រាជរដ្ឋាភិបាលកំពុងរៀបចំផែនការថ្មីដើម្បីទាញយកប្រយោជន៍ពីសេដ្ឋកិច្ចឌីជីថល

ដោយ :  ដែន ចែងចាំង
ភ្នំពេញ : មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា ដើម្បីធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាប្រសើរជាងមុន និងមានកំណើនល្អជាងមុន រាជរដ្ឋាភិបាលកំពុងស្វែងរកគន្លឹះ និងការបញ្ចូលធាតុផ្សំផ្សេងៗ តាមរយៈសេដ្ឋកិច្ចបបែបឌីជីថល។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក វង្សី វិស្សុត បានលើកឡើងនៅក្នុងវេទិការសាធារណៈស្តីពី សេដ្ឋកិច្ចឌីជីថល និងសហគ្រិនភាពនៅកម្ពុជានៅទីស្តីការក្រសួងកាលពីថ្ងៃទី៩ ខែឧសភា កន្លងមកថា កម្ពុជាគម្រោងបង្កើតសេដ្ឋកិច្ចឌីជីថល ដែលជាគម្រោងផែនការថ្មី ក្នុងការស្វែងរកធាតុចូលនៅគ្រប់ស្ថាប័នពាក់ព័ន្ធ ទាំងវិស័យរដ្ឋ និងឯកជន ដើម្បីបង្កើតគម្រោង ក្នុងក្របខណ្ឌយុទ្ធសាស្រ្តរយៈពេល១៥ឆ្នាំ នៅក្នុងយុទ្ធសាស្រ្តចតុកោណទី៤ ដែលជាតម្រូវការស្វែងរកទ្រទ្រង់កំណើនសេដ្ឋកិច្ច ក្នុងទិសដៅជម្រុញកំណើនឲ្យ​មាន ការផ្លាស់ប្តូរវិវត្តន៍ទៅមុខជានិច្ច។
លោកបន្តថា “ដើម្បីរក្សាកំណើនសេដ្ឋកិច្ចនេះ ការចាប់ផ្តើមធ្វើឲ្យប្រសើរឡើងលើបច្ចុប្បន្នកម្ម ទំនើបកម្មដែលមានស្រាប់ រួមមាន ឧស្សាហកម្ម កសិកម្ម កម្មន្តសាល និងវិស័យសេវាជាដើម ជាពិសេសការស្វែងរកប្រភេទឧស្សាហកម្មផ្សេងទៀត ពិតជាមានសារៈសំខាន់ណាស់ ដើម្បីជម្រុញឲ្យកំណើនសេដ្ឋកិច្ចកើនឡើងជាមុន ក្នុងនោះយើងត្រូវតែធ្វើប្រតិភូកម្មសេដ្ឋកិច្ចម្ខាង និងការបង្កើតភាពប្រគួតប្រជែងម្ចាងទៀត”។


លោក វង្សី វិស្សុត បានបន្តថា “បច្ចុប្បន្នយើងកំពុងងាកទៅរកកំណើនខ្ពស់ គឺយើងងាកចេញពីអតិពលកម្ម ទៅជាការជម្រុញឲ្យមានលទ្ធភាព ក្នុងការងារពលកម្មដែលមានជំនាញ ជាបញ្ហាមួយដែលយើងកំពុងជួបប្រទះ និងជាចំណុចប្រឈម ដែលយើងត្រូវដោះស្រាយ ដើម្បីឈានទៅរក្សាកំណើនរយៈពេលវែង”។
លោក វង្សី វិស្សុត បានបន្តថា កម្ពុជាត្រូវឆ្លងកាត់និន្នាការពិភពលោកធំៗជាច្រើន ដូចជា និន្នាការនយោបាយ ការប្រែប្រួលអាកាសធាតុដែលបានជះឥទ្ធពលមកកម្ពុជា ការកើនឡើងនូវចំនួនមនុស្សចាស់។ ទម្ងន់នៃការរុញពីពិភពខាងលិច មកប្រទេសអភិវឌ្ឍន៍ខាងកើត ដែលកំពុងជះលទ្ធមកលើប្រទេសកម្ពុជា គឺបដិវត្តន៍ឧស្សាហកម្មទំនើប (រួមមានផ្នែកបច្ចេកវិទ្យានេះឯង) ដោយជះឥទ្ឋិពលមកលើ​យើងមិនដឹងខ្លួន។
ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market Consulting លោក ង៉ែត ជូ បានថ្លែងថា កម្ពុជាមិនទាន់ទាញយកផលប្រយោជន៍បានច្រើន​នៅឡើយ ពីសេដ្ឋកិច្ចឌីជីថល ដោយសារកម្ពុជាមិនទាន់មានហេដ្ឋារចនាសម្ព័ន្ឋសមស្រម និងបានរៀបចំរួចនៅឡើយ ពិសេសសមត្ថភាពធនធានមនុស្សនៅមានកម្រិតរបស់កម្ពុជា នឹងធ្វើឲ្យកម្ពុជាទាញយកផលប្រយោជន៍ពីនិន្នាការថ្មីនេះ បានក្នុងកម្រិតមួយនៅតុចតួច​នៅឡើយ។
លោកបន្តថា “រដ្ឋាភិបាលគួរទាក់ទាញអ្នកមានសមត្ថភាព ដែលចេញទៅធ្វើការនៅក្រៅប្រទេសមក ដើម្បីកសាងនូវមូលដ្ឋាននិងរចនាសម្ពន្ធខួរក្បាលមួយ សម្រាប់ទាញយក​ផលប្រយោជន៍ពីនិន្នាការសេដ្ឋកិច្ចថ្មីនេះ”៕

