ដោយៈ ជេស៊ីកា
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ បានបង្ហោះរូបភាពពីអតីតកាល របស់សម្តេចមួយសន្លឹក អមដោយខ្លឹមសារដាសអារម្មណ៍ ដល់យុវជនជំនាន់ក្រោយឲ្យចេះស្រឡាញ់ និងថែរក្សាសន្តិភាព កុំចាំមានសង្គ្រាមទើបស្រែកថាស្រឡាញ់សន្តិភាព គឺវាហួសពេលស្រោចស្រង់ដូចនៅអ៊ុយក្រែន។
តាមរយៈបណ្តាញទំនាក់ទំនងសង្គម (Facebook) សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុងខ្លឹមសារយ៉ាងដូច្នេះថា “រូបថតមួយសន្លឹកនេះ ខ្លួនខ្ញុំក៏មិនដែលបានឃើញដែរ ទើបតែថ្ងៃនេះ ប្រទះឃើញតាមបណ្តាញទំនាក់ទំនងសង្គម”។
-->
សម្តេចបន្តថា តាមពិនិត្យវ៉ែនតានេះ ពាក់ក្នុងចន្លោះឆ្នាំ១៩៩៤ ដល់ដើមឆ្នាំ១៩៩៩ ដែលជាដំណាក់កាលអនុវត្តន៍ នយោបាយឈ្នះឈ្នះ។ ពេលនោះដេក ដើរ ឈរ អង្គុយនឹកគិតចង់បានសន្តិភាព ដើម្បីមានឱកាសកសាងប្រទេស។
សម្តេចបន្ថែមថា “ទឹកមុខខ្ញុំនោះកំពុងគិតទៅឆ្ងាយ ដែលមិនមានអ្នកណាអាចស្មានត្រូវនោះឡើយ។ ពេលនេះសន្តិភាពមានហើយ ត្រូវរួមគ្នាការពារកុំឱ្យបាត់បង់ទៅវិញ”។
សម្តេចតេជោហ៊ុន សែនបានបន្តថា “សូមកុំឱ្យក្មេងជំនាន់ក្រោយមានរឿងអកុសល ដូចខ្លួនខ្ញុំ និងអ្នកជំនាន់មុន ដែលប្រទេសមានសង្គ្រាមទើបខិតខំរកសន្តិភាព។ កុំចាំមានសង្គ្រាមទើបស្រែកថា ស្រឡាញ់សន្តិភាព គឺវាហួសពេលស្រោចស្រង់ ដូចនៅអ៊ុយក្រែនអីចឹង”៕