន្លាយ និងមិនទាន់មានវ៉ាក់សាំងការពារ សេដ្ឋកិច្ចកម្ពុជានឹងអាចងើបឡើងក្នុងល្បឿនយឺត ដោយសារផលិតកម្មនៅក្នុងស្រុក មិនទាន់បានដំណើរពេញលេញនៅឡើយ។

លោកបណ្ឌិតបន្តថា “ជុំវិញជំងឺ Covid-19 បើសិនបញ្ហានេះធូរស្រាយ ឬត្រឡប់ជាធម្មតា សេដ្ឋកិច្ចកម្ពុជា នឹងអាចងើបឡើងយ៉ាងលឿន ប៉ុន្តែបើស្ថានភាពជំងឺCovid-19 នៅតែអូសបន្លាយ និងមិនទាន់មានវ៉ាក់សាំងការពារ សេដ្ឋកិច្ចកម្ពុជានឹងអាចងើបឡើងដោយល្បឿនយឺត ព្រោះថាផលិតកម្មក្នុងស្រុកមួយចំនួន មិនបានដំណើរពេញលេញ និងមិនមានសកម្មដូចមុននោះឡើយ”។

លោកបណ្ឌិតគី សេរីវឌ្ឍន៍ បានលើកឡើងបន្តថា ជុំវិញខ្សែសង្វាក់ផលិតកម្មកម្ពុជាមានថ្លៃដើមផលិតខ្ពស់ជាងប្រទេសជិតខាង។ ដើម្បីលើកកម្ពស់ឱ្យសហគ្រាសផលិតបានកាន់តែច្រើន លុះត្រាតែធ្វើឱ្យពួកគាត់ចំណេញ ដូច្នេះក្រសួងស្ថាប័នពាក់ព័ន្ធគួរជួយជាលក្ខណៈបច្ចេកទេស ដើម្បីជំរុញឱ្យសហគ្រាសផលិតមានគុណភាព ការកាត់បន្ថយថ្លៃដើមឱ្យបានជាអតិបរមា កាត់បន្ថយថ្លៃអគ្គិសនី ថ្លៃដឹកជញ្ជូន បញ្ហាកំពង់ផែ ការចំណាយលើនគរបាលតាមដងផ្លូវ និងវិស័យពន្ធជាដើម ដែលទាំងអស់នេះសុទ្ធតែជាបញ្ហាក្នុងការប្រកួតប្រជែង នឹងធ្វើឱ្យសហគ្រាសមួយចំនួនត្រូវបិទទ្វារ ជាពិសេសការផ្តល់ឱកាសឱ្យមានលំហូរទំនិញចូលមកពីក្រៅស្រុក។

ស្ថិតក្នុងក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ចឆ្នាំ២០២១ កម្ពុជាត្រូវបានព្យាករណ៍ថា នឹងអាចសម្រេចបានកំណើនក្នុងរង្វង់៣,៥ភាគរយ ដែលធ្វើឱ្យផលទុនជាតិសេរុប(ផ.ស.ស) ថ្លៃបច្ចុប្បន្ន ស្ថិតក្នុងរង្វង់១១៧៩៣៩ ប៊ីលានរៀល សមមូលនឹងប្រមាណ២៩,០១៣ លានដុល្លារអាមេរិក ស្របពេលដែលផ.ស.ស សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនឡើងដល់១៧៧១ដុល្លារអាមេរិក បើធៀបនឹង១៦៨៣ ដុល្លារអាមេរិកក្នុងឆ្នាំ២០២០សំរាប់មនុស្សម្នាក់ក្នុងមួយឆ្នាំ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានប្រមានសាសន៍ថា នៅត្រឹមដើមឆ្នាំ២០២១ខាងមុខនេះ កម្ពុជា ចិន នឹងចុះហត្ថលេខារួមគ្នាទៅលើការចាប់អនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួមគ្នា ហើយនឹងឈានសម្រេចបាននូវកិច្ចព្រមព្រៀងជាមួយបណ្តាប្រទេសក្នុងតំបន់ផ្សេងៗទៀត ដូចជា កូរ៉េ ហុងកុង ជប៉ុន និងឥណ្ឌាជាដើម ហើយក៏នឹងមានបណ្តាប្រទេសជាច្រើនទៀតធ្វើជាដៃគូ។

លោកឧកញ៉ាបានបញ្ជាក់ថា “ក្រោយពីទទួលបាននូវកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទាំងអស់បន្ថែម ពីលើការទទួលបាននូវប្រព័ន្ធអនុគ្រោះពន្ធ (GSP) ពីប្រទេសធំៗផ្សេងទៀត ការនាំចេញរបស់កម្ពុជានឹងមានកំណើនទ្វេដង ហើយក៏ជាការង្កើននូវចំណូលជីវភាពផ្ទៃក្នុងរបស់ប្រជាពលរដ្ឋ ដែលប្រកបកសិកម្ម បន្ទាប់ពីមានក្រុមហ៊ុនវិនិយោគជាច្រើននៅឈប្រមូលទិញ សម្រាប់រៀបចំកែច្នៃជាផលិតផលកសិ-ឧស្សាហកម្មសម្រេច ឬពាក់កណ្តាលសម្រេចសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ”។

​លោកឧកញ៉ាបញ្ជាក់យ៉ាងខ្លីថា“សព្វថ្ងៃនេះ យើងនៅរង់ចាំតែភាពស្ងប់ស្ងាត់នៃកា​ររាតត្បាតជំងឺ Covid-19តែប៉ុណ្ណោះ នៅពេលបញ្ហានៃការរាតត្បាត ត្រូវបានបញ្ចប់ពេលណា នោះគឺជាពេលដែលកម្ពុជា ចាប់ផ្តើមពង្រីកទីផ្សារនាំចេញរបស់ខ្លួនហើយ”៕

