រដ្ឋសភា​អនុម័ត​ច្បាប់​វិនិយោគ​លើ​វិស័យ​អគ្គិសនី​ចំនួន៧គម្រោង​នៅក្នុង​ឆ្នាំនេះ

ដោយ​វុត្ថា

ភ្នំពេញៈ រដ្ឋសភា​កម្ពុជា​បានអនុម័ត​ច្បាប់​វិនិយោគ លើ​វិស័យ​អគ្គិសនី​ចំនួន៧ គម្រោង​នៅក្នុង​ឆ្នាំនេះ ដែល​បានស្នើរ​ឡើង​ដោយ​រដ្ឋាភិបាល ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ ការរីកចំរើន​របស់​ប្រទេស​កម្ពុជា និង​ទាក់ទាញ​វិនិយោគ​បរទេស​ឱ្យមក​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា។

អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា​កម្ពុជា លោក ឡេង ប៉េងឡុង បានឱ្យដឹង​កាលពី​ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២០កន្លង​នេះ​ថា  កម្ពុជា​ត្រូវមាន​ច្បាប់ ដើម្បី​ទាក់ទាញ​វិនិយោគិន​បរទេស​ដោយ​ក្នុងនោះ នៅក្នុង​ឆ្នាំ២០២០ នេះ រដ្ឋសភា​បានអនុម័ត​សំខាន់​ជាច្រើន ដូចជា ច្បាប់​វិនិយោគ​លើ​វិស័យ​អគ្គិសនី ច្បាប់​សំណង់ ច្បាប់​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេ​រកម្ម  ច្បាប់​មូល​ប​ត្រ​រដ្ឋ  ច្បាប់​ល្បែង​ពាណិជ្ជកម្ម និង​ច្បាប់​ជាច្រើន​ផ្សេងទៀត ដែល​សុទ្ធសឹង​ត្រូវតម្រូវ​ការចាំបាច់​រប​ស់​ប្រទេស។

លោក​បន្តថា “ច្បាប់​ទាំងអស់នេះ បាន​ជួយ​ច្រើន​ក្នុង​ទាក់ទាញ វិនិយោគ​ពី​ក្រៅប្រទេស​មកកាន់​កម្ពុជា ដើម្បី​រុញ​កំណើនសេដ្ឋកិច្ច​នៅក្នុង​ប្រទេស និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ” ។ លោ​កប​ន្យ​ល់​ថា “សម្រាប់​ការអនុម័ត​ច្បាប់​វិនិយោគ​លើ​វិស័យ​អគ្គិសនី​ចំនួន៧នេះ ធ្វើឡើង​ដើម្បី​ទាក់ទាញ​វិនិយោគ និង​ធ្វើ​យ៉ាង​ខិតខំ​បង្កលក្ខណៈ​ងាយស្រួល​ដល់​វិនិយោគិន​ជាតិ និង​អន្តរជាតិ” ។

លោក​ប៉េងឡុង​បាន​បន្តថា វិស័យ​អគ្គិសនី​មាន​តម្រូវការ​ច្រើន​ទាំង​ប្រជាពលរដ្ឋ វិនិយោគិន​ជាតិ និង​អន្តរជាតិ រួមជាមួយ​នឹង​បណ្តា​រោងចក្រ​សហគ្រាសផ្សេងៗ ដែលមាន​តម្រូវការ​លើ​វិស័យ​អគ្គិសនី​នេះ។ នៅពេល​តម្លៃ​អគ្គិសនី​ចុះថោក នឹងធ្វើ​ឱ្យមាន​ការទាក់ទាញ​វិនិយោគិន​មកពី​បរទេស។

យោងតាម​របាយការណ៍​របស់​រដ្ឋសភា​បង្ហាញ​ថា រដ្ឋសភា​បានអនុម័ត​គម្រោង​វិនិយោគ​ចំនួន៧នៅក្នុង​ឆ្នាំនេះ នៅក្នុង​ចំណោម​ច្បាប់ផ្សេងៗទៀត រួមមាន​ច្បាប់​ស្ដីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់ របស់​រាជរដ្ឋាភិបាល​នៃ​កម្ពុជា​ឲ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អ៊ី​ន​វេស​ម៉ិ​ន គ្រុប  ឯ.ក សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី ដើ​ដោយ​ពន្លឺ​ព្រះ​អាទិ​ទ្យ អនុភាព៧០០មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តកោះកុង។

ច្បាប់​ស្ដីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់ របស់​រាជរដ្ឋាភិបាល​នៃ​កម្ពុជា ឲ្យ​ក្រុមហ៊ុន ហាន សេង ខូ​ល ម៉ាញ សម្រាប់​គម្រោង​សាងសង់ រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម អនុភាព២៦៥មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ។

ច្បាប់​ស្ដីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់ របស់​រាជរដ្ឋាភិបាល​នៃ​កម្ពុជា ឲ្យ​ក្រុមហ៊ុន ហាន សេង​ខូ​ល ម៉ាញ សម្រាប់​គម្រោង​វិនិយោគ សាងសង់​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី​តង់ស្យុង២៣០គីឡូវ៉ុល ត​ភ្ជាប់​ពី​រោងចក្រ​អគ្គិសនី​ដុ​ធ្យួ​ង​ថ្ម ខេត្តបន្ទាយមានជ័យ មក​ស្ថានីយ​សៀមរាប​ខាងកើត។

ច្បាប់​ស្ដីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់ របស់​រាជរដ្ឋាភិបាល​នៃ​កម្ពុជា​ឲ្យ​ក្រុមហ៊ុន ហ្គ្រី​ន សឺ​ស្គែ​ន​ណេ​ប៊​ល វេន​ឈ័​រ (ខេ​ម​បូ​ឌា) ឯ.ក សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី ដើ​ដោយ​ពន្លឺ​ព្រះ​អាទិ​ទ្យ អនុភាព២០មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តស្វាយរៀង។

ច្បាប់​ស្ដីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់ របស់​រាជរដ្ឋាភិបាល​នៃ​កម្ពុជា ឲ្យ​ក្រុមហ៊ុន រ៉ា​យ ផៅ​វ័រ សឹ​ប​ផ្លា​យ ឯ.ក សម្រាប់​គម្រោង​សាងសង់​ស្ថានីយ ផលិត​អគ្គិសនី ដើ​ដោយ​ពន្លឺ​ព្រះ​អាទិ​ទ្យ អនុភាព៣០មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តបន្ទាយមានជ័យ។

