ដោយៈគង់ សូរិយា
ភ្នំពេញៈ ប៉ុន្មានទសវត្សរ៍កន្លងមក ជប៉ុនបានដើរតួនាទីជាអ្នកផ្តល់ជំនួយឥតសំណង និងប្រាក់កម្ចីច្រើនជាងគេ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គកម្ពុជា មុនពេលចិនចូលមកជំនួស។
ជាមួយនឹងការគាំទ្រជាបន្តបន្ទាប់ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តររជាតិនៃប្រទេសជប៉ុន(JICA) ដែលជាសេនាធិការរបស់រដ្ឋាភិបាលជប៉ុន ក្នុងការផ្តល់ជំនួយទាំងហិរញ្ញវត្ថុ បច្ចេកទេសដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍៍នានា JICAក៏បានដើរតួនាទីយ៉ាងសកម្មក្នុងការជួយរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់បន្ថយភាពក្រីក្រ និងជួយរៀបចំកសាងច្បាប់បទដ្ឋានគតិយុត្តិនានា ដើម្បីធ្វើឲ្យប្រសើរឡើងនូវបរិយាកាស វិនិយោគនៅកម្ពុជាផងដែរ។
នៅក្នុងបរិបទនេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់ប្រទេសកម្ពុជា។
ក្នុគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម របស់រដ្ឋាភិបាលឆ្នាំ២០១៥ ២០២៥ រាជរដ្ឋាភិបាលបានផ្តោតអាទិភាព លើគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្ស កសាងហេដ្ឋារចនាសម្ព័ន្ឋ កាត់បន្ថយការិយាធិបតេយ្យ និងកាត់បន្ថយថ្លៃទឹកភ្លើង ដែលមានតម្លៃថ្លៃជាងគេ ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់។ អ្វីកាន់តែពិសេសនោះ គឺកម្ពុជាកំពុងធ្វើបដិវត្តន៍កំលាំងពលកម្ម ដោយផ្លាស់ប្តូរសេដ្ឋកិច្ចពីការប្រើប្រាស់អតិពលកម្ម ទៅជាកំលាំងពលកម្មដែលមានជំនាញ ដែលអាចឲ្យប្រជាពលរដ្ឋទាញយកចំណូលបានកាន់តែច្រើន។
ឆ្លើយតបបញ្ហានេះ JICAបាននិងកំពុងចូលរួមលើការបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីផលិតកម្លាំងជំនាញ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ដែលកំពុងកើនឡើង ជាពិសេសនៅពេលព្រះរាជាណាចក្រកម្ពុជា ឈានចូលបដិវត្តន៍ឧស្សាហកម្ម ៤.០ ដែលនៅតែជាអាទិភាពកំពូលមួយ។
ប៉ុន្តែវិស័យនេះនៅតែជួបបញ្ហាប្រឈមជាច្រើន រួមមាន កង្វះហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បរិក្ខារឧបករណ៍សម្រាប់អនុវត្ត សម្ភារៈអនុវត្តន៍ សមត្ថភាពថ្នាក់គ្រប់គ្រងនូវមានកម្រិត និងកង្វះគ្រូបច្ចេកទេស ដូចដែលមានចែងក្នុងផែនការមេរបស់ អ.ប.វ ឆ្នាំ ២០២១-២០២៥។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការគាំទ្រពីចៃកាបានផ្តួចផ្តើម «គម្រោងកែលម្អគុណភាព អ.ប.វ ដើម្បីឆ្លើយតបទៅនឹងតម្រូវការឧស្សាហកម្ម» នៅក្នុងឆ្នាំ ២០១៥ ដើម្បីអភិវឌ្ឍកម្លាំងពលកម្មជំនាញ ដែលនឹងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ហើយគ្រោងនឹងបញ្ចប់នៅក្នុងខែមីនា។
