តើកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសកើនដល់ប៉ុន្មានទីតាំងហើយ?

0

ដោយៈ និស្ស័យ

    ភ្នំពេញៈ តំបន់សេដ្ឋកិច្ចពិសេស បាននិងកំពុងបន្តដើរតួនាទីសំខាន់ក្នុងការទាក់ទាញការវិនិយោគ លើវិស័យឧស្សាហកម្មមកកាន់កម្ពុជា។

    យោងតាមរបាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញក្នុងពិធីមួយ នៅខេត្តស្វាយរៀង កាលពីចុងសប្តាហ៍មុនថា តំបន់សេដ្ឋកិច្ចពិសេស នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការទាក់ទាញ ការវិនិយោគនៅកម្ពុជា ដែលរហូតមកទល់ពេលបច្ចុប្បន្ន កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន៥២តំបន់ ដែលកំពុងដំណើរការមានចំនួន២៨តំបន់ ដោយបានស្រូបយកគម្រោងវិនិយោគប្រមាណ៨៣៥គម្រោង ក្នុងទំហំទឹកប្រាក់វិនិយោគជាង១១,៧ពាន់លានដុល្លារអាមេរិក និងបានផ្តល់ការងារជូនបងប្អូនកម្មករនិយោជិតប្រមាណជាង១៩,៥ម៉ឺនកន្លែង។

ដោយឡែក នៅក្នុងខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសចំនួន១២ ដែលកំពុងដំណើរការ ហើយបានស្រូបទាញគម្រោងវិនិយោគប្រមាណ២៨០គម្រោង ក្នុងទុនវិនិយោគប្រមាណ៣ពាន់លាន ដុល្លារអាមេរិក និងបានផ្តល់ការងារជូនបងប្អូនកម្មករ និយោជិតប្រមា​ណ៩៨,០០០កន្លែង។

សម្រាប់តំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត បានស្រូបយកគម្រោងវិនិយោគចំនួន១១គម្រោង ហើយវិស័យដែលគួរឱ្យកត់សម្គាល់នោះគឺការផលិតសំបកកង់យានយន្ត ដែលជាឧស្សាហកម្មមួយថ្មី និងប្រើប្រាស់បច្ចេកវិទ្យាខ្ពស់មិនធ្លាប់មាននៅកម្ពុជា។ ក្នុងចំណោមគម្រោងវិនិយោគផលិតសំបកកង់យានយន្តចំនួន៦ ដែលមានវត្តមាននៅកម្ពុជា ក្នុងនោះមានគម្រោងវិនិយោគ ផលិតសំបកកង់យានយន្តចំនួន២ ដែលបោះទីតាំងវិនិយោគ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ក្នុងនោះមានគម្រោងវិនិយោគមួយ ដែលយើងកំពុងចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់រោងចក្ររបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ (ខេមបូឌា) ឯ.ក WANLI TIRE (CAMBODIA) CO., LTD. នាពេលនេះ៕

សមាគមCVEAបង្កើតគណៈកម្មការដើម្បីទទួលស្វាគមន៍អ្នកវិនិយោគអន្តរជាតិ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA)បានសម្រេចបង្កើតគណៈកម្មការមួយ ដើម្បីធ្វើការផ្សព្វផ្សាយ និងចាប់ដៃគូជាមួយអ្នកធុរកិច្ចអន្តរជាតិ ដែលចង់ចូលមកវិនិយោគក្នុងវិស័យសំំណង់ និងអចលនទ្រព្យ។

    លោកស៊ា ឆៃលីន ដែលទើបត្រូវបានតែងតាំងជាអនុប្រធានសមាគមនេះ បាននិងកំពុងរៀបចំដឹកនាំគណៈកម្មការនេះ ដោយលោកបានមានប្រសាសន៍ឲ្យដឹង កាលពីចុងសប្តាហ៍មុនថា លោកបាននិងកំពុងរៀបចំគ្រោងឆ្អឹង និងសមាសភាពមូយចំនួន ដែលត្រូវមានផែនការយុទ្ឋសាស្រ្ត និងគោលដៅច្បាស់លាស់ ដើម្បីជួយដល់វិស័យនេះ និងជួយដល់អ្នកវិនិយោគ ដែលចូលមកប្រទេសកម្ពុជា។

    លោកបញ្ជាក់ថា “នៅក្នុងសមាគមយើងមានទម្រង់ការងារ និងក្រុមដែលមានជំនាញច្បាស់លាស់មួយ សម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា”។ លោកបន្តថា “ហេតុនេះ អ្នកវិនិយោគអន្តរជាតិចូលមក មានក្រុមរបស់សមាគមដែលអាចទុកចិត្តបាន ដោយសារយើងមានវិជ្ជាជីវៈ ក្រមសីលធ៌ម និងច្បាស់លាស់លើផ្នែកនិមួយៗ”។