ច្បាប់​ស្ដីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់ របស់​រាជរដ្ឋាភិបាល​នៃ​កម្ពុជា ឲ្យ​ក្រុមហ៊ុន រ៉ា​យ​សិន រេ​ត​នី​ជី (ខេ​ម​បូ​ឌា)បាត់ដំបង ឯ.ក សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី ដើ​ដោយ​ពន្លឺ​ព្រះ​អាទិ​ទ្យ​អនុភាព៦០មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តបាត់ដំបង។ និង​ច្បាប់​ស្ដីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់ របស់​រាជរដ្ឋាភិបាល​នៃ​កម្ពុជា ឲ្យ​ក្រុមហ៊ុន ស្មេ​ថេ​ក អ៊ី​ន​ហ្វី​នី ឯ.ក សម្រាប់​គម្រោង​សាងសង់​ស្ថានីយ៍ ផលិត​អគ្គិសនី ដើ​ដោយ​ពន្លឺ​ព្រះ​អាទិ​ទ្យ អនុភាព៣០មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តពោធិ៍សាត់៕

ចំណេះដឹង! តើ​អ្វី​ជា​យុទ្ធសាស្ត្រ៤ចំណុច ក្នុង​គោលនយោបាយ​ឧស្សាហកម្ម?

ដោយ​វុត្ថា

ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ចំនួន៤ចំណុច​ទៅក្នុង​គោលនយោបាយ​ឧស្សាហកម្ម​ឆ្នាំ ២០១៥-២០២៥ ដោយ​ផ្តោតទៅលើ​ការតម្រង់​ទិសដៅ​ទីផ្សារ និង​បរិយាកាស​អំណោយ​ផលស​ម្រា​ប់​ការអភិវឌ្ឍ​ឧស្សាហកម្ម។


នៅក្នុង​គោលនយោបាយ​ឧស្សាហកម្ម​ខាងលើនេះ រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នៅ​យុទ្ធសាស្ត្រ​ចំនួន៤ចំណុច រួមមាន ទី១ ការបញ្ចុះ​ថ្លៃ​អគ្គិសនី និង​ការបង្កើត​តំបន់​នៅ​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី ដើម្បី​បម្រើ​សកម្មភាព កសិកម្ម និង​ឧស្សាហកម្ម ដោយ​ជួយ​បង្កើត​ផលិតភាព​ទាក់ទាញ ការវិនិយោគ និង​បង្កើន​ទំនុកចិត្ត​ផ្នែក​អាជីវកម្ម។

ទី២ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទូទាំងប្រទេស​កម្ពុជា ជាពិសេស​នៅតាម​ដងផ្លូវ​ដឹកជញ្ជូន​ទាំង៣ ដែលមាន​អាទិភាព​ខ្ពស់ និង​ចាំបាច់​សម្រាប់​ការអភិវឌ្ឍ​ឧស្សាហកម្ម ការតភ្ជាប់ ការប្រកួតប្រជែង និង​តម្រូវការ​របស់​វិស័យ​ឯកជន។

ទី៣ ការបង្កើត​យន្តការ​ពង្រីក​ទីផ្សារពលកម្ម និង​ជំនាញ​ជា​ឯកទេស​ដើម្បី​ធានាឱ្យមាន​ការផ្គត់ផ្គង់​កម្លាំង​ពលកម្ម​គ្រប់គ្រាន់ និង​ផលិតភាព​កាន់តែ​ប្រសើរ​ទ្បើង និង​ទី៤ ការ​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ស និង​អភិវឌ្ឍ​ឧស្សាហកម្ម​បៃតង​ទៅ​ថ្ងៃ​អនាគត។

រាជរដ្ឋាភិបាល​កម្ពុជា​ប្តេជ្ញា​អនុវត្តន៍ ផែនការ​សកម្មភាពសំខាន់ៗមួយចំនួនទៀត​មានដូចជា  ការពង្រឹង​និង​ពង្រីក​ផ្លូវជាតិ និង​អន្តរជាតិ​ត​ភ្ជាប់​ទៅ​បណ្តា​ប្រទេសជិតខាង ពង្រឹង​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក  ការបង្កើន និង​ពង្រីក​ផ្លូវដែក​បន្ថែមទៀត ការអភិវឌ្ឍ​កំពង់ផែ​សមុទ្រ និង​កំពង់ផែ​ទន្លេ និង​ការកាត់បន្ថយ​ការចំណាយ​ឡូ​ជី​ស្ទីក (Logistic) ជាដើម៕

អ្នកជំនាញនិយាយពីការត្រៀមខ្លួនរបស់អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យ ដើម្បីជំរុញវិស័យមួយនេះឱ្យល្អប្រសើរឡើងវិញក្រោយវិបត្តិ Covid-19

ដោយ ៖ ប៊ី

ភ្នំពេញ ៖ ស្របពេលដែលបណ្តាប្រទេសជឿនលឿនមួយចំនួនចាប់ផ្តើមអនុវត្តលើការប្រើប្រាស់វ៉ាក់សាំងប្រឆាំង Covid-19 ជាបណ្ដើរៗទៅហើយនោះបានធ្វើឱ្យបណ្តាអ្នកវិនិយោគនៅក្នុងវិស័យអចលនទ្រព្យបង្ហាញពីក្ដីសាទរ និងត្រៀមខ្លួនសារជាថ្មីក្នុងការចាប់ផ្តើមសកម្មភាពនៅក្នុងទីផ្សារមួយនេះ។ ស្របពេលជាមួយគ្នានេះ មានសំណួរលើកឡើងថា តើកម្ពុជាគួរត្រៀមអ្វីខ្លះដើម្បីជំរុញវិស័យអចលនទ្រព្យឱ្យបានល្អប្រសើរឡើងវិញបន្ទាប់ពីបញ្ចប់វិបត្តិនៃជំងឺឆ្លងមួយនេះ?

