ដោយ: គង់ សូរិយា
ភ្នំពេញ: អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង គ្រោងនឹងដាក់ឱ្យដំណើរប្រតិបត្តិការហោះហើរ នាខែមិថុនាខាងមុខនេះ ខណៈបច្ចុប្បន្ននេះបានកំពុងធ្វើតេស្តសម្ភារៈឬឧបករណ៍ផ្សេងៗ ដើម្បីធានាថា នឹងដំណើរការដោយល្អប្រសើរនិងដោយរលូន។
លោកស៊ិន ចាន់សិរីវុត្ថា មន្រ្តីអ្នកនាំពាក្យ និងជារដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៥ មិនានេះថា បន្ទាប់ពីបញ្ចប់ការសាងសង់រួចរាល់កាលពីខែធ្នូ ឆ្នាំ២០២០កន្លងមក បច្ចុប្បន្ននេះក្រុមហ៊ុនកំពុង ដំណើរការស្នើសុំវិញ្ញាបនបត្រពីក្រសួង ដើម្បីបើកប្រតិបត្តិការឱ្យយន្តហោះអាចចុះថតបាន។
លោកបន្តថា “បច្ចុប្បន្នអាកាសចរណ៍ស៊ីវិលកំពុងពិនិត្យ ដើម្បីផ្តល់វិញ្ញាបនបត្រត្តិការនេះ ដោយត្រូវការពេលវេលារយៈពេល៦ខែ ដើម្បីធានាថាក្រុមហ៊ុនបានធ្វើតេស្តស ម្ភារៈ និងឧបករណ៍បានរលូនហើយ ទើបចេញវិញ្ញាបនបត្រឱ្យក្រុមហ៊ុនដាក់ដំណើរការ នូវព្រលានយន្តហោះនេះ”។លោកបន្តថា “ហេតុនេះបើតាមពេលវេលាកំណត់ ការហោះហើរនឹងអាចចាប់ផ្តើមនៅខែមិថុនាខាងមុខនេះ”។
លោកស៊ិន ចាន់សិរីវុត្ថាបានបញ្ជាក់ថា កាពិតការសាងសង់ព្រលាននេះ ត្រូវចប់ហើយប៉ុន្តែត្រូវធ្វើតេស្តសាកល្បង ហើយការដាក់ពាក្យស្នើសុំវិញ្ញាបណ្ណបត្រ មានរយៈពេល៦ខែ ចាប់ពីសាងសង់ឡើងទៅ អញ្ចឹងរយះពេលនឹងសាកល្បងផង ធ្វើតេស្តផង ដាក់ពាក្យស្នើសុំផងដល់ញ្ចឹងផ្សំគ្នាទំាងអស់។ លោកបន្តថា ការធ្វើតេស្តសាកល្បងធម្មតាទេ ត្រូវយកកប៉ាល់ហោះមកតេស្ត ត្រូវយកឧបករណ៍មកតេស្ត តេស្តឧបករណ៍ដែលបំពាក់ហើយ វាដើរស្រួលអត់ ហើយពាក់ព័ន្ធជាមួយកប៉ាល់ហោះ។
អាកាសយានដ្ឋានអន្តរជាតិតារាសាគរ មានតម្លៃសរុបប្រមាណ៣៥០លានដុល្លារ ត្រូវបានអភិវឌ្ឍន៍ ដោយក្រុមហ៊ុនចិនChinese Firm Tianjin Union Development Group (UDG) ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាលកម្ពុជា សម្រាប់សាងសង់ព្រលានយន្តហោះ និងការអភិវឌ្ឍតំបន់ផ្សេងៗទៀត នៅក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង ក្បែរនឹងឈូងសមុទ្រថៃ៕