កូរ៉េ​វិនិយោគ ៦០០លាន​ដុល្លារ លើ​វិស័យ​សម្លៀកបំពាក់ និង​ដំឡើងរថយន្ត​នៅ​កម្ពុជា

ដោយ គង់ សូរិយា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​គណៈកម្មាធិកា​រ​ផ្នែក​ពាណិជ្ជកម្ម និង​វិនិយោគ​របស់​សាធារណរដ្ឋ​កូរ៉េ​បាន​ឲ្យ​ដឹងថា កូរ៉េ​វិនិយោគ​លើ​វិស័យ​សម្លៀកបំពាក់ និង​ដំឡើងរថយន្ត​មាន​ទឹកប្រាក់ ៦០០លាន​ដុល្លារ​អាមេរិក ខណៈ​ប្រទេស​នេះ​គ្រោង​ពង្រីក​ទំហំ​ពា​ណី​ជ្ជ​កម្ម​ជាមួយ​កម្ពុជា​ឲ្យ​កើន​ដល់ ១០០០លាន​ដុល្លារ​នៅ​ឆ្នាំ២០។

ប្រធាន​គណៈកម្មាធិការ​ផ្នែក​ពាណិជ្ជកម្ម ឧស្សាហកម្ម​ថាមពល​និង​វិស័យ SMEនៃ​សាធារណរដ្ឋ​កូរ៉េ លោក Chan byoung Wan បាន​ថ្លែង​លើកឡើង​ក្នុងជំនួប​ជាមួយ​លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​កាលពីដើម​សប្តាហ៍​នេះ​ថា ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​កូរ៉េ និង​កម្ពុជា​ជា​ទំនាក់ទំនង​ដ៏​ល្អ ក្នុងនោះ​កម្ពុជា-កូរ៉េ នឹង​ខិតខំ​ពង្រីក​កិច្ចសហប្រតិបត្តិការ​នេះ​បន្ថែមទៀត ដើម្បី​ជំរុញ​ការវិនិយោគ​ឲ្យ​កាន់​តែមាន​ច្រើន​វិស័យ​ដូចជា ថាមពល​កកើត​ឡើងវិញ ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ កិច្ចសហការ​លើ​ជំនាញ​បច្ចេកទេស ការបង្កើត​សួន ឧស្សាហកម្ម និង​បច្ចេកវិទ្យា ជាពិសេស​ការអភិវឌ្ឍ​ន៍​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ភាគី​កូរ៉េ​បានចាត់ទុក ជា​អាទិភាព​សម្រាប់​គាំទ្រ​ឧស្សាហកម្ម​ធុន​ស្រាល និង​ធ្ងន់ និង​ជា​សរសៃឈាម​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ផងដែរ ។

លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី​បាន​ថ្លែងថា បរិយាកាស​វិនិយោគ​នៅ​កម្ពុ​ជាមាន​លក្ខណៈ​អំណោយផល និង​ឱកាស​វិនិយោគ​ដ៏​ប្រសើរ​នៅ​កម្ពុជា ដោយ​កម្ពុ​ជាមាន​សុខសន្តិភាព​ពេញលេញ និង​ភាពអនុគ្រោះ​ពាណិជ្ជកម្ម ជាពិសេស​ការទទួលបាន​ពី​ប្រទេស​អភិវឌ្ឍ និង​ជា​ប្រទេស​ដៃគូ ជាច្រើន ដែល​បានអនុញ្ញាត​ឲ្យ​ទំនិញ​រាប់ពាន់​មុខ​ពី​កម្ពុជា នាំចេញ​ដោយ​រួច​ពន្ធ និង​មិន​ជាប់​កូតា រួមទាំង​នាំចេញ​ទៅ ប្រទេស​កូរ៉េ​ផងដែរ។

លោក​បាន​បន្តថា កំណើន​ទេសចរណ៍​របស់​ភ្ញៀវ​ទេសចរណ៍​កូរ៉េ មក​កម្ពុជា មានការ​កើនឡើង ក្នុងនោះ​ឆ្នាំ២០១៦កន្លងមក ភ្ញៀវ​ជនជាតិ​កូរ៉េ​មាន​ចំនួន ៤សែន​នាក់ ដែល​ធ្វើ​ឲ្យ​ជើងហោះហើរ​ដោយផ្ទាល់ ពី​កូរ៉េ​មក​កម្ពុជា មាន​ចំនួន ៣៥ជើង​ក្នុង​មួយ​សប្តាហ៍។ ជាមួយគ្នានេះ​ពលករ​កម្ពុជា​ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ ប្រមាណ​ជិត ៨ម៉ឺន​នាក់ អាច​ចាត់ទុកជា​សក្តានុពល​មួយ ពីព្រោះ​ពួកគេ​បានទទួល​បទពិសោធន៍ ចំណេះដឹង និង​ការអនុវត្តន៍​ដោយផ្ទាល់ នឹង​ក្លាយជា​កំលាំង​ចូលរួម​យ៉ាងសំខាន់ ក្រោយ​ពួកគេ​ត្រឡប់មក​កម្ពុជា​វិញ នឹង​អាច​ចូលរួម​បម្រើ​ការងារ ក្រុមហ៊ុន​កូរ៉េ​នៅ​កម្ពុជា​បាន​ផងដែរ៕

ឧកញ៉ាធំៗប្រាប់​ពី​និយមន័យ​នៃ​ភាពជា «អ្នកមាន» ក្នុងសង្គម​ខ្មែរ

ដោយ គង់ សូរិយា

ភ្នំពេញ៖ តើ​ភាពជា​អ្នកមាន​ក្នុងសង្គម​ខ្មែរ ត្រូវគេ​កំណត់សំគាល់​ដោយ​កត្តា​អ្វីខ្លះ ខណៈដែល​សង្គម​មួយ​នេះ​មិនទាន់​សម្រេច​ថា អ្នកមាន​ត្រូវមាន​សាច់ប្រាក់​ប៉ុន្មាន​នៅឡើយ។

លោក​ឧកញ៉ា លី ហួរ អគ្គនាយក​ក្រុមហ៊ុន លី ហួរ គ្រុប ដែលមាន​ក្រុមហ៊ុន​ជា​បុត្រ​ស​ម្ព័​ន្ឋ​យ៉ាងច្រើន​ដូចជា បុរី​វិមាន​ភ្នំពេញ ហាង​ប្តូរប្រាក់ និង​វេ​លុយ​លី ហួរ និង​ក្រុមហ៊ុន​មួយចំនួនទៀត បាន​ថ្លែង​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ភាពជា​អ្នកមាន មានការ​និយាយ​ច្រើនខុសៗគ្នា ប៉ុន្តែ​សម្រាប់​ការគិត​របស់លោក ភាពជា​អ្នកមាន​គឺ​អ្នក​ដែល​មានផ្ទះ​ស្នាក់នៅ មាន​រថយន្ត​សម្រាប់​ជិះ និង​មាន​អាហារ​ទទួលទាន​គ្រប់គ្រាន់ គឺជា​អ្នកមាន​ហើយ មិនចាំបាច់​មាន​ប្រាក់​រាប់រយ​លាន​នោះទេ។