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍នៅល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ថា រហូតមកដល់ពេលនេះ មានប្រទេសមួយចំនួនហើយបានចាក់វ៉ាក់សាំងប្រឆាំង Covid-19 ហើយប្រជាជននៃប្រទេសទាំងនោះក៏កំពុងរង់ចាំមើលពីប្រតិកម្មរបស់វាផងដែរ។

លោកបានឱ្យដឹងថា បើសិនជាវ៉ាក់សាំងនេះមានប្រសិទ្ធភាពដែលអាចកំចាត់ Covid-19 បាននោះ ប្រជាជនលើពិភពលោក ទាំងវិនិយោគិន និងទេសចរនឹងចេញធ្វើសកម្មភាពវិនិយោគ និងទេសចរណ៍។

លោកបន្តថា “អ្វីដែលកម្ពុជាត្រូវត្រៀមសម្រាប់ទទួលស្វាគមន៍ការវិលត្រលប់នៃភាពប្រសើរឡើងវិស័យអចលនទ្រព្យគឺត្រូវមានផលិតផលដែលត្រឹមត្រូវច្បាស់លាស់ ។ក្នុងន័យនេះគឺត្រូវដោះស្រាយរាល់ទំនាស់ដែលកើតឡើងចំពោះអចលនទ្រព្យ ដើម្បីឱ្យវិនិយោគិនមានជំនឿជាក់លើអចលនទ្រព្យក្នុងប្រទេសកម្ពុជា និងមកបណ្ដាក់ទុនវិនិយោគ បន្ថែមទៀត”។

លោកបន្ថែមថា នៅពេលកម្ពុជាមានវ៉ាក់សាំង Covid-19 លោករំពឹងថា នៅឆ្នាំ ២០២១វិស័យអចលនទ្រព្យនឹងទទួលបានសកម្មភាពវិនិយោគ ការទិញលក់ប្រសើរឡើងវិញ តែវាត្រូវប្រើពេលយូរបន្តិចដើម្បីឱ្យវាបានប្រសើរដូចស្ថានភាពមុនកូវីដ១៩។

លោកបានថ្លែងថា “អ្វីដែលពលរដ្ឋត្រូវធ្វើនៅពេលនេះគឺការទប់ស្កាត់ការចម្លងមេរោគនេះបន្តទៀតក្នុងសហគមន៍ ដូច្នេះ ពលរដ្ឋត្រូវស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលនិងអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន”៕

ឱកាសចំណេញសម្រាប់អ្នកអភិវឌ្ឍន៍ ! ដីទំហំ១៤ហិកតា ជាប់ផ្លូវជាតិលេខ៦ ក្បែរផ្សារទំនើបម៉ាក្រូ ដាក់លក់តម្លៃក្រោមទីផ្សារ

ដោយ ៖ រ៉ាណេត

សៀមរាប ៖ ដីទំនេរដែលស័ក្ដិសមទៅនឹងគម្រោងអភិវឌ្ឍន៍ធំៗក្នុងតំបន់ទីប្រជុំជន នៅជាប់ផ្លូវជាតិលេខ៦ និងមានផ្លូវហ៊ុមព័ទ្ធជុំវិញ ក្នុងភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្បែរផ្សារទំនើបម៉ាក្រូត្រូវបានប្រកាសដាក់លក់នៅក្នុងតម្លៃក្រោមទីផ្សារ ដែលផ្តល់ឱកាសដល់បណ្តាអ្នកអភិវឌ្ឍន៍ទទួលបានចំណេញច្រើនពីការវិនិយោគបន្ត។

លោកស្រី ជិន លក្ខិណា បានមានប្រសាសន៍នៅល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះថា “សម្រាប់ដីដែលបានដាក់លក់ទំហំ១៤ ហិកតា ស្ថិតនៅទីតាំងដូចបានបញ្ជាក់ខាងលើនេះ អាចនិយាយបានថា ជាដីដែលមានទំហំធំ និងមានសក្ដានុពលក្នុងតំបន់ ព្រោះក្រៅពីនៅជាប់ផ្លូវជាលេខ៦ (ក្បាលដីខាងមុខ) នៅខាងក្រោយទីតាំងដីជាប់ផ្លូវរដ្ឋទំហំ២២ម៉ែត្រ ហើយនៅចំហៀងដី មានផ្លូវភូមិទំហំ១០ម៉ែត្រ និងនៅក្បែរផ្លូវក្រវាត់ក្រុងទំហំ៤០ម៉ែត្រ ដែលផ្តល់ភាពងាយស្រួលចរាចរណ៍ និងដឹកជញ្ជូន”។

លោកស្រីបញ្ជាក់ថា “ក្រៅពីមានផ្លូវជាច្រើននៅហ៊ុមព័ទ្ធជុំវិញ ទីតាំងដីក៏ស្ថិតនៅជិតផ្សារម៉ាក្រូ ផ្សារស្វាយធំ មានសាលារៀនរដ្ឋ មណ្ឌលសុខភាពរដ្ឋ និងឯកជន ស្ថាប័នរដ្ឋ (មន្ទីរសាធារណការ និងដឹកជញ្ជូន) គ្រឹះស្ថានហិរញ្ញវត្ថុឯកជន មានគម្រោងអភិវឌ្ឍន៍បុរីលំនៅដ្ឋាជាច្រើន និងជាតំបន់ដែលមានការប្រកបអាជីវកម្មចម្រុះ ដែលទាំងអស់នេះសុទ្ធតែជាកត្តាសំខាន់ដែលជំរុញមានសក្ដានុពលកាន់តែខ្លាំង”។

ពាក់ព័ន្ធទៅនឹងការដាក់លក់ដីដែលមានទំហំធំមួយនេះ លោកស្រី ជិន លក្ខិណា បានមានប្រសាសន៍បញ្ជាក់ថា “តម្លៃដីដែលត្រូវបានដាក់លក់នៅពេលនេះគឺស្ថិតក្នុងកម្រិតទាបជាងទីផ្សារ ពោលគឺត្រឹម១៦០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប្លង់រឹង ដែលផ្តល់ឱកាសចំណេញច្រើនសម្រាប់អ្នកទិញទុកវិនិយោគបន្ត ក៏ដូចជាអ្នកទិញសម្រាប់គម្រោងអភិវឌ្ឍន៍ផ្សេងៗជាពិសេសគម្រោងអភិវឌ្ឍន៍ជាបុរី ឬបណ្តុំលំនៅដ្ឋានតម្លៃសមរម្យ”។

លោកស្រីបានបង្ហើបប្រាប់ថា “តាមខ្ញុំដឹក នៅក្បែរទីតាំងដីខាងលើនេះ មានក្រុមហ៊ុនអភិវឌ្ឍន៍របស់ចិនដ៏ធំមួយដែលគ្រោងនឹងចូលមកអភិវឌ្ឍន៍អចលនទ្រព្យ បង្កើតជាក្រុងថ្មីមួយ ដែលមានឈ្មោះថា China Town នៅទំហំទឹកប្រាក់វិនិយោគរាប់រយលានដុល្លារ ហើយប្រសិនគមរោងអភិវឌ្ឍន៍មួយនេះលេចចេញជារូបរាង វានឹងជំរុញឱ្យតម្លៃដីទាំងក្នុងតំបន់អភិវឌ្ឍន៍ ទាំងដីនៅតំបន់ក្បែរខាងឡើងថ្លៃខ្ពស់ជាក់ជាមិនខាន។ ដូច្នេះសម្រាប់ការទិញដីនៅតំបន់នេះក្នុងពេលបច្ចុប្បន្ន គឺជាឱកាសដ៏ល្អបំផុត ខណៈដែលនៅមានកម្រិតនៅឡើយ”។

