កម្ពុជា កំពុងរៀបចំសាងសង់ឃ្លាំងស្តុកវ៉ាក់សាំង Covid-19 មានសីតុណ្ហភាព ៨០អង្សារក្រោមសូន្យ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ តាមរយៈសារជាសំឡេង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ឱ្យដឹងថា ពេលនេះក្រសួងសុខាភិបាលបាន និងកំពុងរៀបចំសាងសង់សឃ្លាំងសុវត្ថិភាពសម្រាប់ស្តុកវ៉ាក់សាំង Covid-19 ដែលមានកំណត់សីតុណ្ហភាពរហូតដល់៨០អង្សារក្រោមសូន្យ ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “លោកជំទាវ យក់ សម្បត្តិ បានរាយការណ៍ឱ្យខ្ញុំបានដឹងអំពីការសាងសង់ឃ្លាំង សម្រាប់ការស្តុកទុក ដែលនៅក្នុងកន្លែងស្តុកទុកនោះ យើងអាចស្តុកទុកគឺមានកម្រិតរហូតទៅដល់ ៨០អង្សារក្រោមសូន្យ (-៨០អង្សារសេ)។ ប៉ុន្តែក៏មានក្នុងកម្រិត ៤០អង្សារ (ក្រោមសូន្យ) ឬក៏ ៣០អង្សារ (ក្រោមសូន្យ) ឬក៏ប៉ុន្មានអង្សារ។ ក៏ប៉ុន្តែកម្រិតអតិបរមា គឺបានទៅដល់ ៨០អង្សារក្រោមសូន្យឯណោះ។ អ៊ីចឹងកន្លែងស្តុក មិនជាពិបាកពេកទេ ជំរុញនូវការសាងសង់ រួចទម្រាំនឹងការបញ្ជាទិញ ល្មមស៊ីសង្វាក់គ្នា ជាមួយនឹងការមកដល់នៃវ៉ាក់សាំង”។

សម្រាប់វ៉ាក់សាំងដែលនឹងត្រូវបញ្ជាទិញក្នុងជំហានដំបូង ត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បានត្រៀមទិញចំនួន1លានដូស ដើម្បីចាក់ជូនប្រជាជន ដោយឥតគិតថ្លៃ នៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ ប៉ុន្តែពុំទាន់កំណត់ថា នឹងទិញពីប្រទេសណានៅឡើយនោះទេ ហើយសម្តេចបានស្នើយោបល់ថា ក្រុមគ្រូពេទ្យគួរតែជាជម្រើសអាទិភាពទីមួយសម្រាប់ការទទួលវ៉ាក់សាំង បន្ទាប់មកគឺគ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីយុត្តិធម៌ ៕

ខេត្តចំនួន៣កំពុងប្រជែងពីគម្រោងបង្កើតក្រុងរណប

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ នៅក្នុងផែនការនៃការអភិវឌ្ឍស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ននេះមានខេត្តចំនួន៣បានបង្ហាញពីគោលបំណងនៃការបង្កើតក្រុងរណបក្នុងនាមជាមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មី។

ផែនការនៃការបង្កើតក្រុងរណបនៅខេត្តចំនួន៣រួមមានខេត្តសៀមរាប ខេត្តកែប និងខេត្តមណ្ឌលគីរី ដែលត្រូវបានលើកឡើងដោយក្រសួងទេសចរណ៍កាលពីពេលកន្លងទៅថ្មីៗនេះ។

ខេត្តកែប ៖អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ

បានបង្ហាញពីគម្រោងក្នុងការបង្កើតទីក្រុងរណបថ្មីមួយនៅក្នុងខេត្តដើម្បីទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិចូលមកបណ្តាកទុនវិនិយោគនៅក្នុងខេត្តកាន់តែច្រើន។ គម្រោងបង្កើតឱ្យមានទីក្រុងរណបនេះ គឺដើម្បីផ្តល់ឱកាសការងារជូនពលរដ្ឋនៅក្នុងខេត្ត ដើម្បីកាត់បន្ថយការធ្វើនេសាទខុសច្បាប់ និងអភិវឌ្ឍន៍ឱ្យសាកសមជាខេត្តទេសចរណ៍ធម្មជាតិ ដែលស្របទៅនឹងរាជរដ្ឋាភិបាលដាក់ចេញទិសដៅថាខេត្តកែបទៅថ្ងៃក្រោយទៅជាខេត្តទេសចរណ៍ធម្មជាតប្រណិតកម្រិតខ្ពស់ ។
ជាមួយគ្នានេះ លោកអភិបាលខេត្តកែបក៏បានជំរុញនិងលើកទឹកចិត្តដល់អាជីវករ វិនិយោគិនលើវិស័យទេសចរណ៍ សណ្ឋាគារ ដើម្បីចូលរួមអភិវឌ្ឍន៍ខេត្តកែបកាន់តែរីកចម្រើនបន្ថែមទៀត ខណៈខេត្តជាប់មាត់សមុទ្រមួយនេះ បាននឹងកំពុងមានភាពទាក់ទាញលើវិស័យទេសចរណ៍។

ខេត្តសៀមរាប ៖ សម្រាប់ខេត្តសៀម ក៏មានគម្រោងអភិវឌ្ឍន៍

 

និងបង្កើតជាក្រុងថ្មីមួយទៀតដែលស្ថិតនៅក្នុងស្រុកបន្ទាយស្រី ដែលកំពុងកំណើការអភិវឌ្ឍន៍ជាជំហានៗក្រោមការគ្រប់គ្រងដោយលោក ឃីម ហ្វីណង់ ជាអភិបាលស្រុក។

បច្ចុប្បន្ននៅក្នុងស្រុកបន្ទាយស្រីត្រូវបានគេមើលឃើញថាកំពុងមានអភិវឌ្ឍនៅតាមភូមិ ឃុំគោលដៅមួយចំនួន ដូចជាការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ការអនុវត្តនូវគោលនយោបាយផ្ទះមួយអំពូលមួយ រួមជាមួយនឹការបង្កើតជាភូមិទេសចរណ៍ និងវប្បធម៌ប្រចាំតំបន់ បន្ថែមពីលើតំបន់ទេសចរណ៍ធម្មជាតិដែលមានស្រាប់។
នៅក្នុងយុទ្ធនាការ «ផ្ទះ១អំពូល១» ផ្តើមចេញពីការបំភ្លឺអំពូល នៅតាមផ្ទះនីមួយៗនៅទូទាំងស្រុកបន្ទាយស្រី ខេត្តសៀមរាបចំនួន១ម៉ឺនខ្នង ត្រូវបានចាប់ផ្តើមអនុវត្តជាជំហានដំបូងនៅក្នុងភូមិព្រះដាក់។ យុទ្ធនាការនេះបានប្រែក្លាយភូមិជនបទជាភូមិគំរូ និងទទួលបានការស្វាគមន៍ច្រើនពីអ្នកភូមិ។

ខេត្តមណ្ឌលគីរី ៖ ខេត្តដែលស្ថិតនៅប៉ែកឦសាននៃប្រទេស

 