គម្រោងទាំងនេះ គឺផ្អែកលើសសរស្តម្ភចំនួន៥ ដែលមួយក្នុងចំណោមនោះរួមមានការអភិវឌ្ឍកញ្ចប់បណ្តុះបណ្តាលស្តង់ដា (STP) សម្រាប់សញ្ញាបត្រកម្រិតខ្ពស់ផ្នែកអគ្គិសនីផ្តល់នូវការបណ្តុះបណ្តាលកញ្ចប់ ស្តង់ដាដល់គ្រូជំនាញ បង្កើតប្រព័ន្ធក្នុងការផ្សព្វផ្សាយកញ្ចប់ស្តង់ដា ទៅវិទ្យាស្ថានបណ្តុះបណ្តាលដទៃទៀត ដែលមិនស្ថិតក្រោមការសាកល្បងរបស់គម្រោង បង្កើតប្រព័ន្ធដើម្បីថែរក្សា គ្រប់គ្រងសម្ភារៈ និងឧបករណ៍នៅវិទ្យាស្ថានបណ្តុះបណ្តាលក្រោមគម្រោងចៃកា និងការពង្រឹងភាពជាដៃគូរវាងវិស័យឧស្សាហកម្ម និងវិទ្យាស្ថានបណ្តុះបណ្តាល។
ជាមួយគ្នានេះJICA បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការងារ និងវិទ្យាស្ថានអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជា ពង្រឹងភាពជាដៃគូរវាងឧស្សាហកម្ម និងវិទ្យាស្ថានបណ្តុះបណ្តាល អ.ប.វ ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ។
ជាលទ្ធផលវិទ្យាស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានអះអាងថា ក្រុមហ៊ុនឯកជនជាច្រើន បានសម្តែងនូវការពេញចិត្តខ្ពស់ ចំពោះការងាររបស់សិស្ស សិក្ខាកាម ដែលបានបញ្ចប់ការសិក្សាពីវិទ្យាស្ថាន ដែលស្ថិតក្រោមគម្រោងរបស់JICA ។
កញ្ចប់ស្តង់ដាកម្មវិធីសិក្សាជាតិ កម្រិតសញ្ញាបត្រជាន់ខ្ពស់ដំបូងគេ ត្រូវបានផលិតឡើង និងអនុម័តយល់ព្រមពីក្រុមប្រឹក្សាបណ្តុះបណ្តាលជាតិ កាលពីខែកញ្ញា ឆ្នាំ ២០២០។
JICAក៏បានរៀបចំសិក្ខាលាស្តីអំពី ការផ្ទេរនូវបច្ចេកទេសក្នុងការប្រើប្រាស់នូវឧបករណ៍ផ្គុំថ្មី ក្នុងការហ្វឹកហាត់ត្រូវបានធ្វើឡើងជាច្រើនដង។ បន្ថែមពីនេះទៀត ការសហការរវាងនាយកដ្ឋានព័ត៌មានទីផ្សារការងារ ដើម្បីរៀបចំធ្វើទិវា អ.ប.វ ជាតិការផ្លាស់ប្តូរព័ត៌មានជាមួយទីភ្នាក់ងារជាតិ មុខរបរស្តីអំពី ពិពណ៌ផលិតផល និងការងារ និងការរៀបចំនូវការប្រកួតប្រជែងជំនាញ។
ជនរងគ្រោះដោយគ្រោះទឹកជំនន់ និងជំងឺកូវីដ ១៩
ចៃកាបាននិងកំពុងធ្វើការជាមួយក្រសួងសុខាភិបាល ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលតាមរយៈហិរញ្ញប្បទានឥតសំណង និងកិច្ចសហប្រតិបត្តិការបច្ចេកទេសរបស់ខ្លួនចាប់តាំងពីឆ្នាំ ១៩៩៥។
