ក្រុមហ៊ុន Cambodia Airports បញ្ចប់​ការបំពាក់​អំពូល LED ផ្លូវ​រត់​យន្តហោះនៅក្នុង​ខេត្ត​ព្រះសីហនុ

ដោយ ​វុត្ថា

ភ្នំពេញៈ ក្រុមបច្ចេកទេស នៃ​ក្រុមហ៊ុន​អាកាសយានដ្ឋាន Cambodia Airports បានបញ្ចប់​ការប្តូរ​អំពូល នៅតាម​ផ្លូវ​រត់​យន្តហោះ​របស់​អាកាសយានដ្ឋាន​អន្តរជាតិ ខេត្ត​ព្រះសីហនុ​ដែលមាន​ចម្ងាយ ៣.៣០០ ម៉ែត្រ (រួមទាំង​ការពង្រីក​បន្ថែម ៨០០ ម៉ែត្រ​ថ្មី)ទៅជា​អំពូល LED វិញ។

ក្រុមហ៊ុន Cambodia Airports ឱ្យដឹង​កាលពី​ថ្ងៃទី ៩ ខែធ្នូ ម្សិលមិញ​ថា  នេះ​គឺជា​ផែនការ​ប្រកបដោយ​មហិច្ឆតា​ចុងក្រោយ។ ក្រុមហ៊ុន​អាកាសយានដ្ឋាន Cambodia Airports ឥឡូវនេះ បាន​បំ​លែង​ប្រភព​ពន្លឺ ដែល​អាចមាន​ទាំងអស់​ទៅជា LED ។

ក្រុមហ៊ុន​បន្តថា ការបំពាក់​នេះ​គឺជា​ជំហាន​ដ៏​សំខាន់ ក្នុងការ​កាត់បន្ថយ​ការប្រើប្រាស់​អគ្គិសនី និង​ការកាត់បន្ថយ​ការបញ្ចេញ​កាបូន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង។

អាកាសយានដ្ឋាន​អន្តរជាតិ​កងកេង ខេត្ត​ព្រះសីហនុ បាន​ពង្រីក​ផ្លូវ​រត់​យន្តហោះ (Runway) ពី២.៥០០ម៉ែត្រ រហូតដល់៣.៣០០ម៉ែត្រ បន្ថែម​ពីលើ​ការពង្រឹង​ផ្លូវ​យន្តហោះ​ឡើង​ចុះ (airstrip) បច្ចុប្បន្ន។

ផ្លូវ​រត់​យន្តហោះ (Runway) ថ្មី​នេះ មាន​សមត្ថភាព​ទទួល​ការ​ចុះចត​យន្តហោះ​ប្រភេទធំៗ បាន​ដូចជា B-777-300ER ឬ​យន្តហោះ A-350-1000 ដែល​ធ្វើ​ប្រតិបត្តិ​ការហោះហើរ​ត្រង់​រយៈ​ចម្ងាយ​ឆ្ងាយ​ទៅ មកពី​អាកាសយានដ្ឋាន អន្តរជាតិ​ខេត្ត​ព្រះសីហនុ និង​អាកាសយានដ្ឋាន​អន្តរជាតិ​ក្នុង​ពិភពលោក។

ការពង្រីក​ផ្លូវ​រត់​នេះ ធ្វើឱ្យ​អាកាស​យាន្ត​ដ្ឋា​ន​នេះ មាន​សមាសភាព​អាច​ទទួល​ការ​ចុះចត​យន្តហោះធំៗ (កូដ E) ដូចជា​យន្តហោះ B-777-300ER រឺ​យន្តហោះ A-350- 1000 ដែល​ធ្វើ​ប្រតិបត្តិ​ការហោះហើរ​ត្រង់​រយៈ​ចម្ងាយ​ឆ្ងាយ ទៅ​មកពី​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ។

យោងតាម​ទិន្នន័យ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា នៅ​ចន្លោះ​ឆ្នាំ២០១៥ និង ២០១៩ អ្នកដំណើរ​បាន​កើនឡើង​ពី ៩៤,០០០នាក់ ដល់​ជាង១,៦លាន​នាក់ ហើយ​អាកាសយានដ្ឋាន​ខេត្ត​ព្រះសីហនុ មាន​កំណើន​ក្នុង​តួលេខ៣ខ្ទង់​ស្ទើរតែ​រៀងរាល់ឆ្នាំ៕

គម្រោង​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣អាច​ទ្រទ្រង់​ទម្ងន់​យាន​ចរាចរណ៍​ចំរុះ​បានរហូតដល់២០ឆ្នាំ

ដោយៈ​វុត្ថា

ភ្នំពេញៈ គម្រោង​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ នៅតែ​បន្ត​ដំណើរការ​ទៅមុខ បើទោះបី​កម្ពុជា​កំពុង​ប្រឈម​ទៅនឹង​វិបត្តិ​ជំ​ង​កូ​វីដ១៩យ៉ាងណាក្តី  ហើយ​នៅពេល​សាងសង់​បញ្ចប់​ផ្លូវ​នេះ អាច​ទ្រទ្រង់​ទម្ងន់​យាន​ចរាចរណ៍​ចំរុះ​បាន​រហូតដល់២០ឆ្នាំ ខណៈ​បច្ចុប្បន្ននេះ សម្រេចបាន​លទ្ធផល​ប្រមាណ​ជាង៤០ភាគរយ ។

