ផ្សារហ៊ុនលើពិភពលោកហក់ឡើងខ្ពស់មិនធ្លាប់មាន បន្ទាប់ពីដំណឹងវិជ្ជមានអំពីវ៉ាក់សាំងកូវីដ១៩

ដោយ៖ សុខុម

អន្តរជាតិ៖ តម្លៃភាគហ៊ុនអាស៊ី បានហក់ឡើងខ្ពស់មិនធ្លាប់មាន ហើយភាគហ៊ុនសហរដ្ឋអាមេរិក ក៏បានហក់ឡើងដែរនៅថ្ងៃទី៩ ខែធ្នូនេះ នៅពេលបណ្ដាវិនិយោគិនបានតាមដានជាប់នូវដំណឹងវិជ្ជមានអំពីវ៉ាក់សាំងកូវីដ-១៩ និងការបន្តប្រឹងប្រែងទម្លាក់កញ្ចប់ថវិកាបន្ថែមទៀតដើម្បីស្ដារសេដ្ឋកិច្ច។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃនេះ។

សន្ទស្សន៍ផ្សារហ៊ុនចេញដោយក្រុមហ៊ុនហិរញ្ញវត្ថុអាមេរិក MSCI បង្ហាញថា ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិក ក្រៅពីប្រទេសជប៉ុន បានហក់ឡើង ០,៥១% ហើយនៅខណៈមួយ សន្ទស្សន៍បានហក់ឡើងខ្ពស់រហូតដល់ ៦៤៦,១០% ដែលខ្ពស់បំផុតមិនធ្លាប់មាន។ ទន្ទឹមនេះ ភាគហ៊ុនទូទាំងសកលលោកក៏បានឡើងថ្លៃខ្ពស់មិនធ្លាប់មានដែរ។

តួយ៉ាង ភាគហ៊ុនអូស្រ្តាលី បានហក់ឡើង ០,៦៩% ផ្សារភាគហ៊ុន Nikkei របស់ជប៉ុន បានហក់ឡើង ១,០១% ភាគហ៊ុននៅប្រទេសចិន បានហក់ឡើង ០,១៥% ភាគហ៊ុនរបស់កូរ៉េខាងត្បូង បានហក់ឡើង ១,២៦% ជិតដល់កម្រិតខ្ពស់មិនធ្លាប់មាន។

ភាគហ៊ុន S&P 500 E-Mini របស់សហរដ្ឋអាមេរិក បានហក់ឡើង ០,១១% ក្នុងពាណិជ្ជកម្មនៅអាស៊ី បន្ទាប់ពីភាគហ៊ុននៅ Wall Street ហក់ឡើងខ្ពស់មិនធ្លាប់មានកាលពីថ្ងៃអង្គារសប្ដាហ៍នេះ។ ស្ថានភាពល្អប្រសើរនេះកើតមានឡើងដោយសារដំណឹងវិជ្ជមានអំពីវ៉ាក់សាំងកូវីដ-១៩ និងវឌ្ឍនភាពវិជ្ជមាននៅក្នុងកិច្ចចរចាទម្លាក់កញ្ចប់ថវិកាបន្ថែមដើម្បីស្ដារសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។

ងាកមករូបិយប័ណ្ណផោនរបស់អង់គ្លេស វិញក៏បានប្រែប្រួលជាវិជ្ជមានបន្តិចដែរ នៅមុនពេលកិច្ចចរចាជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសអង់គ្លេស និងសហភាពអឺរ៉ុប។

កាលពីកាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះ ភាគហ៊ុន Dow Jones Industrial Average បានហក់ឡើង ០,៣៥% ភាគហ៊ុន S&P 500 E-Mini បានហក់ឡើង ០,២៨% ចំណែកឯភាគហ៊ុន Nasdaq Composite បានហក់ឡើង ០,៥%។

ខណៈពេលនេះក្រុមអ្នកធ្វើគោលបាយរបស់សហរដ្ឋអាមេរិក កំពុងបន្តចរចាជុំវិញការទម្លាក់កញ្ចប់ថវិកាបន្ថែមដើម្បីស្ដារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារការឆ្លងរាតត្បាតវីរុសកូវីដ-១៩។
ក្រុមមេដឹកនាំនៃគណបក្សទាំងពីរបានប្រកាន់ជំហរមាំថា ចាំបាច់ត្រូវតែឈានដល់ការចុះកិច្ចព្រមព្រៀងមួយឱ្យខាងតែបាន ប៉ុន្តែនៅពិភាក្សាគ្នានៅឡើយលើចំណុចលម្អិតមួយចំនួនរួមមានកញ្ចប់ជំនួយទម្លាក់ទៅឱ្យរដ្ឋនីមួយៗ អាជ្ញាធរមូលដ្ឋាន និងការការពារបំណុលអាជីវកម្ម៕

អ្នកជំនាញ ៖ តម្រូវការទីផ្សារជួលខុនដូនៅចុងឆ្នាំ២០២០មានការធ្លាក់ចុះខ្លាំង

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ស្ថិតនៅក្នុងត្រីមាសទី៤ ជាពិសេសក្នុងអំឡុងដែលកំពុប្រឈមនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដែលកំពុងបន្តកើតមាននៅចុងឆ្នាំ២០២០នេះ តម្រូវការទីផ្សារជួលខុនដូត្រូវបានគេមើលឃើញថា មានការធ្លាក់ចុះខ្លាំងបើធៀបទៅនឹងត្រីមាសទី២ និងត្រីមាសទី៣នៃឆ្នាំនេះ។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះថា ស្រដៀងគ្នាទៅនឹងទីផ្សារជួលអាផាតម៉ិនដែលកំពុងបង្ហាញពីសញ្ញាដាំក្បាលចុះនោះ ងាកមកការជួលខុនដូក៏កំពុងមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ផងដែរ ពោលគឺអត្រាបានធ្លាក់រហូតប្រមាណ៨០ភាគរយបើធៀបទៅនឹងចុងឆ្នាំ២០១៩។

