រាជរដ្ឋាភិបាលចាប់ផ្តើមប្រកាសផែនការសកម្មភាពនៃផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរីផ្លូវការហើយ

0

ដោយៈ ជេស៊ីកា

មណ្ឌលគិរីៈ បន្ទាប់ពីផ្សព្វផ្សាយសមាសភាព នៃគណៈកម្មាធិការដឹក​នាំផែនការមេអភិវឌ្ឍន៍ វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (គ.ដ.ផ.ម) រួចមក រាជរដ្ឋាភិបាលកម្ពុជាដែលមាន គ.ដ.ផ.ម ជាសេនាធិការថ្មីនោះ បានប្រកាសដាក់ចេញ ផែនការសកម្មភាពនៃផែនការមេ អភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី។

ការប្រកាសនេះ រួមបញ្ចូលទាំងកំណត់ចក្ខុវិស័យរយៈពេលវែង និងទិសដៅយុទ្ធសាស្រ្តអាទិភាព ដើម្បីរួមចំណែកអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ក៏ដូចជាតំបន់ភាគឦសានទាំងមូលផងដែរ។

ពិធីផ្សព្វផ្សាយសមាសភាព នៃគណៈកម្មាធិការដឹកនាំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (គ.ដ.ផ.ម) អមជាមួយការប្រកាសផែនការសកម្មភាព នៃផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តមណ្ឌ​លគិរី នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២នេះ។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន គ.ដ.ផ.ម លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធាន គ.ដ.ផ.ម លោកថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងជាអនុប្រធាន គ.ដ.ផ.ម រួមទាំងសមាជិក គ.ដ.ផ.ម តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជន។

លោកជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គ.ដ.ផ.ម បានធ្វើបទបង្ហាញអំពីបំណងប្រាថ្នាសំខាន់របស់ផែនការមេ គឺជំរុញការអភិវឌ្ឍខេត្តមណ្ឌលគិរីជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ ផ្លែឈើ និងសាច់ សម្រាប់បំពេញតម្រូវការក្នុងប្រទេស និងឈានដល់ការនាំចេញទៅទីផ្សារក្រៅប្រទេស។

លោកបានបន្តថា “ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តមណ្ឌ​លគិរីត្រូវបានកំណត់ក្នុងចក្ខុវិស័យ ក្របខណ្ឌអនុវត្តរយៈពេលវែង (២០២១​-២០៣៥”។

ផែនការអភិវឌ្ឍន៍នេះ ឈរលើចក្ខុវិស័យសំខាន់ចំនួន៤ រួមមានទី
១ ខេត្តមណ្ឌលគិរី ត្រូវកំណត់ជាគោលដៅអេកូទេសចរណ៍ លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ ផ្លែឈើ និងសាច់ សម្រាប់បំពេញតម្រូវការក្នុងប្រទេស និងឈានដល់ការនាំចេញ ទៅទីផ្សារក្រៅប្រទេស។
ទី២ ឆ្នាំ២០៣៥ ចំនួនភ្ញៀវទេសចរអន្តរជាតិ មកកាន់ខេត្តមណ្ឌលគិរីនឹងកើនឡើងដល់ប្រមាណ៩០ម៉ឺននាក់ ខណៈដែលចំនួនភ្ញៀវទេសចរក្នុងស្រុក នឹងកើនឡើងដល់ប្រមាណ២លាននាក់ បង្កើតការងារប្រមាណ៨ម៉ឺនកន្លែង និងបង្កើតចំណូលដោយផ្ទាល់ ប្រមាណ៥០០លានដុល្លារ និងដោយប្រយោលប្រមាណ១,០០០លានដុល្លារ ជាមួយមេគុណប្រសិទ្ធភាពចំនួន២ដង ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចខេត្តមណ្ឌលគិរី។

ទី៣ រួមចំណែកធ្វើឲ្យភូមិភាគឦសាន ដែលមានខេត្តមណ្ឌលគិរីជាស្នូល ជាប៉ូលសេដ្ឋកិច្ចទី៤ បន្ទាប់ពីតំបន់រាជធានីភ្នំពេញ តំបន់ឆ្នេរ និងតំបន់សៀមរាប និងធ្វើសមាហរណកម្មខេត្តមណ្ឌលគិរី ជាមួយតំបន់ផ្សេងៗក្នុងប្រទេស និងក្នុងតំបន់។

ទី៤ រក្សាតុល្យភាពឲ្យបានម៉ឺងម៉ាត់ រវាងការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរ​ណ៍ និងអន្តរវិស័យគាំទ្រ ជាមួយការអភិរក្សធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ ជនជាតិដើមភាគតិច ធានាបានផ្លែផ្កានៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាអតិបរមា ឈរលើគោលការណ៍ នៃការបែងចែកផលប្រយោជន៍ប្រកបដោយសមធម៌ទៅដល់ភាគីពាក់ព័ន្ធ។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកថោង ខុន បានលើកឡើងដែរថា ផែនការមេនេះ នឹងក្លាយជាឯកសារយុទ្ធសាស្រ្តដ៏សំខាន់ ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ក៏ដូចជា តំបន់ភាគឦសានទាំងមូល ពិសេសរួមចំណែកធ្វើឲ្យតំបន់ភាគឦសាន ក្លាយជាប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា ស្របតាមចក្ខុវិស័យរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងការប្រែក្លាយភូមិភាគឥសាន្តនេះ ជាប៉ូលសេដ្ឋកិច្ចទី៤ ពិសេសពាក់ព័ន្ធនឹងបញ្ហាកសិ-ឧស្សាហកម្ម និងធនធានរ៉ែ ដែលបន្តិចទៀតនេះលេខាធិការ ដ្ឋាន នឹងរំលេចលម្អិតបន្ថែមក្នុងបទបង្ហាញ។

បើគិតត្រឹមតែវិស័យទេសចរណ៍ ខេត្តមណ្ឌលគិរីមានភាពខ្លាំង និងអំណោយផល ដល់ការអភិវឌ្ឍជាគោលដៅអេកូទេសចរណ៍ លំដាប់ខ្ពស់ ដែលនឹងអាចទាក់ទាញភ្ញៀវទេសចរណ៍ មកកម្សាន្តឲ្យបានច្រើន និងមកច្រើនដង បង្កើតនិងបង្កើនការងារ បង្កើនចំណូល និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន។

សក្តានុពលនៃតំបន់អភិរក្ស និងដែនជម្រកសត្វព្រៃទាំង៥ ក្នុងខេត្តមណ្ឌលគិរី ដែលមានទំហំជាង១លានហិកតា គឺជាសម្បត្តិធម្មជាតិដ៏មហាសាល សម្រាប់ការអភិវឌ្ឍអេកូទេសចរណ៍ និងដែលមានលក្ខណៈប្រហាក់ប្រហែលនឹងតំបន់អារ៉ែង នៃជួរភ្នំក្រវាញខាងត្បូង (ភាគនិរតីនៃប្រទេស) ដែលត្រូវបានចាត់ទុក “ជាតំបន់ព្រៃត្រូពិក”ចុងក្រោយ ដ៏សំខាន់របស់តំបន់អាស៊ីអាគ្នេយ៍។

លោកថោង ខុនបានបន្តថា ខេត្តមណ្ឌលគិរីក៏មានសក្ដានុពលធំធេងសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសការអភិវឌ្ឍកសិដ្ឋានផ្កា បន្លែ ផ្លែឈើ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងអាចឈានដល់ការនាំចេញនៅបណ្ដាប្រទេសផ្សេងៗផងដែរ ខណៈដែលសក្តានុពលនេះ នៅមិនទាន់ត្រូវបានអភិវឌ្ឍឲ្យបានពេញលេញនៅឡើយ។ លើសពីនេះទៅទៀត ការអនុញ្ញាតឲ្យមានការសាងសង់ ព្រលានយន្តហោះខេត្តមណ្ឌលគិរី នឹងទាក់ទាញភ្ញៀវទេសចរ និងការតភ្ជាប់ពីគោលដៅទេសចរណ៍ ខេត្តសៀមរាប រាជធានីភ្នំពេញ និងតំបន់ឆ្នេរមកកាន់ខេត្តមណ្ឌលគិរី និងភូមិភាគឦសាន្តទាំ​ងមូលឲ្យមានភាពកាន់តែងាយស្រួល។

ទៅថ្ងៃអនាគត ព្រលានយន្តហោះខេត្តមណ្ឌលគិរីនេះ អាចនឹងត្រូវប្រើប្រាស់ជាព្រលានយន្តហោះក្នុងតំបន់ តភ្ជាប់ខេត្តមណ្ឌលគិរីទៅគោលដៅទេសចរណ៍ជិតខាង រួមមានប្រទេសថៃ វៀតណាម និងឡាវ ព្រមជាមួយទីក្រុងសំខាន់ៗរបស់អាស៊ាន និងប្រទេសផ្សេងទៀត ដូចជាប្រទេសជប៉ុន កូរ៉េ អូស្ត្រាលី និងតំបន់មជ្ឈិមបូព៌ាជាដើម ដែលប្រើរយៈពេលហោះហើរចន្លោះពី៥-៧ម៉ោង។

ដើម្បីជំរុញការអនុវត្តផែនការមេអភិវឌ្ឍន៍ វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងនូវអនុសាសន៍គន្លឹះមួយចំនួន ដោយស្នើដល់បណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលមានរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាអនុប្រធាន និងសមាជិក គ.ដ.ផ.ម មេត្តាយកខ្លឹមសារនិងផែនការសកម្មភាពរយៈពេលខ្លី មធ្យម និងវែងដែលបានកំណត់ក្នុងផែនការមេ បញ្ចូលទៅក្នុងផែនការសកម្មភាពរបស់ខ្លួន ដើម្បីរួមចំណែកសម្រេចឲ្យបានលទ្ធផលដូចបានកំណត់ក្នុងផែនការមេ ដោយឈរលើស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ ពីព្រោះក្រសួងទេសចរណ៍ម្នាក់ឯង ពិតជាមិនមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការសម្រេចឲ្យបានលទ្ធផល តាមផែនការដែលមានលក្ខណៈសមាហរណកម្មនេះទេ។

លោកបានណែនាំឱ្យលេខាធិការដ្ឋាន គ.ដ.ផ.ម បន្តរៀបចំយន្តការការងារឲ្យបានច្បាស់លាស់ ពិសេសកិច្ចសហការស្អិតរមួតរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តមណ្ឌលគិរី ដើម្បីរាយការណ៍ជាប្រចាំជូនរាជរដ្ឋាភិបាល។ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានស្នើឲ្យរដ្ឋមន្រ្តី ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ចាត់តាំង ឲ្យមានមន្រ្តីបង្គោល ដើម្បីធ្វើការជាមួយលេខា​ធិការដ្ឋាន និងរាយការណ៍អំពីវឌ្ឍនភាពការងារ តាមវិស័យរៀងៗខ្លួន ដើម្បីធ្វើការបូកសរុបជូនរាជរដ្ឋាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here