លោកឧកញ៉ាគីម ហ៊ាងប្រាប់ពីអាយុនិងពេលវេលាគួរវិនិយោគអចលនទ្រព្យ

        ដោយស៊ីវ ម៉េង

        ភ្នំពេញៈ ការវិនិយោគឬទិញអចលនទ្រព្យ មិនមែនទិញតាមតែចិត្តនឹកឃើញនោះទេ ប៉ុន្តែយើងគួរទិញទៅតាមពេលវេលា និងអាយុរបស់អ្នកផងដែរ ប្រសិនជាលទ្ឋភាពសន្សំរបស់អ្នកអាចធ្វើទៅបាន។

ជាបុគ្គលជោគជ័យមួយរូប ក្នុងទីផ្សារដីធ្លី លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ប្រសិនជាអ្នកមានអាយុ៥០ឆ្នាំ ជាពេលដល់អាយុជិតចូល​និវត្តន៍ មិនគួរវិនិយោគលើវិស័យដីធ្លីនោះទេ គឺគួរទិញខុនដូ ទិញដីសាងសង់ផ្ទះជួល ឬទិញ​ផ្ទះល្វែងសម្រាប់ជួល ដែលអាចបានប្រាក់ភ្លាមៗត្រលប់មកវិញ។

ផ្ទុយទៅវិញប្រ​សិនជាលោក អ្នកមានអាយុចន្លោះពី៣០ទៅ៤០ឆ្នាំ គួរវិនិយោគលើវិស័យដីធ្លី ព្រោះ​ទិញដីមានផលចំណេញខ្ពស់ និងជាវ័យដែលលោក អ្នកកំពុងរកលុយបានច្រើន។

ជាមួយគ្នានេះ លោកបានលើកពីធនធានរបស់មនុស្សម្នាក់ៗជាសំណួរផងដែរ ដោយ​លោកបានមានប្រសាសន៍ថា តើលោក អ្នកមានប្រាក់ប៉ុន្មាន មានស្ថានភាពជីវិតយ៉ាងដូចម្តេច? ព្រោះការ​សម្រេចចិត្តក្នុងលក្ខខ័ណ្ឌនេះ មានសារៈសំខាន់ មុនធ្វើការវិនិយោគក្នុងវិស័យនេះ។

លោកបណ្ឌិតគីម ហ៊ាង​បានថ្លែងថា ការវិនិយោគលើវិស័យអ្វីមួយ ក៏គួរមានលក្ខខ័ណ្ឌជាក់លាក់ទាក់ទងនឹង ចំនួនទុនវិនិយោគ លក្ខខ័ណ្ឌការងារ លក្ខខ័ណ្ឌជីវិត ជាដើម ដោយលោកបានថ្លែងថា ប្រសិនជាអ្នកទើបរៀបការ ហើយសល់លុយ១០ម៉ឺនដុល្លារ គួរទិញផ្ទះសម្រាប់ស្នាក់នៅសិន ប្រសិនជាមានផ្ទះ ហើយសល់លុយគួរទិញដីទុក ហើយប្រសិនជាមានផ្ទះ​ស្នាក់នៅ និងមានដីរួចហើយ គួរទិញខុនដូ ព្រោះខុនដូជាវិស័យថ្មីមួយដែលកំពុងមានការពេញ​និយម និងបង្ហាញពីភាពស៊ីវិល័យ៕

អ្នកជំនាញៈទីផ្សារជួលការិយាល័យនឹងងើបឡើងនៅត្រីមាសទី២ឆ្នាំ២០២១ខាងមុខ

ដោយៈ រ៉ាណេត

ភ្នំពេញៈ ខណៈពេលដែលការរាតត្បាតនៃជំងឺឆ្លងCovid-19 នៅតែបន្តការគំរាមកំហែង នៅក្នុងសហគមន៍នាពេលបច្ចុប្បន្ន សម្រាប់តែទីផ្សារនៃការជួលការិយាល័យគ្រប់កម្រិតនៅកម្ពុជា នឹងនៅតែបន្តជួបឱនភាពរហូត ដល់ពាក់កណ្តាលឆ្នាំ២០២១ខាងមុខនេះ។

 

នាយិកាប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ថា ទីផ្សារជួលអគារការិយាល័យនៅពេលបច្ចុប្បន្ននេះ កំពុងតែមានការធ្លាក់ចុះ ហើយការធ្លាក់ចុះអាចនឹងបន្តរហូតដល់ដើមឆ្នាំក្រោយ ឬពាក់កណ្តាលឆ្នាំ២០២១។

លោកស្រីបានបន្តថា “មិនថាចំពោះតែទីផ្សារជួលការិយាល័យ ការជួលទីតាំងលក់រាយនៅតាមបណ្តាផ្សារទំនើប ឬផ្សារសហគមន៍ឬការជួលអាផាតម៉ិន សម្រាប់ស្នាក់នៅនោះទេ គឺជួបបញ្ហាឱនភាពដូចគ្នា”។ លោកស្រីបញ្ជាក់ថា “សម្រាប់តែទីផ្សារជួលការិ​យាល័យគ្រប់កម្រិត គឺនៅស្ថិតនៅក្នុងសញ្ញាអវិជ្ជមានទាំងកម្រិតA  កម្រិតB និងកម្រិតC ព្រោះតម្រូវការអគារការិយាល័យភាគច្រើន ជាក្រុមហ៊ុនមកពីក្រៅស្រុក”។

លោកស្រីធីតាបានបន្ថែមថា ស្ថិតនៅក្នុងកំឡុងពេលនេះម្ចាស់ក្រុមហ៊ុន ក៏ដូចជាដៃគូពាណិជ្ជកម្ម ដែលជាជនជាតិបរទេសទាំងនោះ មិនត្រូវបានអនុញ្ញាតឱ្យឆ្លងប្រទេសនោះទេ លើកលែងតែការគំរាមកំហែងនេះ ត្រូវបានបញ្ចប់បន្ទាប់ពីថ្នាំបង្ការត្រូវបានដាក់  ឱ្យប្រើប្រាស់ជាសាធារណៈផ្លូវការ។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ EASY Property Investment លោក ម៉ម សិរីបញ្ញា បានមានប្រសាសន៍ថា ការជួលអគារិយាល័យនៅក្នុងអំឡុងពេលនេះ ពិតជាមានការធ្លាក់ចុះ ប៉ុន្តែវានឹងមានភាពល្អប្រសើរឡើងវិញ ក្នុងពេលឆាប់ៗខាងមុខនេះ ព្រោះបច្ចុប្បន្នមានបណ្តាប្រទេសធំៗជាច្រើន បានប្រកាសពីការធ្វើតេស្តពីប្រសិទ្ធភាពនៃវ៉ាក់សាំងរបស់ខ្លួន ដែលនឹងត្រៀមចែកចាយជាផ្លូវការ។