    លោកស៊ា ឆៃលីនបានបន្តថា គណៈកម្មការនេះ នឹងធ្វើការជាសេនាធិការជាមួយក្រសួងស្ថាប័នពាក់ព័ន្ឋ ដោយនៅពេលពួកគាត់ទាក់ទាញអ្នកវិនិយោគពីបរទេសមក គឺមានសមាគមដែលមានអ្នកជំនាញ ដើម្បីជួយសម្របសម្រួលក្នុងកិច្ចការងារនេះ។

    លោកបន្តថា “អ្នកវិនិយោគបទេស ដែលយើងផ្តោតសំខាន់គឺកូរ៉េ ជប៉ុន តៃវ៉ាន់ ហុងកុង ចិន និងបណ្តាអ្នកធុរកិច្ច មកពីបណ្តាប្រទេសជាសមាជិកអាស៊ាន”៕

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងៈ ការទិញផ្ទះជាការល្អបំផុតដោយសារហេតុផលមួយចំនួន

0

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ ជាអ្នកជំនាញលោកបណ្ឌិត គីម ហ៊ាង ស្ថាបនិកបុរីវិមានសំណាង បានលើកឡើងថា នៅឆ្នាំ២០២៥នេះ គឺជាឆ្នាំដែលល្អបំផុតសម្រាប់ការទិញផ្ទះ ខណៈផ្ទះដែលបានសង់រួចរាល់ជាច្រើន កំពុងនៅសល់នៅក្នុងទីផ្សារ។

លោកបានពន្យល់ថា នៅឆ្នាំ២០២១ ២០២២ និង២០២៣ ចំនួនផ្ទះ ដែលបានសាងសង់រួចរាល់នៅសល់ច្រើន ដែលធ្វើឱ្យម្ចាស់ផ្ទះមួយចំនួនចង់បញ្ចេញលក់ឱ្យអស់។ ទន្ទឹមគ្នានេះ ធនាគារមួយចំនួនក៏អាចនៅសល់លុយ ដែលទទួលបានពីការដាក់ប្រាក់បញ្ញើ កាលពីឆ្នាំ២០២៤ ដែលត្រូវបញ្ចេញឱ្យអ្នកស្វែងរកប្រាក់កម្ចី។ នេះគឺជាឱកាសសម្រាប់អ្នកដែលចង់ទិញផ្ទះ ហើយបង់រំលស់ជាមួយធនាគារ។

លោកបានពន្យល់បន្តថា វាជាឱកាសយ៉ាងម៉េច? គឺធនាគារមួយចំនួន នៅឆ្នាំ២០២៤បានទទួលប្រាក់បញ្ញើច្រើន ដែលត្រូវការបញ្ចេញ រកអ្នកមកខ្ចី។ អ្នកអភិវឌ្ឍន៍លំនៅដ្ឋានដែលសង់ផ្ទះ នៅសល់ផ្ទះ អីចឹងនៅឆ្នាំ២០២៥នេះ អ្នកដែលចង់ទិញ គួរទៅទិញផ្ទះ។

លោកបញ្ជាក់ថា “យុទ្ធសាស្រ្តដែលខ្ញុំប្រាប់ស្រួលទេ គឺនាំគ្នាទៅទិញលើសពីមួយផ្ទះ ដើម្បីអាចចរចាបញ្ចុះតម្លៃ”។

លោកឧកញ៉ាបណ្ឌិតគីម​ ហ៊ាបបានបន្ថែមថា បច្ចុប្បន្ននេះ ផ្ទះដែលមានតម្លៃ១០ម៉ឺនដុល្លារ ប្រសិនបើចរចាឱ្យបញ្ចុះមក៧ម៉ឺន ឬ៨ម៉ឺន គេនឹងអាចលក់ ព្រោះផ្ទះដែលសង់ហើយ គេមិនចង់ទុកនាំឱ្យខូចនោះទេ ដូច្នេះហើយម្ចាស់នឹងសប្បាយចិត្តលក់ ក្នុងតម្លៃដែលបានបញ្ចុះសមរម្យមួយ។