លោកស្រីបានបញ្ជាក់ថា “យើងទទួលស្គាល់ថាទីផ្សារខុនដូចាប់ផ្តើមមានការទទួលស្គាល់ និងយល់ដឹងពីសំណាក់ប្រជាជនខ្មែរក្នុងស្រុកជាបណ្តើរៗ ប៉ុន្តែសម្រាប់ជនជាតិខ្មែរគឺមិនសូវចូលទៅរស់នៅនោះឡើយ ហើយតម្រូវការជាក់ស្ដែងគឺមានតែជនជាតិបរទេសតែប៉ុណ្ណោះ។ ដោយសារតែបញ្ហាប្រឈមនៃជំងឺជាសាកលដែលមានការបិទជើងហោះហើរ បិទប្រទេស បានធ្វើឱ្យជនបរទេសទាំងនោះផ្អាកចរាចរណ៍ ដូច្នេះហើយបានជាតម្រូវការជួលខុនដូមានការធ្លាក់ចុះ”។

លោកស្រីបន្តថា “អ្វីដែលសំខាន់នៅក្នុងដំណាក់កាលនេះ ដែលកម្ពុជាប្រឈមទៅនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានៅចុងឆ្នាំនេះ មានជនបរទេសមួយចំនួនដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា និងស្នាក់នៅក្នុងខុនដូ បានសម្រេចចិត្តចេញទៅជួលផ្ទះនៅជាយក្រុងបើទោះជាកិច្ចសន្យានៃការជួលខុនដូមិនទាន់បញ្ចប់ក៏ដោយ ព្រោះពួកគេមានភាពភ័យខ្លាចក្នុងការប្រើប្រាស់អគាររួមគ្នា ប្រើជណ្តើរយន្តរួមគ្នាដែលបញ្ហាប្រឈម”។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ថា “វាប្រាកដជាធ្លាក់ចុះ ព្រោះអ្នកជួលដែលជាជនជាតិបរទេសនោះបានចាកចេញទៅស្រុករបស់ពួកគាត់ និងមិនទាន់វិលត្រឡប់មកកម្ពុជាបានវិញនោះទេ”។

លោកបន្តថា “ក្នុងតំណាក់កាលនេះ មិនថាចំពោះតែការជួលនោះទេ ការលក់ក៏ធ្លាក់ចុះខ្លាំងដូចគ្នា ប៉ុន្តែវានឹងវិលទៅរកភាពល្អប្រសើរវិញ បន្ទាប់ពីការគ្រប់គ្រងត្រូវបានធ្វើឡើងប្រកបដោយប្រសិទ្ធភាព។ តាមការប៉ាន់ស្មានរបស់ខ្ញុំ អាចនៅពាកើកណ្តាលឆ្នាំ ឬចុងឆ្នាំ២០២១ ទើបទីផ្សារខុនដូចាប់មានដំណើរការឡើងវិញជាបណ្តើរៗបើទោះជាការចែកចាយវ៉ាក់សាំងត្រូវបានអនុវត្តជាផ្លូវការក៏ដោយ”៕

អូស្ត្រាលីផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៨៥លានដុល្លារដល់កម្ពុជា

ដោយ៖ រ៉ាណេត

ភ្នំពេញ៖ រដ្ឋាភិបាលអូស្ត្រាលីគ្រោងផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៨៥ លានដុល្លារអាមេរិកដល់កម្ពុជា ដែលជាផ្នែកមួយនៃកម្មវិធីសហប្រតិបត្តិការទ្វេភាគីដែលកំពុងអនុវត្ត។ តាមរយៈផែនការអភិវឌ្ឍន៍សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ នៅកម្ពុជា (Camboda COVID-19 Development Response Plan)នេះ នឹងជំរុញដល់ការវិនិយោគលើចង្កោមសកម្មភាពនៃសសរស្តម្ភទាំង៣ ដើម្បីស្តារសេដ្ឋកិច្ច និងសង្គមកម្ពុជា។

 

ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា លោក ផាប្លូ កាង បានមានប្រសាសន៍ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ក្នុងកម្មពិធីការប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តផែនការអភិវឌ្ឍន៍សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ នៅកម្ពុជាថា រដ្ឋាភិបាលអូស្ត្រាលីនឹងវិនិយោគលើចង្កោមសកម្មភាពនៃសសរស្តម្ភទាំង ៣ ដើម្បីស្តារសេដ្ឋកិច្ច និងសង្គមកម្ពុជា ពីវិបត្តិជំងឺកូវី-១៩។
ផែនការនេះបានកំណត់អំពីការគាំទ្ររបស់អូស្រ្តាលីសម្រាប់ការស្ដារកម្ពុជា តាមរយៈសសរស្តម្ភ ៣ គឺការធានាសន្តិសុខផ្នែកសុខាភិបាល ស្ថិរភាពសង្គមនិងបរិយាប័ន្ន និងការស្តារសេដ្ឋកិច្ច។

លោកបានថ្លែងថា “ចង្កោមសកម្មភាពទាំងនោះរួមមានការធ្វើឱ្យប្រសើរឡើងគុណភាព និងភាពងាយស្រួលក្នុងការទទួលបានសេវាសុខភាពតាមមន្ទីពេទ្រ ការលើកកម្ពស់យេនឌ័រ និងពិការភាព ការជំរុញផលិតកម្មស្បៀង ការគាំទ្រដល់ការផ្លាស់ប្តូរប្រភពថាមពល និងការចូលរួមរបស់ប្រជាពលរដ្ឋជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឆ្លើយតបនឹងជំងឺកូវីដ-១៩”។

ក្នុងស្មារតីភាពជាដៃគូ រដ្ឋាភិបាលអូស្ត្រាលី ដោយសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈកិច្ចពិគ្រោះយោបល់ជាបន្តបន្ទាប់ បានរៀបចំផែនការនេះដែលមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០២២ ដើម្បីតម្រង់ទិសការគាំទ្ររបស់អូស្ត្រាលី សម្រាប់ស្ថារសេដ្ឋកិច្ច-សង្គមកម្ពុជា ពីវិបត្តិជំងឺកូវី២១៩ ។