លោក​វ៉ា​ស៊ីម សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ប្រាប់​គេហទំព័រ Propertyarea.asia  កាលពី​កន្លងមកនេះ ថា  គម្រោង​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី ៣នេះ សាងសង់​ដោយ​ក្រុមហ៊ុន​ចិន ហើយ​ក្រុមហ៊ុន​ចិន​ជាធម្មតា គឺ​អនុវត្ត​លឿន ជាង ការរំពឹងទុក  ដែល​រហូតមក​ដល់ពេលនេះ ជា​លទ្ធផល​នៃ​ការសាងសង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣នៅតែ​បន្តដំណើរ​ទៅមុខ។

លោក​បន្តថា “យើង​បាន​ពិនិត្យឃើញថា ក្រុមហ៊ុន​សាងសង់​បាន​គោរព​តាម​បទ​ដ្ឋា ន​ស្តង់ដារ ទាំង​គុណភាព​បេតុង នៃ​ទម្រ​ជើង​សសរស្ពាន​អាកាស រួមទាំង​គុណភាព​ផ្លូវ អាច​ទ្រទ្រង់​ទម្ងន់​យាន​ចរាចរណ៍​ចំរុះ​បាន​រហូតដល់២០ឆ្នាំ ស្របទៅតាម​ផែនការមេ” ។

លោក​បន្តថា “ផ្លូវ​ដ៏​សំខាន់​នេះ​នឹង​ជួយ​សម្រួល ដល់​ការកកស្ទះ​ចរាចរណ៍​នៅក្នុង​ក្រុង ជាពិសេស​ផ្លូវ​វេ​ង​ស្រេង ផ្លូវ​ទួល​ពង្រ ហើយ​ថែមទាំង​ជួយ​សម្រួល ដល់​ការធ្វើដំណើរ និង​ដឹកជញ្ជូន​ត្រង់ ចេញពី​ក្រុងព្រះសីហនុ ឆ្ពោះទៅកាន់​តំបន់​ព្រំដែន​ក្រុង​បាវិត ដោយ​បំបែកចេញ ពី​ចំណុច​ដើមផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ នៃ​ផ្លូវជាតិ​លេខ៤ នឹង​ចុះទៅ​កាន់​ផ្លូវជាតិ​លេខ១” ។

លោក​បញ្ជាក់​ទៀ​ថា រាល់​គម្រោង​សាងសង់​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ទាំងអស់ នៅ​កម្ពុជា ជាពិសេស​គម្រោង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ នាពេល​បច្ចុប្បន្ននេះ កំពុងដំណើរការ​ដោយ​រលូន និង​អាច​បញ្ចប់​ទៅតាម​ផែនការ និង​ការគ្រោងទុក។

ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី៣ គឺជា​ផ្លូវ​ដ៏​សំខាន់​ក្នុង​ការជួយ​កាត់បន្ថយ​ការកកស្ទះ និង​ជួយ​សម្រួល​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ ម្យ៉ាងទៀត​គឺជា​ការតភ្ជាប់​ផ្ទៃក្នុង និង​សមាហរណកម្ម​តំបន់ ពិសេស​ត​ភ្ជាប់​ផ្លូវ​អាស៊ាន​ហាយវ៉េ និង​ផ្លូវ​របៀង​សេដ្ឋកិច្ចសំខាន់ៗ របស់​មហា​អនុតំបន់​មេគង្គ។ រួមចំណែក​ក្នុងការ​សម្រួល​ការដឹក​ជញ្ជូន ឆ្លងកាត់​ព្រំដែន ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ និង​ប្រែក្លាយ​ទឹកដី ដែល​នៅ​សងខាង​ផ្លូវ​ខ្សែក្រវាត់​ក្រុង​នេះ ទៅជា​តំបន់​អភិវឌ្ឍ​ថែមទៀត​ផង។

ផ្លូវ​នេះ​មួយ​ខ្សែ​នេះ ត្រូវ​ស្ថាបនា​ផ្លូវ​ដោយមាន​ប្រវែង​សរុប៤៧.៦គីឡូម៉ែត្រ ជា​ប្រភេទ​ផ្លូវ៤គន្លង ដោយមាន​ទទឹង​តួ​ផ្លូវ​សរុប២៥ម៉ែត្រ សម្រាប់​ផ្លូវ​រថយន្ត៤គន្លង មាន​ទទឹង៣.៥០ម៉ែត្រ /គន្លង និង​ផ្លូវ​ទោចក្រយានយន្ត២គន្លង ទទឹង២.២៥ ម៉ែត្រ/គន្លង ដោយ​ចាប់ ពី​ផ្លូវជាតិ​លេខ៤ ម្តុំ​អូរ​ដឹ​ម ត្រង់​គីឡូម៉ែត្រ​លេខ ១៤+ ១០៥ ទៅ​ចំណុច​បញ្ចប់​ភ្ជាប់​នឹង​ផ្លូវជាតិ​លេខ១ ត្រង់​គីឡូម៉ែត្រ​លេខ២៤+៨៤០ ដោយ​ត្រូវ​ង​កាត់​ផ្លូវជាតិ​លេខ ៣ត្រង់ ចំណុច​គីឡូម៉ែត្រ លេខ២១+២០០កាត់​ផ្លូវជាតិ​លេខ២ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ ២២+៨០០ និង​កាត់​ផ្លូវ ជាតិ​លេខ២១ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ ១៨+ ៤០០ និង​ផ្លូវ​ខ្នែង​ប្រវែង ៥.៣៧គីឡូម៉ែត្រ៕