អ្វីដែលពិសេសជាងនេះទៅទៀតនោះ រដ្ឋាភិបាលក៏ផ្តល់ភាពអនុគ្រោះលើការមិនបង់ពន្ធប្រថាប់ត្រា ចំពោះអ្នកទិញផ្ទះលើកដំបូង ដែលមានតម្លៃក្រោម២០ម៉ឺនដុល្លារ។ ដូច្នេះហើយ បើមិនទិញក្នុងឆ្នាំ២០២៥ទេ គឺគ្មានឆ្នាំណាដែលល្អជាងនេះនោះទេ។ ប្រសិនបើរងចាំ២ទៅ៣ឆ្នាំទៀតបាន អាចនឹងមិនបានតម្លៃល្អ ឬលក្ខខណ្ឌល្អនោះទេ៕

រាជធានីភ្នំពេញ និងខេត្តសៀមរាបជាប់ក្នុងចំណោមគោលដៅទេសចរណ៍ពេញនិយម និងល្អបំផុតទាំង២៥ នៅឆ្នាំនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ខេត្តសៀមរាបរបស់ប្រទេសកម្ពុជាបានជាប់ឈ្មោះជាគោលដៅមួយក្នុងចំណោមគោលដៅល្អបំផុតនៅឆ្នាំ២០២៥ របស់គេហទំព័រ Tripadvisor ខណៈរាជធានីភ្នំពេញត្រូវបានបញ្ចូលក្នុងបញ្ជីគោលដៅដែលកំពុងពេញនិយម។

ខេត្តសៀមរាបបានជាប់ចំណាត់ថ្នាក់ទី១៤ ក្នុងចំណោមគោលដៅទេសចរណ៍ចំនួន២៥ នៅក្នុងបញ្ជី “Travelers’Choice Awards Best of the Best” ដែលប្រាសាទអង្គរវត្តត្រូវបានពិពណ៌នាថា ជាប្រាសាទសាសនាដ៏ធំបំផុតមួយក្នុងពិភពលោក រួមជាមួយនឹងទីក្រុងអង្គរធំនាសតវត្សទី១២ ជាហេតុផលចម្បងដែលត្រូវមកទស្សនាខេត្តសៀមរាប។

ទីភ្នាក់ងារ Tripadvisor បានសរសេរនៅលើគេហទំព័ររបស់ខ្លួនថា “ភ្ញៀវទេសចរណ៍ដែលមកទស្សនាខេត្តសៀមរាបអាចទទួលបានមេរៀនប្រវត្តិសាស្ត្រនៅភូមិវប្បធម៌កម្ពុជា និងមេរៀនក្នុងការចរចាតម្លៃទំនិញនៅផ្សាររាត្រីអង្គរ តូបលក់ទំនិញ អាជីវករលក់អាហារ និងបារ”។

ទីក្រុងឡុងដ៍នៃប្រទេសអង់គ្លេសជាប់ចំណាត់ថ្នាក់លេខ១នៅក្នុងបញ្ជីខាងលើ តាមពីក្រោយដោយកោះបាលីរបស់ប្រទេសឥណ្ឌូនេស៊ី និងទីក្រុងឌូបៃក្នុងប្រទេសអេមីរ៉ាត់អារ៉ាប់រួម។

Tripadvisor សរសេរបន្តថា ខេត្តសៀមរាបក៏ជាប់ចំណាត់ថ្នាក់ទី១០ក្នុងបញ្ជីគោលដៅទេសចរណ៍វប្បធម៌ផងដែរ ដោយសារទិដ្ឋភាពសិល្បៈរស់រវើក និងបេតិកភណ្ឌយ៉ាងសំបូរបែប ដែលទាក់ទាញអ្នកធ្វើដំណើរជុំវិញពិភពលោក។

រាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់ទី១៧ នៅក្នុងចំណោមគោលដៅទេសចរណ៍ចំនួន២៥ ដែលកំពុងពេញនិយម(Trending)។ ត្រង់ចំណុចនេះ Tripadvisor បានលើកឡើងថា “អ្នកធ្វើដំណើរដែលមានបំណងចំណាយប្រាក់តិចនឹងពេញចិត្តចំពោះបន្ទប់សណ្ឋាគារដែលមានតម្លៃសមរម្យនៅរាជធានីភ្នំពេញ”។

Tripadvisor បានគូសបញ្ជាក់​ថា “ភ្ញៀវទេសចរ​ណ៍ក៏​អាច​ស្វែង​យល់​ពីសំណង់អគារ​ប្រវត្តិសាស្ត្រ​ក្នុងសម័យអាណានិគម​បារាំង​នៅទីក្រុងភ្នំពេញផងដែរ។ ក្រៅពីនេះ វាលពិឃាតបឹងជើងឯក ជាការរំលឹកពីអតីតកាលដ៏សោកនាដកម្មរបស់កម្ពុជា ខុសផ្ទុយស្រឡះពីទីក្រុង ដែលកំពុងមានការរីកចម្រើននាពេលបច្ចុប្បន្ននេះ”។