សម្រាប់ព័ត៌មានលម្អិតពីការលក់ដី អាចទាក់ទងតាមរយៈទូរស័ព្ទលេខ ៖ 077 27 99 99 / 088 27 99 999

ខេត្តក្រុងចំនួន៥នៅតែបន្តមានតម្រូវការទីផ្សារដីធ្លីក្នុងស្ថានភាពវិបត្តិ Covid-19

ដោយៈ រ៉ាណេត

ភ្នំពេញៈ ទោះជាកំពុងស្ថិតនៅក្នុងស្ថានភាព នៃវិបត្តិជំងឺCovid-19 យ៉ាងណាក៏ដោយ សម្រាប់ខេត្តក្រុងចំនួន៥រួមមាន ខេត្តកែប កំពត កោះកុង កំពង់ស្ពឺ និងខេត្តមណ្ឌលគីរី នៅតែបន្តមានតម្រូវការទីផ្សារដីធ្លី និងមានសកម្មភាពទិញលក់ដដែល ខណៈដែលនៅក្នុងរាជធានីភ្នំពេញកំពុងជួបភាពស្ងប់ស្ងាត់។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះថា ទោះជាមានបញ្ហាប្រ ឈមទៅនឹងព្រឹត្តិការណ៍២៨វិច្ឆិកា ប៉ុន្តែសម្រាប់សកម្មភាពនៃការទិញលក់ដីធ្លីនៅតាមតំបន់ជាយក្រុង ជាពិសេសនៅខេត្តគោលដៅទេសចរណ៍មួយចំនួនដែលកំពុងមានគម្រោងអភិវឌ្ឍន៍ ពីវិស័យឯកជននៅតែមានសកម្មភាព គ្រាន់តែមិនសូវមមាញឹកខ្លាំង។

លោកស្រីបានបន្តថា “សម្រាប់នៅរាជធានីភ្នំពេញ ហាក់មានភាពស្ងប់ស្ងាត់បន្តិច ប៉ុន្តែនៅតាមខេត្តមួយចំនួន ដូចជា កំពត កែប កោះកុង កំពង់ស្ពឺ ក៏ដូចជាមណ្ឌលគីរី គឺនៅបន្តសកម្មភាពទិញលក់ ប៉ុន្តែមិនសូវមមាញឹកខ្លាំងដូចដើមឆ្នាំនោះទេ ហើយភាគច្រើនអ្នកទិញគឺជាអ្នកអភិវឌ្ឍន៍គម្រោងនានា ដូចជាគម្រោងតំបន់កម្សាន្តជាដើម”។

លោកស្រីបានបន្តថា ខេត្តទាំងអស់នេះ គឺមានសក្ដានុពលដូចគ្នា ទៅលើផ្នែកទេសចរណ៍ ដូច្នេះការទិញភាគច្រើន គឺសម្រាប់អភិវឌ្ឍន៍ជាតំបន់កម្សាន្ត ផ្ទះលំហែរ ឬបឹងហ្គាឡូជាដើម ប៉ុន្តែសម្រាប់តម្លៃហាក់មិនមានការឡើងនោះទេ”។

ជាមួយគ្នានេះ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Century21 Fortuna Investment លោក វ៉ា វិរៈ បានប្រសាសន៍ថា “តាមការមើលឃើញរបស់ខ្ញុំ ក្នុងតំណាក់កាលនេះ ទាំងនៅក្នុងរាជធានីភ្នំពេញ ទាំងនៅតាមបណ្តាខេត្តនានា គឺមានភាពស្ងប់ស្ងាត់បន្តិច លើកលែងតែខេត្តក្រុងដែលជាគោលដៅទេសចរណ៍ ដែលនៅមានបន្តការទិញលក់”។

លោកបានបន្តថា សកម្មភាពនៃការទិញលក់នេះទៀតសោត ក៏មិនមានទំហំធំដុំនោះដែរ ដោយសារតែចរន្តនៃការវិនិយោគទ្រង់ទ្រាយ ធំពីសំណាក់អ្នកវិនិយោគ និងអភិវឌ្ឍន៍បរទេសត្រូវបានកាត់បន្ថយ ជាពិសេសការអវត្តមានក្រុមហ៊ុនវិនិយោគចិនដែលបណ្តាលមកពីវិបត្តិនៃជំងឺដែលកំពុងកើតមាន។

លោក វ៉ា វីរៈ បានមានប្រសាសន៍ថា “នៅពេលដែលមានអ្នកវិនិយោគធំៗចុះទិញដីធ្លីសម្រាប់អភិវឌ្ឍន៍ក្នុងគម្រោងណាមួយ វានឹងបន្តជះឥទ្ធិពលល្អ ដល់អ្នកវិនិយោគបន្ទា​ប់ដែលមានទំហំតូចជាង ប៉ុន្តែនៅពេលដែលអវត្តមានក្រុមហ៊ុនធំ ដូច្នេះការទិញលក់មួយចំនួនទៀតការត្រូវបានកាត់បន្ថយ”។ លោកបន្តថា “ប៉ុន្តែសម្រាប់ខេត្តទាំង៥ដូចដែលបានលើកឡើងខាងលើនេះ ភាគច្រើនជាការវិនិយោគដោយក្រុមហ៊ុនក្នុងស្រុក សម្រាប់   រយៈពេលវែងតែប៉ុណ្ណោះ”៕

ជប៉ុនប្រកាសទម្លាក់កញ្ចប់ថវិកាថ្មី៧០៨ពាន់លានដុល្លារដើម្បីស្ដារសេដ្ឋកិច្ច

ដោយៈសុខុម

តូក្យូៈ នាយករដ្ឋមន្ត្រីជប៉ុន លោកយូស៊ីហ៊ីដេ ស៊ូហ្គា (Yoshihide Suga) បានថ្លែងកាលពីថ្ងៃអង្គារទី៨ខែធ្នូនេះថា ប្រទេសជប៉ុន នឹងប្រមូលកញ្ចប់ថវិកាស្ដារសេដ្ឋកិច្ចថ្មីចំនួន ៧៣,៦ទ្រីលានយ៉េន (៧០៨ពាន់លានដុល្លារអាមេរិក)។