និងស្ថិតនៅក្នុងគម្រោងប្រែក្លាយជាប៉ូលសេដ្ឋកិច្ចពិសេសមួយនេះក៏មានផែនការបង្កើតក្រុងរណបថ្មីមួយផងដែរ នៅក្នុងស្រុកអូររាំង ដែលមានគម្រោងសាងសង់ព្រលានយន្ដហោះជាចំណុចទាក់ទាញការវិនិយោគជាសំខាន់។
គោលបំណងនៃការបង្កើតក្រុងរណបនេះ ត្រូវបានប្រកាសឡើងតាមរយៈកិច្ចប្រជុំស្តីពីគម្រោអភិវឌ្ឍន៍ខេត្តមណ្ឌលគីរីរបស់ក្រសួងទេសចរណ៍កាលពីសប្ដាហ៍កន្លងទៅដោយលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ លោកបានបញ្ជាក់ថា នៅក្នុងផែនការមេនេះគ្រោងនឹងដាក់ឆ្លងការសម្រេចពីសំណាក់រាជរដ្ឋាភិបាលនៅដើមឆ្នាំក្រោយ ដោយនឹងមានការអភិវឌ្ឍន៍ជាច្រើនកន្លែង រួមជាមួយនឹងការបង្កើនតំបន់ទេសចរធម្មជាតិកែច្នៃ ដែលជាផលិតផលទេសចរណ៍ថ្មីៗទាំងនៅក្នុង និងក្រៅក្រុងផងដែរដើម្បីធ្វើយ៉ាងណាឱ្យខេត្តមណ្ឌលគីរីក្លាយជាគោលដៅទេសចរណ៍ និងវិនិយោគកម្រិតខ្ពស់៕

ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិកសម្រេចបានទឹកប្រាក់រហូត ដល់៥,៨ពាន់លានដុល្លារ

ដោយៈម៉ាណេត

ភ្នំពេញៈ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិកមានទំហំទឹកប្រាក់ប្រមាណ៥,៨ពាន់លានដុល្លារ ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំនេះ កើនឡើង១៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

 

យោងតាមតួលេខពីការិយាល័យជំរឿនសហរដ្ឋអាមេរិក ដែលបានចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ បានបង្ហាញថា ចាប់ពីខែមករាដល់ខែតុលា ឆ្នាំ២០២០ ប្រទេសកម្ពុជាបាននាំចេញ ផលិតផលគិតជាទឹកប្រាក់ប្រមាណ៥,៥ពាន់លានដុល្លារទៅសហរដ្ឋអាមេរិក កើនឡើង២១ភាគរយ។

ទន្ទឹមនឹងនេះដែរ ការនាំចូលទំនិញរបស់កម្ពុជា ពីសហរដ្ឋអាមេរិកមានតម្លៃ២៦៩លានដុល្លារធ្លាក់ចុះ៣៩ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ផលិតផលនាំចេញសំខាន់ៗរបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិក រួមមាន ផលិត​ផលវាយនភណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ និងផលិតផលកសិកម្ម ខណៈដែលការនាំចូលរបស់កម្ពុជា ពីសហរដ្ឋអាមេរិករួមមានយានយន្ត ចំណីសត្វ និងគ្រឿងម៉ាស៊ីន។

យោងតាមស្ថានទូតអាមេរិកប្រចាំកម្ពុជាបានឱ្យដឹងថា ពាណិជ្ជកម្ម ពិសេសលទ្ធភាពចូលទៅក្នុងទីផ្សារសហរដ្ឋអាមេរិក បានផ្តល់ប្រយោជន៍ដល់ប្រទេសកម្ពុជាយ៉ាងច្រើន ក្នុងពេលរាប់ឆ្នាំមកនេះ។ សហរដ្ឋអាមេរិក គឺជាគោលដៅនាំចេញធំជាងគេរបស់ប្រ​ទេ​សកម្ពុជា […]។

ការនាំចេញនេះ ជួយឲ្យប្រជាជនកម្ពុជារាប់ម៉ឺននាក់មានការងារធ្វើ រាប់ពីការងារតាមរោងចក្រនៅក្រុងព្រះសីហនុ និងក្រុងបាវិត ដល់កសិករនៅខេត្តបាត់ដំបង និងកំពង់ចាម ដល់អ្នកជំនាញព័ត៌មានបច្ចេកវិទ្យា នៅភ្នំពេញ។ ការនាំចេញទាំងនេះមានចំណែកយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ចដ៏ច្រើនរបស់កម្ពុជា។

ការនាំចេញរបស់កម្ពុជាថែមទាំងផ្តល់ការចំណេញ ដល់អតិថិជនអាមេរិកផងដែរ ដោយផ្តល់ឲ្យនូវជម្រើស។ ពេលនេះមានទំនិញពីកម្ពុជា នៅក្នុងហាងក្នុងសហរដ្ឋអាមេរិកច្រើនជាងពេលណាទាំងអស់។

ទំនិញទាំងនេះមានមិនត្រឹមតែសម្លៀកបំពាក់ និងស្បែកជើងតែប៉ុណ្ណោះទេ តែថែមទាំងមានផលិតផលកសិកម្ម ដែលបានទទួលរង្វាន់ ដូចជា ម្រេចកំពត និងអង្ករកម្ពុជា។ លើសពីនេះទៀត លោកអ្នកអាចឃើញមានទំនិញសម្រាប់ការធ្វើដំណើរ ដែលធ្វើនៅកម្ពុជា មានលក់កាន់តែច្រើនឡើងនៅក្នុងសហរដ្ឋអាមេរិក។

បន្ទាប់ពីសហរដ្ឋអាមេរិក បានផ្តល់ការលើកលែងពន្ធគយ ដល់ទំនិញសម្រាប់ការធ្វើដំណើរ នៅឆ្នាំ២០១៦  នៅក្រោមកម្មវិធីនៃប្រព័ន្ធផ្តល់ការអនុគ្រោះទូទៅ (GSP) ទំនិ​ញសម្រាប់ការធ្វើដំណើរដែលនាំចេញពីកម្ពុជា មានតម្លៃកើនពី៥០លានដុល្លារដល់ជិត ១ ពាន់លានដុល្លារ។

ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ មានទំហំទឹកប្រាក់ប្រមាណ៥,៨ពាន់លានដុល្លារអាមេរិក កើនឡើង៣៧ភាគរយ កាលពីឆ្នាំ២០១៩ បើធៀបនឹងឆ្នាំ២០១៨៕

តោះ! មក​ស្គាល់​ទីតាំង​អចលនទ្រព្យ​មានតម្លៃ​ខ្ពស់បំផុត​ទាំង១០នៅ​ប្រទេស​អង់គ្លេស

ដោយៈ​សុខុម

អង់គ្លេសៈ ប្រទេស​អង់គ្លេស​ធ្លាប់ជា​ចក្រភព​មួយ ដែលមាន​ឥ​ទ្ឋិ​ពល​យ៉ាងខ្លាំង និង​ជា​ប្រទេស​អភិវឌ្ឍន៍​មួយ ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​ជាងគេ​ទាំង១០ នៅលើ​ពិភពលោក ពិសេស​តម្លៃ​អចលនទ្រព្យ​ក៏មាន​តម្លៃ​ខ្ពស់​ផងដែរ។