លោក​បន្តថា “អ្នកមាន​ប្រាក់​ច្រើន មិនមែន​ស្រួល​ទេ​ណា ខ្ញុំ​តស៊ូ​រហូតដល់​អាយុ​ជាង៦០ឆ្នាំ​ហើយ ទើប​ខ្ញុំ​មាន​ថ្ងៃនេះ។លោក​ឧកញ៉ា​បន្តថា “អ្នកមាន​ប្រាក់ មិន​ងាយស្រួល​នោះទេ ព្រោះ​ធ្វើការ​គ្មាន​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​នោះទេ ខណៈ​បុគ្គលិក​មាន​ថ្ងៃ​សម្រាក​ចុង​សប្តាហ៍ ប៉ុន្តែ​យើង​ត្រូវធ្វើ​ការមិន​គុត​ថ្ងៃ​សៅរ៍ ឬ​អាទិ ត្យ ដើម្បី​រកប្រាក់​បើកប្រាក់​ខែ​ឲ្យ​បុគ្គលិក។

លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភា​ពាណិជ​កម្ម​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា នៅក្នុង​ភាសា​អង់គ្លេស​គេ​ហៅ​អ្នកមាន​ថា Millionaires មានន័យថា​អ្នកមាន​ប្រាក់១លាន​ដុល្លារ​ឡើង ប៉ុន្តែ​សម្រាប់​ស្ថានភាព​ស្រុក​យើង អ្នកមាន​ប្រាក់១០ម៉ឺន​ដុល្លារ​ឡើងទៅ​អា​ចរាប់ថា ជា​អ្នកមាន​ហើយ តែ​ជា​អ្នកមាន​កម្រិត​មធ្យម ព្រោះ​អ្នកមាន​អាច​រាប់​ប​ញ្ចួ​ល​ជា​អ្នកមាន​មធ្យម និង​អ្នកមាន​ខ្លាំង។

លោក​ឧកញ៉ា​បាន​បន្តថា “នៅ​កម្ពុជា​អ្នក​ដែលមាន​ងា​ជា​ឧកញ៉ា គឺ​គេ​សម្គាល់​ជា​អ្នកមាន​ហើយ ឬ​ពីមុនមក​គេ​ហៅ​ជា​សេដ្ឋី។

ជាមួយគ្នានេះ លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នកវាយតម្លៃ​និង​ជា​ភ្នាក់ងា​ត​អចលនវត្ថុ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន Khmer Real Estate បាន​ឲ្យ​ដឹងផង​ដែរ​ថា សម្រាប់​ទស្សន​របស់លោក អ្នក​ដែលមាន​ប្រាក់១លាន​ដុល្លារ​ឡើង ដោយ​មិន​រាប់បញ្ចូល​ទ្រព្យសម្បត្តិ​ដូចជា​លំនៅដ្ឋាន និង​រថយន្ត​អាច​រាប់​ជា​អ្នកមាន​ប្រាក់​ហើយ។

ស្រដៀង​គ្នា​នេះដែរ លោក ជែក ម៉ា (Jack Ma) អគ្គនាយក​ក្រុមហ៊ុន អា​លី​បា​បា ជា​ក្រុមហ៊ុន​លក់ទំនិញ​តាម​អន​ឡាញ និង​កំពុង​ក្លាយជា​សេដ្ឋី​ជាប់​លេខ១នៅ​ប្រទេស​ចិន​បាន​ថ្លែងថា ជីវិត​របស់លោក​ពេលនេះ មិនមាន​ក្តី​សុខ​ដូច​ពេល​លោក​កំពុងស្ថិត​ក្នុងស្ថានភាព​ក្រីក្រ​នោះទេ លោក​គ្មាន​ពេល​ឈប់សម្រាក​ឡើយ ព្រោះ​បើ​លោក​បរាជ័យ បុគ្គលិក​លោក​រាប់ម៉ឺន​នាក់​នឹង​ក្លាយជា​អ្នករងគ្រោះ​ផងដែរ៕

មុន​ទិញ​ដីឡូត៍​ត្រូវ​ពិនិត្យ ៦ចំណុច​នេះ​ជាមុនសិន ដើម្បី​បញ្ចៀស​ហានិភ័យ

ដោយ គង់ សូរិយា
ស្របពេល​ចលនា​នៃ​ការទិញ​ដីឡូត៍ និង​ពុះ​ដីឡូត៍​លក់​កើតមាន​ស្ទើរ​គ្រប់​ទីកន្លែង សកម្មភាព​នៃ​ការវិនិយោគ​នេះ ក៏មាន​ហានិភ័យ​មួយចំនួន​ផងដែរ ហេតុនេះ មុន​សម្រេចចិត្ត​វិនិយោគ​លើដី​ឡូត៍ ឬ​ទិញ​ដីឡូត៍​ត្រូវ​ពិនិត្យមើល​ទិដ្ឋភាព​ផ្លូវច្បាប់ និង​សេដ្ឋកិច្ចសង្គម​មួយចំនួន​សិន។

​និ​ព​ន្ឋ​នាយក​ទស្សនា​វ​ដ្តី​អចលនទ្រព្យ​ដំបូង​គេ នៅ​កម្ពុជា ​ឈ្មោះ PROPERTY VIEW លោក យិន លាង​គង់ បាន​ថ្លែងថា ការទិញ​ដីឡូត៍ ជាការ​វិនិយោគ​មួយ​ដែល​អ្នកទិញ​ទុក​លក់ ឬ​ទិញយក​ទុក​ធ្វើ​លំនៅដ្ឋាន​ត្រូវ​ពិនិត្យ​លើ​ទិដ្ឋភាព​មួយចំនួន។

ទិដ្ឋភាព​ផ្លូវច្បាប់

ត្រូវ​ប្រាកដថា​ដីឡូត៍​ដែល​លោកអ្នក​ទិញ ជាការ​ទិញ​ពី​ម្ចាស់​ប័ណ្ណ​ពិតប្រាកដ មិនមែន​ទិញ​ពី​អ្នក​ពុះ​ដីឡូត៍​នោះទេ ព្រោះ​អ្នក​ពុះ​ដី​ឡួ​ត៍​មួយចំនួន​បាន​យក​ដី​គេ​មក​លក់ ហើយ​រត់ចោល​អតិថិជន​របស់ខ្លួន នៅពេល​ពួកគេ​ប្រមូលប្រាក់​បាន(ករណីនេះ​បានកើត​មាន​រួចហើយ។

ប្លង់​កម្ម​សិ​ទ្ឋ

ចំណុច​មួយទៀត​ត្រូវ​ប្រាកដថា ដីឡូត៍​ដែល​ខ្លួន​បាន​ទិញ​មាន​ប្លង់​ត្រឹមត្រូវ។ នេះ​មានន័យថា ប្រសិនជា​ដីឡូត៍​នោះ​មាន​ប្លង់រឹង ត្រូវតែ​កាត់​ប្លង់រឹង ព្រោះ​អ្នកលក់​ដីឡូត៍​ខ្លះ​មាន​ប្លង់រឹង តែ​បាន​កាត់​ប្លង់​ត្រឹម ស្រុក ឬ​ខ័​ណ្ឌ ឬ​ត្រឹម ឃុំ​សង្កាត់។ ប្រសិនជា​ការទិញ​លក់​បែបនេះ ពិត​ជាមាន​ហានិភ័យ ព្រោះ​ម្ចាស់​ដីឡូត៍​ខ្លះ​បានដាក់​ប្លង់​នៅ​ធនាគារ​រួចហើយ និង​អាច​លួច​ផ្ទេរ​កម្ម​សិ​ទ្ឋ​ដល់​កូនចៅ​របស់ខ្លួន​ជា​ប្លង់រឹង នោះ​អ្នកទិញ​ដីឡូត៍​នោះ​នឹងមាន​ហានិភ័យ​កើតឡើង ព្រោះ​ពួកគេ​គ្មាន​មូលដ្ឋាន​ផ្លូវច្បាប់​តវ៉ា​ឡើយ។

ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ

តាម​ធម្មតា អ្នក​ពុះ​ដីឡូត៍​លក់​តែងតែមាន​យុ​ទ្ឋ​សាស្ត្រខុសៗគ្នា ដើម្បី​ទាក់ទាញ​អតិថិជន​របស់ខ្លួន តាមរយៈ​ការចាក់​ផ្លូវ ដាក់​បង្គោល​អគ្គិសនី ទឹកស្អាត និង​ប្រ​ព័​ន្ឋ​លូ​ជាដើម។ ហេតុនេះ​អ្នកទិញ ដែល​មិន​យល់​ពី​បញ្ហា​នេះ ពួកគេ​មិន​បារម្ភ​ឡើយ ប៉ុន្តែ​មានរឿង​ជាច្រើន​នៅក្នុង​នោះ ដូចជា តើ​ផ្លូវត្រូវ​តាម​ស្តង់ដា​ឬទេ? ប្រ​ព័​ន្ឋ​លូ​មាន​កន្លែង​បង្ហូរ​ត្រឹមត្រូវ​ឬទេ ឬ​គ្រាន់តែ​ដាក់​ឲ្យ​រួចពីដៃ។ ចំណុច​មួយទៀត​តើ​ប្លង់​ទាំងនោះ​ត្រូវបាន​ទទួលស្គាល់​កម្រិត​ណា?ជាដើម។ នេះ​ជា​ចំណុច ដែល​ត្រូវ​សួរ។

ការបង់​រំ​លោះ

ដោយសារតែ​ចង់​ពុះ​ដីឡូត៍​លក់បាន​ច្រើន និង​យកចំណេញ អ្នកវិនិយោគ​ពុះ​ដីឡូត៍​លក់​តែងតែ​ឲ្យ​អតិថិជន បង់ប្រាក់​នៅ​ក្រុមហ៊ុន​របស់ខ្លួន ដោយ​គ្មាន​ការប្រាក់។នេះ​ជា​ចំណុច​ហានិភ័យ​មួយ ព្រោះ​ទី១ ការទូទាត់​បែបនេះ​មិនមាន​ច្បាប់​ណាមួយ​គ្រប់គ្រង​ឡើយ ទី២ ការបង់​រំ​លោះ​បែបនេះ ក្រុមហ៊ុន​អាច​ប្រមូលបាន​ប្រាក់​ហើយ​រត់ និង​មិន​ទទួលខុសត្រូវ និង​ប្រ​ព័​ន្ឋ​បង់ប្រាក់​បែបនេះ ជាការ​ទូទាត់​ខុសច្បាប់។

ទិដ្ឋភាព​សង្គម

តំបន់​ដីឡូត៍​មិន​ងាយ​នឹងមាន​ការអភិវឌ្ឍ​នោះទេ ដោយសារ​អ្នកទិញ​ដីឡូត៍​ភាគច្រើន ជា​អ្នកមាន​ជីវភាព​មធ្យម និង​ពួកគេ​រង់ចាំ​គ្នា មិន​ងាយ​នឹងធ្វើ​ការសាងសង់​លំនៅដ្ឋាន​នោះទេ។ ទោះជា​ពួកគេ​សាងសង់​លំនៅដ្ឋាន ក៏​ជា​លំនៅដ្ឋាន​គ្មាន​របៀបរៀបរយ​នោះដែរ ព្រោះ​ពួកគេ​មានចិត្ត​ស្រលាញ់ខុសៗគ្នា ដែល​ធ្វើ​ឲ្យ​សហគមន៍​ពួកគេ​រស់នៅ​មិនមាន​សោភ័ណភាព​ឡើយ។

ទិដ្ឋភាព​សេដ្ឋកិច្ច

អ្នកទិញ​ដីឡូត៍​ភាគច្រើន ចង់​ទិញយក​លក់​យកចំណេញ ប៉ុន្តែ​តាម​ធម្មតា អ្នកទិញ​ដីឡូត៍ មិន​ងាយ​ទទួលបាន​ផលចំណេញ​នោះទេ ព្រោះ​អ្នកវិនិយោគ​ពុះ​ដីឡូត៍​លក់ បាន​យកចំណេញ​ខ្ពស់​រួចទៅហើយ។ ហេតុនេះ​ការទិញ​ដីឡូត៍​មិនសូវ ទទួលបាន​ផលចំណេញ​ខ្ពស់​នោះឡើយ៕

អាគារ​ខ្ពស់​ជាងគេ​ក្នុង​តំបន់​អាស៊ាន នឹង​សាងសង់​នៅពេលឆាប់ៗនេះ

ភ្នំពេញ៖ នៅពេល​មានការ​លើកឡើង ពី​ភាពមិនច្បាស់លាស់​នៃ​គំរោង​សាងសង់​អាគារ​ពាណិជ្ជក​ម្ម​ថៃ ប៊ុន​រ៉ុង ស្ថាបត្យករ​ក្នុង​គំរោង​នេះ​បាន​បញ្ជាក់ថា ការសាងសង់​អាគារ​កំ​ពស់​ខ្ពស់​ជាងគេ​ក្នុង​អាស៊ាន​នេះ នឹង​ចាប់ផ្តើម​សាងសង់​នៅពេលឆាប់ៗនេះ។

លោក​សាស្ត្រាចារ្យ ទួ​ស សា​ភឿន ស្ថាបត្យករ​ដែល​បាន​ដឹកនាំ​និង​ចូលរួម​គូ គម្រោង​អាគារ​ដ៏​មហិមា​នេះ បាន​ថ្លែង​ឲ្យ​ដឹង​តាម​សារ​អេ​ឡិ​ក​ត្រូ​និក នា​ព្រឹក​ថ្ងៃទី១២ តុលា​នេះ​ថា ការសាងសង់​អាគារ​កំ​ពស់ ៥៥០ម៉ែត្រ​នេះ នឹង​ចាប់ផ្តើម​នៅពេលឆាប់ៗខាងមុខនេះ ព្រោះ​ពេលនេះ​ក្រុម​វិស្វករ និង​ស្ថាបត្យករ​ជាតិ អន្តរជាតិល្បីៗកំពុង​រៀបចំ​កែ​ប្លង់​គំរោង​នេះ ព្រោះ​គំរោង​នេះ​មាន​ទំហំ​ធំ មិនអាច​ធ្វើបាន​លឿន​នោះទេ ដូច្នេះ​ក្រុម​វិស្វករ និង​ស្ថាបត្យករ​ជាង១០ក្រុម​ដែល​កំពុងធ្វើការ​លើ​គំរោង​នេះ កំពុងធ្វើការ​ងារ​លើគ​ម្រោ​ង​នេះ។

លោក​បន្តថា ខ្ញុំ​សុំ​បញ្ជាក់ថា​គំរោង​នេះ​មិន​ផ្អាក​ការសាងសង់ ឬ​មិន​សាងសង់​នោះទេ គឺ​យើង​នៅតែ​បន្ត​សាងសង់ គ្រាន់តែ​ពេលនេះ​ការរៀបចំ​ឌី​សាញ​គំរោង​នេះ​កំពុង​ធ្វើ​យ៉ាងសកម្ម ដើម្បី​បញ្ចប់​និង​ពិនិត្យ​ជាថ្មី មុន​សម្រេច​កាល​បរិ​ច្ចេ​ទ​សាងសង់​ច្បាស់លាស់។

