ដំណឹងល្អ! ច្បាប់សំណង់នឹងចេញនៅចុងឆ្នាំនេះហើយ

ដោយ គង់ សូរិយា

ភ្នំពេញ៖ ច្បាប់គ្រប់គ្រងវិស័យសំណង់ ដែលគេរង់ចាំជាយូរមកហើយរំពឹងនឹងទទួ​លបានការអនុម័តនៅចុងឆ្នាំនេះ។ នេះបើតាមលោកសេង ឡូតអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់។

លោកបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១២ ឧសភានេះថា ច្បាប់នេះបានបញ្ចូនដល់ក្រុមអ្នកច្បាប់ទីស្តីការគណៈរដ្ឋមន្រ្តី និងអន្តរក្រសួងដើម្បីពិនិត្យនិងសម្រេចហើ​យ។ យើងរំពឹងថាច្បាប់នេះនឹងបញ្ចប់ និងអាចដាក់ឲ្យរដ្ឋសភាជាតិនៃកម្ពុជាអនុម័តនៅចុងឆ្នាំនេះ។នេះជាគោលបំណងរបស់យើង តែការប្រែប្រួលយ៉ាងម៉េចទៀត យើងមិនទាន់ដឹងនៅឡើយទេ។

លោកបន្តថា “គោលដៅនៃច្បាប់នេះ ដើម្បីធ្វើឲ្យការគ្រប់គ្រងវិស័យសំណង់ និងអចលនវត្ថុកម្ពុជាកាន់តែមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ និងធ្វើយ៉ាងណាជំរុញឲ្យ​វិស័យនេះមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព”។

ទោះជាយ៉ាងណាលោកសេង ឡូតមិនបញ្ជាក់ឲ្យដឹងលំអិតពីច្បាប់នេះមានប៉ុន្មានជំពូក និងប៉ុន្មានមាត្រានៅឡើយទេ៕

តើបុរី ប៉េង ហួត មានយុទ្ឋសាស្រ្តបែបណាដើម្បីទទួលបានជោគជ័យ

ដោយ ច្រាយ ចំណាន

ភ្នំពេញ៖ មនុស្សគ្រប់គ្នាត្រូវការលំនៅដ្ឋានមួយសម្រាប់ជីវិត ដូចសត្វត្រូវការសំបុកដែរ ប៉ុន្តែលំនៅដ្ឋានក្នុងក្តីស្រម័យរបស់ពួកគេ ជារឿងកាន់តែសំខាន់ ដើម្បីធ្វើយ៉ាងណា  ឲ្យជីវិត​របស់ខ្លួនមានភាពសុខដុមរមនា។

ជាមួយនឹងការសិក្សាពីទីផ្សា និងចំណង់ចំណូលចិត្តរបស់អតិថិជន បុរីប៉េង ហួតបានទទួលការគាំទ្រយ៉ាងខ្លាំងពីអតិថិជន ដែលមានជីវភាពមធ្យមកម្រិតខ្ពស់ក្នុងស្រុក និងអន្តរជាតិ។

អគ្គនាយកបុរីប៉េង ហួតលោកឧកញ៉ាថៃ ម៉េងលីបានថ្លែងឲ្យដឹងក្នុងកិច្ចសម្ភាសន៍ពិសេសមួយកាលពីពេលថ្មីៗនេះថា លោកបានចាប់ផ្តើមវិនិយោគបុរីប៉េង ហួតនៅឆ្នាំ២០០៥ ព្រោះកំឡុងពេលនោះ​នៅកម្ពុជាមិនទាន់មានបុរីស្អាតនៅឡើយទេ មានតែផ្ទះល្វែង និងការសាងសង់វីឡាជាលក្ខណៈឯកជន។ នៅពេលយើងចេញចូលក្រៅប្រទេ​ស​ច្រើន ក៏បានសិក្សាពីការសាងសង់បុរីនៅប្រទេសគេ ហើយយើងក៏បានចាប់ផ្តើមសាងសង់បុរី ប៉េង ហួតជាលើកទី១ នៅតាមបណ្តោយផ្លូវ៥៩៨។

លោកបន្តថា “ការឌីសាញបុរីនេះ ខ្ញុំបានគិតពីសួនបៃតង ដើមឈើធំៗ ដោយផ្ទៃដីប្រមាណ៤៥ភាគរយ នៃបុរីនិមួយៗ ត្រូវបានរៀបចំដាំដើមឈើ និងសួនច្បារ”។លោកបន្តថា “គិតរហូតមកទល់ពេលនេះ មានផ្ទះជិត១០,០០០ខ្នងត្រូវបានលក់ចេញ ហើយទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ១ ជាទីតាំងធំជាងគេដែលមានផ្ទះប្រមាណ៧០០០ ទៅ៨០០០ខ្នងត្រូវបានលក់ចេញ។ ទីតាំងនេះអាចជាទីក្រុងរណបមួយបានហើយ”។

ដោយសារក្រុមហ៊ុនបុរីប៉េង ហួតចង់ធ្វើអ្វីឲ្យប្លែក ធ្វើអ្វីឲ្យល្អសម្រាប់ប្រទេ​សជាតិ ទើបយើងកសាងបុរីនេះឡើងគិតពីបរិស្ថាន សួនបៃតង និងរចនាផ្ទះដែលស្អាតៗជូនអតិថិជនទាំងអស់។ យើងចង់ឲ្យខ្មែរមានមោទនភាពថា ខ្មែរយើង​ក៏អាច​សាងសង់ផ្ទះបានល្អ ដូចប្រទេសផ្សេងៗបានដែរ។

លោកឧកញ៉ាថៃ ម៉េងលីបានបន្តថា “អ្វីដែលយើងផ្តោត គឺអតិថិជនចាប់ពីអ្នកមានជីវភាពមធ្យម រហូតដល់អ្នក​មានជីវភាពលំដាប់ខ្ពស់ ហើយអ្វីដែលជោគជ័យរហូតមកទល់ពេលនេះ ដោយសារក្រុមហ៊ុនបុរីប៉េង ហូត តែងតែធ្វើអ្វីលើសពីការរំពឹងទុករបស់អតិថិជន”។លោកបន្តថា “អ្វីយើងនិយាយគឺធ្វើ ហើយយើងបានធ្វើ និងធ្វើបានស្អាតជាងអ្វីដែលយើងបានសន្យា។ ជាក់ស្តែង​យើ​ងបាននិងកំពុងវិនិយោគ សាងសង់ផ្សារទំនើបមួយនៅបុរីប៉េង ហួតផ្លូវជាតិលេខ១ ព្រោះ​យើងចង់ឲ្យទីក្រុងរណបនេះ មានទាំងលំនៅដ្ឋាន មានទាំងកន្លែងកំសាន្ត ផ្សារទំ​នើប សាលារៀនអន្តរជាតិជាដើម”។     