ដើម្បីអនុវត្តផែនការនេះ អូស្ត្រាលីគ្រោងផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៨៥ លានដុល្លារអាមេរិក ដល់កម្ពុជា ដែលជាផ្នែកមួយនៃកម្មវិធីសហប្រតិបត្តិការទ្វេភាគីដែលកំពុងអនុវត្ត។ ហិរញ្ញប្បទាននេះជាការផ្តល់ បន្ថែមលើហិរញ្ញប្បទានប្រមាណ ១៧០ លានដុល្លារអាមេរិក ដែលលោក Scott Morrison នាយករដ្ឋមន្ត្រី អូស្ត្រាលី បានប្រកាសគាំទ្រដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់បណ្តាប្រទេសក្នុងតំបន់ទន្លេមេគង្គ និងហិរញ្ញប្បទានប្រមាណ ៤៤៥ លានដុល្លារអាមេរិក ដែលអូស្ត្រាលីបានប្តេជ្ញាផ្តល់សម្រាប់ការ ចែកចាយវ៉ាក់សាំងជំងឺកូវីង-១៩ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។

លោកឈៀង យ៉ាណារ៉ារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះគោលដៅចម្បងនៃផែនការនេះ ក្នុងការជួយការពារប្រជាជនកម្ពុជា ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ និងគាំទ្រការស្តារសេដ្ឋកិច្ច និងសង្គមកម្ពុជា ឆ្ពោះទៅកាន់ឋានៈជាប្រទេសមានចំណូលមធ្យម ប្រកបដោយភាពធន់នឹងវិបត្តិ និងបរិយាប័ន្ន ។

ក្នុងពិធីនេះ លោករដ្ឋមន្ត្រី និងលោកឯកអគ្គរាជទូត បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តផែនការអភិវឌ្ឍន៍សម្រាប់ឆ្លើយតបនឹងជំងឺភ្វី-១៩ នៅកម្ពុជា។

លោកឈៀង យ៉ាណារ៉ា បានបញ្ជាក់បន្ថែមថា អូស្ត្រាលី គឺជាដៃគូអភិវឌ្ឍន៍បុរេសកម្មមួយ ដែលបានចាត់វិធានការតាំងពីដើមដំបូង ក្នុងការរៀបចំផែនការអភិវឌ្ឍន៍សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩នេះ។ ផែនការ
នេះបានបញ្ជាក់ពីកិច្ចសហការដ៍សំខាន់ក្នុងភាពជាដៃគូសម្រាប់ការអភិវឌ្ឍរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី។

លោកបានថ្លែងបន្តថា “រាជរដ្ឋាភិបាលកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះផែនការនេះ ពិសេសសកម្មភាពអាទិភាព ដែលផ្តោតលើវិស័យសំខាន់ទាំង៣ ដែលមានសង្គតិភាពជាមួយនឹងផែនការរបស់រាជរដ្ឋាភិបាល ក្នុងការស្តារសេដ្ឋកិច្ច និងសង្គមកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩”៕

អភិបាលស្រុកបន្ទាយស្រី បញ្ជាក់ពីគម្រោងដីអភិវឌ្ឍន៍មានច្បាប់ និងគ្មានច្បាប់ដែលកំពុងកើតមាន

ដោយ ៖ រ៉ាណេត
សៀមរាប ៖ ស្របទៅនឹងផែនការនៃការអភិវឌ្ឍន៍ប្រែក្លាយស្រុកបន្ទាយស្រីពីតំបន់ដាច់ស្រយ៉ាលទៅជាក្រុងថ្មីនៃខេត្តសៀមរាប សម្រាប់តែនៅក្នុងស្រុកបន្ទាយស្រីបានកើតមានគម្រោងអភិវឌ្ឍន៍ប្រែក្លាយដីកសិកម្មទៅជាដីលំនៅដ្ឋានជាច្រើនគម្រោង ដែលក្នុងនោះមានគម្រោងខ្លះស្របច្បាប់ត្រឹមត្រូវ ហើយគម្រោងខ្លះទៀតមិនទាន់មានច្បាប់អនុញ្ញាតនោះឡើយ។

អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ តាមរយៈបណ្តាញទំនាក់ទំនងនាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០បានលើកឡើងថា កន្លងមករដ្ឋបាលស្រុកបន្ទាយស្រីបានផ្អាករាល់គម្រោងអភិវឌ្ឍដីទាំងអស់នៅក្នុងស្រុកជាបណ្តោះអាសន្នសិន ដោយសារតែបានរកឃើញថាសុទ្ធតែមិនទាន់មានច្បាប់អនុញ្ញាតត្រឹមត្រូវ។

លោកបន្តថា ការហាមឃាត់នេះ គឺដើម្បីធានា និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ ជៀសវាងទទួលរងផលប៉ះពាល់ ខាតបង់ទ្រព្យសម្បត្តិ ពីការទិញ ឬវិនិយោគទៅលើគម្រោងដែលមិនមានបទដ្ឋានត្រឹមត្រូវ ឬជាគម្រោងដែលជាប់គាំងមិនដំណើរការ។

លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា “ជំហរតឹងរុឹងរបស់រដ្ឋបាលស្រុក គ្រាន់តែដើម្បីធានាភាពគ្រប់ជ្រុងជ្រោយនៃគោលការណ៍បច្ចេកទេស និងលក្ខខណ្ឌតម្រូវនៃច្បាប់តែប៉ុណ្ណោះ មិនមែនមានន័យថាស្រុកបន្ទាយស្រីមិនស្វាគមន៍អ្នកវិនិយោគនោះទេ ហើយក៏មិនមានន័យថា គ្រប់គម្រោងអភិវឌ្ឍន៍ដីទាំងអស់សុទ្ធតែជាគម្រោងដែលមានបញ្ហានោះដែរ។ តួយ៉ាង ដូចជាគម្រោងរបស់ក្រុមហ៊ុន អង្គរលែនម៉ាក ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ក្រុមហ៊ុនក្រវ៉ាន់សៀមរាបរេសុីដិន និងក្រុមហ៊ុនមួយចំនួនទៀត ដែលសុទ្ធសឹងតែជាគម្រោងខ្នាតធំ មានភាពច្បាស់លាស់ត្រឹមត្រូវ និងបានផ្តល់ការសហការយោគយល់តាមសំណូមពររបស់រដ្ឋបាលស្រុក និងយល់ព្រមរង់ចាំបំពេញនីតិវិធីខាងផ្លូវច្បាប់រួចជាមុនសិន មុននឹងប្រកាសលក់ជាផ្លូវការ”។

រដ្ឋបាលស្រុកតែងព្យាយាមលើកទឹកចិត្តដល់រាល់ការវិនិយោគមកក្នុងបន្ទាយស្រី និងផ្តល់កិច្ចសហប្រតិបត្តិការជាដៃគូយ៉ាងជិតស្និទ្ធ ព្រោះគោលដៅចុងក្រោយនៃការអភិវឌ្ឍ គឺគ្មានអ្វីក្រៅពីការទាក់ទាញអ្នកវិនិយោគមកក្នុងស្រុក ដើម្បីផ្លាស់ប្តូរជីវភាពរបស់ប្រជាពលរដ្ឋតាមរយៈការបង្កើតការងារ និងមុខរបរនោះឡើយ។ ហេតុដូច្នេះហើយទើបរដ្ឋបាលស្រុកបានសម្រួល និងអនុញ្ញាតឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ដីមួយចំនួនដាក់ពាក្យស្នើសុំសាងសង់សំណង់ក្រោម ៥០០ម៉ែត្រការ៉េ នៅលើដីកម្មសិទ្ធិរបស់ខ្លួន ព្រមទាំងរៀបចំប្រព័ន្ធផ្លូវ-ភ្លើងនៅក្នុងបរិវេណដីគម្រោងរបស់ខ្លួនជាបណ្តើរៗ ដើម្បីចំណេញពេលវេលាក្នុងអំឡុងពេលដែលត្រូវរង់ចាំលិខិតអនុញ្ញាតជាផ្លូវការ៕

ក្រុមហ៊ុន AirAsia បង្ហាញសុទិដ្ឋិនិយមចំពោះវិស័យអាកាសចរណ៍ក្នុងតំបន់អាស៊ាននៅឆ្នាំក្រោយ

ដោយ៖ ប៊ី
អន្តរជាតិ៖ លោក Tony Fernandes នាយកប្រតិបត្តិក្រុមហ៊ុន AirAsia Group បាននិយាយនៅក្នុងបទសម្ភាសន៍នៅលើទូរទស្សន៍ Bloomberg កាលពីថ្មីៗនេះថា ក្រុមហ៊ុន AirAsia Group កំពុងផ្តោតលើការពង្រីកមូលដ្ឋានរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងកំពុងពិភាក្សាអំពីការចាប់ផ្តើមក្រុមហ៊ុនអាកាសចរណ៍ថ្មីចំនួនបីនៅក្នុងតំបន់។

លោក Fernandes រំពឹងថា ការធ្វើដំណើរតាមផ្លូវអាកាសនឹងវិលត្រឡប់ទៅរកសភាពដើមវិញក្នុងរយៈពេល ៦ ទៅ ១២ខែខាងមុខ។ លោកបានមានប្រសាសន៍ថា ប្រជាជនចង់ធ្វើដំណើរ និងតម្រូវការគឺនៅទីនោះស្រាប់ ដែលជារឿងសំខាន់បំផុត។

លោកបានបន្តថា ឧទាហរណ៍ទីផ្សារក្នុងស្រុករបស់ប្រទេសថៃបានវិលត្រឡប់ទៅរកសភាពដើមវិញមុនខែធ្នូ ឆ្នាំក្រោយ។ ថ្លៃសំបុត្រធ្វើដំណើរនឹងនៅដដែល។

លោក បានថ្លែងថា “ផែនការរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ ដើម្បីបង្កើនថវិកាដល់ ២,៥ ពាន់លានរីងហ្គីដ គឺស្ថិតនៅក្នុងកាលវិភាគរបស់ខ្លួន។ យើងកំពុងមានសុទិដ្ឋិនិយមសម្រាប់ឆ្នាំ២០២១”។

ក្រុមហ៊ុន AirAsia កំពុងបំលែងយន្ដហោះជាច្រើនទៅក្នុងយន្ដហោះដឹកទំនិញ ដើម្បីបំពេញបន្ថែមអាជីវកម្មអ្នកដំណើរ។
លោក Fernandes បាននិយាយថា ក្រុមហ៊ុនកំពុងវាយតម្លៃក្រុមហ៊ុនបណ្តាក់ទុន AirAsia India របស់ខ្លួនជាមួយក្រុមហ៊ុន Tata ខណៈពេលមានការពង្រីកទំនាក់ទំនងរបស់ពួកគេនៅក្នុងអាជីវកម្មឌីជីថល។

លោក បានថ្លែងថា “នៅពេលត្រឹមត្រូវមួយមកដល់ យើងនឹងធ្វើសេចក្តីប្រកាស ប៉ុន្តែកម្លាំងរបស់យើងគឺនៅអាស៊ីអាគ្នេយ៍ ហើយនោះជាកន្លែងដែលការពង្រីករបស់យើងក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំខាងមុខទៀត”៕

ក្រុមហ៊ុនអភិវឌ្ឍន៍ឆ្នេរមាសតេជោសែនកំពុងពន្លឿនសកម្មភាពសាងសង់ និងបញ្ចប់ឱ្យបានឆាប់រហ័សតាមផែនការ