គម្រោង​នេះ​ទទួលបាន​ការគាំទ្រ​ពី​ប្រមុខ​រដ្ឋាភិបាល​ផងដែរ ហើយ​កាលពី​សប្តាហ៍​មុន សម្តេច​តេ​ជោ​បានលើកឡើង​ពី​ភាពស្ងប់ស្ងាត់​នៃ​គំរោង​នេះ។

លោក​សាស្ត្រាចារ្យ ទួ​ស សា​ភឿន បាន​បន្តថា គម្រោង​នេះ​នឹង​សាងសង់​ដោយ​ចំណាយ​ទឹកប្រាក់ ២១០០លាន​ដុល្លារ​អាមេរិក និង​ថវិកា ៣០០០លាន​ដុល្លារ​ទៀត​នឹង​ប្រើប្រាស់​សម្រាប់ធ្វើ​ឲ្យ​អាគារ​នេះ​ដំណើរការ។ អាគារ​ពាណិជ្ជ​កម្មនេះ ពេល​សាងសង់​ចប់ នឹង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ធំជាងគេ​នៅ​តំបន់​អាស៊ាន ដោយសារ​គម្រោង​នេះ​មាន​អាគារ​ចំនួន៦ ដោយ​បួន​អាគារ​មាន​កំពស់៤៥ជាន់ និង​អាគារ​ចំនួន​ពីរ​មាន​កំពស់ ៥៥០ម៉ែត្រ និង១៣៣ជាន់។

លោក​បន្តថា អាគារ​ពាណិជ្ជកម្ម​ដ៏​ធំ​នេះ នឹងមាន​ដូចជា ផ្សារ​ទំនើប ការិយាល័យ ខុន​ដូ អា​ផាត​ម៉ិ​ន សណ្ឋាគារ​កម្រិត​ផ្កាយ៦ ភោជនីយដ្ឋាន មជ្ឈមណ្ឌល​កំសាន្ត​លំដាប់​ពិភពលោក និង​សេវាកម្ម​ជាច្រើន​ទៀត។

តាម​គំរោង​អាគារ​ពាណិជ្ជកម្ម​កប់​ព​ពក​នេះ​នឹង​សាងសង់ និង​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​សំណង់ Hsin Chong Construction Group Ltd និង​សហការ​វិនិយោគ​រវាង​ក្រុមហ៊ុន Thai Boon Rong Group និង​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​នៅ​ទីក្រុង​ម៉ា​កាវ Sun Kian Ip Group។

លោក​បណ្ឌិត វ៉ាន់ វ៉ា ត​អ្នកឯកទេស​ផ្នែក​នគរូបនីយកម្ម​បាន​ថ្លែងថា ក្រសួង​រៀបចំ​ដែនដី បាន​សិក្សា​ជា​យូរ​មក​ហើយពី​បច្ចេកទេស និង​កំពស់​អាគារ​ដែល​ត្រូវ​សាងសង់​នៅ​កន្លែង​ណាមួយ ពិសេស​ក្នុង​សង្កាត់​ចតុមុខ ដែលមាន​វិមានឯករាជ្យ មានការ​លើកឡើង​ពី​ការហាម​មិន​ឲ្យ​សាងសង់​ខ្ពស់ជាង​វិមាន ដែលជា​និម្មិត​រូប​នៃ​ឯករាជ្យ​ជាតិ​នេះ ប៉ុន្តែ​ជាល​ទ្ឋ​ផល​គឺ​បច្ចុប្បន្ន​មាន​អាគារខ្ពស់ៗនៅ​ជុំវិញ​ទីតាំង​នេះ។លោក​បន្តថា ធម្មតា​ប្រទេស​របស់​យើង​កំពុង​ត្រូវ​ទាញ​អ្នកវិនិយោគ ដើម្បី​ជំរុញ​កំនើន​សេដ្ឋកិច្ចជាតិ ហើយ​រដ្ឋាភិបាល​លើកទឹកចិត្ត​ឲ្យ​មានការ​សាងសង់​អាគារ​ខ្ពស់​បែបនេះ គឺជា​ការលើក​មុខមាត់​ប្រទេសជាតិ និង​ជា​មោទនភាព​ជាតិ​មួយ ដើម្បី​បង្ហាញថា​មិនមែន​តែ​ប្រទេស​រីកចំរើន​ទើប​សង់​អាគារ​ខ្ពស់​បានទេ កម្ពុជា​ក៏មាន​សមត្ថភាព​សាងសង់​បាន​ខ្ពស់​ផងដែរ។

លោក​បន្តថា “ការសាងសង់​អាគារ​នេះ វា​នឹង​ទាក់ទាញ​អ្នកវិនិយោគ​ក្នុង និង​ក្រៅប្រទេស និង​បង្ហាញ​ពី​បច្ចេកវិទ្យា​ទំនើប​មួយ ដែល​ខ្មែរ​អាចធ្វើ​បាន ប៉ុន្តែ​អ្វី​សំខាន់​អ្នកវិនិយោគ​ត្រូវ​គិតពី​គុណភាព សោភ័ណភាព ព្រោះ​អាគារ​កាន់តែ​ខ្ពស់​ការរៀបចំ​គ្រឿង​បង្គុំ​កាន់តែ​ល្អ​កាន់តែ​ប្រសើរ។ លោក​បន្តថា “អ្វី​សំខាន់​គឺ​សុវត្ថិភាព​ទាំង​ពេល​សាងសង់ ពេល​កំពុង​សាងសង់ និង​ពេល​បញ្ចប់​ការសាងសង់”៕

លោក​ឧកញ៉ា សៀ រិ​ទ្ឋី ប្រាប់​យុ​ទ្ឋ​សាស្ត្រ​បី ដើម្បី​ចំណេញ​ពី​វិនិយោគ​លើដី​ធ្លី

ភ្នំពេញ៖ លោក​ឧកញ៉ា សៀ រិ​ទ្ឋី អគ្គនាយក​ក្រុមហ៊ុន World Bridge Group ដែល​បាន​វិនិយោគ​លើ​អាគារ​ខុន​ដូ និង​ក្រុមហ៊ុន​ជាច្រើន​ទៀត បាន​បង្ហើប​ពី​យុ​ទ្ឋ​សាស្ត្រ​ក្នុងការ​វិនិយោគ​លើដី​ធ្លី ដើម្បី​ទទួលបាន​ផលចំណេញ​ខ្ពស់។