វិស័យ​សំណង់​នៅក្នុង​ក្រុងព្រះសីហនុ​នឹងមាន​សន្ទុះ​ឡើងវិញ​នៅក្រោយ​ចូលឆ្នាំ​ខ្មែរ

ដោយៈ​វុត្ថា

ភ្នំពេញៈ វិស្វករ​កម្ពុជា​ដែល​កំពុង​បំរើការ​ងារ​ឱ្យ​ក្រុម​ហ៊ុ​នចិន​មួយនៅក្នុង​ទីក្រុង​ព្រះសីហនុ​បាន​មើលឃើញថា  ការអភិវឌ្ឍវិស័យ​សំណង់នៅក្នុង​ក្រុងព្រះសីហនុ នឹងមាន​សន្ទុះ​ឡើងវិញ បន្ទាប់ពី​ចូលឆ្នាំ​ខ្មែរ​នៅក្នុង​ឆ្នាំ២០២១ខាងមុខនេះ ព្រោះ​សំណង់​ភាគច្រើនត្រូវបាន​វិនិយោគ​ដោយ​ជនជាតិ​ចិន ហើយគេ​មិន​ទុកចោល​នោះទេ។

លោក​ឆន ច័ន្ទ​សុជាតិ វិស្វករ​កម្ពុជា ដែល​កំពុង​បំរើ​ការងារ​នៅក្នុង​ក្រុមហ៊ុន​ចិន China Construction Fouth (CSCEC) នៅក្នុង​ខេត្ត​ព្រះសីហនុ​ប្រាប់​គេហទំព័រ​Propertyarea.asia កាលពី​ថ្ងៃទី៩ ខែធ្នូ​ឆ្នាំ ២០២០កន្លងមកនេះ​ថា សម្រាប់​វិស័យ​ទាំងអស់​រួម​ទាំង​វិស័យ​សំណង់​ផងដែរ ជាពិសេស​នៅក្នុង​ខេត្ត​ព្រះសីហនុ ដែល​ធ្លាប់តែ​មានការ​រីក​ចំ​រើ​នក៏​ទទួលរងនូវ​ផលប៉ះពាល់​ផងដែរ​ពី​ជំ​ងឹ​កូ​វីដ១៩  ប៉ុន្តែ​មិនយូ​រមិន​ឆាប់វា​នឹង​ងើ​ប​ឡើងវិញ​នាពេលខាងមុខ​ដ៏​ខ្លី។

លោក​បញ្ជាក់ថា “វិនិយោគិន​ចិន​វិលត្រឡប់មកកាន់​ទីក្រុង​ព្រះសីហនុនាពេល​ខាងមុខនេះ ហើយ​ការអភិវឌ្ឍ​វិស័យ​សំណង់នៅក្នុង​ខេត្ត​ព្រះសីហនុ នឹងមាន​សន្ទុះ​ឡើងវិញ ពីព្រោះថា​ពួកគេ​មិនអាច​ទុក​សំណង់​របស់គេ​ពាក់កណ្តាល​ទីបានទេ” ។

លោក​ ច័ន្ទសុជាតិ ដែល​ទទួលបាន​បញ្ចប់​ការសិក្សាខាង​ផ្នែក​ពី​វិស្វកម្ម​មកពី​សកល​វិទ្យាល័យ​មួយ​នៅក្នុង​ប្រទេស​ចិន បានបង្ហាញ​នូវ​ទស្សន​វិជ្ជមាន​ថា អ្វីៗនឹង​ល្អប្រសើរ​ឡើងវិញ​នៅ​ឆ្នាំ​ក្រោយនេះ បន្ទាប់ពី​ចូលឆ្នាំ​ខ្មែរ ។ ពេលនោះ វិស័យនេះ​នឹង​ចាប់ផ្តើម​ដំណើរ​ទៅ​មុខជាបណ្តើរៗ។

លោក​បន្ថែមថា ការអភិវឌ្ឍន៍​វិស័យ​សំណង់នៅក្នុង​ទីក្រុង​ព្រះសីហនុពី​សំណាក់​វិនិយោគិន​ចិន បាន​ចូលរួម​នៅក្នុង​អភិវឌ្ឍន៍​ខេត្ត​ឱ្យមាន​ការ​រីកចំរើ​ន។

ជាមួយគ្នានេះ លោក​ឃាង ភារ​ម្យ​ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​ថ្លែង​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ក្រុម​អ្នកវិនិយោគ អ្នកធ្វើការងារ​នៅតាម​ក្រុមហ៊ុន​ចិន​ជាច្រើន បាន និង​កំពុង​ចាប់ផ្តើម​មកកាន់​ខេត្ត​ព្រះសីហនុ​វិញ​ហើយ ដោយ​មួយខែ​មាន​អ្នកធ្វើដំណើរ​តាម​អាកាសចរណ៍​ប្រមាណ១០,០០០នាក់។

លោក​បន្តថា “សកម្មភាព​វិនិយោគ​ និង​កា​ររ​សាងសង់​សំណង់​នៅ​ខេត្ត​នេះ បាននិងកំពុង​ចាប់ផ្តើមបណ្តើរៗឡើងវិញ ប៉ុន្តែ​មិនមាន​សកម្មភាព​មមាញឹក​ខ្លាំង​នោះទេ” ។

ខេត្ត​ព្រះសីហនុ​ត្រូវបាន​រាជរដ្ឋាភិបាល ដាក់បញ្ចូល​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥ ២០២៥ ដោយ​ប្រែក្លាយ​ខេត្ត​នេះ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ និង​ក្រោយមក​ប្រែក្លាយ​ខេត្ត​នេះជា​តំបន់​សេដ្ឋកិច្ច​ពហុ​បំណង។

ខេត្ត​ព្រះសីហនុ នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មានការ​រីកចំរើន​លើ​វិស័យ​សំណង់ និង​អចល​នទ្រព្យ​យ៉ាងខ្លាំង តាមរយៈ​ការ​មក​វិនិយោគ​របស់​ជនជាតិ​ចិនដែល​ធ្វើឱ្យ​ខេត្ត​មួយ​នេះ​មានឈ្មោះ​ល្បី​ទាំង​នៅក្នុង​តំបន់​និង​ពិភពលោក៕

ចំណេះដឹង! តើ​រដ្ឋាភិបាល​មាន​ចក្ខុវិស័យ​អ្វីខ្លះ​សំរាប់​ឆ្នាំ២០៣០ខាងមុខ?