កាលពីឆ្នាំ២០២៤កន្លងទៅ ភ្ញៀវទេសចរណ៍បរទេសសរុបចំនួន៦,៧លាននាក់បានធ្វើដំណើរចូលមកទស្សនាប្រទេសកម្ពុជា ដែលភាគច្រើនមានប្រភពមកពីប្រទេសថៃ វៀតណាម ចិន ឡាវ និងសហរដ្ឋអាមេរិក៕​ប្រភព: Tripadvisor៕

តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃច័ន្ទនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីរបាយការណ៍បង្ហាញថា ទីផ្សារការងាររបស់សហរដ្ឋអាមេរិកបានកើនឡើងដោយមិននឹកស្មានដល់នៅក្នុងខែធ្នូ ឆ្នាំ២០២៤ ដោយអត្រាអ្នកអត់ការងារធ្វើបានធ្លាក់ចុះមកនៅត្រឹមចំនួន៤,១ភាគរយ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,១៤ភាគរយដល់២៦៨៥,៩២ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,០១ភាគរយដល់២៧១៤,៨០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៥នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួនជាង៩៧,៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី២៩ ខែមករានេះ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០៩,៨៨ពិន្ទុនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៩,៦៥ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៣៨ភាគរយដល់៣១,១៩ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,៥ភាគរយដល់៩៩១,១ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,២ភាគរយដល់៩៦៦,៥ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៨នាទីព្រឹក៕

តើគំរោងហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន១២ ដែលរដ្ឋាភិបាលគ្រោងសាងសង់ស្ថិតនៅទីណាខ្លះ?

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ អ្នកជំនាញសេដ្ឋកិច្ច និងប្រមុខរដ្ឋាភិបាលសុទ្ឋតែបានផ្តល់សារៈសំខាន់ដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ ដើម្បីជម្រុញនិងបង្កើនល្បឿនកំណើនសេដ្ឋកិច្ចជាតិ។

    ជាក់ស្តែងពីរទសវត្សរ៍ចុងក្រោយនេះ រដ្ឋាភិបាលបានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋតូចធំ ទូទាំងប្រទេសក្នុងទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក ក្រោមជំនួយពីដៃគូអភិវឌ្ឍន៍ និងកការវិភាជន៍ថវិការបស់រដ្ឋាភិបាល។

លោក ស៊ុន ចាន់​ថុល ឧបនាយករដ្ឋមន្រ្តី និង​ជា​អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ស្នើ​ឲ្យ​​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន​ដែលមានលោក ប៉េង ពោធិ៍នា ជា​រដ្ឋមន្រ្តី ខិត​ខំ​ពន្លឿននីតិវិធី​ក្នុង​ការ​អនុវត្ត​ គម្រោង​អភិវឌ្ឍ​​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​-ស្ពាន​​សំខាន់​ៗ​ចំនួន​១២​គម្រោង ដែល​ជា​ឥណទាន​សម្បទាន និង​ហិរញ្ញប្បទាន​ឥត​សំណងពី​បណ្តា​ប្រទេស​ជា​មិត្ត និង​ដៃគូ​អភិវឌ្ឍន៍នានា។

ថ្លែងនៅក្នុង​ពិធី​បិទ​សន្និបាតបូក​សរុប​លទ្ធផល​ការងារ ​របស់​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន​កាលពីពេល​ថ្មីៗ​នេះ លោក ស៊ុន ចាន់ថុល បាន​លើក​ពី​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​-ស្ពាន សំខាន់​ៗ​ទាំង១២ ដែល​ជា​គម្រោង​​យុទ្ធសាស្រ្តក្នុង​ការ​ជំរុញ​នីតិវិធី ធ្វើ​យ៉ាងណាអាច​ឈានទៅ​​​ចុះ​កិច្ចព្រមព្រៀង​ បើក​ការដ្ឋាន​សាងសង់​នាពេល​ខាង​មុខ​​ក្នុង​នោះ​​រួម​មាន​​៖

ទី១ ផ្លូវជាតិលេខ៥០សេ និងស្ពានឆ្លងកាត់ទន្លេសាបពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ។

ទី២ កំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ)។

ទី៣ ផ្លូវជាតិលេខ៥៧(បាត់ដំបង-អូរព្រះ)

ទី៤ កំណាត់ផ្លូវជាតិលេខ៦ (ត្រពាំងធំ-ស្លក្រាម)

ទី៥ -ផ្លូវជាតិលេខ៦៧ (សៀមរាប-អន្លង់វែង-ជាំ/សាដាំ)

ទី៦ -ផ្លូវជាតិលេខ៦៨ (ក្រឡាញ់-អូរស្មាច់)

