ដោយ៖ សុផារី
ភ្នំពេញ៖ រាជរដ្ឋាភិបាលបានរៀបចំផែនការមេ ក្នុងការធ្វើឱ្យប្រទេសកម្ពុជាក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ ដោយស្រូបយកទេសចរបរទេសកាន់តែច្រើន។ ក្នុងនោះ កម្ពុជាមានគោលដៅអភិវឌ្ឍន៍តភា្ជប់តំបន់អង្គរដ៏ល្បីល្បាញ មកកាន់តំបន់ឆ្នេរដ៏ស្រស់ស្អាតបំផុតក្នុងពិភពលោក។
ប្រទេសកម្ពុជារំពឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ៧លាននាក់ នៅក្នុងឆ្នាំ២០២៥ និងភ្ញៀវទេសចរក្នុងស្រុកចំនួន៩លាននាក់ និងចំនួន១១លាននាក់ក្នុងឆ្នាំ២០២៣។
លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងរៀបចំផែនការ ក្នុងការតភ្ជាប់តំបន់អង្គរទៅកាន់តំបន់ឆ្នេរ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមទៀត និងដើម្បីសម្រេចបាននូវផែនការ ក្នុងការស្រូបយកទេសចរ៩លាននាក់ ក្នុងឆ្នាំ២០២២នេះ។
លោកមានប្រសាសន៍ថា “យើងធ្វើយ៉ាងណាឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ ប្រកបដោយគុណភាព និងនិរន្តរភាព”។
លោកបណ្ឌិតថ្លែងថា “កន្លងមកយើងបានព្យាយាម ក្នុងការតភ្ជាប់តំបន់អង្គរ ទៅកាន់តំបន់ឆ្នេរ។ តំបន់ឆ្នេរជាចំណុចសំខាន់ណាស់។ កន្លងមក ប្រទេសដទៃបានរៀបចំតំបន់អង្គររបស់យើង ទៅកាន់តំបន់ឆ្នេររបស់គេ។ យើងមានតំបន់ឆ្នេរដ៏ស្រស់ស្អាត ហេតុអ្វីយើងមិនភ្ជាប់អង្គរមកកាន់តំបន់ឆ្នេររបស់យើង?”។
តាមរយៈផែនការមេនេះ ក្នុងឆ្នាំ២០១១ ប្រទេសកម្ពុជាបានដាក់តំបន់ឆ្នេរសមុទ្ររបស់ខ្លួន ជាសមាជិកក្លឹបឆ្នេរស្អាតបំផុតក្នុងពិភពលោក។ ក្រោយមក រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មការតំបន់ឆ្នេរ និងគណៈកម្មការអភិវឌ្ឍន៍តំបន់ឆ្នេរផងដែរ។
លោកបណ្ឌិត បានបន្តថា “តាមការជាក់ស្ដែង ក្នុងឆ្នាំ២០២៥ ឬលើស២០២៥ យើងអាចបានទេសចរអន្តរជាតិ៧លាននាក់។ ប៉ុន្តែទេសចរណ៍ក្នុងស្រុកក្នុងឆ្នាំមុនបានជិត៥លាននាក់ ក្នុងឆ្នាំនេះអាចបាន៩លាននាក់ ហើយក្នុងឆ្នាំក្រោយយើងអាចបាន១១លាននាក់”៕