ដោយ​វុត្ថា

ភ្នំពេញៈ ចក្ខុវិស័យ​របស់​រដ្ឋា​ភិ​បាល​កម្ពុជា  គឺ​ការ​ប្រែក្លាយ​កម្ពុជា​ឱ្យទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់ នៅក្នុង​ឆ្នាំ ២០៥០ ។

ដើម្បីឱ្យ​កម្ពុជា​សម្រេចបាន​នូវ​គោលដៅ​នេះ ក៏ដូចជា​ដើម្បី​ជួយ​ដល់​ប្រទេស​អភិ​វ ឌ្ឍ​ន៍​តិចតួច ឱ្យ​អាច​ចាក​ចេញពី​ភាពក្រីក្រ​បាន​ឆាប់រហ័ស ស្របតាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ២០៣០ ។

វិស័យ​សំខាន់​មួយចំនួន ដូចខាងក្រោម៖

ទី១ ការពង្រីក​ភាព​ប្រកួតប្រជែង របស់​បណ្តា​ប្រទេស​អភិវឌ្ឍន៍​តិចតួច និង​ជួយ​គាំទ្រ​ដល់​កម្មវិធី និង​ដំណើរការ​ចាកចេញ​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDC Graduation)។

ទី២ ការបន្ត និង​បង្កើន​ការផ្តល់​ភាពអនុគ្រោះ​នានា តាមរយៈ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ឬ ឯកតោភាគី ហើយ​សូម​ធ្វើការ​ពិចារណា​ឱ្យបាន​ដិតដល់ មុននឹង​ដាក់​វិធាន​ការព្យួរ ឬ​ដកចេញ​នូវ​ភាពអនុគ្រោះ​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច ព្រោះ​ការព្យួរ​ឬ​ដកចេញ​នេះ នឹង​ធ្វើឱ្យ​ប្រទេស​ទាំងនោះ មិន​អាចជួយ​ពិភពលោក​ឱ្យសម្រេចបាន នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​មិន​អាចជួយ​ពួកគេ​ឱ្យ​ចាកចេញ ពី​ឋានៈ​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បានឡើយ ដែល​ចលនា​នេះ គឺជា​ដំណើរ​ផ្ទុយ​ទាំងស្រុង ទៅនឹង​គោលដៅ​របស់​អង្គការសហប្រជាជាតិ និង អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។

ទី៣ ការកសាង​សមត្ថភាព ដើម្បី​ទាញយក​ផលប្រយោជន៍​ពី​ប្រភព​កំណើន​ថ្មី ជាពិសេស ផ្នែក​សេវាកម្ម និង​ការទទួលយក​បដិវត្ត​ឧស្សាហកម្ម​ទី៤ និង​ដើម្បី​ទាញយក​ផលប្រយោជន៍​ដែល​អាច​ទទួលបាន​ពី​សេដ្ឋកិច្ច​ឌីជីថល។

ទី៤ ការរៀបចំ​យុទ្ធសាស្ត្រ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​ផលិតផល​ចម្រុះ សំដៅ​បង្កើន​ការនាំចេញ ដែលជា​ប្រភព​ចំណូល​សម្រាប់​លើកកម្ពស់​សុខមាលភាព និង​ការងារ​ដល់​ស្ត្រី។

ទី៥ ការតភ្ជាប់​គោលនយោបាយ យុទ្ធសាស្ត្រ និង​ចក្ខុវិស័យ​នានា របស់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ជាមួយនឹង​ការវិវត្តន៍​សេដ្ឋកិច្ច​តំបន់ និង​ពិភពលោក។

ទី៦ ការបង្កើត​ន​វា​នុ​វត្ត និង​ជំរុញ​លើកកម្ពស់​ការអនុវត្ត​ន៍ថ្មីៗ តាមរយៈ​កៀរគរ​ហិរញ្ញប្បទាន​បន្ថែម ពី​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ក្រោម​ក្របខ័ណ្ឌ​នៃ​កិច្ចប្រជុំ​នេះ និង​កិច្ចប្រជុំ​ផ្សេងទៀត។

ទី៧ ការផ្តល់​ជំនួយ​នានា សម្រាប់​ការកែទម្រង់ និង​សម្រាប់​ការគាំទ្រ​ដល់​ការអនុវត្ត​កិច្ចព្រមព្រៀង​សម្រួល​ពាណិជ្ជកម្ម ពិសេស​លើ​ការងារ​កែទម្រង់​លិខិតបទដ្ឋាន​គតិយុត្តិ​នានា៕

ការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោសម្រេចបានជាង៨៥ភាគរយ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កំពុងត្រូវបានពន្លឿនការសាងសង់យ៉ាងសកម្មរបស់ក្រុមហ៊ុនសាង់សងចិន ដើម្បីបញ្ចប់នៅត្រឹមខែឧសភា ឆ្នាំ២០២១ តាមការគ្រោងទុក ខណៈដែលបច្ចុប្បន្នសម្រេចបានជាង៨៥ភាគរយហើយ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានមានប្រសាសន៍នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ថា ពហុកីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិនបានសាងសង់ប្រមាណជា៨៥ភាគរយហើយ ដែលគ្រោងនឹងបញ្ចប់ការសាងសង់រួចរាល់នៅខែឧសភា ឆ្នាំ២០២១ខាងមុខនេះ។