លោកឧកញ៉ាថៃ ម៉េងលីបានបន្តថា ដោយសារក្រុមហ៊ុនបុរីប៉េង ហួតជាក្រុមហ៊ុនវិនិយោគលើវិស័យអចលនទ្រព្យ ទើបយើងវិនិយោគលើវិស័យលំនៅដ្ឋាន ខុនដូ ផ្សារទំនើប និងវិស័យពាក់ព័ន្ឋនឹងវិស័យ ទាំងអស់ ដើម្បីឆ្លើយតបតម្រូវការទីផ្សារ និងតម្រូវការ​របស់អតិថិជនជាតិ និងអន្តរជាតិ៕   

រដ្ឋាភិបាលផ្លាស់ប្តូរប័ណ្ណ QR Code សម្គាល់កម្មសិទ្ឋដីធ្លី

ដោយ គង់ សូរិយា

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមផ្លាស់ប្តូរប័ណ្ណសម្គាល់កម្មសិទ្ឋអចលនទ្រព្យថ្មី ដើម្បីធ្វើឲ្យការគ្រប់គ្រងអចលនទ្រព្យ កាន់តែមានភាពប្រសើរឡើង និងកាត់បន្ថយបាននូវជម្លោះនានា។

យោងតាមសេចក្តីសម្រេចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈរដ្ឋមន្រ្តីចុះថ្ងៃទី៧ ឧសភា ឆ្នាំ២០១៨ ដែលចុះហត្ថលេខាដោយលោកបណ្ឌិតសភាចារ្យហ៊ីង ថូរ៉ាក់ស៊ីរដ្ឋលេខាធិការគណៈរដ្ឋមន្រ្តីបានសម្រេចលើការផ្លាស់ប្តូរទម្រង់ថ្មី នៃប័ណ្ណកម្មសិទ្ឋដីធ្លីនេះ។

យោងតាមកម្មវត្ថុនៃសេចក្តីសម្រេចនេះបានបង្ហាញថា ករណីសុំផ្លាស់ប្តូរទម្រង់ នៃសន្លឹកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ការចុះបញ្ជីរដីធ្លីមានលក្ខណៈជាប្រព័ន្ឋ។ សេចក្តីសម្រេចបានកំណត់សម្គាល់ចំនួនបី ដូចជា ទី១ ត្រូវបានដកចេញនូវពាក្យវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលមានទម្រង់អក្សរតូចៗ ព្រាលៗ នៅលើសន្លឹក​វិញ្ញាបនបត្រមុន ទី២ បានដាក់បញ្ចូលរួបផែនទីនៃព្រះរាជាណាចក្រកម្ពុជា ជាទម្រ​ង់ព្រាលៗ នៅកណ្តាលសន្លឹកវិញ្ញាបនបត្រ និងពាក្យវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលមានទម្រង់អក្សរតូចៗ ព្រាលៗ លក្ខណៈជាខ្សែបន្ទាត់កាត់ទទឹងពេញផ្ទៃនៃផែនទី និងពាក្យ AIDOBMAC FO MOBGNIK , King of Cambodia មានទម្រង់អក្សរតូចព្រាលៗ នៅតាមដងទន្លេមេគង្គ និងទី៣ បន្ថែមលេខរៀងវិញ្ញាបនបត្រពី៧ខ្ទង់ ទៅ៨ខ្ទង់វិញ។

អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់លោកសេង ឡូតបានថ្លែងថា ក្រសួងសម្រេចផ្លាស់ប្តូរទម្រង់វិញ្ញាបនបត្រសម្គាល់កម្មសិទ្ឋដីធ្លី ដោយសារកន្លងមកយើងបោះពុម្ពសន្លឹកប័ណ្ណនេះនៅប្រទេសអូស្រ្តាលី ប៉ុន្តែបច្ចុប្បន្នយើងមានសមត្ថភាព​បោះពុម្ពប័ណ្ណនេះដោយខ្លួនឯងនៅកម្ពុជា។លោកបន្តថា វាបង្ហាញពីសមត្ថភាពរបស់យើ​ងមានភាពប្រសើរឡើង ក្នុងការគ្រប់គ្រងការងាររបស់យើង ដើម្បីធ្វើឲ្យប្រសើរនូវស្តង់ដា​ការងាររបស់យើង។

លោកបន្តថា “ប័ណ្ណសម្គាល់អចលនវត្ថុថ្មីនេះ មានដាក់បញ្ចូលនូវ QR Codeដែលមានលក្ខណៈពិសេសជាងប័ណ្ណចាស់ ដែលយើងអាចងាយស្រួលឆែកមើលបាន”៕

ចំណេះដឹងថ្មីៈ ហេតុអ្វីបានជាលោកត្រាំ ជ្រើសរើសយកប្រទេសសឹង្ហបុរីជួបជាមួយគីម ជុងអ៊ុន

​ដោយវុត្ថា

​ភ្នំពេញ៖ ហេតុអីបានជាប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំជ្រើសរើសយកប្រទេសសឹង្ហបុរី សម្រាប់ជំនួបកំពូលជាប្រវត្តិសាស្រ្តជាមួយលោកគីម ជុងអ៊ុនប្រធានាធិបតីកូរ៉េខាងជើង?។

គេហទំព័រPropertyarea.asiaបានសាកល្បងស្វែងយល់ និងនាំអ្នកអានមកស្រា​យ​ចម្ងល់នេះទាំងអស់គ្នា។

បន្ទាប់ពីមានជំនួបកំពូលរវាងមេដឹងនំាកូរ៉េខាងជើងលោក គឹម ជុងអ៊ុន និងមេដឹកនាំកូរ៉េខាងត្បូង លោកមូន ជេអ៊ីន កាលពីពេលថ្មីនេះនៅតំបន់ព្រុំដែនដែលជំបន់គ្មានកងទ័ពនៃប្រទេសការ៉េទាំងពីរ ដើម្បីបញ្ចប់ភាពតានតឹងផ្នែកអាវុធនុក្លេអ៊ែរ និងការបញ្ចប់ជម្លោះរវាងប្រទេសបងប្អូនទាំងពីរ ។ ភាគីទាំងពីបានឯកភាពគ្នាជាច្រើនចំណុចចំពោះ អ្វីដែលធ្វើឡើងក្នុងជំនួបកំពូលមួយនេះ។

