ដោយ គង់ សូរិយា
ភ្នំពេញ៖ តំបន់ដើរកំសាន្តក្នុងពេលរាត្រី ដែលប្រជុំដោយបារ ភោជនីយដ្ឋាន និងការតុបតែងដ៏ទាក់ទាញ Pub Street បាននិងកំពុងត្រៀមចាប់ផ្តើមនៅរាជធានីភ្នំពេញនាពេលខាងមុខនេះហើយ ដើម្បីធ្វើឲ្យរាត្រីនៅក្រុងភ្នំពេញកាន់តែមានភាពរសរវើក។
តំបន់ Pub Street នេះនឹងរៀបចំនៅតំបន់អីត Golden Sorya Mall ដែលស្ថិតនៅតាមបណ្តោយផ្លូវប៉ាស្ទ័រ ហើយដោយគ្រោងនឹងបើកសម្ពោធនៅចុងខែឧសភានេះ ជាមួយនឹងកន្លែង១ដ៏ល្អ ដែលប្រមូលផ្តុំទៅដោយអាហារដ្ឋានបើកដំណើរការ២៤ ម៉ោងជារៀងរាល់ថ្ងៃ។
-->

គម្រោង Phnom Penh Pub Street នេះនឹងមានហាងសរុប២៩ ដោយហាងខ្លះមានកម្ពស់២ជាន់ ដែលរៀបចំឡើងជាមួយនឹងការតុបតែងដ៏ទាក់ទាញ ព្រមទាំងមានកន្លែងលក់អាហារច្រើន ប្រភេទ និងច្រើនមុខរួមមានម្ហូបអាហារបែបខ្មែរ កូរ៉េ និងម៉ិកស៊ិកជាដើម។
នាយិកាគ្រប់គ្រងទូទៅនៃ Golden Sorya Mall លោកស្រី វ៉ាន់ ប៉ូលីនបានមានប្រសាសន៍ឲ្យដឹងកាលពីម្សិលម៉ិញនេះថា Phnom Penh Pub Street ជាប្រភេទគម្រោងដែលមានការពេញនិយមខ្លាំងនៅបរទេស។ វាទទួលបានភាពជោគជ័យខ្លាំងនៅទីក្រុងបាងកក ហើយវានឹងអាចទាក់ទាញសម្រាប់ប្រជាជនខ្មែរព្រមទាំងជនបរទេសផងដែរ។
អ្នកជំនាញផ្នែកអចលនទ្រព្យបានថ្លែងឲ្យដឹងថា លោកជឿថាគម្រោងនេះ មានគុណសម្បត្តិយ៉ាងច្រើនសម្រាប់តំបន់នេះ។ ខ្ញុំជឿជាក់ថាគម្រោង Golden Sorya Mall អាចនឹងផ្តល់អត្ថប្រយោជន៍ដល់ហាងផ្សេងៗ និងអាផាតមិនដែលនៅក្បែរនោះ ដោយសារតែវានឹងមានអ្នកទៅកម្សាន្ត ២៤ ម៉ោងរួមទាំងមានវត្តមានមនុស្សកាន់តែច្រើននោះ វានឹងធ្វើឲ្យតំបន់នេះកាន់តែមានសុវត្ថិភាព ភាពរីករាយ និងកាន់តែទាក់ទាញក្នុងរយៈពេលដ៏យូរអង្វែង»។
លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា យើងស្វាគមន៍នូវការរៀបចំបែបនេះ ព្រោះវាជាផ្នែកមួយនៃផលិតផលទេសចរណ៍ ដែលនឹងផ្តល់កន្លែងកំសាន្តដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិកាន់តែច្រើនថែមទៀត ខណៈក្រុងភ្នំពេញមិនសូវមានកន្លែងកំសាន្តនាពេលរាត្រីនៅឡើយ។លោកបន្តថា យើងស្នើឲ្យមានការវិនិយោគបន្ថែមនូវផលិតផលទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍កំសាន្ត និងឲ្យពួកគេស្នាក់នៅកាន់តែយូរនៅកម្ពុជា៕