ដោយៈគង់ សូរិយា
ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ឋដា បានបើកវគ្គបណ្តុះបណ្តាល លើវិធីសាស្ត្រវាយតម្លៃអចលនវត្ថុបឋម ការវាស់វែងអចលនទ្រព្យ និងប្រភេទប័ណ្ណកម្មសិទ្ធិ ដើម្បីប្រសិទ្ធភាពនៃការប្រមូលចំណូល ពីវិស័យនេះឱ្យរិតតែមានប្រសិទ្ធភាពខ្ពស់។
អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ លោកបណ្ឌិតកែន សម្បត្តិ បានលើកឡើងនៅក្នុង វគ្គបណ្តុះបណ្តាល “ការវាយតម្លៃអចលនវត្ថុ” នៅថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០២២កន្លងមកថា ការពង្រីកសមត្ថភាពជំនាញលើវិស័យអចលនទ្រព្យ ពិតជាមានសាៈសំខាន់ណាស់ ដើម្បីធ្វើយ៉ាងណាឱ្យការវាយតម្លៃ និងគណនារកនូវមូលដ្ឋានគិតពន្ធ មានសុក្រឹតភាព ប្រសិទ្ធភាព ក្នុងការប្រមូលចំណូល ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ ស្របតាមយុទ្ធសាស្រ្តកៀរគរចំណូល ២០១៩-២០២៣ របស់រាជរដ្ឋាភិបាល ក្នុងគោលដៅប្រមូលចំណូលពន្ធឱ្យអស់សក្តានុពល។







