ដោយ វុត្ថា
ភ្នំពេញ៖ ដើម្បីចូលរួមដល់កិច្ចអភិវឌ្ឍ និងថែរក្សាឆ្នេរសមុទ្រកម្ពុជាព្រមទាំងទាក់ទាញភ្ញៀវទេសចរណ៍អោយបានច្រើន លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក បានជម្រុញឱ្យរដ្ឋបាលខេត្តជាប់តំបន់ឆ្នេរសមុទ្រទាំង៤ សហការជាមួយអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត រៀបចំឱ្យមានសួនទេសចរណ៍ឱ្យបានមួយក្នុងមួយខេត្តៗ ពីព្រោះថាកម្ពុជាក៏មានស្តង់ដារ «សួនទេសចរណ៍» រួចហើយដែរ។
លោករដ្ឋមន្ត្រីថ្លែងនៅក្នុងសិក្ខាសាលាស្តីពី វឌ្ឍនភាពនៃការអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា ដែលរៀបចំឡើងនៅក្នុងខេត្តព្រះសីហនុកាលពេលថ្មីនេះថា រដ្ឋបាលខេត្តជាប់ឆ្នេរសមុទ្រទាំង៤ រួមមានខេត្តព្រះសីហនុ កំពត កោះកុង និងខេត្តកែប ត្រូវបង្កើតឲ្យមានសួនទេសចរណ៍ដ៏ស្រស់បំព្រង គួរជាទីទាក់ទាញឲ្យបានគ្រប់ៗខេត្ត ពោលខេត្តមួយត្រូវមានសួនទេសចរណ៍មួយ។
-->
លោករដ្ឋមន្រ្តីទេសេចរណ៍រូបនេះ ក៏បានជម្រុញឲ្យវិស័យឯកជន វិនិយោគិនទាំងអស់ ដែលទទួលបានកិច្ចសន្យាសម្បទានទេសចរណ៍ពីរាជរដ្ឋាភិបាល និងបណ្តាប្រតិបត្តិករទេសចរណ៍ទាំងអស់ ដែលជាអ្នកគ្រប់គ្រងឆ្នេរ ទាំងឆ្នេរធម្មជាតិ ឆ្នេរកែច្នៃ ឆ្នេរកម្សាន្ត និងឆ្នេរតាមកោះនានា ត្រូវចូលរួមឱ្យបានសកម្មក្នុងចលនាប្រឡងប្រណាំង ឆ្នេរស្អាត ហើយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសូចនាករទាំងអស់ ពិសេសការរៀបចំក្រុមការងារទទួលបន្ទុកគ្រប់គ្រងឆ្នេរសមុទ្រ ការគិតគូរលើការគ្រប់គ្រងសំណង់រឹង និងរាវ ព្រមទាំងគុណភាពទឹកសមុទ្រ ការថែរក្សាភាពស្អាត ការបំពាក់ធុងសំរាមដែលមានការបែងចែក និងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវនៅតាមទីតាំងអាជីវកម្ម ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍតំបន់ឆ្នេរប្រកបដោយនិរន្តរភាព ការធានាដល់ការរីកចម្រើនធុរកិច្ចរបស់ខ្លួនផង និងសង្គមជាតិទាំងមូលផង។

លោកថោង ខុនក៏បានស្នើឱ្យក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោក ជួយជាបច្ចេកទេស និងជាដៃគូដល់កម្ពុជា ក្នុងរៀបចំបង្កើតជាវេទិការួមមួយ ដោយចងជាបណ្តាញអ្នកជំនាញទេសចរណ៍ វិនិយោគិននៅឆ្នេរសមុទ្រកម្ពុជា ប្រមូលផ្តុំគ្រប់ភាគីពាក់ព័ន្ធទាំងអស់ឈរលើគោលការណ៍ 4P (Public-Private-People-Partnership) ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់រួមគ្នា “រួមគិត រួមធ្វើ រួមទទួលខុសត្រូវ” សំដៅធានាដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវនៅតាមតំបន់ឆ្នេរសមុទ្រកម្ពុជា។
លើសពីនេះត្រូវបន្តពង្រីកពិពិធកម្មផលិតផលទេសចរណ៍ ឱ្យកាន់តែសម្បូរបែបនៅតាមឆ្នេរសមុទ្រកម្ពុជា ដោយលោករដ្ឋមន្ត្រីបានគាំទ្រ ឱ្យមានព្រឹត្តិការណ៍កីឡានៅតំបន់ឆ្នេរថែមទៀត ដូចជា ជិះកង់តំបន់ឆ្នេរជាដើម និងគាំទ្រឱ្យមានការរៀបចំកញ្ចប់ទស្សនកិច្ចតំបន់ឆ្នេរសមុទ្រកម្ពុជា។

លោកថោង ខុនបានបន្តទៀតថា ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា នឹងខិតខំរៀបចំពិពិធកម្មទេសចរណ៍ទៅកាន់កោះនានា ក្នុងនោះកម្ពុជានឹងអភិវឌ្ឍន៍កោះ ជាគោលដៅអេកូទេសចរណ៍ទាំងអស់ ដោយក្នុងឆ្នាំ២០១៨នេះ នឹងដាក់ចេញបទដ្ឋានគតិយុត្ត និងវិធានការចាំបាច់ ដើម្បីអភិវឌ្ឍន៍កោះគំរូ ដោយចាប់ផ្តើមចេញពីការអភិវឌ្ឍកោះរ៉ុង ជាគោលដៅអេកូទេសចរណ៍លំដាប់ខ្ពស់ និងជាគោលដៅទេសចរណ៍បៃតងគ្មានថង់ប្លាស្ទីក ឱ្យបានមុនឆ្នាំ២០២០ ស្របតាមស្មារតីនៃអនុក្រឹត្យស្តីពី ការបង្កើតឧទ្យានជាតិកោះរុង៕