លោកនាយករដ្ឋមន្រ្តីជប៉ុន បានបង្ហាញជាសញ្ញាបង្ហាញយ៉ាងច្បាស់ថា លោកកំពុងប្រឹងប្រែងស្ដារប្រទេស ឱ្យងើបផុតពីសេដ្ឋកិច្ចដាំក្បាលចុះ ដែលបង្កឡើងដោយសារវិបត្តិកូវីដ-១៩។

ក្នុងកិច្ចប្រជុំជាមួយក្រុមមន្ត្រីជាន់ខ្ពស់ នៃបក្សកាន់អំណាច លោកយូស៊ីហ៊ីដេ ស៊ូ ហ្គាបានលើកឡើងថា កញ្ចប់ថវិកាស្ដារសេដ្ឋកិច្ចថ្មីនេះ នឹងរួមបញ្ចូលការចំណាយសារពើពន្ធប្រមាណ៤០ទ្រីលានយ៉េន (៣៨៤ពាន់លានដុល្លារអាមេរិក)។

រដ្ឋាភិបាល គ្រោងអនុម័តកញ្ចប់ថវិកាស្ដារសេដ្ឋកិច្ចនេះ ជាដំណាក់កាលចុងក្រោ​យនៅថ្ងៃអង្គារដដែល។ ការទម្លាក់កញ្ចប់ថវិកាស្ដារសេដ្ឋកិច្ចនេះធ្វើឡើង ក្រោយពីទម្លាក់កញ្ចប់ថវិកា២លើករួចមកហើយ បន្ទាប់ពីប្រមូលបាន២,២ទ្រីលានដុល្លារអាមេរិក ដែលបានផ្ដោតលើការដោះស្រាយការលំបាក ជាបន្ទាន់របស់ប្រជាជន និងអាជីវកម្ម។

លោកយូស៊ីហ៊ីដេ ស៊ូហ្គា មានប្រសាសន៍ក្នុងកិច្ចប្រជុំខាងលើថា “វិធានការស្ដារសេដ្ឋកិច្ចថ្មីនេះនឹងជួយជំរុញ “កំណើនសេដ្ឋកិច្ចថ្មី”។

កញ្ចប់ថវិកាស្ដារសេដ្ឋកិច្ចនេះ ទំនងជារាប់បញ្ចូលការឧបត្ថម្ភធន និងគ្រឿងលើកទឹកចិត្តដល់ក្រុមហ៊ុននានា ដើម្បីលើកកម្ពស់ការវិយោគបៃតង និងការចំណាយលើការធ្វើឌីជីថលនីយកម្ម ជាវិស័យមួយដែលលោក យូស៊ីហ៊ីដេ ស៊ូហ្គា ធ្លាប់បានបង្ហាញថា ជាអាទិភាពមួយក្នុងគោលនយោបាយអាទិភាពសំខាន់ៗរបស់លោក។

សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន បានរើបឡើងអំឡុងខែកក្កដា ដល់ខែកញ្ញា ពីការធ្លាក់ចុះខ្លាំងបំផុតក្នុងត្រីមាសទី២ ប៉ុន្តែអ្នកវិភាគជាច្រើនរំពឹងថា រលកទី៣ នៃការឆ្លងរាតត្បាតវីរុសកូវីដ-១៩ នឹងធ្វើឱ្យសេដ្ឋកិច្ចមានឱកាសងើបឡើងតិចបំផុត៕

ទីផ្សារការិយាល័យនៅទីក្រុងបាងកកជាប់ឈ្មោះជាទីផ្សារការិយាល័យតម្លៃ ទាបជាងគេទី៧ក្នុងតំបន់