លោកបានបញ្ជាក់ថា “គិតមកដល់ពេលនេះ សំណង់បានសាងសង់ប្រមាណជា៨៥ភាគរយហើយ ដោយភាគីចិនបានពន្លឿនការងារបានច្រើន ក្នុងនោះបានបំពាក់ដំបូល ជារចនាបថក្បាច់ផ្កាចន្ទបាន ១០ភាគរយ ទៅ ២០ភាគរយ បំពាក់កៅអីមានពណ៌ចម្រុះបន្ថែម មានព៌ណស ខៀវ និងបៃតង។ បន្ទាប់ពីបញ្ចប់ការសាងសង់ ពហុកីឡដ្ឋាជាតិមរតកតេជោនឹងរៀបចំការប្រកួតសាកល្បង ដូចជាកីឡាបាល់ទាត់ ជាពិសេសការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិកម្ពុជា-ចិន ដើម្បីអបអរសាទរពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការឱ្យបានអធិកអធម និងជាការថ្លែងអំណរគុណដល់មិត្តចិនផងដែរ”។

តាមការបញ្ជាក់ពីក្រុមហ៊ុនសាងសង់ ពហុកីឡដ្ឋានជាតិមរតកតេជោនឹងបញ្ចប់ការសាងសង់នៅត្រឹមខែឧសភា ឆ្នាំ២០២១ ដោយត្រូវការពេលវេលាបន្ថែម ក្នុងការបំពាក់កៅអី កញ្ចក់ ការតុបតែងផ្សេងៗ ជាពិសេសគឺការតុបតែងផ្នែកខាងក្នុងកីឡដ្ឋានធំ ដូចជាទីលានបាល់ទាត់ ទីលានរត់អត្តពលកម្ម សណ្ឋាគារ បន្ទប់ VIP ដោយ សង្ឃឹមថា នៅពាក់កណ្តាលឆ្នាំ២០២១ នឹងបញ្ចប់ការសាងសង់កីឡដ្ឋានធំទាំងស្រុង ហើយនៅឆ្នាំ២០២២ ត្រៀមបើកសម្ពោធការប្រកួតកីឡាជាតិលើកទី៤នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោនេះដែរ ក៏មានភូមិកីឡាដែលកំពុងដំណើរការសាងសង់ដូចគ្នា ដែលជាកន្លែងហូបចុកស្នាក់នៅរបស់អត្តពលិក គ្រូបង្វឹក មន្ត្រីកីឡាបានប្រមាណ៧០០០នាក់ ហើយអាចកាត់បន្ថយការចំណាយលើការរៀបចំនេះបានច្រើន ដែលអត្តពលិក គ្រូបង្វឹកអាចហូបចុក ស្នាក់នៅទីនេះជុំគ្នា ផ្តល់ភាពងាយស្រួលក្នុងការប្រកួត ហើយមិនចំណាយលើការស្នាក់នៅសណ្ឋាគារ និងការដឹកជញ្ជូនជាដើម៕

ថ្នាំលាប Temple Paint របស់កូនខ្មែប្រើប្រាស់រូបមន្តចុងក្រោយរបស់អាល្លឺម៉ង់ កំពុងចាប់យកចំណែកទីផ្សារនៅកម្ពុជា

ដោយ៖ ប៊ី
ភ្នំពេញ៖ ផលិតផលថ្នាំលាប ថេមភល ផេន (Temple Paint) របស់ក្រុមហ៊ុន IMCT Co., Ltd ដែលជាផលិតផលបង្កើតឡើងដោយស្នាដៃកូនខ្មែរ ត្រូវបានផលិតឡើងដោយប្រើប្រាស់រូបមន្តចុងក្រោយបង្អស់នៃបច្ចេកវិទ្យាទំនើបរបស់ប្រទេសអាល្លឺម៉ង់ ដើម្បីបម្រើជូនទីផ្សារនៅកម្ពុជា។

ក្រុមហ៊ុន IMT Co., Ltd, បានឱ្យដឹង “ផលិតផលរបស់យើង បានផលិតតាមរូបមន្តចុងក្រោយបង្អស់ នៃបច្ចេកវិទ្យាទំនើបរបស់ប្រទេសអាល្លឺម៉ង់ ដែលមានភាពរឹងមាំ និងរលោង។

ក្រុមហ៊ុន បានឱ្យដឹងទៀតថា “ជាងនេះទៅទៀតជាប្រភេទថ្នាំដែលធន់នឹងទឹក អាចលាងសម្អាតបាន ដើម្បីអោយផ្ទៃជញ្ជាំងទាំងមូល រក្សានូវភាពស្អាត និងរឹងមាំបានយូរអង្វែង គ្មានធាតុផ្សំ APEO ដែលបង្ករផលប៉ះពាល់ទៅដល់ បរិស្ថាន អាចប្រើប្រាស់បាននៅក្នុងសំណង់ច្រើនប្រភេទ មានដូចជា បេតុង ជញ្ជាំងឥដ្ឋ ដែលបានបូកស៊ីម៉ង់ រួចជាស្រេច និងម្នាងសិលាគ្រប់ប្រភេទ រួមទាំងពិដាន ឬប្រើប្រាស់សម្រាប់ការតុងតែងផ្សេងៗ ការពារជញ្ជាំងផ្នែកខាងក្នុងជាមួយនឹងសារធាតុផ្សំមូលដ្ឋានដ៏ទៃទៀតបាន”។