ទី៧ កំណាត់ផ្លូវជាតិលេខ៧ (រមាត-ត្រពាំងគៀល) (រង់ចាំជំនួយឥតសំណង)

ទី៨ ផ្លូវជាតិលេខ៧០បេ (ទន្លេបិទ-ស្រីសន្ធរ-ព្រែកតាមាក់-ក្រុងអរិយក្សត្រ-ល្វាឯម- ពាមរក៍)

ទី៩ ផ្លូវជាតិលេខ៨ (ព្រែកតាមាក់-ក្រែក)

និងទី១០ ផ្លូវជាតិ​តភ្ជាប់​ពី​ខេត្ត​បាត់ដំបង​ទៅ​ខេត្ត​សៀមរាប និង​ស្ពាន​មិត្តភាព​កម្ពុជា-កូរ៉េ។

លើសពីនេះ លោកស៊ុន ចាន់ថុលបានជំរុញ​កិច្ចសហការ​រវាង​ក្រុម​ការងារ​បច្ចេកទេស នៃ​ក្រសួងសាធារណការ និង ដឹកជញ្ជូននិង​ក្រុមហ៊ុន​វិនិយោគ រួមទាំង​ភាគី​ពាក់ព័ន្ធ​លើការសិក្សា​លម្អិត ​ដើម្បីឈានទៅ​ការ​អនុវត្តគម្រោងផ្លូវល្បឿនលឿនភ្នំពេញ -សៀមរាប-ក្រុង ប៉ោយប៉ែត ក្រោម​ក្របខ័ណ្ឌភាពជាដៃគូរវាងរដ្ឋ និង​ឯកជន។

ក្នុង​ចំណោម​គម្រោង​សំខាន់​ៗ ដែល​លោកស៊ុន ចាន់​ថុល ស្នើ​ឲ្យ​ខិតខំ​ពន្លឿន​នីតិវិធីទាំង១២គម្រោង ​លោក ស៊ុន ចាន់ថុល ​បាន​លើក​យក​គម្រោង​អាទិភាព​ទី​១ ដែលលោក​ផ្តល់​អនុសាសន៍ដល់​​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូនខិតខំ​សម្រេច​ឲ្យ​បាន ​នៅ​ក្នុង​ឆ្នាំ​២០២៤ គឺ​គម្រោង​សាងសង់​ផ្លូវជាតិ ៥០​C ​ដែលប្រើប្រាស់​​ថវិកា​ពី​រដ្ឋាភិបាល​ចិន ​មាន​ប្រវែង​ប្រមាណ​៥៨គីឡូ​ម៉ែត្រ ក្នុង​នោះ​មាន​ស្ពាន​ប្រវែង ៣៣០០ម៉ែត្រ ដែល​តភ្ជាប់​ពី​ខេត្ត​កំពង់ឆ្នាំង​ទៅ​​ខេត្ត​កំពង់ធំ​ ដោយ​ត្រូវ​ចរចា​តម្លៃ​ជា​មួយ​មិត្ត​ចិន ដើម្បី​អាច​ឈាន​ទៅ​បើក​ការដ្ឋាន​សាងសង់​​ឲ្យបាន​ឆាប់​បំផុត​៕

រដ្ឋាភិបាលជប៉ុន និងវិស័យឯកជនកំពុងបោះទុនវិនិយោគក្នុងវិស័យអវកាស ដើម្បីប្រជែងនឹងក្រុមហ៊ុនអាមេរិក SpaceX

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុន Toyota របស់ប្រទេសជប៉ុនកំពុងបណ្តាក់ទុនវិនិយោគ៤៤លានដុល្លារនៅក្នុងក្រុមហ៊ុនរ៉ុក្កែតជប៉ុន Interstellar Technologies ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនយក្ស SpaceX របស់កំពូលមហាសេដ្ឋីពិភពលោក លោក Elon Musk ។

ក្រុមហ៊ុនផលិតរថយន្តមួយនេះមានគោលបំណងជួយដល់ក្រុមហ៊ុនរ៉ុក្កែតជប៉ុន Interstellar Technologies ក្នុងការផលិតរ៉ុក្កែត ដែលមានតម្លៃទាប សំដៅពង្រីកទីផ្សារអវកាសពាណិជ្ជកម្ម។

ការវិនិយោគនេះគូសបញ្ជាក់ឱ្យឃើញអំពីមហិច្ឆិតារបស់រដ្ឋាភិបាលជប៉ុនក្នុងការជំរុញវិស័យអវកាសក្នុងស្រុករបស់ខ្លួន ដែលពិបាកប្រកួតប្រជែងជាមួយក្រុមហ៊ុនយក្ស ដូចជា SpaceX ជាដើម។