សម្តេចតេជោ : រោងចក្រថ្មីចំនួន៥០បានបើកទ្វារនិងផ្តល់ការងារជិត៣ម៉ឺនកន្លែង

ដោយ : គង់ សូរិយា

ភ្នំពេញ : សម្តេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​ន្រ្តីកម្ពុជាបានថ្លែងថា នៅដើមឆ្នាំនេះរោងចក្រ សហគ្រាសថ្មីចំនួន៥០បានបើកដំណើរការ និងផ្តល់ការងារកម្មករ និយោជិតជិត៣០,០០០កន្លែង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងឳកាសជួបសំណេះសំណាលជាមួ​យកម្មករ និយោជិតប្រមាណ២ម៉ឺននាក់នៅតំបន់សេដ្ឋកិច្ចពិសេស ក្នុងក្រុងបាវិត ខេត្តស្វាយរៀងនាព្រឹកថ្ងៃទី១០ ឧសភានេះថា ​និយោជិតនៅខេត្តស្វាយរៀង ទទួលបានចំណូលប្រមាណ​១២០លានដុល្លារក្នុងមួយឆ្នាំ ដែលជាការរួមចំណែកដ៏ធំក្នុងការទ្រទ្រង់ជីវភាព និងចាក់ចូលក្នុងសេដ្ឋកិច្ចជាតិ។ ទឹកប្រាក់នេះ គិតត្រឹមជាមធ្យមសម្រាប់កម្មករ កម្មការិនីម្នាក់ទទួលបានប្រាក់ឈ្នួលត្រឹម២០០ដុល្លារ ក្នុងមួយខែប៉ុណ្ណោះ​។

សម្តេចបន្តថា “មានប្រទេសនៅក្នុងតំបន់អាស៊ីជាច្រើន កំពុងប្រកួតប្រជែងជាមួយកម្ពុជា ដូច្នេះបើការទាមទារដំឡើងប្រាក់ឈ្នួលខ្ពស់ហួសហេតុពេក ឬទាមទាររហូតដល់មានការផ្ទុះបាតុភាពផ្សេងៗ នឹងនាំឲ្យថៅកែរោងចក្រទាំងនោះ ទៅវិនិយោគនៅប្រទេសដទៃ ហើយនាំឲ្យកម្មករអត់ការងារធ្វើជាក់ជាមិនខាន”។ សម្តេចបន្តថា “សមិទ្ឋិផលទាំងនេះមិនបានកើតមាន ដោយសារការស្រែករបស់គណបក្សប្រឆាំងនោះទេ ពោលគឺពួកគេបានត្រឹមតែស្រែកទាមទារឲ្យបរទេ​សឈប់ទិញទំនិញពីកម្ពុជា ដែលជាការសម្លាប់ឆ្នាំងបាយរបស់កម្មករប៉ុណ្ណោះ”។

យោងតាមទិន្នន័យរបស់ការិយាល័យច្រកចេញចូលតែមួយ នៃក្រសួងពាណិជ្ជកម្ម​បានបង្ហាញថា កម្ពុជានាំចេញទៅសហរដ្ឋអាមេរិកឆ្នាំនេះមានកំនើនខ្ពស់ ដោយមានទឹកប្រាក់ជាង៩០០លានដុល្លារអាមេរិក។

លោកបណ្ឌិត កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរកម្ពុជាបាន​អោយដឹងថា ស្ថិរភាពក្នុងវិស័យវាយណភ័ណ្ឌកាត់ដេរ និងស្បែកជើងមានភាពល្អប្រសើរនៅឆ្នាំនេះ ដោយរោងចក្រថ្មីៗជាច្រើនបានបង្កើតឡើង ហើយការបញ្ជាទិញពីសហរដ្ឋអាមេរិក ក៏មានកំនើនខ្ពស់ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោកបន្តថា “នៅឆ្នាំនេះអ្វីៗពិតជាមានសញ្ញាល្អប្រសើរ ដោយសារការកើនឡើង​នូវការបញ្ជាទិញ និងការបន្តវត្តមាននៃការមកដល់របស់អ្នកវិនិយោគថ្មីៗ”៕

ដំណឹងល្អ : ផ្សារទំនើប PRINCE CENTRAL PLAZA នឹងបើកនៅថ្ងៃទី ៣០ ខែឧសភានេះ

ដោយ : គង់ សូរិយា
ភ្នំពេញ : ផ្សារទំនើប PRINCE CENTRAL PLAZA ដែលស្ថិតក្រោមអាគារ PRINCE PLAZA នៅតាមបណ្តោយមហាវិថីព្រះនរោត្តម នឹងបើកដំនើរការនៅថ្ងៃទី៣០ ឧសភាខាងមុខនេះហើយ។
ផ្សារទំនើបនេះត្រូវបានវិនិយោគ ដោយក្រុមហ៊ុនអចលនទ្រព្យយក្សមានមូលដ្ឋាននៅប្រទេសចិន គឺក្រុមហ៊ុន PRINCE Real Estate Group ។ ផ្សារទំនើបនេះ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន ក្រុងភ្នំពេញ។
ការបើកផ្សារទំនើបនេះ នឹងជាការចាប់ផ្តើមនូវការរីកចម្រើនថ្មីនៃវិស័យផ្សារទំនើប​នៅកម្ពុជា ដែលនឹងមានផ្សារចំនួន១៣នឹងបើកដំណើរការនៅឆ្នាំនេះ។
យោងតាមព៌តមានពីក្រុមហ៊ុន CBRE Cambodia បានឲ្យដឹងថា ផ្សារទំនើបនេះមានឈ្មោះ PRINCE CENTRAL PLAZA ដែលមានទំហំសរុបចំនួន៨១០០ម៉ែត្រការ៉េ ដែលជាផ្សារធំមួយ ស្ថិតក្នុងគំរោងអភិវឌ្ឍន៍ចម្រុះ ដែលមានរួមបញ្ចូលនូនខុនដូ ការិយា​ល័យ និងផ្សារទំនើប។


នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE CAMBODIA អ្នកនាង អាន សុធីតា បានលើកឡើងថា ការកើនឡើងនូវផ្សារទំនើបនៃក្រុងភ្នំពេញ ដោយសារការកើនឡើ់ងនូវប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ពិសេសការកើនឡើងនូវការមកដល់នៃអ្នកវិនិយោគអន្តរជាតិ ព្រោះពួកគេកិតថាការវិនិយោគរបស់ពួកគេនឹងទទួលបានជោគជ័យ ដោយសារកំលាំងទិញឬអំណាចនៃការទិញមានការកើនឡើង។
អ្នកនាងបន្តថា “ការវិនិយោគផ្សារទំនើប ជាការវិនិយោគបានផលចំណេញច្រើនពី​ការវិនិយោគ ហេតុនេះទើបមានការវិនិយោគច្រើន ប៉ុន្តែអ្នកវិនិយោគផ្សារទំនើបទាមទារសិក្សាពីស្ថានភាពទីផ្សារឲ្យបានច្បាស់លាស់ និងចេះបត់បែនតាមបរិបទទីផ្សារជាក់ស្តែង”។អ្នកនាងបន្ថែមថា “តាមធម្មតាផកសារទំនើបរយៈពេល៥ទៅ១០ឆ្នាំម្តង ទាមទារឲ្យ​មានការរៀបចំឡើងវិញ ដើម្បីបំពេញតម្រូវការ និងទាក់ទាញអតិថិជននានា”៕

 

ដំណឹងល្អ ! ខេត្តបាត់ដំបងមានបុរីថ្មីមួយទៀតហើយ

  • ដោយ : ដែន ចែងចាំង
    ភ្នំពេញ : បាត់ដំបង ជាខេត្តលេចធ្លោជាងគេមួយនៅភូមិភាគពាយ័ព្យ ខេត្តនេះកំពុងមានការអភិវឌ្ឍជាបន្តបន្ទាប់ ដែលអ្នកវិនិយោគក្នុងស្រុកបានសម្រេចចិត្តវិនិយោគសាងសង់បុរីថ្មីមួយ នៅតាមបណ្តោយផ្លូវជាតិលេខ៥។

  • លោកឧកញ៉ា ភួ ពុយ អគ្គនាយកធនាគារស្រូវកម្ពុជា បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា ដោយមើលឃើញពីជីវភាពប្រជាពលរដ្ឋ មានភាពកាន់តែល្អប្រសើរ បានធ្វើឲ្យតម្រូវការលំនៅដ្ឋានកើនឡើង ទើបលោកសម្រេចចិត្តវិនិយោគលើគំរោងថ្មីមួយ ដែលមានផ្ទៃដីជាង២០ហិកតា នៅក្រុងបាត់ដំបង ដើម្បីពុះដីឡូត៍លក់និងសាងសង់ផ្ទះល្វែងលក់ ក្នុងតម្លៃសមរម្យចាប់ពីជាង៣០,០០០ទៅជាង៥០,០០០ដុល្លារអាមេរិក ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។
    លោកបន្តថា “យើងមិនដឹងពីទុនវិនិយោគក្នុងគំរោងនេះទេ ព្រោះយើងធ្វើឡើងតាមដំណាក់កាល នៅពេលមានតម្រូវការទើបយើងសាងសង់លក់ជូនប្រជាពលរដ្ឋ មិន​សាងសង់រង់ចាំតម្រូវការនោះទេ”។
    គំរោងនេះស្ថិតនៅខាងក្រោយផ្សារភួ ពុយ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងក្រុងបាត់ដំបង។

  • អ្នកនាង Grace Rachny Fong នាយិកាក្រុមហ៊ុន Century21 Cambodia បានថ្លែងថា ក្នុងចំណោមបណ្តាខេត្តស្ថិតនៅភូមិភាគពាយ័ព្យ ខេត្តបាត់ដំបងជាខេត្តដែលមានសក្តានុពល និងរីកចម្រើនលឿនជាងគេ ដោយសារមានសកម្មភាពពាណិជ្ជកម្ម និងការ​វិនិយោគច្រើន និងបានធ្វើឲ្យចលនានៃការទិញលក់លំនៅដ្ឋាន និងដោះដូរដីធ្លី ព្រមទាំងតម្លៃដីធ្លីបានកើនឡើងជាប្រចាំផងដែរ។
    អ្នកនាងបន្តថា “ដោយសារប្រជាពលរដ្ឋច្រើន និងមានជីវភាពធូរធារបានធ្វើឲ្យ​ក្រុង​បាត់ដំបង ក្លាយជាទីក្រុងមានការរីកចម្រើន និងទាក់ទាញការវិនិយោគច្រើនជាងគេនៅភូមិភាគពាយ័ព្យ”៕

កម្ពុជា _ កូរ៉េ គ្រោងវិនិយោគទឹកប្រាក់១០០លានដុល្លារលើកសិទេសចរណ៍ នៅខេត្តកោះ កុង

ដោយ : គង់ សូរិយា
ភ្នំពេញ : ក្រុមហ៊ុនកម្ពុជា កូរ៉េគ្រោងវិនិយោគទឹកប្រាក់១០០លានដុល្លារអាមេរិក ដើម្បីបង្កើតតំបន់កសិទេសចរណ៍ នៅក្នុងខេត្តកោះកុងលើផ្ទៃដីជំហ៊ានតំបូង២០,០០០ហិកតា។