ផលិតផលថ្នាំលាប ថេមភល ដែលផលិតដោយកូនខ្មែរនេះ បាននិងកំពុងទទួលបានការទទួលស្គាល់ពីអ្នកប្រើប្រាស់ និងអតិថិជនពីគុណភាពរបស់ផលិតផលថ្នាំលាប ថេមភល។

ក្រុមហ៊ុន IMCT Co., Ltd បានទទួលការអនុញ្ញាតិ ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបានប្រើឈ្មោះប្រាសាទអង្គរវត្ត ជាទីគោរពសក្ការៈ នៅក្នុងម៉ាកយីរហោ ផលិតផលថ្នាំលាប របស់ក្រុមហ៊ុន IMCT Co., Ltd។

ក្រុមហ៊ុន បានឱ្យដឹងទៀតថា ថេមផល ផេន ជាផលិតផល បង្កើតឡើងដោយកូនខ្មែរសុទ្ធសាធ ដើម្បីទុកជាការតបស្នងសងគុណ នូវឧបការៈគុណ ចំពោះបុព្វបុរសខ្មែរ ដើម្បីឱ្យមនុស្សក្នុងលោកចងចាំនូវឈ្មោះប្រាសាទនានា ដែលជាកេរិ៍ដំណែលដូនតាខ្មែរយើង។

ការធានាលើគុណភាពរបស់ផលិតផលថ្នាំលាប Temple Paint ក្នុងរយៈពេល១០ឆ្នាំ តែត្រូវចាំបាច់អនុវត្តន៍អោយបានខ្ចាប់ខ្ជួន ទៅតាមបទដ្ឋានបច្ចេកទេស៕

កម្ពុជា និងប្រទេសចំនួន៣ផ្សេងទៀតអនុម័តលើឯកសារក្របខណ្ឌស្ដីពីការអភិវឌ្ឍ និងគម្រោងអាទិភាពសម្រាប់ប្រទេស

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ មេដឹកនាំប្រទេសកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី រួមជាមួយនឹងប្រទេសឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV) បានអនុម័តទៅលើផែនការសកម្មភាពសម្រាប់ប្រទេសទាំង៤ សម្រាប់ឆ្នាំ២០២១-២០២២ ដែលផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការក្នុងគោលបំណងជំរុញការអភិវឌ្ឍ និងគម្រោងអាទិភាពសម្រាប់ប្រទេស។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក កៅ គឹមហួន បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រោយកិច្ចប្រជុំកំពូលមេដឹកនាំប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV) នាព្រឹកថ្ងៃទី៩ ខែធ្នូនេះ តាមប្រព័ន្ធវីដេអូ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបួន បានអនុម័តលើសេចក្តីថ្លែងការណ៍ ៣សំខាន់ ក្នុងនោះ គឺសេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំកំពូលនៃប្រទេសទាំងបួន អនុម័តលើឯកសារក្របខណ្ឌស្ដីពីការអភិវឌ្ឍនៃប្រទេសទាំងបួន និងបញ្ជីគម្រោងអាទិភាព សម្រាប់ប្រទេសទាំងបួន។

ថ្នាក់ដឹកនាំ CLMV ក៏បានប្ដេជ្ញាជំរុញការតភ្ជាប់លើវិស័យដឹកជញ្ជូន បច្ចេកវិទ្យា អភិវឌ្ឍន៍ធនធានមនុស្ស ពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីជំរុញការកាត់បន្ថយគម្លាត នៃសមាជិកនីមួយៗនៃប្រទេសទាំងបួន។ កិច្ចប្រជុំកំពូលនេះ គឺផ្ដោតសំខាន់ ទៅលើការជំរុញការតភ្ជាប់តំបន់ ប្រកបដោយប្រសិទ្ធភាព និងជំរុញឲ្យកិច្ចសហប្រតិបត្តិការកាន់តែមានការកើនឡើង។

ថ្នាក់ដឹកនាំ ប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការធ្វើសមាហរណកម្មអាស៊ាន និងការកសាងសហគមន៍អាស៊ាន ជាពិសេសការជំរុញការតភ្ជាប់គ្រប់វិស័យ ដូចជាវិស័យដឹកជញ្ជូន ថាមពល ICT និងអាកាសចរស៊ីវិលផងដែរ។ មួយទៀត គឺការតភ្ជាប់រយករវាងប្រជាជន និងប្រជាជន ដោយផ្ដោតទៅលើការអភិវឌ្ឍធនធានមនុស្ស។ កន្លងទៅនេះ ទៅវៀតណាម ក៏បានផ្ដល់អាហារូបករណ៍ជាច្រើនកន្លែងដល់កម្ពុជា ឡាវ មីយ៉ាន់ម៉ា ជាមួយនឹងការអភិវឌ្ឍការតភ្ជាប់ទេសចរណ៍ រវាងប្រទេសទាំង៤ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជំរុញជម្រុញការលើកកម្ពស់សមាហរណកម្មនៅក្នុងតំបន់ ផ្តោតលើការជំរុញពាណិជ្ជកម្ម និងការវិនិយោគ ដោយបន្តលុបបំបាត់នូវឧបសគ្គទាំងឡាយ ដែលរាំងស្ទះដល់ការធ្វើពាណិជ្ជកម្ម ដោយជំរុញលំហូរពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសទាំងបួនផងដែរ។ ជាងនេះទៀត គឺការសមាហរណកម្មតំបន់ប្រកបដោយប្រសិទ្ធភាព ទាមទារនូវការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការដឹកជញ្ជូនថាមពលពាណិជ្ជកម្ម ដែលមានទំហំធំនេះ។