ករណីបាញ់បង្ហោះគ្រាប់រ៉ុក្កែតដោយជោគជ័យរបស់ប្រទេសជប៉ុននៅតែមានចំនួនតិចតួច បើប្រៀបធៀបនឹងសហរដ្ឋអាមេរិក និងប្រទេសចិន ដែលបានបាញ់រ៉ុក្កែតរាប់សិបគ្រាប់ ឬចំនួនជាង១០០គ្រាប់ក្នុងមួយឆ្នាំៗ។

ក្រុមហ៊ុនជប៉ុន Interstellar Technologies មានគោលបំណងបាញ់បង្ហោះរ៉ុក្កែតឱ្យបានចំនួន៣០គ្រាប់ក្នុងមួយឆ្នាំៗ នៅដើមទសវត្សរ៍ឆ្នាំ២០៣០។ ប៉ុន្តែ ក្រុមហ៊ុននេះបានទទួលស្គាល់ពីតម្រូវការចាំបាច់លើការផ្លាស់ប្តូររចនាសម្ព័ន្ធនៃឧស្សាហកម្មអវកាសរបស់ប្រទេសជប៉ុន។

ក្រុមហ៊ុន Interstellar Technologies គ្រោងនឹងប្រើប្រាស់ជំនាញផ្នែកផលិតកម្មរបស់ក្រុមហ៊ុន Toyota ដើម្បីជំរុញដំណើរការផលិតគ្រាប់រ៉ុក្កែតប្រកបដោយគុណភាពខ្ពស់ សន្សំសំចៃ និងអាចផ្លាស់ប្ដូរទំហំរ៉ុក្កែតបាន។

រដ្ឋាភិបាលជប៉ុនក៏បានផ្តល់ការគាំទ្រដល់វិស័យនេះផងដែរ ដោយបានបង្កើតមូលនិធិយុទ្ធសាស្រ្តក្នុងទំហំទឹកប្រាក់ចំនួន១ទ្រីលានយ៉េន(ប្រមាណ៦,៣ពាន់លានដុល្លារ)សម្រាប់ជួយក្រុមហ៊ុនទើបចាប់ផ្តើមអាជីវកម្មថ្មី(Startups) ក្រុមហ៊ុនផលិត និងស្ថាប័នស្រាវជ្រាវ ដែលទាក់ទងនឹងលំហអវកាស៕ប្រភព: The Times Of India៕

ទីផ្សារអចលនទ្រព្យរបស់ម៉ាឡេសុី និងសិង្ហបុរីនឹងទទួលផលវិជ្ជមានពីតំបន់សេដ្ឋកិច្ចពិសេសរួមរវាងប្រទេសទាំង២

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យ Juwai IQI អះអាងថា តំបន់សេដ្ឋកិច្ចពិសេស Johor-Singapore (JS-SEZ) ត្រូវបានគេរំពឹងថា នឹងផ្លាស់ប្តូរទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសម៉ាឡេស៊ី និងសិង្ហបុរី។

លោក Kashif Ansari សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Juwai IQI លើកឡើងថា “រដ្ឋ Johor នឹងទទួលបានលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) សកម្មភាពផលិតកម្ម ទេសចរណ៍ និងសកម្មភាពអចលនទ្រព្យ”។

លោក​បាន​បន្តថា កំណើន​នេះ​នឹង​ជះឥទ្ធិពល​រាលដាលទៅកាន់​​ប្រទេស​ម៉ាឡេស៊ី​ទាំងមូល ​ដោយ​ពង្រីកវិសាលភាពអត្ថប្រយោជន៍​កាន់តែធំ។

អ្នកជំនាញរូបនេះបានអះអាងថា“នៅក្នុងសេណារីយ៉ូវិជ្ជមាន កំណើនសេដ្ឋកិច្ចរបស់រដ្ឋ Johor នឹងកើនឡើងកាន់តែលឿនជាងមុន។ រដ្ឋនេះនឹងជួយបង្កើនផលទុនជាតិសរុប (GDP) របស់ម៉ាឡេសុីចន្លោះពី០,៥%ទៅ០,៩%ក្នុងរយៈពេលមួយទសវត្សរ៍ក្រោយ”។

លោកបានបញ្ជាក់ថា “នោះមានន័យថា តំបន់សេដ្ឋកិច្ចពិសេសថ្មី អាចចាក់បញ្ចូលទំហំទឹកប្រាក់ចន្លោះពី១០,៨ពាន់លានរីងហ្គីតទៅ១៩,៨ពាន់លានរីងហ្គីត ទៅក្នុងសេដ្ឋកិច្ចជាតិរបស់ប្រទេសម៉ាឡេស៊ីក្នុងរយៈពេល១០ឆ្នាំខាងមុខ”។

