ដោយៈ សុខា ខេង
ភ្នំពេញៈ លោកខេង សុខាអ្នកវិភាគសេដ្ឋកិច្ច និងសង្គមមួយរូបបានចែករំលែកទស្សនមួយចំនួន ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច គឺត្រូវការសរសរស្តម្ភចំនួន៧ជំហ៊ាន។
១. យុត្តិធម៌ និងតម្លាភាព (Trust & Transparency)
សេដ្ឋកិច្ចរីកចម្រើនទៅបាន លុះត្រាតែ “ច្បាប់” ជាអាទិភាព។ នៅពេលអ្នកវិនិយោគមានទំនុកចិត្តថា គេមិនត្រូវបានគេបោកប្រាស់ ឬកេងចំណេញដោយអំណាចងងឹត នោះលុយនឹងហូរចូលដូចទឹកបាក់ទំនប់។ បើគ្មានយុត្តិធម៌ទេ សេដ្ឋកិច្ចនោះគ្រាន់តែជា “ពពុះសាប៊ូ” ប៉ុណ្ណោះ។
២. ការវិនិយោគលើ “ខួរក្បាល” (Human Capital)
ពង្រឹងគុណភាពអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ (TVET)។ ប្រទេសមួយរីកចម្រើនទៅបាន លុះត្រាតែប្រជាពលរដ្ឋមាន “បញ្ញា” និង “ជំនាញ” ច្បាស់លាស់ មិនមែនគ្រាន់តែជា “កម្លាំងពលកម្មថោក” នោះឡើយ។ ធនធានធម្មជាតិ (ប្រេង មាស រ៉ែ) អាចនឹងអស់ថ្ងៃណាមួយ ប៉ុន្តែ “ចំណេះដឹង” មិនចេះរីងស្ងួតទេ។
ប្រទេសដែលឆ្លាត គេវិនិយោគលើការអប់រំ និងបច្ចេកវិទ្យា។ កាលណាពលរដ្ឋមានបញ្ញា គេនឹងក្លាយជា “ម៉ាស៊ីនបង្កើតលុយ” ឱ្យជាតិ មិនមែនជា “ម៉ាស៊ីនដកលុយ” របស់មេដឹកនាំឡើយ។
៣. ការគាំទ្រសហគ្រាសធុនតូច និងមធ្យម (SMEs)
វិស័យSMEs គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។ រដ្ឋគួរមានយន្តការផ្តល់កម្ចីដែលមានអត្រាការប្រាក់ទាប និងផ្តល់ការប្រឹក្សាបច្ចេកទេសដល់ម្ចាស់អាជីវកម្មក្នុងស្រុក ដើម្បីឱ្យពួកគេអាចឈរជើងបានរឹងមាំ។
៤. ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ (Connectivity)
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋដូចជា ផ្លូវ ស្ពាន កំពង់ផែ និងអ៊ីនធឺណិតល្បឿនលឿន គឺជា “សរសៃឈាម” នៃសេដ្ឋកិច្ច។ បើការដឹកជញ្ជូនថោក និងលឿន ផលិតផលក្នុងស្រុកនឹងមានប្រៀបជាងសត្រូវនៅលើទីផ្សារអន្តរជាតិ។
៥. ការកាត់បន្ថយចំណាយលើអាជីវកម្ម (Lowering Business Costs)
តម្លៃអគ្គិសនី និងដឹកជញ្ជូន៖ បើធៀបនឹងប្រទេសជិតខាង តម្លៃទាំងនេះនៅខ្ពស់ ដែលធ្វើឱ្យផលិតផលយើងពិបាកប្រកួតប្រជែង។ ការកាត់បន្ថយអំពើពុករលួយ និងនីតិវិធីស្មុគស្មាញ៖ សម្រួលការចុះបញ្ជី និងការបង់ពន្ធឱ្យមានភាពងាយស្រួល និងមានតម្លាភាពបំផុត។
៦. ការបើកចំហ និងការប្រកួតប្រជែង (Openness & Competition)
សេដ្ឋកិច្ចដែល “ផ្ដាច់មុខ” ដោយក្រុមគ្រួសារនិយម ឬបក្សពួកនិយម គឺជាសេដ្ឋកិច្ចដែលជិតស្លាប់។ គេត្រូវបើកឱ្យមានការប្រកួតប្រជែងសេរី អ្នកណាខ្លាំង អ្នកណាល្អ អ្នកនោះឈ្នះ។
នេះទើបបង្កើតឱ្យមាន “នវានុវត្តន៍” (Innovation) ថ្មីៗ។
៧. ស្ថិរភាពនយោបាយ និងគោលនយោបាយច្បាស់លាស់ (Stability & Predictability)
អ្នករកស៊ីគេខ្លាចបំផុតគឺ “ការប្រែប្រួល”។ បើគោលនយោបាយសេដ្ឋកិច្ចច្បាស់លាស់ មិនប្រែប្រួលតាមអារម្មណ៍មេដឹកនាំ នោះសេដ្ឋកិច្ចនឹងមានលំនឹងយូរអង្វែង។
សេចក្តីសន្និដ្ឋានបែប “យុទ្ធសាស្ត្រ” សេដ្ឋកិច្ចដែលរឹងមាំ គឺជាសេដ្ឋកិច្ចដែល “ផ្តល់ឱកាសឱ្យមនុស្សគ្រប់គ្នា” មិនមែនផ្តល់ឱកាសតែឱ្យអ្នកមាន “ខ្សែ” នោះទេ។ កាលណាពលរដ្ឋម្នាក់ៗមានឱកាសរីកចម្រើន នោះសរុបមកវិញ ជាតិទាំងមូលនឹងរឹងមាំ៕