លោកបានបញ្ជាក់ថា “វាមិនមែនប៉ះពាល់ត្រឹមតែទីផ្សារនៅកម្ពុជានោះទេ គ្រប់បណ្តាប្រទេសនានា នៅលើសាកលលោកសុទ្ធតែប៉ះពាល់ដូចគ្នា គ្រាន់តែតិច ឬច្រើនតែប៉ុណ្ណោះ ប៉ុន្តែវានឹងវិលត្រឡប់មករកសភាពដើមវិ ញក្នុងពេលខាងមុខនេះ”។ លោកប  ន្តា “ពេលនេះទីផ្សាររួមពិតជាប៉ះពាល់ ប៉ុន្តែសម្រាប់អ្នកអភិវឌ្ឍន៍ ដែលមានទុនគ្រប់គ្រាន់អាចឆ្លៀតឱកាសអភិវឌ្ឍន៍របស់ខ្លួន លុះពេលស្ថានភាពបានល្អប្រសើរឡើងវិញ គម្រោងទាំងមូលអាចបានបញ្ចប់ និងដាក់បញ្ចូលក្នុងទីផ្សារទាន់ពេលវេលាផងដែរ”៕

ដីធ្លីនៅតាមបណ្តោយផ្លូវជាតិសំខាន់ៗតភ្ជាប់ជាមួយរាជធានីភ្នំពេញនៅ តែមានតម្រូវការខ្ពស់

        ដោយគង់ សូរិយា

        ភ្នំពេញៈ ដីធ្លីស្ថិតនៅតាមបណ្តោយផ្លូវជាតិសំខាន់ៗ ដែលតភ្ជាប់ជាមួយរាជធានីភ្នំពេញ សុទ្ឋតែមានតម្រូវការខ្ពស់ និងតម្លៃបាននិងកំពុងបន្តហក់ឡើង ដោយសារកត្តាមួយចំនួន។

យោងតាមការវិភាគពីកត្តាភូមិសាស្រ្ត នគររូបនីយកម្មបានបង្ហាញថា ដីដែលមានចម្ងាយចន្លោះពី២០ទៅ៤០គីឡូម៉ែត្រ ស្ថិតនៅតាមបណ្តោយផ្លូវវជាតិសំខាន់ៗ សុទ្ឋតែមានតម្រូវការ និងតម្លៃបន្តកើនឡើង ដោយសារការរីកចម្រើននៃទីក្រុង ពិសេសការរីកចម្រើននៃសេដ្ឋកិច្ចសង្គមកម្ពុជា។ កំនើនតម្លៃដីធ្លីនៅតាមតំបន់ទាំងនោះ ដោយសារអ្នកវិនិយោគជាតិ អន្តរជាតិបានពង្រីកការអភិវឌ្ឍរបស់ពួកគេ ដូចជា បុរី លំនៅដ្ឋាន ការ​សាង​សង់ឃ្លាំងសំរាប់ជួល រោងចក្រ សហគ្រាសនានា។

ផ្លូវជាតិលេខ១នៅរយៈពេល៥ទៅ១០ឆ្នាំខាងមុខ នឹងមានការរីកចម្រើនរោងចក្រ សហគ្រាស បុរីលំនៅដ្ឋានដល់តតំបន់អ្នកលឿង ផ្លូវជាតិលេខ២នឹងមានសកម្មភាពសេដ្ឋកិច្ចរសរវើកដល់ទីរួមខេត្តតាកែវ ផ្លូវជាតិលេខ៣ នឹងរីកចម្រើនដល់តំបន់បាយគូស ដែលជាតំបន់ផ្លូវបំបែក រវាងផ្លូវឆ្ពោះទៅកាន់ខេត្តកំពត និងខេត្តកែប ផ្លូវេះជាតិលេខ៤ សកម្ម​ភាពរីកចម្រើននឹងតភ្ជាប់ពីរាជធានីភ្នំពេញ ដល់ក្រុងព្រះសីហនុ ដោយសាររដ្ឋាភិបាលមានផែនការរៀបចំ តំបន់ជាប់ផ្លូវនេះជាតំបន់ឧស្សាហកម្ម នៅឆ្នាំ២០៣០ខាងមុខ។

ផ្លូវចាតិលេខ៥ ជាផ្លូវអាស៊ាន ដែលតភ្ជាប់របៀងភាគខាងត្បូងរវាងប្រទេសថៃ ឆ្លងកាត់កម្ពុជា និងវៀតណាម ហើយរដ្ឋាភិបាលបាន និងកំពុងរៀបចំតំបន់ជាប់ផ្លូវនេះជាតំប​ន់​សួនឧស្សាហកម្ម ដើម្បីទទួលបានផលប្រយោជន៍ ពីការដឹកទំនិញឆ្លងកាត់របស់ប្រទេ​សទាំងបីក្នុងតំបន់។ ផ្លូវជាតិលេខ៦ នឹងមានសកម្មភាពសាងសង់រោងចក្រ សហគ្រាស លំនៅដ្ឋានតភ្ជាប់ពីរាជធានីភ្នំពេញ ដល់តំបន់ផ្លូវបំបែកទៅកាន់ព្រែកក្តាមនាពេលអនាគតត។

អ្នកតាមដានការវិវត្តនៃសេដ្ឋកិច្ច និងអចលទ្រព្យនៅកម្ពុជា លោកយិន លាងគង់ដដែលជាសហស្ថាបនិក និងជាអគ្គនាយកនៃគេហទំព័រPropertyarea.asia និងគេហ​ទំព័រCambodiafinancialtimes.comបានមានប្រសាសន៍ថា ផ្លួវជាតិជាសៃឈាមនៃ​សេដ្ឋកិច្ចជាតិ នៅពេលផ្លូវសាងសង់ទៅដល់តំបន់ណា សេដ្ឋកិច្ចតំបន់នោះនឹងមានភាពរីកចម្រើន ដូចប្រសាសន៍របស់ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែនតែងតែលើកឡើងថា “មានផ្លូវ គឺមានសង្ឃឹម”។

