អ្នក​វិភា​គៈ ចិន​បន្ទាបខ្លួន​ខ្លាំងណាស់​ក្នុងការ​កំណត់​កំនើនសេដ្ឋកិច្ច​ជាង ៦ភាគរយ​ឆ្នាំនេះ

0

ដោយៈ ម៉ា​ណេ​ត

អន្តរជាតិៈ អ្នកវិភាគ​បានលើកឡើង​ថា គោលដៅ​របស់​ប្រទេស​ចិន​សម្រាប់​កំនើនសេដ្ឋកិច្ច​ជាង៦ភាគរយ​ក្នុង២០២១ គឺ​មិនមាន​អត្ថន័យ​ច្រើន​ទេ ពីព្រោះ​កំណើនសេដ្ឋកិច្ច​ប្រទេស​នេះ​អាច​ទៅដល់​បាន​ដោយ​ងាយ ប៉ុន្តែ​វា​ក៏​មិនជា​រឿង​អាក្រក់​នោះទេ។ នេះ​បើ​យោងតាម​សារព័ត៌មាន CNBC នៅ​ថ្ងៃទី១២ ខែមីនា ឆ្នាំ០២១ ។

លោក Michael Hirson អ្នកវិភាគ​នៅ​ក្រុមហ៊ុន Eurasia Group ប្រចាំ​ប្រទេស​ចិន និង​អាស៊ី​ខាងជើង​ភាគ​ខាងកើត​បាន​ថ្លែងថា “វា​ស្ទើរតែ​ដូចគ្នា​នឹង​ការមិន​មានការ​កំណើត​គោលដៅ សម្រាប់​កំណើនសេដ្ឋកិច្ច​នៅ​ទីនោះ (ចិន) ពីព្រោះ​វា​ជា​គោលដៅ​ងាយ​នឹង​សម្រេចបាន” ។

លោក Simon Baptist ប្រធាន​ផ្នែក​សេដ្ឋវិទូ​នៅ​ស្ថាប័ន The Economist Intelligence Unit (EIU) បានលើកឡើង​ដូចគ្នា​ជាមួយនឹង​លោក Michael Hirson ។

លោក​បាន​ថ្លែងថា “គោលដៅ​ក្នុងការ​សម្រេចបាន​កំណើនសេដ្ឋកិច្ច​នេះ គឺ​វា​ងាយស្រួល​ខ្លាំងណាស់​សម្រាប់​ប្រទេសមួយ​នេះ។  វា​ដូចជា​គោលដៅ ដែល​អ្នកមាន​ស្រាប់ ប៉ុន្តែ​អ្នក​គ្រាន់តែ​មិន​កំណត់​វា​ប៉ុណ្ណោះ” ។

នាយករដ្ឋមន្ត្រី​ចិន​លោក Li Keqiang បានប្រកាស​កាលពី​សប្តាហ៍​មុន​ថា ប្រទេស​ចិន កំពុងមាន​គោលបំណង​ពង្រីក​សេដ្ឋកិច្ច ឱ្យបាន​ច្រើនជាង៦ភាគរយ​នៅ​ឆ្នាំនេះ។ លោក​បាន​ថ្លែង​បែបនេះ នៅក្នុង​ពិធី​បើក​សមាជ​ប្រជាជន​ជាតិចិន។

ថ្លែង​ទៅកាន់​អ្នកយកព័ត៌មាន​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ក្នុង​សប្តាហ៍​នេះ​នៅឯ​ការប្រជុំ​សភា​ប្រចាំឆ្នាំ លោក​Li Keqiang និយាយថា គោលដៅ​របស់​ប្រទេស​ចិន មិន​ទាប​ទេ ហើយ​គោលដៅ​ឆ្នាំ២០២១ គួរតែ​ត្រូវ​គ្នា​នឹង​ឆ្នាំ២០២២ ដើម្បី​ចៀសវាង​ការធ្លាក់ចុះ​ណាមួយ។

លោកនាយក​រដ្ឋមន្ត្រី​រូបនេះ​បាន​មានប្រសាសន៍ថា “ជាមួយ​កំណត់​គោលដៅ​កំនើន​ផលិតផល​សរុប​ក្នុងស្រុក លើស៦ភាគរយ យើង​បាន​ទុក​លទ្ធភាព​បើកចំហ ដែល​មានន័យថា អាច​នឹងមាន​កំណើន​កាន់តែ​លឿន​ថែមទៀត” ។

យោងតាម​លោក Baptist បានឱ្យដឹងថា ស្ថាប័ន EIU ព្យាករណ៍​ថា កំណើនសេដ្ឋកិច្ច​របស់​ចិន​នឹងមាន​ប្រហែល ៨.៥ភាគរយ​នៅ​ឆ្នាំនេះ ខ្ពស់ជាង​គោលដៅ​ផ្លូវការ​របស់​ចិន២ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here