អ្នកនាង ញ៉ូ សុខឃីម អគ្គនាយិការក្រុមហ៊ុន Coring Cambo Tour បានថ្លែងឲ្យដឹងកាលពីថ្ងៃម្សលម៉ិញនេះថា ក្រុមហ៊ុនអ្នកនាង និងសហការជាមួយអ្នកវិនិយោគមកពីប្រទេសកូរ៉េ ដើម្បីវិនិយោគលើផ្ទៃដី២០,០០០ហិកតា ដាំដំណាំកសិកម្មមួយចំនួន និងរៀបចំតំបន់នេះជាតំបន់កសិទេសចរណ៍ ព្រមទាំងមានរោងចក្រសម្រាប់កែច្នៃផលិតផលទាំងនោះដើម្បីនាំចេញផងដែរ។ អ្នកនាងបន្តថា យើបានបង្កើតក្រុមហ៊ុនដោយដាក់ឈ្មោះ Mother Plan Agriculture និងទទួលបានការអនុម័ត យល់ព្រមពីរដ្ឋាភិបាលរួចហើយ ដើម្បីចាប់ផ្តើមគំរោងនេះ ហើយយើងរំពឹងថាវានឹងអាច​ចាប់ផ្តើមនៅពេលឆាប់ៗនេះ។


អ្នកនាងបន្តថា “យើងមានគំរោងដាំសណ្តែកផ្កាយ ម្រេច ទៀបបារាំង និងផ្លែញ និងគ្រោងដាំដើមឈើក្រញូង នាងនួន និងដើមឈើកម្រដទៃទៀត ដើម្បីកែច្នៃក្នុងការ​នាំចេ​ញជាមួយក្រុមហ៊ុនដទៃទៀត”។អ្នកនាងបន្តថា “យើងមានគំរោងជីកប្រឡាយនៅលើផ្ទៃដីចន្លោះ១ហិកតាមួយ ដើម្បីធ្វើជាកន្លែងដែលទូកផ្សេងៗអាចចរាចរបាន ដើម្បីដឹក​ភ្ញៀវទេសចរណ៍កំសាន្តនៅតាមចម្ការបស់យើង”។

អ្នកនាង ញ៉ូ សុខឃីម បានបន្តថា គំរោងនេះមានដៃគូសហការលើសពីមួយ ដើម្បីធ្វើឲ្យគំរោងនេះ ទទួលបានជោគជ័យតាមការគ្រោងទុក ព្រោះផលិតផលរបស់យើងមិនត្រឹមតែបំរើទីផ្សារក្នុងស្រុកនោះទេ ប៉ុន្តែសម្រាប់បំរើដល់ការនាំចេញផងដែរ។ ហេតុនេះយើងត្រូវការដៃគូវិនិយោគមកសាងសង់រោងចក្រកែច្នៃ និងរោងចក្រសម្រាប់សម្ងួតផលិត​ផល ដើម្បីបំរើឲ្យគំរោងនេះទទួលបានជោគជ័យ។


ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក លោក ធួន ស៊ីណាន បានគាំទ្រគំរោងនេះ និងធ្លាប់លើកឡើងជារឿយៗថា អ្នកវិនិយោគឯកជនគួរមានការកែច្នៃរមណីយដ្ឋាន​កែច្នៃឲ្យបានច្រើនបន្ថែមទៀតនៅកម្ពុជា ព្រោះកុំដេកស៊ីកេរដូនតា ដោយមិនបានធ្វើអ្វីសោះ។ លោកបន្តថា បើទោះកម្ពុជាមានធនធានធម្មជាតិច្រើន មានសម្បត្តិបេតិកភ័ណ្ឌពិភពលោក ដែលល្បីល្បាញពេញពិភពលោកហើយ តែយើងត្រូវការការររៀបចំ​និងកែច្នៃបន្ថែមទៀត ដើម្បីធ្វើការទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ ឲ្យមកស្នាក់នៅកម្ពុជារយៈពេលយូរ និងចំណាយប្រាក់ច្រើន៕

មន្រ្តីជំនាញៈទីតាំងព្រលានយន្តហោះថ្មីមិនបានផ្លាស់ប្តូរទេ

ដោយ : គង់ សូរិយា
ភ្នំពេញ : មន្រ្តីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានអះអាងថា ទីតាំងសាងសង់ព្រលានយន្តហោះលំដាប់អន្តរជាតិថ្មី លើទឹកដីស្រុកកណ្តាលស្ទឹងមិនបាន​ផ្លាស់ប្តូរដូចពាក្យចចាមអារ៉ាមនោះឡើយ។


លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យឲ្យស្ថាប័នខាងលើនេះ បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១០ ឧសភានេះថា ទីតាំងសាងសង់ព្រលានយន្តហោះថ្មីនេះ ពិតជា​មិនមានការផ្លាស់ប្តូរណាមួយនោះទេ ប៉ុន្តែការសាងសង់នៅពេលណាលោកមិនអាចបញ្ជា​ក់បាននៅឡើយទេ ព្រោះការងារនេះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន OCIC និងក្រុម​ហ៊ុនចិន ដែលបានសហការសាងសង់ព្រលាននេះ។លោកបន្តថា ការសាងសង់ព្រលានយន្តហោះនេះ អាចចំណាយពេលរហូតដល់៥ឆ្នាំ ដោយមិនទាន់គិតពីការចាក់ខ្សាច់បំពេ​ញផ្ទៃបឹងនោះនៅឡើយទេ។