លោក​ឧកញ៉ា​បាន​ថ្លែង​ឲ្យ​ដឹង​នៅពេលថ្មីៗនេះ​ថា លោក​បានចាប់ផ្តើម​ក្រុមហ៊ុន​ដំបូង​ជា ក្រុមហ៊ុន​បែប Logistic ដែល​បាននិងកំពុង​បន្ត ប៉ុន្តែ​លោក​ទទួលបាន​ជោគជ័យ​ខ្លាំង​លើ​វិស័យ​អចលនទ្រព្យ ពិសេស​ការវិនិយោគ​លើដី​ធ្លី ដែល​ធ្វើ​ឲ្យ​លោក​ក្លាយជា​អ្នកមាន​ក្នុង​វិស័យនេះ។ លោក​បន្តថា ដើម្បី​ទិញ​ដីធ្លី​ទទួលបាន​ផលចំណេញ​ខ្ពស់ ត្រូវ​ឈរលើ​កត្តា​ចំនួន​បី ទី១ វិនិយោគ​នៅ​តំបន់​ដែល​ស្ថិតក្នុង ផែនការអភិវឌ្ឍន៍រ​បស់​រដ្ឋាភិបាល ទី២ ត្រូវ​ដឹង​មុនគេ និង​ទិញ​មុន​គំរោង​អភិវឌ្ឍន៍​ចាប់ផ្តើម ព្រោះ​បើ​ទិញ​នៅ​តំបន់​គេ​ដឹង​គ្រប់គ្នា​ហើយ យើង​មិន​ទទួលបាន​ផលចំណេញ​ច្រើន​នោះទេ និង​ទី៣ ទិញ​ដី​ដែល​មិនមាន​បញ្ហា ព្រោះ​បើ​ទិញ​កន្លែង​មាន​បញ្ហា យើង​នឹង​មានរឿង​ឈឺក្បាល​ជាច្រើន​ត្រូវ​ដោះស្រាយ

នៅពេល​សួរថា តើ​លោក​ក្លាយជា​អ្នកមាន​ដោយសារ​ដីធ្លី ឬ​យ៉ាងណា? លោក​ឧកញ៉ា សៀ រិ​ទ្ឋី បាន​ថ្លែងថា “បាទ ខ្ញុំ​ក្លាយជា​អ្នកមាន​ដោយសារ​ការវិនិយោគ​លើ​វិស័យ​ដីធ្លី។

លោក​ឧកញ៉ា សៀ រិ​ទ្ឋី បច្ចុប្បន្ន​បាននិងកំពុង​ក្លាយជា​អ្នកវិនិយោគ​អចលនទ្រព្យ​លេចធ្លោ​មួយរូប​នៅ​កម្ពុជា ដោយសារ​គំរោង The Bridge, The PeAk ទទួលបាន​ជោគជ័យ​ខ្លាំង និង​ម​កំពុង​វិនិយោគ​គំរោង​លំនៅដ្ឋាន​ប្រណីត​មួយទៀត​ឈ្មោះ The Palm ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ១ ដែល​គម្រោង​ទាំងបី​នេះ​ចំណាយ​ទឹកប្រាក់​ប្រមាណ១,០០០លាន​ដុល្លារ​អាមេរិក៕

ប្រ​ព័​ន្ឋ​បច្ចេកវិទ្យា​ក្នុង​វិស័យ​ធនាគារ ជួយ​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច

ដោយ ​គង់ សូរិយា
ភ្នំពេញ៖ តើ​លោកអ្នក​បាន​ត្រៀមខ្លួន និង​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុងការ​ទូទាត់​សាច់ប្រាក់​តាម​បច្ចេកវិទ្យា​ហើយ​ឬ​នៅ ខណៈដែល​បច្ចេកវិទ្យា​កំពុង​ផ្លាស់ប្តូរ​ការទូទាត់​សាច់ប្រាក់​តាមបែប​ប្រពៃណី មកប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ទូទាត់​សាច់ប្រាក់។

លោក ជា ផល្លា​រិ​ន អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អ​ម្រិ​ត​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ល្ងាច​ថ្ងៃទី១១ តុលា​នេះ​ថា កាលណា​បច្ចេកវិទ្យា​រីកចម្រើន នឹង​ជួយ​ដល់​សេដ្ឋកិច្ចជាតិ ដោយ​ការទូទាត់​សាច់ប្រាក់​សុ​ទ្ឋ នឹងត្រូវ​ជំនួស​ដោយ​ការទូទាត់​សាច់ប្រាក់​តាមរយៈ​បច្ចេកវិទ្យា ដូចជា ទូរស័ព្ទដៃ ឬ​វី​សា​កាត​ជំនួស​វិញ។លោក​បន្តថា ប្រ​ព័​ន្ឋ​បច្ចេកវិទ្យា នឹង​ជួយ​បង្កើន​សកម្មភាព​សេដ្ឋកិច្ច​ជាង​មុន ព្រោះ​ការទូទាត់​កាន់​តែមាន​ភាពងាយស្រួល។

លោក​បន្តថា ប្រ​ព័​ន្ឋ​ហិរញ្ញវត្ថុ​កម្ពុជា​កំពុងតែ​វិវត្តន៍​រីកចម្រើន និង​ផ្លាស់ប្តូរ​ពី​របៀប​ទូទាត់​តាម​បែ​ប្រពៃណី មក​ទូទាត់​តាមបែប​បច្ចេកវិទ្យា។

ប្រធានស្តីទី​សមាគម​ធនាគារ​កម្ពុជា លោក​ឆា​រស៍ វ៉ាន់​បាន​ថ្លែងថា បច្ចុប្បន្ន​មាន​បច្ចេកវិទ្យា​ច្រើន កំពុង​អនុវត្តន៍​នៅក្នុង​ប្រ​ព័​ន្ឋ​ហិរញ្ញវត្ថុ​កម្ពុជា ដែល​បច្ចេកវិទ្យា​ខ្លះ​ប្រើប្រាស់​សម្រាប់​ទូទាត់​សាច់ប្រាក់​តិច និង​ប្រ​ព័​ន្ឋ​ខ្លះ​ទូទាត់​សាច់ប្រាក់​ធំ ហើយ​ការទូទាត់​ខ្លះ​ធ្វើឡើង​តាម​ទូរស័ព្ទ ដោយ​ប្រើប្រាស់​ការទូទាត់​តាម​ប្រ​ព័​ន្ឋ​ QR Code។លោក​បន្តថា ប្រ​ព័​ន្ឋ​បច្ចេកវិទ្យា​បាន​ជួយ​សម្រួល​ជាច្រើន ដោយ​ប្រជាពលរដ្ឋ​មិនចាំបាច់​កាន់​កាបូប​ប្រាក់​ទៀត​ទេ ដោយ​ពួកគេ​អាច​ទូទាត់​សាច់ប្រាក់​តាម​ទូរស័ព្ទ​បាន ដែល​ប្រ​ព័​ន្ឋ​បែបនេះ​កំពុង​រីកចម្រើន​ខ្លាំង​នៅ​ប្រទេស​ចិន។

លោក​បន្តថា បច្ចេកវិទ្យា​កំពុង​ដើរតួនាទី​កាន់តែ​សំខាន់ ក្នុង​សេដ្ឋកិច្ចជាតិ ដោយ​ជំរុញ​ឲ្យ​មាន​កំណើន​ក្នុង​សេដ្ឋកិច្ច​របស់​យើង ដែល​គាំទ្រ​ដោយ​ប្រ​ព័​ន្ឋ​បច្ចេក​វិទ្យា។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ថ្លែងថា ប្រ​ព័​ន្ឋ​ធនាគារ​នានា​នៅ​កម្ពុជា​កាន់តែ​មាន​ភាព​រី​ក​ចម្រើន ដោយសារ​ការនាំមក​នូវ​បច្ចេកវិទ្យា ចំណេះដឹង និង​បទពិសោធន៍ថ្មីៗពី​អ្នកវិនិយោគ និង​អ្នកជំនាញ​មកពី​បរទេស ដែល​ផ្តល់​ផលចំណេញ​ដល់​កម្ពុជា​ទាំង​លើ​ទុន និង​ចំនេះដឹង ដែល​កម្ពុជា​ត្រូវ​រៀនសូត្រ​បន្ថែមទៀត៕