ដោយៈសុខុម
ក្រុងបាងកកៈ ទីក្រុងបាងកក ប្រទេសថៃបានក្លាយជាទីទីផ្សារការិយាល័យធូរថ្លៃបំផុតទី៧ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាមួយនឹងអត្រាតម្លៃ២១.៣៩០ បាត (៧១៣ ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េ ពោលគឺធូរថ្លៃជាង១៧០% ធៀបនឹងទីផ្សារក្រុងតូក្យូ ដែលជាប់ចំណាត់ថ្នាក់ថ្លៃបំផុត។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាយោបល់ ផ្នែកអចលនទ្រព្យ JLL Thailand។
លោកStephen Taylorនាយកគ្រប់គ្រងគម្រោង និងសេវាកម្មអភិវឌ្ឍន៍ បានលើកឡើងថា អត្រាថ្លៃឈ្នួលការិយាល័យក្នុងក្រុងបាងកក ប្រទេសថៃនៅថេរល្អ ទោះបីជាមានការប្រកួតប្រជែងតម្លៃ ក្នុងចំណោមក្រុមហ៊ុនផ្ដល់សេវាកម្មសំណង់ និងក្រុមហ៊ុនម៉ៅការសំណង់យ៉ាងណាក្ដី។
អ្នកជួលជាច្រើនបានបន្តកិច្ចសន្យាជួល ខ្លះកាត់បន្ថយបុគ្គលិក និងខ្លះទៀតកាត់បន្ថយទំហំការិយាល័យ ដើម្បីកាត់ចំណាយ ស្របពេលបុគ្គលិកធ្វើការពីផ្ទះក្នុងសម័យកូវីដ-១៩។
លោកស្តេហ្វិន ថាយល័របញ្ជាក់ថា “យើងរំពឹងថា ទំនោរទាំងនេះនឹងបន្តក្នុងឆ្នាំ២០២១។ អត្រាថ្លៃឈ្នួលការិយាល័យ ក្នុងទីផ្សារការិយាល័យសំខាន់ៗភាគច្រើន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងកើនឡើងបន្ថែមទៀតក្នុងឆ្នាំ២០២១”។
យោងតាមរបាយការណ៍ Asia-Pacific Fit-Out Cost Guide 2020/2021 (ថ្លៃឈ្នួលការិយាល័យនៅអាស៊ីប៉ាស៊ីហ្វិក សម្រាប់ឆ្នាំ២០២០/២០២១) ចេញដោយក្រុមហ៊ុន JLL Thailand ឱ្យដឹងថា ក្រុងតូក្យូ ប្រទេសជប៉ុន ជាទីផ្សារការិយាល័យថ្លៃខ្ពស់បំផុតរយៈពេល៤ឆ្នាំជាប់ៗគ្នា ជាមួយអត្រាតម្លៃទិញ១.៩២៧ ដុល្លារក្នុងមួយម៉ែត្រការ៉េ ធៀបនឹងថ្លៃឈ្នួលជាមធ្យមក្នុងតំបន់ត្រឹម១.០០១ ដុល្លារ។
អត្រាតម្លៃនៃទីតាំងការិយាល័យ ក្នុងក្រុងបាងកក ថ្លៃជាង១៣,៤% ប៉ុណ្ណោះធៀបនឹងអត្រាទាបបំផុតនៅក្រុងអាមេដាបាដ (Ahmedabad) ប្រទេសឥណ្ឌា (៦១៧ ដុល្លារ)។
របាយការណ៍នេះបង្ហាញថា ថ្លៃការិយាល័យជាមធ្យម បានកើនឡើង៤,៧% ឆ្នាំធៀបឆ្នាំនៅទូទាំងតំបន់ ក្រោយប្រឈមកង្វះកម្លាំងពលកម្ម កង្វះនៃការគិតគូរពីសុខភាព និងសុវត្ថិភាព ព្រមទាំងការដឹកជញ្ជូនឡើងថ្លៃ៕
ទីផ្សារការិយាល័យនៅទីក្រុងបាងកកជាប់ឈ្មោះជាទីផ្សារការិយាល័យតម្លៃ
ទាបជាងគេទី៧ក្នុងតំបន់
ដោយៈសុខុម
ក្រុងបាងកកៈ ទីក្រុងបាងកក ប្រទេសថៃបានក្លាយជាទីទីផ្សារការិយាល័យធូរថ្លៃបំផុតទី៧ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាមួយនឹងអត្រាតម្លៃ២១.៣៩០ បាត (៧១៣ ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េ ពោលគឺធូរថ្លៃជាង១៧០% ធៀបនឹងទីផ្សារក្រុងតូក្យូ ដែលជាប់ចំណាត់ថ្នាក់ថ្លៃបំផុត។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាយោបល់ ផ្នែកអចលនទ្រព្យ JLL Thailand។
លោកStephen Taylorនាយកគ្រប់គ្រងគម្រោង និងសេវាកម្មអភិវឌ្ឍន៍ បានលើកឡើងថា អត្រាថ្លៃឈ្នួលការិយាល័យក្នុងក្រុងបាងកក ប្រទេសថៃនៅថេរល្អ ទោះបីជាមានការប្រកួតប្រជែងតម្លៃ ក្នុងចំណោមក្រុមហ៊ុនផ្ដល់សេវាកម្មសំណង់ និងក្រុមហ៊ុនម៉ៅការសំណង់យ៉ាងណាក្ដី។
អ្នកជួលជាច្រើនបានបន្តកិច្ចសន្យាជួល ខ្លះកាត់បន្ថយបុគ្គលិក និងខ្លះទៀតកាត់បន្ថយទំហំការិយាល័យ ដើម្បីកាត់ចំណាយ ស្របពេលបុគ្គលិកធ្វើការពីផ្ទះក្នុងសម័យកូវីដ-១៩។
លោកស្តេហ្វិន ថាយល័របញ្ជាក់ថា “យើងរំពឹងថា ទំនោរទាំងនេះនឹងបន្តក្នុងឆ្នាំ២០២១។ អត្រាថ្លៃឈ្នួលការិយាល័យ ក្នុងទីផ្សារការិយាល័យសំខាន់ៗភាគច្រើន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងកើនឡើងបន្ថែមទៀតក្នុងឆ្នាំ២០២១”។
យោងតាមរបាយការណ៍ Asia-Pacific Fit-Out Cost Guide 2020/2021 (ថ្លៃឈ្នួលការិយាល័យនៅអាស៊ីប៉ាស៊ីហ្វិក សម្រាប់ឆ្នាំ២០២០/២០២១) ចេញដោយក្រុមហ៊ុន JLL Thailand ឱ្យដឹងថា ក្រុងតូក្យូ ប្រទេសជប៉ុន ជាទីផ្សារការិយាល័យថ្លៃខ្ពស់បំផុតរយៈពេល៤ឆ្នាំជាប់ៗគ្នា ជាមួយអត្រាតម្លៃទិញ១.៩២៧ ដុល្លារក្នុងមួយម៉ែត្រការ៉េ ធៀបនឹងថ្លៃឈ្នួលជាមធ្យមក្នុងតំបន់ត្រឹម១.០០១ ដុល្លារ។
អត្រាតម្លៃនៃទីតាំងការិយាល័យ ក្នុងក្រុងបាងកក ថ្លៃជាង១៣,៤% ប៉ុណ្ណោះធៀបនឹងអត្រាទាបបំផុតនៅក្រុងអាមេដាបាដ (Ahmedabad) ប្រទេសឥណ្ឌា (៦១៧ ដុល្លារ)។
របាយការណ៍នេះបង្ហាញថា ថ្លៃការិយាល័យជាមធ្យម បានកើនឡើង៤,៧% ឆ្នាំធៀបឆ្នាំនៅទូទាំងតំបន់ ក្រោយប្រឈមកង្វះកម្លាំងពលកម្ម កង្វះនៃការគិតគូរពីសុខភាព និងសុវត្ថិភាព ព្រមទាំងការដឹកជញ្ជូនឡើងថ្លៃ៕

រដ្ឋាភិបាលអនុម័តគម្រោងសាងសង់រោងចក្រអគ្គិសនីតម្លៃប្រមាណ១០០០លានដុល្លារ នៅខេត្តកោះកុង

ដោយៈ រ៉ាណេត

កោះកុងៈ គម្រោងសាងសង់រោងចក្រអគ្គិសនី ដើរដោយថាមពលធ្យូងថ្មថ្មីមួយទៀត មានអនុភាព៧០០មេហ្គាវាត់ ក្រោមទុនវនិនិយោគប្រមាណ១០០០លានដុកល្លារ ស្ថិតនៅស្រុកបូទុមសាគរ ខេត្តកោះកុង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចអនុម័ត និងគាំទ្រទាំងស្រុង ប៉ុន្តែតម្រូវឱ្យមានការសិក្សាលម្អិត និងដោះស្រាយទៅលើផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាពលរដ្ឋ សង្គម និងបរិស្ថាន។

តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះបានបញ្ជាក់ថា តបតាមសំណើសុំវិនិយោគលើគម្រោង សាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព៧០០មេហ្គាវ៉ាត់ របស់ក្រុមហ៊ុនBOTUM SAKOR ENERGY COMPANY LIMITED  គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិថ្មស និងភូមិចម្លងគោ ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង មានទុនវិនិយោគប្រមាណ ១០០០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៦០កន្លែង។