លោកបន្តថា“ការរីកចម្រើននៃសេដ្ឋកិច្ច នឹងធ្វើឲ្យការអភិវឌ្ឍកាន់តែរីកសាយភា​យចេញពីរាជធានី ហើយប្រជាជននៅតាមតំបន់ជនបទ នឹងទទួលបានផលប្រយោជន៍ពីការរីកចម្រើននេះ ពិសេសការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល គឺជាការចាក់បញ្ចូលមូលធនសេដ្ឋកិច្ចទៅកាន់ជនបទដោយស្ងៀមស្ងាត់”។លោកបន្តថា “នេះជាការវិភាជន៍ថវិកាជាតិ ដែលទទួលបានពីកំនើនសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ទៅកាន់ជនបទទយ៉ាងមានប្រសិទ្ឋភាពនិងចំគោលដៅ”៕

 

គម្រោងខុនដូរំដួលស៊ីធី ខណ្ឌសែនសុខ កំពុងបង្ហាញពីភាពទាក់ទាញក្នុងនាមជាអគារស្នាក់នៅសហកម្មសិទ្ធិស្រោបដោយកញ្ចក់

ដោយៈ រ៉ាណេត

ភ្នំពេញៈ គម្រោងខុនដូរំដួលស៊ីធី ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Supreme Real Estate Group ដែលជាក្រុមហ៊ុនអចលនទ្រព្យ ដ៏ល្បីល្បាញមួយមកពីប្រទេសចិន នៅតាមមហាវិថីសហព័ន្ធរុស្ស៊ី កំពុងបង្ហាញពីភាពទាក់ទាញយ៉ាងខ្លាំង ក្នុងនាមជាអគារស្នាក់នៅសហកម្មសិទ្ធិ ស្រោបដោយកញ្ចក់ទាន់សម័យ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

រំដួលស៊ីធីជាលំនៅដ្ឋានសហកម្មសិទ្ធិ ដែលរួមបញ្ចូលគ្នារវាងបែបបទ នៃជីវិតទាន់សម័យ និងភាពស្រស់បំព្រងនៃធម្មជាតិ និងត្រូវបានបំពាក់ដោយប្រព័ន្ធស្មាតហូម បន្ថែមពីលើការរចនាម៉ូដដ៏ទាក់ទាញ ស្អាតប្លែកក្នុងនាមជាសហគមន៍អេកូធម្មជាតិ ដ៏ធំមួយ ដែលជាបែបផែននៃរស់នៅថ្មីក្នុងរាជធានីភ្នំពេញ។

ទិដ្ឋភាពទូទៅនៃគម្រោង

គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបែបសហគមន៍ ទំនើបរំដួលស៊ីធី មានចំនួន៤អគារ កម្ពស់សរុប២១ជាន់ និងមានចំនួនសរុប១១២៩យូនីត ហ៊ុមព័ទ្ធទៅដោយតំបន់សេវាកម្មសំខាន់ៗដ៏ច្រើនដូចជា មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ផ្សារទំនើបរតនាផ្លាហ្សា ផ្សារម៉ាក្រូ ផ្សារទំនើបអ៉ីអនសែនសុខ និងសាលារៀនជាអន្តរជាតិល្បីៗជាង២០ ព្រមទាំងស្ថាប័នអប់រំរបស់រដ្ឋ មន្ទីរពេទ្យ និងសហគ្រាសផ្សេងៗទៀត។

ការពិពណ៌នាពីប្រភេទបន្ទប់

រំដួលស៊ីធី ត្រូវបានរចនាម៉ូដយ៉ាងស្រស់ស្អាតទាន់សម័យ តាមបែបប្រទេសសិង្ហបុរី ដែលជាទីតាំងតែមួយគត់ រួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះ រវាងសោភ័ណ្ឌភាពស្ថាបត្យកម្ម និងគុណតម្លៃនៃជីវិត ក្នុងការរស់នៅដោយយូនីតនីមួយៗ មានទំហំចាប់ពីជាង៤២-៨៧ម៉ែត្រការ៉េ ដែលត្រូវបានបែងចែកកម្រិតប្រណីតភាពផ្សេងគ្នា ដូចជាបន្ទប់គេង ផ្ទះបាយ និងរានហាលនៅខាងក្រៅ សម្រាប់លំហែរយកខ្យល់អាកាសផងដែរ។

ឱកាសចំណេញពីការទិញ

នៅក្នុងឱកាសនៃការបើលក់ ជាផ្លូវការណ៍នៃអគារទី១ ក្នុងចំនោមអគារទាំង៤ ដែលកំពុងសាងសង់ដល់ជាន់ទី២០ និងត្រៀមបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុនអភិវឌ្ឍន៍ ប្រកាសលក់ក្នុងតម្លៃពិសេសទាបជាងទីផ្សារ ដែលជាការផ្តលឱកាសចំណេញយ៉ាងច្រើន ចំពោះអតិថិជនដែលទិញសម្រាប់ស្នាក់នៅផ្ទាល់ ឬទិញទុកសម្រាប់វិនិយោគបន្ត ក៏ដូចជា ក្រុមហ៊ុនភ្នាក់ងារផងដែរ ជាមួយនឹងតម្លៃត្រឹមជាង១៧០០ដុល្លារក្នុងមួយម៉ែត្រការ៉េឡើងទៅ ឬជាង៧ម៉ឺនដុល្លារក្នុងមួយយូនីតតែប៉ុណ្ណោះ។

បន្ថែមពីលើកម្មវិធីបញ្ចុះតម្លៃយ៉ាងច្រើន នៅក្នុងអំឡុងចុងឆ្នាំ២០២០នេះ ក៏មានការផ្តល់ជូននូវការយ៉ាងសន្ធឹកសន្ធាប់ ដូចជា សម្ភារៈប្រើប្រាស់នៅក្នុងបន្ទប់ស្រាប់ ជាពិសេសការផ្តល់ជូននូវ លក្ខខណ្ឌបង់ប្រាក់យ៉ាងងាយស្រួល និងនៅក្នុងរយៈពេលយូរផងដែរ។

សម្រាប់ព័ត៌មានលម្អិតពីគម្រោងសូមទំនាក់ទំនង តាមរយៈទូរស័ព្ទលេខ ០៧០ ៥០ ១៨ ១៨៕

ហេតុអ្វីត្រូវទិញខុនដូក្នុងកំឡុងពេលមានវិបត្តិសេដ្ឋកិច្ច?