ក្រោយជំនួបមេដឹកនាំកូរ៉េខាងត្បួង លោកគីមជុង អ៊ុន បានទៅជួបប្រធានាធិបតីចិន ស៊ីជិនភីងជាលើកទី២ ដែលជំនួបនេះធ្វើឡើងនៅខេត្តDalian តំបន់ឆ្នេសមុទ្រ នៃប្រទេសចិន។

ជំនួបមេដឹកនាំប្រទេសមហាមិត្តនឹងគ្នានេះ បានធ្វើឡើងមុនជំនួបកំពូល លោកគីមអ៊ុនរវាងលោកត្រាំនៅថ្ងៃទី១២ មិថុនាខាងមុខនេះ។ ជំនួបពិសេសនេះត្រូវបានមើលឃើញថា គឺដូចជំនួបលើកមុនដែរ គឺនៅពេល លោក គីម ជុងអ៊ុន ជូបលោក មូន ចាវអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូងធ្វើឡើងកាលពីថ្ងៃទី ២៧មេសា នៅភូមិយុទ្ធសន្តិភាពប៉ានម៉ុនយ៉ុម ដែលត្រូវបានចាត់ទុកជាជំនួបប្រវត្តិសាស្រ្ត និងបាននាំមកនូវលទ្ធផលគួរអោយកត់សម្គាល់។

តាមរយៈជំនួបរវាងលោកគីមជុងអ៊ុន និងលោកស៊ី ជីនភីងនាំអោយមានការរំពឹងថា ជំនួបកំពូលជាមួយត្រាំ ក៏នឹងមានលទ្ធផលច្រើនដែរ ទោះជារបៀបវារៈរបស់លោកត្រាំ រំលាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងក៏ដោយនោះ។

ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបានប្រកាសឲ្យដឹងថា ជំនួបពិសេសជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នឹងធ្វើឡើងនៅក្នុងប្រទេសសឹង្ហបុរី នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ។

សំនួរជាច្រើនត្រូវបានលើកឡើង តើហេតុអ្វីបានជាត្រូវជ្រើសរើសប្រទេសសឹង្ហបុរីធ្វើជាកន្លែងជំនួបកំពូលនេះ? តើហេតអ្វីមិនធ្វើឡើងក្នុងប្រទេសសហរដ្ឋអាមេរិក ឬក្នុងប្រទេសកូរ៉េខាងជើង?។

ក្រុមអ្នកតាមដានស្ថានការអន្តរជាតិបានឲ្យដឹងថា ប្រទេសសឹង្ហបុរីគឺជាប្រទេសដែលមានសុវត្ថិភាព មានសេដ្ឋកិច្ចរីកចម្រើនបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាប្រទេសអព្យាក្រឹត្យ។ បន្ថែមពីនេះ ប្រទេសសឹង្ហបូរីបានជាប់កំណត់ត្រា ក្នុងការរៀបចំកិច្ចប្រជុំកំពូលអន្តរជាតិសំខាន់នានាជាច្រើនក្នុងពិភពលោក ។ គេមើលឃើញទៀតថា ប្រទេសសឹង្ហបុរីមានទីក្រុងទំនើប និងមានហេដ្ឋារចនាសម្ពន្ធសន្តិសុខរឹងមាំ សុវត្ថិភាព ជាទីបំផុតក្នុងតំបន់អាស៊ី។ ប្រទេសនេះ មានភាពរឹតមាំគ្រប់គ្រងទៅលើប្រព័ន្ធផ្សព្វផ្សាយ និងការប្រមូលផ្តុំជាសាធារណៈដែលធ្វើអោយបរិស្ថាននៃជំនួបនេះ ល្អប្រសើរជាង ទីក្រុងព្យុង​យ៉ាង និងទីក្រុងវ៉ាស៊ីនតោន។

លោក Trump ធ្លាប់បានលើកឡើងថា “ប្រទេសសឹង្ហបុរី គឺជាប្រទេសដែលគ្មានតំបន់យោធាវាងកូរ៉េទាំងពីរ”។

លោក Sarah Teo អ្នកស្រាវជ្រាវរងនៅកម្មវិធីស្ថាបត្យកម្មសន្តិសុខតំបន់ RSIS បាននិយាយថា ជំនួបសម្រាប់ លោក Trump និងលោកគីម ក្នុងប្រទេសសឹង្ហបូរីគឺជាកន្លែងដែលមានភាពងាយស្រួល ព្រោះប្រទេសនេះមិនមានប្រវតិ្តសាស្ត្រជំលោះនយោ​បាយជាមួយប្រទេសណាមួយនោះទេ។

ប្រទេសសឹង្ហបូរីក៏បានជាប់កំណត់ត្រាប្រវត្តិសាស្ត្រសម្រាប់ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអន្តរជាតិជាច្រើន ដោយក្នុងនោះក៏ជាប្រទេសប្រវត្តិសាស្ត្រ ក្នុងការរៀបចំជំនួបមេដឹកនាំចិន និងមេដឹកនាំកោះតៃវាន់ផងដែរ។

បន្ថែមពីនេះប្រទេសមួយនេះ ក៏បាធ្លាប់បានរៀបចំកិច្ចប្រជុំជាច្រើនសម្រាប់សមា​គមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)ទទួលបានជោគជ័យជាផ្លែការផងដែរ។ ប្រទេសដែលជាមជ្ឈណ្ឌលសេដ្ឋកិច្ចនេះ ត្រូវបានគេដាក់ឈ្មោះថា “Asia’s Swisland” សម្រាប់ភាពអព្យាក្រឹតភាព និងមានទំនាក់ទំនងស្និទ្ធស្នាល ជាមួយបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក។

នៅឆ្នាំ ២០១៥ លោកស៊ី ជីនភីង ប្រធានាធិបតីនៃប្រទេសចិន ក៏បានជ្រើសរើសប្រទេសសឹង្ហបុរី សម្រាប់កិច្ចប្រជុំដ៏សំខាន់របស់លោក ជាមួយមេដឹកនាំតៃវ៉ាន់លោក Ma Ying-jeou។ កិច្ចពិភាក្សាជាប្រវត្តិសាស្ត្រទាំងនោះ ត្រូវបានគេមើលឃើញថាជាជោគជ័យមួយប្រកដោយភាពសម្ងាត់ខ្ពស់ និងសន្តិសុខតឹងរឹង។