មន្ទីរពេទ្យ និងបរិក្ខារវេជ្ជសាស្ត្រត្រូវបានកែលម្អឱ្យប្រសើរឡើងនៅឯមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក (NMCHC) មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន (CENAT) មន្ទីរពេទ្យមង្គលបុរី មន្ទីរពេទ្យខេត្តកំពង់ចាម មន្ទីរពេទ្យខេត្តព្រះសីហនុ មន្ទីរពេទ្យខេត្ត ស្វាយរៀង មន្ទីរពេទ្យខេត្តបាត់ដំបង និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
ការធ្វើឱ្យប្រសើរឡើងនូវជំនាញ របស់បុគ្គលិកសុខាភិបាល ត្រូវបានធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការបច្ចេកទេសរបស់ចៃកា ដូចជា គម្រោងលើកកម្ពស់ប្រព័ន្ធគ្រប់គ្រង ការត្រួតពិនិត្យ និងវាយតម្លៃ ការពង្រឹងប្រព័ន្ធអភិវឌ្ឍន៍ធនធានមនុស្សនៃសហវេជ្ជសាស្ត្រ និងគម្រោងលើកកម្ពស់ការថែទាំបន្តនៅកម្ពុជា ផ្តោតលើការថែទាំស្ត្រី និងទារកក្នុងពេលសម្រាល និងក្រោយពេលសម្រាល។
ចៃកាបានផ្តល់នូវសម្ភារ SuperScript III Platinum និងប្រព័ន្ធ One-Step Quantitative RT PCR ដល់វិទ្យាស្ថានប៉ាស្ទ័រ (IPC) ដែលជាផ្នែកមួយនៃជំនួយទប់ស្កាត់ជំងឺកូវីដ ១៩ របស់ខ្លួនកាលពីខែកក្កដា។
ដើម្បីបង្កើនសមត្ថភាពពិនិត្យរកជំងឺកូវីដ១៩ ចៃកាបានផ្តល់ឧបករណ៍ SuperScript III Platinum និង One-Step Quantitative RT PCR to IPC ចំនួន ៨ ទៀតទៅឱ្យ IPC នៅថ្ងៃទី ៦ ខែកុម្ភៈ ខណៈដែលឧបករណ៍ QIAamp Viral RNA Mini Kit ចំនួន ៨ ផ្សេងទៀតបានបញ្ចូលទៅក្នុងមជ្ឈមណ្ឌលនេះកាលពីថ្ងៃទី ១៨ ខែកុម្ភៈ។
ចៃកាក៏នឹងផ្តល់ឧបករណ៍ស្កេនកំដៅ (thermography) ចំនួនបី រួមទាំងកុំព្យូទ័រយួរដៃ និងជើងកាមេរ៉ានៅក្នុងខែមេសា ទៅដល់ NMCHC សម្រាប់ពិនិត្យរកជំងឺកូវីដ ១៩។ ចៃកា ក៏បានលើកកម្ពស់ការយល់ដឹងសុខភាពនៅថ្នាក់មូលដ្ឋាន ក្រោមកម្មវិធីពង្រឹងអំណាចសហគមន៍របស់ខ្លួន “លើគម្រោងលើកកម្ពស់ការការពារជំងឺកូវីដ១៩ តាមរយៈការផ្សព្វផ្សាយនៅតាមសហគមន៍”។
នៅក្នុងគម្រោងនេះ ការបណ្តុះបណ្តាលស្តីពី ការទប់ស្កាត់ត្រូវបានផ្តល់ដល់កម្មករវាយនភ័ណ្ឌចំនួន៣១២ នាក់នៅក្រុងបាវិត ខេត្តស្វាយរៀង។ នៅខេត្តស្វាយរៀងក៏មានការចែកជូន ម៉ាស់ និងជែលលាងដៃ ដល់បុគ្គលិកមណ្ឌលសុខភាព និងកម្មកររោងចក្រផងដែរ។ លើសពីនេះទៀត ដើម្បីលើកកម្ពស់អនាម័យក្នុងចំណោមជនរងគ្រោះដោយទឹកជំនន់កាលពីខែតុលា។
ការអភិរក្សបឹងទន្លេសាប