ដំណាច់ត្រីមាស​ទី៣ ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​មាន​ទឹកប្រាក់ ៥៦៣៦លាន​ដុល្លារ

ដោយ ដែន ចែងចាំង
ភ្នំពេញ៖ កា​រវិនិយោ​គ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅតែមាន​សញ្ញា​ល្អប្រសើរ ដោយ​ដំណាច់ត្រីមាស​ទី៣ឆ្នាំនេះ ទុនវិនិយោគ​ក្នុង​វិស័យនេះ​មាន​ទំហំ​ទឹកប្រាក់​រហូតដល់ ៥៦៣៦លាន​ដុល្លារ​អាមេរិក។

អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​លោក​ឡៅ ទិព្វ​សីហា​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃទី១១ តុលា​នេះ​ថា សមត្ថកិច្ច នៅតាម​រាជធានី ខេត្ត​ក្រុង​ទូទាំងប្រទេស​បានអនុម័ត​គំរោង​ចំនួន២៥២២គម្រោង ដែលមាន​ទុន​ទឹកប្រាក់៥៦៣៦លាន​ដុល្លារ​អាមេរិក កើនឡើង២២ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។លោក​បន្តថា គម្រោង​អនុម័ត​ឆ្នាំនេះ​ភាគច្រើន​ជា គំរោង​សាងសង់​ខុន​ដូ លំនៅដ្ឋាន​ជា​លក្ខណៈ​បុរី រោងចក្រ សហគ្រាស សណ្ឋាគារ និង​អាគារ​ការិយាល័យ​ជាដើម។

លោក​បន្តថា “ការកើនឡើង​នូវ​ការវិនិយោគ​ក្នុង​វិស័យនេះ ដោយសារ​កត្តា​សន្តិភាព ស្ថិរភាព​នយោបាយ និង​ភាព​អំណោយផល​លើ​ច្បាប់​វិនិយោគ ដែល​ធ្វើ​ឲ្យ​អ្នកវិនិយោគ​ជាច្រើន​បាន​សម្លឹង​មក​កម្ពុជា ហើយ​កម្ពុជា​បាននិងកំពុង​ក្លាយជា​ទីផ្សារ​ដ៏​ទាក់ទាញ​មួយ។

យោងតាម​របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល៧ឆ្នាំ​ចុង​ក្រោយនេះ ក្រសួង​សេដ្ឋកិច្ច​បាន​អន​ម័ត​គម្រោង​សរុប២១៣គម្រោង និង​មាន​ទឹកប្រាក់៣៣៧៥លាន​ដុល្លារ​អាមេរិក៕

ក្រុមហ៊ុន​មួយ​គ្រោង​ប្រែក្លាយ​ផ្លូវ ១៧៤ សង្កាត់​ចតុមុខ ទៅជា​កន្លែង​កំសាន្ត​នាពេល​រាត្រី

ភ្នំពេញ៖ ជា​ផ្នែក​មួយ​នៃ​ការវិនិយោគ និង​ធ្វើ​ពិ​ធិ​ធ​កម្ម​ផលិតផល​ទេសចរណ៍ ក្រុមហ៊ុន​ Sabay Sabay Street គ្រោង​ធ្វើការ​អភិវឌ្ឍ​ប្រែក្លាយ​ផ្លូវ១៧៤ ស្ថិតនៅក្នុង​សង្កាត់​ចតុមុខ​ទៅជា​កន្លែង​កំសាន្ត​ដ៏​ប្រណីត​នាពេល​រាត្រី ដើម្បី​ទទួល​ស្វាគមន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មក​កំសាន្ត​នៅ​រាជធានី​ភ្នំពេញ។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sabay Sabay Street លោក Dwight Hayden បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ល្ងាច​ថ្ងៃ​ម្សិល​ម៉ិ​ញ​នេះ​ថា ក្រុមហ៊ុន Sabay Sabay Street បាន​បោះទុន​វិនិយោគ​នៅ​តំបន់​នេះ ប្រមាណ​ជាជាង៣ឆ្នាំ​ហើយ ក្នុងនោះ​មានដូចជា​សណ្ឋាគារ បា​ឌី​ស្គូ និង​កន្លែង​កំសាន្តផ្សេងៗជាច្រើន ដើម្បី​ស្វាគមន​អតិថិជន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​កំសាន្ត​សប្បាយ ដើម្បី​បន្ធូ​អារម្មណ៍។

លោក​បន្តថា  ក្រុមហ៊ុន Sabay Sabay Street នឹង​ពង្រីក​ការអភិវឌ្ឍ​តំបន់​នេះ អោយ​ក្លាយជា​កន្លែង​កំសាន្ត​ដ៏​ប្រណីត​មួយ ដូច​បណ្តា​ប្រទេស​ដទៃទៀត ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​មក​កំសាន្ត​កម្ពុជា អោយ​កាន់តែច្រើន ក្នុងន័យ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​អភិវឌ្ឍន៍​ប្រែក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​សម្រាប់​ភ្ញៀវ​បរទេស។

លោក Robert Schmalohr ស្ថាបនិក​ក្រុមហ៊ុន Sabay Sabay Street បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្តល់ឱកាស​អោយ​ក្រុមហ៊ុន​របស់លោក ធ្វើការ​វិនិយោគ​នៅលើ​ទឹកដី​កម្ពុជា ហើយ​លោក​ប្តេជ្ញាចិត្ត​អភិវឌ្ឍន៍​ប្រែក្លាយ​កន្លែង​នេះ ក្លាយជា​កន្លែង​កំសាន្ត​ដ៍​ទាក់ទាញ​មួយ​នៅក្នុង​តំបន់​អាស៊ាន។

រាជរដ្ឋាភិបាល​កម្ពុជា បានផ្តល់​ផ្តល់ឱកាស​អោយ​ក្រុមហ៊ុន​បរទេស​ជាច្រើន មក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​លើ​វិស័យ​ទេសចរណ៍ ហើយ​ភាគច្រើន​ក្រុមហ៊ុន​បរទេស​ទាំងនោះ​វិនិយោគ​លើ​សណ្ឋាគារ ភោជនីយដ្ឋាន និងកន្លែងៗកំសាន្ត។សម្រាប់​ការអនុញ្ញាតអោយ​ក្រុមហ៊ុន​បរទេស​វិនិយោគ​នេះ ក្នុង​គោលដៅ​ប្រ​ក្លាយ​ក្លាយ​ប្រទេស​កម្ពុជា​អោយ​ក្លាយជា​គោលដៅ​ទេសចរ​ណ៍ដ៍​ទាក់ទាញ​បំផុត។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក ហូ វណ្ឌី បាន​ស្វាគមន៍​គំរោង​នេះ ដោយ​លោក​ចាត់ទុកថា វា​ជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយ សម្រាប់​រាជធានី​ភ្នំពេញ ខណៈ​បច្ចុប្បន្ន​នៅ​រាជធានី​ភ្នំពេញ​មាន​កន្លែង​កំសាន្ត​នៅមានកម្រិត ហេតុនេះ​ការវិនិយោគ​ពី​វិស័យ​ឯកជន​មាន​សារៈសំខាន់​ណាស់ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ក៏ដូចជា​បង្កើត​ឲ្យ​មាន​កន្លែង​កំសាន្ត​នាពេល​រាត្រី​ឲ្យ​បាន​ច្រើន។

លោក​បន្តថា “កម្ពុ​ជាមាន​សក្តានុពល​លើ​វិស័យ​ទេសចរណ៍​វប្ប​ធ៌​ម និង​ធម្មជាតិ​ច្រើនណាស់ ប៉ុន្តែ​ទាមទារ​ឲ្យ​មានការ​វិនិយោគ​រមណី​យ​ដ្ឋា​ន​កែច្នៃ និង​ផលិតផល​ទេសចរណ៍​ជាច្រើន​ទៀត ទើប​យើង​ទាក់ទាញ​ឲ្យ​ភ្ញៀវ​ស្នាក់នៅ​បានយូរ និង​ចំណាយ​ប្រាក់​ច្រើន”៕

ចង់​បើក​ក្រុមហ៊ុន​ទេសចរណ៍​មួយ​ត្រូវការ​លក្ខ​ខ័​ណ្ឌ​អ្វីខ្លះ?