ប្រទេសសឹង្ហបុរី ក៏ធ្លាប់បានរៀបចំកិច្ចសន្ទនាប្រចាំឆ្នាំShangri-La ដែលជាវេទិកាការពារប្រទេស ដែលមានការចូលរួមដោយប្រមុខរដ្ឋរដ្ឋមន្រ្តីការពារជាតិ និងមន្ត្រីយោធាជាន់ខ្ពស់ជាច្រើនរូប។

ចាប់តាំងពីដំបូងរហូតមកដល់បច្ចុប្បន្ន ប្រទេសសឹង្ហបុរីគឺជាទីកន្លែង រៀបចំកិច្ចប្រជុំ​កំពូល និងធ្វើជាម្ចាស់ផ្ទះព្រមទាំងប្រទេសសក្ខីភាព សម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរ និងចុះសន្ធិសញ្ញាសន្តិភាពជាផ្លូវការ ដើម្បីបញ្ចប់សង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ផងដែរ៕

អ្នកជំនាញថា៖ ក្រុងនៃទីរួមខេត្តចំនួន៩ នឹងមានការរីកចម្រើនខ្លាំងផ្នែកអចលនទ្រព្យ

ដោយ គង់ សូរិយា

ភ្នំពេញ៖ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបាននិយាយថា ខេត្តចំនួន៩ នឹងមានការរីកចម្រើនកាន់តែខ្លាំង លើវិស័យអចលនទ្រព្យនាពេលអនាគត ខណៈបច្ចុប្បន្នបណ្តា​ខេត្តទាំងនោះ កំពុងចាប់ផ្តើមទាក់ទាញអ្នកវិនិយោគកាន់តែច្រើន។

អ្នកនាង Grace Rachny Fong នាយិកាក្រុមហ៊ុន Century21 Cambodia បានថ្លែងឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១១ ឧសភានេះថា បច្ចុប្បន្នមានបណ្តាខេត្តជាច្រើន​កំពុងមានការរីកចម្រើនខ្លាំងលើវិស័យអចលនទ្រព្យ ដែលមានការអភិវឌ្ឍទាំងបុរី រមណី​យដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មនានា។ ការរីកចម្រើននេះបានធ្វើឲ្យសកម្មភាពទិញ លក់ ជួនបានកើនឡើងយ៉ាងច្រើន។

អ្នកនាងបន្តថា ក្រៅពីទីក្រុងភ្នំពេញ បណ្តាខេត្តដែលមានការីកចម្រើន និងកំពុងមានសក្តានុពលខ្លាំងនាពេលអនាគត រួមមាន កំពង់ស្ពឺ ខេត្តព្រះសីហនុ កំពត កែប កោះកុង កំពង់ចាម សៀមរាប បាត់ដំបង និងខេត្តកណ្តាល។ អ្នកនាងបន្តថា បណ្តាខេត្តទាំងនេះនឹងមានការរីកចម្រើនខ្លាំង ដោយសារកំនើននៃការមកដល់របស់អ្នកវិនិយោគ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋកាន់តែប្រសើរ និងធនធានធម្មជាតិ និងភូមិសាស្រ្តអំណោយ​ផលនៃខេត្តទាំងនោះ។

អគ្គនាយកក្រុមហ៊ុន TOWN CITY Real Estate លោក វ៉ន ចាន់ថន បានយល់ស្របនឹងការលើកឡើងខាងលើ ដោយបានថ្លែងថា តំបន់ដែលមានការរីកចម្រើនវិស័យនេះ អ្នកណាក៏ទទួលស្គាល់ពីរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាបដែរ ប៉ុន្តែបណ្តាខេត្តមួយចំនួនទៀត ដូចជាខេត្តកំពត កែប កោះកុង ក៏ទទួលរងឥទ្ឋិពលពីការ​រីកចម្រើននៃខេត្តព្រះសីហនុផងដែរ ដែលធ្វើឲ្យគំរោងមួយចំនួនហៀរដល់ខេត្តជិតខាងទាំងនោះ។

លោកបន្តថា ចំណែកខេត្តកំពង់ចាម ក៏មានការរីកចម្រើនផងដែរ ប៉ុន្តែភាគច្រើនជាការវិនិយោគរបស់អ្នកវិនិយោគក្នុងស្រុក ដោយសារខេត្តនេះមានសក្តានុពលសេដ្ឋកិច្ច និងមានប្រជាជនច្រើនមុនពេលបំបែកជាពីរ។ ចំណែកខេត្តកំពង់ស្ពឺ កណ្តាល ក៏ជាខេត្តមានការរីកចម្រើនលឿនផងដែរ ដោយសារវាមានទីតាំងនៅកៀកនឹងរាជធានីភ្នំពេញ និងទទួលឥទ្ឋិពលពីការរីកចម្រើននៃទីក្រុងរបស់យើង។

អ្នកនាង Grace Rachny Fong បានបន្ថែមថា “ទោះជាបណ្តាខេត្តទាំងនោះមានការរីកចម្រើន ប៉ុន្តែមិនទាន់មានក្រុមហ៊ុនអចលនទ្រព្យស្របច្បាប់ និងមានកេរ្ត៍ឈ្មោះ​ដែលអាចធ្វើការដោយទំ​នុកចិត្តនៅឡើយទេ”។ អ្នកនាងបន្តថា “ការទិញលក់ ជួលអច​ល​នទ្រព្យដោយគ្មានវិជ្ជាជីវៈ និងមិនធ្វើតាមក្រុមហ៊ុនដែលមានជំនាញច្បាស់លាស់នឹងធ្វើ  ឲ្យមានហានិភ័យខ្ពស់ផងដែរ”៕

ដំណឹងល្អ! រដ្ឋាភិបាលគ្រោងបង្កើតមូលនិធិនិងមជ្ឈមណ្ឌលសហគ្រិនភាព

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា រដ្ឋាភិបាលនឹងបង្កើតមូលនិធិគាំទ្រសហគ្រិនភាព និងមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនភាព ដើម្បីបង្កើន​ការប្រកួតប្រជែង និងជំរុញកំនើនសេដ្ឋកិច្ចជាតិ។

