កម្ពុជាមានកំណើនអ្នកប្រើប្រាស់អ៊ីនធឺណេតឡើងដល់ជាង១៥លាននាក់

0

ដោយ: គង់ ម៉ាលីន

ភ្នំពេញ: ពីមួយឆ្នាំទៅមួយឆ្នាំ ចំនួននៃអ្នកប្រើប្រាស់អ៊ីនធឺណេតមានការកើនឡើងជាប់ជាប្រចាំ ជាក់ស្ដែងគិតត្រឹមដំណាច់ឆ្នាំ២០២០ ការប្រើប្រាស់សេវាអ៊ីនធឺណេត (Internet) នៅទូទាំងប្រទេសកម្ពុជាសរុបចំនួនប្រមាណ ១៥,៥លាននាក់ ប្រៀបធៀបនឹងឆ្នាំ២០១៩ មានចំនួនប្រមាណ១២,៥លាននាក់។

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកជា វ៉ាន់ដេតបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះថា អ្នកប្រើប្រាស់សេវាអ៊ីនធឺណេត គិតត្រឹមឆ្នាំ២០២០ចំនួនសរុបប្រមាណ១៥,៥លាននាក់ ចំនួននេះគិតត្រឹមតែអ្នកប្រើសេវាអ៊ីនធឺណេតតាមទូរស័ព្ទដៃតែប៉ុណ្ណោះ ដោយឡែកនៅមានអ្នកប្រើប្រាស់អ៊ីនធើណេតនៅតាមផ្ទះនៅតាមក្រុមហ៊ុន ដែលការប្រើប្រាស់អូសខ្សែកាបក្រោមដី ឬក៏លើអាកាសដើម្បីតភ្ជាប់ទៅនឹងផ្ទះ ក្រុមហ៊ុន ឬក៏តាមអគារផ្សេងៗមានចំនួនប្រហែលកន្លះលាន (ផ្ទះ អគារ ឬក្រុមហ៊ុន)។

លោករដ្ឋមន្ត្រីបានបន្តថា “យើងមិនអាចដឹងអំពីចំនួនអ្នកប្រើប្រាស់ពិតប្រាកដទេ ព្រោះទីតាំងនីមួយៗមានមនុស្សយ៉ាងច្រើនប្រើប្រាស់ តែជាទូទៅនិន្នាការអ្នកប្រើប្រាស់សេវាអ៊ិនធឺណេតកើនឡើងនៅក្នុងអំឡុងពេលកូវីដ១៩នេះ។ ចំពោះគុណភាពសេវាទូរស័ព្ទគឺយើងទទួលស្គាល់ទាំងអស់គ្នាថា នៅតំបន់មួយចំនួនសេវាអន់ នៅតំបន់មួយចំនួនទៀតសេវាល្អ ដោយអាស្រ័យទៅលើក្រុមហ៊ុន និងតំបន់ ហើយសេវាទូរស័ព្ទមិនល្អនេះ គឺមានមូលហេតុច្រើនដែលបណ្តាលឱ្យមានសេវាទូរស័ព្ទមិនល្អ មានមូលហេតុច្រើន ហើយយើងបានដឹងអស់ មូលហេតុនេះហើយ យើងក៏កំពុងតែធ្វើការជាមួយប្រតិបត្តិករដើម្បីធ្វើម៉េចបង្កើនសេវានេះឱ្យបានល្អប្រសើរសម្រាប់ផ្តល់ជូនអតិថិជន ឬក៏អ្នកប្រើប្រាស់”។

លោកបានបញ្ជាក់ទៀតថា “នៅក្នដំណើរការប្រើប្រាស់មានភាពរអាក់រអួលខ្លះ ដោយសារមូលហេតុផ្សេងៗដែរ ឧទាហរណ៍ថា ធ្វើផ្លូវកាត់ខ្សែដាច់ ដោយសារយើងពង្រីកផ្លូវជាទូទៅ ឥឡូវយើងធ្វើថ្មី យើងពង្រីកផ្លូវ ២គន្លងទៅ ៤គន្លងជាដើម ដូច្នេះទាមទារឱ្យមានការជួសជុល មានការដាច់ ហើយកន្លែងខ្លះទៀតអ្នកប្រើប្រាស់កាន់តែច្រើនឡើង ក៏ប៉ុន្តែសមត្ថភាពនៃការផ្គត់ផ្គង់សេវាវានៅមានកម្រិត ដូច្នេះអ្នកប្រើប្រាស់ច្រើនពេកស្រូបយកទំហំធំជាងសមត្ថភាពនៃការផ្គត់ផ្គង់ ដូច្នេះទាំងអស់នេះដែលជាបញ្ហាក្រសួងកំពុងគិតពិចារណា ដើម្បីដោះស្រាយដោយអញ្ញើញប្រតិបត្តិករទាំងអស់មកពិភាក្សាគ្នា ហើយនិងណែនាំដើម្បីរៀបចំការផ្តល់សេវាជូនដល់អ្នកប្រើប្រាស់ឱ្យបានល្អប្រសើរជាងមុន”។

កាលពីឆ្នាំ២០១៩ ចំនួនស៊ីមទូរស័ព្ទដែលត្រូវបានប្រើប្រាស់សរុបមានប្រមាណ ២១លានស៊ីម បើធៀបនឹងឆ្នាំ២០២០ មានចំនួនប្រមាណ ១៩,៧លានស៊ីម ថយចុះជាង១លានស៊ីម ក្រោមមូលហេតុដោយសារកាត់បន្ថយការប្រើប្រាស់លេខទូរស័ព្ទដែលគ្មានបង្ហាញអត្តសញ្ញាណត្រឹមត្រូវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here