ដោយ ៖ រ៉ាណេត
កំពត ៖ ឆ្នេរមាសតេជោសែន ជាឆ្នេរកម្សាន្តដ៏ធំលើកដំបូងបង្អស់របស់ខេត្តកំពត ដែលត្រូវបានបង្កើតឡើងដោយកិច្ចសហការរវាងរដ្ឋបាលខេត្តជាមួយក្រុមហ៊ុនដៃគូអភិវឌ្ឍន៍ក្នុងរយៈពេលប្រមាណ២ឆ្នាំនៃការស្ថាបនា ស្ថិតនៅភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។

អភិបាលខេត្តកំពត លោក ជាវ តាយ បានមានប្រសាសន៍ឱ្យដឹងនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ថា ដោយសំអាងផ្អែកលើតួនាទីភារកិច្ចរបស់អនុគណៈកម្មការនីមួយៗដែលសម្រេចនៅពេលខាងមុខនេះ នឹងបង្កឱ្យមានភាពងាយស្រួលក្នុងការអនុវត្តន៍ការងារត្រួតពិនិត្យ និងគ្រប់គ្រងការអភិវឌ្ឍរបស់ក្រុមហ៊ុន ( IGB) សំដៅធ្វើយ៉ាងណាឱ្យគម្រោងមួយនេះមានការអភិវឌ្ឍបានឆាប់រហ័ស។

បន្ទាប់ពីសម្រេចបានលទ្ធផលលេចចេញជារូបរាងឡើងពិតប្រាកដក្រោយការស្ថាបនា តំបន់ឆ្នេរមាសតេជោសែន នឹងអាចទាក់ទាញប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ មកសម្រាកលំហែកម្សាន្តនៅពេលខាងមុខឆាប់ៗនេះជាក់ជាមិនខាន។

លោកអភិបាលខេត្តបានមានប្រសាសន៍ថា ភ្ញៀវទេសចរ និងប្រជាពលរដ្ឋជាច្រើន កំពុងទន្ទឹងរង់ចាំមើល ថាតើឆ្នេរខ្សាច់កម្សាន្តរបស់ខេត្តកំពត ស្អាត និងទាក់ទាញដល់កម្រិតណា ស្របពេលដែលកន្លែងកម្សាន្ត ដ៏ទាក់ទាញថ្មីៗជាច្រើន ត្រូវបានបង្កើត ឡើងជាហែហូរ។ ប៉ុន្តែមកដល់ថ្ងៃនេះ ឆ្នេរសិប្បនិម្មិត ដែលត្រូវបានកំណត់ឈ្មោះថាឆ្នេរមាសសម្តេចតេជោ នោះនៅមិនទាន់ស្ថាបនារួចរាល់នៅឡើយទេ។

ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ផងដែរថា អ្វីដែលរាជរដ្ឋាភិបាលបានសម្រេចថា ត្រូវអភិវឌ្ឍហើយ ត្រូវនាំគ្នាសហការ ជំរុញដល់ដំណើរការអភិវឌ្ឍន៍នោះ ដោយត្រូវធ្វើជាបណ្តើរៗ មិនអាចរង់ចាំ ឬប្រើលេសច្រើនបានទេ ព្រោះនៅក្នុងកិច្ចសន្យាសុំធ្វើការអភិវឌ្ឍ ក៏បានកំណត់ពេលច្បាស់លាស់រួចហើយដែរ។

ដោយឡែកសម្រាប់ក្រុមហ៊ុនត្រូវយកចិត្តទុកដាក់បង្កើនល្បឿនការងារ បង្កើនកម្លាំង គ្រឿងចក្រឱ្យ បានច្រើន ដើម្បីបញ្ចប់ការងារតាមផែនការ ដែលបានកំណត់ទុក ប៉ុន្តែត្រូវគោរពតាមគំនូសប្លង់បច្ចេកទេស ដែលមានការចូលរួមសហការពីជំនាញពាក់ព័ន្ធ ដើម្បីកាត់បន្ថយផលប៉ះពាល់ឱ្យនៅតិចបំផុត។

គម្រោងអភិវឌ្ឍបង្កើតតំបន់ឆ្នេរខ្សាច់ថ្មីសិប្បនិមិត្តនេះ រដ្ឋបាលខេត្តកំពត បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនវិនិយោគឯកជន (IGB) Cambodia CO.LTD ដែលបានអនុវត្តអស់រយៈពេលប្រមាណ ២ឆ្នាំរួចមកហើយ លើផ្ទៃដីប្រមាណ ២៣៤ហិកតា ដោយមានការបែងចែកផលប្រយោជន៍តាមសមាមាត្រផ្ទៃដី៦០ភាគរយ សម្រាប់ក្រុមហ៊ុន IGB Cambodia CO.LTD និងផ្ទៃដី៤០ភាគរយទុកជូនរដ្ឋក្រោមការ គ្រប់គ្រងរបស់រដ្ឋបាលខេត្តកំពត ពោលគឺក្រុមហ៊ុន IGB គ្រប់គ្រងលើផ្ទៃដីទំហំ១២០ហិកតា រដ្ឋបាលខេត្តកំពតទំហំផ្ទៃដី ៨០ហិកតា និង៣៤ហិកតាទៀតសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ៕

អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​តម្លៃ​ជាង១ពាន់​លាន​ដុល្លារ​នៅក្នុង​ទីក្រុង​ឡុងបញ្ចប់​ការសាងសង់

ដោយ​វុត្ថា

ទីក្រុង​ឡុង​ដ៏ៈ ផែនការ​សាងសង់​គម្រោង​អគារ​ពាណិជ្ជកម្មធំៗ មួយចំនួន​នៅក្នុង​លើ​ពិភពលោក​សម្រាប់​ឆ្នាំ២០២០ ប្រហែលជា​ត្រូវ​ផ្អាក​បណ្តោះអាសន្ន ដែល​បង្កឡើង​ដោយ​ជំងឺ​កូ​វីដ១៩ ប៉ុន្តែ​សម្រាប់​កា​រា​អគារ​ខ្ពស់​ជាងគេ​មួយ ក្នុង​ទីក្រុង​ឡុង​ដ៏​ត្រូវបាន​បញ្ចប់​ការសាងសង់។