លោកបន្តថា “តាមធម្មតាការសាងសង់ព្រលានយន្តហោះនិមួយៗ ត្រូវចំណាយពេ​លច្រើន មិនអាចធ្វើមួយឆ្នាំឬពីរឆ្នាំបញ្ចប់បាននោះទេ”។លោកបន្តថា “ព្រលានយន្តហោះថ្មីនេះ នឹងសាងសង់លើផ្ទៃដីប្រមាណ៨០០ហិកតា ហើយផ្ទៃដីដែលនៅសល់នឹងប្រើប្រាស់សម្រាប់សាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មផ្សេងៗ ដើម្បីបំរើ និងទ្រទ្រង់សកម្មភាព​ព្រលានយន្តហោះថ្មីនេះ”។


តាមគំរោងដែលបានស្នើសុំទៅកាន់រដ្ឋាភិបាល ក្រុមហ៊ុន OCIC គ្រោងវិនិយោគព្រលានយន្តហោះនេះលើផ្ទៃដី២៦០០ហិកតា។

លោក ស៊ិន ចាន់សិរីវុត្ថា បានបន្តថា តាមធម្មតាការវិនិយោគសាងសង់ព្រលានយន្ត​ហោះត្រូវចំណាយច្រើនណាស់ ដែលធ្វើឲ្យក្រុមហ៊ុនមិនងាយរកផលចំណេញបានមកវិញទេ ហេតុនេះទើបក្រុមហ៊ុននឹងសាងសង់ មជ្ឈមណ្ឌលពាណិជ្ជកម្ម (Airport City) នៅជុំវិញព្រលាន ដើម្បីរកផលចំណេញពីការវិនិយោគរបស់ខ្លួន។

គំរោងសាងសង់ព្រលានយន្តហោះនេះ ត្រូវបានចុះកិច្ចព្រមព្រៀងកាលពីចុងឆ្នាំមុន ក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា និងលោកលី ឃឺឈាងនាយករដ្ឋមន្រ្តី នៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលបានមកទស្សនកិច្ចនៅកម្ពុជា។
មន្រ្តីជាន់ខ្ពស់នៃក្រុមហ៊ុន OCIC បានថ្លែងឲ្យដឹងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងធ្វើការងារយ៉ាងសកម្ម ដើម្បីរៀបចំគំរោងនិងផែនការដាក់ជូនប្រមុខរដ្ឋាភិបាលអនុម័ត មុនពេលសាងសង់ព្រលានយន្តហោះនេះ។

ទោះជាយ៉ាងណាលោកមិនបញ្ជាក់ឲ្យដឹង ពីការចាប់ផ្តើមសាងសង់ព្រលានយន្តហោះនេះនៅពេលណាជាក់លាក់នោះទេ៕

ដំណឹងល្អ! រដ្ឋាភិបាលដាក់ឱ្យប្រើ  Wi-Fi ​ឥតគិតថ្លៃ ក្នុងបរិវេណ​សួនច្បារ ២ កន្លែង នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា បានរៀបចំ​កម្មវិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ Public Wi-Fi ចំនួន ២ ទីតាំង នៅទីក្រុងភ្នំពេញ ក្រោម​អធិបតីភាព ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ឯកឧត្ដម Nakyoung Oh ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ​ ប្រចាំប្រទេសកម្ពុជា លោក Hyeonmo Ku ប្រធានក្រុមហ៊ុនសាជីវកម្ម​ទូរគមនាគមន៍​កូរ៉េ (KT) និងភ្ញៀវជាតិ អន្តរជាតិប្រមាណជាង ២,០០០ នាក់។

គម្រោង Public Wi-Fi ធ្វើឡើង​ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​សាជីវកម្ម​ទូរគម​នា​គមន៍​​កូរ៉េ (KT) នៃ​សាធារណរដ្ឋ​កូរ៉េ ដោយ​ភាគី​កូរ៉េ បានផ្ដល់​ជូន​នូវ​ជំនួយឥតសំណង​សម្រាប់​គម្រោង Public WiFi និង Digital Connectivity for School ដោយ​ធ្វើ​ការដំឡើង​នៅ​ទីតាំង​ចំនួន ៥ គឺ៖

  1. សួនច្បារ​សម្ដេច ហ៊ុន សែន
  2. សួនច្បារ​មុខ​ព្រះបរមរាជវាំង
  3. វិទ្យាល័យ ហ៊ុន សែន កំពង់លែង ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង
  4. វិទ្យាល័យ ហ៊ុន សែន ទួល​ខ្ពស់ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង
  5. វិទ្យាល័យ អ៊ី​វ៉ា​ស្រង់ កំពង់លែង ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ

ក្នុងនោះដែរ ឧបករណ៍​បច្ចេកទេស​ប្រព័ន្ធ Public Wi-Fi ចំនួន ២ កន្លែង​នៅ​សួនច្បារ​សម្ដេច ហ៊ុន សែន និង​សួនច្បារ​មុខ​ព្រះបរមរាជវាំង ត្រូវបាន​ដំឡើង​រួចរាល់​ហើយ​ជាមួយនឹង​ល្បឿន 1Gps (១ហ្សី​ហ្គា​ប៊ីត​ក្នុង​មួយ​វិនាទី)។ ដោយឡែក ៣ ទីតាំង​ទៀត ដែលជា​គម្រោង​សម្រាប់​សាលារៀន កំពុងស្ថិត​ក្នុង​ដំណើរការ​ដំឡើង ដែល​អាច​នឹងដាក់​ដំណើរការ​ក្នុងពេលឆាប់​ៗ​នេះ​ដែរ។