តើ​អចលនទ្រព្យ​នៅ​តំបន់​ណាខ្លះ ដែលមាន​តម្លៃ​ខ្ពស់ តោះ​យើង​ទៅ​សិក្សា​ស្វែងយល់​ទាំងអស់គ្នា។

ក្រុង​បឺ​មីង​ហែម (Birmingham) បាន​ជាប់​ចំណាត់ថ្នាក់​កំពូល ក្នុង​តារាង​ឈ្មោះ​តំបន់​ដែលមាន​តម្លៃ​ខ្ពស់បំផុត ក្នុង​ទីផ្សារ​អចលនទ្រព្យ​របស់​ចក្រ​ភព​អង់គ្លេស ក្រៅពី​ក្រុង​ឡុង​ដ៍ ហើយ​ក្រុង​អេ​ឌី​ន​បឺ​ក (Edinburgh) ជាប់​ចំណាត់ថ្នាក់​លេខ២ ចំណែកឯ​ក្រុង​លី​ត​ស៍ (Leeds) ជាប់​ចំណាត់ថ្នាក់​លេខ៣ ។

ដោយមាន​អចលនទ្រព្យ​ចំនួន ៤៤១.៥៣៦កន្លែង ហើយ​តម្លៃ​ផ្ទះ​ជា​មធ្យម​មានតម្លៃ​ចាប់ពី១៨៩.៩៨៨ផោន (២៥១.៤៧៧ ដុល្លារ) ក្រុង​បឺ​មីង​ហែម គឺជា​ទីផ្សារ​អចលនទ្រព្យ​មួយ ដែលមាន​តម្លៃ​សរុប​រហូតដល់​ទៅ៨៣.៩ពាន់​លាន​ផោន (ជិត ១១២ ពាន់​លាន​ដុល្លារ)។ នេះ​បើ​យោងតាម​ទិន្នន័យ​ប្រមូល​ដោយ GetAgent ដែលជា​គេហទំព័រ​ប្រៀបធៀប​ភ្នាក់ងារ​អចលនទ្រព្យ។

គេហទំព័រ​ដដែល​បានធ្វើ​ការវិភាគ​ទៅលើ​តួលេខ នៃ​តារាង​លំនៅដ្ឋាន​ទទួលបាន​ពី​គេហទំព័រ Gov.uk និង​តម្លៃ​ផ្ទះ​ជា​មធ្យម​នាពេល​បច្ចុប្បន្ន ដែល​ចេញ​ដោយ​អាជ្ញាធរ​មូល  ដ្ឋា​ន​ដើម្បី​ស្ទង់​មើលថា តើ​តំបន់​ណាខ្លះ​មានតម្លៃ​ខ្ពស់បំផុត​ក្នុង​ទីផ្សារ​អចលនទ្រព្យ។

ទីក្រុង​អេ​ឌី​ន​បឺ​ក ជាប់​ចំណាត់ថ្នាក់​លេខ២ ជាទី​ផ្សារ​អចលនទ្រព្យ​មានតម្លៃ​ខ្ពស់បំផុត​ក្រៅពី​ក្រុង​ឡុង​ដ៍ ដោយ​ទីផ្សារ​អចលនទ្រព្យ​មានតម្លៃ​ប្រមាណ៧០.៦ពាន់​លាន​ផោន (ជាង ៩៤ ពាន់​លាន​ដុល្លារ)។

ក្រុង​លី​ត​ស៍ ជាប់​ចំណាត់ថ្នាក់​លេខ៣ ចំណែកឯ​តំបន់​ខន​វ៉​ល (Cornwall) តំបន់​វី​ល​សៀ (Wiltshire) ក្រុង​ប្រ៊ី​ស្តូ​ល (Bristol) ក្រុង​មាត់​ឆ្នេរ​ប៊​ន​មៅ​ស៍ (Bournemouth) ក្រុង​មាត់​ឆ្នេរ​ភូ​ល (Poole) ក្រុង​ប្រាយ​ថុ​ន (Brighton) ក្រុង​មាត់​ឆ្នេរ​ហូ​វ (Hove) ក្រុង​ក្លាស​ហ្គូ​វ (Glasgow) ក្រុង​មែន​ឆេ​ស្ទ័​រ (Manchester) និង​ក្រុង​សេ​ហ្វៀ​ល (Sheffield) ក៏​ជាប់​ឈ្មោះ ជា​តំបន់ ដែល​ទីផ្សារ​អចលនទ្រព្យ​មានតម្លៃ​ខ្ពស់បំផុត​ដែរ ក្រៅពី​ក្រុង​ឡុង​ដ៍​ដ៏​ឆើតឆាយ៕

អ្នកជំនាញ៖គម្រោង​សាងសង់​ផ្សារ​ទំនើប​នានា​នៅក្នុង​ទីក្រុង​ភ្នំពេញ​នៅតែដំណើរការ​ធម្មតា

ដោយៈ​វុត្ថា

ភ្នំពេញៈ បើទោះបី​ជំងឺ​កូ​វីដ១៩ បាន​នឹង​កំពុង​ញាំញី​នៅក្នុង​ប្រទេស​កម្ពុជា​រហូត​មកដល់​បច្ចុប្បន្ននេះ​យ៉ាងណាក្តី អ្នកជំនាញ​នៅតែ​មើលឃើញថា ដំណើរការ​នៃ​ការសាងសង់​គម្រោង​ផ្សារ​ទំនើប​ទាំង​ធំ និងតូចៗ នា​នៅក្នុង​ប្រទេស​នៅតែ​ដំណើរការ​ជាធម្មតា។

លោក​ឃាង ពុ​ទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​សមាគម​អ្នកជំនាញ​អចលនវត្ថុ​កម្ពុជា​បាន​ប្រាប់​គេហទំព័រ​Propertyarea.asia កាលពី​ថ្ងៃទី ៧ ខែធ្នូ​ឆ្នាំ ២០២០ កន្លងមកនេះ​ថា ដំណើរការ​នៃ​សាងសង់​ផ្សារ​ទំនើប​នានា នៅតែ​ដំណើរ​ការធម្មតា  បើទោះបី​កន្លងមកនេះ​មាន​បញ្ហា​ខ្លះ ដែល​ជំរុញឱ្យមាន​ការបិទ​ផ្សារ​ទំនើប​ក៏ដោយ។

លោក​ថ្លែងថា  `វា​ដំណើរ​ការធម្មតា ខណៈដែល​ជាងសំណង់ ក៏​ត្រូវបាន​អនុវត្តតាម​វិធានការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ជាធម្មតា។  បញ្ហា​អាច​នឹងមាន​បញ្ហា​ខ្លះ ដោយសារ​បញ្ហា​គម្លាត​សង្គម ព្រោះ​ត្រូវ​ចូលរួម​ទាំងអស់គ្នា  ដើម្បី​ទប់​ស្កា​តា់​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩” ។

លោក​ឃាង ពុ​ទ្ឋី​បាន​បន្តថា “យើង​ត្រូវ​ចូលរួម​ទាំងអស់គ្នា ជាមួយ​រាជរដ្ឋាភិបាល  ក្នុងការ​ទប់ស្កាត់​អោយបាន​ទាំង​ជាងសំណង់ ពលរដ្ឋ​ធម្មតា អ្នករកស៊ី និង​អ្នក​ទាំងអស់គ្នា​ដើម្បី​ប្រទេស​យើង​មាន​សុវត្ថិភាព​ខ្ពស់​ពី​ជំងឺ​កូ​វីដ១៩” ។

បើតាម​លោក ឃាង ពុ​ទ្ធី នៅក្នុង​ប្រទេស​កម្ពុ​ជានា​ពេលពច្ចុប្បន្ន​នេះ មាន​ផ្សារ​ទំនើប​ទាំង​តូច និង​ធំ​ប្រមាណ៣០បាន​នឹង​កំពុង​សាងសង់ ព្រោះ​គម្រោង​ខុន​ដូ​ខ្លះ ក៏មាន​ផ្សារ​ទំនើប​នៅក្នុង​ទីនោះ​ដែរ។

លោក​ឡុង គឹមសួគ៌ អគ្គ​នាយ​ក្រុមហ៊ុន Century21 Advance ធ្លាប់បាន​ឱ្យដឹងថា សម្រាប់​គម្រោង​សាងសង់​ផ្សារ​ទំនើប អាច​នឹងមាន​បញ្ហា​ខ្លះ​ពាក់ព័ន្ធ នឹង​ការ​នាំចូល​សម្ភារៈ​បរិក្ខាផ្សេងៗ ពី​ក្រៅប្រទេស​ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ១៩ ប៉ុន្តែ​យ៉ាង​គម្រោង​ទាំងអស់​នៅតែ​ដំណើរការ​ជាធម្មតា។

លោក​បន្តថា ជំងឺ​កូ​វីដ១៩បាន និង​កំពុង​ធ្វើឱ្យមាន​បញ្ហា​ទាំង​អាជីវកម្ម និង​វិស័យ​អចលនទ្រព្យ ប៉ុន្តែ​សម្រាប់​កម្ពុជា​មិន​ធ្ងន់ធ្ងរ​នោះទេ ហើយ​បញ្ហា​នេះ​អាច​នឹង​ត្រូវបាន​ដោះស្រាយ​ឆាប់​ខាងមុខនេះ បន្ទាប់ពី​ពិភពលោក​រកឃើញ​នូវ​វាក់​សុំា​ង​សម្រាប់​ព្យាបាល” ៕

តើ​ភ្នាក់ងារ​លក់​ដី​ឡូ​តិ៍​ត្រូវ​សិក្សា​លើ​កត្តា​អ្វីខ្លះ ដើម្បី​លក់​ឱ្យ​ទទួលបាន​ជោគជ័យ?

ដោយៈ​វុត្ថា

ភ្នំពេញៈ ភ្នាក់ងារ​លក់​វិស័យ​អចលនទ្រព្យ ជាពិសេស​លក់​ដី​ឡូ​តិ៍​មាន​ភាពងាយស្រួល ទាមទារ​ឱ្យមាន​ភាព​អត់ធ្មត់ ព្យាយាម និង​សិក្សា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​កល​ក់​ឱ្យ​ទទួលបាន​ជោគជ័យ ដើម្បី​ជា​ផលប្រយោជន៍​សម្រាប់​ផ្ទាល់ខ្លួន​ផង និង​ក្រុមហ៊ុន​ផងដែរ។

ការលក់​ដីឡូត៍​ប្រក​ដ​ណាស់ មាន​ភាព​ផល​លំបាក​មួយចំនួន ដែល​ទាមទា​ឱ្យ​ភ្នាក់ងារ​លក់​ស្វែងយល់ និង​សិក្សា​ឱ្យបាន​ស៊ីជម្រៅ​ជុំវិញ​គម្រោង​ឡូ​តិ៍​នោះ​ដូចជា៖

១) សក្តានុពល​តំបន់

ដី​ឡូ​តិ៍​ស្ថិតនៅក្នុង​តំបន់ ដែល​ពុំមាន​សក្តានុពល គឺមាន​ផល​លំបាក​សម្រាប់​ភ្នាក់ងារ​លក់​ចេញ ដែល​ទាមទា និង​ស្វែង​វិធីសាស្ត្រ​បែបណា ដើម្បី​ប្រែក្លាយ​តំបន់​នោះ​ឱ្យទៅជា​តំបន់​ដែលមាន​តំបន់​សក្តានុពល ដោយ​ពង្រីក​សោភណភាព​ល្អ និង​មានគំនិត​ច្នៃប្រឌិត​ខ្ពស់​ឱ្យស្រប​ទៅនឹង​អ្វីដែល​កំពុង​ធ្វើ ដើម្បី​យក​ព័ត៌មាន​ទាំងអស់នេះ ទៅ​អតិថិជន​ឱ្យមាន​ភាពជឿជាក់​មកលើ​គម្រោង​វិនិយោគ។

២) ទីតាំង​ភូមិសាស្ត្រ

ទីតាំង​ភូមិសាស្ត្រ​ក៏​ជា​រឿង​សំខាន់​ផងដែរ សម្រាប់​ភ្នាក់ងារ​លក់​ដី​ឡូ​តិ៍  ដែល​អ្នកខ្លះ​យល់ឃើញថា ការវិនិយោគ​ដី​ឡូ​តិ៍​នៅក្នុង​ភូមិសាស្ត្រ ឆ្ងាយ​ពិបាក​រក​ភ្ញៀវ​ឱ្យមក​ទិញ តែ សម្រាប់ លោក លោកស្រី ដែលមាន​បទពិសោធន៍​វិញ​យល់ថា បើ​ក្នុងនាម​ជា​ភ្នាក់ងារ​លក់​គឺ​មិន​ការលំបាក​ទេ​ក្នុង​ការលក់។

៣) អតិថិជន

អតិថិជន​ភាគច្រើន​ដែល​ដើររក​ទិញ​ដី​ឡូ​តិ៍ គឺ​ពួកគាត់​ទិ​នៅ​តំបន់​ណា ដែលមាន​ផ្លូវរដ្ឋ​ខ្វាត់ខ្វែង​ព័ទ្ធជុំវិញ ។ ម្យ៉ាងទៀត អតិថិជន​ផ្សេងទៀត ពិនិត្យ​ទៅលើ​តំបន់ និង​ខេត្ត​ណា​ដែលមាន​ការអភិវឌ្ឍន៍ និង​រីកចំរើន​លឿន​នៅក្នុង​ស្ថានភាព​ជាក់ស្តែង។ បើទោះបី​ដី​ឡូ​តិ៍​នោះ នៅ​ឆ្ងាយ​ពី​ផ្លូវ ឬ​នៅ​ឆ្ងាយ​ពី​តំបន់​អភិវឌ្ឍន៍ ក៏​ពួកគាត់​នៅតែ​ទិញ​ផងដែរ។ បើសិន​ឱ្យ​កាន់តែ​ទាក់ទាញ​ពី​អតិថិជន ត្រូវ​រៀបចំ​កែលម្អ​សោភណភាព មាន​ហេ​ដ្ឋា​រ​សម្ព័ន្ធ​ផ្លូវថ្នល់​ឱ្យបាន​ល្អ និង​បណ្តាញ​អគ្គិសនី​ប្រើស​ប្រាស់​ឱ្យបាន​ត្រឹមត្រូវ នោះ​ភ្នាក់ងារ​លក់​លក់​ឆាប់​អស់​គម្រោង។