ដោយគង់ សូរិយា

        ភ្នំពេញៈ អ្នកជំនាញអះអាងថា ការទិញខុនដូទុកសំរាប់រស់នៅ និងទុកសំរាប់ជួលនាកំឡុងពេលនេះ វាជាពេលវេលាល្អបំផុតសំរាប់ការវិនិយោគ ព្រោះបច្ចុប្បន្នមានលក្ខខ័ណ្ឌពិសេសៗជាច្រើន ដែលអ្នកវិនិយោគអាចទទួលបានផលចំណេញ។

លោកAlan Neoអគ្គនាយកក្រុមហ៊ុនCSA Real Estate Groupបានមានប្រសា​សន៍ឲ្យដឹងថា ការទិញខុនដូកំឡុងពេលនេះ អ្នកវិនិយោគនឹងទទួលបានផលចំណេញច្រើនដូចជា ទី១ ទទួលបានគំរោងដែលមានគុណភាព និងភាពប្រាកដប្រជា ដែលមានន័យថា គំរោងដែលកំពុងដំណើរការគឺជាគំរោងល្អ ព្រោះពួកគេមិនជាប់គាំង ក្នុងកំឡុងវិបត្តិសេដ្ឋកិច្ច ទី២ ទទួលបានការបញ្ចុះតម្លៃពិសេស ដែលមានការបញ្ចុះតម្លៃចាប់ពី២០ទៅ៣០ភាគរយ ទី៣ ទទួលបានជម្រើសច្រើនសំរាប់គំរោងដែលកំពុងដំណើរការ មានន័យថាអតិថិជនអាចជ្រើសរើសគំរោងបានច្រើន។

ទី៤ ពួកគេអាចចចារជាមួយម្ចាស់គំរោង ជាមួយលក្ខខ័ណ្ឌបង់ប្រាក់កាន់តែពិសេ​ស ដោយសារម្ចាស់ខុនដូឬអ្នកអភិវឌ្ឍន៍និមួយៗ តែងតែផ្តល់នូវលក្ខខ័ណ្ឌបង់ប្រាក់កាន់តែមានភាពបត់បែន។

លោកAlan Neoបានបន្តថា ជាមួយនឹងជំនាញដែលយើងបាន និងកំពុងបណ្តុះបណ្តាលបុគ្គលិក និងថ្នាក់ដឹកនាំរបស់យើង យើងបាននិងកំពុងផ្តល់សេវាកម្មយ៉ាងពិសេស​ដល់អតិថិជន ជាមួយនឹងលក្ខខ័ណ្ឌពិសេស តាមរយៈការចចារបញ្ចុះតម្លៃពិសេសជូនអតិថិជន។ ហេតុនេះ អតិថិជនឬអ្នកវិនិយោគចង់បានគំរោងខុនដូល្អ មានតម្លៃសមរម្យ ផ្តល់លក្ខខ័ណ្ឌបង់ប្រាក់ពិសេស និងបញ្ចុះតម្លៃកាន់តែច្រើន សូមទាក់ទងមកកាន់ភ្នាក់ងាររបស់CSA Real Estate Group។

ជាមួយគ្នានេះទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់បានថ្លែងថា វាជាជម្រើសដ៏ឆ្លាតវៃសំរាប់អតិថិជន ឬអ្នកវិនិយោគសម្រេចចិត្តទិញខុនដូនិងអចលនទ្រព្យនានានៅក្នុងកំឡុងពេលនេះ ដោយសារវិបត្តិសេដ្ឋកិច្ចបានធ្វើឲ្យគំរោងជាច្រើនបានលក់បញ្ចុះតម្លៃពិសេស ពិសេសអ្នកវិនិយោគក៏មិនប្រឈមមុខ នឹងហានិភ័យ ដោយសារពួកគេមើលឃើញថា គំរោងដែលពួកគេទិញជាគំរោងដែលមានមូលដ្ឋានហិរញ្ញវត្ថុរ៉ឹងមាំ ដោយមិនជាប់គាំងឬមានបញ្ហាកំឡុងពេលនេះ។

លោកបន្តថា“គម្រោងដែលមានហិរញ្ញវត្ថុរ៉ឹងមាំ គឺបង្ហាញក្នុងពេលមានវិបត្តតិសេដ្ឋកិច្ចបែបនេះ ព្រោះពួកគេមិនពន្យាពេលសាងសង់ឬជាប់គាំង ប៉ុន្តែគម្រោងដែលរង់ចាំលុយពីអ្នកវិនិយោគយកទៅសាងសង់ គឺនឹងមានបញ្ហានៅពេលមានវិបត្តិសេដ្ឋកិច្ចបែបនេះ”។លោកបន្តថា “អ្នកវិនិយោគនឹងទទួលបានផលចំណេញ ពីការបញ្ចុះតម្លៃក្នុងអន្តរកាលនេះ ដោយសារពេលស្ថានភាពសេដ្ឋកិច្ចល្អប្រសើរ គំរោងនានានឹងឡើងថ្លៃ ហើយ​មិនបញ្ចុះតម្លៃច្រើននោះទេ”៕

សម្តេចតេជោ នឹងអញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូល ACMECS លើកទី៩ ក្នុងសប្តាហ៍នេះ