ចៃកាក៏សកម្ម នៅក្នុងគម្រោងការពារបរិស្ថានផងដែរ។ ភាពជាដៃគូស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព (SATREPS) គឺជាគំនិត ផ្តួចផ្តើមផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារួមជាមួយជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដើម្បីជំរុញការស្រាវជ្រាវអន្តរជាតិរួមគ្នា ដោយប្រើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើបពីប្រទេសជប៉ុន។
ទីភ្នាក់ងារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជប៉ុន (JST) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានសហការគ្នាដើម្បីលើកកម្ពស់ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្រិតសកល។
“ការបង្កើតវេទិកាអភិរក្សបរិស្ថាននៃបឹងទន្លេសាប” គឺជាគម្រោងរយៈពេល៥ឆ្នាំ ដែលមានការឧបត្ថម្ភថវិកាដោយ JICA និង JST។ នៅប្រទេសជប៉ុនគម្រោងនេះដឹកនាំដោយវិទ្យាស្ថានបច្ចេកវិទ្យាទីក្រុងតូក្យូ (Tokyo Tech) សហការជាមួយវិទ្យាស្ថានយុទ្ធសាស្ត្របរិស្ថានសកល (IGES) និងសាកលវិទ្យាល័យយ៉ាម៉ាហ្គាតា (YU)។
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) កំពុងដឹកនាំគម្រោងនេះ ដោយសហការជាមួយក្រសួងបរិស្ថាន (MOE) អាជ្ញាធរទន្លេសាប (TSA) ក្រសួងធនធានទឹក និងឧតុនិយម (MOWRAM) ក្រសួងអប់រំយុវជន និងកីឡា (MOEYS) និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ។
អ្នកជំនាញមានគោលបំណង ដើម្បីបង្កើតឧបករណ៍វិភាគបរិស្ថានទឹក សម្រាប់បឹងទន្លេសាប (TSL) និងបង្កើតវេទិកាអភិរក្សបរិស្ថាន តាមរយៈការស្រាវជ្រាវគោលនយោបាយ និងការអភិវឌ្ឍឧបករណ៍។
ចៃកាបានចែកខិត្តប័ណ្ណផ្សព្វផ្សាយ ក្នុងទម្រង់ប្រតិទិនឆ្នាំ២០២១ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់ប្រជាជន ជាពិសេសសិស្សសាលាដែលរស់នៅក្នុង និងជុំវិញបឹងទន្លេសាបអំពីភាពចាំបាច់ និងសារៈសំខាន់នៃការផ្គត់ផ្គង់ទឹកស្អាត អនាម័យត្រឹមត្រូវ និងល្អលើសុខភាពសាធារណៈ។
របាយការណ៍គោលនយោបាយ ដែលឆ្លុះបញ្ចាំងពីរបកគំហើញសំខាន់ៗ មួយចំនួន និងការណែនាំផ្នែកគោលនយោបាយ ផ្អែកលើភ័ស្តុតាងពីគម្រោង SATREPS នេះក៏អាចរកបានតាមរយៈ https://www.iges.or.jp/en/pub/tonlesapsatreps/en ។