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកវង្សី វិស្សុតបានលើកឡើងនៅក្នុងវេទិការសាធារណៈ ស្តីពីសេដ្ឋកិច្ចឌីជីថល និងសហគ្រិនភាពនៅកម្ពុជាកាលពីពេល ថ្មីៗនេះថា នៅក្នុងរយៈពេលខ្លី និងវែងទៅមុខ ក្រៅពីការបង្កើតមូលនិធិគាំទ្រសហគ្រិនភាព និងមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនភាព រាជរដ្ឋាភិបាលនឹងដាក់ចេញនូវយន្តការគាំទ្រជាកញ្ចប់ផ្សេងទៀត សម្រាប់គាំទ្រដល់សហគ្រិនភាព ដូចជា ការបង្កើតធនា​គារសហគ្រាសធុនតូចនិងមធ្យម (SME Bank) ការបង្កើតមូលនិធិអភិវឌ្ឍន៍ជំនាញ ដែលឆ្លើយតបទៅនឹងតម្រូវការរីកចម្រើនរបស់ SME ការគិតគូរទៅដល់ការកាត់បន្ថយថ្លៃដើមនៅក្នុងការធ្វើធុរកិច្ចរបស់ SME តាមរយៈការកាត់បន្ថយថ្លៃអគ្គិសនី និងដឹកជញ្ជូន រួមទាំងចំណា​យ​លើបែបបទច្បាប់ទម្លាប់ និងពន្ធដារ ព្រមទាំងប្រព័ន្ធនៃការផ្លាស់ប្តូររំលែក ចំណេះដឹង ជំនាញ បច្ចកវិទ្យា និងបទពិសោធន៍ផងដែរ។

លោកបន្តថា “ករាជរដ្ឋាភិបាលជួយទ្រទ្រង់ដល់វិស័យនេះជាបន្តបន្ទាប់ ដោយរាជរដ្ឋាភិបាលប្រកាន់យកនូវគោលការណ៍ទីផ្សារ ដោយនឹងមិនធ្វើអន្តរាគមន៍ណាមួយ ដែលធ្វើឱ្យខូចទៅដល់គោលការណ៍ទីផ្សារនោះឡើយ”។ លោកបន្តថា “រដ្ឋាភិបាលត្រូវលើក​កំពស់សហគ្រិនភាព និងនវានុវត្តន៍ផ្សេងៗ ដើម្បីបង្កើនទ្រព្យសម្បត្តិ តម្លៃ និងការងារនៅក្នុងសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត”។

លោករដ្ឋលេខាធិការបានបន្តថា មូលដ្ឋាននៃហេដ្ឋារចនាសម្ព័ន្ធសម្រាប់គាំទ្រដល់ការអនុវត្តសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា កំពុងវិវឌ្ឍន៍ទៅមុខជាបណ្តើរៗ ក្នុងនោះកម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធទូរស័ព្ទចល័ត និងមានសេវាអ៊ីនធើណែតសមល្មម សម្រាប់គាំទ្រដល់សេដ្ឋកិច្ចឌីជីថល ។ មូលដ្ឋាននេះ បានបង្កើតឱកាសសម្រាប់អាជីវកម្មថ្មីៗ និងការច្នៃប្រឌិតមួយចំនួន រួមទាំងសហគ្រិនភាព ឱ្យមានការរីកចម្រើនជាបណ្តើរៗ ស្របនឹងនិន្នា​ការប្រទេសក្នុងតំបន់។ ប៉ុន្តែសមត្ថភាពចាប់យក និងសកម្មភាពនៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនេះ នៅមានកម្រិតទាបនៅឡើយ មិនថានៅក្នុងវិស័យសាធារណៈ ឬនៅក្នុងវិស័យឯកជនទេ។ ទន្ទឹមនឹងនេះការទទួលយកបច្ចេកវិទ្យា ទូរស័ព្ទចល័តជំនាន់ក្រោយ មានភាពយឺតយ៉ាវ ហើយការទទួលយកសេវា 4Gវិញកាន់តែមានអត្រាទាបថែមទៀត។

ទីប្រឹក្សាផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market Consulting លោកង៉ែត ជូបានថ្លែងថា ការបង្កើតមូលនិធិនេះពិតជារឿងល្អប្រសើរ ព្រោះកន្លងមករដ្ឋា ភិបាលតែងតែលើកឡើងថា វិស័យសហគ្រាសធុនតូច និងមធ្យម (SME) ជាឆ្អឹងខ្នងនៃ​សេដ្ឋកិច្ចជាតិ  ប៉ុន្តែការគាំទ្រវិស័យនេះនៅមានកម្រិត ហើយមន្រ្តីដែលធ្វើការងារនេះក៏មានសមត្ថភាពនៅមានកម្រិត។

លោកបន្តថា “ខ្ញុំគាំទ្រនូវគំនិតនេះ វាជាចក្ខុវិស័យល្អ ដែលរដ្ឋាភិបាលអាចគៀងគរសហគ្រិនជោគជ័យអាចចូលរួមជួយការងារនេះបាន ហើយសម្រាប់ខ្ញុំៗ ពេញចិត្តនឹងចូលរួមការងារនេះដោយឥតគិតថ្លៃ”។លោកបន្តថា“នេះជាតម្រូវការចាំបាច់ ដែលមិនទាន់បា​ន​​បំពេញ ព្រោះបើបង្កើតមូលនិធិឬស្ថាប័ននេះ វានឹងជាការអនុវត្តជាក់ស្តែង មិនដូចរៀននៅមហាវិទ្យាល័យដែលមានតែទ្រឹស្តី ហើយគ្រូបង្រៀនពីជំនួញ តែមិនដែលបានធ្វើជំនួញ”។

លោកង៉ែត ជូបានបន្តថា លោកចង់ឲ្យមូលនិធិ ឬមជ្ឈមណ្ឌលសហគ្រិនភាពបង្កើតឡើងដោយរដ្ឋាភិបាល ដើរតួនាទីធ្វើឡើងជាកន្លែងភ្ញាស់សហគ្រិនភាពថ្មីៗ ដែលពួកគេមានបំណង​ចង់រកស៊ី ហើយខ្វះទុន ខ្វះបទពិសោធន៍ ខ្វះកន្លែងធ្វើការទទួលបានការគាំទ្រ និងជំរុញ  ឲ្យពួកគេមានភាពរីកចម្រើន និងអាចជោគជ័យក្នុងជំនួញរបស់ពួកគេ៕

អ្នកជំនាញថា៖ មុនវិនិយោគលើដីធ្លីត្រូវគិតចំណុចទាំងនេះសិន

ដោយ គង់ សូរិយា

ភ្នំពេញ៖ ស្របពេលចលនានៃការវិនិយោគដីធ្លី មានការកើនឡើងនិងកំពុងបង្កហានិភ័យដល់មនុស្សមួយចំនួន អ្នកជំនាញបានប្រាប់គន្លឹះមួយចំនួនមុនពេលសម្រេចចិត្តលើការវិនិយោគនេះ។

អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងអចលនទ្រព្យលោកង៉ែត ជូបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១១ ឧសភានេះថា ការវិនិយោគលើដីធ្លីមិនអាចទទួលបានផលមកវិញមុនរយៈពេល១ឆ្នាំឬមួយឆ្នាំនោះទេ។ វាត្រូវការពេលវេលាសមស្របមួយ ហេតុនេះមុនសម្រេចចិត្តវិនិយោគលើដីធ្លី អ្នកវិនិយោកគគួរគិតកត្តាមួយចំនួនសិន ដូចជា ទី១ សូមដកចេញនូវការពឹងផ្អែកលើព្រេងសំណាងជាមុនសិន ព្រោះព្រេងសំណាងវាមិនអាចកើតមានពិតប្រាកដទេ បើយើងគ្មានមូលដ្ឋានសម្រេចចិត្តត្រឹមត្រូវ ទី២ ត្រូវសួរខ្លួនឯងថា បើសិនជាគំរោងរបស់ខ្លួនជាប់គាំង លក់មិនចេញ តើយើងអាចទ្រាំឬមានវិធីសាស្រ្តដោះស្រាយបានប៉ុន្មានឆ្នាំ បើយើងរង់ចាំឬអាចដោះស្រាយបាន យើងនឹងទទួល​ជោគជ័យ។

ទី៣ កុំពឹងផ្អែកលើព៌តមានឆៅ ឬធ្វើតាមកំសួលភ្លាមៗ ដោយមិនបានវិភាគ ពិចារ​ណាឲ្យបានគ្រប់ជ្រុងជ្រោយជាមុន ទី៤ កុំឲ្យមានការយល់ច្រឡំផ្នែកអារម្មណ៍ មានន័យថាកុំយកអារម្មណ៍ឬធ្វើតាមគ្នា។

លោកង៉ែត ជូបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់លោកបន្ថែមថា ចូរវិនិវិយោគប្រកបដោយចក្ខុវិស័យ ត្រឹមឆ្នាំ២០៣០ ក្រុងភ្នំពេញមានតំរូវការដីសំរាប់លំនៅដ្ឋានដ៏ធំរហូតដល់ប្រមាណ៣៦០០ហិកតា ឬស្មើនឹងជាង២៤ដងនៃផ្ទៃដីបឹងកក់ទាំងមូល។

លោកបន្តថា “តាមការវិភាគលើទិន្នន័យ នៃតំរូវការលំនៅដ្ឋាននៅក្រុងភ្នំពេញ ខ្ញុំអាចព្យាករណ៍ថា ក្នុង១ឆ្នាំៗមានតំរូវការដីសំរាប់លំនៅដ្ឋានប្រមាណ៣០០ហិកតា ឬស្មើនឹងជាង២ដងនៃផ្ទៃបឹងកក់ទាំងមូល”។

ការអះអាងនេះដោយផ្អែកលើមូលដ្ឋានមួយចំនួន ដូចជា ទី១ ជាមធ្យមក្នុង១ឆ្នាំៗ

ប្រជាជនក្រុងភ្នំពេញត្រូវការផ្ទះចំនួនប្រមាណ២ម៉ឺន។ បើផ្ទះ១ល្វែងត្រូវការផ្ទៃដីប្រហែល១០០ ម៉ែត្រការ៉េ នោះនឹងមានតំរូវការដីប្រមាណ២០០ហិកតា។ ប៉ុន្តែក៏ត្រូវគិតគូរពីដីសំរាប់ធ្វើផ្លូវ សួន សាលារៀន និងផ្សារផងដែរ ដូច្នេះនឹងត្រូវការដីបន្ថែមប្រមាណ១០០ហិកតាទៀត។ ជារួមក្នុង១ឆ្នាំៗ ភ្នំពេញត្រូវការប្រមាណ៣០០ហិកតា សំរាប់សង់លំនៅដ្ឋាន។

ទី២ ផ្ទៃដីបឹងកក់ទាំងមូលមានទំហំប្រមាណ១៣៣ហិកតា ដូច្នេះតំរូវការដីប្រមាណ៣០០ហិកតាខាងលើស្មើនឹងជាង២ដងនៃផ្ទៃដីបឹងកក់ទាំងមូល។

ទី៣ បើ១ឆ្នាំៗ មានតំរូវការដីសំរាប់លំនៅដ្ឋានប្រហែលជាង២ដង នៃផ្ទៃដីបឹងកក់ នោះ ក្នុងរយៈពេល១២ឆ្នាំទៅមុខទៀត (២០១៩-២០៣០) ក្រុងភ្នំពេញនឹងមានតំរូវការដីសំរាប់លំនៅដ្ឋានប្រមាណជាង២៤ដងនៃផ្ទៃបឹងកក់។ នេះជាតំរូវការដ៏ធំដែលមិនទាន់គិតពីតំរូវការផ្សេងទៀតដូចជាដីសំរាប់ធ្វើឃ្លាំង រោងចក្រ។ល។ ទី៤ យោងតាមតំរូវការខាងលើ បើជាបុគ្គលយើងអាចធ្វើផែនការ ក្នុងការវិនិយោគដីធ្លីសំរាប់រយៈពេលវែង ដើម្បីចាប់យកឱកាសពីតំរូវការនេះ។ សំរាប់រដ្ឋាភិបាល រដ្ឋាភិបាលគួរមានផែនការមេសំរាប់អភិវឌ្ឍន៍ក្រុងក្នុងរយៈពេល១០០ឆ្នាំទៅមុខទៀត។ ក្រុងភ្នំពេញសព្វថ្ងៃជាការផ្តួចផ្តើមកសាងដោយបារាំងកាលពី១០០ឆ្នាំមុន ដូច្នេះមិនអាចឆ្លើយតបសមស្របតាមតំរូវការនៃកំណើនប្រជាជននាពេលបច្ចុប្បន្ន និងអនាគតបានទេ៕