ដោយ៖ សាវុធ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលនៃយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញចូលរួមផងដែរ ក្នុងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១០ និងកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-វៀតណាម ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ (CLV DTV) លើកទី១១ ដែលនឹងរៀបចំឡើងស្របពេលជាមួយកិច្ចប្រជុំកំពូល ACMECS លើកទី៩ ហើយដែលកិច្ចប្រជុំកំពូលទាំងពីរនេះ នឹងត្រូវដឹកនាំ លោក ថងលុន ស៊ីសុលីត នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

អញ្ជើញអម សម្តេចតេជោនាយករដ្ឋមន្ត្រី នៅក្នុងកិច្ចប្រជុំរួមមាន លោកប្រាក់ សុខុនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកវេង សាខុនរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកប៉ាន សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស៊ុយ សែមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោកជា វ៉ាន់ដេតរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកហង់ ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋា ភិបាលកម្ពុជាមួយចំនួនផងដែរ។

ក្រោមមូលបទ «ភាពជាដៃគូដើម្បីការ តភ្ជាប់ និងភាពរឹងមាំ» កិច្ចប្រជុំកំពូល ACMECS លើកទី៩ នឹងពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការកន្លងមក និងនាពេលអនាគត ជាពិសេសលើវិធី និងមធ្យោបាយដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ACMECS លើគ្រប់វិស័យ ដែលនឹងដើរតួនាទីជាក្របខ័ណ្ឌសាមគ្គីភាពដ៏សំខាន់សម្រាប់ថែរក្សាសន្តិភាព និងស្ថេរភាពក្នុងតំបន់ និងជំរុញការអភិវឌ្ឍរួមគ្នាក្រោយវិបត្តិជំងឺរាតត្បាតសកលកូវីដ-១៩។ នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលនេះ នឹងមានពិធីផ្ទេរតំណែងប្រធានកិច្ចប្រជុំកំពូល ACMECS ពីប្រទេសកម្ពុជា ដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
កិច្ចប្រជុំកំពូល CLMV លើកទី១០ ធ្វើឡើងក្រោមមូលបទ «ការលើកកម្ពស់ការតភ្ជាប់ប្រកបដោយប្រសិទ្ធភាពសម្រាប់សមាហរណកម្មតំបន់» នឹងពិនិត្យមើលឡើងវិញនូវសមិទ្ធផល នានាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ និងកំណត់ទិសដៅនាពេលអនាគតនៃកិច្ចសហប្រតិបត្តិការ CLMV ដោយពិចារណាទៅលើវិបត្តិសុខភាពពិភពលោក ដែលបង្កឡើងដោយជំងឺរាតត្បាតសកលកូវីដ -១៩ និងផែនការស្តារប្រទេសខ្លួនឡើងវិញក្រោយវិបត្តិនៃជំងឺនេះ។ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នឹងធ្វើជាប្រធានកិច្ចប្រជុំកំពូលនេះនៅពេលបន្ទាប់។

កិច្ចប្រជុំកំពូល CLV DTV លើកទី១១ នឹងពិនិត្យឡើងវិញពីវឌ្ឍនភាពដែលសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ព្រមទាំងពិភាក្សាអំពីទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច និងសង្គម រវាងប្រទេសកម្ពុជា-ឡាវ-វៀតណាម ជាពិសេសលើការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន វប្បធម៌ ការអភិវឌ្ឍធនធានមនុស្ស សុខាភិបាល និងឧក្រិដ្ឋកម្មឆ្លងដែន៕

កម្ពុជា-ឥណ្ឌាកំពុងជំរុញកំណើនពាណិជ្ជកម្មរួមគ្នាឱ្យបានលើសពីទំហំ ២៦០លានដុល្លារក្នុងមួយឆ្នាំ

ដោយៈ រ៉ាណេត

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានបង្ហាញពីក្ដីរំពឹង និងជឿជាក់ថា ក្រោយបញ្ចប់កិច្ចប្រជុំកំពូលសេដ្ឋកិច្ចរវាងប្រទេសឥណ្ឌា – ប្រទេសតំបន់ទន្លេមេគង្គ ដែលក្នុងនោះរួមមានកម្ពុជាផងដែរនោះ នឹងអាចបង្កើតនូវសមិទ្ធលថ្មីដោយការបង្កើនទំហំពាណិ្ជកម្មកាន់តែធំ និងមានទំហំវិនិយោគកាន់តែច្រើនបន្ថែមទៀត។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកឈួន ដារ៉ា នៅថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ បានបង្ហាញពីសុទិដ្ឋិនិយមថា កម្ពុជាអាចចាប់យកឱកាសទាក់ទាញវិនិយោគបន្ថែមពីកិច្ចប្រជុំសេដ្ឋកិច្ចរវាងប្រទេសឥណ្ឌា និងប្រទេសទន្លេមេគង្គចំនួន៤ប្រទេស ហៅកាត់ថា CLMV។

លោកឈួន ដារ៉ា នៅក្នុងវេទិកា 6th India-CLMV Business Conclave 2020 លើកទី៦បានលើកឡើងថា “កិច្ចសហប្រតិបត្តិការល្អវាងឥណ្ឌា និងប្រទេសជាសមាជិក CLMV ពិតជាអាចឱ្យកម្ពុជាចាប់យកឱកាសអភិវឌ្ឍន៍ ប្រកបដោយចីរភាពរវាងប្រទេស និងប្រទេសព្រមទាំងតំបន់ទាំងមូល”។ លោកបានបញ្ជាក់ថា “នៅក្នុងឆ្នាំ២០២០នេះ គឺជាឆ្នាំដែលពិភពលោកបានប្រឈមមុខនឹងបញ្ហាការរីករាលដាលនៃជំងឺ Covid-19 ដែលបានជះឥទ្ធិពលដល់កម្ពុជា និងក្នុងពិភពលោកទាំងមូល ហើយបណ្តាប្រទេស CLMV និងឥណ្ឌាក៏បានឆ្លងកាត់បញ្ហាប្រឈមនេះផងដែរ”។

ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចឆ្នើមប្រមាណ៧,១ភាគរយក្នុងមួយឆ្នាំ ដែលជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅលើពិភពលោក។ ទាក់ទងនឹងការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) មានការកើនឡើងយ៉ាងខ្លាំងពី៩២៨លានដុល្លារក្នុងឆ្នាំ២០០៩ ដល់៣១០០ ពាន់លានដុល្លារក្នុងឆ្នាំ២០១៨។ លំហូរវិនិយោគផ្ទាល់ពីបរទេសផ្តោតសំខាន់លើឧស្សាហកម្មកាត់ដេរ ឧស្សាហកម្មកែច្នៃ កសិកម្ម សំណង់ និងទេសចរណ៍។

ដោយឡែកសម្រាប់សេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឥណ្ឌាក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ ដូចក្តីរំពឹងទុករបស់ភាគីទាំងពីរ។ នៅឆ្នាំ២០១៩ យោងតាមទិន្នន័យផ្ទាល់ខ្លួនរបស់កម្ពុជា តម្លៃពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឥណ្ឌាមានចំនួន ២៥៦លានដុល្លារសហរដ្ឋអាមេរិក បាននាំចេញទៅប្រទេសឥណ្ឌាក្នុងតម្លៃ ៦៤,៦៧ លាន​ដុល្លារ និងនាំចូលពីប្រទេសឥណ្ឌាក្នុងតម្លៃ១៩១,៥៩ លានដុល្លារ៕

ដំណឹង​រីករាយ៖ អង់គ្លេស​ចាប់ផ្តើម​ផ្តល់​ការនាំចេញ​តាម​ប្រ​ព័​ន្ឋ​អនុគ្រោះ​ព​ន្ឋដល់​កម្ពុជា (GSP) នៅ​ឆ្នាំ២០២១

ដោយៈ​ប៊ី

ភ្នំពេញៈ ចក្រភព​អង់គ្លេស នឹង​ផ្តល់​ការនាំចេញ​ទំនិញ​របស់​ប្រទេស​កម្ពុជា ដែល​ប្រទេស​នេះ​នឹង​អាច​ទាញយក​អត្ថប្រយោជន៍​ច្រើន បន្ទាប់ពី​ការ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ហៅ​កាត់​ GSP របស់​ចក្រភព​អង់គ្លេស សម្រាប់​នាំ​ទំនិញ​គ្រប់​ប្រភេទ លើកលែងតែ​អាវុធ​នឹង​ចូល​ជា​ធរមាន​ន​នៅ​ឆ្នាំ២០២១ខាងមុខនេះ។

រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​លោក​សុខ សុភ័ក្ត្រ ត្រូវបាន​ដកស្រង់​សម្តី​ចេញ​ភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​នៅ​ថ្ងៃទី៦ ខែ​ឆ្នូ ឆ្នាំ២០២០កន្លងមក​បាន​មានប្រសាសន៍ថា កម្ពុជា នឹង​ពិភាក្សា​ជាមួយ​អង់គ្លេស ដើម្បី​ស្តារ​ទំនាក់ទំនង​នៃ​ការនាំចេញ-នាំចូល​រវាង​ប្រទេស​ទាំងពីរ អំឡុងពេល​មាន​វិបត្តិ ហើយ​នៅក្រោយ​វិបត្តិ​កូ​វីដ១៩ ។

លោក​បន្តទៀតថា “កម្ពុជា​នឹង​ពិភាក្សា​រក​វិធានការ​ស្តារឡើងវិញ នូវ​ការនាំចេញ-នាំចូល​ឱ្យមាន​ប្រក្រតីភាព ហើយ​ទាញយក​នូវ​អ្វីដែល​បាន​ធ្លាក់ចុះ​កន្លង ដែល​បណ្តាលមកពី​វិបត្តិ​នៃ​ការរីក​រាលដាល​កូ​វីដ១៩” ។

លោក​សុខ សុភ័ក្ត្រ​បាន​ថ្លែងថា “នៅពេល​អង់គ្លេស បែកចេញ​មកពី​សហភាព​អឺរ៉ុប គាត់ អត់​មានប្រើ​ប្រព័ន្ធ​ដែល​ចុះបញ្ជី​រួម​ទេ ដូច្នេះ​យើង​ត្រូវ​ធ្វើការ​ផ្នែក​រដ្ឋបាល​ជាមួយ​ចក្រភព​អង់គ្លេស ដើម្បី​យើង​ចេញ​វិ​ញ្ញាប​ន​ប័ត្រ ឬមួយ​យើង​រៀបចំ​ប្រព័ន្ធ​មួយ ទទួលស្គាល់​វិធាន​ប្រភពដើម​ទំនិញ ដែល​នេះ​ជា​កិច្ច​ការបន្ត​ដែល​យើង​ត្រូវធ្វើ” ។

ប្រព័ន្ធ​អនុគ្រោះ​ទូទៅ ជាការ​ជម្រុញ​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ និង​ជាការ​ទាក់ទាញ​អ្នកវិនិយោគថ្មីៗបន្ថែម ឲ្យ​មក​បណ្តាក់​ទុនវិនិយោគ​នៅ​កម្ពុជា តាមរយៈ​ការផ្តល់​នូវ​លក្ខណៈពិសេស។

ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP នឹង​ជំនួស​ការបាត់បង់ ក្នុង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែល​សហភាព​អឺរ៉ុប សម្រេច​ដកចេញ​ពី​កម្ពុជា។

ទាំង​មន្ត្រី​រដ្ឋាភិបាល អ្នក​ក្នុង​វិស័យ​កាត់​ដែរ និង​វិស័យ​ឯកជន​បាន​រំពឹងថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP នេះ នឹងមិន​ត្រឹមតែ​ជួយ​ជំរុញ​ទំនិញ​កាន់តែច្រើន នាំ​ចេញពី​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជួយ​បំពេញបន្ថែម នូវ​ការបាត់បង់​ផ្នែក​ខ្លះ​នៃ​EBA នៅ​ទីផ្សារ​អឺរ៉ុប ជាពិសេស​ជួយ​ទាក់ទាញ វិនិយោគ​បន្ថែម​ចូលមក​កម្ពុជា ដើម្បី​ផលិត កែច្នៃ និង​វេច​ខ្ចប់ នាំ​ចេញទៅ​ទីផ្សារ​ចក្រភព​អង់គ្លេស។

