ឧទ្យានអង្គរស្រូបចំណូលបានជិត ២លានដុល្លារពីការលក់សំបុត្រ កើនឡើងជាង៨០០ភាគរយក្នុងប្រាំខែដំបូងនៃឆ្នាំនេះ

0

ដោយ៖ សុផារី

ភ្នំពេញ៖ ឧទ្យានបុរាណអង្គរដ៏ល្បីល្បាញរបស់កម្ពុជាបានទាក់ទាញភ្ញៀវទេសចរបរទេសចំនួន៤៥.៧៧៩នាក់ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២២ កើនឡើង៨៥៩ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី០៧ ខែមិថុនា បានឱ្យដឹងថា ឧទ្យានបុរាណរកចំណូលបាន១,៨៥លានដុល្លារពីការលក់សំបុត្រ ក្នុងអំឡុងខែមករា ដល់ខែឧសភាឆ្នាំ២០២២នេះ ដោយបានកើនឡើង៨៤១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន។

ក្នុង​ខែ​ឧសភា​នេះ ប្រាសាទអង្គរ​បាន​ស្វាគមន៍​ភ្ញៀវបរទេស​ចំនួន១២.៥៧៤នាក់ រក​ចំណូល​បាន ៥០៣.៨១៣ដុល្លារ។

ឧទ្យានបុរាណអង្គរ ដែលស្ថិតនៅភាគពាយព្យនៃខេត្តសៀមរាប មានទំហំ៤០១គីឡូម៉ែត្រការ៉េ ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការ UNESCO របស់អង្គការសហប្រជាជាតិ ក្នុងឆ្នាំ១៩៩២ គឺជាគោលដៅទេសចរណ៍ពេញនិយមបំផុត នៅក្នុងប្រទេស។

លោក ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ដែលជាទីភ្នាក់ងាររដ្ឋាភិបាលទទួលបន្ទុកគ្រប់គ្រង ការពារ និងអភិរក្សអង្គរ បានមានប្រសាសន៍ប្រាប់ក្នុងកិច្ចសម្ភាសមួយថា ឧទ្យានបុរាណអង្គរ រំពឹងនឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន នៅក្នុងរយៈពេលប៉ុន្មានខែ និងឆ្នាំខាងមុខ ក្រោយរងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ-១៩។

លោកថា “ដោយសារតែប្រទេសរបស់យើងបានបើកព្រំដែនរបស់ខ្លួនឡើងវិញ ចំពោះអ្នកដំណើរចាក់វ៉ាក់សាំងពេញលេញ មិនចាំបាច់ធ្វើចត្តាឡីស័ក ខ្ញុំជឿជាក់ថា ភ្ញៀវចអន្តរជាតិកាន់តែច្រើននឹងចំណាយពេលមកទស្សនាអង្គរនា ពេលខាងមុខនេះ”។

បើយោងតាមគ្រឹះស្ថានអង្គរ ក្នុងអំឡុងមុនការរាតត្បាតរាតត្បាត ប្រាសាទអង្គរទទួលបានភ្ញៀវអន្តរជាតិដល់ទៅ២,២លាននាក់ក្នុងឆ្នាំ ២០១៩ ដែលរកចំណូលបាន៩៩លានដុល្លារពីការលក់សំបុត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here