យោងតាម​ការចុះផ្សាយ​ពី​គេហទំព័រ www.timeout.com បានឱ្យដឹងថា គម្រោង​សាងសង​អគារ​មជ្ឈមណ្ឌល 22 Bishopsgate  បាន​ឈានដល់​ដំណាក់កាល​បញ្ចប់ ដែល​ធ្វើឱ្យ​អាគារ​ខ្ពស់​ជាងគេ​នេះ នៅ​ទីក្រុង​ឡុង​មាន​កម្ពស់២៧៨ ម៉ែត្រ។

មជ្ឈមណ្ឌល​នេះ ត្រូវបាន​ប្រើប្រាស់​មុខងារ​ជា​អគា​រិ​យា​ល័យ ដែល​ខ្ពស់​ជាងគេ​បំផុត​នៅក្នុង​ប្រទេស​អឺរ៉ុប។ អគារ​នេះ​មាន​លក្ខណៈពិសេស​ជាច្រើន រួមមាន កន្លែង​ហាត់ប្រាណ ឧទ្យាន​មួយ​ដែលមាន​ទីធ្លា១.៧០០ម៉ែត្រការ៉េ ផ្សារ​ទំនើប អាហា​រដ្ឋា​ន ដែល​នឹង​ក្លាយជា​វិចិត្រសាល​ទស្សនា​សាធារណៈ ដោយ​ឥតគិតថ្លៃ​ខ្ពស់បំផុត​នៅ​ទីក្រុង​ឡុង។

អគារ 22 Bishopsgate មាន​កំពស់២៧៨ ម៉ែត្រ ស្មើនឹង​កំពស់៦២ ជាន់ ត្រូវបាន​គេ​ស្គាល់​ថា TwentyTwo រចនា​ឡើង​ដោយ ក្រម​ហ៊ុន PLP Architecture ដែល​បានរៀបចំ​ផែនការ​រចនា​ប្លង់​សំរាប់​អាគារ Nova ដែលមាន​លក្ខណៈ​ស្រដៀង​នឹង​អាគារ Victoria ។

អគារ 22 Bishopsgate នេះ​បានចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ២០១៧  ហើយ​គ្រោង​នឹង​បើក​ដំណើរការ​ជា​ផ្លូវការ នៅក្នុង​ឆ្នាំ២០២១ខាងមុខនេះ ដែល​ធ្វើឱ្យ​ទីក្រុង​ឡុង​ដ៏​កាន់​តែមាន​ភាព​ទាក់ទាញ​កាន់​ខ្លាំង៕

ខេត្តកំពត​បន្ត​ភាព​ទាក់ទាញ​លើ​គម្រោង​វិនិយោគធំៗតម្លៃ​រាប់សិប​លាន​ដុល្លារ

ដោយៈ រ៉ា​ណេ​ត

កំ​ពតៈ ស្របទៅនឹង​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ក្នុងការ​ប្រែក្លាយ​ខេត្ត​ជាប់មាត់​សមុទ្រ ឱ្យទៅជា​តំបន់​កម្សាន្ត​ដ៏​ទាក់ទាញ​លំដាប់​អន្តរជាតិ ប​ច្ចុ​ប្ប​នេះ ខេត្តកំពត បាន​បន្ត​ភាព​ទាក់ទាញ​លើ​គម្រោង​វិនិយោគ និង​អភិវឌ្ឍន៍ធំៗជាច្រើន​ដែលមាន​តម្លៃ​រាប់សិប​លាន​ដុល្លារ ដែល​បម្រើ​ដល់​វិស័យ​ទេសចរណ៍។

ភ្ជាប់​ជាមួយនឹង​ការទទួលបាន​គម្រោង​វិនិយោគ និង​អភិវឌ្ឍន៍​ជាច្រើន​នៅ​ទូទាំង​ខេត្តកំពត លោក​ឧកញ៉ា តេង រិទ្ធី ដែលជា​អគ្គនាយក​ក្រុមហ៊ុន​អចល​ទ្រព្យ R Investment Group នៅ​ល្ងាច​ថ្ងៃទី៨ ខែធ្នូ  ឆ្នាំ២០២០បានបង្ហាញ​ពី​ក្ដី​សាទរ ទៅនឹង​អ្វីដែល​ខេត្តកំពត​ទទួលបាន​នៅពេលនេះ ជាមួយនឹង​ការបញ្ជា​ក់ថា គម្រោង​បណ្តាក់​ទុនវិនិយោគ​ដែលមាន​ទំហំ​ជាច្រើន​លាន​ដុល្លារ​ខាងលើនេះ ភាគច្រើន​ជាការ​វិនិយោគ ទៅលើ​ការបង្កើត​តំបន់​កម្សាន្ត​ទ្រង់ទ្រាយ​ធំ រួម​ជាមួយនឹង​ការសាងសង់​លំនៅដ្ឋាន​បែប​លំហែរ​កាយ។

លោក​ឧកញ៉ា​បន្តទៀតថា “បច្ចុប្បន្ននេះ​មាន​អ្នកវិនិយោគ​ជាច្រើន បាន​ទម្លាក់​ទុន​ធ្វើការ​អភិវឌ្ឍ​តំបន់​មួយចំនួន ឱ្យក្លាយ​ទៅជា​តំបន់​កម្សាន្ត​បែប​កែច្នៃ និង​ធម្មជាតិ ជាពិសេស​តំបន់​ដែល​ស្ថិតនៅ​ជាប់មាត់​ព្រែក ជាប់​សមុទ្រ និង​តំបន់​ក្បែរ​ជើងភ្នំ” ។ លោក​បន្តថា “ជាមួយនឹង​សកម្មភាព​ដែល​កំពុង​បន្ត​អភិវឌ្ឍន៍ ក៏មាន​គម្រោង​ថ្មី​បន្តបន្ទាប់​ទៀត ដែល​មិនយូរ​មិនឆាប់​ខេត្តកំពត នឹង​ក្លាយទៅជា​ទីតាំង​គោលដៅ​ទេសចរណ៍ ដ៏​មាន​ប្រជាប្រិយភាព​ជាក់​មិន​ខាន” ។