សម្ដេចក៏បានជំរុញឲ្យមានការបង្កើនកិច្ចសហប្រតិបត្តិការ លើបច្ចេកវិទ្យាព័ត៌មានទូរគមនាគមន៍ ឲ្យកាន់តែល្អប្រសើរថែមទៀត និងការជំរុញការអភិវឌ្ឍ និងពង្រឹងធនធានមនុស្ស អប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈជាដើម ដើម្បីជំរុញភាពប្រកួតប្រជែង ដើម្បីជំរុញកាត់បន្ថយគម្លាត នៃការអភិវឌ្ឍនៃប្រទេសទាំងបួន។ សម្ដេចតេជោ បានអំពាវនាវឲ្យមានការកៀរគរ ស្វែងរកការជួយគាំទ្រពីបណ្ដាប្រទេសចិន កូរ៉េខាងត្បូង ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោកជាដើម៕

ប្រមុខដឹកនាំកំពូលកម្ពុជា ឡាវ និងវៀតណាម បានអនុម័តលើផែនការអភិវឌ្ឍន៍ទេសចរណ៍តំបន់អភិវឌ្ឍន៍ត្រីកោណ

        ដោយគង់ សូរិយា

        ភ្នំពេញៈ ប្រមុខដឹកនាំកំពូលប្រទេសកម្ពុជា ឡាវ និងវៀតណាម បានអនុម័តលើផែនការអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា ឡាវ និងវៀតណាមក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ ឆ្នាំ២០២០-២០២៥ និងចក្ខុវិស័យឆ្នាំ ២០៣០ (Tourism Development Plan for CLV Development Triangle Area 2020-2025, vision for 2030)។

ការអនុម័តលើផែនការអភិវឌ្ឍន៍ទេសចរណ៍ រវាងប្រទេសទាំងបីនេះ បានត្រូវធ្វើឡើង នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ នាកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម  (CLV DTA) លើកទី១១ តាមរយៈប្រព័ន្ធវីដេអូconference។

ផែនការអភិវឌ្ឍន៍ទេសចរណ៍តំបន់អភិវឌ្ឍន៍ត្រីកោណ (CLV DTA) គឺជាឯកសារយុទ្ធសាស្ត្រតំបន់ ដែលភ្ជាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ នៃខេត្តចំនួន១៣ ក្នុងប្រទេសកម្ពុជា (ខេត្តចំនួន ៤: ក្រចេះ ស្ទឹងត្រែង រតនគិរី:គីរី និងមណ្ឌលគីរី) ឡាវ (ខេត្តចំនួន ៤) និងវៀតណាមខេត្ត(ចំនួន៥) ក្នុងចក្ខុវិស័យ ដើម្បីប្រែក្លាយតំបន់អភិវឌ្ឍន៍ត្រីកោណ ជាតំបន់សមាហរណកម្ម ក្នុងការអភិវឌ្ឍន៍គោលដៅទេសចរណ៍ ប្រកបដោយនិរន្តភាព និងការទទួលខុសត្រូវ លើកកម្ពស់គុណភាពសេវាកម្មក្នុងអេកូទេសចរណ៍ កសិទេសចរណ៍ សហគមន៍ទេសចរណ៍ ទេសចរណ៍ផ្សងព្រេង និងបេតិកភ័ណ្ឌ ដែលចូលរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជានក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម៕

ប្រា​សាក់ ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​រៃអង្គាស​ថវិការ​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩

ដោយ ស្រី​ណា​ង

ភ្នំពេញ៖ ប្រា​សាក់ ដែលជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​អាជ្ញាប័ណ្ណ​ស្របច្បាប់​ពី​ធនាគារជាតិ​នៃ​កម្ពុជា បាន​បង្កើត​យុទ្ធនាការ «រួមគ្នា​ទិញ​វ៉ាក់សាំង​ដើម្បី​កម្ពុជា» ដើម្បី​ឆ្លើយតប​នឹង​សេចក្ដីប្រកាស​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​នាពេលថ្មីៗនេះ​អំពី​ការបរិច្ចាគ​សប្បុរសធម៌​ដើម្បី​ប្រមូល​ថវិកា​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ សម្រាប់​ការពារ​អាយុជីវិត​ប្រជាជន​កម្ពុជា។ យុទ្ធនាការ​នេះ​អនុញ្ញាតឱ្យ​អតិថិជន​ប្រា​សាក់​និង​សាធារណជន​អាច​ចូលរួម​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​បាន​យ៉ាង​ងាយស្រួល​តាមរយៈ​ការផ្ទេរ​ប្រាក់​ចូលទៅ​កាន់​គណនី​ប្រា​សាក់ ‘Covid-19 Vaccine Fund’ ដើម្បី​ប្រគល់ជូន​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រា​ប់​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ចាក់​ជូន​ប្រជាជន​កម្ពុជា។

អតិថិជន​ប្រា​សាក់​និង​សាធារណជន អាច​ចូលរួម​បរិច្ចាគ​តាម​ការស្ម័គ្រចិត្ត​តាម​គណនី​ដូចខាងក្រោម៖

ឈ្មោះ​គ្រឹះស្ថាន៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ ម.ក
ឈ្មោះ​គណនី៖ Covid-19 Vaccine Fund
លេខ​គណនី​ជា​ប្រាក់រៀល៖ 022518960025
លេខ​គណនី​ជា​ប្រាក់​ដុល្លារ៖ 022518960014