កម្ពុជា​នាំចេញ​ផលិតផល​ទៅ​ចក្រភព​អង់គ្លេស មានដូចជា ផលិតផល​សម្លៀកបំពាក់ ស្បែកជើង អង្ករ និង​កង់ ខណៈ​នាំចូល​មកវិញ មានដូចជា រថយន្ត និង​គ្រឿងចក្រ​ជាដើម។

ក្នុង​ឆ្នាំ២០១៩ ការដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​អង់គ្លេស មាន​ទឹកប្រាក់​សរុប​ជាង១ពាន់​លាន​ដុល្លារ​អាម​រិ​ក។ ចំណែក​នៅក្នុង​រយៈពេល៣ខែ ឆ្នាំ២០២០ កម្ពុជា​បាន​នាំចេញ សរុប​ជាង២០០លាន​ដុល្លារ ក្នុងនោះ​ការនាំចេញ​វិស័យ​កាត់ដេរ​ជាង ១៩០លាន​ដុល្លារ និង​ទំនិញផ្សេង១៥ លាន​ដុល្លារ​អាមេរិក៕

ចំណេះដឹង! អ្វី​ជា​ទំនិញ​គ្មាន​លក្ខណៈ​ពាណិជ្ជកម្ម?

ដោយ​វុត្ថា

ភ្នំពេញៈ ទំនិញ​គ្មាន​លក្ខណៈ​ពាណិជ្ជកម្ម គឺជា​ទំនិញ​ដែល​ត្រូវបាន​នាំចូល​ម្តងម្កាល​ដោយ​អ្នកដំណើរ ឬ​ត្រូវបាន នាំចូល​ដោយ​ប្រជាពលរដ្ឋ ដែលមាន​លំនៅដ្ឋាន​ជា​អចិន្ត្រៃយ៍​ក្នុង​តំបន់​ព្រំដែន សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន ឬ ប្រើប្រាស់​ក្នុង​តំបន់​ព្រំដែន។

យោងតាម​ឯកសារ​របស់ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បញ្ជាក់ថា ការ​នាំចូល​ទំនិញ​គ្មាន​លក្ខណៈ​ពាណិជ្ជកម្ម​ត្រូវ​អនុវត្តន៍​ដូចជា ទី១  ការនាំ​ចូល​ម្តងម្កាល​របស់​អ្នក​ដំំ​ណើ​រ ដែល​ត្រូវ​ចាត់ទុកថា​គ្មាន​លក្ខណៈ​ពាណិជ្ជកម្ម ត្រូវបំពេញ បែបបទ​គយ​តាមច្បាប់​ជា​ធរមាន ដោយ​ត្រូវ​បង្ហាញ​នូវ​លិខិតឆ្លងដែន ដែលមាន​បញ្ជាក់​ពី​ការចេញ-ចូល​ប្រទេស​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​ច្រកទ្វារ ហើយ​ត្រូវ​ប្រថាប់ត្រា ឬ​សរសេរ​លើ​បង្កាន់ដៃ​ពន្ធ​ថា “គ្មាន​លក្ខណៈ​ពាណិជ្ជកម្ម-សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន” និង​ពុំ​ចាំបាច់ បិទ​ត្រា​គយ​ឡើយ។

ក្នុងករណី ដែល​អ្នកដំណើរ​ម្តងម្កាល​នោះ អ្នក​នាំចូល​ទំនិញ​ហើយ​ប្រកាសថា មាន​លក្ខណៈ​ពាណិជ្ជកម្ម​សម្រាប់ធ្វើ​អាជីវកម្ម ការកំណត់​តម្លៃ​គិត​ពន្ធគយ​ត្រូវ​បូក​បន្ថែម២០ ភាគរយ លើ​តម្លៃ​គិត​ពន្ធគយ​ជា​ធរមាន និង​ត្រូវ​ប្រថាប់ត្រា​ឬ​សរសេរ លើ​បង្កាន់ដៃ​ពន្ធ​ថា “មាន​លក្ខណៈ​ពាណិជ្ជកម្ម” ហើយ​ត្រូវ​បិទ​ត្រា​គយ​ជូន ប្រសិនបើ​មុខទំនិញ​នោះ​ស្ថិតក្រោម​ប្រព័ន្ធ ត្រា​គយ ដើម្បី អាច​ចរាចរ​លើ​ទីផ្សារ​បាន។

ទី២  ចំពោះ​ការនាំ​ចូល​របស់​ប្រជាជន ដែលមាន​លំនៅដ្ឋាន​ជា​អចិន្ត្រៃយ៍​ក្នុង​តំបន់​ព្រំដែន ត្រូវបំពេញ បែបបទ​គយ​តាម​ការកំណត់​ជា​ធរមាន ហើយ​ត្រូវ​ប្រថាប់ត្រា​ឬ​សរសេរ​លើ​បង្កាន់ដៃ​ពន្ធ​ថា “សម្រាប់​ចរាចរ​ក្នុង​តំបន់​ព្រំដែន” ។ ប្រជាជន​តំបន់​ព្រំដែន ដែល​ធ្វើ​អាជីវកម្ម​នាំចេញ-នាំចូល​ទំនិញ មាន​លក្ខណៈ​ពាណិជ្ជកម្ម​សម្រាប់​ចរាចរ ទូទាំងប្រទេស​នោះ ត្រូវតែ​បង្កើតជា​ក្រុមហ៊ុន​ដែលមាន លេខ​អត្តសញ្ញាណ​កម្ម អាករ​លើ​តម្លៃបន្ថែម និង​ត្រូវមាន​ប័ណ្ណ​ប៉ាតង់​ឆ្នាំ​ចុងក្រោយ ដូច​អ្នក​នាំចេញ-នាំចូល​ធម្មតា ហើយ​ក្នុងករណី​ចាំបាច់ ត្រូវអនុវត្ត​តាម​ការ​ណែនាំ​ខាងលើ៕