សម្រាប់​ប្រព័ន្ធ Public Wi-Fi នៅ​ទីតាំង​សួនច្បារ​ខាងលើ​នឹង​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ ក៏ដូចជា​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​អាច​ប្រើប្រាស់​អ៊ីនធឺណិត​បាន​ដោយ​ឥតគិតថ្លៃ​ក្នុង​ល្បឿន​លឿន សម្រាប់​ការកម្សាន្ត និង​សិក្សា​របស់​សិស្សានុសិស្ស។ ដោយឡែក ៣ ទីតាំង​ទៀត​ដែល​នៅតាម​បណ្ដា​ខេត្ត ធ្វើឡើង​ឲ្យ​ស្រប់តាម​កំណែទម្រង់​ស៊ីជម្រៅ លើ​វិស័យ​អប់រំ​តាមរយៈ​ការបង្កើត​សាលា​​រៀន​ជំនាន់​ថ្មី (NGS) ដែលជា​គំរូ​អភិវឌ្ឍន៍​ថ្មី​ក្នុង​ប្រព័ន្ធ​អប់រំ​សាធារណៈ ដែល​នាំ​ទៅ​ដល់​​ការបង្កើត សាលារៀន​សាធារណៈ​ស្វយ័ត ទទួលបាន​ការវិនិយោគ​ខ្ពស់ ផ្សារភ្ជាប់​ស្តង់ដារ​ថ្មី មាន​គណ​ន័យ​ភាព និង​អភិបាលកិច្ច​ល្អ ព្រមទាំង​ស្តង់ដារ​វិជ្ជាជីវៈ សម្រាប់​ការសិក្សា​ក្នុង​សតវត្ស​ទី ២១ ដែលជា​សម័យ​បច្ចេកវិទ្យា​ទំនើប និង​ជឿនលឿន។

តាមរយៈ​ការផ្ដល់​នូវ​សេវា​អ៊ីនធឺណិត​ល្បឿន​លឿន លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស បាន​បំពេញតម្រូវការ​ក្នុង​ការសិក្សា​ស្រាវជ្រាវ​នូវ​ចំណេះដឹងថ្មីៗ ដែលមាន​ប្រយោជន៍​ដល់​ការ​អភិវឌ្ឍន៍​​សង្គមជាតិ៕

ដំណឹងល្អ! កម្ពុជានឹងរៀបចំរៀបចំវេទិកាកំពូលទេសចរណ៍កម្ពុជា-ចិនលើកទី១

ដោយវុត្ថា

ភ្នំពេញ៖ កម្ពុជាកំពុងបង្ហាញមហិច្ឆតាទាញយកភ្ញៀវទេសចរណ៍ចិន ដោយក្រសួងទេសចរណ៍កម្ពុជា និងក្រសួងវប្បធម៌ និងទេសចរណ៍ចិន គ្រោងនឹងរៀបចំវេទិកាកំពូលទេសចរណ៍កម្ពុជា-ចិនលើកទី១ ក្រោមប្រធានបទ “ការចាប់យកកាលានុវត្តភាពនៃការអភិ​វឌ្ឍវិស័យទេសចរណ៍នៅលើផ្លូវសូត្រ” “Embracing the Opportunity of Tourism Development on the Silk Road” នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨។

វេទិកាកំពូលទេសចរណ៍កម្ពុជា-ចិនលើកទី១នេះ គ្រោងនឹងបើកក្រោមអធិបតីភាពរបស់ លោកហោ ណាំហុង ឧបនាយករដ្ឋមន្រ្តីកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកក្រកម្ពុជា។

វេទិកានេះនឹងបើកឱ្យមានការចូលរួមពីប្រតិបត្តិករទេសចរណ៍ អ្នកសិក្សាស្រាវជ្រាវទេសចរណ៍ មន្ត្រីរាជការពាក់ព័ន្ធ និងនិស្សិតក្នុងវិស័យទេសចរណ៍។

លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍បានឲ្យដឹងនាពេលថ្មីៗនេះថា ដើម្បីសម្រេចបានកំណើនទេសចរណ៍ ព្រមជាមួយនឹងការពង្រឹងគុណភាពផលិតផលទេសចរណ៍ និងសេវាកម្មទេសចរណ៍ និងការបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត តាមតម្រូវការទីផ្សារ ក្រសួងទេសចរណ៍ និងគ្រប់ភាគីតែងតែជំរុញការងារផ្សព្វផ្សាយគោលដៅទេស​ចរណ៍កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិឲ្យកាន់តែខ្លាំងក្លាថែមទៀត ជាមួយនឹងសក្តានុពលទេសចរណ៍ និងសម្រស់ធម្មជាតិនៃទន្លេមេគង្គ ព្រមជាមួយការរីកលូតលាស់នៃវិស័យសំ​ណង់ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ ទេសចរណ៍ជាអាទិ៍ សណ្ឋាគារប្រ​ណី​តៗដែលមានឈ្មោះលំដាប់អន្តរជាតិ ដូចជា Hayatt, Court Yard Mariot, Novotel, Rose Wood, STARTS… ដែលបាននិងកំពុងសាងសង់នៅកម្ពុជា។