Century21 ស្វែងរកដៃគូដើម្បីពង្រីកសក្តានុពលអចលនទ្រព្យនៅតាមបណ្តាខេត្ត

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុន Century21 Cambodia បានមើលឃើញសក្តានុពលអចលនទ្រព្យនៅតាមបណ្តាខេត្តជាច្រើន ដែលមិនទាន់មានក្រុមហ៊ុនអចលនទ្រព្យជំនាញទៅដល់នៅឡើយ ដែលធ្វើឲ្យក្រុមហ៊ុននេះស្វែងរកដៃគូសហការ ដើម្បីពង្រីកការអភិវឌ្ឍន៍​នៅតាមបណ្តាខេត្តទាំងនោះ។

អ្នកនាង Grace Rachny Fong នាយិការក្រុមហ៊ុន Century21 Cambodia បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីម្សិលម៉ិញនេះថា យើងមានគោលដៅពង្រីកការិយាល័យ​ទៅកាន់ខេត្តចំនួន២៣បន្ថែមទៀត ខណៈបច្ចុប្បន្នយើងមានការិយាល័យនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ បណ្តាខេត្តទាំង២៣នោះ មានសក្តានុពលនិងមានការអភិវឌ្ឍអចលនទ្រព្យមានសន្ទុះល្អប្រសើរ ទាំងលំនៅដ្ឋាន រមណីយដ្ឋាននានា និងមជ្ឈម ណ្ឌលពាណិជ្ជកម្ម ហើយសកម្មភាពនៃការទិញលក់កំពុងកើនឡើង។

អ្នកនាងបន្តថា “បច្ចុប្បន្នបណ្តាខេត្តទាំងនោះ មិនទាន់មានក្រុមហ៊ុនមានជំនាញវិជ្ជាជីវៈ និងក្រុមហ៊ុនស្របច្បាប់ដើម្បីធ្វើការទិញលក់ ឬផ្តល់សេវាកម្មក្នុងវិស័យនេះនៅឡើយ ហេតុនេះទើបយើងស្វែងរកដៃគូសហការ ដើម្បីធ្វើឲ្យសកម្មភាពនៃការទិញលក់ទាំងនោះមានលក្ខណៈវិជ្ជាជីវៈនិងគ្មានហានិភ័យ”។អ្នកនាងបន្តថា “បច្ចុប្បន្នយើងត្រូវការអ្នកមានឆន្ទៈស្រលាញ់ មានការប្តេជ្ញាចិត្តខ្ពស់ និងស្មោះត្រង់ដើម្បីធ្វើការងារជាមួយ​យើង ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកទិញ និងអ្នកលក់នានា”។

អ្នកនាង Grace Rachny Fong បានបន្តថា យើងចង់ឲ្យអ្នកមានឆន្ទៈធ្វើការងារនេះបញ្ចេញសមត្ថភាពបាន ហើយធ្វើការងារជាមួយយើងប្រកបដោយភាគស្មោះត្រង់ និងជោគជ័យទាំងអស់គ្នា។ ជាមួយនេះអ្នកមានបំណងចង់ធ្វើការងារនេះ នឹងទទួលបានការបណ្តុះបណ្តាលពីក្រុមហ៊ុនមេ Century21 Cambodia មានការរៀបចំការិយាល័យជូននៅតាមខេត្តដែលខ្លួនត្រូវបំពេញការងារផងដែរ។

អ្នកមានបំណងចង់សហការធ្វើកិច្ចការនេះ អាចទំនាក់ទំនងលេខទូរស័ព្ទអ្នកនាង Grace Rachny Fong តាមរយៈ០១២ ៦២០ ៧២៩៕

អ្នកវិនិយោគចិនបង្កើតសួនសហគ្រាសថ្មីផលិតឧបករណ៍អេឡិចត្រូនិកនៅកម្ពុជា

ដោយ វុត្ថា

ភ្នំពេញ ប្រតិភូធុរជនមកពីទីក្រុងឆុងជីង នៃសាធារណរដ្ឋប្រជាមានិតចិន បានបំណងបង្កើតសួនសហគ្រាសឆុងជីងនៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបង្កើតនូវឱកាសការងារ និងប្រាក់ចំណូលជូនប្រជាជន សំដៅកាត់បន្ថយភាពក្រីក្រ។

ក្នុងជំនួបពិភាក្សារវាង លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ប្រតិ​ភូធុរជនទីក្រុងឆុងជីង ដឹកនាំដោយលោកបណ្ឌិត Wu Jianbo អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ផ្នែកដែនសមុទ្រ និងជាសមាជិកគណៈកម្មការឧស្សហកម្មថ្មី សហព័ន្ធទីក្រុងវៃឆ្លាត និងទីក្រុងវិថីសូត្រនៃសាធារណរដ្ឋប្រជាមានិតចិន លោកWu Jianboបានឲ្យដឹងថា ប្រតិភូវិនិយោគចិន គោលបំណងស្វែងរកឱកាសវិនិយោគ និងពង្រីកទីផ្សារនៅក្នុងប្រទេសកម្ពុជា តាមរយៈបង្កើតសួនសហគ្រាសឆុងជីង ដើម្បីផលិតឧបករណ៍អេឡិចត្រូនិក សម្ភារៈកុំព្យូទ័រ គ្រឿងបង្គុំទោចក្រយានយន្ត និងរថយន្ត ព្រមទាំងគ្រឿងចក្រផ្សេងៗ ដោយយកគំរូតាមសួនសហគ្រាសទីក្រុងឆុងជីង នៅក្នុងប្រទេសចិន។

លោកបណ្ឌិតបានបន្តថា “ឆុងជីង គឺជាទីក្រុងឧស្សាហកម្មធំមួយនៅលើពិភពលោក ដែលធ្វើការផលិតសម្ភារៈកុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិក ដើម្បីនាំចេញទៅកាន់ទីផ្សារអឺរ៉ុប តាមរយៈផ្លូវរថភ្លើងដែលតភ្ជាប់ពីទីក្រុងឆុងជីងនៃប្រទេសចិន ទៅកាន់ប្រទសអាល្លឺម៉ង់ ឆ្លងកាត់ប្រទេសរុស្សី”។

លោកប៉ាន សូរស័ក្តិ បានស្វាគមន៍ចំពោះគម្រោងវិនិយោគនេះ ហើយបានជម្រាបលោកបណ្ឌិត Wu Jianbo អំពីគោលនយោបាយបើកចំហរ និងគោលការណ៍លើកទឹកចិត្តវិនិយោគិន ដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការសម្របសម្រួលគម្រោងវិនិយោគនានារបស់ធុរជនជាតិ និងអន្តរជាតិ។ លោកក៏បានលើកឡើងពីវត្ថុបំណង នៃគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម (IDP) ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗ នៃតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ សម្រាប់វិនិយោគិនដែលចង់មកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា។