៤) អាជ្ញាធរ​មូលដ្ឋាន

អតិថិជន​មុននឹង​សម្រេចចិត្ត​ទិញ​ឡូ​តិ៍ ពួកគេ​តែងតែ​សាកសួរ​ព័ត៌មាន​ជុំវិញ​គម្រោង​ដី​ឡូ​តិ៍​នោះទេ ប្រការនេះ​ក្នុងនាម​ភ្នាក់ងារ​លក់ ត្រូវធ្វើ​កិច្ចសហការ រៀបចំ​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ និង​ត្រូវ​យល់​ឱ្យបាន​ច្បាស់​ពី​អាជ្ញាធរ ។នៅពេលដែល​យើង​បានធ្វើ​ដូច្នេះ ហើយ អ្វីៗនឹង​ល្អប្រសើរ ដល់​ការលក់​គម្រោង​ដី​ឡូ​តិ៍​មាន​ប្រសិទ្ធ​ខ្ពស់៕

អ្នកជំនាញ​អះអាងថា ឆ្នាំ២០២១ តម្លៃ​អចលនទ្រព្យ​នៅក្នុង​រាជធានី​ភ្នំពេញនៅតែ​រក្សាបាន​លំនឹង

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញ ៖ ក្រោម​ហេតុផលសំខាន់ៗមួយចំនួន​បានធ្វើឱ្យ​បណ្តា​អ្នកជំនាញ និង​ជា​ប្រតិបត្តិ​ករ នៅក្នុង​វិស័យ​អចលនទ្រព្យ​បង្ហាញ​ពី​ភាព​ជឿជាក់ថា នៅ​ដើមឆ្នាំ២០២១ខាងមុខនេះ តម្លៃ​អចលនវត្ថុ​នៅក្នុង​រាជធានី​ភ្នំពេញ នឹង​នៅតែ​បន្តបាន​នូវ​ភាព​លំនឹង​ដដែល ពោលគឺ​មិនមាន​ការធ្លាក់ចុះ​នោះទេ។

លោកស្រី​អាន សុធី​តា នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន CBRE Cambodia  បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃទី៧ ធ្នូ​កន្លងមក​ថា រហូតដល់​ឆ្នាំ២០២១ខាងមុខនេះ តម្លៃ​អចលនវត្ថុ​នៅក្នុង​រាជធានី​ភ្នំពេញ ដែល​រួមមាន​តម្លៃ​ដីធ្លី និង​សំណង់​លំនៅដ្ឋាន​នានា​នៅតែ​បន្ត​រក្សាបាន​នូវ​លំនឹង​ដូច​ឆ្នាំ២០២០ដដែល។

លោកស្រី​បានបញ្ជាក់ “ទាំង​តម្លៃ​ដី ទាំង​តម្លៃ​អចលនវត្ថុផ្សេងៗ ដូចជា សំណង់​លំនៅដ្ឋាន ខុន​ដូ​ជាដើម គឺអាច​បន្តបាន​ស្ថានភាព​ដូច​បច្ចុប្បន្ន​ដដែល លើកលែងតែ​ម្ចាស់​អចលវត្ថុ​មួយចំនួន​តូច ដែលមាន​បញ្ហា​ចរន្ត​សាច់ប្រាក់​បន្ទាន់ ពួកគាត់​អាច​នឹង​បង្ខំចិត្ត​ប្រកា​សលក់​ក្នុងតម្លៃ​មួយ​ទាប​ជាង​ទីផ្សារ​តែប៉ុណ្ណោះ” ។

លោកស្រី​បន្តថា “នៅក្នុង​រាជធានី​ភ្នំពេញ បើ​និយាយ​ពី​តម្រូវការ​នៃ​ការប្រើប្រាស់​ដី​សម្រាប់​អភិវឌ្ឍន៍ គម្រោងផ្សេងៗគឺ​នៅតែ​បន្ត​មាន ប៉ុន្តែ​ចំពោះ​ផ្ទៃដី​ដែល​ទំនេរ​ហាក់​មិនមាន​ច្រើន​នោះទេ ដែលជា​ហេតុ​ជំរុញ​ឱ្យ​តម្លៃ​ដី​ឡើងថ្លៃ​ជា​រៀងរាល់ឆ្នាំ លើកលែងតែ​ក្នុងអំឡុង​ឆ្នាំ២០២០នេះ ដោយសារតែ​បញ្ហា​នៃ​ជំងឺឆ្លង ដែល​កំពុង​រាតត្បាត​ជា​សាកល ទើប​ធ្វើឱ្យ​តម្លៃនៅលើទីផ្សារ​រួម​ស្ថិតនៅក្នុង​សភាព​ទ្រឹង ប៉ុន្តែ​មិន​ធ្លាក់ចុះ​នោះទេ” ។

ជាមួយគ្នានេះ ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម បាន​មានប្រសាសន៍ថា ចំពោះ​តម្លៃ​ដី​នៅក្នុង​រាជធានី​ភ្នំពេញ មាន​អត្រា​មិន​ស្មើគ្នា​នោះទេ ដោយ​ក្នុងនោះ​តម្លៃ​ដី​ដែល​ថ្លៃ​ជាងគេ​ជាងគេ ក្នុងចំណោម​ខណ្ឌ​ទាំង១៤ គឺ​ខណ្ឌដូនពេញ ខណ្ឌ​បឹង​កេងកង ខណ្ឌ៧មករា និង​ខណ្ឌទួលគោក ហើយ​តម្លៃ​ទាប ឬ​ខ្ពស់​ក៏​អាស្រ័យ​ទៅតាម​ផ្លូវ​ផងដែរ។

លោក​ថា “ដី​ស្ថិតនៅ​កណ្តាល​ក្រុង ជាពិសេស​នៅតាម​បណ្តា​ផ្លូវ និង​មហាវិថីសំខាន់ៗ គឺមាន​តម្លៃខុសៗពីគ្នា ហើយក៏​មិនសូវមាន​ការទិញ លក់​យ៉ាង​គគ្រឹកគគ្រេង ដូច​ដី​នៅ​តំបន់​ផ្សេងទៀត ដែល​ស្ថិតនៅ​ជាយក្រុង​នោះដែរ រហូត​ត្រូវបាន​អ្នកជំនួញ​លើ​វិស័យ​មួយ​នេះ​ចាត់ទុកថា ជា​តំបន់​ដី​កម្រ” ។