ការបើក​ក្រុមហ៊ុន​មួយ ជា​រឿង​សាមញ្ញ ប៉ុន្តែ​តើ​មាន​និតិ​វិធី​និង​លក្ខ​ខ័​ណ្ឌ​តម្រូវ​អ្វីខ្លះ ជា​រឿង​កាន់តែ​ចាំបាច់ ដើម្បី​ឲ្យ​អ្នកមាន​បំណង​បើក​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ជា​ភ្នាក់ងារទេសចរណ៍​បានដឹង និង​រៀបចំ​ឯកសារ​ស្នើសុំ​ទៅ​ក្រសួង និង​ស្ថាប័ន​ពាក់​ព័​ន្ឋ។

ការផ្តល់​អាជ្ញាប័ណ្ណ​ទេសចរណ៍​ដល់​ការី​ទេសចរណ៍ និង​ភ្នាក់ងារទេសចរណ៍ និង​អាជ្ញា​បណ្ណ​ទេសចរណ៍​សម្រាប់​ការី​ទេសចរណ៍ និង​ភ្នាក់ងារទេសចរណ៍​ត្រូវបាន​បែងចែក​ជា ០៤ប្រភេទ ដូចជា ទី១ អាជ្ញា​បណ្ណ​ទេសចរណ៍ ផ្តល់​ដល់​ការី​ទេសចរណ៍​ដែល​នាំ​ភ្ញៀវទេសចរ ទៅ​កម្សាន្ត​ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា (Outbound Tour Operators) ទី២ អាជ្ញា​បណ្ណ​ទេសចរណ៍ ផ្តល់​ដល់​ការី​ទេសចរណ៍​ដែល​នាំ​ភ្ញៀវទេសចរ​ចូលមក​កម្សាន្ត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា (Inbound Tour Operators) ទី៣ អាជ្ញា​បណ្ណ​ទេសចរណ៍ ផ្តល់​ដល់​ការី​ទេសចរណ៍​ដែល​នាំ​ភ្ញៀវទេសចរ កម្សាន្ត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា (Domestic Tour Operators) និង​ទី៤អាជ្ញា​បណ្ណ​ទេសចរណ៍ ផ្តល់​ដល់​ភ្នាក់ងារទេសចរណ៍ (Travel Agent)។

យោងតាម​ឯកសារ​របស់​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹងថា បុគ្គល​ដែលមាន​បំណង​ប្រកប​អាជីវកម្ម​ការី​ទេសចរណ៍ និង​ភ្នាក់ងារទេសចរណ៍ ឬ​បើក​សាខា​ត្រូវបំពេញ​សំណុំបែបបទ​រួមទាំង​ឯកសារ​សំអាង និង​ព័ត៌មាន​មួយចំនួន​ដូចខាងក្រោម ដូចជា ត្រូវមាន​វិញ្ញាបនបត្រ​បញ្ជាក់​ពី​ការចុះឈ្មោះ​ក្នុង​បញ្ជីពាណិជ្ជកម្ម ។មាន​ប្រាក់​តម្កល់​ធានា​អាជីវកម្ម​ពី​ធានា ដែល​ទទួលស្គាល់​ដោយ​ក្រសួងទេសចរណ៍។

ឯកសារ​ដដែល​បាន​បន្ត​ឲ្យ​ដឹងថា អ្នក​ដែលមាន​បំណង​បើក​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម ក្នុង​វិស័យនេះ​ក៏ត្រូវ​មាន​ឯកសារ​មួយចំនួន​ផងដែរ ដូចជា ទី១ លិខិតបញ្ជាក់​ទីស្នាក់ការ ឬ​កិច្ចសន្យាជួល​ផ្ទះ​កិច្ចសន្យា​របស់​ប្រតិបត្តិ​ករ​ទេសចរណ៍​ក្នុងការ​ប្រកប​អាជីវកម្ម ទី២ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិតឆ្លងដែន (សម្រាប់​ជនបរទេស) ទី៣ រូបថត​ម្ចាស់​អាជ្ញា​បណ្ណ​ទេសចរណ៍ (៤x៦) ចំនួន ០៣សន្លឹក។

បុគ្គល​ដែល​ស្នើសុំ​បន្ត​អាជ្ញា​បណ្ណ​ទេសចរណ៍​សម្រាប់​ការី​ទេសចរណ៍ និង​ភ្នាក់ងារទេសចរណ៍ (រួមទាំង​សាខា) ត្រូវបំពេញ​សំណុំបែបបទ​រួមទាំង​ឯកសារ​សំអាង និង​ព័ត៌មាន​មួយចំនួន​ដូចជា ទី១  ត្រូវមាន​ប្រាក់​តម្កល់​ធានា​អាជីវកម្ម​ពី​ធានា​ការដែល​ទទួលស្គាល់​ដោយ​ក្រសួងទេសចរណ៍ ទី២ អាជ្ញា​បណ្ណ​ទេសចរណ៍​ច្បាប់ដើម ទី៣ របាយការណ៍​សកម្មភាព​អាជីវកម្ម​ឆ្នាំមុន ទី៤ កិច្ចសន្យា​របស់​ប្រតិបត្តិ​ករ​ទេសចរណ៍​ក្នុងការ​ប្រកប​អាជីវកម្ម ទី៥ រូបថត​ម្ចាស់​អាជ្ញា​បណ្ណ​ទេសចរណ៍ (៤x៦) ចំនួន០៣សន្លឹក។

ប្រាក់​តម្កល់​ធានា​ការប្រកប​អាជីវកម្ម​ការី​ទេសចរណ៍ និង​ភ្នាក់ងារទេសចរណ៍ ត្រូវបាន​កំណត់​ទៅតាម​វិសាលភាព និង​ទំហំ​អាជីវកម្ម​ដូចជា អាជ្ញា​បណ្ណ​ទេសចរណ៍ ផ្តល់​ដល់​ការី​ទេសចរណ៍ ដែល​នាំ​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា (Outbound Tour Operators) ត្រូវ​តម្កល់​ប្រាក់៧,០០០ដុល្លារ​អាមេរិក។ អាជ្ញា​បណ្ណ​ទេសចរណ៍ ផ្តល់​ដល់​ការី​ទេសចរណ៍​ដែល​នាំ​ភ្ញៀវទេសចរ​ចូលមក​កម្សាន្ត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា (Inbound Tour Operators) ត្រូវ​តម្កល់​ប្រាក់ ៥,០០០ដុល្លារ​អាមេរិក។ អាជ្ញា​បណ្ណ​ទេសចរណ៍ ផ្តល់​ដល់​ការី​ទេសចរណ៍​ដែល​នាំ​ភ្ញៀវទេសចរ កម្សាន្ត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា (Domestic Tour Operators) ត្រូវ​តម្កល់​ប្រាក់ ៥,០០០ដុល្លារ​អាមេរិក។ អាជ្ញា​បណ្ណ​ទេសចរណ៍ ផ្តល់​ដល់​ភ្នាក់ងារទេសចរណ៍ (Travel Agent) ត្រូវ​តម្កល់​ប្រាក់២,០០០ដុល្លារ​អាមេរិក៕

ទិញ​ផ្ទះ​ដូចម្តេច​ដើម្បី​ចំណេញ​បាន​ច្រើន?