ជាមួយនឹង​ការបង្ហាញ​ពី​សក្ដានុពល ក្នុងការ​វិនិយោគ​ខាងលើនេះ លោក​ឧកញ៉ា តេង រិទ្ធី ក៏បាន​បញ្ជាក់ថា សម្រាប់​ការអភិវឌ្ឍ​លើ​វិស័យ​លំនៅដ្ឋាន បែប​លំហែរ​កាយ​នៅពេល​បច្ចុប្បន្ន ត្រូវបាន​ធ្វើឡើង​ជាច្រើន​គម្រោង និង​ច្រើន​កម្រិត ហើយ​តម្លៃ​ក៏​អាស្រ័យ​ទៅតាម​គម្រោង​ផងដែរ ដែល​ក្នុងនោះ​មានតម្លៃ​ចាប់ពី​ជាង៣ ទៅ៤ម៉ឺន​ដុល្លារ​ឡើងទៅ​សម្រាប់​លំនៅដ្ឋាន​បែប​លំហែរ​មួយ​ខ្នង។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត លោក សយ ស៊ី​ណុល បាន​មានប្រសាសន៍​ផងដែរ​ថា សព្វថ្ងៃនេះ​មាន​គម្រោង​វិនិយោគ លើ​វិស័យ​បដិសណ្ឋារកិច្ច​ជាច្រើន នៅក្នុង​ខេត្តកំពត ជាពិសេស គម្រោង​រមណីយដ្ឋាន សណ្ឋាគារ និង​បឹង​ហ្គា​ឡូ នៅតាម​ដងព្រែក​នានារ​បស់​ខេត្តកំពត។

លោក​បន្តថា  “នៅពេល​ដែលមាន​គម្រោង​វិនិយោគ ផ្នែក​បដិសណ្ឋារកិច្ច​ច្រើន​នៅក្នុង​ខេត្ត​នាពេលនេះ បាន​ឆ្លុះបញ្ចាំង​នៃ​ភាពល្អប្រសើរ និង​ជំរុញឱ្យមាន​ការប្រកួត​ប្រជែង​កាន់តែ​ខ្លាំងក្លា នៅក្នុង​វិស័យ​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា និង​ធានាបាន​នូវ​គុណភាព​ខ្ពស់” ។ លោក​បញ្ជាក់ថា “ធម្មតា​នៅក្នុង​ធ្វើ​ពាណិជ្ជកម្ម ឬ​មុខ​ជំនួញ​ណាមួយ​ដែលមាន​ការប្រកួតប្រជែង វា​នឹង​ធានាបាន​នូវ​គុណភាព និង​កម្រិតស្តង់ដារ​មួយ ហើយ​យើង​ក៏​ចង់បាន​ការប្រកួតប្រជែង​បែបនេះ​ឱ្យបាន​ច្រើន ដើម្បី​ជំរុញ​ទៅដល់​ការលើកកម្ពស់​កម្រិត​គុណភាព” ។

លោក​សយ ស៊ី​ណុល បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ​កម្ពុជា មិនមែន​មានការ​ប្រកួត​ប្រជែង​តែ​នៅក្នុង​ស្រុក​នៅទេ គឺ​កម្ពុជា​បាននិងកំពុង​ប្រកួតប្រជែង​ទាំង​ថ្នាក់​តំបន់ និង​ពិភពលោក លើ​វិស័យ​បដិសណ្ឋារកិច្ច​នេះ។ ការទាក់ទាញ​ភ្ញៀវទេសចរ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក គឺ​ទាមទារ​ឱ្យមាន​គុណភាព និង​ស្តងដារ​ចាំបាច់​បំផុត ដូច្នេះ​នៅពេល​មានការ​ប្រកួតប្រជែង​កាន់តែច្រើន​វា​កាត់​តែ​ល្អ ហើយ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ភ្ញៀវទេសចរ និង​ជាតិ​អន្តរជាតិ៕

គម្រោង​សាងសង់​ខ្សែ​រថភ្លើង​លើ​អាកាស​អាច​ចំណាយ​ទឹកប្រាក់​ជាង ១៤០០លាន​ដុល្លារ​ប៉ុន្តែ​ការ​បរិច្ឆេទ​សាងសង់​មិនទាន់​កំណត់

ដោយ​ស៊ីវ ម៉េង

ភ្នំពេញៈ គំរោង​សាងសង់​រថភ្លើង​លើ​អាកាស ឬ​ក្រោម​ដី​អាច​ចំណាយ​ទឹកប្រាក់​រហូតដល់១០០០ទៅ១៥០០លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​ការចាប់ផ្តើម​សាងសង់​នៅពេលណា​មិនទាន់​កំណត់​ពេលវេលា​ជាក់លាក់​ទេ។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ធ្លាប់មាន​ប្រសាសន៍​ឲ្យ​ដឹង កាលពីពេល​កន្លងមកថ្មីៗនេះ​ថា គម្រោង​សិក្សា​រថភ្លើង​លើ​អាកាស គឺ​ខាង JICA បាន​សិក្សា​រួចហើយ ហើយ​ក្រសួង​នៅ​រង់ចាំ​លទ្ធផល​សិក្សា។ ដោយឡែក គម្រោង​រថភ្លើង Monorail និង​រថភ្លើង​ក្រោម​ដី ក្រុមហ៊ុន​ចិន​ជា​អ្នកសិក្សា។