លោក​បាន​បញ្ជាក់ថា ដី​ដែល​ស្ថិតនៅតាម​បណ្តា​ផ្លូវ​ខាងលើនេះ គឺ​ត្រូវបាន​គេ​គិត​ជា​ចំណែកផ្សេងៗពីគ្នា ដូចជា​ផ្លូវ​ព្រះមុន្នីវង្ស រាប់​គិត​ត្រឹមតែ​ពី​ម្ដុំ​ផ្សារ​ថ្មី​មកដល់​តំបន់​ពេទ្យ​ចិន​អាចមាន​តម្លៃ​ចន្លោះ​ពី៥០០០-៦០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ឬ​អាច​លើសពីនេះ​អាស្រ័យ​លើ​ទំហំ​ដី និង​តម្រូវការ​ជាក់ស្ដែង។ បើ​គិត​ចាប់ពី​ម្ដុំ​ពេទ្យ​រហូតដល់​ម្ដុំ​ស្តុ​បបូ​គោ​អាចមាន​ចន្លោះ៤០០០-៥០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

ដោយឡែក ដី​ដែល​ស្ថិតនៅក្នុង​តំបន់​មាន​ប្រជាប្រិយភាព​ខ្ពស់ នៃ​ខណ្ឌ​បឹង​កេង សង្កាត់​បឹង​កេង១ មានតម្លៃ​ស្ថិតនៅក្នុង​ចន្លោះ៤៥០០-៦០០០ នឹង​អាច​លើសពីនេះ​ក៏មាន​ផងដែរ៕

ចំណេះដឹង! ហេតុអ្វី​រដ្ឋាភិបាល​ចាំបាច់​កំណត់​ប៉ូល​អភិវឌ្ឍន៍​សេដ្ឋកិច្ច?

ដោយៈ​វុត្ថា

ភ្នំពេញៈ ការកំណត់​ប៉ូល​អភិវឌ្ឍ​សេដ្ឋកិច្ច គឺជា​ការរៀបចំ​ដែនដី​នៅក្នុង​ប្រទេស​កម្ពុជា​ធ្វើឡើង ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ដើម្បី​ធនា​បាន​នូវ​ចីរភាព សមធម៌ តុល្យភាព និង​ការធ្វើសមាហរណកម្ម​ទាំង​ក្នុងប្រទេស ក្នុង​តំបន់ និង​ក្នុង​ក្របខណ្ឌ​អន្តរជាតិ។

យោងតាម​ឯកសារ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ស្តីពី​គោលនយោបាយ​ជាតិ​រៀបចំ​ដែនដី​កម្ពុជា​បានឱ្យដឹងថា ដោយ​ធនធាន​មានកំណត់ និង​ដើម្បី​ធានា​នូវ​ការផ្គត់ផ្គង់ ការរៀបចំ​ដែនដី​ត្រូវធ្វើ​ទៅតាម​លំដាប់​នៃ​អាទិភាព ចំពោះ​តំបន់​ដែលមាន​កំណើនប្រជាជន និង​សេដ្ឋកិច្ច​ខ្ពស់​មាន​ជាអាទិ៍ ប៉ូល​អភិវឌ្ឍ​រាជធានី​ភ្នំពេញ ប៉ូល​អភិវឌ្ឍ​សៀមរាប និង​ប៉ូល​អភិវឌ្ឍ​ព្រះសីហនុ ។

ប៉ូល​សេដ្ឋកិច្ច​ទាំងនេះ គឺជា​ប៉ូល​នៃ​កំណើន​ខ្ពស់ ដែល​បាន​លេចចេញ​ជា​រូបរាង​ពិតប្រាកដ​តាមរយៈ​សក្តានុពល និង​សកម្មភាព ព្រមទាំង​អ័ក្ស​នៃ​ការអភិវឌ្ឍ រួមមាន អ័ក្ស​ភ្នំពេញ-ព្រះសីហនុ តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤ ឬ​ភ្នំពេញ-តំបន់ឆ្នេរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៣ និង​លេខ៤ ។ អ័ក្ស​ភ្នំពេញ​សៀមរាប តាម​បណ្តោយ​ផ្លូវជាតិ​លេខ៦  អក្ស​ភ្នំពេញ-បាវិត តាម​បណ្តោយ​ផ្លូវជាតិ​លេខ១ ។ អ័ក្ស​ភ្នំពេញ-ប៉ោយប៉ែត តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៥ អ័ក្ស​ភ្នំពេញ-ឥសាន ភ្ជាប់​ទៅ​ប្រទេស​វៀតណាម និង​ឡាវ តាម​បណ្តោយ​ផ្លូវជាតិ​ល​ខេ ៦ និង​លេខ៧ ។

អ័ក្ស​តំបន់ឆ្នេរ ដែល​ភ្ជាប់​ពី​ប្រទេស​ថៃ កាត់​តាម​ខេត្តកោះកុង  ខេត្ត​ព្រះសីហនុ ខេត្តកំពត និង​ខេត្ត​កែប​ទៅ​ប្រទេស​វៀតណាម គឺជា​អក្ស​ដែល​ស្ថិតនៅក្នុង​ក្របខណ្ឌ​ជាតិ និង​ក្របខណ្ឌ​តំបន់ និង​អន្តរជាតិ ដូចជា​អាស៊ាន និង​មហា​អនុតំបន់​ទន្លេមេគង្គ​ជាមួយគ្នានេះ មាន​អ័ក្ស​នៅតាម​បណ្តោយ​ផ្លូវទឹក រួមមាន​ទន្លេមេគង្គ ទន្លេសាប បឹង​ទន្លេសាប និង​ទន្លេបាសាក់។

ដើម្បី​ទាញយក​ផល​ជា​អតិបរមា តំបន់​ស្នូល ដែល​ស្ថិតនៅតាម​បណ្តោយ​អ័ក្ស​នៃ​ការអភិវឌ្ឍ​នេះ រួមជាមួយ​តំបន់​ស្នូល​ជា​យុទ្ធសាស្ត្រ​ជួរមុខ នៅតាម​បណ្តោយ​ព្រំដែន គួរ​ត្រូវបាន​យកចិត្តទុកដាក់​ខ្ពស់​ផងដែរ។ ដោយឡែក​រាជរដ្ឋាភិបាល កំពុង​ជំរុញ​យុទ្ធសាស្ត្រ ដើម្បីឱ្យ​លេចចេញ​ជា​ប៉ូល​សេដ្ឋកិច្ច​មួយទៀត នៅក្នុង​ភូមិភាគ​ឥសាន​នាពេល​អនាគត ដោយមាន​កិច្ចសហការ ឱ្យមាន​ជា​តំបន់ត្រីកោណ​ក្នុង​ក្របខណ្ឌ​តំបន់ និង​អន្តរជាតិ។

រដ្ឋបាល​ថ្នាក់ក្រុង ស្រុក ខណ្ឌ និង​ឃុំ សង្កាត់​ដែល​ទទួលបន្ទុក​ការរៀបចំ​ដែនដី និង​ផែនការ​ប្រើប្រាស់​ដី ជា​អ្នកទទួលខុសត្រូវ​ផ្ទាល់ ទៅតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ។ មុខងារ និង​ភារកិច្ច​ជា​មូលដ្ឋាន​មួយចំនួន ដែល​ឃុំ​មិនអាច​ធ្វើបាន ត្រូវ​ផ្តល់​ការទទួលខុសត្រូវ​នៅ​កម្រិត​រដ្ឋបាល​ខ្ពស់ជាង ដែលជា​តំបន​ន់​ស្នូល​ដោយ​ត្រូវ​ប​ន្សី រវាង​តំបន់​ស្នូល និង​តំបន់ទ្រនាប់​ដែល​នៅ​ជុំវិញ និង​ត្រូវ​ត​ភ្ជាប់​គ្នា​ដោយ​បណ្តាញ​គមនាគមន៍ ដែលជា​អក្ស​នៃ​ការអភិវឌ្ឍ។