ទាក់ទងនឹងវិស័យអចលនទ្រព្យ លោក Kashif បានបញ្ជាក់ថា តំបន់ JS-SEZ នឹងទាក់ទាញក្រុមហ៊ុន និងអ្នកវិនិយោគកាន់តែច្រើនទៅកាន់រដ្ឋ Johor។ ដូច្នេះ ការណ៍នេះនឹងបង្កើនតម្រូវការលំនៅដ្ឋាន ការិយាល័យ ឧស្សាហកម្ម និងភស្តុភារ ព្រមទាំងជំរុញតម្លៃដីធ្លីសម្រាប់ការអភិវឌ្ឍន៍ផងដែរ។

លោកបន្តទៀតថា “នៅពេលដែលលំហូរទំនិញ ប្រជាជន និងអាជីវកម្មរវាង រដ្ឋ Johor និងសិង្ហបុរី ត្រូវបានសម្រួលឱ្យកាន់តែរលូន នោះសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរនឹងកើនឡើង”។

លោកបានមានប្រសាសន៍ឱ្យដឹងបន្ថែមថា “បណ្តាក្រុមហ៊ុននានានឹងមិនចាំបាច់ជ្រើសរើសថា តើខ្លួនគួរវិនិយោគនៅប្រទេសម៉ាឡេស៊ី ឬសិង្ហបុរីនោះទេ ពីព្រោះតំបន់ JS-SEZ នឹងផ្តល់ឱ្យក្រុមហ៊ុនទាំងនោះនូវគុណសម្បត្តិរួមគ្នារបស់ប្រទេសទាំងពីរ បូករួមទាំងការលើកទឹកចិត្តបន្ថែម”៕ប្រភព: NST Online៕

ស្ថាប័នជំនាញព្យាករណ៍ថា ការផ្គត់ផ្គង់ការិយាល័យនៅប្រទេសថៃនឹងកើនឡើង១,១លានម៉ែត្រការ៉េក្នុងរយៈពេល៣ឆ្នាំ

0

ដោយ: គង់ លាងហួរ
បាងកក: ក្រុមហ៊ុនផ្តល់សេវាកម្មអចលនទ្រព្យពាណិជ្ជកម្មឈានមុខគេមួយបានព្យាករណ៍ថា ការផ្គត់ផ្គង់ការិយាល័យនៅក្នុងប្រទេសថៃនឹងកើនឡើង១,១លានម៉ែត្រការ៉េក្នុងរយៈពេល៣ឆ្នាំខាងមុខ ដែលអាចនាំទៅដល់ការផ្គត់ផ្គង់លើសតម្រូវការ។

ក្រុមហ៊ុន Colliers Thailand បានព្រមាននៅក្នុងរបាយការណ៍ត្រីមាសទី៤ ឆ្នាំ២០២៤ ថា ការផ្គត់ផ្គង់ការិយាល័យមានការកើនឡើង ស្របពេលដែលតម្រូវការមានការធ្លាក់ចុះ។

ក្រុមហ៊ុនបានរាយការណ៍ថា គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២៤ ទីផ្សាររបស់ការិយាល័យនៅប្រទេសថៃមានទំហំផ្ទៃក្រឡាសរុបចំនួន១០,២៦លានម៉ែត្រការ៉េ កើនឡើង៣,៧៩ភាគរយបើធៀបនឹងឆ្នាំ២០២៣។

ប៉ុន្តែ អត្រាគ្របដណ្តប់ការជួលបានធ្លាក់ចុះមកនៅត្រឹមចំនួន៨៦,៨៦ភាគរយ។ ក្រុមហ៊ុន Colliers Thailand បានព្រមានថា ប្រសិនបើតម្រូវការមិនកើនឡើងទេ នោះអ្នកអភិវឌ្ឍន៍អាចបន្តទទួលរងសម្ពាធកាន់តែច្រើន។

ក្រុមហ៊ុន Colliers Thailand បានបន្តថា ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ស្ថាប័នហិរញ្ញវត្ថុ និងទីតាំងធ្វើការរួមគ្នាអាចស្ថិតក្នុងចំណោមអាជីវកម្ម ដែលអាចនាំឱ្យមានការកើនឡើងនូវតម្រូវការការិយាល័យ។

