សារព៌តមានអន្តរជាតិៈខេត្តសៀមរាមជាមួយមុខមាត់ថ្មីជាមួយការកំណត់គោលដៅសម្រេចកំណើនភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើន

0

ដោយៈ សុខុម

ភ្នំពេញ: ខេត្តសៀមរាប ដែលជាទឹកដីនៃប្រាសាទអង្គរ ដ៏អស្ចារ្យរបស់កម្ពុជា មានគោលដៅសម្រេចកំណើនភ្ញៀវទេសចរ អន្តរជាតិឱ្យបាន១គុណនឹង៣ នៅ១៥ឆ្នាំខាងមុខ ហើយនឹងប្រើប្រាស់ថវិកា ដែលទទួលបានពីវិស័យទេសចរណ៍នេះ ដើម្បីពន្លឿនការអភិវឌ្ឍន៍តំបន់ជនបទ ជាផែនការអភិ​វ ឌ្ឍន៍មួយ ដែលត្រូវបានព្រាងឡើងក្នុងឆ្នាំទី១ នៃការផ្ទុះវិបត្តិកូវីដ-១៩។

ការអភិវឌ្ឍន៍ក្រុងសៀមរាប ក្រោមទុនវិនិយោគ១៥០លានដុល្លារអាមេរិក នេះត្រូវបានអនុវត្តបញ្ចប់ក្នុងខែមីនា រួមទាំងការពង្រីក និងបន្ថែមផ្លូវខ្វាត់ខ្វែង ពង្រីកបណ្ដាញអ៊ីនធឺណិត និងការបង្កើតគំនូសផ្លូវសម្រាប់ជិះកង់បានបណ្ដោយមាត់ស្ទឹងផងដែរ។ នេះបើយោងតាមសារព័ត៌មានចិន South China Morning Post ចុះផ្សាយកាលពីថ្ងៃទី២៨ ខែឧសភា។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ី-ប៉ាស៊ីហ្វិក កម្ពុជា(PATA) មានប្រសាសន៍ថា “តំបន់ក្រុង និងតំបន់ជុំវិញនៃក្រុងសៀមរាប ព្រមទាំងឧទ្យានអង្គរផងដែរនោះ ពេលនេះមានមុខមាត់ថ្មីហើយ​។ លោកបន្តថា “មុខមាត់ថ្មីនេះគឺមានប្រសិទ្ធណាស់ នៅក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើន និងធ្វើឱ្យពួកគេចង់ស្នាក់នៅរយៈពេលវែង”។

លោក ធួន ស៊ីណាន បានបន្ថែមទៀតថា លោកមានុទិដ្ឋិនិយមថា កម្ពុជា អាចនឹងក្លាយជាគោលដៅ “ទេសចរណ៍គុណភាព” ខណៈខេត្តសៀម​រាប ស្វះស្វែងសម្រេចគោលដៅអភិវឌ្ឍន៍របស់ខ្លួន ដើម្បីសម្រេចគោលដៅទទួលបានភ្ញៀវទេសចរជាតិ ចំនួន១០,៩លាននាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន៧,៥លាននាក់ក្នុងមួយឆ្នាំៗនៅត្រឹមឆ្នាំ២០៣៥។

គោលបំណងដ៏សំខាន់ នៃផែនការអភិវឌ្ឍន៍នេះ គឺដើម្បីធានាថាសហគមន៍ជនបទនានា ទទួលបានផលពីវិស័យទេសចរណ៍ស្មើៗគ្នា។

បុរសជនជាតិអង់គ្លេស Andrew Booth បានមកដល់ទឹកដីកម្ពុជា ក្នុងឆ្នាំ២០០០៣ ហើយក្រោយមកលោក ក៏បង្កើតក្រុមហ៊ុនប្រតិបត្តិករទេស​ចរណ៍ក្នុងស្រុកមួយដោយដាក់ឈ្មោះថា AboutAsia។

បុរសជនជាតិអង់គ្លេស ដែលបានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន ដើម្បីផ្ដល់សេវានាំភ្ញៀវទេសចរណ៍អន្តរជាតិ ដើរកម្សាន្តតាមភូមិនានា ក្នុងទឹកដីខេត្តសៀមរាប រូបនេះបានបញ្ចេញទស្សនៈថា “វិស័យទេសចរណ៍គឺជាឧស្សាហកម្មធំបំផុតទី២ នៅកម្ពុជា ហើយសៀមរាប គឺជាខេត្តក្រីក្របំផុតទី៤”។

យោងតាមទិន្នន័យពីក្រសួងទេសចរណ៍បង្ហាញថា ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរអន្តរជាតិ ចំនួន២,២លាននាក់ក្នុងឆ្នាំ២០១៩ ប៉ុន្តែក្នុងឆ្នាំ២០២០ ចំនួននេះបានដាំក្បាលចុះយ៉ាងខ្លាំង មកនៅត្រឹមតែ៤០០.០០០នាក់ប៉ុណ្ណោះ៕ South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here