លោក​បន្តថា “ក្រោយ​ការសិក្សា​ចប់ ក្រសួង​នឹង​ប្រៀបធៀប ដើម្បី​ជ្រើស​រើសយក​គម្រោង​ណាមួយ​ដែលមាន​តម្លៃ​សមរម្យ និង​ឆ្លើយតប​ទៅនឹង​ការអភិវឌ្ឍន៍” ។ លោក​បន្តថា “គម្រោង​នេះ អាច​នឹង​ប្រើប្រាស់​ថវិកា​ចន្លោះ​ពី ១០០០លាន​ដុល្លារ ទៅ១,៤០០ពាន់​លាន​ដុល្លារ​អាមេរិក។

ការសិក្សា​លទ្ធភាព​សាងសង់​គម្រោង​រថភ្លើង​លើ​អាកាស នៅ​ភ្នំពេញ​នៅតែ​បន្ត ដោយមាន​មួយ​បានបញ្ចប់​រួច និង២ផ្សេងទៀត​កំពុង​រង់ចាំ​លទ្ធផល។ អំឡុង​ពេលនេះ​រដ្ឋាភិបាល​ក៏​កំពុង​ស្វែងរក​ប្រភព​ហរិ​ញ្ញ​ប្ប​ទាន ដើម្បី​យកមក​អនុវត្តន៍​គម្រោង​នេះ​ផងដែរ។

ជាមួយគ្នានេះ លោក​លី បូ​រិ​ន អនុរដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ទទួលបន្ទុក​ផ្នែក​ផ្លូវដែក​បានឱ្យដឹង​ផងដែ​រថា តាម​ការប៉ាន់ស្មាន គម្រោង​រថភ្លើង​លើ​អាកាស​នេះ មានតម្លៃ​ខ្ពស់​ណាស់​សម្រាប់​វិនិយោគ។

លោក​បាន​ឲ្យ​ដឹងថា “ការសិក្សា​រថភ្លើង​លើ​អាកាស យើង​បាន​សិក្សា​រួចហើយ ប៉ុន្តែ​គម្រោង​នឹង​វា​អស់​ច្រើនពេក។ ហេតុនេះ​ទាល់តែ​រដ្ឋាភិបាល​ជា​អ្នកសម្រេច។

សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ នៅ​រាជធានី​ភ្នំពេញ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​បង្ហាញថា ក្រសួង​កំពុង​ជ្រើសរើស​រវាង រថភ្លើង​លើ​អាកាស រថភ្លើង Mono Rail និង​រថភ្លើង​ក្រោម​ដី៕

រដ្ឋមន្ត្រី​សាធារណៈ​ការបង្កើត​ក្រុមការងារ​ជំនាញ​ដើម្បី​ធ្វើការ​ជាមួយ​ភាគី​កូរ៉េ​លើ​គំរោង​សាងសង់​ស្ពាន​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ

ដោយ​គង់ សូរិយា

ភ្នំពេញៈ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​លោក​ស៊ុន ចាន់ថុល​បាន​បង្កើត​ក្រុមការងារ​បច្ចេកទេស ដើម្បី​ធ្វើការ​ជាមួយ​អ្នកជំនាញការ​កូរ៉េ សំរាប់​ពិភាក្សាគ្នា​ឈានទៅ​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា កូរ៉េ​នាពេល​ខាងមុខនេះ។

អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ លោក​វ៉ា​ស៊ីម សូរិយា បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ល្ងាច​ថ្ងៃទី៨ ធ្នូ​កន្លងមក​ថា ផែនការ​សាងសង់​ស្ពាន​នេះ ត្រូវបាន​បង្ហើប​ដោយ​ប្រធានាធិបតី​កូរ៉េ លោក​ម៉ូ​ន ជេ​អ៊ី​ន ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​វៀតណាម​កាលពី​កំឡុង​ខែវិច្ឆិកា​កន្លងមកនេះ។លោក​បន្តថា បច្ចុប្បន្ន​លោក​ទេសរដ្ឋមន្ត្រី​បាន​បង្កើត​ក្រុមការងារ ដើម្បី​ធ្វើ​ការងារ​នេះ​ជាមួយ​អ្នកជំនាញការ នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​នៃ​សាធារណៈរដ្ឋ​កូរ៉េ (koica) ដើម្បី​ធ្វើ​ការងារ​នេះ។

លោក​បន្តថា “ខ្ញុំ​មិនបាន​ដឹងថា​គំរូ​ស្ពាន​នេះ​បាន​សិក្សា​រួច​ឬ​នៅ​នោះទេ ប៉ុន្តែ​នៅពេល​អ្នកជំនាញការ​កូរ៉េ​មកដល់​នាពេលខាងមុខ ពួកគេ​អាច​បង្ហាញ​ពី​ទម្រង់​ស្ពាន​នេះ​តែម្តង​ក៏​ថា​បាន ដោយសារ​កន្លងមក​ភាគី​កូរ៉េ​បាន​សិក្សា​រួចហើយ” ។

លោក​សូរិយា​បាន​បន្ត​ឲ្យ​ដឹងផង​ដែរ​ថា តាម​ធម្មតា​គំរោងធំៗបែបនេះ យើង​មិនទាន់​កំណត់​ពេលវេលា​ជាក់លាក់​បានទេ ដោយសារ​វា​នៅ​ត្រូវការ​ពេលវេលា​និង​និតិ​វិធី​ច្រើន លើកលែងតែ​សម្តេច​ប្រមុខ​រដ្ឋាភិបាល អញ្ជើញ​បើក​ការដ្ឋាន​តែម្តង​ទើប​យើង​អាច​ដឹងបាន​ជាក់លាក់។

ក្នុង​កំឡុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ទៅកាន់់​ប្រទេស​កូរ៉េ សម្តេច​តេ​ជោ​ហ៊ុន សែន​បានស្នើ​ភាគី​កូរ៉េ​ជួយ​សាងសង់​ស្ពាន​មិត្តភាព សម្រាប់​ប្រទេស​ទាំងពីរ ខណៈ​មិត្ត​ចិន និង​ជប៉ុន​បាន​សាងសង់​ស្ពាន​មិត្តភាព​សំរាប់​កម្ពុជា ជាច្រើន​រួចមកហើយ៕