ព្រមជាមួយនឹងការជំរុញសកម្មភាពផ្សព្វផ្សាយទេសចរណ៍ លើទីផ្សារអន្តរជាតិ  និងការរៀបចំតាំងពិព័ណ៌ កម្ពុជាបាននិងកំពុងជំរុញយ៉ាងសកម្ម ចលនាទេសចរណ៍ក្នុងស្រុក ដែលជាចលករមួយយ៉ាងសំខាន់ ក្នុងការទ្រទ្រង់ម៉ាក្រូសេដ្ឋកិច្ចកម្ពុជា និងការបង្កើតផលិតផលទេសចរណ៍ក្នុងស្រុកថ្មីៗ។ កម្ពុជាក៏បានរៀបចំ និងពង្រឹងបញ្ជរព័ត៌មានទេសចរណ៍ ជាមួយនឹងការបង្កើតឲ្យមានការីទេសចរណ៍ក្នុងស្រុកជាច្រើន និងគោលនយោបាយលើកទឹកចិត្តជាច្រើនទៀត ដល់ការីទេសចរណ៍ក្នុងស្រុក ដើម្បីរៀបចំកញ្ចប់ទស្សនកិច្ចក្នុងស្រុកដែលមានតម្លៃសមរម្យ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងទៀតថា ចិនជាទីផ្សារផ្គត់ផ្គង់ទេសចរច្រើនជាងគេលើពិភពលោក ដោយឆ្នាំ២០១៧ ក្នុងចំណោមទេសចរសកលលោកសរុប ១,៣០០លាននាក់ មានទេសចរចិន១៣០លាននាក់ ស្មើនឹង១០ភាគរយនៃទេសចរសកលលោកសរុប ហើយលក្ខណពិសេសរបស់ទេសចរចិន គឺហ៊ានចំណាយលុយច្រើនជាងគេ ប៉ុន្តែពួកគេក៏ទាមទារឲ្យមានការបម្រើសេវាកម្ម ប្រកបដោយគុណភាព អនាម័យ និងកន្លែងកម្សាន្តល្អៗផងដែរ៕

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ជម្រុញឲ្យខេត្តជាប់ឆ្នេរសមុទ្រទាំង៤ត្រូវមានសួនទេសចរណ៍

ដោយ វុត្ថា

ភ្នំពេញ៖ ដើម្បីចូលរួមដល់កិច្ចអភិវឌ្ឍ និងថែរក្សាឆ្នេរសមុទ្រកម្ពុជាព្រមទាំងទាក់ទាញភ្ញៀវទេសចរណ៍អោយបានច្រើន លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក បានជម្រុញឱ្យរដ្ឋបាលខេត្តជាប់តំបន់ឆ្នេរសមុទ្រទាំង៤ សហការជាមួយអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត រៀបចំឱ្យមានសួនទេសចរណ៍ឱ្យបានមួយក្នុងមួយខេត្តៗ ពីព្រោះថាកម្ពុជាក៏មានស្តង់ដារ «សួនទេសចរណ៍» រួចហើយដែរ។

លោករដ្ឋមន្ត្រីថ្លែងនៅក្នុងសិក្ខាសាលាស្តីពី វឌ្ឍនភាពនៃការអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា  ដែលរៀបចំឡើងនៅក្នុងខេត្តព្រះសីហនុកាលពេលថ្មីនេះថា រដ្ឋបាលខេត្តជាប់ឆ្នេរសមុទ្រទាំង៤ រួមមានខេត្តព្រះសីហនុ កំពត កោះកុង និងខេត្តកែប ត្រូវបង្កើតឲ្យមានសួនទេសចរណ៍ដ៏ស្រស់បំព្រង គួរជាទីទាក់ទាញឲ្យបានគ្រប់ៗខេត្ត ពោលខេត្តមួយត្រូវមានសួនទេសចរណ៍មួយ។

លោករដ្ឋមន្រ្តីទេសេចរណ៍រូបនេះ ក៏បានជម្រុញឲ្យវិស័យឯកជន វិនិយោគិនទាំងអស់ ដែលទទួលបានកិច្ចសន្យាសម្បទានទេសចរណ៍ពីរាជរដ្ឋាភិបាល និងបណ្តាប្រតិបត្តិករទេសចរណ៍ទាំងអស់ ដែលជាអ្នកគ្រប់គ្រងឆ្នេរ ទាំងឆ្នេរធម្មជាតិ ឆ្នេរកែច្នៃ ឆ្នេរកម្សាន្ត និងឆ្នេរតាមកោះនានា ត្រូវចូលរួមឱ្យបានសកម្មក្នុងចលនាប្រឡងប្រណាំង ឆ្នេរស្អាត ហើយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសូចនាករទាំងអស់ ពិសេសការរៀបចំក្រុមការងារទទួលបន្ទុកគ្រប់គ្រងឆ្នេរសមុទ្រ ការគិតគូរលើការគ្រប់គ្រងសំណង់រឹង និងរាវ ព្រមទាំងគុណភាពទឹកសមុទ្រ ការថែរក្សាភាពស្អាត ការបំពាក់ធុងសំរាមដែលមានការបែងចែក និងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវនៅតាមទីតាំងអាជីវកម្ម ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍតំបន់ឆ្នេរប្រកបដោយនិរន្តរភាព ការធានាដល់ការរីកចម្រើនធុរកិច្ចរបស់ខ្លួនផង និងសង្គ​ម​ជាតិទាំងមូលផង។

លោកថោង ខុនក៏បានស្នើឱ្យក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោក ជួយជាបច្ចេកទេស និងជាដៃគូដល់កម្ពុជា ក្នុងរៀបចំបង្កើតជាវេទិការួមមួយ ដោយចងជាបណ្តាញអ្នកជំនាញទេសចរណ៍ វិនិយោគិននៅឆ្នេរសមុទ្រកម្ពុជា ប្រមូលផ្តុំគ្រប់ភាគីពាក់ព័ន្ធទាំងអស់ឈរលើគោលការណ៍ 4P (Public-Private-People-Partnership) ដើម្បីពិភា​ក្សាផ្លាស់ប្តូរយោបល់រួមគ្នា “រួមគិត រួមធ្វើ រួមទទួលខុសត្រូវ” សំដៅធានាដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវនៅតាមតំបន់ឆ្នេរសមុទ្រកម្ពុជា។