ចង់ដឹង​ឬទេ​ថា តើ​ទិញ​ផ្ទះ​យ៉ាងដូចម្តេច ដើម្បី​វិនិយោគ​យកប្រាក់​ចំណេញ​មកវិញ​បាន​ឆាប់រហ័ស និង​លក់ដាច់​លឿន។

ឥឡូវនេះ​វេ​ប​សាយ www.propertyarea.asia បាន​ក្លាយជា​អ្នក​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​បាន​ហើយ តាមរយៈ​ការបង្ហាញ​ចំណេះដឹង និង​វិធីសាស្ត្រ​សម្បូរបែប និង​ប្រកបដោយ​ជំនាញ​ច្បាស់លាស់ ដើម្បី​អាច​ឲ្យ​លោកអ្នក យកទៅអនុវត្ត​ន៍​បាន​មាន​ប្រ​សិទ្ឋិ​ភាព​ខ្ពស់ ដែល​ផ្ដល់​កិច្ច​សម្ភាស​ដោយ​លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន Century21 Mekong។

ទិញ​ផ្ទះ​ដែល​ទើប​សាងសង់?

ហេតុអ្វី លោកអ្នក ត្រូវ​ទិញ​ផ្ទះ​ទើបនឹង​សាងសង់ ព្រោះ​ម្ចាស់​គំរោង​ខ្លះ​ពួកគេ មិនសូវមាន​ទុន​ច្រើន​សម្រាប់​បង្វិល​ទេ។ ទើប​ផ្ទះ​ពួកគេ​ត្រូវការ​ទុន ដើម្បី​សាងសង់​គំរោង​លំនៅដ្ឋាន​របស់​ពួកគេ ហេតុនេះ​ដំណាក់កាល​ដំបូង​ផ្ទះ​របស់​ពួកគេ​មានតម្លៃ​ធូរ​ថ្លៃ​ជាង​ផ្ទះ​ធ្វើ​រួចហើយ ឬ​ធ្វើ​ជិត​រួច។

ធម្មតា​ផ្ទះ​តែងតែ​ឡើងថ្លៃ

មិនថាតែ​អ្នកវិនិយោគ​មាន​ប្រាក់​តិច ឬ​មាន​ប្រាក់​ច្រើន​ទេ តែងតែ​លក់​ផ្ទះ​របស់ខ្លួន​ឡើងថ្លៃ តាម​ដំណាក់កាល​នៅពេល​ផ្ទះ​របស់ ពួកគេ​សាងសង់​បាន​កាន់តែច្រើន។ ហេតុនេះ​ការទិញ​គំរោង​តំបូង លោក អ្នក​អាច​ចំណេញ​ចន្លោះ​ពី១០ទៅ២០ភាគរយ​នៃ​តំលៃ​លំនៅដ្ឋាន​របស់ខ្លួន។

ទិញ​ផ្ទះ​ដែល​អ្នក​ស្រលាញ់

ធម្មតា​ផ្ទះ​ដែល​អ្នក​ស្រលាញ់ ក៏​អាច​អ្នកដទៃ​ស្រលាញ់ ព្រោះ​ជា​ផ្ទះ​អាច​ប្រកប​អាជីវ​កម្មបាន ឬ​ជា​ផ្ទះ​ដែល​ស្ថិតនៅ​ទីតាំង​មិនសូវ​អ៊ូអរ ដែលជា​ការនិយម​រប​ស់មនុស្ស​ដែល​និយម​ភាពស្ងប់ស្ងាត់ និង​មិន​មានបំណង​ចង់​ធ្វើ​អាជីវកម្ម​អ្វីមួយ។

គិតពី​ហុងស៊ុយ

ជំនឿ​ហុង ស៊ុយ​មាន​សារៈសំខាន់​ណាស់ ក្នុង​ផ្នត់គំនិត​ជនជាតិ​ចិន និង​ជនជាតិខ្មែរ​ផងដែរ ព្រោះ​ផ្ទះ​បែរមុខ​ទៅ​ទិស​ខាងលិច ជា​ផ្ទះ​មិនសូវមាន​ការពេញនិយម​ទេ។ ពិសេស​ផ្ទះ​លែងមាន​លូ​នៅ​ចំ​ពីមុខ ឬ​ពី​ចំហៀង មិនសូវ​ទទួល​បានកា​រ​ចាប់អារម្មណ៍​ពី​អ្នកទិញ​ឡើយ ព្រោះ​ពួកគេ​មានជំនឿថា មិនសូវមាន​សិរី​សួស្តី និង​សុខមាលភាព​ក្នុងការ​រស់នៅ។

ទិញ​ផ្ទះ​អាច​រកស៊ី​បាន

តាម​ធម្មតា​ផ្ទះ​នៅខាងមុខ អាច​រកស៊ី​បាន​តែងមាន​តំលៃ​ខ្ពស់​ជាងគេ​បន្តិច ប៉ុន្តែ​ក៏​ជា​ផ្ទះ​ឡើងថ្លៃ​លឿន​ជាងគេ និង​ចំណេញ​ច្រើនជាងគេ​ផងដែរ ព្រោះ​ផ្ទះ​ប្រកប​អាជីវ​កម្មបាន ជា​ប្រភេទ​ផ្ទះ​ដែលមាន​មនុស្ស​ច្រើន​ឆ្លងកាត់ និង​ងាយ​ទទួលបាន​ការចាប់អារម្មណ៍។

កេ​រ្ត៍​ឈ្មោះ​បុរី ឬ​គុណភាព​សំណង់

អ្នក​ត្រូវ​ប្រាកដថា បុរី​ដែល​អ្នក​បាន​ទិញ​ជា​បុរី​មិនមាន​បញ្ហា និង​តែងតែ​ផ្តល់​ទំនុកចិត្ត​ដល់​អតិថិជន លើ​គុណភាព​សំណង់​របស់​ផ្ទះ​និមួយៗ ព្រោះ​ការទិញ​ផ្ទះ​ឬ​គំរោង​លំនៅដ្ឋាន ដែល​មិនបាន​គិតគូរ​ម៉ត់ចត់​ពី​គុណភាព​សំណង់ ធ្វើ​ឲ្យ​អ្នក​ត្រូវ​ជួប​ផលវិបាក​ជាច្រើន លើ​ការជួសជុល​មិនចេះចប់​មិនចេះហើយ និង​ពិបាក​ក្នុង​ការលក់ ឬ​ស្វែងរក​អតិថិជន​ផងដែរ ប្រសិនជា​ទិញ​ប៉ះចំ​លំនៅដ្ឋាន​បែបនេះ៕