វិធានការ​នៃ​ការរៀបចំ​ដែនដី ក៏ត្រូវ​ពិចារណា​លើ​ទិដ្ឋភាព សមធម៌​សង្គម ដូចជា​តម្រូវការ​ខាង​លំនៅឋាន​សមស្រប និង​មាន​តុល្យភាព​រវាង​លទ្ធភាព ដែល​គ្រួសារ​ក្រីក្រ និង​អ្នកមាន​ប្រាក់ចំណូល​ទាប អាច​រកបាន​លំនៅឋាន​សមរម្យ និង​តម្រូវការ​សេដ្ឋកិច្ច​របស់​រដ្ឋ និង​ផ្នែក​ឯកជន។

ផែនការ​អភិវឌ្ឍ​ទីក្រុង ក្រៅពី​ផ្តល់​ការងារ​ធ្វើ​ត្រូវ​គិតគូរ​ជា​អាទិភាព ដល់​ការរៀបចំ​កន្លែង​សម្រាប់​លម្ហែ​សាធារណៈ ធានាបាន​នូវ​ការរស់នៅ​ប្រកបដោយ​គុណភាព សុវត្ថិភាព បរិស្ថាន​ល្អ និង​សោភ័ណភាព ព្រមទាំង​ការកំណត់ តំបន់​គ្រង់​គ្រង​ពិសេស​សម្រាប់​រៀបចំ​តំបន់​ខ្សែក្រវ៉ាត់​បៃតង​ក្រុង។

ការកសាង​ផែនការ និង​ការអភិវឌ្ឍ​លំនៅឋាន ត្រូវ​ផ្សារភ្ជាប់​នឹង​ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ចផ្សេងៗ ជាពិសេស​តំបន់ឧស្សាហកម្ម ដើម្បី​រួមចំណែក​ដល់​ការធ្វើឱ្យមាន​តុល្យភាព​នៃ​របាយ​ប្រជាជន​ទូទាំងប្រទេស និង​សមធម៌​នៃ​ការទទួលបាន នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច៕

លោក​ច្រឹ​ក សុខ​នី​ម៖ តើ​គួរប្រើ​ប្រាស់​បំណុល​បែបណា ដើម្បី​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា?

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ៖ ការវិនិយោគ​អចលនទ្រព្យ មិន​ថា​ការទិញ​ដី ឬ​ទិញ​លំនៅដ្ឋាន​សម្រាប់​ស្នាក់នៅ ឬ​ទុក​លក់​យក​ផលចំណេញ​វិញ មិនមែនជា​រឿង​ងាយស្រួល​នោះទេ ហើយក៏​មិនមែនជា​រឿង​ដែល​ពិបាក​នោះដែរ ។ លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​ភ្នាក់ងារ និង​វាយតម្លៃ​អចលនវត្ថុ​កម្ពុជា នឹង​ចូលខ្លួន​មក​បកស្រាយ​លើ​ប្រធានបទ “តើ​គួរប្រើ​ប្រាស់​បំណុល​បែបណា ដើម្បី​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា”? ។

លោក ច្រឹ​ក សុខ​នី​ម បានឱ្យដឹងថា ជាទូទៅ និង ភាគ​ច្រើ​នៅក្នុង​ពិភពលោក​តែងតែមាន​បំណុល​ដែល​បំណុល​ទាំងនេះ មាន​លក្ខណៈ​ជា​គ្រួសារ សហគមន៍ ឯកជន ក្រុមហ៊ុន និង​ប្រទេសជាតិ  ហើយ​នៅពេលដែល​ប្រើប្រាស់​បំណុល​ទាំងនេះ មាន​ប្រសិទ្ធិភាព​នោះ នឹង​ជំរុញ​ឱ្យ​ជីវភាព​នៅក្នុង​ស្ថានភាព​សេដ្ឋកិច្ច​គ្រួសារ សហគមន៍ ប្រទេស និង ក្រុមហ៊ុន​មានការ​រីកចំរើន។

លោក​ពន្យល់ថា បំណុល​គឺជា​ការប្រើប្រាស់​ធនធាន​អ្នកដទៃ តាមរយៈ​ការប្រើប្រាស់​ជា​ថវិកា ឬ​ជា​ទ្រព្យសម្បត្តិ និង​អ្វីផ្សេងៗទៀត​សម្រាប់​ធ្វើការ​ការដោះដូរ និង​ជា​ប្រយោជន៍​ក្នុងការ​វិស័យ​ជំនួញ​ឱ្យមាន​ប្រសិទ្ធិភាព ។

លោក​បន្តថា នៅក្នុង​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ អ្នកវិនិយោគ​អាច​ស្វែងរក​បំណុល​តាមរយៈ​ធនាគារ​ដែលជា​ស្ថាប័ន​ឯករាជ្យ​ក្នុង​ការផ្តល់​ប្រាក់កម្ចី​ដល់​អតិថិជន​ទូទៅ ក្នុង​ការទិញ​លំនៅឋាន​សម្រាប់​ស្នាក់នៅ ឬ ទិញ​លំនៅឋាន​សម្រាប់ធ្វើ​ការវិនិយោគ​បន្ត ។

លោក​ពន្យល់ថា “មុនដំបូង យើង​ត្រូវធ្វើ​ការសិក្សា​នូវ​គុណ​តម្លៃ​នៃ​វិស័យ​អចលនទ្រព្យ​ដែល​យើង​ត្រូវ​វិនិយោគ តើ​ជា​ប្រភេទ​អចលនទ្រព្យ​បែបណា ។ ឧទាហរណ៍​បើ​យើង​វិនិយោគ​លើ​លំនៅឋាន ដូចជា​ផ្ទះ ឬ​ខុន​ដូ ឬមួយ​ជា​គម្រោង​ដែល​កំពុង​សាងសង់ សម្រាប់​ទុក​វិនិយោគ​បន្ត ឬ សម្រាប់​ជួល​ជាដើម​នោះ យើង​ត្រូវ​សិក្សា​ពី​ចំណូល និង​កំណើន​តម្លៃ​អចលនទ្រព្យ​នៅពេល​ខាងមុខ ដោយ​ធៀប​ជាមួយនឹង​បំណុល” ។

លោក​បន្ថែមទៀតថា “នៅពេលដែល យើង​មាន​គម្រោង​ដាក់ទុន​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ប្រកបដោយ​ចីរភាព យើង ត្រូវ​វិភាគ​អំពី​ឱកាស​នៅក្នុង​ការវិនិយោគ រួមផ្សំ​ជាមួយនឹង​ការសង​ត្រឡប់​បូក​ជាមួយ​ប្រា​ក់បំ​រ៉ុង​ទុក បើ​យើង​មាន​ធនធាន​ទាំងអស់នេះ បំណុល​នៅក្នុង​វិស័យ​អចលនទ្រព្យ គឺ ទុន និង​ជា​លទ្ធ​ភាពល្អ​បំផុត ពីព្រោះ នៅពេលដែល​យើង​ប្រើប្រាស់​បំណុល​ធ្វើឱ្យ​យើង​ចំណេញ​ពេលវេលា និង​អាចធ្វើឱ្យ​ជីវភាព​ដើរ​លឿន​ជា​អ្នក​ដែល​មិន​ប្រើប្រាស់​បំណុល” ។