លើសពីនេះត្រូវបន្តពង្រីកពិពិធកម្មផលិតផលទេសចរណ៍ ឱ្យកាន់តែសម្បូរបែបនៅតាមឆ្នេរសមុទ្រកម្ពុជា ដោយលោករដ្ឋមន្ត្រីបានគាំទ្រ ឱ្យមានព្រឹត្តិការណ៍កីឡានៅតំបន់ឆ្នេរថែមទៀត ដូចជា ជិះកង់តំបន់ឆ្នេរជាដើម និងគាំទ្រឱ្យមានការរៀបចំកញ្ចប់ទស្សនកិច្ចតំបន់ឆ្នេរសមុទ្រកម្ពុជា។

លោកថោង ខុនបានបន្តទៀតថា ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិគ្រប់​គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា នឹងខិតខំរៀបចំពិពិធកម្មទេសចរណ៍ទៅកាន់កោះនានា ក្នុងនោះកម្ពុជានឹងអភិវឌ្ឍន៍កោះ ជាគោលដៅអេកូទេសចរណ៍ទាំងអស់ ដោយក្នុងឆ្នាំ២០១៨នេះ នឹងដាក់ចេញបទដ្ឋានគតិយុត្ត និងវិធានការចាំបាច់ ដើម្បីអភិវឌ្ឍន៍កោះគំរូ ដោយចាប់ផ្តើមចេញពីការអភិវឌ្ឍកោះរ៉ុង ជាគោលដៅអេកូទេសចរណ៍លំដាប់ខ្ពស់ និងជាគោលដៅទេសចរណ៍បៃតងគ្មានថង់ប្លាស្ទីក ឱ្យបានមុនឆ្នាំ២០២០ ស្របតាមស្មារតីនៃអនុក្រឹត្យស្តីពី ការបង្កើតឧទ្យានជាតិកោះរុង៕

កម្ពុជាស្វះស្វែងរកដៃគូវិនិយោគព្រលានយន្តហោះខេត្តស្ទឹងត្រែងហើយ

ដោយ គង់ សូរិយា

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបាននិងកំពុងស្វះស្វែងរកក្រុមហ៊ុនឯកជន ដើម្បីចាប់ផ្តើមវិនិយោគសាងសង់ព្រលានយន្តហោះខេត្តស្ទឹងត្រែង។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៩ ឧសភានេះថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ី​វិល បាននិងកំពុងស្វះស្វែងរកដៃគូវិនិយោគពីវិស័យឯកជន តាមរយៈមធ្យោបាយពីរ ទី១ ធ្វើឡើងតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីទាញយកគំរោងនេះពីគោលនយោ​បាយខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ចិន។ គំរោងនេះបានដាក់ទៅកាន់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួចហើយ និងទី២ តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីឲ្យធនាគារនេះជួយស្វែងរកដៃគូវិនិយោគពីវិស័យឯកជន។

លោកបន្តថា “ការវិនិយោគសាងសង់ព្រលាននេះឡើងវិញ ត្រូវការទឹកប្រាក់ប្រ​មាណ៤០លានដុល្លារ ដែលមានទំហំទឹកប្រាក់ច្រើន ហើយអ្នកវិនិយោគត្រូវចំណាយពេលវេលាច្រើន ដើ​ម្បីទាញយកផលចំណេញត្រលប់វិញ”។លោកបន្តថា “ទំហំទឹកប្រាក់នេះអាចប្រើប្រាស់បានសម្រាប់ពង្រីកព្រលាន ដែលអាចចុះចតអាកាសចរណ៍ក្នុងស្រុកប៉ុណ្ណោះ”។

លោកស៊ិន ចាន់សិរីវុត្ថាបានបន្តថា បច្ចុប្បន្នព្រលានយន្តហោះខេត្តស្ទឹងត្រែង ស្ថិត​ក្រោមការគ្រប់គ្រងដោយអាជ្ញាធរខេត្ត ហើយជំនាន់លោកឡូយ សុផាតជាអភិបាលខេត្ត លោកបានទុកដីខ្លះ សម្រាប់ពង្រីកព្រលាននេះ ប៉ុន្តែរហូតមកទល់ពេលនេះ យើងមិនដឹងថាមានការប្រែប្រួលយ៉ាងណានៅឡើយទេ។

ព្រលានយន្តហោះខេត្តស្ទឹងត្រែង ជាព្រលានមួយដែលមានការរក្សាទុកបានល្អប្រ​សើរជាងគេ ធៀបនឹងបណ្តាព្រលានយន្តហោះនៅតាមបណ្តាខេត្ត នៃទឹកដីភូមិភាគឥសាន្តនានា។

លោកស្រីឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានថ្លែងថា ប្រសិនជាមានព្រលានយន្តហោះខេត្តស្ទឹងត្រែង លោកស្រីជឿថា ខេត្តនៅតាមបណ្តាភូមិ​ភាគឥសាន្តនឹងមានការរីកចម្រើនលឿន ពិសេសភ្ញៀវទេសចរណ៍នឹងទៅទស្សនាកាន់តែ​ច្រើន ព្រោះពួកគេចំណាយពេលតិចក្នុងការធ្វើដំណើរ។

លោកស្រីបន្តថា “ទោះបីការធ្វើដំណើរការផ្លូវគោកមានភាពងាយស្រួលក្តី ក៏ការធ្វើ

ដំណើរត្រូវចំណាយពេលយូរ ហេតុនេះ​ប្រសិនជាមានព្រលានយន្តហោះ នឹងធ្វើឲ្យភ្ញៀវទេសចរណ៍មិនចាំបាច់ចំណាយពេលច្រើន”។លោកស្រីបន្តថា “ខេត្តស្ទឹងត្រែងក៏ជាខេត្តងាយស្រួលក្នុងការតភ្ជាប់ទៅបណ្តាខេត្តនៅភូមិភាគឥសាន្តដទៃទៀត ដូចជាក្រចេះ រតនគិរី និងខេត្តមណ្ឌលគិរី”៕