យ៉ាងណាមិញ ក្រុមហ៊ុននេះបានព្រមានថា អ្នកអភិវឌ្ឍន៍ប្រហែលជាមិនអាចប្រកួតប្រជែងគ្នា តាមរយៈការកាត់បន្ថយតម្លៃជួលបានទៀតទេ ដោយសារតែអគារការិយាល័យភាគច្រើនមានតម្លៃជួលទាបរួចស្រាប់ទៅហើយ៕ប្រភព: The Nation ៕

អ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅប្រទេសចិនសម្រុកលក់ដីទៅកាន់រដ្ឋបាលមូលដ្ឋានដើម្បីបន្ធូរបន្ថយវិបត្តិសាច់ប្រាក់

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យចិនមួយចំនួន ដែលទទួលបានការគាំទ្រពីរដ្ឋបាលមូលដ្ឋាន ដូចជាក្រុមហ៊ុន Vanke និងក្រុមហ៊ុន China Resources Land បានសម្រេចលក់ដី ដែលខ្លួនបានប្រមូលទិញទុកកាលពីពេលដែលទីផ្សារអចលនទ្រព្យចិនរីកចម្រើនខ្លាំង។

ក្រុមអ្នកវិភាគជឿជាក់យ៉ាងមុតមាំថា បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍ចិនកាន់តែច្រើននឹងអនុវត្តន៍វិធីសាស្ត្រនេះ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយវិបត្តិសាច់ប្រាក់របស់ពួកគេ។

ក្រុមហ៊ុន Yuexiu Property ដែលទទួលបានការគាំទ្រពីរដ្ឋបាលក្រុងក្វាងចូវ នៃខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន បានសម្រេចលក់ដីក្នុងទំហំទឹកប្រាក់ចំនួន១២ពាន់លានយ័ន(ប្រហែល១,៦ពាន់លានដុល្លារ) ទៅកាន់រដ្ឋបាលមូលដ្ឋានចាប់តាំងពីខែសីហា ឆ្នាំមុន។

ទន្ទឹមគ្នានេះ នៅខែកក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុនរដ្ឋ China Resources Land បានសម្រេចលក់ដីមួយកន្លែងនៅទីក្រុង Fuzhou ស្ថិតនៅភាគខាងត្បូងនៃខេត្ត Fujian បន្ទាប់ពីខ្លួនបានទិញក្នុងតម្លៃ៩២០លានយ័នកាលពីឆ្នាំ២០១៤។

យ៉ាងណាមិញ រយៈពេល៣ខែក្រោយមក ក្រុមហ៊ុនអភិវឌ្ឍន៍ China Resources Land បានទិញដីត្រឡប់មកវិញក្នុងតម្លៃ៩៤៧លានយ័ន បន្ទាប់ពីរដ្ឋបាលទីក្រុងបានបន្ធូរបន្ថយលក្ខខណ្ឌកាន់តែធូរស្រាលជាងមុន។

លក្ខខណ្ឌធូរស្រាលទាំងនោះរួមមាន ដូចជាការកែសម្រួលសមាមាត្ររវាងទំហំផ្ទៃខាងក្នុងអគារធៀបជាមួយទំហំផ្ទៃក្រឡាដីសម្រាប់សាងសង់(floor area ratios) និងការអនុញ្ញាតឱ្យបំប្លែងគម្រោងពាណិជ្ជកម្មទៅជាលំនៅដ្ឋាន។

លោកស្រី Shi Lulu នាយិកាក្រុមហ៊ុនវាយតម្លៃសាជីវកម្ម Fitch Ratings ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានអះអាងថា អ្នកអភិវឌ្ឍន៍នានារបស់ប្រទេសចិនបាននិងកំពុងលក់ដីត្រឡប់ទៅកាន់រដ្ឋបាលក្នុងតំបន់វិញ”។

លោកស្រីបានបន្តថា “អ្នកអភិវឌ្ឍន៍ទាំងនេះភាគច្រើនជាក្រុមហ៊ុនកម្មសិទ្ធិរបស់រដ្ឋ ហើយពួកគេមានអំណាចនៃការចរចាខ្លាំងជាងក្រុមហ៊ុនអភិវឌ្ឍន៍ឯកជន”។

លោកស្រីបានបន្ថែមថា “វាជារឿងអាចទៅរួចដែលថា ក្រុមហ៊ុនកាន់តែច្រើននឹងចាត់វិធានការស្រដៀងគ្នានេះ។ រដ្ឋបាលក្នុងតំបន់មូលដ្ឋានត្រូវបានលើកទឹកចិត្តឱ្យចូលរួមក្នុងការចរចាទាំងនេះដើម្បីធ្វើឱ្យសកម្មឡើងវិញនូវដី ដែលអ្នកអភិវឌ្ឍន៍ទុកទំនេរចោល”៕ប្រភព: SCMP៕