បន្ថែមលើនេះលោកប៉ាន សូរស័ក្តិ បានស្នើប្រតិភូធុរជនចិននៃទីក្រុងឆុងជីង ពិចា​រណាវិនិយោគលើការកែច្នៃផលិតផលកសិកម្មរបស់កម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងចាប់ដៃវិនិយោគជាមួយធុរជនក្នុងស្រុក ជាពិសសេសសហគ្រិនវ័យក្មេងរបស់កម្ពុជា ដើម្បីបង្កើតសេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce)៕

កម្ពុជា-ឥណ្ឌា ចរចាគ្នាពីយុទ្ធសាស្ត្រជំរុញលំហូរទេសចរបន្ថែម

បន្ទាប់ពីបានរៀបចំសន្និសីទផ្សព្វផ្សាយទេសចរណ៍ឥណ្ឌានៅកម្ពុជា (Incredible India Road Show 2018) ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ រួចមក ក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ឥណ្ឌា នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ បានបន្តបើកកិច្ចប្រជុំលើកទី២ នៃក្រុមការងារទេសចរណ៍កម្ពុជា-ឥណ្ឌា មួយទៀតនៅខេត្តសៀមរាប ទឹកដីបេតិកភណ្ឌដ៏ល្បីល្បាញរបស់កម្ពុជា ជាមួយនឹងគោលបំណងដ៏មានសារសំខាន់។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព លោក ហោ មុនីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា លោកជំទាវ Rashmi Verma រដ្ឋលេខាធិការក្រសួងទេសចរណ៍ នៃសាធារណរដ្ឋឥណ្ឌា និងលោក MANIKA JAIN ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ព្រមជាមួយវត្តមានសមាជិកប្រតិភូនៃប្រទេសទាំងពីរ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) ផងដែរ។

លោក ហោ មុនីរ័ត្ន បានលើកឡើងពីសារសំខាន់ចាំបាច់ដើម្បីជំរុញ និងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ព្រមទាំងបានវាយតម្លៃខ្ពស់លើលទ្ធផល ដែលកើតចេញពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការជំរុញកំណើនទេសចរ។


លោក ហោ មុនីរ័ត្ន បានលើកឡើងអំពីចំណុចសំខាន់ៗ សម្រាប់ការពិភាក្សាឆ្ពោះទៅរកជំហានរីកចម្រើន នៃកិច្ចសហប្រតិបត្តិការទេសចរណ៍ ក្នុងនោះភាគីទាំងពីរបានឯកភាពគ្នាក្នុងការគិតគូរដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយនិរន្តរភាព ស្របតាមផែនការការងារនៃការអនុវត្តអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងឥណ្ឌា ពិសេសផ្តោតលើចំណុចសំខាន់ៗ រួមមាន៖
* ការសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរ, ការគិតគូរដោះស្រាយឧបសគ្គ និងបញ្ហាប្រឈមក្នុងការទំនាក់ទំនង និងការធ្វើដំណើរ, ជំរុញការលើកកម្ពស់គុណភាព និងសេវាកម្មទេសចរណ៍។

* ជំរុញការផ្សព្វផ្សាយទីផ្សាររួមគ្នា ការរៀបចំដំណើរទស្សនកិច្ចស្វែងយល់អំពី FAM Trips នៃប្រតិបត្តិករទេសចរណ៍ និងប្រព័ន្ធផ្សព្វផ្សាយ ការរៀបចំព្រឹត្តិការណ៍បង្ហាញផ្លូវទេសចរណ៍ (Roadshow) និងការគាំទ្រគ្នាទៅវិញទៅមកក្នុងការចូលរួមក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិ ដែលរៀបចំឡើងដោយប្រទេសនីមួយៗ។
* ពង្រឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទន់ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចសិក្សា ការពង្រឹងស្ថាប័ននៃអភិបាលកិច្ចល្អ ការកសាងសមត្ថភាព និងកម្មវិធីបណ្ដុះបណ្ដាលសម្រាប់មន្ត្រីរដ្ឋាភិបាល ក្នុងវិស័យទេសចរណ៍។

* សហការជាមួយស្ថាប័នពាក់ព័ន្ធអំពីលទ្ធភាពការតភ្ជាប់តាមផ្លូវអាកាស សម្រាប់ជើងហោះហើរត្រង់រវាងឥណ្ឌា និងកម្ពុជា។

* បង្កើតការយល់ដឹង និងជំរុញផ្សព្វផ្សាយតំបន់គោលដៅទេសចរណ៍ និងខ្សែទស្សនកិច្ចព្រះពុទ្ធសាសនា និងធម្មយាត្រាដែលទាក់ទងនឹងប្រវត្តិសាស្ត្រ វប្បធម៌ និងធម្មជាតិ។

កាលពីឆ្នាំ២០១៦ ក្រោមកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ប្រទេសទាំងពីរបានធ្វើការផ្លាស់ប្ដូរ និងផ្សព្វផ្សាយវប្បធម៌ជាមួយគ្នា តាមរយៈក្រសួងទេសចរណ៍ និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ដោយបានរៀបចំការសម្ដែងសិល្បៈរាមាយណៈដោយជោគជ័យ និងបានរៀបចំព្រឹត្តិការណ៍យោហ្គា (Yoga) ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៥រហូតមកដល់បច្ចុប្បន្ន។ ឆ្នាំនេះ ព្រឹត្តិការណ៍យោហ្គានឹងធ្វើឡើងនៅថ្ងៃទី១៦ និង១៧ ខែមិថុនា ឆ្នាំ២០១៨ នៅភ្នំពេញ ខេត្តសៀមរាប ព្រះសីហនុ និងបាត់ដំបង ។


គួរបញ្ជាក់ថា នៅឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៦លាននាក់ កលនឡើង ១១% បើធៀបនឹងឆ្នាំ២០១៦ ក្នុងនោះទេសចរឥណ្ឌាមានចំនួន ៥៩.៥៧១នាក់ កើនឡើង ២៩%។ លើសពីនេះ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០១៨ ទេសចរឥណ្ឌាដែលមកទស្សនាកម្ពុជា បានកើនឡើង ១០% ដែលមានចំនួន ១០.៧៥០នាក់។ ឆ្នាំ២០១៨នេះ កម្ពុជារំពឹងនឹងទទួលទេសចរឥណ្ឌាប្រមាណ ៨ម៉ឺននាក់។