លោក​បញ្ជាក់ថា “ដូច្នេះ នៅពេលដែល​យើង​ប្រើប្រាស់​បំណុល​ដែល​ត្រឹមត្រូវ ហើយ ស្ទង់​មើល​នូវ​ឥទ្ធិពល នៅក្នុង​កម្រិត​ដែលជា​វិជ្ជមាន គឺជា​ហេតុផល​ចម្បង​ដែល​ធ្វើឱ្យ​សេដ្ឋកិច្ច​ក្រុមគ្រួសារ មានការ​រីកចំរើន។ ការប្រើប្រាស់​បំណុល ជា​ទ្រព្យសម្បត្តិ នឹង​ទទួលបាន​នូវ​គុណ​តម្លៃ​ពី​ការវិនិយោគ។ ជាមួយគ្នានេះ ដើម្បី​ទទួលបាន​នូវ​ព័ត៌មាន​ជុំវិញ​ការប្រើប្រាស់​បំ​ណុ​លើ​ការ​វ​និ​យោគ​វិស័យ​អចល​ចនទ្រ​ព្យ លោកអ្នក​អាច​ប្រឹក្សា​យោបល់​ជាមួយ​ភ្នាក់ងារ​អចលនវត្ថុ ឬ ក៏​មន្ត្រី​ធនាគារ” ៕

ប្រទេសចិននឹងផ្តល់អាំងប៉ាវតាមប្រព័ន្ធអនឡាញដល់ប្រជាជនដើម្បីជំរុញការ ប្រើប្រាស់រូបិយប័ណ្ណឌីជីថលរបស់ខ្លួន

ដោយៈម៉ាណេត

ភ្នំពេញៈ ទីក្រុងមួយរបស់ប្រទេសចិន នឹងចែកចាយអាំងប៉ាវ តាមប្រព័ន្ធអនឡាញដល់ប្រជាជនរបស់ខ្លួន ដែលជាផ្នែកមួយនៃការជំរុញឱ្យប្រទេសនេះ ប្រើប្រាស់រូបិយប័ណ្ណឌីជីថលដំបូងគេនៅលើទឹកដីខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន SCMP នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០។

យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានផ្សព្វផ្សាយកាលពីយប់ថ្ងៃសុក្រ កន្លងមកនេះបានឱ្យដឹងថា រដ្ឋាភិបាលក្រុងSuzhou បាននិយាយថា ខ្លួននឹងផ្តល់ប្រាក់ ២០លានយ័នដល់ប្រជាជនតាមរយៈឆ្នោត។

អាំងប៉ាវឌីជីថលសរុប១០០,០០០កញ្ចប់ ដែលនីមួយៗមានប្រាក់២០០យ័ន នឹងត្រូវចែកចាយដល់ប្រជាជន នៅថ្ងៃសុក្រខាងមុខនេះ ដែលជាថ្ងៃនៃពិធីបុណ្យទិញទំនិញទ្វេរដង។ អាំងប៉ាវទាំងអស់នេះ នឹងមានសុពលភាពរហូតដល់ថ្ងៃទី២៧ ខែធ្នូ។

ពលរដ្ឋចិនណា ដែលរស់នៅទីក្រុងភាគខាងកើតនេះ អាចចុះឈ្មោះដើម្បីទទួលបានប្រាក់តាមរយៈការលេងឆ្នោត តាមរយៈវិធីទូរស័ព្ទដៃ Suzhoudao របស់ទីក្រុងនេះ។

អ្នកឈ្នះនឹងទទួលបានអាំងប៉ានដីជីថល ដែលមាននិមិត្តរូបសំណាងល្អ តាមរយៈកម្មវិធីឌីជីថលRenminbi App ដែលមិនទាន់មានដើម្បីទាញយក ប៉ុន្តែអ្នកនឹងអាចដំណើរការកម្មវិធីនេះបាន ដើម្បីទទួលបានប្រាក់។

ប្រាក់យន់ឌីជីថល ដែលត្រូវបានស្គាល់ជាផ្លូវការជាការទូទាត់ តាមរូបិយប័ណ្ណអេឡិចត្រូនិកឌីជីថល (DCEP) គឺជាផ្នែកមួយនៃផែនការរបស់ប្រទេសចិន ក្នុងការឆ្ពោះទៅរកសង្គមមួយ ដែលមិនចាំបាច់មានសាច់ប្រាក់ក្នុងដៃ។

មិនដូច bitcoin និងរូបិយប័ណ្ណឌីជីថលផ្សេងៗទៀតទេ DCEP ត្រូវបានចេញ និងគាំទ្រដោយធនាគារកណ្តាលរបស់ប្រទេសចិន ហើយត្រូវបានប្រើប្រាស់ជាប្រាក់យ័នឌីជីថល។

ការផ្លាស់ប្តូររបស់ទីក្រុងSuzhouត្រូវបានធ្វើឡើង បន្ទាប់ពីទីក្រុង Shenzhen បានចាប់ផ្តើមការសាកល្បង ជាសាធារណៈទ្រង់ទ្រាយធំជាលើកដំបូង របស់ប្រទេសនេះសម្រាប់កំណែប្រែយន់ឌីជីថល កាលពីខែតុលា។

ហាងប្រហែល១០,០០០ នឹងចូលរួមនៅក្នុងការសាកល្បង របស់ទីក្រុង Suzhou ក្នុងការប្រើប្រាស់ប្រាក់ឌីជីថលនេះ ហើយវាក៏នឹងរួមបញ្ចូលផងដែរ នូវក្រុមហ៊ុន JD.com ដែលជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្ស របស់ប្រទេសចិនផងដែរ។

អ្នកឈ្នះឆ្នោតពីរបីរយនាក់ ក៏នឹងក្លាយជាអ្នកដំបូងគេ ដែលប្រើអ្វីដែលធនាគារកណ្តាលហៅថា “កាបូបក្រៅបណ្តាញពីរ” ដើម្បីទូទាត់ថ្លៃទំនិញនៅក្នុងហាងក្នុងស្រុក ដោ​យ​មិនចាំបាច់ភ្ជាប់អ៊ីនធឺណិត – ជំនួសការកត់ចំណាំ និងកាក់ដោយប្រើប្រាក់យ័នឌីជីថល។

ក្រុមប្រទេសG20 កំពុងសិក្សាស្វែងយល់អភិវឌ្ឍ ឬសាកល្បងរូបិយប័ណ្ណឌីជីថល ខណៈប្រទេសមិនមែនG20 ដូចជាប្រទេសស៊ុយអែត ន័រវែស ស្វ៊ីស និងកម្ពុជា ក៏កំពុងពិចារណាលើរូបិយប័ណ្ណឌីជីថល៕