ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានរៀបចំកម្មវិធីសម្ពោធដាក់ឲ្យដំណើរការប្រព័ន្ធ Public Wi-Fi ចំនួន ២ ទីតាំង នៅទីក្រុងភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្ដម Nakyoung Oh ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំប្រទេសកម្ពុជា លោក Hyeonmo Ku ប្រធានក្រុមហ៊ុនសាជីវកម្មទូរគមនាគមន៍កូរ៉េ (KT) និងភ្ញៀវជាតិ អន្តរជាតិប្រមាណជាង ២,០០០ នាក់។
គម្រោង Public Wi-Fi ធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយនឹងសាជីវកម្មទូរគមនាគមន៍កូរ៉េ (KT) នៃសាធារណរដ្ឋកូរ៉េ ដោយភាគីកូរ៉េ បានផ្ដល់ជូននូវជំនួយឥតសំណងសម្រាប់គម្រោង Public WiFi និង Digital Connectivity for School ដោយធ្វើការដំឡើងនៅទីតាំងចំនួន ៥ គឺ៖
-->
- សួនច្បារសម្ដេច ហ៊ុន សែន
- សួនច្បារមុខព្រះបរមរាជវាំង
- វិទ្យាល័យ ហ៊ុន សែន កំពង់លែង ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង
- វិទ្យាល័យ ហ៊ុន សែន ទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
- វិទ្យាល័យ អ៊ីវ៉ាស្រង់ កំពង់លែង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
ក្នុងនោះដែរ ឧបករណ៍បច្ចេកទេសប្រព័ន្ធ Public Wi-Fi ចំនួន ២ កន្លែងនៅសួនច្បារសម្ដេច ហ៊ុន សែន និងសួនច្បារមុខព្រះបរមរាជវាំង ត្រូវបានដំឡើងរួចរាល់ហើយជាមួយនឹងល្បឿន 1Gps (១ហ្សីហ្គាប៊ីតក្នុងមួយវិនាទី)។ ដោយឡែក ៣ ទីតាំងទៀត ដែលជាគម្រោងសម្រាប់សាលារៀន កំពុងស្ថិតក្នុងដំណើរការដំឡើង ដែលអាចនឹងដាក់ដំណើរការក្នុងពេលឆាប់ៗនេះដែរ។
សម្រាប់ប្រព័ន្ធ Public Wi-Fi នៅទីតាំងសួនច្បារខាងលើនឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋទូទៅ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិអាចប្រើប្រាស់អ៊ីនធឺណិតបានដោយឥតគិតថ្លៃក្នុងល្បឿនលឿន សម្រាប់ការកម្សាន្ត និងសិក្សារបស់សិស្សានុសិស្ស។ ដោយឡែក ៣ ទីតាំងទៀតដែលនៅតាមបណ្ដាខេត្ត ធ្វើឡើងឲ្យស្រប់តាមកំណែទម្រង់ស៊ីជម្រៅ លើវិស័យអប់រំតាមរយៈការបង្កើតសាលារៀនជំនាន់ថ្មី (NGS) ដែលជាគំរូអភិវឌ្ឍន៍ថ្មីក្នុងប្រព័ន្ធអប់រំសាធារណៈ ដែលនាំទៅដល់ការបង្កើត សាលារៀនសាធារណៈស្វយ័ត ទទួលបានការវិនិយោគខ្ពស់ ផ្សារភ្ជាប់ស្តង់ដារថ្មី មានគណន័យភាព និងអភិបាលកិច្ចល្អ ព្រមទាំងស្តង់ដារវិជ្ជាជីវៈ សម្រាប់ការសិក្សាក្នុងសតវត្សទី ២១ ដែលជាសម័យបច្ចេកវិទ្យាទំនើប និងជឿនលឿន។
តាមរយៈការផ្ដល់នូវសេវាអ៊ីនធឺណិតល្បឿនលឿន លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស បានបំពេញតម្រូវការក្នុងការសិក្សាស្រាវជ្រាវនូវចំណេះដឹងថ្មីៗ ដែលមានប្រយោជន៍ដល់ការអភិវឌ្ឍន៍សង្គមជាតិ៕