ស្ថិតនៅក្នុងឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង ក៏មានគម្រោងសាងសង់រោងចក្រអគ្គិសនី ដើរដោយថាមពលធ្យូងថ្ម កម្លាំង៧០០មេហ្គាវាត់ ក្រោមការវិនិយោគរបស់ក្រុមហ៊ុនROYAL Group  ដែលមានទុនជាង១០០០លានដុល្លារដូចគ្នា ខណៈដែលបច្ចុ​  ប្បន្នកំពុងដំណើរការដោះស្រាយផលប៉ះពាល់។

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ប្រទេសកម្ពុជាបានធ្វើបច្ចុប្បន្នភាព ផែនការថាមពលរបស់ខ្លួន សម្រាប់ឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ បន្ថែមពីលើគម្រោងវិនិយោគលើវិស័យថាមពល ពីវិស័យឯកជន រដ្ឋាភិបាលក៏បានគ្រោងប្រើឧស្ម័នធម្មជាតិ (Natural Gas) សម្រាប់ការផលិតថាមពលអគ្គិសនី ក្នុងចំណែកមួយដ៏ធំ ដែលមានអនុភាពសរុប៣៦០០ មេហ្គាវ៉ាត ដោយអាចនឹងផ្តើមអនុវត្តចាប់ពីឆ្នាំ២០២៧ រហូតដល់ឆ្នាំ២០៣០។

លោកបន្តថា “សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ត្រូវបានរំពឹងថា នឹងងើបឡើងវិញនៅឆ្នាំ២០២១ បន្ទាប់ពីថយចុះនៃការរីករាលដាលជាសកលនៃជម្ងឺកូវីដ១៩”។ លោកបន្តថា “ដូច្នេះ តម្រូវការថាមពលរបស់ប្រទេសកម្ពុជារំពឹងថា នឹងមានសន្ទុះឡើងវិញ ក្នុងនេះឧស្ម័នធម្មជាតិ នឹងដើរតួនាទីយ៉ាងសំខាន់ សម្រាប់ល្បាយប្រភពថាមពលនៅកម្ពុជា ពិសេ​សក្នុងវិស័យឧស្សាហកម្ម ដឹកជញ្ជូន ពាណិជ្ជកម្ម និងលំនៅដ្ឋាន”៕

ស្ថានីយ៍បង្កើតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យចំនួន ៣ គ្រោងនឹងបង្កើតនៅដើមឆ្នាំក្រោយ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ស្ថានីយ៍ផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យចំនួន ៣ នឹងចាប់ផ្តើមបង្កើត រួមនឹងតភ្ជាប់បណ្តាញអគ្គិសនីនៅដើមឆ្នាំក្រោយ ខណៈដែល បច្ចុប្បន្នបានដំណើរសាងសង់បានប្រមាណជាង៩០ ភាគរយហើយ។

អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលក្រសួងរ៉ែ និងថាមពល លោក វិចទ័រ ហ្សូណា បានមានប្រសាសន៍ថា វិនិយោគិនចង់បញ្ចប់ការសាងសង់ដែលគ្រោងដំណើរការបង្កើតថាមពលអគ្គិសនីនេះនៅត្រឹមដើមឆ្នាំក្រោយ ព្រោះបច្ចុបន្ននេះ គម្រោងទាំងមូលបានបញ្ចប់ជាង ៩០ ភាគរយហើយ ដែលស្របទៅនឹងផែនការដែលបានគ្រោងទុក ហើយមានលទ្ធភាពផលិតគ្រប់គ្រាន់នៅក្នុងត្រីមាសទី ១ ឆ្នាំ២០២១ ។

លោកបានបញ្ជាក់ថា គម្រោងទាំង ៣ នោះគឺរួមមានទី១ រោងចក្រថាមពលពន្លឺព្រះអាទិត្យមានកម្លាំង ២០ មេហ្គាវ៉ាត់ វិនិយោគដោយក្រុមហ៊ុន Green Sustainable Ventures Co., Ltd មានទីតាំងស្ថិតនៅក្រុងបាវិតខេត្តស្វាយរៀង ទី២រោងចក្រថាមពលពន្លឺព្រះអាទិត្យ ៣០ មេហ្គាវ៉ាត់នៅស្រុកសេរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យ វិនិយោគដោយក្រុមហ៊ុន Ray Power Supply Co,. Ltd និងទី៣ រោងចក្រថាមពលពន្លឺព្រះអាទិត្យ ៦០ មេហ្គាវ៉ាត់នៅស្រុកថ្មគោលខេត្តបាត់ដំបង ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Risen Energy Co., Ltd. ។

លោក វិចទ័រ ហ្សូណា បានបញ្ជាក់ឱ្យដឹងថា រដ្ឋាភិបាលមានគោលនយោបាយក្នុងការធ្វើយ៉ាងណា ដើម្បីឲ្យប្រទេជាតិទាំងមូល មានអគ្គិសនីប្រើប្រាស់បានគ្រប់គ្រាន់នៅឆ្នាំខាងមុខ គឺឆ្នាំ២០២០ ឲ្យភូមិទាំងអស់ដែលមានចំនួន១៤,១៦៨ភូមិ។ ធ្វើមកទល់ថ្ងៃនេះ យើងគិតត្រឹមបំណច់ខែមិថុនា ការផ្គត់ផ្គង់ដល់ភូមិទាំងអស់បានចំនួន៧៩ភាគរយ គឺស្មើនឹង១១,៤០០ភូមិ។

លោកថា ដើម្បីអាចសម្រេចគោលដៅឲ្យមានសន្តិសុខថាមពល ចាំបាច់ត្រូវមានការអភិវឌ្ឍប្រភពថាមពលចម្រុះ ដែលកម្ពុជាយើងកំពុងមានបច្ចុប្បន្ន គឺថាមពលវារីអគ្គិសនី ថាមពលដែលបានមកពីធ្យូងថ្ម ថាមពលបានពីជីវម៉ាស់ និងថាមពលដែលនាំចូលពីប្រទេសជិតខាងដូចជា ប្រទេសថៃ វៀតណាម និងឡាវ។

ការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ គឺជាគោលនយោបាយមួយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះការផ្តោតជាសំខាន់ទៅ លើការអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យ ស្ថិតក្នុងអាទិភាពមួយ។ ក្រៅពីនេះលោកក៏បានបញ្ជាក់ថាបន្ថែមថា បណ្តាញផ្គត់ផ្គង់នៅកម្ពុជាដែលរួមមាន២៥ខេត្តក្រុង ក្នុងនោះ១៥ខេត្តក្រុង បានតភ្ជាប់ជាមួយនឹងបណ្តាញបញ្ជូនជាតិ ហើយគោលដៅរបស់កម្ពុជានៅឆ្នាំ២០២០ខាងមុខនេះ កម្ពុជានឹងរំពឹងថាសម្រេចឲ្យបាននូវផ្តល់អគ្គិសនីឲ្យបានទាំង២៥ខេត្តក្រុង ដោយថាមពលអគ្គិសនីក្នុងប្រភេទតុងស្យង់ខ្ពស់៕

តើអ្នកបានត្រៀមខ្លួនលើបញ្ហាប្រឈមចំនួន៤ដែលនឹងកើតមាននៅទីក្រុងភ្នំពេញ ហើយឬនៅ?

ដោយស៊ីវ ម៉េង

        ភ្នំពេញៈ សម្ភាធការងារ បញ្ហានៃការប្រកួតប្រជែង នៅពេលសេដ្ឋកិច្ចកាន់តែរីកចម្រើន អារម្មណ៍របស់អ្នកនឹងកាន់តែតានតឹងជាមុនមិនខាន។ នេះជានិន្នាការទូទៅនៅតាមបណ្តាប្រទេសអភិវឌ្ឍន៍រីកចម្រើននានា។

បញ្ហាប្រឈមចំនួន៤ ដែលនឹងធ្វើឲ្យអ្នកមានអារម្មណ៍តានតឹងជាងមុន នៅក្នុងជីវភាពប្រចាំថ្ងៃ និងការធ្វើដំណើរពិសេសនៅពេលទីក្រុងភ្នំពេញ មានមនុស្សរស់នៅកើនឡើងដល់៥លាននាក់នៅឆ្នាំ២០៣០។

នៅពេលនោះបញ្ហាប្រឈម ដែលអ្នកជួបប្រទះមុនគេ គឺការកកស្ទះចរាចរណ៍កាន់់តែអាក្រក់ ដែលធ្វើឲ្យការធ្វើដំណើររបស់អ្នកយឺតយ៉ាវ និងស្រ្តេសច្រើន បញ្ហាទី២ គឺតម្លៃអចលនទ្រព្យកើនឡើង ដែលធ្វើឲ្យអ្នកមានប្រាក់ចំណួលមធ្យម កាន់តែពិបាករកលទ្ឋភាពទិញលំនៅដ្ឋាននៅក្នុងទីក្រុង។

ទី៣ ការរីកចម្រើន​នៃបច្ចេកវិទ្យា នឹងផ្លាស់ប្តូរគុណភាពជីវិតរបស់អ្នក តាមរយៈការផ្លាស់ប្តូរបែបផែននៃការរស់នៅ និងខុនដូនឹងផ្តល់ជម្រើសកាន់តែប្រសើរ សំរាប់ការស្នាក់នៅ ងាយស្រួលធ្វើដំណើរ​ទៅកន្លែងការងារ និងផ្តល់បែបផែនរស់នៅថ្មី ស៊ីវិល័យ និងមានផាសុខភាពជាងមុន។

អគ្គនាយកក្រុមហ៊ុនCSA Real Estate Group លោកAlan Neoបានមានប្រសា​សន៍ថា និន្នាការនៃការរីកចម្រើនរបស់ទីក្រុងនិមួយៗ នឹងជំរុញឲ្យប្រជាពលរដ្ឋរស់នៅតាមខុនដូ ដែលបទពិសោធន៍បែបនេះ បានកើតមាននៅប្រទេសថៃ សឹង្ហបុរី ម៉ាឡេស៊ី វៀតណាម និងបន្តមកដល់ទីក្រុងភ្នំពេញ ដែលជាទីក្រុងកំពុងលេចឡើងយ៉ាងលឿន ក្នុងក្រសែភ្នែកអ្នកវិនិយោគអន្តរជាតិ។

លោកបន្តថា “ទីផ្សារខុនដូបាន និងកំពុងចាប់ផ្តើមរីកចម្រើននៅទីនេះ នៅទីក្រុងនេះ ដែលពេលនេះជាពេលវេលាដែលសមស្របបំផុត សំរាប់វិនិយោគលើវិស័យអចលនទ្រព្យ ពិសេសខុនដូ ដែលបាននិងកំពុងផ្តល់ការបញ្ចុះតម្លៃពិសេស ហើយវាជាពេលវេលាផ្តល់ផលចំណេញដល់ការវិនិយោគ”។

យោងតាមការសិក្សារបស់ក្រុមហ៊ុនអន្តរជាតិជាច្រើនបានបង្ហាញថា ការវិនិយោគអចលនទ្រព្យនៅកម្ពុជា ទទួលបានផលចំណេញខ្ពស់ពីការវិនិយោគ ជាងបណ្តាប្រទេសនានាក្នុងតំបន់អាស៊ាន ខណៈបណ្តាប្រទេសក្នុងតំបន់មានអត្រា ចំណេញជាមធ្យម៤ភាគរយ ប៉ុន្តែអត្រាចំណេញនៅកម្ពុជា មានផលចំណេញជាមធ្យមរហូតដល់៧ភាគរយប្រចាំឆ្នាំ។

យោងតាមការសិក្សារបស់ក្រុមហ៊ុនUrban Living Solutionបានរកឃើញថា ទីក្រុងភ្នំពេញនឹងមានមនុស្សរស់នៅ កើនឡើងដល់ចន្លោះពី៤,៥ ទៅ៥លាននាក់នៅឆ្នាំ២០៣០ ដែលកំនើនប្រជាសាស្រ្តនេះ នឹងធ្វើឲ្យមានការផ្លាស់ប្តូរបែបផែនសេដ្ឋកិច្ចសង្គម និងនគរូបនីយកម្មធំៗចំនួន៤ ទី១ ការកើនឡើងនូវការកកស្ទះចរាចរណ៍ ទី២ តម្លៃអចល​ទ្រព្យកើនឡើងខ្ពស់នៅទីក្រុង ធ្វើឲ្យមនុស្សបង្ខំចិត្តរស់នៅតាមនិន្នាការថ្មី(រស់នៅតាមខុនដូ) និង ទី៣ ការរីកចម្រើនបច្ចេកវិទ្យាធ្វើឲ្យគុណភាពជីវិតប្រសើរឡើង៕