ដោយ គង់ សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airway កំពុងសិក្សាលទ្ឋភាព ដើម្បីធ្វើការហោះហើរត្រង់ពីទីក្រុងបាងកក មកកាន់ព្រលានយន្តហោះកងកេងខេត្តព្រះសីហនុ។
លោក ពេជ្រ សុប៉ុនតារា ប្រធានផ្នែកបង្កើនការហោះហើរ នៃក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជាបានឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៣១ តុលានេះថា បច្ចុប្បន្នលោកបាននិងកំពុងធ្វើការជាមួយមន្ត្រីក្រុមហ៊ុនអាកាសចរណ៍ Bangkok Airway ដោយសិក្សាសក្តានុពលខេត្តព្រះសីហនុ មុននឹងធ្វើការហោះហើរត្រង់នាពេលខាងមុខ។លោកបន្តថា ការសម្រេចចិត្តហោះហើរនៅពេលណា និងចាប់ផ្តើមយ៉ាងដូចម្តេច យើងមិនទាន់ដឹងនៅឡើយទេ។
លោកបន្តថា “បច្ចុប្បន្នក្រុមហ៊ុន Bangkok Airway បានហោះហើរជាប្រចាំមកកាន់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញមួយថ្ងៃ៥លើក និងព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបមួយថ្ងៃ៣លើក។ លោកបន្តថា “បច្ចុប្បន្នព្រលានយន្តហោះកងកេង ខេត្តព្រះសីហនុ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន៧ បានភ្ជាប់ជើងហោះហើរមកកាន់តំបន់នេះ។
តាមការរំពឹងទុកនៅឆ្នាំនេះ ព្រលានយន្តហោះកងកេងខេត្តព្រះសីហនុនឹងទទួលបានអ្នកដំណើរប្រមាណ៧០ម៉ឺននាក់៕