ក្រៅពីនេះ ខ្សែវីដេអូឃ្លីបស្តីពីគម្រោង SATREPS នេះក៏ត្រូវបានបង្កើតឡើង ដែលផ្តល់នូវការយល់ដឹងកាន់តែច្បាស់ អំពីការផ្លាស់ប្តូរបរិស្ថាននៅបឹងទន្លេសាប នាពេលថ្មីៗនេះ និងផលប៉ះពាល់របស់វាទៅលើប្រជាជនក្នុងតំបន់ ការចិញ្ចឹមជីវិត និងសុខភាពសាធារណៈក៏ដូចជាការពិភាក្សាអំពីមធ្យោបាយនានាស្តីពីវិធានការណ៍ចាំបាច់សម្រាប់ដោះស្រាយបញ្ហាទាំងនេះ ដែលអាចរកបានតាមរយៈ https://www.youtube.com/watch?v=8cvUyD6mpxk&t=41s ។
កាលពីថ្ងៃទី ៤-៥ ខែកុម្ភៈ ឆ្នាំ ២០២១ ចៃកា បានរៀបចំសន្និសីទអន្តរជាតិលើកទី៥ស្តីពីការអភិរក្ស និងការគ្រប់គ្រងបឹងត្រូពិក ដែលត្រូវបានធ្វើឡើងស្របជាមួយនឹងសន្និសីទថ្នាក់តំបន់លើកទី១៣ ស្តីពីវិស្វកម្មគីមីឆ្នាំ២០២០ (RCChE-2020) តាមរយៈប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីអ្នកជំនាញ អ្នកស្រាវជ្រាវ និងអ្នកពាក់ព័ន្ធជាច្រើនក្នុងវិស័យវិស្វកម្មបរិស្ថាន។
សន្និសិទនេះ ក៏បានរួមបញ្ចូលនូវកិច្ចប្រជុំ គណៈកម្មការសម្របសម្រួលរួមលើកទី៥ស្តីពី គម្រោងបង្កើតវេទិកាអភិរក្សបរិស្ថាន នៃបឹងទន្លេសាប (JCC) ដើម្បីពិនិត្យមើលលទ្ធផលនៃគម្រោង ក៏ដូចជាសមិទ្ធិផល និងបញ្ហាប្រឈមរបស់គម្រោងនៅឆ្នាំ ២០២០ ព្រមទាំងដាក់ចេញផែនការសកម្មភាព សម្រាប់ការបញ្ចប់គម្រោងនៅខែមិនា ឆ្នាំ ២០២២។
អ្នកស្ម័គ្រចិត្តជប៉ុន
ទន្ទឹមនឹងនេះដែរ កម្មវិធីអ្នកស្ម័គ្រចិត្តសហប្រតិបត្តិការជប៉ុន នៅក្រៅប្រទេស (JOCV) ត្រូវបានផ្អាកជាបណ្តោះអាសន្នអស់រយៈពេល៩ខែ ចាប់តាំងពីខែមីនាឆ្នាំមុន ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។
អ្នកស្ម័គ្រចិត្តជាង១៨០០ នាក់នៅទូទាំងពិភពលោក បូករួមទាំងអ្នកស្ម័គ្រចិត្តចំនួន ២០ រូប នៅក្នុងប្រទេសកម្ពុជា ត្រូវបានជម្លៀសខ្លួនឱ្យវិលត្រឡប់ទៅប្រទេសជប៉ុនវិញ។
ទោះជាយ៉ាងណាក្តីដោយមានការខំប្រឹងប្រែង ពីរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្តាត់នូវការរាតត្បាតនៃជំងឺនេះ អ្នកស្ម័គ្រចិត្តអាចវិលត្រឡប់ ចូលប្រទេសកម្ពុជាវិញនាខែធ្នូ ឆ្នាំ ២០២០ និងបានបន្តសកកម្មភាពរបស់ពួកគេផងដែរ។
ទោះមានបញ្ហាប្រឈមក្តី ការប្រកាសជ្រើសរើស និងការបញ្ជូនអ្នកស្ម័គ្រចិត្ត នឹងត្រូវធ្វើឡើងតាមគ្រោងទុក ចៃការ នឹងចាប់ផ្តើមជ្រើសក្នុងសរទរដូវនេះ។
សម្រាប់ឆ្នាំនេះ អ្នកស្ម័គ្រចិត្តប្រមាណ៣០រូបទៀត នឹងត្រូវបានបញ្ជូនមកកម្ពុជា ក្នុងនោះមានផ្នែក សុខាភិបាល បណ្តុះបណ្តាលវិជ្ជាជីវៈ ផ្នែកអប់រំ និងកីឡា ដូចជា អប់រំថ្នាក់បឋមសិក្សា អប់រំវិទ្យាសាស្ត្រ អប់រំកាយ កីឡា ហែលទឹក និងកីឡាបាល់ទាត់៕