អតិថិជន​ប្រើប្រាស់​កម្មវិធី PRASAC Mobile Banking អាច​ស្កេ​ន QR កូដ ដែល​ភ្ជាប់​ជូន​នេះ​ដើម្បី​ផ្ទេរប្រាក់​បរិច្ចាគ​ទៅក្នុង​គណនី​ខាងលើនេះ​បាន​យ៉ាង​ងាយស្រួល។ ហើយ​អតិថិជន​របស់​គ្រឹះស្ថាន​ផ្សេង​ក៏​អាច​ផ្ទេរប្រាក់​ចូលក្នុង​គណនី​នេះ​ផងដែរ​ដោយ​ប្រើ​សេវា​ទូទាត់​បាគង ឬ សេវា​ផ្ទេរ​មូលនិធិភ្លាម។

លោក សាយ សូ​នី អនុប្រធាន​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់ បាន​មានប្រសាសន៍ថា «ប្រា​សាក់ សូម​ចូលរួមចំណែក​ផ្ដល់​ភាពងាយស្រួល​ជូន​អតិថិជន​ប្រា​សាក់​និង​សាធារណជន​តាមរយៈ​គ​ណ​នី​ប្រា​សាក់ “Covid-19 Vaccine Fund” នេះ។ លោកអ្នក​អាច​ចូលរួម​បរិច្ចាគ​ថវិកា​តាម​លទ្ធភាព និង​តាម​ការស្ម័គ្រចិត្ត​ដោយ​គ្រាន់តែ​ប្រើប្រាស់​កម្មវិធី PRASAC Mobile Banking ឬ តាម​ម៉ាស៊ីន​អេ​ធី​អឹម​ប្រា​សាក់។ រាល់​ថវិកា​ទាំងអស់​ដែល​ទទួលបាន​នឹង​ប្រគល់ជូន​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ចាត់ចែង​ទិញ​វ៉ាក់សាំង​ចាក់​បង្ការ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ជូន​ដល់​ប្រជាជន​កម្ពុជា​យើង»។

លោក សូ​នី បន្តថា «តាងនាម​ឱ្យ​ថ្នាក់​គ្រប់គ្រង​ប្រា​សាក់ យើងខ្ញុំ​សូម​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ស្មោះ​អស់ពីដួងចិត្ត​ចំពោះ​អតិថិជន និង​សាធារណជន​ក្នុងការ​ចូលរួម​បរិច្ចាគ​ថវិកា​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល និង​សូម​គោរព​ជូនពរ​លោកអ្នក​មាន​សុខភាព​ល្អ សុវត្ថិភាព និង​ចៀស​ផុតពី​ជំងឺ​កូ​វីដ-១៩» ៕

រដ្ឋាភិបាលសម្រេចលើកលែងការបងថ្លៃបន្តអាជ្ញាប័ណ្ណអាជីវកម្មទេសចរណ៍គ្រប់ប្រភេទសម្រាប់ឆ្នាំ២០២១

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងទេសចរណ៍បានសម្រេចប្រកាសលើកលែងការបង់ថ្លៃបន្តអាជ្ញាប័ណ្ណអាជីវកម្មទេសចរណ៍គ្រប់ប្រភេទសម្រាប់ឆ្នាំ២០២១ ដើម្បីជួយសម្រាលបន្ទុក ដល់អាជីវកម្មក្នុងវិស័យទេសចរណ៍ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺ Covid-19។

នៅក្នុងសេចក្តីជូនដំណឹងចេញដោយក្រសួងទេសចរណ៍ដែលគេហទំព័រ Property Area Asia ទទួលបាននៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ដើម្បីជួយរក្សាលំនឹងអាជីវកម្ម និងជីវភាពកម្មករ-និយោជិតក្នុងវិស័យទេសចរណ៍ រាជរដ្ឋាភិបាលបានសម្រេចលើកលែងការបង់ថ្លៃបន្តអាជ្ញាប័ណ្ណទេសចរណ៍គ្រប់ប្រភេទ នៅក្នុងវិស័យទេសចរណ៍សម្រាប់ឆ្នាំ២០២១ ដែលនឹងចាប់អនុវត្តពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

ក្រសួងទេសចរណ៍បានបញ្ជាក់ថា ប្រតិបត្តិករទេសចរណ៍នៅតែមានកាតព្វកិច្ចស្នើសុំបន្តអាជ្ញាប័ណ្ណទេសចរណ៍សម្រាប់ឆ្នាំ២០២១ ហើយការស្នើសុំអាជ្ញាប័ណ្ណទេសចរណ៍ថ្មីគ្រប់ប្រភេទ និងការអនុវត្តវិន័យអន្តរការណ៍ជាប្រាក់សម្រាប់អាជ្ញាប័ណ្ណទេសចរណ៍ហួសសុពលភាព ត្រូវរក្សាការអនុវត្តការបង់កម្រៃដដែលស្របតាមប្រកាសអន្តរក្រសួងស្តីពីការផ្តល់សេវាសាធារណៈ និងការពិន័យជាប្រាក់ដោយក្រសួងទេសចរណ៍។

ក្រោមឥទ្ធិពលនៃផលប៉ះពាល់ពីការរីករាលដាលជំងឺ Covid-19 រាជរដ្ឋាភិបាលបានសម្រេចលើកលែងផ្នែកពន្ធដារដល់ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ដែលជាផ្នែកមួយនៃវិធានការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចក្រោយវិបត្តិជំងឺនេះ។ ដោយឡែកតាមរយៈតួលេខពីក្រសួងទេសចរណ៍បង្ហាញថា ចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកទស្សនាកម្ពុជា មានចំនួន ១,២៦ លាននាក់ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២០ ធ្លាក់ចុះប្រមាណ ៧៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩៕